Ultimate magazine theme for WordPress.

មកស្គាល់អំពីស្នាព្រះហស្ថមហាវីរក្សត្យព្រះបាទជ័យវរ្ម័នទី ៧

0 21

ព្រះបាទជ័យវរ្ម័នទី ៧ ជាព្រះមហាក្សត្រខ្មែរមួយអង្គដែលមានគុណបំណាច់មួយយ៉ាងធំចំពោះប្រទេសជាតិ ដោយបានធ្វើការរំដោះទឹកដី ឲ្យរួចផុតពីការត្រួតត្រារបស់បរទេស។ ក្រៅពីព្រះអង្គជា ស្ដេចសឹក ព្រះអង្គក៏ជាព្រះរាជាខ្មែរមួយអង្គដែលកសាងសមិទ្ធិផលច្រើនជាងគេបំផុត ពិសេសគឺ អង្គរទី ៣ ឬអង្គរធំ។ សិលាចារឹកមួយនៅ សាយហ្វុង “ទល់មុខវៀងចន្ទប្រទេសលាវសព្វថ្ងៃ” ក៏បានបង្ហាញឲ្យឃើញថា ព្រះអង្គក៏ជាក្សត្រ ដែលបានផ្សព្វផ្សាយគុណធម៌ដល់ប្រជានុរាស្ដ្រខ្លាំងណាស់ដែរ ដោយសារតែការខំប្រឹងប្រែង និងការយកចិត្ដទុកដាក់របស់ព្រះអង្គចំពោះសេចក្ដីសុខទុក្ខរបស់ប្រជារាស្ដ្រ ព្រោះព្រះអង្គយល់ថា “ការឈឺចាប់វេទនារបស់រាស្ដ្រ ជាការឈឺចាប់វេទនារបស់ព្រះអង្គ ហើយខ្លាំងជាងការឈឺចាប់វេទនារបស់ព្រះអង្គទៅទៀត”។នៅដើមសតវត្សរ៍ទី ១៣ គឺក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នតី ៧ ទឹកដីខ្មែរមានទំហំធំទូលាយជាងពេលណាៗទាំងអស់ គឺរាប់ទាំងប្រទេសខ្មែរសព្វថ្ងៃ ប្រទេសចំប៉ា លាវ សៀម មួយភាគនៃជ្រោយម៉ាឡាយូ និងប្រទេសភូមាមួយភាគ។ក្រៅពីព្រះនាង ជ័យទេវី សុគតទៅ ព្រះអង្គបានរៀបរាជាភិសេកជាមួយព្រះនាង ឥន្ទ្រទេវី “ដែលជាបងបង្កើតរបស់ព្រះនាងជ័យទេវី”។ ព្រះនាង ឥន្ទ្រទេវី ជាក្សត្រីដែលសម្បូរដោយតម្រិះវិជ្ជាការ ហើយត្រូវបានតែងតាំងជាសាស្ត្រាចារ្យក្នុងវត្តព្រះពុទ្ធសាសនាមួយ។

កិច្ចការជាដំបូងដែលត្រូវបំពេញជាបន្ទាន់នៅដើមរជ្ជកាលរបស់ព្រះអង្គ (គ.ស ១១៨១) គឺការកសាងរាជធានី អង្គរធំ ដើម្បីជំនួសរាជធានី យសោធរបុរៈ ដែលត្រូវខ្ទេចខ្ទាំដោយការដុតបំផ្លាញរបស់ចាម។ ដើម្បីការពារទីក្រុងថ្មីនេះ ព្រះអង្គបានកសាងប្រាសាទបាយ័ន ដើម្បីទុកគោរពដល់ព្រះពុទ្ធសាសនា។ បាយ័នគឺជាប្រាសាទភ្នំ ដែលសាងនៅចុងរជ្ជកាលរបស់ព្រះអង្គ។នៅក្នុងប្រាង្គកណ្ដាល មានតម្កល់ពុទ្ធបដិមាមួយអង្គកំពស់ ៤ម៉ែត្រ។ ត្រង់នេះសអោយឃើញថា ព្រះអង្គមានទេពកោសល្យចេះសម្របសម្រួលអ្វីដែលជារបស់ចាស់ “ប្រាសាទភ្នំ” និងអ្វីដែលជារបស់ថ្មី “ពុទ្ធរាជ” ដើម្បីបំពេញចិត្ដទាំងពួកព្រាហ្មណ៍ និងប្រជានុរាស្ដ្ររបស់ព្រះអង្គ។

ព្រះបាទជ័យវរ្ម័នទី ៧ ជាព្រះមហាក្សត្រមួយអង្គដែលមានជំនឿមុតមាំលើព្រះពុទ្ធសាសនា “លោកេស្វរៈ” បន្ដអំពីព្រះបិតារបស់ព្រះអង្គ។ គេពុំបានដឹងថា តើព្រះអង្គសុគតនៅឆ្នាំណាទេ ព្រោះព្រះអង្គបាត់ដំណឹងពីអង្គរទៅនៅឆ្នាំ ១២០២ និង ១២១៨។
ក្រៅពីព្រះអង្គជាស្ដេចសឹកដ៏ពូកែនោះ ព្រះអង្គក៏ជាស្ដេចដែលបានកសាងប្រាសាទច្រើនជាងគេបំផុត និងជាក្សត្រដែលបានផ្សព្វផ្សាយគុណធម៌ដល់ប្រជាអាណានុរាស្ដ្រ ដោយព្រះអង្គបានសាងនូវមន្ទីរព្យាបាលរោគជាច្រេីនពាសពេញនគរ។ ក្នុងវិស័យសំណង់ ក្រៅពីការកសាងរាជធានី “អង្គរធំ” ឬអង្គរទី៣ នេះ ព្រះអង្គបានកសាងប្រាសាទព្រះខ័ន នៅឆ្នាំ ១១៩១ សំរាប់ជាទីរំលឹកដល់ព្រះវរបិតា ប្រាសាទតាព្រហ្មណ៍ នៅឆ្នាំ ១១៨៦ សំរាប់តម្កល់បរមរូបនៃព្រះវរមាតា និងរូបសម្ដេចព្រះគ្រូ ប្រាសាទបន្ទាយឆ្មា “នៅខេត្ដបាត់ដំបង” ដើម្បីថ្វាយឧទ្ទិសដល់ព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមស្រិន្ទ្រកុមារ ដែលមានគុណចំពោះព្រះបាទយសោវរ្ម័នទី ២ ក្នុងចំបាំងជាមួយនឹងចាម និងជនក្បត់ រាហ៊ូ ។

នៅតំបន់អង្គរ ព្រះអង្គបានសាង ប្រាសាទបន្ទាយក្តី ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទក្រោលគោ ប្រាសាទតានៃ ។ ក្រៅពីនេះ មានប្រាសាទវត្តនគរ “នៅខេត្តកំពង់ចាម” និងប្រាសាទតាព្រហ្មណ៍ “នៅបាទី ខេត្តតាកែវ”។ សម្រាប់ប្រាសាទនីមួយៗ ព្រះអង្គបានតម្កល់ទុកឲ្យប្រើប្រាស់នូវវត្ថុដ៏មានតម្លៃជាច្រើនដូចជានៅប្រាសាទតាព្រហ្ម មានចានមាសមួយឈុតដែលមានទម្ងន់ជាង ៥០០ គ.ក មានប្រាក់ ពេជ្រចំនួន ៣៥ គ្រាប់ គុជ ៤០.៦២០ គ្រាប់ ត្បូង ៤.៥៤០ គ្រាប់ ផ្តិលមាស រនាំងពីស្រុកចិនចំនួន ៨៧៦ ក្លស់ចំនួន ៥២៣ និងព្រែសូត្រ ៥១២ ។ ដើម្បីការពារ និងថែរក្សាប្រាសាទអស់នេះ ព្រះអង្គបានបង្កើតឲ្យមានភូមិចំណុះជាច្រើន និងចាត់ឲ្យមានរៀបចំកិច្ចការរដ្ឋបាល និងបុគ្គលិកប្រចាំការជាច្រើននាក់ទៀតដូចជាមានអធិការ មានគណៈ មានអ្នកគាល់ចាំបំរើ និងមានស្រីរបាំផង។

ក្រៅពីការកសាងប្រាសាទ ព្រះអង្គទ្រង់មានការយកចិត្តទុកដាក់ខ្លាំងចំពោះសេចក្តីសុខទុក្ខរបស់ប្រជារាស្ដ្រថែមទៀត។ ហេតុដូច្នេះហើយ ទើបបានជាព្រះអង្គបានចាត់ឲ្យមានសាងផ្លូវថ្នល់ជាច្រើន ហើយនៅតាមផ្លូវថ្នល់នោះ ព្រះអង្គបានសាងសាលាសំណាក់ជាច្រើនសម្រាប់អ្នកដំណើរដែលរួមមានចំនួន ១២១។ វត្តអារាមក៏ត្រូវបង្កើត ដើម្បីទុកសំរាប់ទទួលសិស្សនិសិត្ស សាសនិកជនឲ្យចូលសិក្សាវិជ្ជាផ្សេងៗ។ ក្រៅពីនេះ ព្រះអង្គបានរៀបចំឲ្យមានក្រសួងសុខាភិបាល ដោយបានបង្កើតឲ្យមានមន្ទីរពេទ្យចំនួន ១០២ រាយពាសពេញព្រះនគរ និងមានបុគ្គលិក មានគ្រូពេទ្យ មានវេជ្ជបណ្ឌិត មានគ្រឿងបរិភោគ និងមានឱសថគ្រប់បែបយ៉ាងសំរាប់ផ្ដល់ឲ្យអ្នកជម្ងឺ។ ក្រៅពីមានមន្ទីរពេទ្យធំៗនៅតាមទីក្រុង ក៏នៅមានមន្ទីរពេទ្យតាមស្រុកនីមួយៗដែរ។ មនុស្សក្នុងវណ្ណៈទាំងបួន អាចព្យាបាលជម្ងឺក្នុងមន្ទីរពេទ្យនោះបានដូចគ្នា។

ក្នុងមួយឆ្នាំៗ ក្រសួងសុខាភិបាលរបស់ព្រះអង្គ បានចាយវាយស្រូវអស់ ១១.១៩២ តោន ល្ង ២.១២៤ គ.ក ក្រវាញ ១០៥ គ.ក ខ្លឹមចន្ទន៍ ៣.៤០២ ថ្នាំគ្រុន ៤.០០០ គ្រាប់ ថ្នាំឫសដូងបាត ១.៩៦០ ប្រអប់។ ក្រៅពីនេះ ឃ្លាំងព្រះរាជពេទ្យ បើកឲ្យនូវវត្ថុធាតុដើមសម្រាប់ផ្សំឱសថ ដូចជាទឹកឃ្មុំ សាប៊ូ ក្រវាញ ទឹកដោះ ប្រេង ក្រមួនជាដើម ចំនួន ៣ លើកក្នុងមួយឆ្នាំៗ។

Comments
Loading...