Ultimate magazine theme for WordPress.

ប្រាសាទ បាគង មានលក្ខណៈពិសេសជាច្រើន តែភ្ញៀវទេសចរមួយចំនួនទៅហួសមកហួស





ប្រាសាទបាគងស្ថិតក្នុងក្រុមរលួស តែស្ថិតចំកណ្តាលនៃទីក្រុងអង្គរទី១ ឬហរិហល័យ ដោយមានចម្ងាយប្រមាណជា ១២គ.ម ពីទីរួមខេត្តសៀមរាបបច្ចុប្បន្ន ។ សូមជម្រាប ថា ប្រាសាទអង្គរទាំងនោះ ស្ថិតមិនឆ្ងាយពីគ្នាប៉ុន្មានទេ ពី ១ ទៅ ២គ.ម កន្លះតែប៉ុណ្ណោះ ។

ស្ថិតនៅខាងត្បូងនៃប្រាសាទព្រះគោ នៅក្នុងភូមិបាគង ស្រុកបាគងខេត្តសៀមរាប ប្រសាទបាគងត្រូវបានសាងសង់ឡើង ដោយព្រះបាទឥន្រ្ទវរ្ម័នទី១ នៅឆ្នាំ៨៨១ នៃគ.ស ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ដ៏មានមហិទ្ធិឫទ្ធិ ។ ប្រាសាទបាគងដែលជាប្រាសាទមុនគេ សាងសង់អំពីថ្មភក់ ប្រកបដោយនិម្មាបនកម្មដ៏ល្អប្រណិត ដែលមានឈ្មោះដើមថា ថ្មនៃឥសៈ ហើយតំណាងភ្នំសុមេរុ ព្រោះស្ថិតចំកណ្តាលនៃទីក្រុងហរិហល័យ ។

ការសិក្សាបានឲ្យដឹងថាប្រាង្គកណ្តាលឬតួប៉មនៃប្រាសាទត្រូវបានជួសជុលនៅ ស.វទី១២ ក្នុងរជ្ជកាល របស់ព្រះបាទ សុរិយាវរ្ម័នទី២ ដូច្នេះហើយ ក្បាច់ក្បូរលំអរមួយចំនួនស្ថិតក្នុងរចនាប័ថ្មអង្គរវត្ត ។ សូមជម្រាបថា រវាងឆ្នាំ១៩៣៦ និង ១៩៤៤ កំពូលនៃប្រាង្គកណ្តាលនេះដែលរលំបាក់ ត្រូវបានជួសជល់ដោយលោក ហ្លែស្ស ។

ប្រាសាទបាគងមានកំពែង ២ ជាន់ គឺកំពែងខាងក្រៅនិងកំពែងខាងក្នុង ។ កំពែងខាងក្រៅមានទំហំ ៩០០x៧០០ ម៉ែត្រ ហ៊ុមព័ទ្ធដោយគូទឹក ដែលតំណាងឲ្យមហាសមុទ្រនៃលោកធាតុវិទ្យាឥណ្ឌា ។ ផ្លូវចូលកាន់ប្រាសាទ មានពីរ គឺខាងកើតនិងខាងលិច ដែលលំអដោយនាគញីឈ្មោលមួយគូរលូនអមសងខាងផ្លូវ ។ តែឥឡូវនេះ ត្រូវបានបាក់បែកសឹងតែទាំងអស់ គ្រាន់តែបន្សល់នៅក្បាល និងដងខ្លួនមួយចំនួនដែលរិចរិលប៉ុណ្ណោះ។ រីឯចម្លាក់ លំអទាំងឡាយនៅតាមជញ្ជាំងនៃខឿន ត្រូវបានខូចខាតទាំងអស់ លើកលែងតែថ្មមួយដុំនៅលើជញ្ជាំងខាងត្បូង នៅថ្នាក់ទី៤ ឆ្លាក់រូបយក្ខដែលសេសសល់ ។

ដូចពោលខាងលើ ប្រាសាទបាគងគឺជាប្រាសាទភ្នំមានរាងជាសាជី ស្ថិតក្នុងកំពែងទី៣ គឺប្រាសាទភ្នំ ដែល ដូចពោលខាងលើ តំណាងឲ្យភ្នំសុមេរុ នៅចំកណ្តាលទ្វីបទាំង ៥ ដែលនៅទីនេះតំណាងដោយថ្នាក់ទាំង ៥នៃ ប្រាសាទ ។ សូមជម្រាបថា ថ្នាក់ទាំង ៤ ផ្នែកខាងក្រោមគឺ តំណាងឲ្យភពទាំង ៤ នៃចក្រវាឡ ដែលមានតាំងរូបគ្រុឌ យក្ស និង នាគជាដើម ។

នៅគ្រប់មុខប្រាសាទទាំង ៤ ទិស តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ។ រីឯថ្នាក់ទី ៥ គឺជា ទេវស្ថានឬឋាន សួគ៌តំណាងដោយប្រាង្គកណ្តាល ដែលត្រូវបានគេចាត់ទុកថា ជាភ្នំសុមេរុផ្ទាល់ ។ យើងឃើញមានប្រាសាទឥដ្ឋចំនួន ៨ ស្ថិតជុំវិញប្រាសាទផ្នែកខាងក្រោម ។ នៅលើបាទដ្ឋានយើងឃើញ មានជណ្តើរនៅគ្រប់អ័ក្ស ។ ជណ្តើរទាំងនោះ នាំសាសនិកជនទៅកាន់ ទីលាននៃថ្នាក់នីមួយៗ បន្តបន្ទាប់លើគ្នា ពិសេសទៅកាន់ប្រាង្គកណ្តាលដែលជាកន្លែងស័ក្តិសិទ្ធជាងគេបំផុត។ មើលពីចំងាយតួប៉មកណ្តាលនេះផុសឡើងផុតពីដំបូលសំណង់ ប្រាសាទតូចៗ នៅជុំវិញធ្វើអំពីថ្ម ដែលជាប្រាសាទឧបសម្ព័ន្ធ។ ដូចនេះ ប្រាសាទរបស់យើង ត្រូវបានសាងសង់ឡើង តាមលោកធាតុវិទ្យាឥណ្ឌូ-ខ្មែរ តំណាងឲ្យភ្នំព្រះសុមេរុ ហើយគឺជានិមិត្តរូបនៃចក្រក្រវាឡ ។

សូមរំលឹកឡើងថា គឺនៅក្នុងប្រាង្គកណ្តាលខាងលើនេះហើយ ដែល ក្នុងអតីតកាល ព្រះបាទឥន្រ្ទវរ្ម័នទី១ បានកសាងព្រះវិស្ណុមួយអង្គ ដៃ៨ ព្រមទាំងលិង្គរាជ្យមួយឈ្មោះថា ស្រីឥន្រ្ទស្វរៈ ដើម្បីជានិមិត្តរូបនៃសម័យកាល របស់ទ្រង់ ។ តាមខ្លឹមសារសិលាចារឹក ដែលគេបានរកឃើញនៅឆ្នាំ១៩៣៥ យើងដឹងទៀតថា ការកសាងបារាយណ៍មួយយ៉ាងធំឈ្មោះថា ឥន្រ្ទាតត្តកៈ ដើម្បីផ្តល់ទឹកសម្រាប់វិស័យកសិកម្ម ៕

ប្រភព៖(ម.ត្រាណេ)

Source: ប្រវត្ដិសាស្រ្ដhttps://spktliv.com/





Comments
Loading...