Ultimate magazine theme for WordPress.

ប្រដាល់​ខ្មែរ​ដូនតា​បាន​បន្សល់​ទុក​តឹកតាង​ជា​ចម្លាក់​នៅ​ប្រាសាទ​បាយ័ន





រូបចម្លាក់​ក្បាច់​បុរាណ​ខ្មែរ​នៅ​ប្រាសាទ​បាយ័ន

តាម​រយៈ​ចម្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​បាយ័ន​បាន​កត់សម្គាល់​ទុកជា​ភស្តុតាង​មិន​អាច​កែប្រែ​ក្រឡាស់​បាន​ថា កីឡាប្រដាល់​សេរី​ជា​របស់​ខ្មែរ​ពិតៗ​ដែល​បុព្វបុរស​ខ្មែរ​បាន​ឆ្លាក់​ជាប់​លើ​ផ្ទាំង​ថ្ម​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ថែរក្សា​មរតក​វប្បធម៌​ដ៏​មាន​តម្លៃ​នេះ​ឲ្យ​បាន​គង់វង្ស ។

ជា​ពិសេស​នៅ​សម័យ​អង្គរ​វិស័យ​កីឡា​មាន​ការ​រីក​ចម្រើន​ណាស់ ទាំង​កីឡាប្រដាល់​សេរី​ ទាំង​កីឡា​បោកចំបាប់ ។  មិន​ត្រឹមតែ​ការ​ប្រកួត​មនុស្ស​និង​មនុស្ស​ទេ​ គឺ​មាន​ការ​ប្រកួត​រវាង​មនុស្ស​និង​សត្វ សត្វ​និង​សត្វ​ ដូចជា ដំរី​និង​ដំរី មាន់​និង​មាន់ ជ្រូក​និង​ជ្រូក សេះ​និង​សេះ​ជាដើម ។  នៅ​សម័យ​អង្គរ គេ​ឃើញ​ទី​ព្រះ​លាន​ជល់​ដំរី និង​ព្រះ​លាន​ស្ដេច​គម្លង់​ជា​ទីលានកីឡា​សម្រាប់​ប្រកួត ។

ឯ​កីឡាប្រដាល់​សេរី​របស់​ខ្មែរ​មាន​ប្រើ​កែង ប្រើ​ជង្គង់ ការ​ទាត់ ការ​ធាក់ ដាល់​ចំ​ពីមុខ…..​រហូត​ដល់​បច្ចុប្បន្ន​នេះ ។ ចំណែកឯ​ប្រដាល់សេរី​របស់​សៀម​គេ​ថា​មិន​ប្រើ​កែងដៃ​ទេ ។ ដូច​ឯកសារ​នៅ​ក្នុង​សៀវភៅ​ «តន្ដ្រី​និង​ជីវិត​ខ្មែរ» របស់​អ្នកស្រី​កែវ ណារុំ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​១៩៧០ នៅ​លើ​ឆាក​អន្តរជាតិ​បាន​ហៅ​កីឡាប្រដាល់​នេះ​ថា ប្រដាល់​ថៃ ដោយ​មាន​ច្បាប់​ហាម​មិន​ឲ្យ​លេង​កែងដៃ ព្រោះ​មាន​ភាព​សាហាវ​ច្រើន​ទទួល​គ្រោះថ្នាក់ ។ បាន​សេចក្ដី​ថា​ សៀម​ហៅ​ថៃ បាន​ចម្លង​យក​ក្បាច់គុន​ប្រដាល់សេរី​ខ្មែរ​ទៅ​ប្រើប្រាស់​ដោយ​លុប​បំបាត់​ការ​ប្រើប្រាស់​កែងដៃ ។

ការ​ពិត​សៀម​មិន​មាន​ក្បាច់គុន​ប្រដាល់សេរី​ទេ​ ព្រោះ​វត្ដមាន​ជនជាតិ​នេះ​មាន​អាយុ​ក្រោយ​អង្គរ ។  ឯ​ចម្លាក់​នៅ​លើ​ប្រាង្គ​ប្រាសាទ​បាយ័ន​ជា​ស្នា​ព្រះ​ហស្ដ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ គ្រិស្ត​សករាជ​១១៨១-១២១៨ គឺ​មុន​សៀម​មក​ទឹកដី​ដែល​ដណ្ដើម​យក​ពី​ខ្មែរ ។ ជាក់ស្ដែង​បច្ចុប្បន្ន​នេះ​ប្រាសាទ​បុរាណ​ជា​ច្រើន​របស់​ខ្មែរ​នៅ​ស្រុក​សៀម​ព្រមទាំង​មាន​ប្រជាជន​ខ្មែរ​រស់នៅ​ច្រើន​លាន​នាក់​ផង​តែងតែ​និយាយ​តៗ​គ្នា​មក​ថា ខ្លួន​គេ​ជា​ខ្មែរ​ហើយ​ប្រាង្គ​ប្រាសាទ​ទាំងអស់ គឺជា​មរតក​បន្សល់​របស់​បុព្វបុរស​របស់​គេ ។ ទន្ទឹម​នេះ​ផង​ដែរ​គេ​បាន​ពោល​ពាក្យ​ថា​មិនមែន​ដូនតា​សៀម​កសាង​ទេ​ ព្រោះ​សៀម​ហៅ​ថៃ​នេះ​ពី​មុន​មក​មិន​មាន​នៅ​ទី​នេះ​ទេ ។ អ្នកខ្លះ​និយាយ​ថា​ តាម​ប្រវត្ដិសាស្ដ្រ​សៀម​មាន​កំណើត​នៅ​ស្រុក​យូណាន់​ប្រទេស​ចិន​ប៉ែក​ខាងត្បូង ។ ចាប់ពី​ចុង​សតវត្ស​ទី​១៣​ និង​ឈាន​ចូល​ដល់​សតវត្ស​ទី​១៤ ទៅ​ហើយ ទើប​គេ​ឃើញ​សៀម​ហៅ​ថៃ​បង្កើត​បានជា​រដ្ឋ​ដោយ​ការ​វាតទី​ដី​ខ្មែរ និង​ដោយ​រួម​ផ្សំ​ជាមួយ​ខ្មែរ​ម្ចាស់​ដី​នៅ​ទីនោះ​ផង ។

ជា​ការ​ពិត​ណាស់​ដែល​ថា​កីឡាប្រដាល់​សេរី​ជា​របស់​ខ្មែរ​នោះ​ឃើញ​ថា បាន​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។ បើ​និយាយ​អំពី​ការ​ប្រកួត​កីឡាប្រដាល់​សេរី ឬ​កីឡា​បោកចំបាប់​នោះ​ គេ​បានដឹង​ច្រើន​តែ​នៅ​ក្នុង​ពិធីបុណ្យ​ជាតិ​ ដូចជា បុណ្យ​ចូលឆ្នាំ​ជាដើម និង​មាន​ការ​ប្រកួត​ថ្វាយ​ស្ដេច​ទត​ផង​ដែរ ។ ប្រពៃណី​ប្រដាល់​ដែល​ចាស់ទុំ​តាម​ភូមិ​បាន​និយាយ​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មាន​ការ​រៀប​បន្លុង រៀប​ក្ដារ​មឈូស​មាន​ភ្លេង​ខ្លងខែក​កំដរ​ដើម្បី​ជំរុញ​ទឹកចិត្ដ​កីឡាករ​ឲ្យ​ព្រឺព្រួច​ហក់លោត​ព្រមទាំង​មាន​អាជ្ញាកណ្ដាល និង​មាន​អាចារ្យយោគី​ម្នាក់​ផង ។

ពី​មុន​មក​កីឡាករ​តែង​មាន​ការ​ស្រាក់​អំបោះ​ម្រាមដៃ​ម្ខាង​៣​គឺ ចង្អុលដៃ ម្រាម​ខ្មោច និង​នាងដៃ ។  ចំពោះ​ការ​ប្រកួត​គឺ​យក​ស្លាប់​រស់ ។ លុះដល់​រជ្ជកាល​ព្រះករុណា​ព្រះបាទ​ស៊ីសុវត្ថិ មុនីវង្ស ព្រះ​អង្គ​មិន​ឲ្យ​កីឡាករ​ប្រដាល់​ស្រាក់​អំបោះ​ដៃ​ទេ​ គឺ​ឲ្យ​វៃ​ដោយ​ដៃទទេ​ទាំង​សងខាង ។ ប៉ុន្ដែ​ក្នុង​រវាង​ឆ្នាំ​១៨៣៦-១៩៣៧​ នៅ​ក្នុង​សម័យ​អាណានិគម​បារាំង​ ទើប​កីឡាករ​ប្រដាល់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ពាក់​ស្រោមដៃ​ចូល​ប្រកួត​ ហើយ​ដែល​មាន​ទម្លាប់​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។

កីឡាករ​ប្រដាល់សេរី ទាំង​ចំបាប់ ទាំង​ល្បុក្កតោ គុនដំបង និង​ស្នៀត​ប្រយុទ្ធ​ប្រើ​ដាវ​លំពែង កាំបិត​ស្នៀត ទាំង​ល្បែង​សៀក ។ ល ។ សុទ្ធតែ​មាន​រូបចម្លាក់​លើ​ផ្ទាំង​ថ្ម​នៃ​ជញ្ជាំង​ប្រាសាទ​បាយ័ន​ទុកជា​ភស្តុតាង​ដែល​មិន​អាច​ជនបរទេស​ណា​មក​និយាយ​បំផ្លើស ឬ​លួច​បន្លំ​ពោល​ថា​ជា​របស់​ខ្លួន​ឡើយ ។

ដោយសារ​តែ​កីឡាប្រដាល់​ជា​របស់​ខ្មែរ​ ហើយ​ដែល​កូន​ខ្មែរ​បាន​បន្ត​ហាត់​ហ្វឹកហ្វឺន​មក​ដល់​ពេល​នេះ គេ​សង្កេត​ឃើញ​ថា​ ជនបរទេស​ចូល​មក​ប្រកួត​ប្រដាល់សេរី​ជាមួយ​ខ្មែរ​កម្រ​ឈ្នះ​ខ្មែរ​ណាស់ គឺ​អាច​ភ្នាល់​ថា​ ៩០​ភាគរយ​ខ្មែរ​តែង​ស៊ីដាច់​ជាក់​ជា​មិន​ខាន​ឡើយ ។ ដូច​ពាក្យ​គេ​និយាយ​ថា​ពូជ​ណា​ឫស​គល់​ណា​តែង​មាន​ផ្លែផ្កា​នោះ​ដែរ ពោល​គឺ​ខ្មែរ​ពិតជា​មិន​ចោល​ពូជ ។ បើ​ដូនតា​ខ្លាំងពូកែ​សង្ឃឹមថា​កូនចៅ​ក៏​នៅ​តែ​ខ្លាំងពូកែ​ដែរ ៕

ព័ត៌មាន​ថ្ងៃ​ទី​១៥/១០/២០០៨ (ដកស្រង់​ពី​កាសែត​កោះសន្ដិភាព)

Source: ប្រវត្ដិសាស្រ្ដ





Comments
Loading...