លោកសាស្ដ្រាចារ្យបណ្ឌិត រស់ ចន្ដ្រាបុត្រ អនុប្រធានរាជបណ្ឌិតសភាកម្ពុជានិងជាអ្នកស្រាវជ្រាវប្រវត្ដិសាស្ដ្រខ្មែរ មានប្រសាសន៍ថា សៀមជាកុលសម្ព័ន្ធមួយដែលជាអ្នកបម្រើនិងជាកងទ័ពស្ដេចខ្មែរព្រះបាទសូរិយាវរ្ម័នទី២ ដែលបានសោយរាជ្យពីឆ្នាំ១១១៣ ដល់ឆ្នាំ១១៥០ ។ លោកបន្តថាការស្គាល់ជនជាតិនេះច្បាស់ ត្រូវបានរកឃើញនៅលើសិលាចារឹកមួយនៅប្រាសាទអង្គរតូច នៅថែវទី២ ជ្រុងខាងត្បូងឆៀងខាងកើត ប៉ុន្ដែគួរឲ្យសោកស្ដាយសិលាចារឹកនោះត្រូវគេលួចគាស់យកទៅបាត់កាលពីពេលថ្មីៗនេះ ។
លោកបន្តដោយគូសបញ្ជាក់ថា ក្នុងអតីតកាលសៀមជាក្រុមមួយដែលស្ថិតនៅក្បែរព្រះមហាក្សត្រខ្មែរ ពួកគេជាអ្នកបម្រើអ្នករៀបចំអាហារ និងជាកងទ័ពការពារនិងជួយរៀបចំទឹកដីចក្រភពខ្មែរ ។
លោកសាស្ដ្រាចារ្យបណ្ឌិតរស់ ចន្ដ្រាបុត្រ បានបន្តឲ្យដឹងថា ចំណែកពួកថៃគឺជាកុលសម្ព័ន្ធមួយដែលចុះមកពីភាគខាងត្បូងប្រទេសចិននៅពេលដែលពួកម៉ុងហ្គោលវាយប្រទេសនេះ ហើយជនជាតិនេះ បានបែកជាពីរក្រុម មួយក្រុមមកកាន់ទឹកដីកម្ពុជាដែលជាប្រទេសថៃបច្ចុប្បន្ននេះ និងមួយក្រុមទៀតចុះទៅប្រទេសឡាវ ។
លោកបន្ថែមថា ការមករស់នៅលើទឹកដីខ្មែរ ជនជាតិនេះបានទទួលយកប្រពៃណីទំនៀមទម្លាប់ វប្បធម៌ អរិយធម៌ខ្មែរ និងមួយចំណែកទទួលពីវប្បធម៌ជនជាតិចិន ។
អ្វីដែលគួរឲ្យកត់សម្គាល់់នៅពេលជនជាតិថៃចុះពីស្រុកចិនមកបានរួបរួមគ្នាជាមួយជនជាតិសៀមដែលនៅបម្រើខ្មែរ ដោយបានចាប់ផ្ដើមកសាងកម្លាំងទ័ពនៅសតវត្សរ៍ទី៩ ទៅសតវត្សរ៍ទី១០ និងចាប់ផ្ដើមវាយជាមួយនគរខ្មែរដើម្បីដណ្ដើមឯករាជ្យពីខ្មែរដោយមានការចូលរួមពីរាមាកំហែង ដែលជាអ្នកមានឥទ្ធិពលក្នុងនគរខ្មែរក្នុងសម័យនោះ ដែលមានបំណងចង់ផ្ដាច់ទឹកដី ។ បន្ទាប់ពីធ្វើសង្គ្រាមជាមួយខ្មែរ ថៃបានបង្កើតឡើងនូវប្រទេសនិងរាជធានីលើកដំបូងឈ្មោះសុខោទ័យ ដែលជាអរុណោទ័យក្នុងការចាប់ផ្ដើមភាពថ្កុំថ្កើងរបស់ប្រទេសនេះ ។
បន្ទាប់ពីការបែកបាក់សង្គមជាតិខ្មែរ ប្រទេសថៃបានបង្កើនការវាយលុកចូលក្រុងអង្គរនៅសតវត្សរ៍ទី១៣ និងទី១៤ រហូតដល់កម្ពុជាដែលមានស្ដេចមួយព្រះអង្គព្រះនាមចៅពញាយ៉ាត បានរើរាជធានីមកកាន់ទួលបាសានស្ថិតក្នុងស្រុកស៊ីធរកណ្ដាល ខេត្ដកណ្ដាលសព្វថ្ងៃនេះ មុនបន្តមកកាន់រាជធានីចតុមុខរហូតដល់សព្វថ្ងៃនេះ ។
អ្នកប្រវត្ដិសាស្ដ្រខ្មែរឆ្នើមម្នាក់ទៀត លោកបណ្ឌិតមីសែល ត្រាណេ បានមានប្រសាសន៍ពីប្រវត្ដិរបស់ជនជាតិសៀមថា សៀមឬថៃ ជាជនជាតិមួយដែលមានអម្បូរចិន ដែលរស់នៅក្នុងទីក្រុងរបស់ខ្លួនមួយឈ្មោះ ណាន់ចាវ ក្នុងខេត្ដយូណាន ប្រទេសចិនភាគខាងត្បូង ប៉ុន្ដែក្រោយមកប្រទេសចិនបានកម្ទេចក្រុងរបស់ខ្លួន ហើយពួកគេបែកជាបីក្រុមចុះមកទឹកដីខ្មែរ ឡាវនិងប្រទេសភូមាសព្វថ្ងៃនេះ ។
លោកបន្តថា នេះជាប្រវត្ដិមួយដែលថៃមិនអាចប្រកែកបាន ហើយប្រវត្ដិសាស្ដ្រប្រាសាទនិងស្ថានីយបុរេប្រវត្ដិសាស្ដ្រក្នុងទឹកដីថៃសព្វថ្ងៃជារបស់នគរខ្មែរ ។ លោកបន្ថែមថា អ្វីដែលថៃមានបច្ចុប្បន្នជារបស់ខ្មែរ ទាំងទឹកដី ប្រពៃណី វប្បធម៌ អក្សរសាស្ដ្ររាប់ពាន់ពាក្យជាពាក្យខ្មែរ និងអក្សរសិល្ប៍ថៃមិនគួរមានគំនិតវាតទីនិយមខ្មែរទេយើងជាបងប្អូនគ្នា ។
លោកហ្សក ហ្សឺដេស អ្នកស្រាវជ្រាវបារាំងបានសរសេរក្នុងឆ្នាំ១៩៥៦ថា រាជធានីរបស់សៀមស្ថិតនៅលើដីខ្មែរផងដែរ ។
លោកបណ្ឌិតមីសែល ត្រាណេ បានមានប្រសាសន៍ឲ្យដឹងថា សៀមដូរឈ្មោះរាជធានីពីប្រទេសស្យាមឬសៀមមកជាឈ្មោះប្រទេសថៃឡង់ដ៍ដូចពេលសព្វថ្ងៃនេះ គឺនៅក្នុងឆ្នាំ១៩៣៩ ។
ការដែលខ្មែរឈានមកដល់កម្រិតឱនភាពដល់សព្វថ្ងៃនេះបណ្ដាលមកពីមូលហេតុអ្វីលោកមីសែល ត្រាណេបានមានប្រសាសន៍ដោយគូសបញ្ជាក់ថា ដោយសារខ្មែរយើងធ្វេសប្រហែស គ្មានឯកភាពជាតិ យើងចាញ់យុទ្ធសាស្ដ្រគេ ដូច្នេះ យើងត្រូវរៀនបទពិសោធន៍ប្រវត្ដិសាស្ដ្រនេះទុកជាមេរៀន ។ លោកបន្ថែមថា យើងត្រូវរួមគ្នាជាធ្លុងមួយហើយយើងមិនត្រូវបន្ទោសគេទេ ។ ថៃឆ្លើយមកយើងថាដោយសារយើងធ្វេសប្រហែសមិនឆ្លាតទើបគេយក គេវាតទីបែបនេះ ។
កត្ដាអ្វីខ្លះដែលធ្វើឲ្យចក្រភពខ្មែរអន់ថយពីធ្លាប់មានដីជាង ១លានគីឡូម៉ែត្រការ៉េមកដល់ ១៨១.០៣៥គីឡូម៉ែត្រការ៉េសព្វថ្ងៃនេះ លោកសាស្ដ្រាចារ្យបណ្ឌិតរស់ ចន្ដ្រាបុត្រ បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា ក្រោយរាជ្យព្រះបាទជ័យវរ្ម័នទី៧ និងព្រះបាទជ័យវរ្ម័នទី៨ នគរខ្មែរបានបែកបាក់ ក្នុងនោះការដូរសាសនាពីព្រះពុទ្ធសាសនាមហាយាននិងព្រហ្មញ្ញសាសនា មកជាព្រះពុទ្ធសាសនាបែបថេរវាទ ប្រៀបបីដូចកាំបិតចិតដងឯង ការដែលសៀមខ្ទប់សេដ្ឋកិច្ចខ្មែរព្រោះបើយើងមើលផែនទីប្រទេសសៀមជាប់ប្រទេសម៉ាឡាយូ (ម៉ាឡេស៊ីសព្វថ្ងៃ) ធ្វើឲ្យសៀមរាំងខ្ទប់ច្រកសេដ្ឋកិច្ចនាពេលនោះ ។
លោកបន្តថា ដោយសារការរាំងខ្ទប់ច្រកសេដ្ឋកិច្ចពីថៃ ខ្មែរងាកទៅរកច្រកសមុទ្រស្ថិតក្នុងទឹកដីកម្ពុជាក្រោម ប៉ុន្ដែនៅពេលដែលយួនយកទឹកដីកម្ពុជាក្រោមទៀត កាន់តែបណ្ដាលឲ្យខ្មែរត្រូវកាត់ផ្ដាច់ពីពិភពខាងក្រៅ បានធ្វើឲ្យប្រទេសកាន់តែទន់ខ្សោយទៅៗរហូតដល់សម័យព្រះបាទអង្គឌួងព្រះអង្គបានរៀបចំឲ្យមានផែសមុទ្រក្នុងខេត្ដកំពតសព្វថ្ងៃនេះ ។
ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន លោកបណ្ឌិតមីសែល ត្រាណេបានបន្តដោយលើកឡើងថា ខ្មែរទើបចប់ពីសង្គ្រាមខ្ញុំចង់ឲ្យយើងរួបរួមគ្នាជាធ្លុងមួយព្រោះយើងល្មមរៀនមេរៀនប្រវត្ដិសាស្ដ្រគ្រប់គ្រាន់ហើយ ។ លោកបន្ថែមថា បក្សអាចស្លាប់នៅថ្ងៃណាមួយបាន ប៉ុន្ដែជាតិមិនអាចស្លាប់ មិនអាចរលាយបានទេ ដូច្នេះយើងត្រូវការរួបរួម ត្រូវតែបក្សទាំងអស់ចូលរួមគ្នា ត្រូវគិតដល់ឧត្ដមប្រយោជន៍ជាតិ ។ គិតបក្សគិតចុះ ព្រោះជាសិទ្ធិសេរីភាព ប៉ុន្ដែគិតជាតិជាធំ ។
លោកបន្តដោយសង្កត់ធ្ងន់ថា បើយើងបែកបាក់យើងត្រូវតែរៀនតាមថៃដែលគេបែកបាក់ដើម្បីផលប្រយោជន៍រួមរបស់ជាតិគេ ប៉ុន្តែរៀនតាមខាងត្រូវកុំរៀនតាមខាងខុស ៕
ប្រភពៈ សាលអានថ្ងៃទី០៨/១០/២០០៨ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ