រូបចម្លាក់ក្នុងពើងគំនូរក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២
តំបន់ទេសចរណ៍វប្បធម៌ប្រវត្ដិសាស្ដ្រនិងធម្មជាតិលើទឹកដីអង្គរដែលសម្បូរទៅដោយប្រាង្គប្រាសាទជាកេរមរតករបស់បុព្វបុរសខ្មែរបានបង្ហាញតាមរយៈក្បាច់ចម្លាក់ដ៏ល្អប្រណីត និងរូបសំណាកផ្សេងៗ បង្កប់ដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលអ្នកស្រាវជ្រាវពីវប្បធម៌ប្រវត្ដិសាស្ដ្រអាចកត់សម្គាល់តាមរយៈក្បាច់ចម្លាក់ និងរូបសំណាកផ្សេងៗជំនួសអក្សរតាមសម័យនីមួយៗ ។
អាស្រមពើងគំនូរ ត្រូវបានចាត់ទុកជាទីតាំងវប្បធម៌ជាតិ ដែលបន្សល់ទុក តាំងពីសម័យកាលនៃព្រះបាទជ័យវរ្ម័នទី២ ស្ថិតនៅចំណុចទីទួលចង្កេះភ្នំគូលែនក្នុងភូមិសាស្ដ្រស្រុកស្វាយលើ គេអាចធ្វើដំណើរទៅទស្សនាបានតាមផ្លូវលំរទេះគោមួយកាត់ព្រៃឆ្ពោះសំដៅឡើងទៅកាន់ភូមិរហាល ឃុំតាសៀម នឹងឃើញមានច្រកផ្លូវលំរទេះគោមួយកាត់ព្រៃឆ្ពោះសំដៅឡើងទៅកាន់ទីទួលនៃចង្កេះភ្នំចម្ងាយប្រមាណ ១៥០០ម៉ែត្រ ទើបទៅដល់អាស្រមពើងគំនូរភ្នំគូលែនដែលមានព្រះសង្ឃចំនួន៤អង្គ គង់ថែរក្សានៅអាស្រមប្រវត្ដិសាស្ដ្រនោះ ។
តាមសង្ឃដីការៀបរាប់របស់ព្រះតេជគុណ បុណ្យ ចាន់ដារា បានឲ្យដឹងថា អាស្រមពើងគំនូរ គឺជាកន្លែងប្រវត្ដិសាស្ដ្រមួយនៃវប្បធម៌ជាតិខ្មែរដែលបន្សល់ទុកមកតាំងពីជំនាន់រជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ហើយអ្វីដែលចម្លែកភ្នែកគួរឲ្យកត់សម្គាល់ផងដែរនោះគឺមានដុំថ្មធំៗជាច្រើនដែលមើលទៅប្រៀបដូចជាគេលើកបន្ដុបព័ទ្ធជុំវិញពីខាងក្រោម ហើយផ្អៀងមួយចំហៀងពីលើគ្នាគួរឲ្យស្ញើប ដែលក្នុងចំណោមបណ្ដាពើងថ្មចំនួន ៣ដុំ ស្ថិតនៅលើទីទួលខ្ពស់ជាងគេនៃអាស្រមពើងគំនូរនោះគឺ ៖ ទី១. មានរូបសំណាកព្រះសិវៈក្នុងជំនឿព្រហ្មញ្ញសាសនា ទី២. មានរូបសំណាកព្រះគណេស (មនុស្សក្បាលដំរី) ទី៣. ព្រះវិស្ណុ និងទី៤. ស្ដេចគ្រុឌ ដែលរាល់រូបចម្លាក់ទាំងនោះសុទ្ធតែមានការភ្ជាប់នូវប្រវត្ដិនិទានបុរាណដ៏ជាក់ចិត្ដ ។
ទោះជាបែបណាក៏មានការសោកស្ដាយផងដែរពីពើងគំនូរមួយចំនួនត្រូវបានទទួលរងការឈូសដាប់ ឬវាយបំបែក ធ្វើឲ្យប៉ះពាល់ភាពដើមដោយពពួកអគតិមួយចំនួនដែលបំផ្លាញវប្បធម៌ជាតិខ្លួនឯង ។ ព្រះតេជគុណបុណ្យ ចាន់ដារា បានឲ្យដឹងថា ទោះបីជាទីអាស្រមពើងគំនូរប្រវត្ដិសាស្ដ្រនោះស្ថិតនៅឆ្ងាយដាច់ស្រយាលពីទីរួមខេត្ដក៏ពិតមែន ក៏ប៉ុន្ដែជារឿយៗ រៀងរាល់ថ្ងៃតែងមានក្រុមអ្នកទេសចរបរទេសនាំគ្នាទៅទស្សនាជាប្រចាំមិនដែលខានថ្ងៃណាឡើយ ។
ទាក់ទិននឹងទីតាំងវប្បធម៌ប្រវត្ដិសាស្ដ្រនេះ តាមការសិក្សាស្រាវជ្រាវបែបប្រវត្ដិសាស្ដ្រលោក រេត សាមុត មគ្គុទ្ទេសក៍ទេសចរតំបន់សៀមរាបអង្គរ ដែលធ្លាប់បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាន់ទី៤ ពីសំណាក់ក្រសួងទេសចរណ៍ នាឆ្នាំ១៩៩៨ ឲ្យដឹងថា ភ្នំគូលែនជាភ្នំមួយដែលបដិសន្ធិឡើងបែបធម្មជាតិមានកម្ពស់ជាង ៤៩០ម៉ែត្រ លាតសន្ធឹងផ្នែកខាងជើងមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ពីទីរួមខេត្ដសៀមរាប ហើយដោយសារតែភ្នំនេះមានសម្បូរទៅដោយដើមរុក្ខជាតិឈើហូបផ្លែដើមគូលែន ទើបបុព្វបុរសខ្មែរយើងហៅឈ្មោះតៗគ្នារហូតមកថា ភ្នំគូលែនដល់សព្វថ្ងៃនេះ ។ លោក រេត សាមុត បានធ្វើការអធិប្បាយបញ្ជាក់ឲ្យដឹងផងដែរថា ភ្នំគូលែនគឺជាភ្នំមួយដែលត្រូវបានបុព្វបុរសខ្មែរយើងចាត់ទុកជាទីតាំងនៃរាជធានីចាស់ ឬរាជធានីដំបូងមុនសម័យអង្គរ ។
លោកសង្កត់ធ្ងន់ថា សម័យអង្គរ គឺជាសម័យកាលមួយដ៏រុងរឿង ដូច្នេះ ភ្នំគូលែន គឺជាចំណុចចាប់ផ្ដើមនៃភាពរុងរឿងទាំងឡាយនាសម័យអង្គរ ។ មុនចាប់ផ្ដើមនៃភាពរុងរឿងទាំងឡាយនាសម័យអង្គរក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ គ្រងរាជ្យក្នុងអំឡុងសតវត្សទី៩ ដែលជាមហាក្សត្រមួយអង្គបានទៅពង្រឹង និងជ្រើសរើសយកតំបន់ភ្នំគូលែន ធ្វើជារាជធានីជំនាន់នោះដោយឲ្យឈ្មោះហៅថា «រាជធានីមហិន្ទ្របរិព័ទ្ធ» (បរិព័ទ្ធប្រែថាភ្នំ ឯមហិន្ទ្រ ប្រែថាសិវៈ) មានន័យថា រាជធានីភ្នំព្រះសិវៈគង់នៅ ។
ភ្នំគូលែនមានកំពូលសរុបចំនួន១០៨ ហើយកំពូលជាតំណាងឲ្យភ្នំកៃលាសនិងភ្នំហិមាល័យដូចនៅប្រទេសឥណ្ឌាផងដែរដែលជាកន្លែងព្រះពុទ្ធបរមគ្រូនៃយើងគង់នៅដោយមានស្ទឹងមួយហូរផុសចេញមកហៅថា «ស្ទឹងព្រះគង្គា» ដែលប្រជាជនឥណ្ឌាមានជំនឿថាស័ក្ដិសិទ្ធិក្នុងការលុបលាងជម្រះបាប បណ្ដេញឧបទ្រពចង្រៃ នាំមកនូវសិរីសួស្ដីដល់ខ្លួន ។ ដោយឡែកភ្នំគូលែនមិនត្រឹមតែជាតំណាងឲ្យភ្នំហិមាល័យប៉ុណ្ណោះទេ ប៉ុន្ដែក៏មានស្ទឹងមួយជាតំណាងឲ្យស្ទឹងគង្គានៃភ្នំហិមាល័យនោះផងដែរ គឺស្ទឹងសៀមរាប មានប្រភពពីលើភ្នំហើយហូរឆ្លងកាត់ទម្លាក់ចូលទៅក្នុងបឹងទន្លេសាប ។
កាលពីសម័យដើម ប្រជាពលរដ្ឋខ្មែរយើងក៏មានជំនឿចាត់ទុកស្ទឹងនេះថាជាស្ទឹងស័ក្ដិសិទ្ធិដូចគ្នាផងដែរ ដោយស្ថិតនៅបាតស្ទឹងលើភ្នំគូលែននោះ មានរូបចម្លាក់សិវៈលិង្គ១០០០ ដែលត្រូវបានគេឆ្លាក់ឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ខណៈពេលដែលព្រះអង្គគ្រងរាជ្យនាអំឡុងគ្រិស្ដសករាជ ៨០២ដល់៨៥០ ក្រៅពីនេះព្រះបាទជ័យវរ្ម័នទី២ ក៏នៅបានស្ថាបនាប្រាសាទជាច្រើនទៀតដែលនៅក្នុងបញ្ជីប្រវត្ដិសាស្ដ្រនៃសារពើភណ្ឌចំនួន៥៦ប្រាសាទ ។ ក្រៅពីរូបចម្លាក់សិវៈលិង្គនិងប្រាសាទ គេបានសង្កេតឃើញមានស្លាកស្នាមមួយចំនួនផ្សេងៗទៀតដែលឆ្លាក់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២នោះដែរ ដើម្បីទុកជាទីកន្លែងសម្រាប់បណ្ដាពួកព្រាហ្មណ៍ ឬក៏សម្រាប់ពួកបណ្ដាឥសីទៅធ្វើពិធីចង្ក្រមភាវនាបួសរៀន ឬក៏ពិធីតបធម៌ (ធម៌សម្រាប់ប្រព្រឹត្ដដើម្បីដុតបំផ្លាញគ្រឿងសៅហ្មងចិត្ដ) នៅភ្នំគូលែននោះ ។
ជួនកាលការធ្វើចង្ក្រមភាវនាឬតបធម៌របស់សំណាក់បណ្ដាពួកព្រាហ្មណ៍ឬពួកបណ្ដាឥសីនាជំនាន់នោះ គឺភាគច្រើនគេយកក្រោមពើងថ្មធំៗ ដែលអាចបាំងភ្លៀងខ្យល់បានធ្វើជាកន្លែងសម្រាប់ជ្រកស្នាក់នៅរបស់ពួកគេ ។ តាមទីកន្លែងនីមួយៗ គេសង្កេតឃើញមានស្លាកស្នាមនៃការឆ្លាក់រូបព្រះសិវៈ ព្រះព្រហ្ម និងឃើញមានបំណែកសិវលិង្គ និងបំណែកយោនីជាដើមផងដែរ ដែលគេសម្រាប់គោរពបូជារាល់ថ្ងៃ ព្រោះអង្គនៃព្រហ្មញ្ញសាសនា ត្រូវបានគេចាត់ទុកជាព្រះវិស្ណុ ព្រះសិវៈ និងព្រះព្រហ្ម ជាអាទិទេពធំសម្រាប់គោរពបូជា ។ ព្រះវិស្ណុជាអ្នកតំណាងឲ្យការបង្កើតលោក ឯព្រះព្រហ្មជាអ្នកតំណាងឲ្យការរក្សាលោក ឯព្រះសិវៈជាអ្នកតំណាងឲ្យនៃសេចក្ដីស្លាប់ មានន័យថាការកើតចាស់ឈឺស្លាប់ដែលមានស្ថានភាពដូចជាទីអាស្រមពើងគំនូរដូច្នោះដែរ ហើយគេឃើញមានរូបសំណាកព្រះសិវៈ ព្រះគណេស ព្រះវិស្ណុ និងរូបសំណាកស្ដេចគ្រុឌជាយានជំនិះជាដើម ។
តាមការឲ្យដឹងត្រួសៗ នៅក្នុងបញ្ជីសរុបបេតិកភណ្ឌជាតិរបស់លោក ឆេង ផុន និងយោងតាមការស្រាវជ្រាវផ្ទាល់របស់មគ្គុទ្ទេសក៍ទេសចរតំបន់សៀមរាបអង្គរ លោករេត សាមុត ឲ្យដឹងដែរថា ស្ថិតនៅទូទាំងប្រទេសនៃព្រះរាជាណាចក្រកម្ពុជាសរុបមានប្រាសាទចំនួន១.០៨០ និងនៅទូទាំងខេត្ដសៀមរាប មានប្រាសាទសរុបជាង ២៩០ប្រាសាទ ក្នុងនោះនៅតាមស្រុកចំនួន២គឺស្រុកស្វាយលើ និងស្រុកសូទ្រនិគម មានចំនួន៥០ប្រាសាទ ដោយឡែកយោងតាមការស្រាវជ្រាវរបស់អង្គការ (ណាសា) ដែលមានការប្រើប្រាស់គ្រឿងឧបករណ៍ផ្កាយវិទ្យាសាស្ដ្រថតពីលើទិដ្ឋភាពអង្គរកន្លងទៅថ្មីៗនេះ គេរកឃើញមានប្រាសាទថ្មីចំនួន៥០បន្ថែមទៀត ៕
ប្រភពៈ សាលអានថ្ងៃទី២៩/០៨/២០០៨ (ដកស្រង់ពីកាសែតកោះសន្ដិភាព)
Source: ប្រវត្ដិសាស្រ្ដ