Ultimate magazine theme for WordPress.

- Advertisement -

កំណត់សម្គាល់ពីបារាយណ៍ខាងលិចតាមគំហើញបុរាណវិទ្យាថ្មី

0 34

រូបថត​ពី​លើ​អាកាស ដោយ ឆៃកា ២០០៦ (ឯកសារ​អាជ្ញាធរ​អប្សារា)

វត្ថុបំណង​នៃ​អត្ថបទ​នេះ​គឺ​ការបញ្ជាក់​ឲ្យ​ឃើញថា ការដែល​ខ្មែរ​បុរាណ​លើកដី​ឲ្យ​ខ្ពស់​នៅ​បារាយណ៍​ខាងលិច​ឬ​បារាយណ៍ទឹកថ្លា​នោះ​មិនមែន​គ្រាន់តែ​ដើម្បី​ទប់​ឃាំង​ទឹក​ប៉ុណ្ណោះ​ទេ ។ យើង​ចង់​បញ្ជាក់ថា វឌ្ឍនភាព​នៃ​សម័យអង្គរ​គឺ​បណ្តា​លពី​នយោបាយ​ទឹក​ក៏​មែនពិត ក៏ប៉ុន្តែ​យើង​មិនត្រូវ​ភ្លេច​ទេ​ថា ប្រការនេះ​ផ្តើម​ឡើងលើ​មូលដ្ឋានគ្រឹះ នៃ​សម័យ​ចេនឡា​ផងដែរ​។ មាន​បណ្តោយ​ប្រមាណ​ជា​៨​គ​.​ម និង​ទទឹង ២,២​គ​.​ម បារាយណ៍​ខាងលិច​ឬ​បារាយណ៍ទឹកថ្លា ត្រូវបាន​ផ្តើម​សាងសង់​ដោយ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ ពី​ឆ្នាំ​១០០២ ហើយ​បញ្ចប់​ជា​ស្ថាពរ​នៅក្នុង​រាជ្យ​របស់ ព្រះបាទ​សុខោទ័យ​ទិ​ត្យវរ្ម័នទី​២ ពី​ឆ្នាំ ១០៥០ ដល់​១០៦៦ នៃ​គ.ស ។​

​ជាការ​ពិតណាស់​សម្រាប់​អ្នកប្រវត្តិសាស្ត្រ​មួយចំនួន យ​សោធ​បុ​រៈ ឬ​អង្គរតូច គឺជា​រាជធានី​ដំបូង​ក្នុង​សម័យអង្គរ ដែល​មាន​រយៈពេល​ប្រមាណ​ជា ៦០០​ឆ្នាំ ហើយ​មាន​ទីតាំង​នៅ​ខេត្ត​សៀមរាប​បច្ចុប្បន្ន ។ ទីក្រុង​ដ៏​ធំ​សម្បើម​នេះ​បាន​បន្សល់​ទុក​នូវ​បុរាណ​ស្ថាន​ដ៏​ស្កឹមស្កៃ​ជាច្រើន​ដូចជា ប្រាសាទ​អង្គរវត្ត ប្រាសាទ​បាយ័ន ប្រាសាទ​តាព្រហ្ម បាពួន តាកែវ​ជាដើម ដែល​បង្ហាញ​នូវ​អធិរាជ​ភាព​និង​វិសាលភាព​របស់​សំណង់​ស្ថាបត្យកម្ម​ខ្មែរ ។ សូម​រំលឹក​ផងដែរ​ថា សម័យអង្គរ ដែល​ផ្តើមឡើង​នៅ​រាជ្យ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ (គ.ស ឆ្នាំ​៨០២-៨៥០) លើ​ភ្នំ​គូលែន នគរ​ខ្មែរ​គឺជា​មហាអំណាច​មួយ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍ ។​

ក៏ប៉ុន្តែ​ជាក់ស្តែង វឌ្ឍនភាព​កប់​កំពូល​នៃ​អារ្យធម៌​វប្បធម៌​ខ្មែរ​នា​សម័យ​មហានគរ មិន​មែន​កើតឡើង​ដោយ​ឯកឯង​នោះទេ ឬក៏​មិនមែន​ដោយ​ទេព​និមិត្ត​នោះដែរ ។ មាន​ន័យ​ថា ភាពរុងរឿង​នេះ​គឺជា​ការ​ទទួល​ផល​នៃ​ការវិវត្ត​មួយ​ដែល​មាន​រយៈពេល​យូរ ដែល​ផ្តើម​ឡើង​មុន​សម័យ​អង្គរ​ម្ល៉េះ ពោល​គឺ​សម័យ​ចេនឡា ក្នុង​អំឡុង​ដើម ស.ត ទី​៧ និង​ទី ៨ នៃ​គ.ស យ៉ាង​ប្រាកដ ។ ចំពោះ​តឹកតាង​សម័យ​ចេនឡា សំណង់​ស្ថាបត្យកម្ម​នា​សម័យ​នោះ ត្រូវបាន​បំផ្លេចបំផ្លាញ​ស្ទើរតែ​ទាំងអស់ ។ ទោះបីជា​យ៉ាងនេះ​ក្តី ដោយ​ពឹង​ផ្អែកលើ​ការស្រាវជ្រាវ​ខាង​បុរាណវិទ្យា​ក្នុង​តំបន់​សៀមរាប ក៏​ដូច​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ក្បែរ​ទី​រួម​ខេត្ត​នេះ យើង​បាន​ដឹង​ថា មាន​វត្តមាន​របស់​ទីក្រុង​ចាស់​មួយ ដែល​ស្ថិតនៅ​ផ្នែក​ខាងលិច​បារាយណ៍​ទឹកថ្លា ឬ​បារាយណ៍​ខាងលិច​បច្ចុប្បន្ន តែ​សព្វថ្ងៃនេះ​ត្រូវ​លុប​បាត់​ដោយ​សារ​ការ​ស្ថាបនា​បារាយណ៍ ។​

រីឯ​ការស្ថាបនា​បារាយណ៍​ដ៏​ធំ​សម្បើម​នេះ​ទៀតសោត ក៏​មិនមែនជា​ការជីក​យក​អាចម៌​ដី​ចេញ​នោះ​ទេ ក៏​ប៉ុន្តែ​គ្រាន់តែ​លើកដី​ទំនប់​ឲ្យ​ខ្ពស់​តែ​ប៉ុណ្ណោះ ។

កំណាយ កោះតាមាស នៅ​បាត​បារាយណ៍​ខែប្រាំង (ថត ២០០៦)

សូមជម្រាបថា មាន​ហេតុផល​ច្រើន​ប្រការ​ដែល​បញ្ជាក់​ពី​បញ្ហា​នេះ ។ ជាដំបូង បារាយណ៍​នេះ តំណាង​ឲ្យ​សមុទ្រ​តាម​លោកធាតុ​វិទ្យា​ឥណ្ឌូ-ខ្មែរ ហើយ​ថែមទាំង​ជា​អាងទឹក​មួយ​ដ៏​ធំ​អស្ចារ្យ ផ្គត់ផ្គង់​ទឹក​សម្រាប់​វិស័យ​កសិកម្ម ក្នុង​តំបន់​សៀមរាប​អង្គរ​ថែមទៀត​ផងដែរ ។ ពីមុន​ទីនេះ​គឺជា​កន្លែង​កប់​សព​មួយ នា​សម័យ​វប្បធម៌​លោហធាតុ ដែល​មាន​អាយុកាល​ប្រមាណ​ជា ១០០០​ឆ្នាំ មុន​គ.ស ។ បន្ទាប់មក​នា​សម័យ​ប្រវត្តិសាស្ត្រ​ពោលគឺ​ចាប់ពី​ចុង​ស.តទី​៦​ដល់ទី​៧ ទីតាំង​ដ៏​ធំធេង​នេះ​បានក្លាយ​ទៅជា​អតីត​ទីក្រុង​មួយ​នៅ​សម័យ​ចេនឡា ហើយ​បន្ទាប់​មក​ទៀត​នា​ស.តទី​១១​ ទីតាំង​ដ៏​ធំ​នេះ​ក៏ត្រូវ​បាន​ក្លាយ​ទៅជា​ទំនប់ទឹក ដោយ​ការ​លើកដី​ជុំវិញ​ឲ្យ​ខ្ពស់​ពី​កម្រិត​ដី​ធម្មតា ។ ដោយសារ​ហេតុផល​នេះហើយ​ ទើប​ទីក្រុង​ចាស់​ដែល​មាន​មូលនិធិ​សាសនា​ជាច្រើន​ដូចជា​ប្រាសាទ​អកយំ​ជាដើម​ និង​កន្លែង​កប់​សព ត្រូវបាន​លិច​កប់​ក្នុង​ដី​រហូតដល់​សម័យ​ទំនើប ។

សរុបសេចក្តី​មក បើ​ពិនិត្យ​លើ​វត្ថុតាង​ខាង​បុរាណវិទ្យា​ទាំងនេះ យើង​អាច​កត់​សម្គាល់​ថា មាន​ការ​កាន់កាប់​តំបន់​សៀមរាប​អង្គរ​នេះ តាំងពី​សម័យ​បុរេប្រវត្តិសាស្ត្រ​ម្ល៉េះ ហើយ​ការ​កាន់កាប់​នេះ​ត្រូវ​បាន​បន្ត​រហូត​ដល់​បច្ចុប្បន្ន ក្រោយ​ពី​ឆ្លង​កាត់​សម័យ​បុរេ​អង្គរ និង​អង្គរ​ដ៏​រុងរឿង​ថ្កើងថ្កាន​អស្ចារ្យ​មក ។

ក្រៅពីនេះ យើង​ក៏​អាច​បញ្ជាក់​ផងដែរ​ថា វឌ្ឍនភាព​នៃ​សម័យអង្គរ គឺ​អាស្រ័យ​ស្ទើរតែ​ទាំងស្រុង លើ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ធារាសាស្ត្រ អ្វី​មួយ​ដែល​គេ​ហៅថា នយោបាយ​ទឹក ដែល​មាន​បារាយណ៍​ខាងលិច​នេះ ជា​ភស្តុតាង​ជាក់ស្តែង​ស្រាប់ ៕ (ម.ត្រាណេ)

ប្រភពៈ www.mediakh.com (04/04/2011)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...