ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិអមសងខាងដោយស្ដ្រី៣នាក់និងពលវន្ទម្នាក់នៅវត្តភ្នំ
នៅថ្ងៃ១៥ ខែមីនា ឆ្នាំ១៩០៧ ដែលត្រូវនឹងថ្ងៃ២កើត ខែផល្គុន ឆ្នាំមមី អដ្ឋស័ក ចុល្លសករាជ១២៦៨ គឺជាថ្ងៃប្រវត្ដិសាស្ដ្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនខ្មែរទាំងអស់ ដែលមានព្រះបាទសម្ដេចព្រះស៊ីសុវត្ថិជាប្រមុខដឹកនាំ ដោយហេតុថាសៀមបានប្រគល់សងមកព្រះរាជាណាចក្រកម្ពុជាវិញនូវខេត្ដ៣គឺបាត់ដំបង សិរីសោភ័ណ និងខេត្ដសៀមរាប ដែលខ្លួនបានរឹបអូសដោយកម្លាំងទ័ពឈ្លានពានពីមុន ។
ព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រនេះដែលត្រូវចារនៅវត្តភ្នំលើផ្ទាំងដីឥដ្ឋរាង ៤ជ្រុងទ្រវែង លាបពណ៌ដោយក្បូរក្បាច់ គឺជាសញ្ញានៃជោគជ័យដ៏ត្រចះត្រចង់របស់នយោបាយបារាំងនៅកម្ពុជាក៏មែនពិត ក៏ប៉ុន្ដែគឺជានិមិត្ដរូបនៃការរួបរួមគ្នាជាធ្លុងមួយរបស់ប្រជានុរាស្ដ្រខ្មែរជុំវិញព្រះមហាក្សត្រខ្មែរ ក្នុងការទាមទារឲ្យបារាំងរក្សាបូរណភាពទឹកដីខ្មែរដោយបង្ខំឲ្យសៀមសងអាណាខេត្ដខ្មែរទាំងនោះដែលត្រូវបានផ្ដាច់ចេញពីមាតុភូមិតាំងតែពញាអភ័យធិបបែស បែន ក្នុងឆ្នាំ១៧៩៤ ។
លោកបណ្ឌិតមីសែល ត្រាណេ ជំនាញខាងប្រវត្តិសាស្ដ្រកម្ពុជាបានឲ្យដឹងថា ដើម្បីរំលឹកព្រឹត្ដិការណ៍ជាប្រវត្ដិសាស្ដ្រដ៏សំខាន់នេះ អាជ្ញាធរនាជំនាន់នោះបានសាងសង់នូវវិមានអនុស្សាវរីយ៍មួយនៅចង្កេះភ្នំដូនពេញ (វត្តភ្នំ) ទិសខាងត្បូងជាប់នាឡិកាវត្តភ្នំដែលជារួមមានរូបសំណាកសំរឹទ្ធិតំណាងឲ្យព្រះបាទស៊ីសុវត្ថិ សោយរាជ្យក្រុងកម្ពុជាធិបតីនាជំនាន់នោះ អមដោយខាងឆេ្វងនារី ៣នាក់ និងខាងស្ដាំពលថ្មើរជើងម្នាក់ធ្វើវន្ទនាការយ៉ាងសង្ហា ។ រូបសំណាកព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ ត្រូវបានស្ថាបនាឲ្យទ្រង់ប្រថាប់លើរាជបល្ល័ង្គក្រោមស្វេត្រឆត្រនិងទ្រង់គ្រឿងអម្ពរពស្ដ្រាក្នុងឋានៈជាស្ដេចកំពុងសោយរាជ្យ ។ នៅទីនោះព្រះបរមរាជវាំងតំណាងដោយសសរស្ដម្ភពីរដែលពីលើលម្អដោយនាគក្បាលបីម្ខាងមួយៗផង ។
លោកបណ្ឌិតបានធ្វើការបកស្រាយនូវអត្ថន័យខ្លឹមសារនារីទាំងបីនាក់ថា នារីទាំងបីនាក់នោះមានរូបឆោមល្អពាក់មកុដនិងស្លៀកពាក់ខុសៗគ្នាតែតាមរបៀបដែលបុរាណសុទ្ធសាធ មិនខុសពីស្រីទេពអប្សរនៅអង្គរវត្ដទេ ហើយលើដៃមានកាន់ពានមួយ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺនៅលើពាននៃនារីទី១មានតម្កល់រូបសំណាកមួយតំណាងឲ្យប្រាសាទព្រះវិហារដែលក្នុងសម័យនោះស្ថិតក្នុងខេត្ដសៀមរាប ។ រីឯនារីពីរនាក់ទៀតដែលឈរបន្ទាប់ពីនារីទី១ គឺតំណាងឲ្យខេត្ដបាត់ដំបង និងសិរីសោភ័ណ ។ ខុសពីនារីទី១ ដែលពាក់មកុដកំពូលបីខ្លួនទទេ ពួកគេពាក់មកុដកំពូលមួយរាងស្រួចដូចចេតិយ ហើយពាក់អាវនិងស្លៀកសំពត់ដូចជាស្ដ្រីស្នំ ។ នៅលើជើង ពានរបស់នារីទី២ គេឃើញមានថង់ត្រា រីឯនៅលើជើងពានទី៣មានតម្កល់ក្លងដែលជាបំពង់មានគ្របដាក់ឯកសារ ។
តាមរយៈឥរិយាបថនៃចម្លាក់នារីទាំងបីនាក់នោះ លោកមីសែលបានបង្ហាញថា អាណាព្យាបាលបារាំងចង់បង្ហាញថា ពួកគេកំពុងថ្វាយបូរាណភាពទឹកដីនៃខេត្ដទាំង៣ ដែលតំណាងដោយស្ដ្រីទាំងបីនាក់ ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រព្រះបាទសម្ដេចព្រះស៊ីសុវត្ថិវិញ ។ ដូច្នេះបានជាស្ដ្រីទាំងបីនេះ កាន់យកខេត្ដទាំង៣ថ្វាយព្រះមហាក្សត្រខ្មែរ ដែលជាម្ចាស់ទឹកម្ចាស់ដីរបស់កម្ពុជរដ្ឋវិញ ដោយមានទឹកមុខញញឹមញញែម ហើយកាយវិការទន់ភ្លន់ស្រគត់ស្រគំ ។
គួរកត់សម្គាល់ផងដែរថា នៅខាងក្រោមចម្លាក់មួយតំណាងទង់ជាតិបារាំង គេឃើញឆ្លាក់តួអក្សរបារាំងថា Traite franco siamois du 15 mars 1907 Battambang , Siemriap, Sisophon ដែលមានន័យជាភាសាខ្មែរថា «សន្ធិសញ្ញាបារាំង-សៀមចុះថ្ងៃទី ១៥ខែមីនាឆ្នាំ១៩០៧ ខេត្ដបាត់ដំបង សៀមរាប ស៊ីសូផុន» ។
ម្យ៉ាងវិញទៀត គេក៏សង្កេតឃើញនៅទាំងសងខាងនៃរូបសំណាក់មាននូវសិលាចារឹក២ផ្ទាំងទៀត ។ ផ្ទាំងខាងឆេ្វងដៃសរសេរជាភាសាបារាំង ។ រីឯផ្ទាំងខាងស្ដាំជាភាសាខ្មែរដែលពាក់ព័ន្ធទៅនឹងប្រវត្ដិនៃការសាងសង់វិមានអនុស្សាវរីយ៍នៃការវិលត្រឡប់មកកម្ពុជាវិញនូវខេត្ដបាត់ដំបង សិរីសោភ័ណ និងសៀមរាប ។ ខ្លឹមសារដើមមានដូចតទៅ ៖
តេជៈព្រះគុណប្រតិតូរ៉ាត៍ របស់ក្រុងបារាំងសែសដែលជួយទំនុកបំរុងក្រុងកម្ពុជាធីប្ឌីព្រះបាទសម្ដេចព្រះស៊ីសុវត្ថិចមចក្រពង្សព្រះចៅក្រុងកម្ពុជាធីប្ឌីទ្រង់ព្រះសូតនៅថ្ងៃអង្គារ ១២រោជ ខែស្រាព្ឌ/ឆ្នាំជូត/ទោស័ក្ស/ចុលស័ករាជ/១២០២/គឺខែអ៊ូតសិបតប/គ្រឹស័សករាជ/១៨០៤/ទ្រង់សោ្យរាជសំម្ប័តនៅថ្ងៃអាទិត្យ១០កើត/ខែពិសាក្ខូ/ឆ្នាំរោង/ឆស័ក្ស/ចុលស័ករាជ១២៦៦ គឺ២៤ខែអាវរិលគ្រិសរាជ១៩០៤ ។
ទ្រង់ទទួលខេត្ដដែនបាត់ដំបង សៀមរាប និងសិរីសោភ័ណជារបស់នគរខ្មែរពីដើម ហើយសៀមឃាត់យកនោះឲ្យមកជារបស់ព្រះរាជមក្កុដក្រុងកម្ពុជាធិប្ឌីដោ្យអំណាចសញ្ញាត្រេតេររាជ្ការបារាំងសែស និងរាជ្ការសៀមពីថ្ងៃ២កើតខែផល្គុន/ឆ្នាំមមី/អដ្ឋស័ក្យ/ចុល្លសករាជ/១២៦៨ គឺ១៥ខែម៉ារ្ស គ្រីសករាជ១៩០៧ ។
ក្នុងរាជ្ការលោក អារម៉ង ហ្វាសីយ៉ែរ ជាប្រេស៊ីដង្គដឺឡារេព្វព្លិកបារាំងសែស លោកពីសុងជាសែណាបុត្ដីក្រសួងតាងប្រទេស លោក មិយែស/ឡាក្ររ៉/ជាសែណាបុត្ដីក្រសួងកូឡូនី លោក ប៉ូលបូ/ជាគូវេរណីយេណេរ៉ាល់ដឺឡាំងដូស៊ីន លោកប៉ូល លូស/ជារេស៊ីដង្គស្វាប៉េរីយ៉ើក្នុងក្រុងកម្ពូជាធិបប្ឌី ។
បានធ្វើបុណ្យឆ្លងក្នុងឆ្នាំវកសំរឹទ្ធស័ក្ស ចុល្លស័ករាជ១២៧០ ត្រីស័ករាជ១៩០៩ ក្នុងរាជ្ការលោកអងតូនី ក្លូប្ល៊ូគូវស្គី ជាគូវេរណើរ យេណេរ៉ាល់ ដឺឡាំងដូស៊ីន ៕
ប្រភពៈ សាលអានថ្ងៃទី០៨/០៩/២០០៨ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ