Ultimate magazine theme for WordPress.

- Advertisement -

តើនាគមានតួនាទីក្នុងវិស័យស្ថាបត្យកម្មខ្មែរដូចម្ដេច??

0 23

ការលើកយកសត្វនាគមកអធិប្បាយ មិនមែនជារឿងថ្មីនោះទេ ព្រោះថាគ្រប់ៗ គ្នាដឹងហើយថាសត្វនាគនេះ ដែលមានប្រភពមកពីឥណ្ឌា បានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងសង្គមខ្មែរផ្នែកជំនឿប្រជាប្រិយក៏ដូចផ្នែកសិល្បៈស្ថាបត្យកម្ម ជាដើម ។ ឧទាហរណ៍ អ្នកស្រាវជ្រាវខ្លះបានរៀបរាប់យ៉ាងក្បោះក្បាយអំពីអត្ថន័យនៃពិធីបំបួសនាគ រីឯខ្លះទៀតក៏បានលើកអត្ថន័យរបស់សត្វនេះក្នុងវិស័យសិល្បៈខ្មែរ ដោយចង្អុលបង្ហាញថាសត្វនាគនេះ តំណាងឲ្យស្ពានឥន្ទនូ ផ្សារភ្ជាប់ស្ថានមនុស្សទៅស្ថានទេវលោក ៘ អ្វីដែល យើងចង់បង្ហាញនៅខាងក្រោមនេះ គឺ ចំនួននៃប្រភេទនាគដែលមានក្នុងវប្បធម៌ ខ្មែរ ព្រមទាំងតួនាទីរបស់ ប្រភេទនាគខ្លះ ដែលមាន ប្រភពចេញពីខឿនវប្បធម៌ ខ្មែរសុទ្ធសាធ ។

នាគជាភាសាសំស្ក្រឹតគឺជាសត្វលូន មួយ ប្រភេទដែល ត្រូវបានប្រសូតចេញពី ទេវកថាឥណ្ឌូ – ខ្មែរ ហើយពាក់ព័ន្ធទៅនឹងការបង្កើតលោកយើងនេះ ។ សត្វនាគនេះ ជានិមិត្តរូបនៃភាពជីវិតអមតៈ ហើយកកើតឡើងដោយការផ្សំធាតុទឹក និង ដី ។ សូមរំឮកនៅក្នុងប្រទេសអ៊ឺរ៉ុប នាគមាន ស្លាប ហើយមានលក្ខណៈសម្បត្តិដូចគ្នានឹងនាគខ្មែរ គឺក្នុងវិស័យស្ថាបត្យកម្មប្រាង្គប្រាសាទខ្មែរ នាគនេះបានដើរតួនាទីយ៉ាងសំខាន់ជាពិសេសលើក្បាច់ផ្តែរ ឬ ហោរជាង និង បង្កាន់ដៃកណ្តាល នាសម័យបុរេអង្គរនិងអង្គរ ។ អតីត ព្រះរាជាណាចក្រ កម្ពុជា នៅសម័យអង្គរចាប់តាំងពីដើមសម័យអង្គរ ជាពិសេសចាប់តាំងពីរាជរបស់ ព្រះបាទយសោវរ្ម័នទី ១ ទើបមានស្ពាននាគរាជ ដែលស្តែងពី ការបង្កើត ថ្មី មួយដែលពុំធ្លាប់ពីមុន ។ នៅប្រាសាទបាគង ប្រាសាទព្រះវិហារ និង កោះកេរ គេឃើញមាននាគរាជ ញី ឈ្មោល មួយគូរអម ផ្លូវទាំងសងខាងទៅកាន់ប្រាសាទជាទីសក្ការៈ ។ ក្បាច់ ផ្តែរមុនអង្គរ ជាច្រើន ក្នុងរចនាបទសម្បូរ ព្រៃគុក ព្រៃក្មេង ត្រូវបានរកឃើញបញ្ជាក់នូវតួនាទីរបស់នាគអនត្តៈ ក្នុងសង្គម ខ្មែរ បុរាណនាសម័យចេនឡា ។

សូមរំឮកថាឈ្មោះនាគសេសៈអនន្តៈ និង វាសុគិះឈ្មោះទាំងបីនេះតំណាងឲ្យនាគតែមួយតាមទេវកថា គេដឹងថាពួកគេកើតឡើងនៅស្ថានទេវលោកដោយការផ្គុំ ផ្សំដោយធាតុ ហើយមានជីវិតអមតៈ ។ ក្រៅពីនេះគេក៏ឃើញមាននាគ កាល្យៈ និង មុជ្ជលិន មានដើមកំណើតនៅសមុទ្រ នៅ ចន្លោះ ឋានទេវលោក និង មនុស្ស ។ នាគ កាល្យៈ តំណាង ឲ្យសភាវៈ អាក្រក់ ហើយ ត្រូវបានសម្លាប់ដោយ ព្រះវិស្ណុ ។ នាគមុជ្ជ លិន ដែលមានលំនៅស្ថាន នៅឯបាតស្ទឹង ហិរញ្ជៈ នាគនេះបានជួយ ព្រះសុទ្ធោទនៈ ឲ្យបាន ត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ដោយយកដងខ្លួនធ្វើជាទម្រឲ្យផុតពី ភ្លៀងជន់ហើយបើកពពារប្រក់ការពារព្រះអង្គ ។

ក្រៅពីនេះយើងក៏ឃើញមានពិរុណនាគដែលមានអាយុដ៏មហាយ៉ឺនយូរឥតព្រំដែនដូចផែនដីយើង ខុសពីនាគផ្សេងៗឯទៀត ពិរុណនាគដែល គ្រប់គ្រង ពិភពនាគតូចធំទាំងឡាយនៅបាតាល ។ សូមបញ្ជាក់ថាក្នុងសម័យអង្គរនាគភិរុណឬ ពិរុណនាគបាន ក្លាយទៅជាយានជំនិះ របស់ ព្រះអាទិទេព ពិរុណ តំណាងឲ្យ ទឹកភ្លៀង ។ យើងឃើញការនិយម នាគរាជ ជាបង្កាន់ដៃកាន់តែច្រើនឡើងនៅសម័យអង្គរ ហើយនៅចុងសតវត្សទី ១៣ ទើបមានការបាត់បង់ នូវតួនាទីរបស់ខ្លួននៅតាមប្រាង្គប្រាសាទ ។ ក៏ប៉ុន្តែ ជនជាតិខ្មែរ ដែលទើបតែផ្លាស់ប្តូរសាសនារដ្ឋមិនបានបំភ្លេចទំនៀមទម្លាប់ ពីបុរាណកាល ឡើយ ។ នៅក្នុងសម័យកណ្តាលនេះដែល ព្រះពុទ្ធសាសនា សត្វនាគ នៅរក្សាបាននូវអំណាចមហិទ្ធិឫទ្ធិ និង តួនាទីរបស់ខ្លួន ដដែលក្នុងឋានៈជា ឆ្នាំ ពុទ្ធសាសស្ថាន ដូចជា វត្ត អារ៉ាមជាដើម ហើយភារកិច្ចនេះ ត្រូវបានរក្សាទុករហូតដល់បច្ចុប្បន្នភាព ។ នៅលើក្បាច់ ផ្តែរប្រាសាទយាយព័ន្ធ លេខ S1 នៃ ក្រុមប្រាសាទសម្បូរព្រៃគុកខាងត្បូង យើងឃើញព្រះឥន្ទ្រពាក់មកុដ ប្រថាប់លើដំរីមួយដែលមាត់ខ្ជាក់នាគរាជមួយគូររាងជាដងធ្នូរ ។

ក្រៅពីប្រភេទ នាគទាំងនោះ យើងក៏បានជួបនូវវត្តមានរបស់ស្តេចនាគរាជដែលតួនាទីភារកិច្ច ត្រូវបានកំណត់ក្នុងគម្ពីរសាសនាហើយដែលមានឫទ្ធិអំណាច ។ នៅទីនេះយើងចង់និយាយដល់នាគ ក្រោមរូបភាពជាមនុស្សតែមានក្បាលទាំង ៥ ជានាគដែលភារកិច្ចរក្សា ប្រាសាទ ។ បើនិយាយម្យ៉ាងទៀត នៅសម័យចេនឡាប្រាង្គប្រាសាទ ដូចករណី ប្រាសាទស្រី នៅខេត្តកំពង់ឆ្នាំងជាភ័ស្តុតាង ត្រូវស្ថិតក្រោមការពិនិត្យ ឃ្លាំមើលថែរក្សារបស់ ស្តេចនាគរាជដែលប្រថាប់នៅមុខទ្វារ ខាងជើង ជ្រុងខាងកើតនៃបូជនីយដ្ឋានខាងលើដែលស្ថិតក្នុងរចនាបទកំពង់ព្រះ ។ ម្យ៉ាងវិញទៀត ត្រូវជ្រាបថាក្នុងវប្បធម៌ ខ្មែរនាគមានទម្រង់ជានាគមានក្បាល ១, ២, ៣, ៥, ៧ និង ៩ ។ ដូចនេះនាគរាជដែលមានរូបរាងជាមនុស្សបានដើរតួយ៉ាងសំខាន់នៅក្នុងកំឡុងចុង ស.វទី៧ និង ដើមស.វ ទី៨ នៃគ.ស លើមូលដ្ឋាននៃជំនឿសាសនាស្របតាមគោលការណ៍នៃមនោគមវិទ្យាសាសនា ។ មានន័យថាសត្វ នាគ មានទំនាក់ទំនងទៅនឹងជំនឿព្រមទាំងវិស័យសិល្បៈស្ថាបត្យកម្មយ៉ាងប្រាកដស្របតាមនិមិត្តរូបភាពស្តីពីដែនសមត្ថកិច្ចរបស់ខ្លួន ។

- Advertisement -

ចំណុចចុងក្រោយនាគលូនទាំងពីរ ដែលមានកន្ទុយត្របាញ់ជាប់គ្នា នៅខាងលិច ប្រាសាទនាគព័ន្ធ ហើយ ត្រូវជាបងប្អូននោះ ត្រូវបានគេទទួលស្គាល់ថាគឺជានន្ទៈ និង ឧបនន្ទៈ ឆ្នាំនៃ ស្រះអណោតត្ថា ។ ដូចនៅលើ ប្រាសាទអង្គរវត្ត និង បាយ័ននៅទីនេះនាគទាំងពីរនេះ ទាក់ទិនទៅ នឹង ទេវកថាកូរសមុទ្រ ទឹកដោះដើម្បីស្វែងរកទឹកអម្រឹត ដែលអាចជួយឲ្យ គ្រប់គ្រងលើភពទាំងឡាយ នៃចក្រវាឡ ព្រមទាំងមានជីវិតអមតៈផង ។ ជាការពិតណាស់ ខ្មែរ ដែលធ្លាប់បានស្ថិតក្រោមឥទ្ធិពលឥណ្ឌាបានទទួលទស្សនៈ ស្តីពីនាគពី ព្រហ្មញ្ញណ៍សាសនា ដែលបាន ជះឥទ្ធិពលយ៉ាងខ្លាំងក្លាបំផុត ទៅលើវិស័យសិល្បៈ ស្ថាបត្យកម្ម ខ្មែរ នាសម័យបុរាណប៉ុន្តែទន្ទឹមនឹងនេះ ខ្មែរ ក៏មានជំនឿ ស្រដឿ ង នឹង ឥណ្ឌា ផងដែរដូចករណី ទេវកថា “ កោះគោកធ្លោក ”
ដែលមានចារនៅដើមច្បាប់ព្រះរាជពង្សាវតារ នៃ ព្រះរាជាណាចក្រកម្ពុជាជាសក្ខីកម្មស្រាប់ ។

សូមរំឮកថាជំនឿលើស្តេចភុជង្គនាគនៃ កោះគោកធ្លក ដែលបានផឹកទឹកសមុទ្រ ហើយ ព្រួសចេញជាដី ដើម្បីជា អំណោយជូនចំពោះនាងនាគ ដែលជាកូន របស់ខ្លួន និង ព្រះថោងជាកូនប្រសារ គឺជាបាតនៃផ្នត់គំនិត ខ្មែរ នៅតែ ជ្រួតជ្រាបទំនៀមទម្លាប់ ប្រពៃណីខេមរជាតិ ។ ជាតួយ៉ាងជាក់ស្តែងនៅពេលរៀបការ គេ មានទម្លាប់ ប្រគុំបទភ្លេង ព្រះថោង នាងនាគ ក្នុងខណៈដែល បុរសជាស្វាមី កំពុងកាន់ជាយក្បិន ឬ កន្ទុយនាគរបស់ ភរិយា ខ្លួនជានិច្ច ។ តើនៅទីនេះនាងនាគ ដែល តំណាងដោយ ស្ត្រី ខ្មែរ មិនតំណាងឲ្យព្រលឹងដូនតាដែលជាអ្នកបង្កបង្កើតទឹក ដី ខ្មែរ ឬ នគរកោះគោកធ្លក និង ជនជាតិខ្មែរ ទេឬ ? គឺទស្សនៈពីមុននេះហើយដែលមិន គ្រាន់តែបង្ហាញឲ្យឃើញនូវតួនាទី និង សារសំខាន់បំផុត នៃទស្សនៈ ស្តីពីលោករបស់ជនជាតិខ្មែរតែប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងសឲ្យឃើញថា ខ្មែរបានទទួលទស្សនៈស្តីពី នាគ ឥណ្ឌា យ៉ាងងាយស្រួលបំផុតដោយហេតុថាលក្ខណៈ នៃជំនឿឥណ្ឌាលើសត្វនាគបានឆ្លើយតបទៅនឹងគំនិតខ្មែរសុទ្ធសាធយ៉ាងប្រាកដ ។ ម្យ៉ាងវិញទៀតកុំភ្លេចថាដូចនៅ ប្រទេស ឥណ្ឌា អំណាចពិសិដ្ឋរបស់ ព្រះមហាក្សត្រ ខ្មែរ ត្រូវបានគូសបញ្ជាក់តាមរយៈ ការរួមសង្វាសរវាងមនុស្ស និងនាគពោលគឺ ព្រះមហាក្សត្រ និង នាងនាគ ដូចបាន រៀបរាប់ដោយលោក ជីវតាកួននាចុង ស.វទី ១៣៕

ប្រភព៖ត្រា ណេ

Source: ប្រវត្ដិសាស្រ្ដhttps://spktliv.com/

Comments
Loading...