រចនាបថថលាបរិវ័តនៅវត្ដថងថួ ខេត្ដច័ន្ទបុរី
ទំព័រប្រវត្ដិសាស្ដ្រនាសតវត្សរ៍ទី២០ បានបង្ហាញឲ្យដឹងថា ដើម្បីការវិលត្រឡប់មករាជាណាចក្រកម្ពុជាវិញនូវខេត្ដសៀមរាបអង្គរ ខេត្ដបាត់ដំបង និងខេត្ដសិរីសោភ័ណ អាណានិគមបារាំងបានប្រគល់ខេត្ដត្រាត និងខេត្ដច័ន្ទបុរីរបស់ខ្មែរទៅឲ្យព្រះរាជាណាចក្រសៀម ។ ម្ល៉ោះហើយរហូតមកដល់សព្វថ្ងៃនៅក្នុងខេត្ដបុរាណខ្មែរទាំងពីរនេះនៅមានសហគមន៍ខ្មែរដើមរស់នៅយ៉ាងច្រើនកុះករ ។
លោកបណ្ឌិតមីសែល ត្រាណេ អ្នកស្រាវជ្រាវខ្មែរ បានមានប្រសាសន៍ថា ដូច្នេះជនជាតិខ្មែរដើមក្លាយជាជនជាតិភាគតិចដែលបានរស់នៅក្នុងទឹកដីកំណើតខ្លួនឯង ក៏ប៉ុន្ដែវាមិនមែនជាអន្ដោប្រវេសន៍ទេ ។ ពួកគាត់ (ខ្មែរ) ជាអ្នកស្រុកខ្មែរដើមដែលបានតពូជពង្សវង្សត្រកូលតាំងពីសម័យនគរភ្នំយ៉ាងប្រាកដ ។
រីឯខេត្ដស្រះកែវ ខេត្តបស្ចិមបុរីវិញ ដែលមានសហគមន៍ខ្មែររស់នៅយ៉ាងច្រើនដែរនោះបានផ្ដាច់ចេញពីផែនទីខ្មែរមុនសម័យអាណាព្យាបាលបារាំងមកលើកម្ពុជានៅឆ្នាំ១៨៦៣ នៃគ្រិស្ដសករាជ ។
ដោយសារកត្ដាប្រវតិសាស្ដ្រនេះហើយដែលរាល់ការស្រាវជ្រាវអំពីអតីតកាលរបស់ជនជាតិខ្មែរ យើងមិនអាចបំភ្លេចនូវហេតុការណ៍នេះបានឡើយ ។ ជាមួយគ្នានេះដែរ គេក៏មិនត្រូវចាត់ទុកថា ស្លាកស្នាមវប្បធម៌បុរេអង្គរដែលបុព្វការីជនខ្មែរបានបន្សល់ទុកក្នុងខេត្តទាំងប៉ុន្មានខាងលើនេះ ជាកម្មសិទ្ធិរបស់ជនជាតិមន នៃនគរទ្វារវតីឡើយ ។ ពោលគឺការបកស្រាយ ឬការសន្និដ្ឋានណាមួយមិនយកព្រឹត្ដិការណ៍ជាប្រវត្ដិសាស្ដ្រខាងលើនេះជាមូលដ្ឋាន គឺជាការខុសឆ្គងគួរឲ្យសោកស្ដាយជាទីបំផុត ពីព្រោះវាជាការប្រាសចាកពីការពិតទាំងស្រុង ។
នៅក្នុងចំណោមប្រាសាទបុរេអង្គរទាំងឡាយនៅខេត្ដច័ន្ទបុរីដែលបានកសាងឡើងនៅក្នុងសម័យអន្តរកាលនគរភ្នំ និងចេនឡា ដោយស្នាព្រះហស្ដព្រះបាទភវវរ្ម័នទី១ និងព្រះបាទមហេន្ទ្រវរ្ម័ន គេឃើញមានប្រាសាទនៅវត្ដបន និងស្រុកខៅផ្លវវេន និងវត្ដផងថួ ស្ថិតក្នុងរចនាបថថលាបរិវ័ត នៅខេត្ដស្ទឹងត្រែងខ្មែរបច្ចុប្បន្ននៃព្រះរាជាណាចក្រកម្ពុជា ។
លោកមីសែល ត្រាណេ បានគូសបញ្ជាក់ថា អ្វីដែលជាស្នាព្រះហស្ដស្ដេចខ្មែរបានបញ្ជាក់ថាខេត្ដនេះថ្វីត្បិតតែមានទំហំតូច ហើយក៏មិនសូវសម្បូរផូរផង់ដូចខេត្ដផ្សេងៗ ដែលស្ថិតនៅដងទន្លេមេណាម និងចៅប្រ៉ាយា ក៏ប៉ុន្ដែជាខេត្ដប្រកបដោយបេតិកភណ្ឌបុរាណខ្មែរជាពិសេសប្រាង្គប្រាសាទខ្មែរនាសម័យបុរេអង្គរយ៉ាងតិចក៏មានចំនួន៣ដែរដែលគួរឲ្យចាប់អារម្មណ៍ ហើយវត្ដមានរបស់ប្រាសាទរចនាបថថលាបរិវ័តបានគូសបញ្ជាក់តាមរយៈក្បាច់ផ្ដែរប្រាសាទខ្មែរ ។
សូមរំលឹកថាប្រាសាទទាំងនោះកសាងអំពីឥដ្ឋមានទំហំធំៗសាច់ក្រាស់ខុសពីដុំឥដ្ឋសម័យអង្គរ ។ ប៉ុន្ដែបច្ចុប្បន្នកាលនេះ ប្រាសាទទាំងអស់បានខូចខាតខ្ទេចខ្ទាំស្ទើរអស់ទៅហើយ គឺនៅសល់តែខឿន ឬគំនរថ្មបាក់បែកដែលជាខឿនរាយប៉ាយប៉ុណ្ណោះ ។
ម្យ៉ាងវិញទៀត យើងត្រូវចាប់ផ្ដើមពីខេត្ដច័ន្ទបុរីដែលយើងជឿជាក់ថា ជាប្រភពដ៏សំខាន់ជាងគេនៃការរីកដុះដាលនៃរចនាបថថលាបរិវ័ត ដោយហេតុថាតាមឯកសារចិនគឺនៅខេត្ដច័ន្ទបុរីនេះហើយកាលពីសតវត្សរ៍ទី៤-៥ ជាកំពង់ផែសមុទ្រមួយយ៉ាងសំខាន់របស់សម័យនគរភ្នំ ។ ហេតុដែលនាំឲ្យលោកបណ្ឌិតហ៊ានពោលយ៉ាងដូច្នេះ គឺមកពីរបាយការណ៍នៃការស្រាវជ្រាវខាងបុរាណវិទ្យានៅដែនដីសណ្ដកម្ពុជា និងនៅផ្នែកខាងក្រោមនៃដងទន្លេមេគង្គដែលគេបានផ្សព្វផ្សាយរហូតមកដល់សព្វថ្ងៃមិនបានពណ៌នាអំពីការរកឃើញនូវក្បាច់ផ្ដែររចនាបថថលាបរិវ័តស្ទឹងត្រែងនេះឡើយ ។ ផ្ទុយទៅវិញដោយផ្អែកលើឯកសារប្រវត្ដិសាស្ដ្រ វត្ដមានក្បាច់ផ្ដែរថលាបរិវ័តនៅវត្ដច័ន្ទបុរី ខេត្ដអ៊ូប៊ុន ចម្ប៉ាសាក់ និងស្ទឹងត្រែង ធ្វើឲ្យលោកបណ្ឌិតគិតថារចនាបថនេះពិតជាបានចាប់បដិសន្ធិឡើង ហើយមានការរីកចម្រើនចេញពីខេត្ដច័ន្ទបុរីនេះ ។ លោកបានបន្តទៀតថា ទោះបីអ្វីដែលទើបពោលខាងលើគ្រាន់តែជាសម្មិតកម្ម តែក៏គ្មានឯកសារណាមួយបានចង្អុលបង្ហាញថាខុសដែរ ។
ក្នុងខណៈនោះដែរ គេត្រូវកត់សម្គាល់ផងដែរថា គឺនៅក្នុងខេត្ដច័ន្ទបុរីនេះហើយដែលគេបានជួបប្រទះនូវខឿនប្រាសាទក្បាច់ផ្ដែរនិងសិលាចារឹកដែលស្ថិតក្នុងចុងសម័យនគរភ្នំដែលជាអន្តរកាលរវាងនគរភ្នំទៅចេនឡា ។
លោកបណ្ឌិតបានរំលឹកអំពីទេពកោសល្យបុព្វបុរសខ្មែរបន្សល់ទុកថា លក្ខណៈជាប្រវត្ដិសាស្ដ្រនៃក្បាច់ផ្ដែរថាលាបរិវ័ត ដែលកើតចេញពីស្នាដៃបច្ចេកទេសល្អឯកនិងទេពកោសល្យដ៏ប៉ិនប្រសប់របស់ជនជាតិខ្មែរពិតៗនាដើមសម័យចេនឡាដែលយើងមិនត្រូវមើលរំលងគឺការកែច្នៃប្រឌិតជាច្រើនជំនាន់ គួបផ្សំនឹងឥទ្ធិពលសិល្បៈមកពីឥណ្ឌាខាងត្បូង ។ លក្ខណៈវិនិច្ឆ័យរបស់រចនាបថថលាបរិវ័ត គឺសត្វមកររាជពីរបែរមុខចូលក្នុងភួងផ្កា ដែលនៅចំកណ្ដាលមានរង្វង់មូលមួយ ។ រីឯផ្នែកខាងក្រោមនៃររង្វង់មូលនេះដែរមានលម្អដោយចម្លាក់ស្ដេចគ្រុឌមួយមានភួងមាលាសំយុងចុះ ។
លោកបណ្ឌិតបានធ្វើការបកស្រាយអំពីក្បាច់ផ្ដែរទាំងនោះបន្តថា លក្ខណៈក្បាច់ផ្ដែរដ៏ពិសេសនេះ នាំឲ្យយើងឃើញចម្លាក់ក្បាច់ផ្ដែរដែលមានកិត្ដិស័ព្ទល្បីល្បាញសុសសាយរន្ទឺ គឺនៅដើមសម័យចេនឡា ហើយត្រូវបានអ្នកស្រាវជ្រាវទទួលស្គាល់និងឲ្យតម្លៃកម្រិតខ្ពស់ដោយចាត់ទុកថាមានចំណាស់ជាងរចនាបថសម្បូរព្រៃគុក ដែលនៅកណ្ដាលមានរង្វង់មូលទៅដល់៣ ៕
ប្រភពៈ សាលអានថ្ងៃទី០៣/១១/២០០៨ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ