Ultimate magazine theme for WordPress.

ឥទ្ធិពល​នៃ​មជ្ឈមណ្ឌល​វប្បធម៌​បែប​ពុទ្ធ​និយម​ស៌ានាថ





សិល្បៈ​ខ្មែរ​ឥទ្ធិពល​ស៌ានាថ​នៅ​អង្គរបុរី​ខេត្តតាកែវ

សិល្បៈ​ខ្មែរ​ដែល​បាន​កើតឡើង​នៅ​ដើម​សតវត្សរ៍​ទី​១ នៃ​គ្រិស្ដសករាជ​ ក៏​បាន​ទទួល​ឥទ្ធិពល​នៃ​មជ្ឈមណ្ឌល​វប្បធម៌​បែប​ពុទ្ធ​និយម​ស៌ានាថ​នា​សតវត្សរ៍​ទី​៥(?)​នៃ​គ្រិស្ដសករាជ ។​

យោង​តាម​អ្នកជំនាញ​ប្រវត្ដិសាស្ដ្រ​ប្រទេស​កម្ពុជា បណ្ឌិត​មីសែល ត្រាណេ​ បាន​លើក​ឡើង​ថា តាម​លក្ខណៈ​នៃ​ព្រះពុទ្ធ​បដិមា​បុរាណ​មួយ​ចំនួន មក​ពី​អង្គរបុរី​ខេត្ដតាកែវ និង​ខេត្ដ​សុរាតធានី​អតីត​ទឹកដី​ខ្មែរ​បុរាណ​នៅ​ប្រទេស​ភាគ​ខាងត្បូង​ថៃ គេ​ឃើញ​ថា​រូបសំណាក​ទាំងនោះ មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​សិល្បៈ​ឥណ្ឌា​ ប៉ុន្ដែ​មាន​ទំហំ​ខុស​គ្នា​តែ​ប៉ុណ្ណោះ ។​

បណ្ឌិត​បាន​លើក​ឡើង​ថា​ ចម្លាក់​តំណាង​ព្រះពុទ្ធ​អង្គ​មួយ ដែល​មាន​កម្ពស់​ប្រមាណ​ជា ១៦,៥​សង់ទីម៉ែត្រ ​ដែល​គេ​បាន​មក​ពី​ស្រុក​វាងស្រះ នៅ​ខេត្ដ​សុរាតធានី និង​រូប​មួយ​ទៀត​កម្ពស់ ១១៩​សង់ទីម៉ែត្រ ពី​ស៌ានាថ​ដែល​ជា​អំណោយ​ពី​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា ចំពោះ​ព្រះ​អង្គ​ម្ចាស់ ដាំរុងរាជានុភាព ដែល​សព្វថ្ងៃ​តម្កល់​ទុក​នៅ​សារមន្ទីរ​ជាតិ​សៀម​នៃ​ទីក្រុង​បាងកក ស្ថិត​ក្នុង​រចនាបថ​ជាមួយ​គ្នា ។​

ក្រៅពី​ចម្លាក់​ខាងលើ​នេះ លោក​បញ្ជាក់​ថា មាន​ចម្លាក់​ជា​ច្រើន​ទៀត​ដែល​យើង​បាន​រក​ឃើញ​នៅ​ទីក្រុង​អង្គរបុរី​ខេត្ដតាកែវ ។ សរុបសេចក្ដី​មក រចនាបថ​ចម្លាក់​ខាងលើ​ទាំងនោះ​នាំ​ឲ្យ​យើង​យល់​អំពី​ទិដ្ឋភាព​ចម្រុះ​នៃ​ខឿនវប្បធម៌​ខ្មែរ​នា​សម័យ​បុរេ​អង្គរ​នៅ​ក្នុង​ព្រះរាជាណាចក្រ​បុរាណ​ខ្មែរ ។​

លោក​បណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា យើង​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ដោយសារ​រូបចម្លាក់​ដី​ដុត​ទាំង​អស់នោះ​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ទទួល​រង​នូវ​ការ​ខូចខាត​ជា​ដំណំ​ ពីព្រោះ​អាកាសធាតុ​ដែល​នាំ​ឲ្យ​មាន​ការ​ពុក​ផុយ លើកលែងតែ​រូប​ថ្ម​មួយ​ចំនួន ក៏​ប៉ុន្ដែ​ទោះជា​យ៉ាងនេះ​ក្ដី​ វា​ជា​ភស្ដុតាង​មួយ​បង្ហាញ​នូវ​ឥទ្ធិពល​នៃ​មជ្ឈមណ្ឌល​វប្បធម៌​ស៌ានាថ​លើ​សិល្បៈ​ខ្មែរ​ក្នុង​សម័យ​ដ៏​យូរលង់​មួយ​យ៉ាង​ប្រាកដ ។​

គេ​និយាយ​ជា​ច្រើន​អំពី​សិល្បៈ​ភ្នំដា ពី​ចុង​សតវត្សរ៍​ទី​៦​ ដើម​សតវត្សរ៍​ទី​៧ ​នៃ​គ្រិស្ដសករាជ ។ តែ​តាម​ការ​បញ្ជាក់​ពី​បណ្ឌិត​មីសែល​ ត្រាណេ​ថា សិល្បៈ​ខ្មែរ​នា​សម័យ​បុរេ​អង្គរ​នៅ​ទីក្រុង​អង្គរបុរី​ខេត្ដតាកែវ​ពុំ​មែន​ស្ថិត​ក្នុង​សម័យកាល​តែ​មួយ​នោះ​ទេ ។ ចម្លាក់​ដែល​យើង​បាន​លើក​យក​មក​បង្ហាញ​នេះ​ វា​ជា​ភស្ដុតាង​យ៉ាង​ប្រាកដ ដែល​និយាយ​អំពី​ភាព​ល្បីល្បាញ​រីក​ចម្រើន​នៃ​បដិមា​សាស្ដ្រ​ខ្មែរ នៅ​សតវត្សរ៍​ទី​៥​នៃ​គ្រិស្ដសករាជ​ជាក់លាក់​ត្រឹមត្រូវ ។ អ្វីមួយ​ដែល​អ្នក​ស្រាវជ្រាវ​ជំនាន់​ដើម​មិន​បាន​គិតដល់​ព្រោះ​ខ្វះ​ទិន្នន័យ​ខាង​បុរាណវិទ្យា ៕

ប្រភពៈ  សាលអាន​ថ្ងៃ​ទី​១៨/០៧/២០០៨ (ដកស្រង់​ពី​កាសែត​រស្មីកម្ពុជា)

Source: ប្រវត្ដិសាស្រ្ដ





Comments
Loading...