ប្រវត្តិសាស្ត្រខ្មែរដោយ រស់ ចន្ត្រាបុត្រ
ប្រវត្តិសាស្ត្រខ្មែរតាមសិលាចារឹក និងឯកសារចិន
៣. កម្ពុជាសម័យអង្គរ
ជ. ឱនភាពនៃប្រទេសកម្ពុជា
រាជ្យ ព្រះបាទជ័យវរ្ម័នទី៧ជាយុគមួយដ៏ធំខ្ពង់ខ្ពស់ ភ្លឺថ្លាត្រចះត្រងចង់ ថ្កុំថ្កើងក្រៃលែង នៅក្នុងប្រវត្តិសាស្ត្រខ្មែរ ។ តែបន្ទាប់មក ប្រទេសកម្ពុជាត្រូវធ្លាក់ចុះទន់ខ្សោយ បន្តិចម្ដងៗ ជាលំដាប់ ។ បុព្វហេតុមានជាច្រើន តែបុព្វហេតុទាំងនោះ គ្មានអ្វីជាថ្មីទេ ។ ខ្មែរតែងតែជួបប្រទះ ខ្មែរតែងតែស្គាល់ និងយល់ តែខ្មែរនៅតែដើរជាន់ដានចាស់ដដែល ពីសតវត្សមួយទៅសតវត្សមួយ ពីសម័យមួយទៅសម័យមួយ និងពីជំនាន់មួយទៅជំនាន់មួយ ។
១. ព្រះបាទឥន្ទ្រវរ្ម័នទី២ (គ.ស១២០១‑១២៤៣)
បន្ទាប់ ពីព្រះបាទជ័យវរ្ម័នទី៧ចូលទីវង្គត បុត្រព្រះអង្គជាមួយនឹងព្រះនាងឥន្ទ្រទេវី ព្រះនាមឥន្ទ្រវរ្ម័នទី២ត្រូវបានជ្រើសរើស និងបានទទួលអភិសេកឡើងសោយរាជសម្បត្តិប្រទេសកម្ពុជា ។
ដោយ ព្រះអង្គលុះទៅតាមគន្លងព្រះពុទ្ធសាសនា ព្រះអង្គនិយមសុខសន្តិភាព ហើយគ្មានគំនិតលោភលន់ចង់បានផលប្រយោជន៍ប្រទេសជិតខាងឡើយ ។ ដូចនេះហើយបានជាព្រះអង្គបញ្ជាឲ្យដកកងទ័ពខ្មែរចេញពីប្រទេសចម្ប៉ា ប្រគល់ឯករាជ្យភាព និងតែងតាំងឲ្យស្ដេចចាមម្នាក់ជាព្រះមហាក្សត្រនៅនគរចម្ប៉ា ។
ព្រឹត្តិការណ៍ ផ្សេងទៀតនៅក្នុងរជ្ជកាលស្ដេចអង្គនេះ យើងមិនបានស្គាល់ច្បាស់លាស់ទេ ដោយខ្វះឯកសារ ។ តែយើងអាចប៉ាន់ស្មានថា វិបត្តិយ៉ាងធំដែលខ្មែរត្រូវជួបទៅថ្ងៃក្រោយគឺបណ្ដាលមកអំពី ឥរិយាបថរបស់ព្រះបាទឥន្ទ្រវរ្ម័នទី២យល់ច្រឡំអំពីបញ្ហាជាតិ និងសាសនា ។ ព្រះអង្គសុគតក្នុងគ.ស១២៤៣ ។
២. ព្រះបាទជ័យវរ្ម័នទី៨ (គ.ស១២៤៣‑១២៩៥)
ព្រះមហាក្សត្រ អង្គនេះបានឡើងសោយរាជសម្បត្តិបន្ទាប់ពីព្រះបាទឥន្ទ្រវរ្ម័នទី ២ ។ តែគេមិនបានដឹងថាតើព្រះអង្គឡើងសោយរាជ្យដោយវិធីរបៀបណា ឡើយ ។ ចំណែកព្រះរាជវង្សខ្សែស្រឡាយការទាក់ទងនឹងព្រះមហាក្សត្រមុនក៏គេ មិនបានស្គាល់ដែរ ។
ការវិលត្រឡប់នៃព្រហ្មញ្ញសាសនា
គេ គ្រាន់តែដឹងថា ព្រះបាទជ័យវរ្ម័នទី៨នៅពេលឡើងសោយរាជ្យភ្លាម ព្រះអង្គប្រកាសឲ្យប្រជាជនខ្មែរគ្រប់វណ្ណៈ គ្រប់ស្រទាប់ជាន់ថ្នាក់ក្នុងនគរធ្វើសក្ការៈ គោរពបូជាតែព្រះអាទិទេពព្រះសិវៈមួយប៉ុណ្ណោះ ។ វត្តអារាម ព្រះពុទ្ធរូប និងកន្លែងសក្ការបូជាព្រះពុទ្ធសាសនាក្នុងនគរទាំងប៉ុន្មានត្រូវ ព្រះអង្គ ក្រុមព្រាហ្មណ៍បុរោហិត មន្ត្រីទាហាន និងបក្សពួកវាយបំបាក់បំបែកដុតបំផ្លិចបំផ្លាញ ធ្វើឲ្យខូចអន្តរាយអស់គ្មានសល់ ។ អ្វីដែលជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះអគ្គមហេសីជ័យរាជទេវី ព្រះអគ្គមហេសីឥន្ទ្រទេវី និងព្រះរាជបុត្របានកសាងដោយចិត្តបរិសុទ្ធក្នុងមាគ៌ាព្រះពុទ្ធសាសនា ត្រូវវិនាសហិនហោចអស់ ។
អ្នកនៅ បម្រើជុំជិតព្រះអង្គសុទ្ធតែជាពួកព្រាហ្មណ៍ ហើយមហេសីរបស់ព្រះអង្គម្នាក់ឈ្មោះ ចក្រវត្តីរាជាទេវី ត្រូវជាកូនស្រីរបស់ព្រាហ្មណ៍ ឫសីកេសៈ ដែលធ្លាប់មានឥទ្ធិពលនៅក្នុងប្រទេស ។ បងប្អូនជីដូនមួយបង្កើតព្រះនាងម្នាក់ជាព្រាហ្មណ៍ឈ្មោះ ជ័យមង្គលអដ្ឋៈ ដែលជាអ្នកប្រាជ្ញកំពូលក្នុងព្រហ្មញ្ញសាសនា ហើយដែលព្រះមហាក្សត្រ និងនាម៉ឺនតូចធំតែងតែកោតខ្លាច និងគោរព ។ ដើម្បីបញ្ជាក់បង្ហាញនូវទឹកចិត្តរបស់ព្រះអង្គចំពោះព្រហ្មញ្ញសាសនា ព្រះបាទជ័យវរ្ម័នទី៨បានកសាងប្រាសាទមួយសម្រាប់តម្កល់ដាក់រួប សំណាកព្រាហ្មណ៍ជ័យមង្គលអដ្ឋៈទុកជាទីសក្ការបូជា ។
ភាពរង្គោះរង្គើនៃមហាចក្រខ្មែរ
ឥរិយាបថ ផ្ដាច់ការរបស់ព្រះបាទជ័យវរ្ម័នទី៨ និងក្រុមបក្សពួក មិនបានបង្កើតបរិយាកាសរីករាយសុខសន្តិភាព ចម្រុងចម្រើននៅក្នុងនគរទេ ។ ផ្ទុយទៅវិញ ការជិះជាន់ចាប់ចងឃុំឃាំង កាប់សម្លាប់ពីបទប្រមាថមាក់ងាយសាសនា ការភ័យខ្លាចតក់ស្លុត ទុក្ខសោកព្រួយវេទនា ការស្អប់ខ្ពើមមិនសប្បាយចិត្ត និងអសន្តិសុខ បានផុសកើតនៅតាមគ្រប់ភូមិស្ថានក្នុងនគរ ។
ប្រទេស ជិតខាងដែលសង្កេតឃើញភាពរកេតរកូត ភាពទន់ខ្សោយខ្វះសាមគ្គីភាព ក៏ឆ្លៀតឱកាសនេះដែរដើម្បីគាបជញ្ជក់លេបយកទឹកដីនគរខ្មែរ ។
ក្នុង គ.ស១២៨២ ស្ដេចម៉ុងហ្គោល ឃូប៊ីឡាយ (Khoubilai) ជាចៅរបស់ហ្សង់ហ្ស៊ីសខាន់ (Gengis Khan) អ្នកដែលវាយប្រហារយកបានប្រទេសចិនដាក់ជាចំណុះ បានបញ្ជាមេទ័ពម្នាក់ឈ្មោះ សឺហ្គាទូ (Sogatou) ឲ្យដឹកនាំកងទ័ពចុះមកវាយប្រហារដណ្ដើមយកប្រទេសចម្ប៉ា និងកម្ពុជា ។ តែកងទ័ពចិនត្រូវបរាជ័យ ហើយមេទ័ពចិននោះក៏ត្រូវបាត់បង់ជីវិតក្នុងគ្រានោះដែរ ។ ព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៨ដែលយល់ថាស្ថានការណ៍មិនស្រួល បានសុខចិត្តនាំសួយសារអាករទៅថ្វាយស្ដេចម៉ុងហ្គោលដើម្បីសុំសេចក្ដី សុខ គឺនៅក្នុងគ.ស១២៨៥ ។
ប៉ុន្មាន ឆ្នាំក្រោយមក ពួកជនជាតិថៃ ដែលខ្មែរហៅថា សៀម ដែលធ្លាប់រស់ស្រុកយូណាន ក្នុងប្រទេសចិន ហើយដែលឥឡូវបានមកជ្រកកោនលើទឹកដីខ្មែរ បានផ្សំគំនិតរួមដៃគ្នាជាមួយស្ដេច នាម៉ឺនមុខមន្ត្រី មេទ័ពខ្មែររៀបចំជាកងទ័ពពលសេនាធ្វើសង្គ្រាមផ្ដាច់ទឹកដី ។
ក្នុង សតវត្សទី៨ នគររបស់ជនជាតិថៃឈ្មោះ ណាន់ឆាវ ស្ថិតនៅខាងជើងឆៀងខាងលិចប្រទេសភូមា ។ ដោយមានសង្គ្រាមទប់ទល់នឹងកងទ័ពស្ដេចម៉ុងហ្គោលឃូប៊ីឡាយមិនបាន ក្រុមជនជាតិថៃបានធ្វើដំណើរ រំកិលចុះបន្តិចម្ដងៗសំដៅមកទិសខាងត្បូង ។ ដំណើរចុះមកទិសខាងត្បូងរបស់ជនជាតិថៃមានមុខព្រួញពីរ មួយចុះទៅរកប្រទេសភូមា និងមួយទៀតសំដៅទៅរកស្រុកខ្មែរ ។ ដំណើរលូនសន្សឹមៗ វាតទីរបស់ថៃមកលើទឹកដីខ្មែរ និងភូមាបានចាប់ផ្ដើមក្នុងសតវត្សទី១២ ។ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍នៅមានដំណើរចុះមកទិសខាងត្បូងទីបី មួយទៀតដែលជាដំណើរចលនាវាតទឹកដីរបស់យួនសំដៅយកប្រទេស ចម្ប៉ា ។
ដំណើរថៃចុះមកវាតទីនៅ លើទឹកដីខ្មែរមានសភាពដូចជាស៊ីសង្វាក់គ្នារវាងជនជាតិទាំងពីរ រហូតដល់ទៅជនជាតិថៃបានរៀបចំដាក់ខ្លួនទទួលយកវប្បធម៌ និងអរិយធម៌ខ្មែរមកធ្វើជាកេរ្តិ៍មរតក សម្បត្តិរបស់សាសន៍ជាតិខ្លួនឯង ។ កាលនោះ ថៃមានឈ្មោះថា សៀម ឬ ស៊ីយ៉ាម ។ ក្នុងសតវត្សទី១៣ សង្គ្រាមប្រយុទ្ធគ្នារវាងខ្មែរ និងសៀម ចាប់ផ្ដើមមានជាញឹកញាប់ធ្វើឲ្យមានការខូចខាតជាច្រើនដល់ប្រទេស ជាតិ ។ កាលនោះ គឺស្ដេចខ្មែរមួយអង្គឈ្មោះ រាមាកំហែង ដែលបានផ្ដាច់ទឹកដីខ្មែរយកទៅបង្កើតនគរសៀម ហើយបានយកទីក្រុងខ្មែរ សុខោទ័យ ធ្វើជារាជធានី ។
អវសានរជ្ជកាល
ព្រឹត្តិការណ៍ ចុងក្រោយនេះត្រូវបានកត់ត្រាដោយអ្នកដំណើរចិនឈ្មោះ ជីវ តាក្វាន់ ដែលក្នុងសម័យនោះបានធ្វើដំណើរទៅស្រុកខ្មែរ ។ កាលនោះ ព្រះបាទជ័យវរ្ម័នទី៨មានព្រះជន្មកាន់តែច្រើន ចាស់ជរា ហើយកម្លាំងក៏លែងមាំមួន ។
ចិនជីវ តាក្វាន់ បានសរសេរទុកមកថា បុត្រីព្រះមហាក្សត្របានលួចព្រះខ័នរាជ្យធ្វើអំពីមាសយកទៅប្រគល់ឲ្យ ស្វាមីដែលជាមេទ័ពដ៏សំខាន់ម្នាក់ក្នុងនគរ ។ ព្រះខ័នរាជ្យជាតំណាងអំណាច និងរាជសម្បត្តិ ។ ដូច្នេះ ព្រះរាជបុត្រព្រះបាទជ័យវរ្ម័នទី៨ដែលត្រូវឡើងសោយរាជ្យបន្តពីឪពុក ដោយគ្មានព្រះខ័នរាជ្យសម្រាប់សម្គាល់ជាតំណាងអំណាច និងរាជបល្ល័ង្ក ក៏លែងមានសិទ្ធិនឹងឡើងសោយរាជ្យគ្រប់គ្រងនគរដែរ ។ គឺបុគ្គលមានព្រះខ័នរាជ្យដែលមានសិទ្ធិអំណាចត្រឹមត្រូវឡើងធ្វើជា ព្រះមហាក្សត្រកម្ពុជា ។ គ្រានោះ ព្រះមហាក្សត្រព្រះបាទជ័យវរ្ម័នទី៨មិនបានរិះរកមធ្យោបាយអ្វីមកទប់ ទល់ឡើយ ។ ព្រឹត្តិការណ៍នេះបានជំរុញ បង្ខំចិត្តព្រះបាទជ័យវរ្ម័នទី៨ឲ្យដាក់រាជ្យក្នុងគ.ស១២៩៥ ។
៣. ព្រះបាទឥន្ទ្រវរ្ម័នទី៣ (គ.ស១២៩៥‑១៣០៨)
ព្រះបាទ ឥន្ទ្រវរ្ម័នទី៣ជាកូនប្រសារបស់ព្រះបាទជ័យវរ្ម័នទី៨ ។ ក្នុងរាជ្យព្រះអង្គ ព្រះរាជបុត្រព្រះបាទជ័យវរ្ម័នទី៨ដែលត្រូវទទួលរាជសម្បត្តិពីឪពុក បានទៅបង្កទ័ព បង្កើើតចលាចលធ្វើសង្គ្រាមដណ្ដើមយករាជបល្ល័ង្កមកវិញ ។ តែព្រះអង្គត្រូវបរាជ័យ ហើយត្រូវព្រះបាទឥន្ទ្រវរ្ម័នទី៣ចាប់បាន ។
ព្រះបាទ ឥន្ទ្រវរ្ម័នទី៣បានបញ្ជាឲ្យកាត់ម្រាមជើងដើម្បីជាសញ្ញាបញ្ជាក់ ថា ស្ដេចអង្គនេះគ្មានអំណាចនឹងទាមទាររាជសម្បត្តិទេ ។ ព្រះបាទឥន្ទ្រវរ្ម័នទី៣បានបញ្ជាឲ្យយកព្រះអង្គទៅដាក់ចាក់សោឃុំ ទុកក្នុងបន្ទប់ងងឹតមួយក្នុងព្រះបរមរាជវាំង ។
Source: ប្រវត្ដិសាស្រ្ដ