Ultimate magazine theme for WordPress.

ព្រះ​បរមរាជវាំង​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧





ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ប្រថាប់​នៅ​ព្រះ​បរមរាជវាំង​ប្រាសាទ​បាយ័ន

ក្នុង​កែវភ្នែក​បរទេស​ជា​ពិសេស​កំណត់ហេតុ​របស់​លោក ​ជីវ ​តាក្វាន់ ​ជនជាតិ​ចិន ខ្មែរ​មានកេរ្ដិ៍ឈ្មោះ​បោះ​សំឡេង​ខាង​សិប្បកម្ម​ក៏​ដូចជា​ខាង​ស្ថាបត្យកម្ម​ ពីព្រោះ​ពួក​គេ​បាន​មក​លេង​រាជធានី​អង្គរធំ​ ហើយ​គេ​ឃើញ​ព្រះ​បរមរាជវាំង​ខ្មែរ​បុរាណ​និង​ប្រាង្គ​ប្រាសាទ​បុព្វបុរស​ខ្មែរ​កាលពី​ចុង​សតវត្សរ៍​ទី​១៣ ​នៃ​គ្រិស្ដសករាជ ។

លោក​បណ្ឌិត​មីសែល ត្រាណេ បុរាណ​វិទូ​ខ្មែរ​ បាន​និយាយ​ថា​ ព្រះ​បរមរាជវាំង​ឬ​ដំណាក់​ស្ដេច​នៅ​អង្គរធំ​ភ្ជាប់​ទៅ​នឹង​ប្រវត្ដិ​នៃ​ការ​សាងសង់​ទីក្រុង​នេះ​ទាំងស្រុង​ ដែល​ត្រូវ​បាន​សាងសង់​ឡើងជា​ច្រើន​ដំណាក់​កាលពី​សតវត្សរ៍​ទី​១០​ រហូត​ដល់​សតវត្សរ៍​ទី​១២ ជា​ពិសេស​នៅ​ចុង​សតវត្សរ៍​ទី​១២ ​និង​ទី​១៣ ​ក្នុង​រាជ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។

សំអាង​ទៅ​លើ​ទិន្នន័យ​ខាង​បុរាណវិទ្យា​បាន​មក​ពី​កំណាយ​តាម​វិធីសាស្ដ្រ លោក​បណ្ឌិត​បញ្ជាក់​ថា ព្រះ​បរមរាជវាំង​ខ្មែរ​គឺជា​សំណង់​ស្ថាបត្យកម្ម​មាន​ទ្រង់ទ្រាយ​ធំ​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ពណ៌​ ហើយ​ស្ថិត​នៅ​លើ​ខឿន​មួយ​ដ៏​រឹង​មាំ​ធ្វើ​អំពី​ថ្មបាយក្រៀម ។ ស្លាកស្នាម​នៃ​ព្រះ​បរមរាជវាំង​ចាស់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ខាងត្បូង​ក្រោម​ខឿន​នៃ​ព្រលាន​ដំរី និង​ព្រះ​គម្លង់​បច្ចុប្បន្ន ។

តាម​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​កន្លង​មកនេះ​របស់​លោក​ ហ្គ្រោលីយេ ​បាន​ឲ្យ​ដឹង​ថា ព្រះ​បរមរាជវាំង​បុរាណ​ថ្វី​ត្បិត​តែ​ធ្វើ​អំពី​ឈើ​ក៏​ពិតមែន តែ​មាន​រូបរាង​សមសួន​ល្អ​ណាស់​ ហើយ​ប្រកបដោយ​ក្បូរ​ក្បាច់​រចនា​យ៉ាង​ល្អ​ប្រណីត​អស្ចារ្យ ព្រោះ​ជា​ដំណាក់​របស់​ម្ចាស់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បុរាណ​ ដែល​មាន​កិត្យានុភាព និង​ជ័យ​ចេស្ដា តែ​ជា​អកុសល​សំណង់​ស្ថាបត្យកម្ម​ដ៏​ស្កឹមស្កៃ​ទាំងនោះ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ជា​បន្តបន្ទាប់​ដោយ​ភ្លើងសង្គ្រាម​ឈ្លានពាន​វាតទី​និយម​របស់​ជនជាតិ​ចាម និង​សៀម​ក្នុង​ពេល​ដែល​ពួក​គេ​មក​កាន់កាប់​ទីក្រុង​អង្គរធំ ។ សព្វ​ថ្ងៃនេះ​នៅ​សល់​តែ​គំនរ​ផេះ​ផង់​ លើកលែងតែ​រូបភាព​ជា​ចម្លាក់​ថ្ម​លើ​ប្រាសាទ​បាយ័ន​តែ​ប៉ុណ្ណោះ ។

ការ​សិក្សា​ស្រាវជ្រាវ​ខាង​ប្រវត្ដិសាស្ដ្រ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ឆ្នាំ​១១៧៧​ ព្រះ​បរមរាជវាំង​ខ្មែរ​ត្រូវ​បាន​កងទ័ព​ចាម​ដុត​បំផ្លាញ​ជា​លើក​ដំបូង​បង្អស់​ ហើយ​បន្ទាប់​មក​គឺ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ព្រះ​អង្គ​ក៏​បាន​សាងសង់​ឡើង​វិញ​នៅ​លើ​ខឿន​ទីតាំង​ចាស់​ដដែល​ដោយ​ផ្ដើម​ការ​សាងសង់​ព្រលាន​ដំរី​ជា​មុន ។

លោក​បណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា​ ព្រលាន​ដំបូង​នេះ​មាន​ខឿន​ជណ្ដើរ​លាតសន្ធឹង​ពី​ទិសឧត្ដរ​ទល់​នឹង​ជណ្ដើរ​នៃ​ទិស​ខាងជើង ហើយ​ក្នុង​សម័យ​នោះ​ខ្លោងទ្វារ​របស់​ព្រះ​បរមរាជវាំង​គឺ​ស្ថិត​ចំ​កណ្ដាល​ព្រលាន​នេះ​តែ​ម្ដង ។ រីឯ​នៅ​ខាងត្បូង​ គេ​ឃើញ​មាន​ផ្លូវ​តូចៗ​ត​ភ្ជាប់​ទៅ​នឹង​ទ្វារ​ចូល​ឬ​គោបុរៈ​នៃ​ប្រាសាទ​បាពួន ។

អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា​ នា​សម័យ​ដើម​ ព្រលាន​ដំរី​ដែល​លាតសន្ធឹង​យ៉ាង​វែង ហើយ​ធំ​ទូលាយ​នោះ​មាន​អគារ​ស្រាលៗ​សាងសង់​អំពី​ឈើ​មាន​ដំបូល​ប្រក់​ក្បឿង​គឺជា​សាល​សវនាការ​ឬ​សាល​គណៈរដ្ឋមន្ដ្រី​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។ នៅ​ខាង​មុខ​ផ្នែក​ខាងក្រោម​គេ​ឃើញ​មាន​ចម្លាក់​ធំៗ​តំណាង​ការ​បរបាញ់​សត្វ​ដំរី​ដែល​ជា​ស្ថាប័នរដ្ឋ​មួយ​ដ៏​សំខាន់ ។ តាម​ពិត​ទៅ​ស្នា​ព្រះ​ហស្ដ​ដែល​ព្រះមហាក្សត្រ​បាន​បន្សល់​ទុក​នេះ​មិនមែន​ទាក់ទង​តែ​នឹង​ការ​ទាក់ដំរី​ឬ​ការ​ជល់​ដំរី​ដូចដែល​អ្នកស្រុក​បាន​ស្មាន​នោះ​ទេ ។ ប៉ុន្ដែ​ស្ថាបត្យកម្ម​នេះ​គឺជា​សក្ខីកម្ម​នៃ​កិត្យានុភាព​និង​ឫទ្ធិ​អំណាច​ដ៏​ខ្លាំងពូកែ​របស់​ព្រះមហាក្សត្រ​ខ្មែរ​បុរាណ ។

ដូច​ពោល​ខាងលើ​ សាល​សវនាការ​នេះ​ដែល​មាន​ដំបូល​ឈើ​ត្រូវ​បាន​ទ្រ​ទប់​នៅ​ខាងស្ដាំ​និង​ខាងឆេ្វង​ដោយ​សសរ​៤​ជ្រុង​ស្មើ លម្អ​ដោយ​ក្បាច់ក្បូរ​និង​កញ្ចក់​ព្យួរ​ចំនួន​៤០​ ទៅ ​៥០ ព្រមទាំង​ទ្វារ​បង្អួច​លាប​ពណ៌​មាស​យ៉ាង​ល្អ​ប្រណីត​គួរ​ឲ្យ​រំភើបចិត្ដ​ក្រៃលែង ។

ដូច្នេះ​ផ្អែក​លើ​សេចក្ដីអធិប្បាយ​របស់​លោក​ជីវ​ តាក្វាន់ និង​អី្វ​មួយ​ដែល​គូសបញ្ជាក់​ដោយ​ការ​ធ្វើ​កំណាយ​ លោក​បណ្ឌិត​យល់​ឃើញ​ថា​ ព្រលាន​ទាក់ដំរី​ស្ថិត​នៅ​ខាង​ចុង​ព្រះ​បរមរាជវាំង​នៅ​គែម​ព្រលាន​នៃ​អង្គរធំ​ជា​ផ្នែក​មួយ​នៃ​សាល​សវនាការ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ​យ៉ាង​ប្រាកដ ហើយ​ស្ថិត​នៅ​ចំ​ពីមុខ​នៃ​ព្រះ​បរមរាជវាំង​ឬ​ព្រះរាជ​ដំណាក់ ។ ​គឺ​នៅ​ទី​នេះ​ហើយ​ស្ថិត​លើ​ខឿន​ជណ្ដើរ​កណ្ដាល​ដែល​គ្របដណ្ដប់​នៅ​ទិស​ខាងលិច​កាំជណ្ដើរ​នៃ​ទ្វារ​ចូល​ព្រះ​បរមរាជវាំង​ព្រះមហាក្សត្រ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ​ទ្រង់​ប្រថាប់​លើ​ស្បែក​គោមួយ​ធ្វើ​ជា​ប្រធាន​សវនាការ ហើយ​ដើម្បី​បញ្ជាក់​ព្រះ​វត្ដមាន​របស់​ទ្រង់ គេ​ផ្លុំ​ខ្យងស័ង្ខ​ក្នុង​ខណៈ​ដែល​ពួក​អ្នកបម្រើ​បើក​វាំងនន​ពណ៌​មាស​ដើម្បី​បង្ហាញ​ព្រះ​ភ័ក្ដ្រ​របស់​ទ្រង់​ចំពោះ​ប្រជានុរាស្ដ្រ​ដែល​មក​ដោះស្រាយ​នូវ​រាល់​វិវាទ​ក្នុង​សង្គម ។

តាម​ការ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​របស់​លោក​ហ្គ្រោលីយេ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ ព្រលាន​ដំរី​ខាងលើ​នេះ​តាម​ពិត​ទៅ​គឺជា​ផ្នែក​ខាងក្រោម​នៃ​កន្លែង​សវនាការ​ចាស់​របស់​ព្រះមហាក្សត្រ​ពី​ជំនាន់​មុន​ដែល​ត្រូវ​បាន​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ​ស្ថាបនា​ឡើង​ដោយ​ព្រះ​អង្គ​បាន​រក្សា​ប្លង់​ដើម ពីព្រោះ​នៅ​ទី​នេះ​ហើយ​ដែល​គេ​បាន​រក​ឃើញ​ចម្លាក់​ព្រះ​យមរាជ​ឬ​ព្រះ​គន្លង​ (ក្លាយទៅជា​ព្រះ​គម្លង់) ក្នុង​រចនាបថ​បាពួន​នា​សតវត្សរ៍​ទី​១១ ​បើ​សំអាង​លើ​អក្សរ​ចារឹក​មួយ​ឃ្លា​នៅ​បល្ល័ង្ក ។

ដូច្នេះ​ព្រលាន​នេះ​ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ ហើយ​មាន​សភាព​ត្រចះត្រចង់​ជា​មុន ។ ប្រវត្ដិ​បាន​រំលឹក​ថា​គឺ​ពាក្យ​គន្លង​ (ធម៌) ដែល​ឲ្យ​កំណើត​ទៅ​ពាក្យ​គម្លង់​នា​សម័យ​ក្រោយៗ​ដែល​មិន​មាន​អត្ថន័យ​និង​អត្ថរស​អ្វី​ទាំងអស់ ។

នៅ​លើ​ទីតាំង​ចាស់​ ព្រះមហាក្សត្រ​របស់​យើង​ទ្រង់​បាន​ត្រាស់​បង្គាប់​ឲ្យ​ស្ថាបត្យករ​ដ៏​ចំណានៗ​លើក​ខឿន​ឲ្យ​ខ្ពស់​ជាង​មុន​បន្ដិច ហើយ​នៅ​ផ្នែក​ខាង​មុខ​នៃ​ខឿន​ថ្មភក់​ដ៏​មាំ​នេះ​ប្រដាប់​លម្អ​ដោយ​ចម្លាក់​ខ្នាត​ធំៗ​លក្ខណៈ​ធម្មជាតិ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បរបាញ់​ដំរី​ដែល​ជា​ពិធីកម្ម​មួយ​យ៉ាង​សំខាន់​បំផុត​របស់​ព្រះមហាក្សត្រ​បុរាណ​ខ្មែរ​គ្រប់​សម័យកាល ។

គួរ​បញ្ជាក់​ថា​សាល​សវនាការ​ថ្មី​ដែល​ស្ថិត​នៅ​លើ​ព្រលាន​ដំរី​ដែល​លោក​ជីវ​ តាក្វាន់​ បាន​ពិពណ៌នា​នៅ​ឆ្នាំ​១២៩៧ ត្រូវ​បាន​កងទ័ព​សៀម​ដុត​បំផ្លាញ​ចោល​ម្ដង​រួច​មក​ហើយ ។ មិនយូរ​ប៉ុន្មាន​ក៏​ត្រូវ​បាន​កងទ័ព​សៀម​ដែល​កាន់កាប់​អង្គរ​លើក​ដំបូង​បង្អស់​នៅ​ឆ្នាំ​១៣៥០ ​ដុត​ម្ដងទៀត ។

ដូច​លើក​មុនៗ​ព្រះរាជា​ខ្មែរ​នៅ​ក្នុង​រជ្ជកាល​ក្រោយ​ក៏​បាន​ជួសជុល និង​សាងសង់​ព្រះ​បរមរាជវាំង​ឡើង​វិញ​ ក៏​ប៉ុន្ដែ​នៅ​ឆ្នាំ​១៤៣០ ​ក៏​ត្រូវ​បាន​ដុត​បំផ្លាញ​ដោយ​កងទ័ព​សៀម​ដដែល ។ ជា​ហេតុ​នាំ​ឲ្យ​ខ្មែរ​ផ្ដាច់​ពី​អតីតភាព​ដ៏​មហា​រុងរឿង​នា​សម័យ​មហានគរ ហើយ​បន្ដិច​ម្ដងៗ​ដោយ​សន្សឹមៗ​ទិដ្ឋភាព​ពាក់ព័ន្ធ​ទៅ​នឹង​ព្រះ​បរមរាជវាំង​ខ្មែរ​ក៏​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ដោយ​ស្វ័យប្រវត្ដិ​ដែរ ។

នៅ​លើ​ទីតាំង​នៃ​ព្រះ​បរមរាជវាំង​ចាស់ ដួងចិត្ដ​របស់​អ្នកទេសចរ​អណ្ដែតអណ្ដូង​ដោយ​ទិដ្ឋភាព​នៃ​អតីតកាល ហើយ​ក្នុង​ភាព​ស្រមើស្រមៃ​ខ្មែរ​យើង​ចិញ្ចឹម​សេចក្ដី​សង្ឃឹមថា​ ថ្ងៃ​ណាមួយ​ព្រះ​បរមរាជវាំង​នេះ​នឹង​ត្រូវ​សាងសង់​ឡើង​វិញទៀត​ដោយ​យក​តាម​លំនាំ​ដើម​នៃ​រូបចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បុរាណ​ខ្មែរ ។ តែ​នេះ​គ្រាន់តែ​ជា​សុបិន​មួយ​តែ​ប៉ុណ្ណោះ ។ អ្វីមួយ​ដែល​ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម​សីហនុ​ បាន​ធ្វើ​ម្ដង​រួច​មក​ហើយ​ក្នុង​ពិធី​ច្រត់ព្រះនង្គ័ល​ តែ​ក្នុង​ទម្រង់​ដ៏​តូច​មួយ​តែ​ប៉ុណ្ណោះ ៕

ប្រភពៈ  សាលអាន​ថ្ងៃ​ទី​៣១/១២/២០០៨ (ដកស្រង់​ពី​កាសែត​រស្មីកម្ពុជា)

Source: ប្រវត្ដិសាស្រ្ដ





Comments
Loading...