ប្រវត្តិសាស្ត្រខ្មែរដោយ រស់ ចន្ត្រាបុត្រ
ប្រវត្តិសាស្ត្រខ្មែរតាមសិលាចារឹក និងឯកសារចិន
៣. កម្ពុជាសម័យអង្គរ
ច. សង្គ្រាមរវាងខ្មែរ និងនគរចម្ប៉ា
តាមសិលាចារឹកខ្មែរ និងកំណត់ឯកសារប្រវត្តិសាស្ត្រចិនជំនាន់ដើម យើងកត់សម្គាល់ឃើញថា ប្រទេសខ្មែរតែងតែជួបប្រទះ ធ្វើសង្គ្រាមតទល់ជាមួយនឹងនគរចម្ប៉ាជាញឹកញាប់ ។ ពីព្រោះនៅអាស៊ីអគ្នេយ៍ក្នុងសម័យនោះ កម្លាំង ឬជនជាតិសាសន៍ដែលប្រឈមមុខគ្នាមានតែខ្មែរ និងចាមប៉ុណ្ណោះ ។ សង្គ្រាមនេះ ជាសង្គ្រាមវាតទឹកដី វាតអំណាច វាតឥទ្ធិពល ដែលនាំមកនូវផលអាក្រក់មហន្តរាយយ៉ាងធ្ងន់ធ្ងរបំផុតដល់ជោគវាសនា ប្រទេសចម្ប៉ា ។
១. ដើមកំណើតនគរចម្ប៉ា
ជនជាតិចាម មានដើមកំណើតចេញមកពីជនជាតិជ្វា ឬម៉ាឡេ និងប៉ូឡេណេស៊ី ដែលរស់នៅក្នុងភូមិភាគប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បច្ចុប្បន្ននេះ ។
នៅដើមសតវត្សទី ១នៃគ្រិស្តសករាជ ជនជាតិចាមដែលមានឈ្មោះល្បីល្បាញជាអ្នកប៉ិនប្រសប់ខាងធ្វើដំណើរ តាមសមុទ្រ បាននាំគ្នាមកកាន់កាប់ទឹកដីចន្លោះជួរភ្នំអណ្ណាម និងសមុទ្រ ។ ព្រំប្រទល់ខាងជើងជាប់នឹងទឹកដីខេត្តចិនតុងកឹង និងខាងត្បូងជាប់នឹងទឹកដីខ្មែរកម្ពុជាក្រោម ។ គឺជាច្រកទឹកដីមួយចង្អៀតដោយមានរបាំងធម្មជាតិ (ជួរភ្នំអណ្ណាម) ឃាំងជាប់នៅទិសខាងលិច និងខាងកើត (សមុទ្រចិន) ។
ក្នុង សតវត្សទី២នៃគ្រិស្តសករាជ ជនជាតិចាមបានរៀបចំទឹកដីនេះឲ្យក្លាយទៅជានគរមួយមានឈ្មោះនគរ ចម្ប៉ា ដែលអ្នកដំណើរចិនដាក់ឈ្មោះហៅថា លីនយី ។ ជាដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នគរចម្ប៉ាបានទទួលឥទ្ធិពលអំពីប្រទេសឥណ្ឌា ហើយគោរពបូជាព្រហ្មញ្ញសាសនា ។ ព្រះមហាក្សត្រចាមទាំងប៉ុន្មានតែតែប្រកាសតាំងខ្លួនចុះមកពី ព្រះសិវៈ ឬព្រះឥសូរ ។
២. បុព្វហេតុសង្គ្រាមខ្មែរ និងចម្ប៉ា
ដោយ ទឹកដីរបស់ខ្លួនត្រូវចង្អៀតតូច ដោយប្រជាជនចេះតែកើនឡើងចំនួន ហើយម្យ៉ាងទៀតដោយសារនៅទិសខាងលិចមានជញ្ជាំងជួរភ្នំអណ្ណាមយ៉ាង ខ្ពស់ស្កឹមស្កៃ មិនអាចឆ្លងកាត់បាន នគរចម្ប៉ាគ្មានមធ្យោបាយអ្វីក្រៅអំពីវាតទឹកដីចុះទៅក្រោម ឬឡើងទៅលើឡើយ ។
ពីសតវត្សទី៣ ទៅទិ៤ នៃគ្រិស្តសករាជ បានពង្រឹងកម្លាំងទាំងអស់វាយលុកប្រហារដណ្ដើមយកខេត្តចិន តុងកឹង ។ តែសង្គ្រាមនេះហាក់ដូចជាមិនបាននាំមកនូវជោគជ័យដល់នគរចម្ប៉ា ទេ ។ ជនជាតិយួនបានវាយតបតវិញ ធ្វើឲ្យចាមទប់មិនបាន ហើយដកឃ្លារើរាជធានីពីឥន្ទ្របុរៈ (ស្ថិតនៅក្នុងប្រទេសវៀតណាមបច្ចុប្បន្ន ត្រង់ចំណុចត្រាគីវ ខាងលិចមីសឹង) ចុះមកតាំងទីនៅឯប៉ាន់ដុរ៉ាង (បច្ចុប្បន្នទីក្រុងវៀតណាម ផាន់រ៉ាង) ។ បន្ទាប់មក រាជធានីចាមត្រូវលើកមកនៅ កាវធារ៉ា (បច្ចុប្បន្នទីក្រុងវៀតណាម ញ៉ាត្រាង) ។
មិន តែប៉ុណ្ណោះ ជាច្រើនលើកច្រើនគ្រា នគរចម្ប៉ាត្រូវពួកជ្វាចោរសមុទ្រលើកទ័ពតាមទូកសំពៅចូលមកលុកលុយ វាយប្រហារកាប់សម្លាប់ ធ្វើបាបលួចប្លន់ ដុតបំផ្លិចបំផ្លាញជារឿយៗ ពីគ.ស៧៦៥ ទៅគ.ស៧៨៧ ។ កងទ័ពចិនដែលត្រួតត្រានៅតុងកឹង ក៏ធ្លាប់បានវាយកម្ទេចចម្ប៉ាដាក់ជានគរចំណុះដែរ ។ បន្ទាប់មកក្នុងគ.ស១០៤៥ កងទ័ពយួនបានយកជ័យជំនះលើកងទ័ពចាម ដណ្ដើមយកបានព្រះរាជធានីឥន្ទ្របុរៈ ហើយលួចប្លន់យកអស់ភោគផលទ្រព្យសម្បត្តិធនធានរបស់ចាម ។ ក្នុងគ.ស១០៦១ ទឹកដីខេត្តបីរបស់ចាមត្រូវយួនកាត់យកមកបញ្ចូលធ្វើជាទឹកដី យួន ។
គឺនៅក្នុងស្ថានភាពដូច្នេះ ហើយ ដែលនគរចម្ប៉ាត្រូវតែរកផ្លូវរកទិសរុលបុកវាយវាតទីទឹកដីចុះមក ក្រោម ឬមកខាងត្បូងសំដៅប្រទេសកម្ពុជា ។ ដំបូង ការចុះតម្រង់ចូលមកក្នុងទឹកដីខ្មែរ គ្មានលក្ខណៈជាការវាយប្រហារ ឬជាសង្គ្រាមទេ ។ គឺជាក្រុមចោរតូចតាចដែលនាំគ្នាមកលួចប្លន់ កាប់សម្លាប់ប្រជាពលរដ្ឋខ្មែរដើម្បីរករស់តែប៉ុណ្ណោះ ។ គំនិតចង់វាតទឹកដីយកខេត្តខណ្ឌនគរខ្មែរហាក់ដូចជាមិនទាន់មាន ទេ ។ ពួកក្រុមចោរចាមទាំងនោះ ជួនត្រូវព្រះមហាក្សត្រខ្មែរវាយប្រហារដេញសម្លាប់កម្ទេចចោល ជួនត្រូវបានព្រះអង្គអនុញ្ញាតឲ្យរស់នៅលើទឹកដីខ្មែរដើម្បីបម្រើ នយោបាយ និងផលប្រយោជន៍ខ្មែរ ។
ប៉ុន្តែ ចូលមកដល់គ.ស៨០៩ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ មានស្ដេចចាមមួយអង្គប្រហារនគរខ្មែរ ។ តែកងទ័ពចាមត្រូវបរាជ័យបាក់បែករត់ខ្ចាត់ខ្ចាយរលាយអស់ ។ វិបត្តិរវាងខ្មែរ និងចាមក៏ចេះតែរីកធំឡើងជាលំដាប់តាមកាលវេលា ។
ក្នុង គ.ស៩៤៥‑៩៤៦ វិវាទខ្មែរ‑ចាមមានកម្រិតយ៉ាងខ្ពស់ខ្លាំង ក្លាយផ្ទុះជាសង្គ្រាម ។ កងទ័ពខ្មែរ ក្រោមការដឹកនាំរបស់ព្រះហាក្សត្រខ្មែរ ព្រះបាទរាជឥន្ទ្រវរ្ម័ន បានវាយរុញច្រានកម្ចាត់កងទ័ពចាម វាយប្រយុទ្ធចូលលុកសម្រុកដល់នគរចម្ប៉ា ហើយដណ្ដើមយកបានព្រះរាជធានីកាវធារ៉ា ។ សិលាចារឹកចាមបានសរសេរចាររៀបរាប់អំពីសង្គ្រាមនេះ ដោយបញ្ជាក់ថា កងទ័ពខ្មែរបានលួចយករូបព្រះបដិមាព្រះនាងភគវត្តីដែលធ្វើអំពីមាស ។
សង្គ្រាម និងអធិករណ៍នគរខ្មែរ និងចាមមានរយៈពេលជាង៧៥ឆ្នាំ ។ តែក្នុងរយៈពេលចុងក្រោយដែលនគរចម្ប៉ាទទួលការវាយប្រហារកៀបសង្កត់ យ៉ាងខ្លាំងពីសំណាក់យួន ចម្ប៉ាហាក់ដូចជាងាកមកស្វែងរកការគាំទ្រពីកម្ពុជាវិញ ។
៣. សង្គ្រាមខ្មែរ‑ចាម ក្នុងរជ្ជកាលព្រះបាទសុរិយាវរ្ម័នទី២
ចូល មកដល់រជ្ជកាលព្រះបាទសុរិយាវរ្ម័នទី២ដែលប្រទេសកម្ពុជាកំពុងតែ ជួបប្រទះសង្គ្រាមកាប់សម្លាប់គ្នា នគរចម្ប៉ាបានបញ្ជូនកងទ័ពឲ្យមករាតត្បាត លុកលុយ និងកាន់កាប់ត្រួតត្រាដែនដីខ្មែរនៅដីសណ្ដទន្លេមេគង្គ ។ កងទ័ពចាមបានដុតបំផ្លាញផ្ទះសម្បែង ភូមិស្ថានប្រជារាស្ត្រខ្មែរ ជិះជាន់ កាប់សម្លាប់ លួចប្លន់ដឹកជញ្ជូនទ្រព្យសម្បត្តិអ្នកស្រុកអ្នកភូមិខ្មែរ ដែលរស់នៅតាមឆ្នេរសមុទ្រទឹកដីកម្ពុជាក្រោម ។ ពលរដ្ឋខ្មែរស្លូតត្រង់ជាច្រើនត្រូវចាមចាប់ចងកៀរកណ្ឌជាឈ្លើយយក ទៅធ្វើជាទាសាទាសី ។
ព្រះបាទ សុរិយាវរ្ម័នទី២ កាលបើពង្រឹងអំណាច និងរៀបចំទឹកដីឲ្យមានឯកភាពរួចស្រេចហើយ ព្រះអង្គក៏ចាប់ផ្ដើមបើកការវាយប្រហារ ដេញកម្ចាត់ទ័ពចាមចេញពីនគរ ។ ក្នុងគ.ស១១២៣ ព្រះអង្គបានតាមដេញកងទ័ពចម្ប៉ារហូតទៅដល់ស្រុកយួន ។ ដោយស្ដេចយួន លីកោងប៊ិញ បានការពារ អនុញ្ញាតឲ្យទ័ពចាមអាចជ្រកកោនរស់នៅលើទឹកដីរបស់ខ្លួន ព្រះបាទសុរិយាវរ្ម័នទី២ក៏ប្រកាសធ្វើសង្គ្រាមនឹងនគរយួន ។ ព្រះអង្គបានលើកទ័ពចំនួន២០០០០នាក់ ធ្វើដំណើរចុះតាមដោយសំពៅទូកចំនួន៧០០គ្រឿង ឆ្លងកាត់សមុទ្រទៅចម្បាំងនឹងយួន ។
ក្នុង គ.ស១១៣១ ដោយយល់ឃើញថា យួនជាសត្រូវមួយដ៏ធំដែលអាចនាំមកផលអាក្រក់គ្រប់បែបយ៉ាងដល់ កម្ពុជា ព្រះអង្គក៏សម្រេចចិត្តលើកទ័ពទៅវាយកម្ទេចម្ដងទៀតឲ្យចប់ ។ ស្ដេចចាមឈ្មោះជ័យឥន្ទ្រវរ្ម័នទី៣បានធ្វើជាសម្ព័ន្ធមិត្ត នាំកងទ័ពរួមកម្លាំងនឹងទ័ពខ្មែរទៅវាយប្រយុទ្ធធ្វើសឹកនឹង យួន ។ ប៉ុន្តែទ័ពខ្មែរ‑ចាមទាំងពីរមិនបានយកជ័យជំនះឈ្នះទ័ពយួនទេ ។ ក្នុងគ.ស១១៣៦ ដោយស្ថិតនៅចំពោះមុខភាពដ៏សែនអាសន្ន ស្ដេចចាមបានលួចដកខ្លួនរត់ចោលកងទ័ពខ្មែរ ហើយទៅសុំចុះចូលស្ដេចយួន ។ ជាថ្នូរដើម្បីយករួចខ្លួនដើម្បីសេចក្ដីសុខសុំកុំឲ្យស្ដេចយួន ខឹងប្រកាន់ចាប់ទោសអូសដំណើរ ស្ដេចចាមព្រះបាទជ័យឥន្ទ្រវរ្ម័នទី៣បានដាក់នគរចម្ប៉ាចំណុះ យួន ។ ចំណែកព្រះបាទសុរិយាវរ្ម័នទី២ ព្រះអង្គត្រូវបង្ខំចិត្តដកកងទ័ពពលរេហ៍ចេញពីស្រុកយួន ។
នៅ ចំពោះមុខភាពមិនស្មោះត្រង់ គ្មានសេចក្ដីក្លាហានរបស់ស្ដេចនគរចម្ប៉ា ព្រះបាទសុរិយាវរ្ម័នទី២ តែងតែចិញ្ចឹមចិត្តសងសឹកលាងកិត្តិយសជានិច្ច ។ ព្រះអង្គបានគិតយ៉ាងល្អិតល្អន់ថា ត្រូវតែធ្វើសង្គ្រាមមួយទៀតវាយកម្ទេចនគរចម្ប៉ាឲ្យបាក់ស្បាត ហើយយកមកដាក់បញ្ចូលជាទឹកដីខេត្តខណ្ឌខ្មែរ ។ ក្នុងគ.ស១១៤៥ ព្រះមហាក្សត្រខ្មែរ ព្រះបាទសុរិយាវរ្ម័នទី២បានលើកកងពលទាហានសេនាយ៉ាងច្រើន សម្បើមអស្ចារ្យទៅវាយប្រហារនគរចម្ប៉ា ។ កងទ័ពខ្មែរបានចេញប្រសាចទៅរោមឡោមព័ទ្ធកងទ័ព បន្ទាយ និងទីក្រុងចាមគ្រប់ទិសទី ។ ព្រះរាជាខ្មែរបានវាយកម្ទេចយកជ័យជំនះឈ្នះលើទ័ពចាមនៅត្រង់ វាលសាក្លាង ។ ស្ដេចចាមត្រូវបាត់ខ្លួន (ឬអស់ព្រះជន្ម ?) នៅលើសមរភូមិ ។ ព្រះរាជធានីចាមវិជ័យត្រូវធ្លាក់មកក្នុងកណ្ដាប់ដៃខ្មែរ ។ កងទ័ពខ្មែរក៏បានដណ្ដើមកាន់កាប់ត្រួតត្រានគរចម្ប៉ាទាំងមូល ។
Source: ប្រវត្ដិសាស្រ្ដ