ប្រាសាទបាយ័នរំលេចដោយព្រហ្មមុខបួន
ទាំងអ្នកទេសចរជាតិនិងអន្តរជាតិ ជាពិសេសមជ្ឈដ្ឋានអ្នកសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ដ្រ កាលបើបានទៅទស្សនាប្រាង្គប្រាសាទរបស់ខ្មែរ គេតែងដក់ជាប់នូវការគិតអំពីសំណង់ប្រាសាទថ្មទាំងនោះ ព្រមទាំងរូបចម្លាក់និងក្បាច់រចនាភ្ញីផ្កាលើផ្ទាំងថ្ម ថាតើបុព្វបុរសខ្មែរមានការតស៊ូព្យាយាមកសាងខ្លាំងក្លាប៉ុនណាទៅទម្រាំបានកសាងរួច ហើយនិងបានបន្សល់ទុកស្នាដៃជាភស្ដុតាងឲ្យកូនចៅជំនាន់ក្រោយ ?
តាមរយៈប្រវត្តិសាស្ដ្រខ្មែរគេដឹងថាការកសាងប្រាសាទថ្មចាប់ផ្ដើមតាំងពីសម័យអាណាចក្រនគរភ្នំមកម្ល៉េះ ដូចមានប្រាង្គប្រាសាទភ្នំដានៅស្រុកអង្គរបុរី ខេត្ដតាកែវ ជារាជធានីវ្យាធបុរៈ ជាស្លាកស្នាមចាស់បន្សល់ទុកមកដល់បច្ចុប្បន្ននេះ ។ បន្ទាប់មកសម័យចេនឡាដែលមានរាជធានីនៅឦសានបុរៈដែលមានប្រាង្គប្រាសាទសម្បូរព្រៃគុហ៍ នៅខេត្ដកំពង់ធំបច្ចុប្បន្នជាភស្ដុតាងស្រាប់ ។ ឯសម័យដែលការសាងសង់ប្រាសាទមានការរីកចម្រើនផុសផុលខ្លាំងគឺសម័យអង្គរដែលគេគិតពីគ្រិស្ដសករាជ៨០២ ដល់គ្រិស្ដសករាជ១៤៣២ ។ ឯប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំតូចទាំងអស់ក៏ស្ថិតនៅក្នុងសម័យអង្គរដែរ ។
ប្រការដែលគួរឲ្យចងចាំតាមរយៈឯកសារប្រវត្ដិវិទ្យាបានបង្ហាញឲ្យដឹងថា ក្នុងសម័យអង្គរ គឺនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មានការរីកចម្រើនខ្លាំងជាងគេក្នុងការកសាងប្រាង្គប្រាសាទថ្ម ដែលគេគិតពីគ្រិស្ដសករាជ ១១៨១ ដល់១២១៨ គឺរយៈពេល៣៧ឆ្នាំ ។ នៅគ្រិស្ដសករាជ១២១៨នោះ ក៏គេមិនបានដឹងថាតើព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គទ្រង់សោយទីវង្គតនៅឯណា និងដោយសារមូលហេតុអ្វីនោះទេ ព្រោះគេមិនបានដឹងពីព្រះវត្ដមានព្រះអង្គចាប់ពីពេលនោះមក ។
គប្បីបញ្ជាក់ថា តាមរយៈឯកសារព្រឹទ្ធាចារ្យឆេង ផុន ស្ដីអំពីគោលទស្សនៈធំៗចំពោះវប្បធម៌ខ្មែរ និងការអភិវឌ្ឍ បានឲ្យដឹងថា ការលូតលាស់ខាងបញ្ញាដល់កំពូលនាសតវត្សរ៍ទី១១ និងទី១២ ប្រាសាទធ្វើពីថ្មមានចំនួន១.០៨០ មានសិលាចារឹក៥៥០ផ្ទាំង មានរូបចម្លាក់ទូទាំងប្រទេសចំនួន២០.៤០០ មានសិល្បករដាប់ថ្ម៦.៤៦៥ មានអ្នករបាំចំនួន១.៦២២នាក់ មហាវិទ្យាល័យ២ គឺស្រីជ័យ និងរាជវិហារ សាស្ដ្រាចារ្យ២.៧៤០នាក់ បណ្ឌិត១៨អង្គ បញ្ញាជន៣៨៥.៧៣៧នាក់ ។
ផ្អែកតាមការកសាងប្រាសាទតាព្រហ្ម ដែលដឹកនាំកសាងដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងគ្រិស្ដសករាជ១១៨៦ បានឲ្យដឹងថា ជាកម្លាំងមហាសាមគ្គីរបស់ប្រជាពលរដ្ឋ ដែលបានតស៊ូព្យាយាមពុះពារគ្រប់ការលំបាកធ្វើឲ្យសម្រេចឡើង គឺកម្លាំងសហគមន៍ចូលរួមមានចំនួន១៣.១៤០ភូមិ មានកម្លាំងលើកដាក់ លីសែង និងដាប់ថ្ម៧៩.៣៦៥នាក់ ។ នៅពេលកសាងរួចរាល់ហើយ មានមន្ដ្រីរាជការព្រះសង្ឃ និងប្រជាពលរដ្ឋនៅថែរក្សាក្នុងបរិវេណប្រាសាទជាអចិន្ដ្រៃយ៍ចំនួន១២.៦៤០នាក់ ។
ការចូលរួមកសាងប្រាង្គប្រាសាទតាព្រហ្មនេះជាឧទាហរណ៍មួយក៏ដូចជាការកសាងប្រាង្គប្រាសាទថ្មដទៃទៀតទាំង ១០៨០ប្រាសាទផងដែរ គឺជាមហាពលិកម្មដ៏ធំធេង និងដ៏ខ្លាំងក្លារបស់បុព្វបុរសយើង ។ ជាពិសេស ចំពោះសំណង់វប្បធម៌ទាំងនោះគឺជាវឌ្ឍនភាពទាំងនយោបាយ សេដ្ឋកិច្ច ស្ថិរភាពសង្គម សន្ដិសុខ និងសុវត្ថិភាព ព្រមទាំងជាការបង្ហាញអំពីជំនឿដ៏មោះមុតទៅលើសាសនាផងដែរទើបបណ្ដាលឲ្យមានកម្លាំងមហាសាមគ្គីកើតឡើង ។ ដូចសំណង់ផ្ទាំងថ្មដែលស្ថិតនៅចំពោះមុខអ្នកទស្សនានេះគ្រប់ប្រាង្គប្រាសាទថ្មទាំងអស់តែងធ្វើឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិស្ងើចសរសើរមិនដាច់ពីមាត់ឡើយថា ពិតជាកើតឡើងពីការតស៊ូព្យាយាមច្នៃប្រឌិត ស្ថាបនា ដាប់ថ្មឆ្លាក់ថ្មម្ដងបន្ដិចៗ ទាំងអារ និងកាត់ថ្ម គឺសម្រេចឡើងដោយបញ្ញាញាណរបស់បុព្វបុរសប្រកបដោយសទ្ធាជ្រះថ្លា បូជាកម្លាំងកាយចិត្ដ ចំណេះដឹង និងសម្ភារៈ ការហូបចុក សេដ្ឋកិច្ចជូនជាតិ និងសាសនា ដើម្បីបង្កើតនូវប្រសិទ្ធភាពនៃសំណង់ ។
នៅពេលដែលកូនចៅជំនាន់ក្រោយបានគោរពស្ងើចសរសើរនូវវីរភាពរបស់ដូនតាដែលបានផ្ដល់ទុកនូវព្រលឹងជាតិចារឹកលើថ្មឲ្យមាននិរន្តភាពនិងរស់រវើកមកដល់បច្ចុប្បន្ននេះ នោះគេតែងមានការតាំងចិត្ដថែរក្សាប្រាង្គប្រាសាទទាំងអស់នោះ ដោយគោរពស្មោះសរប្រកបដោយភក្ដីភាព និងបំពេញនូវកិច្ចតបស្នងសងគុណថា មិនឲ្យបាត់បង់ព្រលឹងដូនតាឡើយ គឺមិនឲ្យបរទេសណាឈ្លានពានទឹកដីឬណ្ដើមយកប្រាង្គប្រាសាទជាព្រលឹងដូនតាបានឡើយ ។ ដូចបណ្ដាំដូនតាបានបន្តទុកមកឲ្យកូនចៅជំនាន់ក្រោយចងចាំគ្រប់គ្នាថា «វប្បធម៌រលត់ ជាតិរលាយ បើវប្បធម៌ពណ្ណរាយ ជាតិថ្កុំថ្កើង» គឺពូជណាឫសគល់ណាក៏មានផ្លែផ្កាបន្តពូជធារដដែលមិនចេះដាច់ដែរ ។ ដូចគេរមែងនិយាយថា ពូជអ្នកសាងអង្គរបន្តមកដល់ពេលនេះនៅតែមិនចោលពូជនោះឡើយ គឺខ្មែរនៅតែខ្លាំងដូចសម័យអង្គរអ៊ីចឹង ៕
ប្រភពៈ សាលអានថ្ងៃទី១៨/០៨/២០០៨ (ដកស្រង់ពីកាសែតកោះសន្ដិភាព)
Source: ប្រវត្ដិសាស្រ្ដ