ធម្មសាលានៅមុខប្រាសាទតាមាន់តូច គេអាចហៅថាផ្ទះសំណាក់ក៏បាន
យោងតាមការសិក្សាស្រាវជ្រាវផ្នែកខាងប្រវត្ដិសាស្ដ្រកម្ពុជា បណ្ឌិតមីសែល ត្រាណេ បានប្រាប់ឲ្យដឹងថា ដូចករណីធម្មសាលានៅប្រាសាទបន្ទាយឆ្មារ និងប្រាសាទព្រះខ័នកំពង់ស្វាយ ខេត្ដបន្ទាយមានជ័យនិងខេត្ដព្រះវិហារដែរ ប្រាសាទមួយធ្វើអំពីថ្មបាយក្រៀមដែលស្ថិតនៅក្បែរប្រាសាទតាមាន់តូច គឺជាស្នាព្រះហស្ដរបស់ព្រះមហាវីរក្សត្រជ័យវរ្ម័នទី៧ ។ នោះគឺជាធម្មសាលាឬគេហៅថាផ្ទះសំណាក់សម្រាប់ទុកឲ្យអ្នកដំណើរទីជិតឆ្ងាយឈប់សម្រាកកាយ ។
បណ្ឌិតជំនាញខាងប្រវត្ដិសាស្ដ្រខ្មែរបានឲ្យដឹងទៀតថា តាមពិតទៅប្រាសាទថ្មបាយក្រៀមនេះគឺជាផ្ទះសំណាក់មួយក្នុងចំណោមផ្ទះសំណាក់ចំនួន១២១ ដែលមានចារក្នុងសិលាចារឹកប្រាសាទព្រះខ័ននៅខេត្ដសៀមរាបអង្គរ ។
ជាទូទៅអគារធម្មសាលានេះដែលមានទំហំ៤,៥ម៉ែត្រ ផ្នែកទទឹង និងបណ្ដោយ១៤,៥ម៉ែត្រ គឺបានដើរតួនាទីយ៉ាងសំខាន់បំផុតនៅក្នុងអតីតកាលសម្រាប់យកអាសាអ្នកដំណើរទីជិតឆ្ងាយ ដែលបានធ្វើធម្មយាត្រាឬអញ្ជើញមកកាន់មន្ទីរពេទ្យ ឬអរោគ្យសាលាដើម្បីថែរក្សាឬព្យាបាលរោគដែលស្ថិតក្បែរទីនោះ ។
យោងតាមខ្លឹមសារនៃសិលាចារឹកខាងលើ លោកមីសែល ត្រាណេ បានបញ្ជាក់ថាមានការចែកអុសសម្រាប់កាប់ដុតភ្លើងអាំង នៅពេលយប់ឬពេលព្រឹកឡើងថែមទៀតផង ពីព្រោះទីនោះជាតំបន់ខ្ពង់រាបប្រកបដោយអាកាសធាតុត្រជាក់ខ្លាំង ។
សរុបមក ប្រាសាទថ្មបាយក្រៀមនេះគឺជាសំណង់ស្ថាបត្យកម្មខ្មែរ ដែលបានសាងសង់ឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅក្នុងសតវត្សទី១២នៃគ្រិស្ដសករាជ ក្នុងពេលដែលទ្រង់នៅមានព្រះជន្មាយុនៅឡើយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិខ្មែរតាមរយៈវិស័យសុខាភិបាល ។ ទាំងអរោគ្យសាលាទាំងធម្មសាលាគឺបានឆ្លុះបញ្ចាំងឲ្យយើងឃើញនូវប្រព័ន្ធគ្រប់គ្រងជាតិរបស់អតីតព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែនាសម័យអង្គរដ៏រុងរឿងយ៉ាងប្រាកដ ៕
ប្រភពៈ សាលអានថ្ងៃទី០៣/០៩/២០០៨ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ