រូបចម្លាក់ដាយណូស័រនៅប្រាសាទតាព្រហ្មនិងនៅថែវខាងត្បូងស្លាបខាងលិចប្រាសាទអង្គរវត្ដ
ចម្លាក់សត្វចម្លែកដែលមានរាងដូចជាសត្វដាយណូស័របានត្រូវបុរាណវិទ្យាខ្មែរពញ្ញាក់ប្រាប់ថា គេអាចមើលឃើញនៅថែវខាងត្បូងស្លាបខាងលិច និងថែវខាងជើងស្លាបខាងកើតនៃប្រាសាទអង្គរវត្ដ ។ ក្រុមបុរាណវិទ្យាខ្មែរនិយាយថា ចម្លាក់សត្វចម្លែកដូចដាយណូស័រនេះយើងបានឃើញយូរហើយ ប៉ុន្ដែគ្មាននរណាចាប់អារម្មណ៍ ។ រូបសត្វចម្លែកនោះក៏មានឆ្លាក់នៅឯប្រាសាទបាយ័នផងដែរ ។
លោក ហម គឹមសុន ប្រធាននាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្ដិវិទ្យា និង លោក វឿន វុទ្ធី មន្ដ្រីបច្ចេកទេសនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរួមដំណើរជាមួយអ្នកយកព័ត៌មានទៅពិនិត្យនិងសិក្សារូបភាពសត្វចម្លែកនោះកាលពីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០០៩ នេះនៅប្រាសាទទាំងពីរ ។
លោកហម គឹមសុន បានមានប្រសាសន៍ថា សត្វចម្លែកប្រភេទទី១ដែលខ្មែរឆ្លាក់នោះ រួមមាន សត្វចំនួនពីរក្បាលនៅជាប់ជញ្ជាំងប្រាសាទអង្គរវត្ដត្រង់ថែវខាងត្បូងស្លាបខាងលិច ។ តាមរូបនេះយើងជឿថាវាជាប្រភេទសត្វស៊ីរុក្ខជាតិជាអាហារ ។ សត្វប្រភេទនេះមានជើងក្រោយនិងជើងមុខវែងស្មើគ្នា ។ លោកបានបន្តថា ប្រភេទសត្វទី១ គេឆ្លាក់នៅក្នុងសតវត្សរ៍ទី១២ ។
ដោយឡែកសត្វចម្លែកមានរាងដូចជាដាយណូស័រមួយប្រភេទទៀតគឺមានជើងក្រោយវែងជាងជើងមុខ ។ ប្រភេទសត្វនេះយើងបានឃើញនៅថែវខាងជើងស្លាបខាងកើតនៃអង្គរវត្ដ ។ វាជាប្រភេទស៊ីសាច់ជាអាហារ ។ រូបចម្លាក់សត្វប្រភេទដូចដាយណូស័រប្រភេទទី២នេះត្រូវបានគេឆ្លាក់នៅសតវត្សរ៍ទី១៦ ។
លោកហម គឹមសុន បានបន្តទៀតថា ប្រភេទសត្វចម្លែកមានរាងដូចដាយណូស័រទី៣ គឺរកឃើញនៅលើជញ្ជាំងប្រាសាទបាយ័នត្រង់ថែវទី២ខ្លោងទ្វារខាងលិច ។ សត្វប្រភេទនេះគឺជាប្រភេទសត្វស៊ីរុក្ខជាតិជាអាហារ ។ ដាយណូស័រប្រភេទទី៣ នៅប្រាសាទបាយ័នជាប្រភេទសត្វខ្នងកោង មានបន្លាចាប់ពីក្បាលដល់កន្ទុយ ហើយសត្វនេះជាសត្វមានប្រវែងបណ្ដោយ ៩ម៉ែត្រ ឯណោះ ។ សត្វប្រភេទទី៣ដែលរកឃើញនេះ គេឆ្លាក់នៅក្នុងសតវត្សរ៍ទី១៣ ។
លោកវឿន វុទ្ធី មន្ដ្រីបច្ចេកទេសនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្ដិវិទ្យា បាននិយាយឲ្យដឹងដែរថា សត្វចំនួន៣ប្រភេទដែលយើងឃើញឆ្លាក់តាមប្រាសាទនេះ មានអ្នកខ្លះបានឃើញជាយូរមកហើយ ប៉ុន្ដែគ្រាន់តែមិនចាប់អារម្មណ៍ប៉ុណ្ណោះ ។ លោកបានបន្តថា រូបសត្វចម្លែករាងដូចដាយណូស័រខាងលើនេះ កាលពីពេលថ្មីៗកន្លងទៅមាននិស្សិតមួយក្រុមបានចុះកម្មសិក្សា ហើយបានប្រទះឃើញ ។ ក្រុមនិស្សិតនោះបានថតរូបរាយការណ៍ឲ្យផ្នែកជំនាញក្រសួង ។
លោកវឿន វុទ្ធី បានបញ្ជាក់ថា ដើម្បីចុះពិនិត្យស្រាវជ្រាវឲ្យបានច្បាស់ ទើបក្រុមបច្ចេកទេសក្រសួងធ្វើដំណើរមកពេលនេះពិនិត្យឲ្យបានច្បាស់អំពីលក្ខណៈប្រភេទចម្លាក់ដែលមានរាងដូចដាយណូស័រនេះ ។
តាមការអង្កេត និងពិនិត្យដោយផ្ទាល់ភ្នែក ផ្នែកជំនាញបញ្ជាក់ថា សត្វទាំងអស់ដែលឃើញនេះ គឺជាប្រភេទសត្វរាងដូចសត្វដាយណូស័រយ៉ាងពិតប្រាកដ ។
ដោយឡែកលោកហម គឹមសុន វិញបាននិយាយដែរថា កាលពី៣ឆ្នាំមុន មានវេបសាយមួយបានចុះផ្សាយអំពីប្រភេទសត្វរូបរាងដាយណូស័រនៅប្រាសាទអង្គរវត្ដ និងនៅប្រាសាទបាយ័ននេះដែរ ប៉ុន្ដែគេផ្សាយមានលក្ខណៈខុសច្រើនណាស់ ។ លោកបានបន្តថា សត្វដាយណូស័រឆ្អឹងរបស់វាត្រូវបានគេស្រាវជ្រាវរកឃើញនៅលើពិភពលោកដំបូងក្នុងសតវត្សរ៍ទី១៩ ។ ប៉ុន្ដែនៅកម្ពុជាគឺមានចម្លាក់រូបដាយណូស័រនៅចន្លោះសតវត្សរ៍ទី១២ ទៅសតវត្សរ៍ទី១៦ ។
លោកបានបន្តទៀតថា នៅអាស៊ីមានប្រទេសវៀតណាម ឡាវ ចិន សៀម គេបានរកឃើញឆ្អឹងដាយណូស័រអស់ហើយតាមរយៈធ្វើកំណាយ ។ ប៉ុន្ដែសម្រាប់កម្ពុជាយើងមិនទាន់បានរកឃើញឆ្អឹងសត្វប្រភេទនេះតាមរយៈធ្វើកំណាយនៅឡើយ ។
ពាក់ព័ន្ធនឹងសំណួរសួរថាកម្ពុជាអាចមានប្រភេទសត្វដាយណូស័រដែរឬទេកាលពីមុន ផ្នែកជំនាញខាងលើនិយាយថា មិនអាចបញ្ជាក់បានឡើយ ព្រោះយើងមិនទាន់រកឃើញឆ្អឹងសត្វប្រភេទនេះតាមរយៈធ្វើកំណាយ ។
លោកក៏បានបញ្ជាក់ទៀតថា នៅកម្ពុជាគេបានសន្មតថាមានប្រភេទសត្វចំនួន១០៨០ប្រភេទ ។ យើងបានរកឃើញប្រភេទសត្វជាបន្តបន្ទាប់ ហើយប្រភេទសត្វនៅប្រទេសកម្ពុជាអាចមានលើសពី ១០៨០ប្រភេទ ទៅទៀត ។
ដាយណូស័រគឺជាសត្វឆ្អឹងកងខ្នងដែលមានច្រើនជាងគេនៅក្នុងប្រព័ន្ធអេកូឡូហ្ស៊ីអស់រយៈពេលជាង ១៦០លានឆ្នាំ មុនពេលដែលវាភាគច្រើនបានផុតពូជកាលពី ៦៥លានឆ្នាំកន្លងទៅ ។ សត្វស្លាប ១០.០០០ប្រភេទ ត្រូវបានគេចាត់ទុកជាសត្វដាយណូស័រ ៕
ប្រភពៈ សាលអានថ្ងៃទី០៤/០២/០៩ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ