ប្រវត្តិសាស្ត្រខ្មែរដោយ រស់ ចន្ត្រាបុត្រ
ប្រវត្តិសាស្ត្រខ្មែរតាមសិលាចារឹក និងឯកសារចិន
៣. កម្ពុជាសម័យអង្គរ
ឆ. ព្រះបាទជ័យវរ្ម័នទី៧ ឬមហានគរជំនាន់ទី៣ (គ.ស១១៨១‑១២០១)
ព្រះបាទជ័យវរ្ម័នទី៧ ព្រះរាជបុត្រព្រះបាទធរណិន្ទ្រវរ្ម័នទី២ ព្រះអង្គបានសម្ងំរស់នៅដោយគ្មានធ្វើ ឬបញ្ចេញសកម្មភាពអ្វីទាំងអស់ ក្នុងរាជ្យព្រះបាទត្រីភុវ័នអាទិត្យវរ្ម័ន ។ សិលាចារឹកខ្មែរនៅប្រាសាទភិមានអាកាសបានសរសេរចារទុកមកថា ៖ «ព្រះអង្គរង់ចាំឱកាសល្អដើម្បីចេញមកស្រោចស្រង់ផែនដីដែលពោរពេញទៅ ដោយបាបកម្ម» ។ ការអត់ធ្មត់ ព្យាយាមតស៊ូ រង់ចាំរបស់ព្រះបាទជ័យវរ្ម័នទី៧មានរយៈពេលដល់ទៅ១៧ឆ្នាំ ។
១. ចលនាតស៊ូរំដោះជាតិ
កាលបើ បានដឹងថាស្ដេចជ្រែករាជ្យអស់ព្រះជន្ម ព្រះជ័យវរ្ម័នក៏ចេញមុខប្រមែប្រមូល បំបះបំបោរប្រជានុរាស្ត្រ រៀបចំចលនាតស៊ូដើម្បីរំដោះជាតិមាតុភូមិពីកណ្ដាប់ដៃខ្មាំង គឺនគរចម្ប៉ា ។ ការតស៊ូរំដោះជាតិរបស់ព្រះអង្គមានរយៈពេលយូរបង្គួរមុននឹង ព្រះអង្គសម្រេចបានបោសសម្អាតទឹកដីខ្មែរពីការកាន់កាប់ជិះជាន់របស់ អាណានិគមបរទេសចម្ប៉ា ។
សង្គ្រាមវាយឆ្មក់
នៅ គ្រប់ទិសទី កងទ័ពខ្មែរស្ម័គ្រចិត្តត្រូវបានប្រមូលផ្ដុំជាក្រុម ហាត់រៀនហ្វឹកហ្វឺនគ្រប់មុខវិជ្ជាសិល្ប៍សាស្ត្រ ក្បួនពិជ័យសង្គ្រាម ។ ជាពិសេសក្នុងផ្នែករបៀបដាក់រាយអន្ទាក់វាយឆ្មក់ ។
យុទ្ធសាស្ត្រ វាយឆ្មក់ត្រូវបានព្រះអង្គអនុវត្តនាឆ្នាំដំបូងដែលកងទ័ពព្រះអង្គ មិនទាន់មានកម្លាំងគ្រប់គ្រាន់នឹងវាយប្រហារសត្រូវដោយចេញ មុខ ។ ចលនាតស៊ូរំដោះជាតិរបស់ព្រះជ័យវរ្ម័នបានប្រើពេលវេលាជិត៥ឆ្នាំ មុននឹងមានលទ្ធភាពអាចប្រយុទ្ធតទល់សត្រូវចាម ។ ព្រះអង្គបានរៀបចំកសាងកងកម្លាំងទ័ពជើងទឹកមួយយ៉ាងសំខាន់ទុក សម្រាប់ទប់ទល់វាយកម្ទេចទូកចាម ។ ពីព្រោះព្រះអង្គសង្កេតឃើញ យល់ច្បាស់ថា កម្លាំង និងចំណុចខ្សោយរបស់នគរចម្ប៉ាស្ថិតនៅលើកងនាវាចរ ។ ដូច្នេះ ប្រសិនបើព្រះអង្គវាយកម្ទេចកងទ័ពទូកចាមបាន ព្រះអង្គក៏អាចយកជោគជ័យរំដោះជាតិមាតុភូមិចេញពីកណ្ដាប់ដៃខ្មាំង រួចដែរ ។
ជ័យជំនះផ្ដាច់ព្រ័ត្រលើកងទ័ពចម្ប៉ា
ដូច ការត្រះរិះគិតពិចារណាមែន ព្រះបាទជ័យវរ្ម័នបានយកជ័យជំនះលើទ័ពចាម ដោយបានធ្វើចម្បាំងចេញមុខវាយប្រយុទ្ធកម្ទេចបំផ្លាញអស់កងទ័ព នាវាចរចាម ។ ទិដ្ឋភាពចម្បាំងយ៉ាងសាហាវតាមទូកសំពៅលើទន្លេត្រូវបានសិល្បករ ខ្មែរឆ្លាក់ជាប់លើជញ្ជាំងថែវប្រាសាទបាយ័ន ។ សិលាចារឹកនៅប្រាសាទបន្ទាយឆ្មារក៏សរសេរចារអធិប្បាយអំពី ព្រឹត្តិការណ៍ចម្បាំងប្រយុទ្ធគ្នាតាមផ្លូវទឹកលើទន្លេ និងជ័យជំនះយ៉ាងអស្ចារ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ទៅលើស្ដេចចាម ដែរ ។ កងសេនាយោធាចាមជាច្រើនបាក់ទ័ពរត់ប្រសាចគ្មានទិសតំបន់ ។ ខ្លះទៀតត្រូវកងទ័ព ខ្មែរកាប់សម្លាប់ និងចាប់ធ្វើជាឈ្លើយ គឺនៅក្នុងគ.ស១១៨១ ។ ព្រះអង្គរំដោះដណ្ដើមយកមហានគរមកវិញបាន ហើយទឹកដីខ្មែរក៏បានចេញផុតរួចពីនឹមអាណានិគមនគរចម្ប៉ាក្នុង គ្រានោះដែរ ។
ព្រះអង្គបាន ប្រកាសខ្លួនជាព្រះមហាក្សត្រប្រទេសកម្ពុជា ។ ព្រះនាមព្រះអង្គជាក្សត្រគឺព្រះបាទជ័យវរ្ម័នទី៧ គឺនៅក្នុងគ.ស១១៨១ដដែល ។ ព្រះអង្គតាំងទីព្រះបរមរាជវាំងនៅព្រះរាជធានីយសោធរបុរៈដដែល ។
២. សង្គ្រាមសងសឹករបស់ស្ដេចនគរចម្ប៉ា
បរាជ័យ ដ៏សែនជូរចត់នេះមិនបានធ្វើឲ្យស្ដេចនគរចម្ប៉ាភ័យខ្លាច ឬបាក់អំណួតទេ ។ ដើម្បីលុបលាងកិត្តិយស ការអាមាសមុខ ស្ដេចចាម ព្រះជ័យឥន្ទ្រវរ្ម័នទី៤ត្រូវតែធ្វើសង្គ្រាមច្បាំងនឹងខ្មែរម្ដង ទៀត ។ ព្រះអង្គត្រូវរង់ចាំ១០ឆ្នាំ ដើម្បីមានលទ្ធភាពអាចអនុវត្តផែនការសងសឹក ។
បរាជ័យរបស់នគរចម្ប៉ា
ម្ដង នេះក៏ដូចជាលើកមុនដែរ ក្នុងគ.ស១១៩០ ស្ដេចចាមបាននាំយកសួយសារអាករទៅថ្វាយស្ដេចយួន សុំកុំឲ្យលូកដៃក្នុងរឿងខ្មែរ ។ ស្ដេចចាមលើកកងពលយោធាយ៉ាងគគ្រឹកគគ្រេងចូលវាយប្រហារនគរកម្ពុជា ដោយសង្ឃឹមថានឹងបានជ័យជំនះឈ្នះខ្មែរដូចលើកមុនទៀតជា មិនខាន ។
តែ ព្រះបាទជ័យវរ្ម័នទី៧បានបញ្ជាកងទ័ពគ្រប់ទិសទីវាយប្រហារតបតទៅ វិញយ៉ាខ្លាំងក្លាមហិមា ខ្លាំងលាន់ឮជាងរន្ទះបាញ់ទាំងប្រាំបីទិស ធ្វើឲ្យសត្រូវបែកបាក់ខ្ចាត់ខ្ចាយរត់ចោលជួរ មានស្លាប់របួសច្រើនឥតគណនា ។ ព្រះបាទជ័យវរ្ម័នទី៧មិនបង្អង់ដៃ ព្រះអង្គវាយប្រហារសម្រុកបុករុករុលចូលទៅដល់ទឹកដីនគរ ចម្ប៉ា ។ សេចក្ដីក្លាហានអង់អាចរបស់ព្រះមហាក្សត្រខ្មែរត្រូវបានសិលាចារឹក ប្រាសាទជ្រុង ក្នុងនគរធំរៀបរាប់ថា ព្រះបាទជ័យវរ្ម័នទី៧បានស្រែកបបួលហៅស្ដេចចាមជ័យឥន្ទ្រវរ្ម័នទី៤ ឲ្យឡើងជិះដំរីចេញមកច្បាំងតទល់នឹងព្រះអង្គ ឲ្យអស់ពលសេនាមើល ។ តែ ស្ដេចចាមបែរខ្នងភ័យខ្លាចញ័រមិនហ៊ានចេញមកច្បាំងមួយទល់នឹងមួយ ជាមួយនឹងព្រះអង្គទេ ។ សង្គ្រាមខ្មែរ‑ចាមម្ដងនេះមិនយូរទេ ។ ព្រះបាទជ័យវរ្ម័នទី៧ដណ្ដើមយកព្រះរាជធានីនគរចម្ប៉ា ហើយចាប់ខ្លួនស្ដេចចាមបានក្នុងគ្រានោះ ។ នគរចាមទាំងមូលក៏ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃកងទ័ពខ្មែរកាន់កាប់ ត្រួតត្រាដែរ ។
ចម្ប៉ាក្លាយជាខេត្តខ្មែរ
ជ័យជំនះ តាមផ្លូវសង្គ្រាមទៅលើនគរចម្ប៉ាក្នុងពេលនោះបានជម្រុញព្រះបាទ ជ័យវរ្ម័នទី៧ឲ្យរំលាយបញ្ចូលទឹកដីនគរចម្ប៉ាមកជាទឹកដីខ្មែរតែ មួយ ។ ព្រះអង្គបានតែងតាំងប្អូនថ្លៃព្រះអង្គជាស្ដេចសោយរាជ្យនៅ ព្រះរាជធានីវិជ័យ និងគ្រប់គ្រេងខេត្តខណ្ឌដែលនៅជិតជុំវិញនោះ ។ ចំណែកខេត្តខណ្ឌនគរចម្ប៉ាផ្សេងៗទៀត ព្រះអង្គបានដាក់ឲ្យនៅក្រោមអំណាចរបស់ស្ដេចចាមមួយអង្គព្រះនាម វិទ្យាអន្ទ ដែលធ្លាប់តែស្មោះត្រង់បម្រើព្រះអង្គដោយភក្ដីភាព ។ ស្ដេចចាមអង្គនេះធ្លាប់បានរស់នៅមហានគរ បម្រើព្រះមហាក្សត្រជាយូរមកហើយ ហើយធ្លាប់ជួយព្រះអង្គក្នុងការបង្ក្រាបក្រុមបះបោរនៅខេត្តបាត់ដំបង គឺនៅក្នុងគ.ស១១៩០ ។
តែ ក្នុងគ.ស១២០៣ ក្រោយព្រះបាទជ័យវរ្ម័នទី៧ចូលទីវង្គត ស្ដេចចាមអង្គនេះបែកគំនិតចង់រំដោះនគរចម្ប៉ា និងបង្កើតធ្វើឲ្យមានឯកភាពវិញ ដែលជាហេតុបណ្ដាលឲ្យព្រះមហាក្សត្រខ្មែរមិនទុកចិត្ត ដកអំណាច និងបុណ្យស័ក្តិ ។ ពីថ្ងៃនោះមក រហូតដល់គ.ស១២២៦ នគរចម្ប៉ាបានក្លាយទៅជាខេត្តខ្មែរ ។
សង្គ្រាម រវាងខ្មែរ និងចាមមានរយៈពេលប្រហែលជិត១០០ឆ្នាំ ។ នៅទីបំផុត នគរចម្ប៉ាត្រូវចុះទន់អន់ខ្សោយ លែងមានឥទ្ធិពលធ្វើឲ្យប្រទេសកម្ពុជាភ័យព្រួយបារម្ភទៀតហើយ ។ ទាំងនេះមិនមែនបានសេចក្ដីថានគរចម្ប៉ារលត់រលាយអស់រូបរាងនោះ ទេ ។ ចាប់ពីគ.ស១២២៧ ព្រះមហាក្សត្រខ្មែរបានអនុញ្ញាតឲ្យមានការតែងតាំងជនជាតិចាមជា ចៅហ្វាយខេត្តចម្ប៉ា ។ ឯកង្វល់ធំរបស់ចម្ប៉ាមិនមែនប្រទេសខ្មែរឡើយ ។ សត្រូវធំរបស់ចាមគឺយួន ។
នយោបាយ ទ្រឹស្ដី និងទស្សនៈវាតទឹកដីនិយមរបស់យួន ចុះមកទិសខាងត្បូងបានលេបទឹកដីចាមបន្តិចម្ដងៗ រហូតទាល់តែអស់គ្មានសេសសល់ ទាំងទំនៀមទម្លាប់ ទាំងប្រពៃណី និងទាំងភាសា ។ នៅក្នុងសតវត្សទី១៨ គេកត់សម្គាល់ឃើញថា ព្រះរាជវង្សចម្ប៉ានៅមានដែរក្រោមការគ្រប់គ្រងរបស់យួន ។ យួនបានធ្វើវៀតណាមវូបនីយកម្មលើជនជាតិចាមទាំងអស់ ។ ជនជាតិចាមដែលមិនអាចទ្រាំទ្ររបបអំណាចយួនបានៗនាំគ្នារត់គេចភៀស ខ្លួនទៅរស់នៅស្រុកជ្វា ឬកម្ពុជា ។
៣. ប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧
ព្រះរាជវង្ស និងជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧ យើងស្គាល់បានមួយភាគធំដោយសារសិលាចារឹកនៅប្រាសាទជ្រុង ក្នុងរង្វង់នគរធំ សិលាចារឹកនៅប្រាសាទបន្ទាយឆ្មារ ក្នុងខេត្តបន្ទាយមានជ័យ សិលាចារឹកនៅប្រាសាទបាយ័ន នៅប្រាសាទតាព្រហ្ម និងជាពិសេស ដោយសិលាចារឹកនៅប្រាសាទភិមានអាកាស ដែលចងក្រងនិពន្ធតាក់តែងឡើងជាកំណាព្យកាព្យឃ្លោងដោយព្រះអគ្គមហេសី របស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងឥន្ទ្រទេវី ។
ព្រះរាជវង្ស
បើតាម ការសិក្សាស្រាវជ្រាវរបស់លោក ហ្សក សឺដេស (George Coedès) ព្រះបាទជ័យវរ្ម័នទី៧ប្រហែលជាប្រសូត យ៉ាងយូរណាស់ក្នុងគ.ស១១២៥ ។ ព្រះមាតាព្រះអង្គព្រះនាមជ័យរាជចូឌាមណី ។ ព្រះបិតាព្រះអង្គព្រះនាមធរណិន្ទ្រវរ្ម័នទី២ ដែលសោយរាជ្យបន្ទាប់ពីព្រះបាទសុរិយាវរ្ម័នទី២ ។ ព្រះអង្គត្រូវជាចៅមីងរបស់ព្រះបាទជ័យវរ្ម័នទី៦ និងត្រូវជាក្មួយព្រះបាទសុរិយាវរ្ម័នទី២ ។
ដូច្នេះ យើងឃើញថា តាមរយៈម្ដាយ ព្រះអង្គជាប់ចុះមកពីព្រះរាជវង្សព្រះមហាក្សត្រខ្មែរជំនាន់មុន មហានគរ (ឬមុនអង្គរ ឬក្នុងសម័យនគរហ្វូណន‑ចេនឡា) ។ ហើយតាមខ្សែស្រឡាយព្រះរាជវង្សឪពុក ព្រះអង្គចុះមកពីព្រះសន្តតិវង្សមហិធរបុរៈ ។
យុវភាព
តាម រយៈសិលាចារឹកដដែល យើងបានដឹងថា កាលបិតាព្រះអង្គព្រះធរណិន្ទ្រវរ្ម័នទី២នៅសោយរាជ្យជាព្រះមហាក្សត្រ កម្ពុជា ព្រះបាទជ័យវរ្ម័នទី៧បានទទួលតំណែងជាមេទ័ពធំកំពូលដឹកនាំកងពលសេនា ខ្មែរទៅធវ្ើសង្គ្រាមតទល់នឹងនគរចម្ប៉ា ។ កាលនោះ ព្រះអង្គព្រះជន្មបាន២៥ព្រះវស្សា ។
បើ តាមសិលាចារឹក យើងអាចស្មានបានថា កាលនោះ ព្រអង្គមានមហេសីរួចស្រេចទៅហើយ ។ ព្រះនាមរបស់ព្រះនាងគឺ ជ័យរាជទេវី ។ ជាមួយនឹងព្រះនាង ប្រហែលជាក្នុងគ.ស១១៤៥ ព្រះអង្គបានមានព្រះរាជបុត្រមួយព្រះអង្គព្រះនាម ស្រីឥន្ទ្រកុមារ ។ ព្រះបាទជ័យវរ្ម័នទី៧ត្រូវបែកព្រាត់ប្រាសពីប្រពន្ធកូន ដោយក្ដីវិយោគអួលណែនចុកចាប់រៀងរាល់ថ្ងៃ ពុំដែលមានល្ហែល្ហើយឡើយ ។ ទុក្ខសោកសង្រេងឈឺខ្លោចផ្សារីងរៃដោយការព្រាត់ប្រាសនេះត្រូវបាន ព្រះនាងឥន្ទ្រទេវី ជាបងស្រីបង្កើតរបស់មហេសីព្រះអង្គ សសេរចារវេញចងក្រងជាភួងកំណាព្យលើផ្ទាំងសិលាប្រាសាទ ភិមានអាកាស ។
ព្រះនាងឥន្ទ្រទេវី បានរៀបរាប់អធិប្បាយថា ៖ «ព្រះមហេសីព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងជ័យរាជទេវី ប្រៀបបានទៅនឹងព្រះនាងសិតាដែលកំពុងតែព្រាត់ពីស្វាមីគឺ ព្រះរាម ។ ព្រះរាមគឺព្រះបាទជ័យវរ្ម័នទី៧ ។ ឯស្ដេចចាមប្រៀបបានទៅនឹងក្រុងរាពណ៍ ។ នៅពេលដែលព្រះស្វាមីយាងចេញទៅធ្វើសង្គ្រាមនឹងខ្មាំង ព្រះនាងជ័យរាជទេវី បានចូលកាន់សីល កាន់ត្រណម គោរពទៅតាមក្បួនខ្នាតប្រពៃណី មិនហ៊ានធ្វេសប្រហែសសោះឡើយ ។ ព្រះនាងតែងតែខំសិក្សាស្វាធ្យាយធម៌ បួងសួងបន់ស្រន់សុំឲ្យព្រះស្វាមីបានជួបតែសេចក្ដីសុខ និងជ័យជំនះលើសត្រូវ ។ ព្រះនាងមានរូបរាងកាយស្គាំងស្គម ហើយមិនយកចិត្តទុកដាក់នឹងសក់ព្រះនាងឡើយ ។ កាលណាបើនឹកឃើញទៅដល់ព្រះស្វាមីម្ដងៗ ព្រះនាងតែងតែឈឺចុកចាប់ពើតក្នុងទ្រូង ។ តែការឈឺចុកចាប់នេះបានធ្វើឲ្យព្រះនាងសប្បាយរំសាយទុក្ខទៅ វិញ ។ ព្រះនាងជ័យរាជទេវីនៅស្មោះត្រង់រង់ចាំការវិលត្រឡប់របស់ ព្រះជ័យវរ្ម័នជានិច្ច ។»
ជីវិតតស៊ូ ព្យាយាម រង់ចាំ
នៅ គ.ស១១៦០ ព្រះបាទជ័យវរ្ម័នទី៧កំពុងតែធ្វើចម្បាំងប្រយុទ្ធជាមួយកងទ័ពនគរ ចម្ប៉ានៅមុខទីក្រុងវិជ័យ ។ គ្រានោះ ព្រះអង្គបានទទួលដំណឹងថាព្រះបិតាព្រះអង្គចូលទីវង្គត ហើយព្រះបាទយសោវរ្ម័នទី២បានឡើងសោយរាជ្យជំនួស ។
នៅ ចំពោះមុខស្ថានការណ៍ផ្លាស់ប្ដូរនេះ ព្រះអង្គពុំបានផ្លាស់ប្ដូរចិត្តគំនិតអ្វីទាំងអស់ ។ ព្រះអង្គនៅតែបន្តធ្វើសង្គ្រាមវាយប្រហារនគរចាម ហើយគោរពស្មោះស្ម័គ្របម្រើព្រះមហាក្សត្រថ្មីដោយគ្មានវៀចវេរ ។ នៅពេលដែលព្រះអង្គទទួលដំណឹងដឹងថា នៅព្រះរាជធានីមានមន្ត្រីក្បត់ចង់ធ្វើឃាតព្រះមហាក្សត្រ ព្រះអង្គបានធ្វើដំណើរយាងចូលមកនគរវិញដើម្បីជួយការពារជ្រោមជ្រែង ព្រះរាជា ។ តែព្រះអង្គមកដល់យឺតពេល ហើយសោកនាដកម្មបានកន្លងហួសផុតរួចស្រេចបាត់ទៅហើយ ។ ព្រះបាទយសោវរ្ម័នទី២ត្រូវគេធ្វើឃាត ហើយព្រះរាជបុត្រព្រះអង្គ ព្រះស្រីឥន្ទ្រកុមារ ក៏ប្រហែលជាអស់សង្ខារក្នុងសម័យជាមួយគ្នានោះដែរ ។ ក្នុងគ.ស១១៦៥ បើតាមសិលាចារឹកប្រាសាទបន្ទាយឆ្មារ ស្ដេចថ្មីព្រះនាមត្រីភុវ័នអាទិត្យបានរៀបចំធ្វើពិធីព្រះរាជាភិសេក ហើយប្រកាសតាំងខ្លួនជាព្រះមហាក្សត្រនគរកម្ពុជា ។
Source: ប្រវត្ដិសាស្រ្ដ