Ultimate magazine theme for WordPress.

សារាវ័នតេជោ​ទី​អារាម​ព្រះពុទ្ធ​សាសនា​ក្នុង​ខណ្ឌ​ដូនពេញ​ដែល​មាន​អាយុកាល​ដ៏​ចំណាស់





ផ្លូវ​ចូល​ក្នុង​ទី​វត្ត​ផ្នែក​ខាងត្បូង

ទី​អារាម​សារាវ័នតេជោ​សព្វ​ថ្ងៃនេះ​ស្ថិត​នៅ​ចន្លោះ​ផ្លូវ​លេខ​១៧៨ និង​១៧២ កាត់​ទទឹង​មុខ​វត្ដ​ដោយ​ផ្លូវ​លេខ​១៩ ​ក្នុង​ទឹកដី​នៃ​សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ។​

ផ្អែក​តាម​ឯកសារ​ដែល​ចងក្រង​សរសេរ​ឡើង​ដោយ​លោក​សំ ចាន់រ៉េន ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​វប្បធម៌​ទេសចរណ៍ និង​អប់រំ​បណ្ដុះបណ្ដាល​នៃ​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​ និង​ជា​គណៈកម្មការ​វត្ដ​សារាវ័នតេជោ បាន​ឲ្យ​ដឹង​ថា​ ទីតាំង​វត្ដ​សារាវ័នតេជោ​សព្វ​ថ្ងៃនេះ​ កាលពី​ដំបូង​ឡើយ​គឺជា​ទី​ព្រៃ​លិច​ទឹក​មួយ​ឈ្មោះ​ថា បឹងរាំង ។ ទី​បឹង​នេះ ក្រោយមក​ក៏​ក្លាយទៅជា​ទីទួល​មួយ​ដែល​មាន​ដើម​រាំងភ្នំ និង​ដើម​រាំង​ទឹក​ដុះ​មីរដេរដាស​ទ្រប់​ទ្រុល ។​

នៅ​សម័យ​លោកយាយ​ពេញ​កសាង​ទីទួល​វត្តភ្នំ​ឲ្យ​ក្លាយជា​វត្ដ​អារាម​សម្រាប់​តម្កល់​ព្រះ​ពុទ្ធរូប ដែល​គាត់​យក​បាន​មក​ពី​រូង​ដើម​គគីរ​អណ្ដែត​ទឹក​នោះ គឺជា​សម័យ​ដែល​មាន​មនុស្សម្នា​ជា​ច្រើន​បាន​មក​រស់​ក្នុង​តំបន់​ផ្សេងៗ​នៃ​ក្រុងភ្នំពេញ​សព្វថ្ងៃ ។​

តាម​ឯកសារ​ដដែល​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា នៅ​សម័យ​នោះ​ជា​សម័យ​នៃ​ការ​និយម​មគធៈភាសា​និង​សំស្ក្រឹត ហេតុ​ដូច្នេះ​ហើយ​ទើប​អ្នក​ចំណូល​ថ្មី​ដែល​មក​រស់នៅ​តំបន់​វត្ដ​សារាវ័ន​កាលពី​សម័យ​នោះ​ហៅ​ទីទួល​នោះ​ជា​ភាសាបាលី​ថា ទួល​សាលវ័ន ។​

នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​១៥ ​ពោល​គឺ​ក្នុង​រវាង​ឆ្នាំ​១៤០០ ​នៃ​គ.ស​ ជា​សម័យ​កាលដែល​មាន​ការ​រីក​ចម្រើន​ខាង​ផ្នែក​ពុទ្ធសាសនា ។​ ជំនាន់​នោះ​នៅ​តំបន់​ទន្លេ​ច្រាបឈាម​ (ទន្លេ​ចតុមុខ​សព្វថ្ងៃ) ស្ទើរតែ​គ្មាន​វត្ដ​អារាម​នោះ​ទេ គឺ​មាន​ត្រឹមតែ​ជា​ទួល​អស់លោក ឬ​រោង​ឧបោសថ​សម្រាប់​ធ្វើ​ពិធីបុណ្យ​សាសនា​តែ​ប៉ុណ្ណោះ ហេតុ​ដូច្នេះ​ហើយ​ទើប​ទី​អារាម​សារាវ័នតេជោ​ត្រូវ​បាន​កកើត​ទៅ​ជា​វត្ត​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៤២២ ​ពោល​គឺ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ មាន​អាយុកាល​ប្រមាណ​៤៨៦​ឆ្នាំ​ហើយ ​និង​មាន​សង្ឃបាល​អ្នកគ្រប់គ្រង​ទី​អារាម​នេះ​ជា​ព្រះ​គ្រូ ជា​តាបស ជា​សង្ឃនាយក និង​ជា​ចៅអធិការ​ចំនួន​១៤​អង្គ​ផង​ដែរ ។​ បើ​គិត​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ទី​អារាម​សារាវ័នតេជោ​ត្រូវ​បាន​ចាត់​ទុក​ថា ជាទី​អារាម​ព្រះពុទ្ធ​សាសនា​ដ៏​ចំណាស់​មួយ​ក្នុង​ទឹកដី​នៃ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ ក្នុង​ចំណោម​វត្ដ​ទាំង​៧ ។ វត្ត​សារាវ័នតេជោ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​កំណើត​ឡើង​ក្រោយ​ការ​កកើត​វត្តភ្នំ​ដូនពេញ និង​វត្ដ​ចំនួន​៣​ទៀត​កាលពី​គ.ស ១៣៧២ មាន​ដូចជា​វត្ដ​កោះ វត្ដ​លង្កា និង​វត្ដ​ព្រះពុទ្ធឃោសាចារ្យ ។​

ទាក់ទិន​ដល់​ប្រវត្ដិ​នៃ​ឈ្មោះ​របស់​ទី​អារាម​សារាវ័នតេជោ​នេះ​ តាម​ឯកសារ​ដដែល​ក៏​បាន​សរសេរ​ឲ្យ​ដឹង​ទៀត​ថា ចាប់តាំងពី​ក្រោយ​ពេល​ដែល​ព្រះ​ចៅពញាយ៉ាតបាន​មក​គង់​ប្រថាប់​នៅ​រាជធានី​ចតុមុខ​មង្គល​សកល​កម្ពុជា​ធិបតី នា​ថ្ងៃ​អង្គារ ខែ​ពិសាខ ឆ្នាំខាល គ.ស​១៤៣៤​នោះ ព្រះ​អង្គ​បាន​ទត​ឃើញ​ថា មណ្ឌល​សីមា​នេះ​នៅ​មាន​ថ្លុក ស្ទឹង បឹងបួ អូរ​ត្រពាំង​ក្រហេងក្រហូង​ជា​ច្រើន​ពុំ​រាបស្មើ​ ហេតុ​ដូច្នេះ​ហើយ​ទើប​ព្រះ​អង្គ​បាន​ត្រាស់​បង្គាប់​ឲ្យ​ឧកញ៉ា​តេជោ​ស្រី ដែល​ជា​ចៅហ្វាយខេត្ដ​សំរោងទង (ខេត្ដ​កំពង់ស្ពឺ​សព្វថ្ងៃ) កេណ្ឌ​ប្រជានុរាស្ដ្រ​ឲ្យ​មក​ជីក​យក​អាចម៍ដី​តាម​ទីវាល​ទំនាប​ដែល​ស្ថិត​នៅ​ខាងត្បូង​ទីតាំង​វត្តភ្នំ​ដូនពេញ ទៅ​ចាក់​បំពេញ​នៅ​ក្រោម​ជើងភ្នំ​ដូនពេញ ពិសេស​នៅ​ក្នុង​បរិវេណ​នៃ​ព្រះ​បរមរាជវាំង ហើយ​ព្រះ​អង្គ​ព្រមទាំង​បាន​ត្រាស់​បញ្ជា​ឲ្យ​គេ​ចាក់​អាចម៍ដី​បំពេញ និង​បង្ហាប់​ឲ្យ​ទីតាំង​នេះ​បាន​រាបស្មើ រហូត​ដល់​មាត់​ទន្លេ​ចតុមុខ​ថែម​ទៀត​ផង និង​បាន​ដាក់​នាម​ផ្លូវ​មុខ​វាំង​នោះ​ថា​ ផ្លូវ​កំពង់​រាប ។​

ឯ​ទីវាល​ទំនាប​ដែល​គេ​ជីក​យក​អាចម៍ដី​នោះ​ក៏​បាន​ក្លាយទៅជា​បឹង​មួយ​មានឈ្មោះ​ថា​ បឹង​ឧកញ៉ា​តេជោ ​ហើយ​ទីទួល​សាលវ័ន​ក៏​ត្រូវ​បាន​ក្លាយទៅជា​កន្លែង​បោះជំរំ​របស់​អ្នកឧកញ៉ា​តេជោ​ស្រី សម្រាប់​ត្រួតពិនិត្យ​កម្លាំង​ពលករ​ដែល​បាន​កេណ្ឌ​មក​ពី​និគម​ផ្សេងៗ ហើយ​ក្រោយមក​ក៏​បាន​ក្លាយ​ឈ្មោះ​ដែល​អ្នកងារ​បាន​ហៅ​ថា ទួល​តេជោ ​ហើយ​នៅ​ពេល​ដែល​ទីទួល​នេះ​បាន​ក្លាយ​ជាទី​អារាម​នោះ​ក៏​មាន​នាម​បញ្ញត្ដិ​ថា​ វត្ដ​សារាវ័នតេជោ ​រហូត​ដល់​សព្វថ្ងៃ ។ គួរ​បញ្ជាក់​បន្ថែម​ទៀត​ថា​ ចំពោះ​ព្រះវិហារ​របស់​ទី​អារាម​សារាវ័នតេជោ​ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៨៩២ ហើយ​បាន​ធ្វើការ​ជួសជុល​ធំ​ម្ដង​កាលពី​អំឡុង​ឆ្នាំ​១៩៥២ ក៏​ប៉ុន្ដែ​នៅ​រក្សា​រចនាបថ​ដើម​ទាំងអស់​គ្មាន​ការ​ផ្លាស់​ប្ដូរ​នោះ​ទេ ៕

ប្រភពៈ  សាលអាន​ថ្ងៃ​ទី​១៩/០៩/២០០៨ (ដកស្រង់​ពី​កាសែត​កម្ពុជាថ្មី)

Source: ប្រវត្ដិសាស្រ្ដ





Comments
Loading...