ស្ពានកំពង់ក្ដីដែលបានកសាងឡើងសម័យមហានគរ
ស្ពានថ្មទាំង៦ចាប់ពីស្រុកជីក្រែងទៅទល់នឹងសៀមរាបស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦គឺបានបន្សល់ទុកមកតាំងពីសម័យអង្គរមកម្ល៉េះ ។ ស្ពានថ្មទាំង៦នោះ នៅល្អតែប្រើប្រាស់បានតែស្ពានមួយប៉ុណ្ណោះ គឺស្ពានកំពង់ក្ដី ។ ចំណែកស្ពាន៥ទៀតនោះបានបាក់ខូចអស់ស្ពានពីរទៅហើយ នៅសល់ស្ពានបីទៀតកំពុងទ្រុឌទ្រោម ។
ស្ពានទាំង៦កន្លែងនោះសាងសង់ដោយថ្មបាយក្រៀមរៀបបន្ដុបលើគ្នាជាសសរទប់បញ្ជាន់លើគ្នាបញ្ជិះថ្មដល់ផ្ទៃខាងលើរាបស្មើសម្រាប់ធ្វើដំណើរឆ្លងកាត់ ។ ក្រុមអ្នកវិភាគលើការខូចខាតនៃស្ពាននោះបានឲ្យដឹងថា កាលពីជំនាន់ដើមមធ្យោបាយធ្វើដំណើរនិងដឹកជញ្ជូនមានទម្ងន់ស្រាល និង នៅតិចមិនលើសពីការទទួលទ្រាំទ្រពីស្ពាននៅឡើយ ម្ល៉ោះហើយស្ពានចេះតែរក្សាបានរូបរាង និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្វាគមន៍ដល់មនុស្សនិងយានជំនិះគ្រប់ប្រភេទឆ្លងកាត់ ។ ជាក់ស្ដែងកាលពីសម័យបុរាណមានតែក្បួនទ័ពដំរីប៉ុណ្ណោះឆ្លងកាត់ដែលគេគិតថា មានទម្ងន់ធ្ងន់ប៉ុន្ដែមិនហួសពី ២ ទៅ ៣តោន នោះទេ ហើយយ៉ាងច្រើនត្រឹមតែរទេះគោ និងរទេះក្របីដឹកជញ្ជូនឆ្លងកាត់ប៉ុណ្ណោះ ឃើញថាអាចប្រព្រឹត្ដទៅបានប្រកបដោយសុវត្ថិភាព ។
ផ្ទុយទៅវិញបច្ចុប្បន្ននេះមូលហេតុដែលនាំឲ្យស្ពានឆាប់ទ្រុឌទ្រោមខូចខាតនោះព្រោះមានរថយន្តធំៗដឹកលើសទម្ងន់ ដូចជា ការដឹកឈើ ដឹកថ្ម ដឹកដីជាដើម ។ ស្ពានខ្លះត្រូវបានបំផ្លាញដោយសារសង្គ្រាម និង ពួកខ្មែរក្រហមផងដែរ ។
តាមលោកបណ្ឌិតមីសែល ត្រាណេ អ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យាបានបញ្ជាក់ថា ស្ពានថ្មទាំង៦កន្លែងនោះកសាងឡើងតាំងពីសតវត្សទី១១ ដល់សតវត្សទី១៣ គឺក្នុងសម័យអង្គរ ពិសេសគឺក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលកាលណោះមានការសាងសង់សាលាសំណាក់តាមផ្លូវចំនួន ១២១កន្លែង និងមន្ទីរពេទ្យចំនួន ១០២កន្លែង ។
ចំពោះខ្នាតស្ពានដែលពីមុនមានទទឹងខ្លី ព្រោះចរាចរណ៍ឆ្លងកាត់មិនច្រើនដូចសម័យបច្ចុប្បន្ននេះទេ ។ តែបច្ចុប្បន្ននេះផ្លូវត្រូវពង្រីកទទឹងថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការមធ្យោបាយធ្វើដំណើរកើនឡើង ម្ល៉ោះហើយចាំបាច់ត្រូវកសាងស្ពានថ្មីនៅក្បែរនោះផងដែរ ។ ឯការជួសជុលស្ពានបុរាណទាំងនេះ យើងត្រូវធ្វើយ៉ាងណាឲ្យដូចលក្ខណៈដើមព្រោះដើម្បីរក្សាកេរដំណែលរបស់ដូនតាយើង ព្រោះវាជាវត្ថុបុរាណ ឬជាបេតិកភណ្ឌជាតិទៅហើយ ។ ជាពិសេសគួររក្សាទុកទម្រង់ដើមដើម្បីឲ្យកូនចៅជំនាន់ក្រោយបានឃើញពីស្នាដៃសម័យអង្គរដ៏រុងរឿងរបស់ខ្មែរ ៕
ប្រភពៈ សាលអានថ្ងៃទី៣០/០១/០៩ (ដកស្រង់ពីកាសែតកោះសន្ដិភាព)
Source: ប្រវត្ដិសាស្រ្ដ