នៅក្បែរផ្លូវឡើងភ្នំដងរែកឆ្ពោះទៅកាន់ក្រុមប្រាសាទតាមាន់ ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូច និងប្រាសាទថ្មបាយក្រៀមភូមិគូ (ភូមិព្រៃវែង) ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្ដឧត្ដរមានជ័យ ឈមគ្នានឹងភូមិតាមាំង និងភូមិស្លែង ឃុំភ្នំដី ស្រុកភ្នំដុងរ៉ាក់ ខេត្ដសុរិន្ទ គេរកឃើញផ្លូវបុរាណដ៏ធំមួយ ។ ផ្លូវនោះតភ្ជាប់ពីក្រុមប្រាសាទតាមាន់ឆ្ពោះទៅលិចដល់ប្រាសាទបន្ទាយឆ្មារ និងឆ្ពោះទៅកើតដល់ផ្លូវកែងនិងផ្លូវស្ពានអូរជីក ។
លោកបណ្ឌិតមីសែល ត្រាណេ អ្នកជំនាញការខាងប្រវត្ដិសាស្ដ្រ និងវប្បធម៌ខ្មែរបានស្រាវជ្រាវឃើញថា នោះជាផ្លូវរាជដែលតភ្ជាប់ទៅទីក្រុងអង្គរទី១ មានប្រាសាទបាពួនជាស្នូលកណ្ដាលនាភូមិភាគខាងក្រោម និងតភ្ជាប់ទៅទីក្រុងភីម៉ាយនៃខេត្ដសុរិន្ទប្រទេសសៀមសព្វថ្ងៃ ។
ពូស្មាន់ ចម្ប៉ា អាយុ៤៧ឆ្នាំ ជាប្រជាជនដែលជីដូនជីតាគាត់រស់នៅភូមិគូ ឃុំឈូក (បច្ចុប្បន្នឃុំគោកមន) ស្រុកបន្ទាយអម្ពិល តាំងពីដើមមក និងបច្ចុប្បន្នរស់នៅចំណុចជ្រុំធ្នង់ប្រាសាទតាមាន់ធំ និងបន្ទាយដំណាក់បេងនៃកងល្បាតទី២ បានឲ្យដឹងថា តាំងពីដូនតាគាត់មកតាមបណ្ដោយផ្លូវរទេះពីគូទៅប្រាសាទតាមាន់ធំ ។ ដូនតា និងគាត់ផ្ទាល់បានទៅឃើញតួផ្លូវដ៏ធំខ្ពស់មួយសណ្ដូកពីជើងឆៀងឦសានឆ្ពោះទៅលិច និងមានផ្លូវបែកឡើងទៅប្រាសាទតាមាន់ធំ ។
បើតាមគាត់ពិនិត្យផ្ទាល់ និងជីដូនជីតាប្រាប់ថានោះជាខ្សែផ្លូវបុរាណដ៏ធំមួយទទឹងពី៤០ម៉ែត្រទៅ ៦០ម៉ែត្រ កម្ពស់ពី៣ម៉ែត្រទៅ ៤ម៉ែត្រឯណោះ ។ ផ្លូវនេះវែងដែលនៅសល់ស្លាកស្នាមមួយចំនួនធំ តែកន្លែងខ្លះបាក់ដាច់ ឬសឹករេចរឹលដោយសារទឹកភ្លៀងឬកប់បាត់ដោយសារដើមឈើដុះគ្របពីលើ តែយ៉ាងណាក៏នៅអាចសម្គាល់បានជាតួដងផ្លូវដដែល ។ ផ្លូវនេះកន្លែងខ្លះសសៀរជិតជួរភ្នំដងរែក កន្លែងខ្លះឃ្លាតឆ្ងាយ ។ គិតពីចំណុចចន្លោះភ្នំរាងស្នែងក្របីខាងក្រោមប្រាសាទតាមាន់ធំនេះទៅផ្លូវបានតភ្ជាប់ទៅផ្លូវបុរាណពីខាងលិចរាជធានីអង្គរមកកាត់តាមក្រុមស្ពានអូរជីកក្នុងឃុំជើងទៀន ស្រុកចុងកាល់ រួចកាត់ស្រុកសំរោង ខេត្ដឧត្ដរមានជ័យឆ្ពោះទៅទីក្រុងភិម៉ាយ (ពិមាឃ) ភាគខាងជើងនៃទឹកដីមហានគរគឺខេត្ដសុរិន្ទនិងបណ្ដាខេត្ដភាគឦសានរបស់សៀមបច្ចុប្បន្ន ។ ចំណែកកំណាត់ផ្លូវនេះតភ្ជាប់ទៅលិចគឺភ្ជាប់ដល់ទីក្រុងបន្ទាយឆ្មារ (ប្រាសាទបន្ទាយឆ្មារ) ជាធានីតូចដែលមានរាជបុត្រស្រិន្ទកុមារនៃព្រះបាទជ័យវរ្ម័នទី៧ គង់ជាប្រមុខកងទ័ពទីនោះ ។
បើតាមការស្រាវជ្រាវដែរដោយអ្នកយកព័ត៌មានកាសែតរស្មីកម្ពុជា ផ្លូវបុរាណធំៗបីបានតភ្ជាប់កាត់ទីក្រុងបន្ទាយឆ្មារ (ក្រោយធ្វើប្រាសាទបន្ទាយឆ្មាររួចនាសតវត្សរ៍ទី១២) គឺផ្លូវពីចំណុចបំបែកនៅចុងកាល់បច្ចុប្បន្នតភ្ជាប់កាត់ប្រាសាទចេកក្បូរ ស្រុកសំរោងកាត់គោកតីស្រុកបន្ទាយអម្ពិល រួចជួបគ្នាត្រង់ខ្នងអាងប្រាសាទមេបុណ្យ ភូមិបន្ទាយឆ្មារកើត និងផ្លូវមួយខ្សែទៀតចេញពីស្ពានស្រែងស្មានក្មេង ផ្លូវខ្នងអាងត្រពាំងថ្មស្រុកភ្នំស្រុកតដល់ភូមិសារង្គ (ប្រាសាទកាស) រួចបែកចេញមកជើងកាត់ក្បែរប្រាសាទកសិនប្រជុំជនស្រុកថ្មពួកបច្ចុប្បន្នហើយមកជួបគ្នាក្បែរប្រាសាទបន្ទាយឆ្មារដែរ ។
ចេញពីប្រាសាទបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យបច្ចុប្បន្នឆ្ពោះទៅលិច មានផ្លូវបុរាណធំមួយទៀតដែលសល់ភស្ដុតាងរហូតដល់សព្វថ្ងៃគឺផ្លូវកាត់តាមទីក្រុងក្បាលទន្សោងដែលមានមនុស្សប្រមាណមួយម៉ឺននាក់រស់នៅ រួចសណ្ដូកទៅលិចកាត់ត្រង់ច្រមុះភ្នំដងរែកឆ្ពោះទៅខេត្ដបូរីរម្យនៃប្រទេសសៀមបច្ចុប្បន្ន ។
សូមរម្លឹកថា ប្រាសាទតាមាន់ធំកសាងឡើងក្នុងសតវត្សរ៍ទី១១ រាជ្យព្រះបាទឧទុយទិត្យវរ្ម័នទី២ (គ្រិស្ដសករាជ ១០៥០-១០៦៦) រចនាបថបាពួន ។ ប្រាសាទតាមាន់ធំកសាងដោយបុរសម្នាក់ឈ្មោះ មាន់ សម្រាប់បូជាលោក (ព្រះ)(នេះបើតាមរឿងព្រេង) ។ ប្រាសាទនេះសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈជាអាទិទេពភ្នំ ។ ប្រាសាទប្រៀបបានឋានកៃលាស សង់លើជម្រាលភ្នំដងរែក ដោយមានមន្ដ្រីគ្រប់លំដាប់ថ្នាក់ចូលរួម ។ ប្រាសាទជាមជ្ឈមណ្ឌលសាសនាវប្បធម៌ និងជាកន្លែងបណ្ដុះស្មារតីជាតិខ្មែរ ដោយប្រមូលប្រជារាស្ត្រឲ្យនៅជុំវិញព្រះអង្គនិងមូលនិធិមួយ ។ ប្រាសាទតាមាន់ធំមានតម្លៃសំខាន់ទី២បន្ទាប់ពីប្រាសាទព្រះវិហារលើភ្នំដងរែក ។
នៅក្បែរនោះគឺប្រាសាទតាមាន់តូច មានកំពែងសង់ពីថ្មបាយក្រៀមដ៏ក្រាស់ ។ ប្រាសាទមានគោបុរៈ ឬច្រកចូល ៤ទិស និងមានកំពូលកណ្ដាលជាទីគោរពសក្ការៈនូវព្រះពោធិសត្វភៃសជ្យគុរុ (គ្រូពេទ្យថ្នាំទិព្វ) រាងជាក្រពុំផ្កាឈូក ។ ប្រាសាទតាមាន់តូចគឺជាមន្ទីរពេទ្យឬអរោគ្យសាលាសម័យព្រះបាទជ័យវរ្ម័នទី៧ ក្នុងរចនាបថបាយ័ន ។ ព្រះមហាវរក្សត្រខ្មែរអង្គនេះបានកសាងប្រាសាទតាមាន់តូចនៅចុងសតវត្សរ៍ទី១២ ដើមសតវត្សរ៍ទី១៣ ។
ចំណែកប្រាសាទថ្មបាយក្រៀមក្បែរនោះកសាងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ជាធម្មសាលាឬសាលាសំណាក់ ។ នៅប្រាសាទបន្ទាយឆ្មារ ខេត្ដបន្ទាយមានជ័យ ប្រាសាទព្រះខ័នកំពង់ស្វាយ ខេត្ដព្រះវិហារ ក៏មានសង់ធម្មសាលាដែរ ។ ទាំងផ្លូវ និងប្រាសាទបុរាណដូចខាងលើជាកេរមរតកព្រះមហាក្សត្រនិងដូនតាខ្មែរ ៕
ប្រភពៈ សាលអានថ្ងៃទី០៥/០៩/២០០៨ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ