ការយល់ឃើញរបស់បុគ្គលម្នាក់ជាការកំណត់ពីជោគវាសនារបស់គេ ។ ក្នុងសៀវភៅ Rich Dad Poor Dad របស់លោក Robert Kiyosaki បានរៀបរាប់ពីការយល់ឃើញខុសគ្នារវាងឪពុកទាំងពីររបស់គាត់ដោយការយល់ឃើញទាំងនោះបានធ្វើឲ្យឪពុកម្នាក់ដែលរៀនច្បាប់បណ្ឌិតនិងមានការងារល្អ បានចំណូលខ្ពស់បែរជាត្រូវជួបបញ្ហារឿងលុយកាក់ជាប់ជាប្រចាំក្នុងមួយជីវិត ។ ចំនែកឯឪពុកម្នាក់ទៀតរៀនចប់ត្រឹមថ្នាក់ទី៨ តែប៉ុណ្ណោះប៉ុន្តែមានសេរីភាពផ្នែកហិរញ្ញវត្ថុ ។
ឪពុកទាំងពីររបស់គាត់មានការយល់ឃើញរឿងលុយកាក់ខុសប្លែកគ្នាឆ្ងាយដាច់ស្រឡះ មានដូចជា៖
ពុកក្រប្រាប់ថា ” ការស្រឡាញ់លុយជាប្រភពនៃអំពើអាក្រក់ ” ។
ពុកមានប្រាប់ថា ” ការខ្វះលុយជាប្រភពនៃអំពើអាក្រក់ ” ។
ពុកក្រចូលចិត្ត និយាយថា “មិនមានលទ្ធភាពនឹងទិញទេ ” ឯពុកមាន ចូលចិត្តនិយាយថា “ធ្វើយ៉ាងម៉េចទើបអាចទិញបាន ? ”
ពុកក្រ ” កូនត្រូវខំរៀនដើម្បីបានធ្វើការក្នុងក្រុមហ៊ុនល្អ ” ។
ពុកមាន ” កូនត្រូវខំរៀនដើម្បីអាចទិញបានក្រុមហ៊ុនល្អ ” ។
ពុកក្រ ” ពុកមិនមាន ព្រោះពុកមានកូន ” ។
ពុកមាន ” ពុកត្រូវតែមាន ព្រោះពុកមានកូន ” ។
ពុកមាន “ចូលចិត្តនិយាយរឿងលុយកាក់ពេលពិសារបាយ ” ។
ពុកក្រ ” ហាមនិយាយរឿងលុយកាក់ពេលពិសារបាយ ” ។
ពុកក្រ “រឿងលុយកាក់ត្រូវមានសុវត្ថិភាពជាមុន ” ។
ពុកមាន ” ត្រូវដឹងពីវិធីចាត់ការជាមួយការប្រថុយប្រថាន ” ។
ពុកក្រ ” ផ្ទះ ជាកន្លែងបណ្តាក់ទុននិងជាទ្រព្យសម្បតិ្តដ៏ធំបំផុត” ។
ពុកមាន ” ផ្ទះជាបំណុល បើនរណាគិតថាផ្ទះជាការបណ្តាក់ទុនដ៏ធំនោះគេពិតជាលំបាក” ។
ពុកក្រចូលចិត្តសន្សំលុយទុក គ្រប់រៀលគ្រប់សេន ឯពុកមានចូលចិត្តព្យាយាមប្រើលុយគ្រប់រៀលគ្រប់សេនរបស់កាត់ដើម្បីបណ្តាក់ទុន ។
ពុកក្រចូលចិត្តនិយាយថា ” ជាតិនេះពិតជាគ្មានថ្ងៃមានបានទេ ” នៅទីបំផុតវាក៏ក្លាយជាការពិត ។ ចំនែកពុកមានចូលចិត្តនិយាយថា ” ខ្លួនមាន ” ហើយ ចូលចិត្តនិយាយថា “អ្នកមានគេមិនធ្វើអញ្ចឹងទេ ” ។ ពុកមាន តែងនិយាយថា ភាពជាអ្នកក្រនិងជាអ្នកខាតបង់អស់ដើម វាខុសប្លែកពីគ្នា “ការខាតបង់អស់ដើម” គឺជារឿងបណ្តោះអាសន្ន តែភាពក្រីក្រជារឿង ស្ថិតស្ថេរ ។
ពុកក្រច្រើននិយាយថា ” លុយមិនមែនជាអ្វីដែលសំខាន់នោះទេ ” ប៉ុន្តែពុកមានគាត់និយាយថា “លុយ គឺជា អំណាច ” ។ ពុកទាំងពីរនាក់យប់ស្របគ្នាថា “ការសិក្សារជារឿងសំខាន់ ” ប៉ុន្តែយល់ស្របផ្សេងគ្នាចំពោះមុខវិជ្ជា គួររៀន ។ ពុកក្រយល់ថា គួរតែរៀនឲ្យបានបរិញ្ញាប័ត្រ ដើម្បីបានប្រាក់ខែខ្ពស់ ។ ចំណែកពុកមានឲ្យ រៀនក្លាយជាអ្នកមាន ដើម្បីដឹងថាត្រូវប្រើលុយឲ្យធ្វើការឲ្យយើងដូចម្តេច ?
ហេតុផលដែលអ្នកមានកាន់តែមានឡើង ហើយអ្នកក្រកាន់តែក្រទៅ ឯអ្នកថ្នាក់កណ្តាលកាន់តែនឿយហត់ក្នុងការរកលុយសងបំណុល ក៏ព្រោះតែសាលារៀនមិនបានបង្រៀនរឿងលុយកាក់ដល់ក្មេងបណ្តាលឲ្យក្មេងរៀនវិជ្ជានេះពីឪពុកម្តាយ ។ តើមានឪពុកម្តាយជាអ្នកក្រប៉ុន្មាននាក់ទៅដែលដឹងថាបង្រៀនអ្វីដល់ក្មេងក្រៅពីការប្រាប់ឲ្យក្មេងខំរៀនឲ្យបានពូកែ ? ក្មេងអាចប្រឡងទទួកបានពិន្ទុល្អតែគេមិនដឹងពីវិធីសាស្ត្រជាមូលដ្ឋានគ្រឹះ សម្រាប់ចាត់ការរឿងលុយកាក់នោះទេ ។
លុយ គឺជា អំណាយ តែអ្វីដែលមានអំណាចលើសពីលុយទៅទៀត គឺការសិក្សារមុខវិជ្ជាហិរញ្ញវត្ថុ (ការរៀនពីវិធីគ្រប់គ្រងនិងចាត់ការលុយ) ។ លុយបានមកអាចបាត់បង់ទៅវិញ តែចំណេះដឹងនិងការយល់ថាតើលុយធ្វើការដូចម្តេច ? វានឹងជួយឲ្យ យើងមានអំណាចលើលុយ ហើយប្រើវាសាងភាពមានបានឲ្យយើង ។ មនុស្សជាច្រើនមិនធ្លាប់យល់ថា លុយធ្វើការដូចម្តេច ទើបគេប្រើពេលមួយជីវិតធ្វើការដើម្បីលុយ ៕