Ultimate magazine theme for WordPress.

រឿងព្រេង​ព្រះថោង​នាងនាគ​ខ្មែរ​ជា​ពូជ​កូន​នាគ​ប្រែ​ថា​ចម្បង​បរិសុទ្ធ





ចម្លាក់​នាគ​នៅ​ប្រាសាទ​ព្រះវិហារ

មជ្ឈដ្ឋាន​ខ្មែរ​យើង​បាន​ចង​ចាំ​និង​បានដឹង​តៗ​គ្នា​រឿងព្រេង ព្រះថោង​នាងនាគ ដែល​បាន​បន្ត​ពូជពង្ស​ខ្មែរ​យើង​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។​ ជា​ពិសេស​បញ្ហា​រៀប​មង្គលការ​ក៏​បាន​បន្សល់​ទុក​នូវ​កម្មវិធី​ចុង​ក្រោយ​គឺ​ព្រះថោង​តោង​ជាយ​ស្បៃ​នាងនាគ​ជា​កិច្ចបញ្ចប់​នៃ​អាពាហ៍ពិពាហ៍​ដែរ ។​

យោង​តាម​រូបភាព​នេះ បាន​បន្សល់​ទុក​ក្នុង​ថ្នាល​វប្បធម៌​ពោរពេញ​ដោយ​ទស្សនវិជ្ជា​ដុះដាល​ព្រោងព្រាត​ជ្រាលជ្រៅ​ណាស់ ។​ ដូច​គេ​តែង​និយាយ​ថា​ រូបភាព​មួយ​បង្កើត​បាន​មួយ​ពាន់​ពាក្យ​ឬ​ហៅ​ថា នាគ ទៅ​តាម​ការ​គន់គូរ​ឯណោះ​មួយ​ជ្រុង ដើម្បី​ទុកជា​ការ​គិត​ពិចារណា​ដ៏​វែង​ឆ្ងាយ​បន្ត​ទៅ​ទៀត ។​ ជាដំបូង​តើ​នាគ​ជា​អ្វី ? នាគ​ ប្រែ​ថា ​ចម្បង ប្រសើរ បរិសុទ្ធ…. ។​ នាគ​ដូច​ពាក្យ​ថា​ពស់ នាគរាជ​ ភុជង្គនាគ នាគ​លេង​ទឹក នាគ​ប្រក់​ព្រះ បំបួស​នាគ ដំរី​បច្ច័យ​នាគេន្ទ្រ…. ។ល ។ ឯ​រឿងព្រេង​ព្រះថោង​នាងនាគ គឺជា​បឋម​ក្សត្រ​របស់​ប្រទេស​កម្ពុជា​យើង​តាំងពី​សម័យ​អាណាចក្រ​ភ្នំ​មក​ម្ល៉េះ ។

បាន​សេចក្ដី​ថា ខ្មែរ​ជា​កូន​នាគ ​ព្រោះ​ជាប់​ពូជពង្ស​បុព្វបុរស​របស់​យើង​តាំងពី​សម័យ​ព្រះថោង​នាងនាគ​មក ។ ចំពោះ​ប្រវត្ដិសាស្ដ្រ​គឺ​បញ្ជាក់​ខុស​ពី​រឿងព្រេង​ត្រង់​ថា ព្រះថោង គឺ​ព្រះបាទ​ហ៊ុនទៀន ដែល​ជា​ជនជាតិ​ឥណ្ឌា​ធ្វើ​ដំណើរ​តាម​សំពៅ​មក​លក់​គ្រឿងទេស ។ ឯ​នាងនាគ​គឺ​ចាប់ពី​ជនជាតិ​ឥណ្ឌា​ឈ្មោះ​ ហ៊ុនទៀន​ បាន​ជួប​នាង​សោ​មា ​ផ្សំផ្គុំ​ជា​គ្រួសារ​ស្វាមី​ភរិយា ។​

វប្បធម៌​នេះ​ក៏​មាន​ការ​បកស្រាយ​ប្លែកៗ​គ្នា​ដែរ ។ ប៉ុន្ដែ​នៅ​ពេល​នេះ យើង​បង្ហាញ​អ្វី​ដែល​ជា​គំនិត​ស្ដួចស្ដើង​ផ្ទាល់ខ្លួន​ដែល​ប្រៀប​ដូចជា​មនុស្ស​ខ្វាក់​ភ្នែក​ពី​កំណើត​បាន​ទៅ​ស្ទាប​ដំរី​ទៅ​តាម​ការ​កំណត់ តែ​មួយ​ណា​នោះ​ទៅ​ចុះ ។​

បញ្ហា​នាគ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​គឺ​នៅ​តែ​មាន​វត្ដមាន​តាម​សិល្បៈ​ចម្លាក់​លម្អ​ដែល​ជា​ការ​និយម​មិន​ចេះ​ដាច់ ។ គេ​តែង​និយាយ​ថា ​ចិន​ក៏​និយម​សិល្បៈ​គំនូរ​ចម្លាក់​នាគ​ដែរ​ គឺ​នាគ​ចិន​មាន​ជើង ប៉ុន្ដែ​ចំពោះ​នាគ​ខ្មែរ​យើង​ពុំ​មាន​ជើងទេ​ គឺ​នាគ​មាន​លំនាំ​ដងខ្លួន​ដូចជា​ពស់​ដែល​អ្នកខ្លះ​ហៅ​ថា ពស់នាគរាជ ។ ទីកន្លែង​ដែល​តម្កល់​រូបចម្លាក់​នាគ​នៅ​ស្រុក​ខ្មែរ​យើង​ដូច​នៅ​ខាង​មុខ​ប្រាសាទ​អង្គរវត្ដ​ អសុរ​និង​ទេវតា​ទាញព្រ័ត្រ​នាគ​ខាង​មុខ​ខ្លោងទ្វារ​អង្គរធំ នាគ​លើដំបូល​ប្រាសាទ​ព្រះវិហារ នាគ​តាម​របង​ខឿន​ព្រះវិហារ (វិហារ​ផ្នែក​ព្រះពុទ្ធ​សាសនា) នាគ​លើដំបូល​ព្រះវិហារ ឬ​ដំបូល​អគារ​សំខាន់ៗ….. ។​

បញ្ហា​នាគ​លេង​ទឹក​គឺ​នាគ​និង​ទឹក​ដែល​ទឹកជា​ប្រភព​នៃ​ជីវិត​ខ្មែរ ពិសេស​ទឹក គឺជា​ប្រភព​នៃ​ការ​បង្កបង្កើន​ភោគផល​ដំណាំ​កសិកម្ម ។ ​ទឹកជា​បញ្ហា​ចម្បង​ក្នុង​វិស័យ​កសិកម្ម ដូច​ពាក្យចាស់​ពោល​ថា ធ្វើស្រែ​នឹង​ទឹក​ ធ្វើសឹក​នឹង​បាយ ។ ធ្វើស្រែ​ប្រវាស់​នឹង​មេឃ ។ ឆ្នាំ​ណា​មាន​ទឹកភ្លៀង​បរិបូរ​ ទើបបាន​ផល​ស្រូវ​ច្រើន​គួរ​ជាទី​ពេញចិត្ដ ។ បើ​ខ្វះ​ទឹកភ្លៀង​ ស្រូវ​នឹង​ស្កក ។​ ទន្លេ​មេគង្គ​ជា​មេទឹក គឺជា​មេ​ជីវិត​របស់​ខ្មែរ ។​

ឯ​បញ្ហា​ស្ដ្រីភេទ ក៏​ជា​មេផ្ទះ​មេ​គ្រួសារ​ ហើយ​ក៏​ជា​ប្រភព​នៃ​សិរី​មង្គល​ក្នុង​គ្រួសារ ដែល​ប្រៀប​ដូច​មេទឹក​ទន្លេ​មេគង្គ ផ្ដល់​នូវ​ដីល្បាប់​ប្រកបដោយ​ជីជាតិ​សម្រាប់​របរ​កសិកម្ម​ផង​ដែរ ។​ ទឹក​មាន​រូបភាព​អង្កាញ់​តាម​រលក​បក់​បោក​ដែល​ជា​និមិត្ដរូប​នៃ​នាគ​ឬ​ជា​អំបូរ​នៃ​សត្វ​ល្មូន​ ដូចជា ពស់ បង្កួយ ថ្លែន ក្រពើ….. ។ល ។ ជួនកាល​គេ​យល់សប្ដិ​ឃើញ​ពស់​ដេញ​ចឹក គេ​តែង​យល់​ថា អាច​ជា​ប្រផ្នូល​នៃ​ការ​ចាប់កំណើត​ស្នេហា​ពិតប្រាកដ ។ ផ្ដើម​ចេញពី​ដំណើរ​ល្វតល្វន់​ប្រកបដោយ​ការ​ស្លៀកដណ្ដប់​អង្កាញ់​អង្កួញ​រួញ​ខើច​នេះ​ហើយ ដែល​មាន​លក្ខណៈ​ញាប់​ញ័រ​កន្ដ្រាក់​តាម​របៀប​ខ្សែទឹក ឬ​តាម​លំនាំ​ពត់ពេន​នៃ​សត្វ​ល្មូន ដែល​ជា​និមិត្ដរូប​នៃ​ស្ដ្រី​នោះ ។​ ដូច​ពាក្យចាស់​ពោល​ ស្ត្រី​ជា​ទឹក គឺ​ទឹក​សម្រាប់​រំលត់ភ្លើង ។ មាន​ន័យ​ថា​ប្រពន្ធ​ជា​អ្នកសម្របសម្រួល​ធ្វើ​ឲ្យ​ស្វាមី​បាន​ត្រជាក់ចិត្ដ​តាម​រយៈ​ការ​រំលត់ភ្លើង​ទោសៈ​នៅ​ក្នុង​ត្រកូល​គ្រួសារ ។​

មាន​សម្មតិកម្ម​ខ្លះ​ទៀត​បាន​ឲ្យ​ដឹង​ថា ព្រះថោង​មក​ពី​ពាក្យ​ថា​ ថង​ឬ​ទង​ ប្រែ​ថា​ មាស ​ព្រោះ​ជាងទង​គឺជា​ជាងមាស ។ អ៊ីចឹង​ពាក្យ​ថា​ សុវណ្ណភូមិ​ គឺ​ភូមិ​មាស ដែល​សំពៅ​ទៅ​ព្រះថោង​ដែល​ត្រូវ​គ្រប់គ្រង​ថែរក្សា​ដោយ​នាងនាគ ។​ មាន​ន័យ​ថា​ មនុស្ស​ស្រី​តែង​ត្រូវការ​មាសប្រាក់ ឬ​ផលប្រយោជន៍ ទ្រព្យសម្បត្ដិ ។ មនុស្ស​ស្រី​និង​គ្រឿង​អលង្ការ គឺ​តែង​ផ្ដល់​នូវ​ភាព​សុខកាយ​សប្បាយចិត្ដ​ត្រជាក់ត្រជុំ​រុងរឿង ។​ ម្ល៉ោះហើយ​ទើប​ព្រះថោង​រួមរស់​ជាមួយ​នាងនាគ ឬ​នាងនាគ​នៅ​ជាមួយ​ព្រះថោង​បាន​សុខ​សប្បាយ​មាន​សុភមង្គល​រុងរឿង​ ដែល​ជា​ប្រពៃណី​ផ្សារ​ភ្ជាប់​និស្ស័យ​អមតៈ​ដល់​គូ​ស្វាមីភរិយា​ដែល​បាន​រៀប​មង្គលការ​ហើយ ។ ព្រះថោង​តោង​ជាយ​ស្បៃ​នាងនាគ​ជា​ប្រពៃណី​មេ​ជា​ធំ​ក្នុង​គ្រួសារ និង​បន្ត​កូនចៅ​បង្កើត​បាន​ជា​ទម្លាប់​ទំនៀម​មក​ដល់​បច្ចុប្បន្ន​នេះ ៕

ប្រភពៈ  សាលអាន​ថ្ងៃ​ទី​២៧/០៨/២០០៨ (ដកស្រង់​ពី​កាសែត​កោះសន្ដិភាព)

Source: ប្រវត្ដិសាស្រ្ដ





Comments
Loading...