និយាយដល់និម្មិតសញ្ញា Rolls Royce ប្រជាជកម្ពុជាភាគច្រើនប្រាកដជានិយាយហើយថា វាគឺជាឡានថ្លៃ ហើយអ្នកដែលមានលុយល្មមៗគឺគ្មានលទ្ធភាពទិញជិះបានទេ ព្រោះតែតម្លៃរបស់វា រាប់សែនដុល្លារឯណោះ។
Rolls Royce Limited គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អង់គ្លេសត្រូវបានបង្កើតឡើងដោយស្ថានិកចំនួនពីររូបគឺលោក Charles Steward Rolls និងលោក Frederick Henry Royce។ លោក Charles Steward Rolls គឺជាអ្នកជំនាញបង្កើតគ្រឿងម៉ាស៊ីនរថយន្ត ម៉ាស៊ីនយន្តហោះ ខណៈលោក Frederick Henry Royce គឺជាអ្នកជំនាញច្នៃម៉ូដរថយន្ត។
ពួកគេទាំងពីរនាក់បានសហការគ្នានៅឆ្នាំ ១៩០៤ ហើយនៅថ្ងៃទី ១៥ មិនាឆ្នាំ ១៩០៦ ក៍លេចរូបរាងក្រុមហ៊ុន Rolls Royce Limited។ កេរ្តិ៍ឈ្មោះល្បីរន្ទឺរបស់ក្រុមហ៊ុន គឺជាគុណភាពវិស្វកម្មផលិតគ្មានគូរប្រៀបដែលបានក្លាយជារថយន្តល្អបំផុតក្នុងលោក។ ក្រុមហ៊ុន Rolls Royce Limited ត្រូវបានទទួលស្គាល់ចំពោះការផលិតម៉ាស៊ីន “R” ថាមពលខ្ពស់ដែលបំបែកកំណត់ត្រាលើដងផ្លូវ និងអាកាសព្រមទាំងជោគជ័យក្នុងការប្រណាំងរថយន្តផងដែរ។
ចំពោះម៉ូដែលរថយន្តនីមួយៗរបស់ក្រុមហ៊ុន Rolls Royce វិញមានតម្លៃខ្ពស់កប់ពពកជាង ១ លានកន្លះឬថ្លៃជាងនេះអាស្រ័យលើស៊េរីឆ្នាំរបស់វា។ រថយន្ត Rolls Royce មានលក្ខះពិសេស និងអស្ចារ្យខុសប្លែកពីរថយន្តផ្សេងទៀតក្នុងលោកពោលគឺសង្វាក់ផលិតកម្ម គ្រឿងសង្ហារឹមក្នុងឡាន និងការរចនារាល់ម៉ូដែលនីមួយៗសម្រិតសម្រាំងដោយមនុស្សផ្ទាល់។ ម្យ៉ាងវិញទៀតទេវរូប Spirit of Ecstasy ដែលជាគ្រឿងតុបតែងលើរថយន្ត Rolls Royce ជារូបនារីកំពុងត្រៀមរត់។
សម័យកាលក្រោយៗមក ក្រុមហ៊ុននេះក៏បានព្យាយាមរកដៃគូរល្អដើម្បីផលិតឡានឲ្យកាន់តែមានគុណភាព និង ពេញនិយមនៅលើទីផ្សារថែមទៀត រហូតដល់ការចាប់ដៃគូរជាមួយក្រុមហ៊ុនឡានល្បីល្បាញមួយរបស់អាល្លឺម៉ង់ គឺ BMW និង BMW Group ដើម្បីមើលទីផ្សារ ជាមួយការផលិតឲ្យត្រូវតាមតម្រូវការអ្នកប្រើប្រាស់ ។
បន្ទាប់ពីសម្ពោធក្រុមហ៊ុន Rolls Royce ហាក់មានស្ទុះទីផ្សារខ្លាំងនៅក្នុងតំបន់ និង ប្រទេសមហាអំណាចមួយចំនួន ហើយគេច្រើនឃើញអ្នកដែលមានមុខមាត់នៅជួររដ្ឋាភិបាលគឺប្រើប្រាស់ច្រើន តាមស៊េរីរបស់ Rolls Royce ផងដែរ។
លោក Torsten Muller Otvos ជានាយកប្រតិបត្តិរបស់ Rolls Royce បាននិយាយថា ដោយសារតែមាន BMW ជួយទើបអាច Rolls Royce លក់ដាច់ច្រើនបែបនេះ ព្រោះថា BMW Group តែងតែជួយជ្រោមជ្រែងជានិច្ចទាំងបច្ចេកទេស និង ការផលិតរហូតមក ទើបធ្វើឲ្យ Rolls Royce លក់ដាច់ច្រើនបែបនេះ។
បច្ចុប្បន្នមានក្រុមហ៊ុនរថយន្តម៉ាកទំនើបៗ ល្បីៗជាច្រើនបានសម្លឹងរកអតិថិជននៅកម្ពុជា ដូចជារថយន្ត Mercedes របស់ប្រទេសអាល្លឺម៉ង់ រថយន្ត Chevrolate, Escalate និងរថយន្ត Ford របស់សហរដ្ឋអាមេរិក ហើយក្រៅពីនោះក៏មានរថយន្តប្រភេទ Land Rover របស់ប្រទេសអង់គ្លេស រថយន្តToyota និងរថយន្តម៉ាក Mazda របស់ប្រទេសជប៉ុនជាដើម។
Source: បច្ចេកវិទ្យា