រូបសំណាកព្រះបាទជ័យវរ្ម័នទី៧
ស្លាកស្នាមនៃការបន្សល់ទុកនូវពាក្យសម្ដីទាក់ទងរបស់មនុស្សបន្តមកដល់បច្ចុប្បន្ននេះបានឲ្យដឹងថា វិស័យសុខាភិបាលបាននាំមុខគេបន្ទាប់មកទៀតវិស័យសេដ្ឋកិច្ច និងវិស័យធនធានមនុស្ស ។
ជាក់ស្ដែងនៅពេលបានជួបគ្នា គេតែងសួរគ្នាថា តើអ្នកសុខសប្បាយជាទេ ? នេះទាក់ទិនវិស័យសុខាភិបាល ។ បន្ទាប់មក គេបានសួរគ្នាថា ឆ្នាំនេះបានផលស្រូវអង្ករប៉ុន្មាន ? បានច្រូតហើយឬនៅ ? បានស្ទូងហើយឬនៅ ? នេះទាក់ទិនវិស័យសេដ្ឋកិច្ច និងបន្ទាប់ទៀតគេសួរគ្នាថា បានកូនចៅប៉ុន្មានហើយ ? ឬកូនរៀនដល់ណាហើយ ? រស់នៅឯណា ? ធ្វើការអ្វី ? នេះជាវិស័យធនធានមនុស្ស ។ គឺវិស័យទាំង៣នេះហើយដែលបានដក់ជាប់ក្នុងសន្ដានចិត្ដកូនខ្មែរគ្រប់ជំនាន់ទាំងអស់សម្រាប់បន្តការកសាង និងការពារជាតិឲ្យបានគង់វង្ស និងរីកចម្រើនស្របតាមកាលៈទេសៈ និងស្របតាមមូលដ្ឋានភូមិសាស្ដ្រ ។
សង្គមខ្មែរយើងបានសង្កត់ធ្ងន់លើវិស័យសុខាភិបាល ដែលឈានមុខគេ ដូចពាក្យស្លោកពោលថា «សុខកាយ សាយប្រាជ្ញា» ឬដូចពាក្យបារាំងថា «L’esprit sain dans un corps sain» ។ សុខភាពជាទ្រព្យសម្បតិ្ដដ៏ប្រសើរ ហើយមនុស្សជាធនធានដ៏មានតម្លៃរបស់ប្រទេសជាតិ ។ ដូចពាក្យសុភាសិតក្នុងព្រះពុទ្ធសាសនាបញ្ជាក់ថា «នត្ថិរោគ្យបរ មោលាភា» ប្រែថា ការមិនមានរោគ គឺជាលាភដ៏ក្រៃលែង ។ យ៉ាងនេះហើយទើបក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ សម័យអង្គរក្នុងគ្រិស្តសករាជ១១៨១ ដល់គ្រិស្តសករាជ១២១៨ គេឃើញតាមឯកសារបញ្ជាក់ថាមានមន្ទីរពេទ្យចំនួន ១០២កន្លែង ដាក់រាយតាមខេត្ដខណ្ឌដល់ជនបទ និងមានគ្រូពេទ្យនៅប្រចាំការទាំងយប់ទាំងថ្ងៃសម្រាប់ព្យាបាលរោគជូនប្រជាពលរដ្ឋទៀតផង ។
មានសិលាចារឹកដែលបានបង្ហាញពីទឹកព្រះទ័យរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលព្រះអង្គបានផ្ដោតព្រះទ័យទុកដាក់ខ្ពស់ទៅលើសុខភាពប្រជាពលរដ្ឋ ដូចឃ្លាមួយនោះបានចែងថា «សុខភាពប្រជាពលរដ្ឋគឺជាសុខភាពរបស់ព្រះអង្គ» ។ ជាការពិតណាស់ បើបានសុខកាយតែងនាំឲ្យមានការសប្បាយរីករាយចិត្ដហើយ ។ ផ្ទុយទៅវិញ បើមានជំងឺឈឺថ្កាត់រ៉ាំរ៉ៃក្នុងខ្លួននោះក៏មិនសប្បាយរីករាយចិត្ដដែរ ។
ទន្ទឹមនេះដែរគេ ឃើញឯកសារបញ្ជាក់ថាមានសាលាសំណាក់ចំនួន១២១កន្លែង សម្រាប់អ្នកដំណើរស្នាក់នៅតាមជួរភ្នំសំខាន់ៗ ព្រោះជំនាន់ដើមមិនទាន់មានផ្ទះសំណាក់ដូចសព្វថ្ងៃនេះទេ ម្ល៉ោះហើយអ្នកដំណើរតែងស្រូតរូត នៅពេលរសៀលថ្ងៃគងភ្នំឲ្យបានទៅដល់សាលាសំណាក់ ។ នេះគឺជាការយកព្រះទ័យទុកដាក់ខ្ពស់របស់ព្រះបាទជ័យវរ្ម័នទី៧ ទៅលើប្រជាពលរដ្ឋដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានសុវត្ថិភាពក្នុងការរស់នៅ ។
បន្ទាប់មកទៀតក្នុងវិស័យសេដ្ឋកិច្ចដែលចាត់ទុកថាសំខាន់នោះ គឺវិស័យកសិកម្មជាពិសេសសម័យអង្គរដែលរុងរឿង គឺវាអាស្រ័យលើសេដ្ឋកិច្ចរីកចម្រើនខ្លាំងណាស់ ។ ឧទាហរណ៍អ្នកកសាងប្រាសាទ អារថ្ម ដាប់ថ្ម ឆ្លាក់ថ្ម លើកដាក់ថ្ម តើត្រូវចំណាយពេលវេលាប៉ុន្មាន ហើយត្រូវប្រើសោហ៊ុយហូបចុកមានទំហំប៉ុនណា ? ស្លាកស្នាមនៃការរីកចម្រើននៃវិស័យកសិកម្មបានបន្សល់ទុកនូវប្រព័ន្ធធារាសាស្ដ្រ គឺបារាយណ៍ដែលជាអាងទឹក តម្កល់ទុកធ្វើស្រែចម្ការ ដូចពាក្យចាស់ពោលថា «ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ» គឺប្រភពទឹកនេះហើយដែលជាប្រភពនៃសេដ្ឋកិច្ចជាតិ ។
មេទឹកជាមេជីវិត ដូចទន្លេមេគង្គជាដើមដែលផ្ដល់ដីល្បាប់ប្រកបដោយជីជាតិជូនប្រជាកសិករម្ដុំមាត់ទន្លេ បង្កបង្កើនផលដាំដំណាំទ្រទ្រង់ជីវភាពរស់នៅបានធូរធារ និងរីកចម្រើន ។ បញ្ហាទី៣ គឺធនធានមនុស្ស ក៏មានឯកសារប្រវត្ដិសាស្ដ្របានបញ្ជាក់ថា សម័យព្រះបាទជ័យវរ្ម័នទី៧ មានបញ្ញាជនចំនួន៣៨៥.៧៣៧នាក់ មានសាស្ដ្រាចារ្យ ២.៧៤០នាក់ មានបណ្ឌិត១៨អង្គ មានមហាវិទ្យាល័យ២កន្លែង គឺស្រីជ័យ និងរាជវិហារ គឺធនធានខាងបញ្ញាខ្ពស់ ហើយធនធានខាងកងទ័ពប្រយុទ្ធការពារទឹកដីក៏ឃើញថាខ្លាំងពូកែដណ្ដើមបានសុខសន្ដិភាពជូនប្រជាពលរដ្ឋទឹកដីធំទូលំទូលាយ គឺស្រុកសៀមសព្វថ្ងៃនេះជាអតីតទឹកដីខ្មែរ និងទឹកដីកម្ពុជាក្រោមផងដែរ ។
សរុបមក សម័យអង្គរដែលហៅថាខ្មែរខ្លាំងដូចបានលើកបង្ហាញពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧នោះ គឺខ្មែរបានឆ្លងផុតពីគ្រោះទាំង៣ដែលហៅថា ឆ្លងផុតវាល ៣ គឺឆ្លងផុតពីគ្រោះទុរ្ភិក្ស ឆ្លងផុតពីសង្គ្រាម និងឆ្លងផុតពីជំងឺតម្កាត់ ។ នេះជាវិស័យទាំង៣ ដែលនាំឲ្យសង្គមជាតិសម្បូររុងរឿងដល់កំពូលនោះ ៕
ប្រភពៈ សាលអានថ្ងៃទី២២/០៨/២០០៨ (ដកស្រង់ពីកាសែតកោះសន្ដិភាព)
Source: ប្រវត្ដិសាស្រ្ដ