អស់រយៈកាលប្រហែល ១៤០០ឆ្នាំជនជាតិខ្មែរបានចារឹកលើផ្ទាំងថ្មច្រើនសរសេររ៉ាយរ៉ាប់ពីកុសលទាន (អំពើល្អ) របស់ពួកគេ ។ សិលាចារឹកដែលនៅមានសេសសល់រហូតដល់សព្វថ្ងៃជួយឲ្យពួកអ្នកស្រាវជ្រាវយល់បានថាតើស្រុកខ្មែរនៅសម័យនោះមានដំណើរការយ៉ាងដូចម្ដេច ?
ផ្ទាំងចម្លាក់ពីសតវត្សទី១១នេះមានចារអក្សរនៅលើមុខទាំង៤ផ្ទាំង ។ តាមទម្លាប់នៅសម័យនោះគេប្រើភាសាពីរគឺភាសាសំស្ក្រឹត និងភាសាខ្មែរ ។ គេប្រើភាសាសំស្ក្រឹតសម្រាប់បួងសួងដល់ទេវៈ ឬលើកសរសើរស្ដេច ឯភាសាខ្មែរសម្រាប់សរសេរអត្ថបទខាងច្បាប់និងសង្គម ។ នេះជាខ្លឹមសាររបស់អត្ថបទលើផ្ទាំងចម្លាក់ ៖
បុរសម្នាក់ឈ្មោះ វាប ព្រហ្មបុត្រ ប្រកាសថា ខ្លួនបានកសាងវិហារសាសនាមួយ ។ បន្ទាប់មកគាត់និយាយថា ដីមួយកន្លែងជារបស់គ្រួសារគាត់បានត្រូវគេរឹបអូសយក រួចគាត់និយាយពីការប្ដឹងតវ៉ាដែលធ្វើឲ្យគាត់បានទទួលដីនោះមកវិញ ។
ផ្ទាំងចម្លាក់នេះបានឲ្យព័ត៌មានសំខាន់ណាស់ដល់អ្នកប្រវត្ដិវិទ្យាអំពីការប្រព្រឹត្ដទៅនៃតុលាការនៅសម័យនោះ ។ យើងពិនិត្យទេវរូបដែលគេឆ្លាក់នៅខាងលើនេះមើល៍ ! គឺប្រហែលជាព្រះយមរាជហើយ ។ ទ្រង់គង់លើសត្វក្របីជាជំនិះដៃកាន់ដំបងអមទៅដោយតួអង្គ២នាក់ អង្គុយលុតជង្គង់ ។ នៅក្នុងរង្វង់មូលខាងឆេ្វងដៃ គេឃើញព្រះសូរ្យ (ព្រះអាទិត្យ) ជិះរាជរថ រីឯនៅខាងស្ដាំដៃវិញ មានព្រះចន្ទ (លោកខែ) អង្គុយពែនភ្នេននៅលើបល្ល័ង្ក ៕
ប្រភពៈ សាលអានថ្ងៃទី២០/០៨/២០០៨ (ដកស្រង់ពីកាសែតកោះសន្ដិភាព)
Source: ប្រវត្ដិសាស្រ្ដ