ចម្លាក់លើជញ្ជាំងបាយ័នបង្ហាញពីការលើកទ័ពទៅច្បាំង
តាមប្រវត្ដិសាស្ដ្របានបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលរងនូវចម្បាំងរាំងជលជាច្រើនលើកច្រើនសាណាស់ និងអាចនិយាយបានថា ប្រជាជនកម្ពុជាបានទទួលជោកជាំពីរឿងសឹកសង្គ្រាមគឺស៊ាំ និងថ្នឹកពីរឿងចម្បាំង ម្ល៉ោះហើយគេបានឮពាក្យស្លោកទុកជាចំណាំមួយឃ្លាថា ខ្មែរជាពូជអ្នកចម្បាំង ។ តាមរយៈចម្លាក់នៅប្រាសាទបាយ័នបានបង្ហាញអំពីចម្បាំងកងទ័ពខ្មែរជាមួយកងទ័ពចាម ។
នៅសម័យដើម អ្នកដែលដឹកនាំកងទ័ពចូលសមរភូមិគឺស្ដេច ។ ជាក់ស្ដែងដូចគេឃើញចម្លាក់នៅប្រាសាទបន្ទាយឆ្មារ មានព្រះឆាយាលក្ខណ៍ព្រះបាទជ័យវរ្ម័នទី៧ ដឹកនាំកងទ័ពចូលប្រយុទ្ធតទល់ជាមួយសត្រូវនៅសមរភូមិមុខជាភស្តុតាងស្រាប់ ។
ជាការពិតណាស់ចំពោះព្រះរាជាដែលព្រះអង្គទ្រង់មានព្រះប្រជាប្រិយភាពខ្លាំងហើយដែលព្រះអង្គធ្លាប់បានកសាងជាតិនិងជួយប្រជាពលរដ្ឋបានច្រើននោះគឺប្រជាពលរដ្ឋតែងចូលរួមបម្រើព្រះអង្គយ៉ាងក្លៀវក្លាស្មោះស្ម័គ្រក្នុងសមរភូមិ ។ កត្ដានេះហើយដែលបណ្ដាលឲ្យកងទ័ពសមរភូមិមុខប្រយុទ្ធទទួលជោគជ័យ និងខ្លាំងពូកែមហាអស្ចារ្យនោះ ។
កត្ដាសេដ្ឋកិច្ចសំខាន់ណាស់ក្នុងបញ្ហាសឹកសង្គ្រាម ។ ម្ល៉ោះហើយពាក្យចាស់តែងបានទូន្មានទុកជាបណ្ដាំថា «ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយ» ។
ឯកសារប្រវត្ដិសាស្ដ្រក៏ដូចជាចម្លាក់ផ្ទាំងថ្មតាមជញ្ជាំងប្រាសាទនានានៅសម័យអង្គរ ពិសេសគឺសម័យព្រះបាទជ័យវរ្ម័នទី៧ ពីគ្រិស្តសករាជ១១៨១ ដល់គ្រិស្ដសករាជ១២១៨ បានបង្ហាញឲ្យដឹងថា ប្រទេសជាតិមានការរីកចម្រើនដល់កំពូល ។ ក្នុងនោះបញ្ហាសន្ដិសុខបានឈានមុខគេ ព្រោះបញ្ហាសឹកសង្គ្រាមរបស់យើងបានទទួលជ័យជំនះលើខ្មាំងសត្រូវគ្រប់ទិសទី ដែលបណ្ដាលឲ្យទឹកដីខ្មែរធំទូលំទូលាយ ខាងជើងទល់ប្រទេសចិន ខាងលិចទល់ប្រទេសម៉ាឡេស៊ីនិងភូមា ខាងត្បូងទល់សមុទ្រខាងកើតទល់ប្រទេសចាមនិងសមុទ្រ ។
បញ្ហាកងទ័ពខ្មែរខ្លាំងពូកែនាសម័យនោះក៏គេដឹងថាបញ្ហាសេដ្ឋកិច្ចជាតិក៏ខ្លាំងដែរ គឺបញ្ហាផលិតស្បៀងក៏មានដំណើរការរីកចម្រើនទៅតាមបច្ចេកទេសប្រើប្រាស់ប្រព័ន្ធធារាសាស្ដ្រ ដូចមានបន្សល់ទុកនូវបារាយណ៍ខាងលិច និងបារាយណ៍ខាងកើត ជាអាងស្ដុកទឹកសម្រាប់ស្រោចស្រពដីស្រែមកដល់បច្ចុប្បន្ននេះ ។
ជាពិសេសបញ្ហាធ្វើសឹកសង្គ្រាម ដែលនាំឲ្យកងទ័ពខ្មែរយើងមានទឹកចិត្ដប្រយុទ្ធតស៊ូប្ដូរផ្ដាច់មុតមាំនោះឃើញថា អាស្រ័យទៅលើទំនាក់ទំនងរវាងសមរភូមិមុខនិងសមរភូមិក្រោយ ។ និយាយរួមទាំងទឹកចិត្ដបង្កើតនូវអារម្មណ៍គាំទ្រកងទ័ពនិងមានកំហឹងឈឺចាប់រួមគ្នាផ្ដោតទៅលើសត្រូវតែមួយនោះ គឺគ្រប់សកម្មភាពរបស់ប្រជាពលរដ្ឋតែងគិតគូរទៅលើសមរភូមិមុខក្នុងបំណងឯកភាពគ្នាថា ប្រយុទ្ធយកជ័យជំនះ ។ ម្ល៉ោះហើយគេបានកំណត់ថា ប្រជាពលរដ្ឋម្នាក់ៗ គឺជាកងទ័ព គ្រប់ពេលវេលាជាពេលប្រយុទ្ធនិងគ្រប់ទីកន្លែងជាសមរភូមិប្រយុទ្ធ ។
ដោយសារតែមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋទៅលើកងទ័ពកំពុងឈរជើងប្រយុទ្ធនោះហើយ ដែលគេឃើញប្រជាពលរដ្ឋបានធ្វើការឧបត្ថម្ភស្បៀងអាហារ សម្លៀកបំពាក់ និងផលិតគ្រឿងសព្វាវុធជូនទៅកងទ័ពឯសមរភូមិមុខ ។ នេះហើយដែលហៅថាជាការផ្សារភ្ជាប់ទឹកចិត្ដនិងទំនាក់ទំនងល្អរវាងសមរភូមិក្រោយ និងសមរភូមិមុខ ។
ក្នុងសម័យសង្គ្រាម៥ឆ្នាំ ចាប់ពីឆ្នាំ១៩៧០ ដល់១៩៧៥ កងទ័ពរំដោះបានប្រយុទ្ធឈ្នះកងទ័ពលន់ នល់ក៏ដោយសារប្រជាពលរដ្ឋចូលរួមខាងកងទ័ពរំដោះយ៉ាងប្ដូរផ្ដាច់ស្វិតស្វាញណាស់ដែរ ។ កាលណោះ គេឃើញប្រជាពលរដ្ឋដាំបាយដាក់ស្មុកមានម្ហូបល្អៗដាក់ផ្ញើទៅជូនកងទ័ពគ្រប់សមរភូមិប្រយុទ្ធទាំងអស់ ។ មែន ! ឃើញថាកងទ័ពរំដោះបានប្រយុទ្ធឈ្នះទាំងស្រុងទៅលើកងទ័ពលន់ នល់ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ។
មេរៀនឧបត្ថម្ភកងទ័ពនេះគឺជាវិធីលើកទឹកចិត្ដកងទ័ពឲ្យកាន់តែមានសន្ទុះស្រួចស្រាល់ក្នុងការប្រយុទ្ធកាន់តែខ្លាំងឡើងថែមទៀតដើម្បីសម្រេចបំណងរួមគ្នាតែមួយគឺកម្ចាត់ខ្មាំងសត្រូវឲ្យអស់ពីទឹកដីខ្មែរ ។ ចំពោះទឹកចិត្ដខ្មែរបានរក្សាការដុះដាលមកដល់បច្ចុប្បន្ននេះ គឺជាវប្បធម៌ដ៏ល្អមួយដែលប្រជាពលរដ្ឋខ្មែរទាំងក្នុងស្រុកទាំងខ្មែររស់នៅក្រៅស្រុក បានដឹកនាំនូវជំនួយជាស្បៀងអាហារ និងថវិកាទៅសួរសុខទុក្ខ និងចែកជូនកងទ័ពឈរជើងនៅតំបន់ប្រាសាទព្រះវិហារនិងប្រាសាទតាមាន់ក៏ជាសក្ខីកម្មបញ្ជាក់តាមប្រពៃណី សមរភូមិក្រោយផ្សារភ្ជាប់សមរភូមិមុខ ក្នុងបំណងការពារទឹកដីនិងសម្បត្ដិវប្បធម៌ជាតិឲ្យបានគង់វង្សពិសេសគឺត្រូវរុញច្រានកងទ័ពសៀមឈ្លានទឹកដីឲ្យផុតពីទឹកដីខ្មែរ ៕
ប្រភពៈ សាលអានថ្ងៃទី១០/១០/២០០៨ (ដកស្រង់ពីកាសែតកោះសន្ដិភាព)
Source: ប្រវត្ដិសាស្រ្ដ