Ultimate magazine theme for WordPress.

- Advertisement -

បដិវត្តន៍​ខ្មែរ​ក្នុង​សតវត្ស​ទី​១៤ ?

0 50

ប្រវត្តិសាស្ត្រខ្មែរដោយ រស់ ចន្ត្រាបុត្រ

ប្រវត្តិសាស្ត្រខ្មែរដោយ រស់ ចន្ត្រាបុត្រ

ប្រវត្តិសាស្ត្រ​ខ្មែរ​តាម​សិលាចារឹក និង​ឯកសារ​ចិន

៤. បដិវត្តន៍​ខ្មែរ​ក្នុង​សតវត្ស​ទី​១៤ ?

ប្រវត្តិសាស្ត្រខ្មែរ​តាម​សិលាចារឹក និង​ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​ត្រូវ​បញ្ចប់​នៅ​ត្រង់​សម័យ​នេះ ដោយ​ប្រវត្តិវិទូ អ្នក​បុរាណវិជ្ជា និង​អ្នកស្រាវជ្រាវ​ផ្សេងៗ​ពុំ​ទាន់​បាន​រក​ឃើញ​អក្សរ​សិលាចារឹក​ថ្មី​ផ្សេង ​ទៀត ។

ដូច្នេះ​ហើយ​បាន​ជា​គ្រប់​ប្រវត្តិវិទូ និង​អ្នក​ស្រាវជ្រាវ​នាំ​គ្នា​ងាក​មក​សិក្សា​តាម​រយៈ​ឯកសារ​ពង្សាវតារ​ខ្មែរ ​វិញ ដែល​ជា​បច្ច័យ​ធ្វើ​ឲ្យ​លំនាំ​ប្រវត្តិសាស្ត្រ​ខ្មែរ​មាន​រូបរាង​ប្រហាក់​ ប្រហែល​ដូច​គ្នា​ចាប់​ពី​កាល​សម័យ​នេះ លើក​លែង​តែ​ថ្ងៃ​ខែ​ឆ្នាំ ទីកន្លែង និង​ព្រឹត្តិការណ៍​បន្ទាប់បន្សំ​ខ្លះ ។

សតវត្ស ​ទី​១៤​ត្រូវ​ប្រវត្តិវិទូ​ចាត់​ទុក​ជា​សករាជ​ថ្មី​មួយ​ធ្ងន់ធ្ងរ​បំផុត​ ចំពោះ​ជោគវាសនា​អនាកត​របស់​ប្រទេស​កម្ពុជា ។ ជោគវាសនា​នគរ​ខ្មែរ​ក៏​ត្រូវ​បាន​កំណត់​ពី​សម័យកាល​នោះ​ដែរ ។

ក. បុព្វហេតុ

ដូច ​ដែល​យើង​បាន​ឃើញ​ស្រាប់​តាម​រយៈ​ប្រវត្តិសាស្ត្រ​នា​ចុង​សតវត្ស​ទី​១៣ និង​ដើម​សតវត្ស​ទី​១៤ ប្រទេស​កម្ពុជា​តែង​តែ​ជួប​ប្រទះ​នូវ​សង្គ្រាម​សាសនា​ ប្រល័យ​ជីវិត បំផ្លិចបំផ្លាញ​ជាតិ​សាសន៍​ឯង​គ្មាន​ពេល​ទំនេរ ។ បើ​យើង​និយាយ​ឲ្យ​ចំ​ទៅ សង្គ្រាម​នេះ​មាន​សាសនា​ជា​សម្បក​ក្រៅ ។ តែ​តាម​ការ​ពិត​គឺ​ជា​សង្គ្រាម​ដណ្ដើម​អំណាច​គ្នា​ ដណ្ដើម​រាជសម្បត្តិ​ដោយ​យក​ក្រុម​វណ្ណៈ និង​សាសនា​មក​ធ្វើ​ជា​ឈ្នាន់ ។ គេ​យក​សាសនា​ មនោគមន៍វិជ្ជា មក​ពន្យល់​ណែនាំ​បញ្ចុះបញ្ចូល​ប្រមែប្រមូល​រាស្ត្រ​ប្រជា​ឲ្យ​នាំ​គ្នា​ទៅ​ បូជា​ជីវិត​ ស្លាប់​ដើម្បី​រាជបល្ល័ង្ក និង​អំណាច​ទ្រព្យសម្បត្តិ​ធនធាន​របស់​គេ និង​ក្រុម​បក្សពួក ។

គឺ ​ជា​វិបត្តិ​សង្គម​ វិបត្តិ​អំណាច វិបត្តិ​នយោបាយ​ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ផ្លាស់​ប្ដូរ​ចាក​ចេញ​ពី​ភព​ភាព​រុងរឿង​ជា ​មហាអំណាច ធ្លាក់​ខ្លួន​ចុះ​ទន់​ខ្សោយ​ថមថយ រួម​តូច​ទៅៗ បន្តិចម្ដងៗ​ជា​លំដាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ ។

ព្រឹត្តិការណ៍ ​ដ៏​ធំ​នេះ ប្រវត្តិវិទូ និង​អ្នក​ស្រាវជ្រាវ​បាន​ចាត់​ទុក​ជា​បដិវត្តន៍​ទី​១​នៅ​ក្នុង​សង្គម​ជាតិ​ ខ្មែរ ។ គឺ​ជា​បដិវត្តន៍​ប្រឆាំង​នឹង​របប​រាជានិយម​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​យល់​ថា​ ឃោរឃៅ ផ្ដាច់ការ ព្រៃផ្សៃ គ្មាន​សន្ដោស ករុណា​មេត្តា​ធម៌ គ្មាន​ទសពិធរាជធម៌ និង​គ្មាន​សមត្ថភាព​ក្នុង​ការ​បំពេញ​ភារកិច្ច​ដឹកនាំ​ប្រទេស​ជាតិ ។

កត្តា ​ជា​ច្រើន​បាន​អប់រំ ផ្លាស់ប្ដូរ​ចិត្ត​គំនិត​ខ្មែរ ហើយ​ជំរុញ​នាំ​ខ្មែរ​ឲ្យ​ហ៊ាន​ងើប​បះបោរ​តស៊ូ​ប្រឆាំង​នឹង​ស្ដេច ព្រមទាំង​ក្រុម​បក្ស​ពួក​បរិវារ ។

ខ. ព្រះពុទ្ធសាសនា​ថេរវាទ

- Advertisement -

កត្តា ​ធំ​ដែល​ជា​មូលដ្ឋាន​បដិវត្តន៍​គឺ​ព្រះពុទ្ធសាសនា​ថេរវាទ ។ ព្រះពុទ្ធសាសនា​របៀប​ថេរវាទ​បាន​នាំ​ចូល​មក​ប្រទេស​កម្ពុជា​នូវ​ទ្រឹស្ដី គោល​គំនិត និង​ទស្សនៈ​ថ្មី​ស្ដី​អំពី ជោគវាសនា ផលបុណ្យ កម្ម​ពៀរវេរា​របស់​អស់​សត្វ​លោក​ម្នាក់ៗ ដែល​ជា​លក្ខណៈ​ខុស​ប្លែក​អំពី​មនោគមន៍វិជ្ជា​ដែល​គេ​ធ្លាប់​ទទួល ។ ជាពិសេស ចំពោះ​តួអង្គ​ព្រះមហាក្សត្រ​ដែល​គេ​តែងតែ​គោរព​ទុក​ជាទី​សក្ការបូជា និង​ចាត់​ទុក​ជា​ព្រះអាទិទេព ឬ​ជា​ព្រះពោធិសត្វ​លោកេស្វរៈ ។ គេ​លែង​ឲ្យ​តម្លៃ​ទៅ​លើ​ទ្រឹស្ដី​ទេវរាជ​ក្នុង​ព្រហ្មញ្ញ​សាសនា និង​ពុទ្ធរាជ​ដែល​មាន​នៅ​ក្នុង​ព្រះពុទ្ធសាសនា​មហាយាន​ទៀត​ហើយ ។ ពីព្រោះ​តាម​ទ្រឹស្ដី​ថេរវាទ ព្រះពុទ្ធអង្គ​បាន​យាង​ចូល​ព្រះនិព្វាន​រួច​ស្រេច​បាត់​ទៅ​ហើយ ។ ដូច្នេះ ព្រះអង្គ​មិន​បាន​មក​កើត​ជា​មនុស្ស ឬ​ជា​ស្ដេច​ដូច​ក្នុង​ទ្រឹស្ដី​មហាយាន​ឡើយ ហើយ​កាល​ព្រះអង្គ​នៅ​ជា​ព្រះពោធិសត្វ កើត​ជា​សត្វ​លោក ព្រះអង្គ​ក៏​មិន​ដែល​កើត​ចេញ​មក​ធ្វើ​ជា​ស្ដេច ជា​ព្រហមហាក្សត្រ​ជា​រៀងរហូត និង​អចិន្ត្រៃយ៍​នោះ​ដែរ ។ ព្រះមហាក្សត្រ ឬ​អ្នកដឹកនាំ​នគរ​ក៏​មិនមែន​សុទ្ធ​តែ​ជា​ព្រះបាទធម្មិក​ដែរ ។ ជួន​ព្រះពោធិសត្វ ព្រះអង្គ​ចាប់​ជាតិ​កើត​ជា​សត្វ ជា​មនុស្ស ជា​ទុរគតជន​ក្រីក្រ​តោកយ៉ាក ជា​អ្នកប្រាជ្ញ ឬ​ជា​ស្ដេច​ដែល​ប្រកប​ទៅ​ដោយ​ធម៌ ។ល។

ដូច្នេះ តាម​ទស្សនៈ​ព្រះពុទ្ធសាសនា​ថេរវាទ ព្រះមហាក្សត្រ ឬ​ពូជ​ស្ដេច​មិន​មែន​សុទ្ធ​តែ​មាន​តេជៈ​បុណ្យ​បារមី ជា​ព្រះអាទិទេព ឬ​ជា​ព្រះពោធិសត្វ​ឡើយ ។ អ្វី​ដែល​គេ​និយាយ អ្វី​ដែល​គេ​ធ្វើ​មិន​មែន​សុទ្ធ​តែ​ល្អ​ត្រឹមត្រូវ​ដូចជា​ព្រះពុទ្ធ​ដីកា​ នោះ​ទេ ។ ព្រះមហាក្សត្រ​ជា​មនុ្ស​ប្រថុជ្ជន​ដូច​សត្វ​ឯ​ទៀត​ក្នុង​លោក ។ ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា​ថេរវាទ​អាច​បំភ្លឺ​ឲ្យ​ប្រជាពលរដ្ឋ​យល់ និង​ជឿជាក់​ថា ៖ «អ្វី​ដែល​ព្រះមហាក្សត្រ​ខំ​និយាយ​ពន្យល់ ដើរ​តួ​ចាក់​ត្លុក​ទាំង​ប៉ុន្មាន​ជា​ការ​ភូតភរ​កុហក​បោក​ប្រាស់ បន្លំ​ចាក​ការ​ពិត​ទាំង​អស់ គឺ​ធ្វើ​ដើម្បី​រក្សា​ការពារ​អំណាច​ ផលប្រយោជន៍ និង​បុព្វសិទ្ធិ​របស់​គេ​តែ​ប៉ុណ្ណោះ ។» បាន​សេចក្ដី​ថា អ្នក​មាន​បុណ្យ​បារមី ឬ​ព្រះពោធិសត្វ​អាច​កើត​មាន​ជីវិត​រស់​នៅ​ក្នុង​គ្រប់​ក្រុម​គ្រួសារ គ្រប់​ស្រទាប់​វណ្ណៈ​មនុស្ស​សត្វ​លោក ។

គ. សាសនា​ជា​ឧបករណ៍​នយោបាយ

ដោយ ​សំអាង​ទៅ​លើ​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា​ថេរវាទ​ជាមូលដ្ឋាន​នៃ​បដិវត្តន៍ អ្នក​បដិវត្ត​ខ្មែរ​ក្នុង​សតវត្ស​ទី​១៤​អាច​បំបះបំបោរ ធ្វើ​ចលាចល និង​រំលំ​របប​រាជានិយម ។

ទស្សនៈ​ ទ្រឹស្ដី​ព្រះពុទ្ធសាសនា​ផ្នែក​ថេរវាទ ដែល​មាន​ខ្លឹមសារ​ខុស​អំពី​ព្រហ្មញ្ញ​សាសនា និង​ព្រះពុទ្ធសាសនា​មហាយាន​បាន​នាំ​មក​នូវ​ឧត្ដមគតិ​ថ្មី​មួយទៀត​ក្នុង​ការ​ រស់​នៅ​យល់​ឃើញ​អ្វី​ដែល​មាន​នៅ​ក្នុង​ជីវិត និង​សង្គម​ជាតិ ។ គឺ​ជាមូលហេតុ​ធ្វើ​ឲ្យ​ប្រជានុរាស្ត្រ​ខ្មែរ​ដែល​កំពុង​តែ​មាន​ទុក្ខវេទនា រក​ច្រក​ដោះស្រាយ រក​ក្ដី​សង្ឃឹម​មិន​ឃើញ នាំ​គ្នា​ជឿ អនុលោម​ គោរព និង​ចូលចិត្ត​យក​មក​ប្រតិបត្តិ ។ តែ​អ្នក​ដែល​ស្រឡាញ់​អំណាច​ក៏​ឆ្លៀត​យក​ព្រះពុទ្ធសាសនា​មក​ធ្វើ​ជា​ឧបករណ៍​ សម្រាប់​បម្រើ​ផលប្រយោជន៍​ក្រុម​បក្ស​ពួក​របស់​គេ​ដែរ ។

១. សម្រាប់​បំពាក់​ស្មារតី

គេ ​យក​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា​មក​ធ្វើ​ជា​មនោគមន៍វិជ្ជា​មក​ធ្វើ​ជា​ពាក្យ​ ស្លោក​សម្រាប់​ឃោសនា និង​ជា​អាវុធ​សម្រាប់​វាយ​ប្រហារ​ព្រះមហាក្សត្រ ។ ប្រជានុរាស្ត្រ​ខ្មែរ​ដែល​ធ្លាប់​រង​ទុក្ខវេទនា ឈឺចុកចាប់ ព្រាត់​ប្រាស​ក្រុមញាតិ​គ្រួសារ​ដោយសារ​ស្ដេច​អយុត្តិធម៌ ស្ដេច​ឃោរឃៅ កាច​សាហាវ​យង់ឃ្នង ត្រូវ​តែ​ពេញ​ចិត្ត​ ស្រឡាញ់​ជឿ ទទួល គោរព និង​អនុវត្ត​ទៅ​តាម​ទស្សនៈ​ថ្មី​របស់​ព្រះពុទ្ធសាសនា​ថេរវាទ ។

ដូច្នេះ គេ​យល់ និង​មាន​ជំនឿ​ថា វាសនា​អនាគត​របស់​គេ​ស្ថិត​នៅ​លើ​ព្រះពុទ្ធសាសនា​ផ្នែក​ថេរវាទ ពីព្រោះ​ទ្រឹស្ដី​ថ្មី​នេះ​ឆ្លើយ​តប​ទៅ​តាម​គោលគំនិត និង​ចំណង់​របស់​ប្រជាជន​ខ្មែរ​ដែល​យល់​ជឿ​ថា​ត្រឹមត្រូវ​ល្អ​ស័ក្តិសម ផ្សព្វផ្សាយ​នូវ​កុសល​បុណ្យទាន និង​មេត្តា​ករុណាធម៌​ទៅ​ដល់​អស់​សព្វសត្វ​ដោយ​ឥត​រើសអើង​វណ្ណៈ ។

គេ ​បាន​យក​កម្លាំង​ព្រះពុទ្ធសាសនា​ថេរវាទ​ទៅ​ប្រឈម​មុខ ប្រយុទ្ធ​តទល់​នឹង​លទ្ធិ​ព្រហ្មញ្ញ​សាសនា ។ គឺ​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​រាជានិយម​ផ្ដាច់ការ ពីព្រោះ​ព្រហ្មញ្ញសាសនា​ជា​តំណាង និង​ជា​ចន្ទល់​របស់​ព្រះមហាក្សត្រ ។ គឺ​ជា​ការ​ប្រយុទ្ធ តាម​ទ្រឹស្ដី តាម​មនោគមន៍វិជ្ជា ដូច​ដែល​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​ពិភពលោក​បច្ចុប្បន្ន​រវាង​លទ្ធិ​ កម្មុយនិស្ត និង​លោក​សេរី ។ កម្លាំង​នេះ​អាច​មាន​ឥទ្ធិពល​អនុភាព​ខ្លាំងក្លា អាច​ធ្វើ​បដិវត្តិន៍​រំលំ​របប​រាជានិយម ។

២. សម្រាប់​បំបាក់​ស្មារតី

តែ ​អ្នក​ដែល​ឈ្នះ​សង្គ្រាម កាន់​អំណាច​ថ្មី ដើម្បី​ជា​ការ​តប​ស្នង​គុណ​ដល់​ប្រជាជន​ខ្មែរ​ដែល​ធ្លាប់​ជួយ​ជ្រោមជ្រែង កម្ចាត់​ស្ដេច​ចាស់​ផ្ដាច់ការ អកុសល គ្មាន​ទសពិធរាជធម៌ គ្មាន​អ្វី​ក្រៅ​អំពី​ក្ដោប​ឱប​អំណាច និង​ប្រើ​អំណាច​ផ្ដាច់ការ ជិះជាន់​វាយ​បំបាក់​ប្រជារាស្ត្រ​ទាំង​នេះ​ឡើយ ។

ភាគបន្ត

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...