វត្តមួយដែលឈ្មោះថា «បច្ឆា» គិតដល់បច្ចុប្បន្នមានអាយុកាល ៩២ឆ្នាំ ។ ដូច្នេះអារាមមួយនេះអាចចាត់ទុកថា គឺជាអារាមចំណាស់មួយដែរក្នុងចំណោមវត្តអារាមដទៃទៀតនៅក្រុងក្រចេះ ខេត្តក្រចេះ ។
តាមការបញ្ជាក់របស់អ្នកដែលដឹងរឿងរ៉ាវនៃការកកើតវត្តបច្ឆា បានឲ្យដឹងថា វត្តបច្ឆាបានកកើតកាលពីឆ្នាំ១៩២៩ ដែលផ្ដើមកសាងវត្តដោយឧបាសិកា ឆេង គីម ដែលត្រូវជាជីដូនរបស់លោកបណ្ឌិត អ៊ឹម ឈុនលឹម អតីតជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ។ កាលណោះ លោកយាយ ឆេង គីម បានកសាងទីប៉ាឆាដំបូងគេទុកជាទានសម្រាប់បូជាសព ។ ក្រោយមកទៀត ប្រជាពលរដ្ឋក៏បានយកទីតាំងបរិវេណវត្តបច្ឆានេះធ្វើជាផ្សារលក់ដូរ ។
ប្រភពដដែលបន្តថា លុះមកដល់ឆ្នាំ១៩៩១ អាជ្ញាធរបានប្ដូរទីតាំងផ្សារចេញពីទីវត្តឲ្យទៅលក់ដូរនៅក្បែរមាត់ទន្លេ ដែលយើងមើលឃើញសព្វថ្ងៃនេះវិញ ។ ចាប់ពីពេលនោះមកក៏ផ្ដើមរៀបចំកសាងវត្តដោយកសាងព្រះវិហារ ដោយដាក់ឈ្មោះថា វត្តបច្ឆា ដែលជាការបន្តមរតកប្រវត្តិនៃការកកើតទីតាំងវត្តនេះ ។ ចាប់ពីការកសាងជាវត្ត ក៏មានព្រះសង្ឃ ដូនជី តាជី គ្រប់គ្រង ក្លាយជាវត្តមួយសមរម្យជាទីសក្ការៈសម្រាប់គោរពបូជារបស់ពុទ្ធសាសនិកជន និងប្រជាពលរដ្ឋទូទៅរហូតមកទល់បច្ចុប្បន្ន ។
ព្រះចៅអធិការវត្តបច្ឆាសព្វថ្ងៃនេះនាម ធឹង ច័ន្ទត្រា មានសង្ឃដីកាថា ដើម្បីចូលរួមចំណែកអភិវឌ្ឍឲ្យមានការរីកចម្រើនក្នុងវិស័យព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានប្រឹងប្រែងដឹកនាំព្រះសង្ឃ ជាមួយគណៈកម្មការវត្ត និងបិណ្ឌបាត្រដល់ពុទ្ធបរិស័ទ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជិតឆ្ងាយ ទាំងក្នុង និងក្រៅប្រទេសដែលមានសទ្ធាជ្រះថ្លា ជួយបច្ច័យ និងសម្ភារកសាងផ្សេងៗ ។ ដោយទទួលបាននូវការចូលរួមទាំងអស់នេះ ដែលបានធ្វើឲ្យវត្តបច្ឆាមានការប្រែប្រួលមុខមាត់ថ្មីជាបណ្ដើរៗ គួរជាទីបណ្ដុះនូវទឹកចិត្តមេត្តា ករុណា ឧបេក្ខា និងការសាមគ្គីគ្នាក្រោមម្លប់នៃសន្តិភាព ។
ដោយបង្ហាញជាតឹកតាង ព្រះចៅអធិការបានសង្ឃដីកាថា សមិទ្ធផលដែលសម្រេចបានរួមមាន ៖ ព្រះវិហារតូចល្មមជាទីគោរពបូជា សាលាឆាន់ សាលាបាលី កុដិ របង ព្រះពុទ្ធរូប ផ្លូវបេតុងក្នុងវត្ត ។ ប៉ុន្តែសេចក្តីត្រូវការដើម្បីកសាងដំណែលដែលមានចំណាស់ជិត ១០០ឆ្នាំ នៅតែមាន ។ នោះមិនមែនសម្រាប់ត្រឹមតែបំពេញឲ្យសេចក្តីត្រូវការក្នុងវិស័យព្រះពុទ្ធសាសនាប៉ុណ្ណោះទេ តែក៏ជាការរំលឹកនឹកដល់ឧបាសិកា ឆេង គីម ដែលមានសទ្ធាជ្រះថ្លាបង្កើតឡើងនូវទីតាំងអារាមនេះផងដែរ ។
ព្រះចៅអធិការវត្តមានសង្ឃដីកាបន្តថា នៅចំពោះមុខនេះដើម្បីសម្រេចផែនការបង្កើតសមិទ្ធផលបន្ថែមទៀត ដោយមានការស្រុះស្រួលមតិគ្នាជាមួយគណៈកម្មការវត្តផង ព្រះអង្គបាននិងកំពុងបន្តកសាងដងទង់ចំនួនមួយគូ ស្រះទឹក លម្អសួន និងរបងបន្ថែមព័ទ្ធជុំវិញ ។ ការចូលរួមកសាងវត្តអារាមនឹងទទួលបាននូវផល្លាអានិសង្សច្រើនក្រៃលែង ៕
ប្រភពៈ កាសែតរស្មីកម្ពុជា ១៧/១២/២០២១
Source: ប្រវត្ដិសាស្រ្ដ