ភ្លេងពិណពាទ្យប្រគំមុខអង្គរ
ភ្លេងពិណពាទ្យជាភ្លេងរបស់ខ្មែរមានតាំងពីអតីតសម័យមកម្ល៉េះ ។ កន្លងមកជាប្រការគួរឲ្យសោកស្ដាយណាស់ ដែលអ្នកខ្លះហៅភ្លេងរបស់ខ្លួនឯងថា ភ្លេងសៀម ។ តាមប្រវត្ដិសាស្ដ្របានឲ្យដឹងថា សៀមហៅថៃនេះមិនមែនជាម្ចាស់ទឹកម្ចាស់ដីសព្វថ្ងៃនេះ តាំងពីសម័យមុនអង្គរនោះទេ ។ វត្ដមានសៀមនៅថ្មីថ្មោងណាស់គឺសៀមទើបតែមានលក្ខណៈពេញលេញជាប្រទេសនៅសតវត្សទី១៤ នៃគ្រិស្ដសករាជប៉ុណ្ណោះ ។ ជាក់ស្ដែងរាជធានីអយុធ្យាមានទីតាំងកើតឡើងនៅឆ្នាំ១៤៣២ ។
ក្រោយពីសៀមលុកលុយបន្ទាយលង្វែកនៅអំឡុងឆ្នាំ១៥៩៣នោះ សៀមបានប្រមូលយកសម្បត្ដិវប្បធម៌ខ្មែរស្ទើរតែអស់ ។ នៅពេលដែលសៀមមានឥទ្ធិពលហើយគេបានត្រួតត្រាលើទឹកដីខ្មែរផងនោះ គេបានផ្សព្វផ្សាយវប្បធម៌មកខ្មែរវិញដោយគេប្ដូរតាមគំនិតរបស់គេ ។ ដូចជាឧបករណ៍ទ្រខ្មែរ គេហៅថា ទ្រសៀម ឯភ្លេងពិណពាទ្យ គេហៅថា ប៉ីទ្រ ព្រោះគេលេងស្រឡៃនាំមុខដោយគេយល់ច្រឡំថា ស្រឡៃជាប៉ីពក ។ ដោយសៀមត្រួតត្រាលើខ្មែរនោះ ក៏បណ្ដាលឲ្យគេយល់ច្រឡំតៗគ្នាថាជាភ្លេងសៀម ប៉ុន្ដែតាមពិតជាភ្លេងពិណពាទ្យរបស់ខ្មែរយើងសោះ ។ ជាក់ស្ដែងបុព្វបុរសខ្មែរបានឆ្លាក់ឧបករណ៍ភ្លេងពិណពាទ្យទុកជាចំណាំឲ្យកូនចៅជំនាន់ក្រោយយល់ច្បាស់ថា ពិតជាភ្លេងពិណពាទ្យរបស់ខ្មែរ ពោលគឺមិនមែនជាភ្លេងរបស់សៀមនោះទេ ។ ដូចជានៅតាមជញ្ជាំងប្រាសាទបាយ័នមានប្រមាណជិត១០វង់ នៅប្រាសាទបន្ទាយសំរ៉ែ ប្រាសាទបន្ទាយឆ្មារ….. ។ល។
ភ្លេងពិណពាទ្យចែកជា២វង់ គឺពិណពាទ្យវង់ធំ និងពិណពាទ្យវង់តូច ។ ពិណពាទ្យវង់ធំមានឧបករណ៍សម្ភោរ ស្គរធំ១គូ រនាតឯក រនាតដែក រនាតធុង រនាតថេង គងវង់តូច គងវង់ធំ ឈឹង ស្រឡៃ (តូចឬធំ) ។ ឯភ្លេងពិណពាទ្យវង់តូចមានឧបករណ៍រនាតឯក គងវង់ធំ ស្រឡៃ សម្ភោរ និងស្គរធំ១គូ ។
តាមរយៈឯកសារ«កំរងវប្បធម៌ខ្មែរ» ស្រាវជ្រាវដោយអ្នកស្រីកែវ ណារុំ បានឲ្យដឹងថា វង់តន្ដ្រីពិណពាទ្យគឺជាវង់តន្ដ្រីមួយមានសម្លេងខ្លាំង ងំ ដែលសម្ដែងនូវភាពអង់អាចម៉ឺងម៉ាត់ ស្វាហាប់ ហើយជាវង់តន្ដ្រីធំជាងគេក្នុងចំណោមវង់តន្ដ្រីខ្មែរទាំងអស់ ។ ឯកសារនោះបានឲ្យដឹងថែមទៀតថា ភ្លេងពិណពាទ្យគេប្រគំជាពិសេសសម្រាប់កំដររាំក្បាច់បុរាណល្ខោនខោល ល្ខោនស្រមោល គឺស្បែកតូច ស្បែកធំ ស្បែកពណ៌ ។ ក្នុងពិធីបុណ្យសម្រាប់សាសនា ក៏មានវង់តន្ដ្រីពិណពាទ្យលេងកំដរជានិច្ចដែរ ។ ចំណែកនៅក្នុងពិធីបុណ្យផ្សេងៗទៀត ក៏គេនិយមយកភ្លេងពិណពាទ្យមកប្រគំកំដរដែរដូចជា ពិធីកោរជុក ពិធីបួងសួង លាបំណន់ ពិធីរំលឹកគុណគ្រូ ពិធីបំបួសនាគ ។ល។ ហើយមានរហូតដល់ពិធីបុណ្យសព បុណ្យខួបទៀតផង ។ ចំពោះព្រះរាជពិធីផ្សេងៗរបស់ព្រះមហាក្សត្រតែងមានភ្លេងពិណពាទ្យប្រគុំកំដរជានិច្ច ។
តាមប្រវត្ដិសាស្ដ្រឲ្យដឹងថា សៀមបានត្រួតត្រាលើខេត្ដ៣របស់ខ្មែរ គឺបាត់ដំបង សៀមរាប និងស៊ីសុផុន អស់រយៈពេល ១១២ឆ្នាំ គឺតាំងពីឆ្នាំ១៧៩៥ ដល់ឆ្នាំ១៩០៧ ។ មូលហេតុដែលនាំឲ្យសៀមបានកាន់កាប់ទឹកដីខេត្ដទាំង៣នេះគឺដោយសារតែមន្ដ្រីក្បត់ឈ្មោះ បែន បានយកខេត្ដដែលខ្លួនត្រួតត្រាទៅចុះចូលនឹងសៀម ធ្វើឲ្យសៀមកាន់កាប់ខេត្ដទាំងនោះដោយប្រមូលយកសេដ្ឋកិច្ច និងមរតកវប្បធម៌ជាតិផងដែរ ។ ជាពិសេសបញ្ហាសៀមកសាងប្រទេស និងចាប់ផ្ដើមស្ថាបនាអរិយធម៌របស់ខ្លួន ដោយការទទួលយកប្រើប្រាស់ពីវប្បធម៌របស់ខ្មែរទាំងស្រុង ។ ទាំងលេខ ទាំងអក្សរ ទាំងភាសា គំនូរ ចម្លាក់ តន្ដ្រីប្រពៃណី សាសនា គឺមានមូលដ្ឋានវប្បធម៌របស់ខ្មែរដោយពួកសៀមគ្រាន់តែយកទៅកែបំភ្លៃ ជួសជុលបន្ដិចបន្ដួច នៅសល់រូបភាពលំនាំដើមស្រដៀងគ្នានៅឡើយ ។ រហូតមកដល់បច្ចុប្បន្ននេះ រូបចម្លាក់ បដិមា ក្បាលអ្នកតា ក៏នៅតែបន្តចេញពីស្រុកខ្មែរឆ្ពោះទៅស្រុកសៀមដែរ គឺគេនិយមលេបវប្បធម៌ខ្មែរដើម្បីបន្ទន់ចិត្ដខ្មែរឲ្យស្លូតបូត ទន់ខ្សោយ ដែលនាំឲ្យពួកសៀមនោះអាចលេបយកទឹកដីខ្មែរយ៉ាងផ្អែមត្រជាក់តែម្ដង ។
ដូចយ៉ាងភ្លេងពិណពាទ្យដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរ ក៏សៀមយកទៅប្រើប្រាស់សព្វថ្ងៃ ហើយបានប្រគល់ឲ្យខ្មែរបានប្រើប្រាស់មកវិញ ដោយកំណត់ថាជាភ្លេងសៀម ។ ទោះជាយ៉ាងនេះក្ដីក៏ភ្លេងពិណពាទ្យរបស់ខ្មែរនៅតែចារឹកជាប់លើថ្មទុកជាអមតៈថាជាភ្លេងរបស់ខ្មែរពិតប្រាកដគឺពុំអាចមានជនជាតិណាមកប្រែកាឡៃឬបំផ្លើសបានឡើយ ៕
ប្រភពៈ សាលអានថ្ងៃទី០១/០៩/២០០៨ (ដកស្រង់ពីកាសែតកោះសន្ដិភាព)
Source: ប្រវត្ដិសាស្រ្ដ