Ultimate magazine theme for WordPress.

ប្រវត្តិ​ស្ថាន​នាម​បឹង​ទន្លេសាប និង​ទន្លេសាប





ផ្ទាំងគំនូរ​នៃ​អគារ​ខេមរវិទូ ​(រាជបណ្ឌិត្យ​សភា​កម្ពុជា)

តាម​ការសិក្សា​លើ​ប្រវត្តិ​នៃ​កម្ពស់​នីវូ​សមុទ្រ យើង​អាច​ទាញ​ការ​សន្និដ្ឋានថា ក្នុង​អំឡុង​ ៥០០០​ឆ្នាំ​មុន បច្ចុប្បន្ន តំបន់​ទំនាប​កណ្តាល​នៃ​ប្រទេស​កម្ពុជា រួមទាំង​បឹង​ទន្លេសាប គឺ​ស្ថិត​នៅ​ក្រោម​បាត​សមុទ្រ បន្ទាប់​មក​ បឹង​ទន្លេសាប​ក៏​បាន​ចាប់​កំណើត​ឡើង​នៅ​ប្រហែល ៤០០០​ឆ្នាំ​មកហើយ (១) ។

បច្ចុប្បន្ន​នេះ អ្នកណា​ក៏​គេ​ស្គាល់​ថា បឹង​ទឹកសាប​ដ៏​ធំ​ជាងគេ​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ មាន​ឈ្មោះថា បឹង​ទន្លេសាប (Tonle Sap Lake) ដែល​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​មុននឹង​យើង​ហៅ​បឹង​នេះ​ថា បឹង​ទន្លេសាប ឈ្មោះ​ដើម​របស់​ស្ថាន​នាម​បឹង​នេះ​គេ​ហៅ​ត្រឹម​ទន្លេសាប​ប៉ុណ្ណោះ ។ ហេតុនេះ​យើង​នឹង​ធ្វើ​ការសិក្សា​លើ​ប្រវត្តិ​ស្ថាន​នាម​ទាំងពីរ​នេះ​ថា តើ​វា​កកើត​ឡើង​តាំងពី​ពេលណា​មក ? ពាក្យ​បឹង ទន្លេ ស្ទឹង និង​សមុទ្រ ប្រជាជាតិ​ខ្មែរ​បាន​ប្រើ​តាំងពី​សម័យ​មុន​អង្គរ ប៉ុន្តែ​គេ​មិន​ឃើញ​មាន​សម្ព័ន្ធ​ពាក្យ ទន្លេសាប បឹង​ទន្លេសាប ទន្លេប្រៃ ឬ​សមុទ្រ​សាប ដែល​ប្រើ​ក្នុង​សិលាចារឹក ឬ​ឯកសារ​ខ្មែរ​បុរាណ​ណាមួយ​ទេ ប៉ុន្តែ​គេ​ឃើញ​មាន​សម្ព័ន្ធ​ពាក្យ ទន្លេ​ក្រៅ តាំង​ពីមុន​សម័យ​អង្គរ ដែល​ទន្លេ​នេះ​គឺជា​ខ្សែទឹក​មួយ​ដែល​បែក​ចេញពី​ទន្លេមេគង្គ ហើយ​យើង​មិន​អាច​ធ្វើ​សន្និដ្ឋាន​បាន​ថា វា​ជា​ឈ្មោះ​ដើម​នៃ​ទន្លេសាប​បាន​ដែរ (២) ។

នៅ​សម័យ​ចតុមុខ (១៤៣២-១៥២៧) គឺ​នៅ​ពេល​ដែល​កើត​មាន​ជម្លោះ​រវាង​ព្រះបាទ​ច័ន្ទរាជា ដែល​តាំង​បន្ទាយ​នៅ​អម្រិន្ទ​បូរណ៍ (ស្រុក​បរិបូរណ៍ ខេត្ត​ពោធិ៍សាត់) ដើម្បី​ធ្វើ​សង្គ្រាម​ជាមួយ​ព្រះស្រីជេដ្ឋា (ស្តេច​កន) គេ​ឃើញ​មាន​ប្រើ​ពាក្យ ទន្លេសាប ក្នុង​ឆ្នាំ​១៥១៦ (៣) ។​

ហេតុអ្វី​បាន​ខ្មែរ​ហៅ​បឹង​ដ៏​ធំ​នេះ​ថា​ជា​ទន្លេ​ទៅ​វិញ បើ​ធ្នារទឹក​នេះ​ធំ​ដូច​បឹង ឬ​សមុទ្រ​ទៅ​ហើយ​នោះ ? ម្យ៉ាងទៀត​ម្តេច​ដាក់​ឈ្មោះ​ថា ទន្លេសាប បើ​ពាក្យ​ថា ទន្លេ​ជាទូទៅ​មាន​ន័យ​ថា ទី​ធ្នារ​ទឹក​សាប​ទៅ​ហើយ​នោះ ?

តាម​រយៈ​វចនានុក្រម​ខ្មែរ​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ព្រះអង្គ​មាន​ការ​សង្ស័យ និង​សាកល្បង​ពន្យល់​ថា ទន្លេសាប អាច​មក​ពី​ពាក្យ​ពីរ​បូក​ចូល​គ្នា គឺ​ពាក្យ ទន្លេ ដែល​អាច​ក្លាយ​ពាក្យ​សៀម​ថា ទះល៉េ​ (ทะเล) មានន័យ​ថា​ សមុទ្រ (ព្រោះ​ធ្នារ​ទឹក​ធំ​ណាស់​មិន​គួរ​ប្រើ​ត្រឹម​ពាក្យ​ទន្លេ​ទេ វា​គួរ​ហៅ​បឹង ឬ​សមុទ្រ ម្យ៉ាងទៀត​អ្នក​នៅ​ជុំវិញ​បឹង​ទន្លេសាប​មួយចំនួន​ក៏​បាន​ហៅ​ត្រាប់​តាម​ភាសា​សៀម​ថា ទះល៉េ​សាប​ផង​ដែរ) ។ ចំណែក​ពាក្យ​មួយ​ទៀត​គឺ សាប ជា​ពាក្យ​ខ្មែរ​មាន​ន័យ​ថា មិន​ប្រៃ ដូច្នេះ​បើ​ផ្គុំ​ពាក្យ​ពីរ​នេះ​ចូល​គ្នា ទន្លេសាប មាន​ន័យ​ថា សមុទ្រ​ទឹក​សាប ។ យ៉ាងណា​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ព្រះអង្គ​ក៏​នៅ​មាន​ការ​សង្ស័យ​បន្ត​ទៀត​ថា បើ​ពាក្យ ទន្លេ មក​ពី​ពាក្យ​សៀម​ថា ទះល៉េ​ (ทะเล) ម្តេច​ក៏​សៀម​មិន​ថា ទះល៉េ​ចឺត​ (ทะเลจืด) ដែល​មាន​ន័យ​ថា សមុទ្រ​សាប តាម​ភាសា​សៀម​ម្តង​ទៅ ម្តេច​ក៏​មាន​ប្រើ​លាយឡំ​ជាមួយ​ពាក្យ​ខ្មែរ​ថា សាប ។ ព្រះអង្គ​ពន្យល់​ទៀត​ថា បើសិន​ពាក្យ ទន្លេ មិនមែន​ក្លាយ​ពី​ពាក្យ​ទះល៉េ​ (ทะเล) របស់​សៀម​ទេ បើ​ខ្មែរ​ប្រើពាក្យ​ថា ទន្លេសាប វា​គួរតែមាន​ពាក្យ ទន្លេប្រៃ ទើប​មាន​ពាក្យ​ទន្លេសាប ។​

ជា​ចុងក្រោយ​ ព្រះអង្គ​មិន​បាន​កំណត់​ថា​ពាក្យ ទន្លេសាប ជា​ពាក្យ​ខ្មែរ​ហៅ ឬ​មាន​ឥទ្ធិពល​ពី​សៀម​ឲ្យ​ប្រាកដ​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​បាន​បញ្ជាក់​ថា ពាក្យ​នេះ​ប្រើ​ពី​ពេលណា​មក​ដែរ ។ ហេតុនេះ​តើ​មាន​ការ​បកស្រាយ​ថ្មី​ណា​មួយ​ទាក់ទង​នឹង​ពាក្យ​ទន្លេសាប​នេះ​ឬទេ ?

គួរ​បញ្ជាក់ថា ទោះបី​ខ្មែរ​យើង​រក​ស្ថាន​នាម ទន្លេប្រៃ មិនទាន់​ឃើញ ប៉ុន្តែ​ខ្មែរ​ក៏​ធ្លាប់​បាន​ប្រើ​ស្ថាន​នាម ស្ទឹង​ប្រៃ ផង​ដែរ នេះ​បើ​យោង​លើ​សិលា​ចារឹក​ K.966 ដែល​បាន​ចារ​ឡើង​នា​ឆ្នាំ​១១៦៧ នៃ​គ.ស ។ ខ្មែរ​យើង​ធ្លាប់​មាន​ស្ថាន​នាម ស្ទឹង​ប្រៃ តែ​បច្ចុប្បន្ន មិនដឹង​នៅទីណា ? ទឹកដី​សម័យ​អង្គរ​ធំ​ធេង ហើយ​ស្ទឹង​ដែល​នៅ​តាម​ឆ្នេរ​សមុទ្រ​មាន​ច្រើន​ ហើយ​អាច​និយាយ​ថា ស្ទឹង​ប្រៃ ដែល​ខ្មែរ​ធ្លាប់​ហៅ បាន​បាត់​ឈ្មោះ​ក្នុង​ពេល​ណា​មួយ ។​

សំណួរ​សួរថា បើ​ខ្មែរ​ធ្លាប់​ប្រើពាក្យ ស្ទឹង​ប្រៃ អញ្ចឹង​វា​គួរ​មាន ស្ទឹង​សាប នៅ​ទីណា​មួយ ។ នៅ​លើ​ផែនទី​ខេត្តកំពត​សម័យ​ដើម​ គេ​ឃើញ​មាន​ប្រើ​ពាក្យ ព្រែក​ទឹកសាប (ពលរដ្ឋ​មួយ​ចំនួន​នៅ​តំបន់​នោះ​ហៅ​ព្រែក​នេះ​ថា ស្ទឹង​ទឹកសាប) ដែល​ស្ថាន​នាម​នេះ គឺ​មាន​ប្រើ​រហូត​ដល់​បច្ចុប្បន្ន ។​

ផ្នែក​មួយ​នៃ​ផែនទី​ខេត្តកំពត (ដើម​ទសវត្សរ៍​ឆ្នាំ​១៨៩០) និង​ផែនទី google map បច្ចុប្បន្ន

ទាញ​តាម​ហេតុផល​ខាងលើ យើង​អាច​សន្និដ្ឋានថា ការប្រើ​ស្ថាន​នាម ទន្លេសាប គឺជា​សម្ព័ន្ធ​ពាក្យ​ភាសា​ខ្មែរ ហើយ​ក្នុង​អតីតកាល​ខ្មែរ​ប្រាកដជា​ធ្លាប់​មាន​ប្រើ​ស្ថាន​នាម ទន្លេប្រៃ នៅ​ទីណា​មួយ​ជាក់​ជាពុំខាន​ (តាម​ការសន្និដ្ឋាន ទន្លេប្រៃ អាច​ស្ថិត​ក្នុង​តំបន់​អតីត​ទឹកដី​កម្ពុជា​ក្រោម ហើយ​យើង​លែង​ប្រើ​ស្ថាន​នាម​ទន្លេប្រៃ​ចាប់​តាំង​ពី​ដែនដី​ទាំងនេះ​បាន​របូត​ចេញពី​ការ​គ្រប់គ្រង​របស់​ខ្មែរ) ។ យើង​ហាក់​មាន​ជំនឿ​ថា​ នៅ​ពេល​វេលា​ណា​មួយ​ក្នុង​អតីតកាល ទន្លេ​បាសាក់ អាច​មាន​ទី​ធ្នារ​ទឹកប្រៃ​នៅ​ផ្នែក​ណា​មួយ ក្នុង​ទឹកដី​វៀតណាម​ខាងត្បូង​សព្វថ្ងៃ ។ តាម​ការ​សិក្សា​លើ​ស្ថាន​នាម​តាម​ដង​ទន្លេបាសាក់ មាន​ស្ថាន​នាម​មួយ​ឈ្មោះថា ព្រែក​អំបិល ។ ស្ថាន​នាម​នេះ​ធ្វើ​ឲ្យ​យើង​ដាក់​ជា​សំណួរ​ថា ទន្លេ​បាសាក់​មាន​ធ្នារ​ទឹកសាប​សព្វថ្ងៃ ម្តេច​ក៏​មាន​ស្ថាន​នាម ព្រែក​អំបិល​ (ទឹកប្រៃ) ​នៅ​តាម​ដង​ទន្លេ​នេះ ?

ផែនទី google map បច្ចុប្បន្ន​បង្ហាញ​ពី​ឈ្មោះ​ព្រែក​អំបិល

យើង​មាន​ភស្តុតាង​មួយ​ទៀត ដែល​យើង​យល់ថា មិន​មាន​ឥទ្ធិពល​ពី​ភាសា​សៀម​នោះ​គឺ ក្នុង​រជ្ជកាល​ព្រះបាទ​ច័ន្ទរាជា នា​សម័យ​លង្វែក​ គឺ​ក្នុង​អំឡុង​ពាក់​កណ្តាល​ស.វ​ទី​១៦ ពេល​ព្រះអង្គ​យាង​ទៅ​ជួសជុល​ប្រាសាទ​តំបន់​អង្គ ព្រះអង្គ​បាន​ចារ​សិលាចារឹក​នៅ​អង្គរវត្ត ដែល​មាន​ប្រើពាក្យ​ថា ទនលេហ​សាប្ (ទន្លេសាប) (៤) ។​

អត្ថបទ​នៃ​សិលាចារឹក​នគរវត្ត

តាម​សម្ព័ន្ធ​ពាក្យ ទនលេហ​សាប្ប បញ្ជាក់ថា សំឡេង​ប្រកប​ក្នុង​សម្ព័ន្ធ​ពាក្យ​នេះ ខ្មែរ​មិនមាន​ទំនោរ​ចម្លង​សំឡេង​ភាសា​សៀម ทะเล (ទះល៉េ) នោះ​ទេ ។ ហេតុនេះ​ពាក្យ ទន្លេសាប គឺជា​ពាក្យ​ភាសា​ខ្មែរ ដែល​ពាក្យ ទន្លេ​ (River) មិន​មាន​ន័យ​ថា សមុទ្រ​សាប ឬ​សមុទ្រ​ទឹកសាប​ទេ ។ យើង​មាន​ការ​ទទួល​ស្គាល់​ថា បឹង​ទឹកសាប​នេះ​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ហៅ ទន្លេសាប ស្រដៀង​នឹង​ភាសា​សៀម​ថា ថះលេ​សាប ឬ​ទះលេ​សាប ។ ការ​ហៅ​នេះ​ទំនងជា​កើត​ឡើង​ចាប់​ពី​រជ្ជកាល​ក្សត្រ​សៀម ព្រះនាម​ពញា​តាក​ (ពញា​តាស៊ីន) បាន​ប្រើប្រាស់​ទ័ពជើងទឹក​ឆ្លងកាត់​ទន្លេសាប​ជា​លើកដំបូង​ដើម្បី​ធ្វើ​សង្គ្រាម​ជាមួយ​ខ្មែរ​នា​ឆ្នាំ​១៧៦៩ (៥) និង​ឆ្នាំ​ជា​បន្ត​បន្ទាប់​មក​ទៀត ។​

ភាគបន្ត

Source: ប្រវត្ដិសាស្រ្ដ





Comments
Loading...