Ultimate magazine theme for WordPress.

- Advertisement -

ជីវប្រវត្តិរបស់ខុងជឺ

0 200

តាមគម្ពីរចិន ដែលជាឯកសារកាលប្បវត្តិតាមតំណាល

ប្រហែលជិត ២០០ឆ្នាំ មុនគ.ស នៅប្រទេសចិនខាងជើង កើតមានរាជាណាចក្រមួយប្រកបដោយអរិយធម៌ភ្លឺរុងរឿង គឺរជ្ជកាលមហាចាង ដែលមានរាជធានីនៅក្រុង ឆាង យ៉ាង។ អ្នកប្រាជ្ញខាងប្រវត្តិវិទ្យាសម័យថ្មីបានដាក់ឈ្មោះសម័យដ៏យូរលង់នោះ ថា “យុគសំរិទ្ធិ”។

ប្រជាជនអ្នកនរគរមានជីវភាព រស់នៅយ៉ាងសម្បូរសប្បាយ ព្រោះភោគទ្រព្យធម្មជាតិ របរកសិកម្មនេសាទ និងការចិញ្ចឹមសត្វជាដើម បានជួយគាំទ្រមនុស្សលោកនៅក្នុងទីនេះឲ្យរួចចាកពីការអត់ឃ្លានទុរភិក្ស។ តែលក្ខណៈសាសនា និង ជំនឿទៅលើលោកធាតុ ជាគ្រឿងសក្តិសិទ្ធិ ដែលសន្តតិវង្សចាង បើកដៃឲ្យសង្គមប្រពៃណីខ្លួនអនុវត្តទៅលើប្រជាជននោះ គឺជាទុក្ខចារកិច្ចសម្រាប់ប្រជាពលករ។ វាមានលក្ខណៈឃោរឃៅដែលអ្នកស្រុកអ្នកភូមិភ័យខ្លាចជាងសង្គ្រាមរបស់អនារ្យប្រជាគមសាបព្រោះមកលើពួកគេនោះទៅទៀត។

សន្តតិវង្សចាង បានបើកដៃឲ្យអាចារ្យសាសនាប្រារព្វពិធីបូជាមនុស្ស កាប់សម្លាប់ប្រជាជនរាប់ពាន់នាក់ និងសេះរាប់រយក្បាល ជីកកប់វត្ថុដ៏មានតម្លៃផ្សេងៗ មានរថល្អៗ គ្រឿងសាស្ត្រាវុធ យុទ្ធភណ្ឌដែលមានដាំត្បូងគុជ មាស ពេជ្រ ព្រមទាំងរបស់ប្រើប្រាស់ដ៏មានតម្លៃច្រើនទៀត ដូចជាផើងជើងបីធ្វើពីសំរិទ្ធិបញ្ចុះទៅក្នុងផ្នូរជាមួយនឹងសាកសព កាលណាព្រះមហាក្សត្រ ឬញាតិវង្សណាម្នាក់ចូលទីវង្គតទៅ។

លក្ខណៈជំនឿទៅលើភាព “សក្តិសិទ្ធិ” នេះពុំគ្រាន់តែស្ថិតក្នុងរង្វង់រាជវាំងប៉ុណ្ណោះទេ តែវាបានសាយភាយសព្វគ្រប់ច្រកល្ហក និងខាំជាប់ក្នុងផ្នត់អារម្មណ៍ប្រជាជនចិនទាំងមូល សូម្បីតែជាងស្មិត ឬជាងសាងសាស្ត្រាវុធក៏បានប្រើវិធីសម្លាប់មនុស្ស ដើម្បីយកឈាមមកស្លលាយនៅក្នុងលោហធាតុរបស់ខ្លួនដែរ។ ម្យ៉ាងទៀត គេតែងមានជំនឿថា “មនុសស្ដែលគេពិឃាត នឹងក្លាយទៅជាអសុរកាយ ចាំថែរក្សាវត្ថុសក្តិសិទ្ធិទាំងនេះអស់កាលជាអង្វែងទៅ”។ នៅសម័យមហាចាង មេទ័ពទាំងឡាយ ច្រើននាំគ្នាគោរពភ្លើងហើយព្រមទាំងចាត់ទុកភ្លើងជាអាទិទេពរបស់គេ។

តាមគម្ពីរចិន ដែលជាឯកសារកាលប្បវត្តិតាមតំណាល

“កាលនោះ មាននាម៉ឺនចាស់ម្នាក់ឈ្មោះ “ខុង” ជិនណាយនឹងជីវិតកាប់សម្លាប់ និងបូជារបស់សន្តតិវង្សចាង ក៏បានភៀសខ្លួនចេញពីរាជធានី អាង យ៉ាង ដោយនាំយកទាំងគម្ពីរក្បួនខ្នាតចាង ខ្លះយកទៅជាមួយផង ហើយបានតាំងទីលំនៅលើជ្រលងភ្នំមួយឈ្មោះ “ភ្នំពពក”។

បើតាមសម្តីរបស់លោក វូ ជី “នាម៉ឺនខុង បានរស់ក្នុងសភាពជាតាបស។ ប៉ុន្តែលោកវូជី បានបញ្ជាក់ថា “ខុងពុំជឿទៅលើព្រះអាទិទេព ឬស្ថានសួគ៌អ្វីទេ គឺជឿទៅលើសេចក្តីស្ងប់ស្ងាត់ដែលកើតមានក្នុងអារម្មណ៍គាត់ប៉ុណ្ណោះ”។ ក្រោយមក ”ខុង” ក៏បែកគំនិតថា “ការធ្វើសមាធិកម្មរបស់គាត់ជាអំពោះដែលមនុស្សជាន់ខ្ពស់ ទើបអាចឈោងដល់”។ ហើយតាំងពីថ្ងៃនោះមក គាត់ក៏មានជំនឿថា “បើព្រលឹងរបស់គាត់ផុតរលត់ទៅនៅពេលណា ហើយប្រសិនជាបានកើតជាថ្មី នោះនឹងបានស្អាតហើយបរិសុទ្ធជាងអ្នកដទៃ ព្រោះភ្នែកគាត់ឈប់មើលឃើញការពិឃាតមនុស្សទៀតហើយ”។

សម្តីរបស់អ្នកប្រាជ្ញ លីជី

តាមសម្តីរបស់អ្នកប្រាជ្ញ លីជី (Legge) បានពោលថា “គ្រួសារខុងរស់នៅលើ ”ភ្នំពពក” អស់ ៦ តំណមនុស្សទើបរាជវង្សចាងជំនាន់ក្រោយ ហៅឲ្យចូលទៅបម្រើរាជវង្សក្នុងវាំងស្តេចវិញ”។

ក្រោយមកនៅពេលអាណាចក្រចាង ត្រូវពួកអានារ្យប្រជាគមមកពីជ្រលងភ្នំវៃ (Wei) សម្លាប់ផុតពូជហើយ ព្រមទាំងយករាជវាំង អាង យ៉ាង ជាទីតាំងរបស់ខ្លួន នោះមានសេបតីធំជាច្រើនបានវេចខ្ចប់ក្បួនខ្នាតគម្ពីរក្នុងរាជវាំងចាង យកទៅតាមខ្លួនគ្រប់គ្នា។ ដូច្នេះនៅឆ្នាំ ១០២៧ មុនគ.ស ដែលពួកអានារ្យប្រជាគមបានគ្រប់គ្រងលើទឹកដី ចាង ហើយពួកនោះបានដាក់ឈ្មោះសន្តតិវង្សខ្លួនថា ចូវ (Tcheou) រហូតមក។

សមាជិកត្រកូល ”ខុង” បានភៀសខ្លួនទៅពួនបន្លំរស់នៅជាមួយប្រជាជនក្នុងរជ្ជកាល ចូវ អស់ ៥ តំណមនុស្សទៀត ទើបបានធ្វើដំណើរចូលទៅរស់នៅក្នុង សន្តតិវង្សឈ្មោះ លូ នៅតាមមាត់ទន្លេលឿងនៃស្រុកចាន់តុង។ គឺនៅក្នុងដែនដីនេះហើយ ដែលគេប្រទះឃើញគ្រួសារមួយមានសមាជិកបីនាក់គឺ ប្តីប្រពន្ធ និងបាវបម្រើប្រុសម្នាក់។ មេគ្រួសារមានឋានៈជាមេទ័ពសង្កាត់នៅក្នុងអាណាចក្រលូ ជានាយទាហានមានមុខងារបើកបររថទឹមដោយសេះ ៦។

លោក វូជី បានពោលថា ប្រហែលជាគ្រួសារតូចនេះបានទទួលបណ្តាំពីដូនតារបស់ខ្លួន ពីរឿងអាថ៌កំបាំងអ្វីមួយមុនពេលស្លាប់ក៏ពុំដឹង បានជាមេទ័ពក្មេងនេះបានលាលែងពីដំណែងរបស់ខ្លួន ហើយទៅរស់នៅក្នុងភ្នំមួយនៅក្នុងស្រុកចាន់តុង។ គ្រួសារតូចនេះហើយ ដែលជាគ្រួសាររបស់ “ខុងជឺ” ហើយមេទ័ពនេះហើយជាឳពុករបស់គាត់។ ដូច្នេះ ខុងជឺ បានមើលឃើញពន្លឺពិភពលោក ក្នុងទីងងឹតនៃក្រហែងថ្មភ្នំ ជិតវាលចិញ្ចឹមសត្វរបស់លោកម្ចាស់នៃសន្តតិវង្សលូ។

ពេល ខុងជឺ មកចាប់កំណើត ម្តាយរបស់គាត់បានសុបិននិមិត្តឃើញមាននាគមួយសម្បុរខៀវហោះពីលើអាកាស ទម្លុះដុំពពកខាប់ ហើយក៏ចុះមកលេងទឹកសមុទ្ទ” (សូមជម្រាបជូនថា ប្រជាជនចិននៅភាគកណ្តាល ពុំស្គាល់សមុទ្ទទេ ហើយចាត់ទុកទន្លេលឿងថាជាសមុទ្ទ)។ នាគខៀវចុះហែលកញ្ជ្រោកបោកបាចទឹកអស់ចិត្តហើយ ក៏ផឹកទឹកពេញពោះរួចទើបហោះទៅលើមេឃវិញ។ ពេលនោះនាគបានខ្ជាក់ទឹកភ្លៀងមកលើដី កើតទៅជាភោគផលចម្រើនដល់កសិកម្មដើមស្រូវដុះគុម្ពធំៗ ខៀវខ្ចី ឯចំណែកធម្មជាតិទាំងឡាយក៏ហាក់ដូចជាចាប់កំណើតឡើងវិញសារជាថ្មី។

ម្តាយ ខុងជឺ បាននិយាយប្រាប់ប្តីពីសុបិននិមិត្តរបស់ខ្លួនដែលមានលក្ខណៈហាក់បីដូចជារឿងនិទាន។ លោកមេទ័ពជាបិតាខុងជឺ កាលបានលឺក៏កើតបីតិសោមនស្សរីករាយឥតឧបមា ហើយប្រាប់ប្រពន្ធថា ច្បាស់ជាមានភ្លៀងធំពុំខាន ហើយកូនចៀម និងពពែដែលគាត់ចិញ្ចឹមនឹងបានធំធាត់ព្រោះសម្បូរស្មៅខ្ចី។

ក្រោយមកម្តាយ ខុងជឺ ក៏មានផ្ទៃពោះ ហើយសម្រាលបានបុត្រមួយដែលមានសម្ផស្សល្អប្រិមប្រិយ តែថ្ងៃកំណើតរបស់ខុងជឺ ជាថ្ងៃសោកនាដកម្ម ព្រោះមានភ្លៀងផ្គរ រន្ទះបាញ់រញ្ជួយភ្នំ ព្រមទាំងមានបុព្វហេតុមួយទៀត គួរឲ្យតក់ស្លុត គឺអ្នកបម្រើ ដែលមានអាយុប្រមាណ ៥០ឆ្នាំ ធ្លាប់ដើរតាមបម្រើគ្រួសារនេះជាយូរណាស់មកហើយនោះ បានទទួលមរណភាពនៅថ្ងៃនោះដែរ។

កំណើតដ៏អស្ចារ្យនេះបានធ្វើឲ្យគេពិចារណាគ្រប់គ្នា។ មតិខ្លះយល់ថា គាត់ជាក្មេងមានកំណើតចង្រៃ ហើយខ្លះទៀតថាកំណើតរបស់គាត់ជាមនុស្សមានបុណ្យ ព្រោះមានអព្ភូតហេតុប្លែកកើតឡើង។

ប្រវត្តិទូទៅរបស់ខុងជឺ

 ខុងជឺជាមហាទស្សនវិទូចិនមួយរូបដ៏ល្បីល្បាញមានកិត្តិនាមស្មើនឹងសូក្រាតនៅប្រទេសក្រិច ដែរ ។ តាមពិតឈ្មោះរបស់លោកគឺ ជឺស្ថិតនៅសម្ព័ន្ធលូ ។ ត្រកូលរាជវង្សរបស់លោកជាអភិជន ហើយបើតាម

        ការស្រាវជ្រាវត្រកូលនេះ​ មានពូជធារមកពីរាជវង្ស‍‍ «ចាង» ដែលជាសន្តតិវង្សមួយគ្រប់គ្រង ប្រទេស ចិន នាសម័យរដ្ឋកាលចូវ ។ ដោយសារសង្រាមវាយលុកពីកុលសម្ព័ន្ធចូវ ស្ថិតនៅទិស​ពាយ័ព្យទន្លេលឿងរាជវង្សចាង ក៏ត្រូវរលាយបាត់បង់ក្នុងសង្រ្គាម ។​​ ឯសមាជិកគ្រួសារ ដែលរួច ផុតពីសេចក្តីស្លាប់វិញ ក៏បន្លំខ្លួនក្នុងកុលសម្ព័ន្ធ «លូ»។ ខុងជឺ កើតនៅឆ្នាំ ៥៥១ មុន គ.ស ក្នុង​ទីងងឹតនៃកំហែង ថ្មភ្នំមួយនៃស្រុកចាងតុង ក្បែរវាលចិញ្ចឹមសត្វ របស់លោកមានៃសន្តតិវង្សលូ ។ មុនពេលចាប់ កំណើត និងថ្ងៃចាប់កំណើតរបស់ខុងជឺ មានអព្ពូតហេតុចំលែក គួរឲ្យកត់សម្គាល់ គឺផ្ទុះភ្នំភ្លើងរន្ទះ រញ្ជួយភ្នំភ្លើង ។ ខុងជឺ កំព្រាឪពុកតាំងពីអាយុ ៣ ឆ្នាំ ហើយមានចិត្តសប្បុរសធម៌ តាំងពីក្មេងតែ គាត់រស់ក្នុងទីទល់ក្រ។លុះបានអាយុ ២០ឆ្នាំគាត់បានរៀបការ ជាមួយនឹងស្រីជន ជាតិម៉ុងហ្គោល ម្នាក់ ដែលមានកូនប្រុសឈ្មោះលី ។ ដោយកាខិតខំស្រាវជ្រាវ ខុងជឺ បានក្លាយ ជាគ្រូម្នាក់ដែល ចេះដឹងសព្វមុខវិជ្ជាពិសេស ខាងវិជ្ជាពេទ្យខុងជឺចេះទស្សន៍ទាយ ជាអ្នកបង្ហាត់ បង្រៀនឲ្យប្រជាជនចិនចេះសែនព្រេនដូនតាតាមលក្ខណៈនេះគាត់ជាអាចារ្យពេលមាន អាពាហ៍ ពិពាហ៍ និងវិធីបុណ្យ ផ្សេងៗ ផងដែរ ។ខុងជឺ ជាវាគ្មិន អ្នកគិតអ្នកស្រាវជ្រាវ និងជាអ្នកអប់រំដ៏ល្បីឈ្មោះបំផុតនៅចុងយុគសម័យឈុនឈិវ និងជាអ្នកកតាំងសំណាក់“យូចៀ” រឺសំណាក់ទស្សនវិជ្ជាខុងជឺហ្នឹងឯង។ ខុងជឺបានទទួលការលើកតម្កើងថាជាបរមព្រឹទ្ធាចារ្យអ្នកមានសុជីវធម៌ខ្ពង់ខ្ពស់បំផុត។

ខុងជឺបានប្រកាស់ខ្លួនជាគ្រូបង្រៀនកាលអាយុ ៣០ ឆ្នាំហើយចាប់ផ្តើមផ្ទេរចំណេះដឹងឲ្យដល់កូនសិស្សយ៉ាងយកចិត្តទុកដាក់គ្មានរួញរា។ គាត់បានផ្លាស់ប្តូរមុខមាត់ប្រព័ន្ធការសិក្សានាសម័យនោះ ដោយបានទំលាយរនាំងទំនៀមទម្លាប់ការបង្ហាត់បង្រៀនដែលកំណត់ឲ្យមានតែក្នុងព្រះរាជវាំង ហើយធ្វើឲ្យប្រជាជនយកចិត្តទុកដាក់ក្នុងការសិក្សានិងការរក្សាវប្បធម៌កាន់តែខ្លាំងឡើង។

ខុងជឺអប់រំសង្កត់ធ្ងន់ក្នុងរឿងមេត្តាធម៌ យុត្តិធម៌ ហើយនឹងទំនៀមទំលាប់ប្រពៃណី។ ពាក្យប្រៀនប្រដៅរបស់គាត់ជារបស់មានតម្លៃនិងស្រស់ស្អាតក្រៃលែង។ ទស្សនៈរបស់ខុងជឺបានក្លាយជាខ្លឹមសារសំខាន់នៅក្នុងវប្បធម៌ចិន ព្រមទាំងមានឥទ្ធិពលសំខាន់ទៅលើផ្នត់គំនិតនៃជនជាតិចិន។ កិត្តិនាម របស់ខុងជឺ ល្បីល្បាញពេញស្រុកចាន់ស៊ី ហើយ ពេលនោះ ទស្សនវិជ្ជា បស់ខុងជឺ ក៏ចាប់រីកដុះដាល គេនាំគ្នាប្រសិទ្ធិនាម ឲ្យគាត់ថា «ជូ» មាន ន័យថា«បណ្ឌិត» ចាប់ពី ពេលនោះមក ។ នៅអាយុ៤៩ឆ្នាំខុងជឺត្រូវបានព្រះមហាក្សក្យត្រ តែងតាំង ធ្វើជាសេនាបតីធំម្នាក់ក្នុងវាំង។ ខុងជឺបានផ្សព្វផ្សាយទស្សនវិជ្ជា របស់គាត់គ្រប់ទិសទីពាសពេញ ប្រទេសចិន ក្នុងគោល បំណងឲ្យប្រជាជនចិនស្គាល់យល់ដឹង នូវតំលៃរបស់ខ្លួន និងចង់កែរប្រែ របៀបអប់រំសីលធម៌ តែត្រូវមហាក្សត្រលូជំទាស់ ។ ដោយវិបត្តិនយោបាយ ខុងជឺ បានភៀសខ្លួន ពីស្រុកមួយ ទៅស្រុក មួយអស់រយៈពេល ១៣ ឆ្នាំ ។ ខុងជឺ បានវិលត្រឡប់ចូលស្រុកលូវិញ ក្នុង ជន្មាយុ ៧០ឆ្នាំ។ ខុងជឺ បានផ្សាយទស្សនវិជ្ជា របស់គាត់អស់រយៈពេលឆ្នាំ ក្នុងស្រុកចិនទាំងមូល ព្រមទាំងបើកង្រៀន ដល់សាវ័កទៀតផង ។

ខុងជឺមិនគ្រាន់តែជាគ្រូបង្ហាត់ខ្បួនខ្នាតប៉ុណ្ណោះទេ  ថែមទាំង  ជាអ្នកដឹកនាំប្រជាជន ឲ្យអនុវ ត្តន៍ នូវទំនៀមទំលាប់ចាស់ឲ្យរីកចម្រើនឡើងវិញ  ​គេសង្កតឃើញប្រជាជនចិន  ចាប់ប្រើក្រដាស  និងជក់ខ្មៅដុសថ្នាំ សម្រាប់សរសេរ និងឲ្យចេះសែនព្រេនដូនតា រាល់ឆ្នាំ តាំងពីសម័យខុងជឺមក ។ គាត់រស់បាន ៣ ឆ្នាំ ក្នុងសំណាក់សាវ័កទាំងឡាយ ហើយបានទទួលមរណភាព ក្នុងឆ្នាំ ៤៧៩ មុន គ.ស ។

១ស្នាដៃទស្សនវិជ្ជារបស់ខុងជឺ

       ខុងជឺ បានចងក្រងគម្ពីរឈ្មោះថា «លាវយី» មានន័យថា សិល្បៈទាំង ៦ ជាសិល្បៈ សេរីមាន គោលដៅស្វែងរកនូវសេរីភាព ក្នុងនយោបាយ និងសេដ្ឋកិច្ច ។

ទស្សនវិជ្ជាទាំង៦របស់ខុងជឺគឺ

១-គម្ពីរឈ្មោះយី= និយាយ ពីការផ្ទេរកម្មសិទ្ធិ និងផ្ទេរមរតក ។

២-គម្ពីរឈ្មោះចេ=ជាកំណាព្យនិទាន សម្រាប់បម្រើសោភ័ណ្ឌធម្មជាតិ ។

៣-គម្ពីរឈ្មោះលី= និយាយ ពីការប្រារព្ធពិធីសែនព្រេនផ្សេងៗ ។

៤-គម្ពីរឈ្មោះយ៉ូ= និយាយ ពីបទភ្លេង និងចម្រៀងបណ្តែតអារម្មណ៍ ។

៥-គម្ពីរឈ្មោះជូ=និយាយ ពីប្រវត្តិសាស្រ្ត និងពង្សាវតា នៃប្រទេសចិន ។

៦-គម្ពីរឈ្មោះឈូស៊ាវឬគម្ពីរនិទាឃរដូវ=និយាយ ពីសរទរដូវ ជាប្រវត្តិសាស្រ្ត ជាក់ស្តែងរបស់ សន្តតិវង្សលូ ។

ចំពោះទស្សនវិជ្ជា ខុងជឺ បានឲ្យតំលៃ ទៅលើសីលធម៌ មនុស្សធម៌ និងសច្ចធម៌ ។ តាមទស្សនៈ ខុងជឺ នៅក្នុងសង្គម មានមនុស្សពីរប្រភេទ ដែលតែងតែស្វែងរកវត្ថុពីរផ្ទុយគ្នា ។ មនុស្សប្រភេទ ទីមួយ ជាមនុស្សប្រកបដោយគតិបណ្ឌិត ដែលសុខចិត្តលះបង់គុណប្រយោជន៍ គ្រប់បែបយ៉ាង ដើម្បីស្វែងរកយុត្តិធម៌និងដើម្បីបណ្តុះកិត្តិស័ព្ទរបស់ខ្លួន ។ ចំណែកមនុស្ស ប្រភេទទីពីរជាប្រភេទ មនុស្សសាមញ្ញដែលសុខចិត្តលះបង់យុត្តិធម៌កិត្តិយស ដើម្បីស្វែងរកគុណប្រយោជន៍ ។

២ការបែងចែកទស្សនៈរបស់ខុងជឺ

មនុស្សធម៌= ខុងជឺ បានហាមមិនឲ្យធ្វើសង្រ្គាមជាដាច់ខាត ទោះស្ថិក្នុងសភាពបែបណាក៏ដោយ ។ខុងជឺមើលឃើញសង្រ្គាម ជាប្រភពនៃអមនុស្សធម៌ ។ លោកមិនពេញចិត្តចំពោះអំពើឃោរឃៅ អមនុស្សធម៌ ដែលពួកមនុស្ស ធ្វើទៅលើសត្វ និងធ្វើទៅលើមនុស្សគ្នាឯង ដូចករណីកងទ័ព ចាប់​ឈ្លើយសង្រ្គាមមកកាត់ដៃកាត់ជើងបោះទៅលើចុងលំពែង ចាប់មនុស្សយកទៅ ស្រុះទឹកក្តៅ ដូច​ជាស្រុះមាន់ គាបក្បាលពិរុទ្ធជន ឲ្យស្លាប់ដោយទារុណកម្ម ។ល។ អំពើទាំងនេះ សុទ្ធសឹងជា អំពើ អមនុស្សធម៌ ។

យុត្តិធម៌= ខុងជឺ មើលឃើញយុត្តិធម៌ ក្នុងរូបភាពពីរយ៉ាង គឺយុត្តិធម៌នៅក្នុងសង្គម និងយុត្តិធម៌ នៅក្នុងគ្រួសារ។ ដំបូងឡើយ យុត្តិធម៌ កើតមាននៅក្នុងគ្រួសារជាមុនសិន ក្រោយមក ទើបវារាល ដាលដល់សង្គម ។ ខុងជឺ មើលឃើញយុត្តិធម៌ពួនសំងំនៅក្នុងចិត្ត និងកាយវិការរបស់មនុស្ស ។ ហេតុនេះដើម្បីឲ្យយុត្តិធម៌សង្គមកើតមានឡើងជំហ៊ានទីមួយត្រូវធ្វើឲ្យមានយុត្តិធម៌នៅក្នុងគ្រួសារ ជាមុនសិន ។ ខុងជឺ បានឈរលើទស្សនៈថា «កូនត្រូវស្តាប់បង្គាប់ឪពុកម្តាយ និងរាមច្បងរបស់ ខ្លួន» ។

សីលធម៌= ខុងជឺ បានបង្គាប់ឲ្យមនុស្សគ្រប់វណ្ណៈទាំងអស់ នៅក្នុងសង្គម និងគ្រប់ស្រទាប់វណ្ណៈ ទាំងអស់ នៅក្នុងគ្រួសារ ត្រូវតែហ៊ានទទួលនូវកំហុសរបស់ខ្លួន នៅចំពោះមុខគ្រួសារ និងចំពោះ មុខច្បាប់ផងដែរ ។ អ្នកប្រព្រឹត្តល្មើសនឹងច្បាប់ ត្រូវទទួលខុសត្រូវ ទទួលទារុណកម្ម ឲ្យសមនឹង កំហុស ដែលគេបានសាង ។ ប្រសិនបើកំហុសនោះ ធ្ងន់ដល់ប្រហារជីវិត អ្នកទោស ត្រូវតែហ៊ាន ធ្វើអត្តឃាតខ្លួនឯង ។ ទស្សនៈរបស់លោកខុងជឺសង្កត់ធ្ងន់ថា «មនុស្សម្នាក់ៗ ត្រូវមានស្មារតី អៀន ខ្មាសត្រូវតែចេះយល់នូវអ្វី ដែលត្រឹមត្រូវយុត្តិធម៌ សម្រាប់ជីវិត» ។ ខុងជឺ បានបង្កើត សីលធម៌ មួយទៀតហៅថា «ជិន» មានន័យថា «ស្រលាញ់ អ្នកដទៃ» ដោយខុងជឺ មានបំណង ឲ្យអ្នកសិក្សា ស្រលាញ់ផលប្រយោជន៍ និងជីវិតអ្នកដទៃ ឲ្យដូចជាស្រលាញ់ជីវិតរបស់ខ្លួន ។

សីលធម៌នោះគឺ

-ធ្វើគុណទៅហើយ បើគេតបមកវិញ ចាត់ទុកដូចជាពុំបានធ្វើគុណ ។

-ធ្វើគុណទៅហើយ បើបានផលអាក្រក់វិញ ត្រូវទទួលថា ជាបទពិសោធន៍ដោយដៃពីរ ។

-អំពើណា ដែលអ្នកពុំចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកកុំធ្វើអំពើនោះទៅអ្នកដទៃ ។

-អំពើណា ដែលអ្នកស្រលាញ់ ចង់បាន ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកធ្វើនូវអំពើ នោះទៅអ្នកដទៃ ជាមុនសិន ។

-អំពើណា ដែលធ្វើទៅហើយ បានទទួលផលដល់ខ្លួនឯងហើយ មានទុក្ខដល់អ្នកដទៃ សូមជៀស វាងកុំធ្វើនូវអំពើនោះ ជាដាច់ខាត ។

-បើជួយអ្នកដទៃហើយ បែរជាត្រឡប់មកទទួលទោសវិញ ចូររត់គេច ឲ្យផុតពីទុក្ខទោសនោះឲ្យ បានមុនទុក្ខទោសនោះ មកដល់ ។

-បើធ្វើប្រយោជន៍ហើយ​ សូមកុំរំលឹកគុណទាំងនោះ នៅចំពោះមុខគេឲ្យសោះ បើមិនដូច្នោះទេ​ទោះជាគុណប៉ុនភ្នំ ក៏ត្រូវរលាយដែរ ។

-ត្រូវទុកឲ្យអ្នកដទៃ និយាយពីគុណរបស់អ្នកវិញ ទើបប្រសើរជាង ។

-អ្វីដែលអ្នកមិនសប្បាយចិត្ត ចំពោះអ្នកធំធ្វើមកលើរូបអ្នក ចូរអ្នកកុំយកវាទៅអនុវត្តន៍ លើមនុស្ស ដែលនៅក្រោមបង្គាប់អ្នក ឲ្យសោះ ។

៣គុណធម៌របស់ខុងជឺ

គុណធម៌ របស់ខុងជឺ គឺសំដៅលើចិត្តមេត្តា ករុណា និងភាពត្រឹមត្រូវ ។ លោកថា «មនុស្សម្នាក់ៗ នៅក្នុងសង្គម សុទ្ធតែមានកាតព្វកិច្ច ដែលគួរធ្វើ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន របស់ពួកគេត្រូវ ប្រកបដោយសីលធម៌ និងភាពត្រឹមត្រូវ»។ នេះទើបហៅថា «គុណធម៌»។តែបើគេធ្វើ កិច្ចការទាំង ឡាយដោយគ្រាន់តែពិចារណា ប៉ុន្តែខ្វះសីលធម៌នោះសកម្មភាព​ របស់ពួកគេនឹងក្លាយទៅជា សកម្មភាពមិនត្រឹមត្រូវ   និងខ្វះគុណធម៌ ។ មួយវិញទៀត ខុងជឺ ចាត់ទុកថា «ការគ្រប់គ្រងដោយ គុណ ធម៌ មានលក្ខណល្អប្រសើរ ជាងគ្រប់គ្រងដោយច្បាប់» ។

            គាត់រំពឹងថា ការគ្របគ្រងរដ្ឋ ប្រកបដោយគុណធម៌ អាចដំណើរការទៅរួច ថែមទាំងឈាន ទៅសម្រេចផ្លែផ្កាទៀតផង ។ ការគ្រប់គ្រងល្អ គឺទាល់តែអ្នកគ្រប់គ្រង ធ្វើសង្គមឲ្យ មានសណ្តាប់ ធ្នាប់និងជីវភាពរុងរឿង ។ ចង់ឲ្យសង្គមមានសណ្តាប់ធ្នាប់ និងជីវភាពរុងរឿង ត្រូវធ្វើសណ្តាប់ធ្នាប់ និងចេះគ្រប់គ្រងជីវភាពគ្រួសារជាមុនសិន ។មនុស្ស ដែលមានទឹកចិត្តល្អ លុះត្រាតែ មានឆន្ទៈ ស្មោះត្រង់ និងមានការអប់រំល្អ ។ នៅពេលដែលមនុស្ស បានទទួលការអប់រំល្អហើយជីវភាពគ្ រួសារ របស់គេ ក៏ត្រូវបានគ្រប់គ្រងល្អដែរ ។ បើជីវភាពគ្រួសារបានគ្រប់គ្រងហើយនោះ នាំឲ្យជីវ ភាពសង្គម ឬប្រទេសជាតិ មានសណ្តាប់ធ្នាប់ ។ លទ្ធផលចុងក្រោយ គឺពិភពលោកនឹងមាន សន្តិភាព។ខុងជឺយល់ថា ដើម្បីឲ្យសង្គមមានសណ្តាប់ធ្នាប់ លុះត្រាតែនៅក្នុងសង្គមនោះ មានការ ប្រតិបត្តិត្រឹមត្រូវ នូវអ្វីដែលគាត់ហៅថា «ការកែតំរូវ ឲ្យត្រឹមត្រូវតាមឈ្មោះ» នោះជាមុនសិន ។ នេះមានន័យថា «ម្នាក់ៗ ត្រូវតែស្គាល់ឈ្មោះកាតព្វកិច្ច និងតួនាទីរបស់ខ្លួន ឲ្យបានច្បាស់លាស់» ។ ខ្លឹមសារសំខាន់នោះ ឋិននៅត្រង់ថា អ្នកគ្រប់គ្រងគឺអ្នកគ្រប់គ្រង រដ្ឋមន្រ្តីគឺរដ្ឋមន្រ្តី ឪពុកគឺឪពុក កូនគឺកូន ។ល។ គ្រប់ឈ្មោះទាំងអស់ គឺសុទ្ធតែឋានៈ មានកាតព្វកិច្ច តួនាទី និងមុខងារ ខុសៗ គ្នា ។ បើឈ្មោះណាមួយ បំពេញមុខងាររបស់ខ្លួនមិនត្រឹមត្រូវ អ្នកនោះមិនអាចក្លាយទៅជាបុគ្គល ដ៏ល្អតាមឋានៈនោះឡើយ ។ ឧទាហរណ៍ថា៖ បើអ្នកដឹកនាំ គ្រប់គ្រងគេ មិនខ្វល់ខ្វាយចំពោះវិជ្ជា ឬវិធីដឹកនាំគ្រប់គ្រងនោះទេទោះបីជាអ្នកនោះមានប្រជាប្រិយភាព ប៉ុណ្ណាក៏ដោយ ក៏គេនោះមិន អាចជាអ្នកដឹកនាំ ដ៏ល្អបានដែរ ។

ប៉ុណ្ណោះ។កិត្តិយស​រមែងកើតមកពីការប្រព្រឹត្តអំពើសុចរិត។ការមានជីវិតរស់នៅបានយូរអង្វែងមិនមែនជារឿងសំខាន់ ឯរឿងដែលសំខាន់ គឺការមានជីវិត​រស់​នៅ​ដូចម្តេច។កុំដេញសុនខឲ្យចាល់ច្រក កុំកៀងមនុស្សឲ្យចាល់មុំ។មនុស្សដែលមានជីវិតរស់នៅមិនទាន់ចេះគោរពប្រណិបត្តិផង នឹងគោរពប្រណិបត្តិសែនទេព្តា​ហើយ​នឹងខ្មោចដូចម្តេចនឹងបានទៅ។របស់ដែលរឹងបំផុត អាចយកឈ្នះបានដោយរបស់ដែលទន់បំផុត។មនុស្សដែលស្គាល់អ្នកដទៃជាមនុស្សឆ្លាត ហើយស្គាល់ខ្លួនឯងជាមនុស្សមានសតិ។

​​បើស្រលាញ់គេ មិនផ្តល់កំលាំងចិត្តដល់គេបានដែររឺ បើស្មោះត្រង់ចំពោះគេ មិនដាស់តឿន​ប្រៀន​ប្រដៅ​គេបានដែររឺ។មិត្តដែលស្មោះត្រង់។ មិត្តដែលមានការទទួលខុសត្រូវ។ មិត្តដែលមានចំណេះដឹង។ មិត្តទាំង ៣ ប្រភេទ​នេះមានប្រយោជន៍ចំពោះយើង។អ្នកសិក្សាសម័យមុន សិក្សាដើម្បីឲ្យខ្លួនបានទទួលជោគជ័យក្នុងការសិក្សា។ អ្នកសិក្សាក្នុង​សម័យ​បច្ចុប្បន្ន សិក្សាដើម្បីឲ្យបុគ្គលដទៃដឹងថាខ្លួនមានការសិក្សា។រឿងដែលអ្នកមិនចង់ឲ្យបុគ្គលដទៃធ្វើចំពោះអ្នក ក៏មិនគួរធ្វើរឿងនោះចំពោះអ្នកដទៃ។

៤មាគ៌ារបស់ខុងជឺ និងមាគ៌ារបស់តៅ

លទ្ធិខុងជឺ ផ្តោតទៅលើការរៀបចំ បែបបទសង្គមនិងជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធសិក្សា របស់ចិន មានក្រឹត្យ ក្រមសីលធម៌ ខ្ជាប់ខ្ជួន ដំបូន្មានប្រៀន ប្រដៅ យ៉ាងល្អិតល្អន់ និងពិធីសែនព្រេន គោរពបូជាដល់បុព្វបុរស ។ ផ្ទុយទៅវិញ លទ្ធិតៅផ្តោតសារៈសំខាន់ទៅលើមាគ៌ា រស់នៅទៅតាម ក្រមធម្មជាតិ ។ ក្តីសុខតាមទស្សនៈរបស់លទ្ធិតៅ គឺបង្រៀនឲ្យមនុស្សចេះរៀបចំ ដំណើរជីវិត ទៅតាមច្បាប់ធម្មជាតិ និង ជឿជាក់ លើបញ្ញាញាណ របស់ខ្លួនឯង ។

ឈុនឈីវៈ ស្នាដៃដ៏ឆ្នើមរបស់ខុងជឺ

នៅដំណាក់កាលចុងក្រោយ នៃជីវិតរបស់ខុងជឺ គាត់បាននិពន្ធសៀវភៅ មួយក្បាលដែលមាន ចំណងជើង ថា “ឈុនឈីវ” ជាសៀវភៅទាក់ទង និងជីវប្រវត្តិសាស្ត្រ របស់អច្ឆរិយបុគ្គល និងព្រឹត្តការណ៍សំខាន់ៗ ដែលកើតមាននៅក្នុងសង្គម រវាងឆ្នាំ៧២២ ដល់៤៤១មុន គ.ស ។ ដោយសម័យ នោះ នៅមិនទាន់មាន ក្រដាស សរសេរនៅឡើយ ទើបកាត់ត្រូវនិពន្ធសៀវភៅនេះ ដោយចារលើបន្ទះឬស្សី ។ ក្នុងកំឡុងពេលសរសេរ សៀវភៅ នេះ ខុងជឺ សំងំនៅតែក្នុងផ្ទះ ដៃម្ខាងកាន់បន្ទះឬស្សី ដៃម្ខាងកាន់ជក់ ដោយ គិតតែពីឈ្ងោកសរសេរយ៉ាង អត់ធ្មត់បំផុត ពុំខ្លាចនឿយហត់អ្វីទាំអស់ ។ ដំណែកកូនសិស្សក្រោយពីឃើញគ្រូរបស់ខ្លួន ខំប្រឹងប្រែង ធ្វើការជ្រុលហួស ពេកដូច្នេះ ពួកគេក៏ សុំចូលខ្លួន មកជួយសរសេរ តែគាត់បដិសេធ ហើយឆ្លើយទៅវិញថា ៖

“មិនបានទេ! រឿងដែលយើងកំពុងសរសេរនេះ គឺជារឿងរបស់អ្នកដែលស្លាប់ទៅហើយ… យើងចង់ បន្ថែមគំនិតខ្លះៗ ទៅក្នុងរឿងនោះ… យើងគិតថា អ្នកជំនាន់ក្រោយ និងបានយល់ពីយើង ឬអាចនឹង បន្ទោសយើងផងដែរ” ដោយសារការប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តរបស់ខុងជឺ ទើបសៀវភៅមួយច្បាប់នេះ គឺជាសៀវភៅ ប្រវត្តិសាស្ត្រ ដែលមានលក្ខណៈត្រឹមត្រូវ និងសុក្រឹតបំផុត ។

៥លិទ្ធិខុងជឺនៅតៃវ៉ាន់

ក្នុងសម័យបច្ចុប្បន្ននេះទស្សនៈនិងវិធីគិតរបស់ជនជាតិចិនដីគោក ត្រូវបានផ្លាស់ប្តូរដោយ សារតែ ត្រូវ គ្រប់គ្រងដោយរបប កុម្មុយនីស្ត ដែលជា ហេតុ ធ្វើឲ្យឥទ្ធិពល និងទស្សនវិជ្ជារបស់ ខុងជឺ ដែលធ្លាប់តែ ដិតជាប់ចំពោះជនជាតិចិន កាលពីសម័យមុននោះ ត្រូវបានប្រមូលផ្តុំ មកផ្សព្វផ្សាយ នៅតៃវ៉ាន់វិញ ។ ថ្វីត្បិតតែសេដ្ឋកិច្ចនយោបាយ មានការផ្លាស់ប្តូរខ្លាំងហើយក៏ដោយ តែវប្បធម៌និងទំនៀមទម្លាប់ របស់ ជនជាតិចិន នៅតែពុំមាន អ្វីខុស ប្លែកពីអតីតកាលប៉ុន្មានឡើយ ដូចជាការសែនព្រេន ដល់បុព្វបុរសជាដើម ។ ទស្សនៈរបស់ខុងជឺ ប្រៀបដូចចំណង ដែលចងភ្ជាប់ប្រជាជន ចិន ឲ្យវេញបញ្ចូលគ្នាក្នុងសង្គមតែមួយ ។

លិទ្ធិខុងជឺ មិនមែនជាសាសនាទេ ប៉ុន្តែគ្រប់ទិសតំបន់ នៃកោះតៃវ៉ាន់ តែងមានវិហារ ខុងជឺ នៅពាសពេញ ។ ពាក្យប្រៀនប្រដៅ របស់គាត់ត្រូវ បានគេ យកមកចារិក នៅតាមទីសក្ការៈបូជាផ្សេងៗ ។ ក្មេងៗទាំងឡាយ តែងត្រូវបានគេបណ្តុះបណ្តាលឲ្យសិក្សារៀនសូត្រ និងអនុវត្តតាមពាក្យ ប្រៀនប្រដៅ របស់ខុងជឺ តាំងតែ ពីតូចៗមក ដោយផ្តើមចេញពីគ្រួសារ រួមទាំងសាលារៀន ដែលជួយបញ្ជាក់បន្ថែម ទៀតទៅលើមនសិការ របស់ក្មេង។ កម្មវិធីថ្នាក់បឋមសិក្សា នៅកោះតៃវ៉ាន់ គេសង្កត់ធ្ងន់លើភាពកតញ្ញូ សេចក្តីព្យាយាម និងមនសិការ ស្នេហាជាតិជាកត្តាសំខាន់ ។ ក្មេងៗតៃវ៉ាន់ ក្នុងសម័យបច្ចុប្បន្ន នៅតែសរសេរនិង ទន្ទេញ នូវពាក្យ “ឡៃជឺ” ដែលជានិម្មិតរូបនៃ អ្នកដែលមានចិត្តកតញ្ញូ ទៅតាមដំបូន្មាន របស់ខុងជឺ ។ ទោះបីជាស្ថានភាពសេដ្ឋកិច្ច រីកចម្រើន ទៅឆ្ងាយយ៉ាងណាហើយក្តី ប៉ុន្តែទ្រឹស្តីប្រៀនប្រដៅ របស់ខុងជឺ មិន ដែលហួសសម័យហើយ ក៏ពុំមែនជាឧបសគ្គ ក្នុងដំណើរជីវិត របស់មនុស្សសម័យថ្មីអ្វីដែរ ។

- Advertisement -

៦ពាក្យស្លោករបស់ខុងជឺ

ខុងជឺ ជាទស្សនវិទូមួយរូប ដែលបានទទួលការគាំទ្រ និងលើតម្កើងជាអច្ឆរិយ បុគ្គលដ៏ឆ្នើមបំផុតរបស់ ប្រទេសចិន ។ ខុងជឺ បានបង្ហាញទស្សនៈ របស់ គាត់តាមរយៈ ពាក្យស្លោកមួយចំនួន ដែលសុទ្ធតែជាពាក្យ ស្លោក មានអត្ថន័យនិងមានលក្ខណៈអប់រំជ្រាលជ្រៅបំផុត ។

-គ្រាន់តែឮ ខ្ញុំនឹងភ្លេច.. បើបានឃើញ ខ្ញុំនឹងចាំ..បើបានធ្វើ ខ្ញុំនឹងយល់ ។

-គោលដៅរបស់អ្នកដែលមានឧត្តមគតិខ្ពង់ខ្ពស់ គឺសច្ចធម៌ ។

-ភាពល្ងង់ខ្លៅជារាត្រីកាលនៅក្នុងចិត្ត.. តែជារាត្រីគ្មានព្រះចន្ទនិងដួងតារា ។

-រៀន តែមិនព្រមគិត គឺខូចខាត.. គិត តែមិនព្រមរៀន គឺគ្រោះថ្នាក់…..

-អ្នកដែលពូកែនិយាយបញ្ចើចបញ្ចើ លើកជើងបញ្ជោរ មានតិចតួចណាស់ដែល ជាអ្នកមានមេត្តាធម៌ ។ —-ចំណែកមនុស្សប្រកាន់យុត្តិធម៌ មនុស្សដាច់ខាតមោះមុត និងមនុស្សម៉ីះៗ សាមញ្ញ មិនសូវមានវោហារ ច្រើនជាមនុស្សមានមេត្តាធម៌ ។

៧. ទស្សននយោបាយគ្រប់គ្រងរដ្ឋ និង ដំបូន្មានរបស់ខុង ជឺ

            ខុង ជឺ យល់ថាមនុស្សទាំងអស់គួរតែទទួលបាននូវអ្វីដែលគេចង់បាន ហើយអ្វីដែល មនុស្សចង់បានជាងគេនោះ គឺសុភមង្គល។ ដើម្បីទទួលបានសុភមង្គល មនុស្សហ៊ានពលីគ្រប់ បែបយ៉ាង។ ចេញពីទស្សនៈបែបខុង ជឺ បានធ្វើការអះអាងទៅលើមុខងាររបស់រដ្ឋាភិបាលថា” រដ្ឋាភិបាលដែលល្អ គឺជារដ្ឋាភិបាលដែលធ្វើយ៉ាងណាឱ្យប្រជាជនរបស់ខ្លួនមានសុភមង្គល។ ដើម្បីឱ្យមានសុភមង្គល ខុងបានមើលទំរង់គ្រប់គ្រងរដ្ឋក្នុងរូបភាពជាគ្រួសារដ៏សែនធំមួយដែល មានស្តេចជាឳពុក”។

៨.ទស្សនវិជ្ជាខុងជឺរំលាយមហាកំពែងចិន

                មួយសតវត្សកន្លងមក នៅក្នុងអាថ៌កំបាង និងភាពងងឹតនៃសករាជ ពង្សាវតា និងឯកសារ នានាពុំបានចែងពីដំណើរទស្សនវិជ្ជាចិនសោះ។ មកដល់ឆ្នាំ ៣០៧ មុនគ.ស ទើបមាន ព្រឹត្តការណ៍បានកើតឡើងជាថ្មី។ នៅភូមិភាគឦសាននៃប្រទេសចិនទាំងមូល ការជ្រួលច្របល់ មួយបានចាប់ផ្តើមឡើងជាថ្មី។ ប្រជរាស្រ្តជាយដែនគេចោលផ្ទះសម្បែង រត់ចោលស្រូវអង្ករ ទ្រព្យសម្បត្តិ និងហ្វូងសត្វពាហនៈ គេដឹកជញ្ជូនតែរបស់មានតម្លែបន្តិចបន្តួចសំដៅមកភូមិភាគ កណ្តាលដែលជាទីតាំងនៃរាជធានី។

          រដ្ឋដែលត្រូវរងគ្រោះដោយសារវិនាសកម្មមុនគេ គឺរដ្ឋយេន និងចៅ ព្រោះពួកអានារ្យ ប្រជាគមបានចាប់ផ្តើមធ្វើការប្រហារនៅតំបន់ព្រែកជីក ដែលកប់អនុស្សាវរីយ៍ដ៏ខ្លោចផ្សា ហើយ ធ្វើឱ្យបំភ្លេចមិនបានរហូតមកដល់សព្វថ្ងៃនេះ។

           នៅទីនោះហើយដែលទស្សនវិទូ យេ ឆាង បានបូជាជីវិតដើម្បីគម្ពីរបស់ខុងជឺ។

        ដោយយល់ថា ពួកម៉ុងហ្គោលប្រុងវាយយកអាណាចក្រខ្លួនមុនគេ ព្រះមហាក្សត្រចៅ និង យេន ក៏រកមធ្យោបាយទប់ទល់យ៉ាងសកម្ម។ ព្រះអង្គទ្រង់បញ្ជាឱ្យប្រមូលវិស្វករ និងយន្តការីទាំង ឡាយក្នុងស្រុកមកពិភក្សាគ្នា។ ពេលនោះក្នុងចំណោមអ្នកប្រាជ្ញទាំងអស់ ព្រះរាជាចិនទ្រង់សព្វ ព្ររាជហឫទ័យ ដល់គំនិតអ្នកប្រាជ្ញម្នាក់ឈ្មោះ ស៊ីវ គង់ ។ អ្នកប្រាជ្ញនេះបានយករូបគំនូរដែល ខ្លួនគូរយកមកបង្ហាញព្រះមហាក្សត្រ ព្រមទាំងចង្អុលនូវប្រយោជន៍របស់រូបនោះផង។ រូបគំនូរ នោះជារូប “មហាកំពែង” ប្រកបដោយប៉មមីរដេរដាស់។

         មហាកំពែងនេះចាប់ផ្តើមកសាងឡើងនៅខាងជើងតំបន់អ័រ-ដុស និង វាលទំនាបនៃស្រុក ម៉ង់ ស៊ូ។ ដើម្បីឱ្យទាន់ពេលវេលា គេត្រូវប្រើមនុស្សរាប់សែននាក់។ ហេតុនេះកំណែនត្រូវចាប់ ផ្តើមឡើងទៅលើប្រជាពលករ ហើយការបង្ហូរឈាមក៏បានកើតឡើងជាមួយគ្នាដែរ ព្រោះជាវិធាន ការរបស់ស្តេចយេន ចាប់ប្ររព្វធ្វើឡើងដោយប្រើកម្លាំង។

                យេន និងចៅ បានកសាងមហាកំពែងក្នុងឆ្នាំ ៣០៧ មុនគ.ស មានចម្ងាយបីគីឡូម៉ែត និង ប៉ម៦០០។ កំពែងយេនកើតឡើងជាមួយអំណាចផ្តាច់ការ កើតឡើងពីឈាមប្រជារាស្រ្តរាបសែន នាក់ ហើយជាអនុស្សាវរីយ៍ដ៏ខ្លោវផ្សា សម្រាប់មុនស្សលោកកត់ត្រាក្នុងប្រវត្តិសាស្រ្ត និង មានក្លិន អាសោចរហូតមកដល់សករាជថ្មី។ ពេលនោះចង្កៀងប្រវត្តិសាស្រ្តចិនក៏បានរលត់ទៅម្តងទៀត។

                មួយសតវត្សកន្លងមក ឆ្នាំ ២៧០ មុនគ.ស ព្រឹត្តិការណ៍ ដ៏សាហាវមួយបានចាប់ផ្តើមឡើង ជាថ្មី។ ម្តងនេះពុំគ្រាន់តែពង្សាវតាចិនតែប៉ុណ្ណោះទេ ដែលដចារិកនៅក្នុងទំព័ររបស់ខ្លួន សូម្បីតែ ពង្សាវតាពិភពលោកក៏បានកត់ត្រាគំរងអាសោយនៃសកម្មភាពនេះដែរ។

                តំណាលថាកាលនោះ អាណាចក្រស៊ីន បានចេញមុខធ្វើសង្រ្គាម និង ចិនគ្នាឯងគឺរវាង កុលសម្ព័ន្ធអស់រយៈកាលដប់ឆ្នាំ ទើបអាណាចក្រស៊ីនយកជ័យជំនះលើរដ្ឋចិនទាំងឡាយបាន។             ព្រះមហាក្សត្រក្រោយ ដែលយកជ័យជំនះលើរដ្ឋទាំងឡាយដូចបំណងហើយ ក៏បង្រួប បង្រួមចិនឱ្យមូលត្រកូលគ្នាតែមួយ ហើយស្តេចស៊ីន ព្រះនាម ស៊ីន ឆេ ហ្វាង ទី ក៏បានប្រកាស ខ្លួនជាព្រះចៅអធិរាជ។

                ស៊ីន ឆេ ហ្វាង ទី លុះបានឡើងជាព្រះចៅអធិរាជក៏បានចាប់ផ្តើមដឹកនាំប្រទេសដោយ លទិ្ធមួយដែលកយច្បាប់អាជ្ញាសឹកជាធំ។ ខាងផ្នែកជំនឿ និង ទ្រឹស្តី ហ្វាងទីបានបញ្ជាឱ្យតៅ និយមផ្សំថ្នាំសម្រាប់ជីវិតអមតៈ។ ស្តេចអង្គបានបញ្ជាឱ្យប្រមូលឯកសារ ក្បួនតម្រាលសាស្រ្ត ទស្សនៈវិជ្ជា របស់ ឡៅ ស៊ឺ ព្រមទាំងខុង ជឺ មកទុកក្នុងបណ្ណាល័យ ព្រោះទ្រង់ចង់បំបិតពុំឱ្យ ប្រជាជនមានគំនិតអ្វីមួយផ្សេងដ៏ពីច្បាប់សឹក។ តែទោះជាយ៉ាងណាក៏ដោយ ក៏គេឃើញគម្ពីរ សាសនា និង ទស្សនវិជា្ជ ជាពិសេសគម្ពីររបស់ខុងជឺ ត្រូវបានបញ្ញាវ័ន្តមួយក្រុមរក្សាទុកព្រមទាំង នាំគ្នាលបលលួចសិក្សាដោយអាថ៌កំបាំងបំផុត។

 ​​​​ មានរឿងច្រើនណាស់ ដែលអ្នកនិពន្ធចិនសម័យថ្មីនាំគ្នាចងក្រងសម្រាប់ជាឧបករណ៍ បញ្ជាក់ពីប្រត្តិសាស្រ្តប្លែកៗក្នុងរជ្ជកាល “មហាកំពែង” ដូចជាៈ

                តំណាលកាលនោះ មានគ្រួសារពីរស់នៅជិតគ្នា។ ពួកគេសុទ្ធសឹងតែជាអ្នកភៀសខ្លួន ដែលរត់មកពីតំបន់ឆ្ងាយៗហើយបានមកតាំងទីលំនៅលើទឹកដីទំនាប។ គ្រួសារទីមួយមានឳពុក និងកូនស្រីឈ្មោះនាង ស៊ី ហួរ ដែលជានារីដែលប្រកបដោយរូបសម្បត្តិ ស្រស់សោភា សម្លេង ពីរោះដូចសារីកា ហើយមានបេះដូងប្រកបដោយគុណធម៌។ គ្រួសារទីពីរគឺគ្រួសារកម្លោះជូ យ័ន ដែលមានតែម្តាយ ឯឳពុកស្លាប់ក្នុងសមរភូមិទៅហើយ។ ស៊ី ហួរ និង ជូ យ័ន បានស្រលាញ់គ្នា ជាស្នេហាអមតៈ គ្មានកម្លាំងអ្វីអាចបំបែកបំបាក់បានឡើយ។

                ឆ្នាំ ២៧០ មុនគ.ស ព្រះចៅអធិរាជហ្វាំង ទី ដែលពិភពលោកចាត់ទុកថាជាមនុស្សផ្តាច់កា ទី១ បានវីវក់នឹងអំណាច។ ក្រៅពីប្រព្រឹត្តកាមគុណជាមួយស្រីស្នំរាប់ពាន់នាក់ ទ្រង់បានប្រមូល រាស្រ្តរាប់សែនគ្រួសារ ឱ្យសង់រាជាវាំងនឹងតំណាក់ដ៏ច្រើនលើសលប់។ កាលប្បវត្តិចិនតំណាល ថា ហ្វាំង ទី ចង់ជិះសំពៅលេងកំសាន្ត ទ្រង់ក៏បានបញ្ជាឱ្យរាស្រ្តនាំគ្នាជីកព្រែក នៅមុខព្រះលាន នៃតំណាក់របស់ទ្រង់។ ការដ្ឋានព្រែកជីកបានកសាងឡើងតំណាលនឹងការកសាងមហាសំពៅ មួយដែលមានមនុស្សរាប់ម៉ឺននាក់ ធ្វើការទាំងថ្ងៃទាំងយប់។ ដោយសារតែរាស្រ្តចេះតែរត់គេចវេះ ពុំព្រមធ្វើការស្តេចបានបញ្ជាឱ្យ គេសម្លាប់ចោលអស់ជាច្រើននាក់ ហើយបញ្ជាឱ្យដាក់ច្រវ៉ាក់ជើង កម្មករថ្មីៗទាំងអស់។ មានមនុស្សរាប់ពាន់នាក់ស្លាប់ដោយទឹកស៊ីជើង ព្រោះគេនាំគ្នាឈរធ្វើការ ក្នុងទឹកទាំងថ្ងៃទាំងយប់។

                លុះព្រែកជីករួចហើយហ្វាំង ទី បានប្រើកម្លាំងមនុស្សឱ្យអូសសំពៅរបស់ខ្លួន។ យុគរបស់ ហ្វាំង ទី ជាយុគងងឹតសូន្យសុង គេគ្មានឃើញមានពន្លឺសីលធម៌ និងមនុស្សធម៌ឡើយ។ គេឮសូរ តែសម្រែកនៃសេចក្តីទុក្ខវេទនារបស់ប្រជាពលករ ដែលក្នុងលំហរអាកាសហាក់ដូចជានៅ កណ្តាលសាគរគ្មានកោះត្រើយ។

                លុះដល់ឆ្នាំ ២៥០ មុនគ.ស ហ្វាំង ទី បានបញ្ជាឱ្យបើកការដ្ឋានមួយថ្មីទៀតគឺការកសាង “មហាកំពែង” បន្តភ្ជាប់ពីអាណាខេត្រនៃសន្តិវង្សយេនរហូតមកដល់សមុទ្រ។

                មហាសំណង់នេះសាងឡើងដោយទឹកភ្នែក និង ឈាមរបស់រាស្រ្តចិនព្រោះព្រហ្វាំង ទី បានប្រើកម្លាំងដើម្បីបង្ខំរាស្រ្តឱ្យកសាងរនាំងថ្មនេះ។ អយុត្តិធម៌ និង អមនុស្សធម៌ហួសកំរិតបាន បង្កើតប្រត្តិកម្មប្លែកៗ គឺអ្នកស្រុកនាំគ្នាបះបោរទល់នឹងស្តេចវិញ ហើយបង្កើតបានអ្នកបក្ស ក្លាហានជាច្រើនក្រុមនៅគ្រប់ទីកន្លែង។ សកម្មភាព ចេះតែបង្កើនឥទ្ធិពលខ្លាំងឡើងៗ រហូត បណ្តាលឱ្យរលោះទ័ពស្តេចហ្វាំង ទី អស់ជាច្រើនពាន់នាក់។ ពេលនោះព្រះចៅអធិរាជកំណាច បានបញ្ជាឱ្យចាប់បញ្ញាវ័ន្តទាំងអស់មកឃុំឃាំងរព្រោះយល់ថា បើខ្វះក្បាលអ្នកចេះដឹងវិបត្តិនេះ ក៏ពុំអាចកើតឡើងដែរ។  ក្នុងចំណោមបញ្ញាវ័ន្តទាំងនោះសិស្សគណៈរបស់គម្ពីរ ខុង ជឺ ត្រូវបាន ស្តេចបង្គាប់ឱ្យគេយកទៅសម្លាប់ចោល ដោយច្រានទម្លាក់ទៅក្នុងរណ្តៅមហាកំពែង។

                ក្រលេកមើលមកគ្រួសារទាំងពីរ ពេលស្រុកកំពុងកើតចលាចល អ្នកស្រុកបាននាំគ្នាដឹក ជញ្ជូនគ្រឿងឧបភោគបរិភោគ ទៅសង្ងំនៅក្នុងភ្នំ ដើម្បីចៀសវាងពីកំណែន។

                ជូ យ័ន បានលាសង្សារបស់ខ្លួនទាំងអាល័យដើម្បីបំពេញ បេសកកម្មដូចគណៈសិស្ស ទាំងឡាយដែរ គឺគេត្រូវនាំមហាគម្ពីរខុង ជឺ ពង្រត់ចេញពីស្រុកស៊ីនទៅកាន់អាណាចក្រចូវ។

                តាមកាលប្បវត្តិចិនថា ជូ យ័ន និងមិត្តគេដ៏ទៃទៀតត្រូវកងទ័ពស្តេចចាប់បាននៅតំបន់ ស្រុក ហៀន គូ គឺ តំបន់ដែលឡៅ ជឺ ជិះក្របីឆ្លងកាត់ពីលើកមុន។ ក្រុមនិសិត្សទាំងប៉ុន្មាន ត្រូវអាជ្ញាធរ នាំយកទៅការដ្ឋានមហាកំពែងទាំងអស់។

                តំណាលកាលនោះនាងក្រមុំ ស៊ី ហួរ ក្រោយដែលបានដឹងថា គេចាប់សង្សានាងយកទៅ ហើយយុវតីនេះ ក៏លាឳពុកខ្លួន និងម្តាយ ជូ យ័ន ដើម្បីទៅសើបសួរដំណឹង។ ស៊ី ហួរ បានបន្លំខ្លួនក្នុងហ្វូងប្រជាពលកររហូតបានជួបស្តេចហ្វាំង ទី។ ស៊ី ហួរបានរត់ចេញពីហ្វូងមនុស្ស តម្រង់ទៅរកស្តេច ហ្វាំង ទី ដែលកំពុងទស្សនាយ៉ាងជក់ចិត្ត។ ជួលពេលស្តេចងាកមកឃើញ ក៏ចាប់ចិត្តនឹងសម្ផស្សរបស់នាង ក៏បញ្ជាឱ្យពលទាហានទុកឱកាសឱ្យនាងចូលជិតយ៉ាងស្រួល។ កាលណោះយុវតីបានចូលទៅសូមសេចក្តីសណ្តោស ពីព្រះរាជាសូមទ្រង់ដោះលែង សង្សា របស់នាង។ ហ្វាំង ទីចង់ឃើញ ជូ យ័ន ក៏បង្គាប់ឱ្យទាហាននាំ ជូ យ័ន ចេញមក តែគេបានទូលទ្រង់វិញថា ជូ យ័ន ជានិសិត្សគណៈរបស់ ខុង ជឺ ត្រូវបានទំលាក់ក្នុងរណ្ណៅប៉ម មហាកំពែងរួចហើយ។ លុះដឹងងថាសង្សារបានស្លាប់ទៅហើយ ស៊ី ហួរ វង្វេងបាត់ស្មារតី បោះពួយដូចសត្វអកញី តម្រង់មហាកំពែងបោកបំបែកក្បាល នៅលើសិលាស្លាប់នៅពេលនោះ ទៅ។ មរណភាពរបស់ ស៊ី ហួរ បានបង្កើតជាអព្ភូតហេតុចម្លែក្នុងប្រវត្តិសាស្សចិន។

                វាយោបក់ផាត់ផ្ទាំងពពកខ្មៅទៅ លើវេហាបណ្តាលឱ្យមេឃងងឹត បន្តិចភ្លៀងក៏ចាប់ធ្លាក់ មកដូចគេចាក់ទឹកពីក្អម អសនីបន្ទរសម្លេងស្ទើរកក្រើកព្រះធរណី ពេលនោះរន្ទះបាញ់បំបាក់ មហាកំពែងបណ្តាល ឱ្យបាក់សិលាទាំងផ្ទាំងៗ លោហិតក្រហមឆ្អៅរបស់ ស៊ី ហួរ ហូរទៅក្នុង រណ្តៅមរណៈកន្លែងដែលអ្នកប្រាជ្ញ បណ្ឌិត ទស្សនវិទូ ព្រមទាំងសង្សាររបស់នាងត្រូវគេសម្លាប់ ក្នុងទីនោះ។

                អាថ៌កំបាំងនៃមហាកំពែង ជាអនុស្សាវរីយ៍ដ៏ជូរចត់កត់ត្រាក្នុងទំព័រប្រវត្តិសាស្រ្តចិន និង បានកប់ទុក សុទ្ធតែរឿងសោកសៅពុំអាចបំភ្លេចបាន។

                សន្តិវង្សហ្វាំង ទី រស់នៅពុំបានប៉ុន្មានក៏អន្តរធានទៅ ក្រោយពីគាត់បានបង្គាប់ឱ្យគេដុត ចោល គុម្ពីរទាំងអស់ក្នុងស្រុកចិននៅឆ្នាំ ២១៣មុនគ.ស។ ពេលនោះប្រជារាស្រ្តចិនទាំងមូលនាំ គ្នាខ្លាចស្លាប់ ហើយធ្វើបដិវត្តន៍ទល់នឹងស្តេចកំណាចនេះវិញ។

កាលប្បវត្តិចិនបានពោលថាៈ

“ពេលដែលកំពុងមានការ ច្របូកច្របល់ក្រពលឈាម, និងក្នុងខណៈដែលប្រជារាស្រ្ត កំពុងនាំគ្នាដុតវាំងស្តេច ហ្វាំង ទី គេឃើញមនុស្សម្នាក់ជិះសេះស លោតផ្លោះហ្វូងមនុស្សបោះ ពួយសំដៅដំណាក់ស្តេច ហ្វាំង ទី។ ជននោះកាន់លំពែង មានផ្លែជារាង កំបិតពណ៌មាស ស្ទុះចូលទៅជាន់កស្តេច ហ្វាំង ទី ហើយកាត់ក្បាលយួរចេញមកកក្រៅ។

                ក្រោយពីស្តេចហ្វាំង ទីចូលទីវង្គត់ទៅ ប្រជារាស្រ្តក៏បានលើកយុវជន លីវ បាង ដែលជាកូនរាស្រ្ត សុទ្ធសាធឱ្យឡើងសោយរាជ្យតមក គឺក្នុងឆ្នាំ ២០២ មុនគ.ស។

                គឺ លីវ បាងនេះហើយដែលបានសម្លាប់ស្តេច ហ្វាំង ទី អ្នកស្រុកយល់ថាគុណ ឧបការៈរបស់ជននេះ មានទំហំធំណាស់ហើយ ដើម្បីតបស្នងគុណឱ្យសមនឹងសេចក្តីក្លាហាន របស់គេត្រូវតែប្រគល់រាជសម្បត្តិឱ្យដល់បុរសនោះ។ ក្រោយដែលបានសោយរាជ្យហើយលីវ បាង ក៏បានប្រកាសឱ្យគេដើរកគម្ពីរ ខុង ជឺ ដែលមាននៅសល់ក្នុងស្រុកចិន។

៩មរណ:ភាពរបស់ខុងជឺ

​​​ខុង និយាយបណ្តើរ  យកដៃជូតទឹកភ្នែកបណ្តើរដែលហូរហៀរធ្លាក់រហាមជាប់ថ្ពាល់ដ៏ជ្រីវ ជ្រួញរបស់គាត់។ ដំណើរផ្សេងព្រេងរបស់ខុងជឺក្នុងការផ្សាយទស្សនៈរបស់គាត់   ពុំបានប្រព្រិត្តិ ទៅដោយជោគជ័យឡើយ ។  ខុង និងសន្តតិវង្សនេះ  តែគាត់ត្រឡប់ជាទទទួលជោគជ័យទៅ វិញ  ជាពិសេសនៅក្នុងរដ្ឋស៊ីនដែលជាស្រុកមួយនៅខាងជើងនៃប្រទេសចិន  ជាស្រុកនៃអ្នកធ្វើ សង្រ្គាម  ស្អប់ខ្ពើមភាពស្លូតបូតនិងសប្បុរសធម៌និយម  សេចក្តីអង់អាចនិងសង្រ្គាមប្រល័យ លោក ។

ខុងនឹកដល់អនុស្សាវរីយ៍ទាំងឡាយ  ដែលធ្វើអោយគាត់ធុញទ្រាន់ក្នុងជីវិត។  ចិត្តរបស់ គាត់ស្អប់ការកសាងណាស់តែសំដី និងទ្រឹស្តីរបស់ខុងពោលតែពីការពុះពារក្នុងជីវិត។  គាត់មើល ឃើញពិភពលោកពោរពេញទៅដោយមនុស្សកំណាច   ដែលពិបាកនិងពន្យល់ដឹកនាំបានដោយ ស្រួល ។

នៅពេលខុងហៀរទឹកភ្នែកសាវកម្នាក់ៗ  លុតជង្គង់ឱនមុខចុះពុំហ៊ានបញ្ចេញវិប្បយោគ របស់ខ្លួនអោយគេឃើញទេ  ម្នាក់ខំខាំមាត់អត់សង្កត់ចិត្ត  ព្រោះខុងពុំបានបង្ហាត់អោយសិស្សចេះ សម្តែងសេចក្តីសោកស្រណោះនៅចំពោះបុគ្គលជិតស្លាប់ឡើយ។

ពេលនោះ   មហាទស្សនៈវិទូចិនបក់ដៃអោយមនុស្សធាត់ម្នាក់ឈ្មោះ ” លី” ចូលមកជិត គាត់ព្រោះក្នុងចំណោមមនុស្ស ៩០ នាក់ដែលនៅទីនោះ  “លី”  បានយំយ៉ាងខ្លាំងបានយ៉យ៉ាង ខ្លាំងអោយបរិយាកាសស្ថិតក្នុងសំណាញនៃទុក្ខសោកហូសប្រមាណ  គាត់ពុំចេះអត់ទ្រាំនូវទុក ព្រួយដូចសិស្សដទៃទេ ព្រោះតែពុំបានសិក្សាក្បួនចិត្តសាស្រ្ត ឬ គម្ពីរក្បួនខ្នាតទស្សនៈរបស់ឪពុក គាត់  “លី” បែកទៅខាងរបរចិញ្ចឹមសត្វ និងជាគ្រូផ្សំថ្នាំផ្សេងៗទៅវិញ ។

គ្រាដែល “លី” ចូលទៅជិតខុងបាននិយាយថាៈ

      “លី” ឪពុកអាណិតឯងណាស់ ឪពុកគ្មានទ្រព្យសម្បត្តិអ្វីទុកអោយកូនទេ… មុខវិជ្ជាទាំង អស់ដែលឪពុកមានក្នុងក្បួនទាំង ៦  ចូរកូនទុកអយកូនរបស់ឯង  បើប្រសិនជាវាកើតមកប្រុស ចូរកូនបង្ហាត់អក្សរវា អោយបានចេះខ្លះ  លុះវាធំឡើងល្មមដឹងក្តី  ចូរកូនបញ្ជូនវាទៅភូមិឈួន ឈាននៅក្នុងស្រុកវៃ  អោយវាទៅរកស៊ីង-សាន   ហើយរៀនសូត្រទស្សនៈវិជ្ជាពីគេមកកុំខាន នេះជាបណ្តាំដែលឪពុកសូមអោយកូនអនុវត្តន៍ជាដាច់ខាត។

  ​​​​​​​​​​​​​​​​​​   ខុងបានឆ្លៀតឱកាសជាចុងក្រោយដើម្បីដោះប្រស្នា និងសំនួរចម្លើយរបស់សាវ័កដែលចង់ សួរគាត់៖

–              សាវ័កម្នាក់សួរគាត់ថាៈ

លោកគ្រូ !  បើកើតហើយស្លាប់ទៅវិញ  ជួបហើយវិលជាព្រាត់វិញ  ហេតុក៏ចាំបាច់កើត  និងជួបធ្វើអ្វី ?

–              ខុងច្លើយថាៈ

ថ្ងៃរះឡើងហើយរមែងលិចទៅវិញ  បើមានថ្ងៃហើយរមែងមានយប់  បើមានយុត្តិធម៌ ហើយរមែងមានភាពកខ្វក់លាមក់នៃអំពើអយុត្តិធម៌។  នេះជាគូរបស់ធម្មជាតិដែល បានកើតមក  ព្រោះវាជាហេតុមានបច្ច័យក្នុងធម្មជាតិ  ព្រោះគេចង់បង្កើតស្រីម្នាក់ឲ្យ នៅជាមួយប្រុសម្នាក់ដើម្បីអោយមានកូនមួយ។  ចូរសិស្សសង្កេតមនុស្សប្រុសឲ្យបាន ច្បាស់  សង្កេតមនុស្សស្រីអោយបានច្បាស់ បន្ទាប់មកចូរសង្កេតកូនបស់គេទាំងពីរ នេះអោយច្បាស់ផង ។

                បន្ទាប់ខុងចាប់សូត្របទកំណាព្យ  សុទ្រចប់ក៏ឈប់ស្ងៀមហើយបិតភ្នែកជិតខ្លួនស្តូកស្តឹង ដូចគល់ឈើ។  សាវ័កស្មានថាខុងលាចាកលោកទៅហើយ  ក៏នាំគ្នាយំ  តែលុះខុងដកដង្ហើមតាម ចង្វាក់ធម្មតាវិញ  គេក៏នាំគ្នាបញ្ឈប់សំណោកនៅពេលនោះដែរ ។

                លោក ហ្វូង យូឡាន់  បានប្រាប់យើងថាៈ កាលខុងភ្លឹកមួយភ្លេតទៅនោះសាវ័កទាំងអស់ មានសេចក្តីត្រេកអរគ្រប់គ្នា  គេបាននាំគ្នា  យកសំលៀកបំពាក់ក្រហមពណ៍មាសដែលម្ចាស់លូ បានទិញទុកអោយ  ជាច្រើនថ្ងៃមកហើយនោះមកពាក់គ្រប់គ្នា ។

                ខ្លះស្លៀកពាក់ជានាយកទាហ៊ាន  ខ្លះជាសេនាបតី  ខ្លះជាស្តេច  ខ្លះជាចៅក្រម និងអភិជន

                លោក ហ្វូងយូឡាន់  បានព្យល់ថាៈ កាលខុងជិតធ្វើមរណៈកាលទៅ គាត់កង្វល់យ៉ាងខ្លាំង ៣ឆ្នាំកាលដែលខុងត្រឡប់មកពីការធ្វើដំណើរផ្សងព្រេង គាត់បាននិពន្ធគម្ពីរមួយឈ្មោះ និទីឃរដូវ និង សរទរដូវ  ។  ក្រោយមកគាត់បានសរសេរកំណាព្យស្តីពីវិប្បយោគជាច្រើន សៀវភៅ  ដែលសព្វថ្ងៃមកដឹងជានៅទីណា។ តែមកដល់គ.ស ទី៣ និងទី៤ គេបានប្រទះនូវបទ កំណាព្យដ៏ពិរោះ  មានន័យរបស់មហាកវីចិនធំៗជាច្រើន ដែលមានមតិខ្លះយល់ថា ប្រហែលជា មានត្រកូលណាមួយបានរក្សាកំណាព្យរបស់ខុងទុកមករហូតសម័យនោះក៏ពុំដឹង។

                ពួកសាវ័ករបស់ខុងបាននាំគ្នា  ស្លៀកពាក់សំលៀកបំពាក់ប្លែកយ៉ាងនេះ ព្រោះគេចង់ធ្វើឲ្យ ខុងសប្បាយចិត្តនៅពេលមុនស្លាប់  ពោលគឺចង់បំភាន់ភ្នែកខុងអោយជឿថា  ទស្សនៈវិជ្ជាខុងត្រូវ បានអ្នកនគរគ្រប់កុលសម្ព័ន្ធ មានសេនាបតី នាម៉ឺន  រាស្រ្ត មន្រ្តីទទួលយកទៅអនុវត្តន៍គ្រប់ៗគ្នា ហើយ។

                ចំពោះបណ្ឌិតលី វូ ជី បានពោលថាពួកគេធ្វើយ៉ាងនេះ ព្រោះខុងអាក់អន់ចិត្តចំពោះសិស្ស គណៈ  ដែលជសេនាបតី  មន្រ្តីក្នុងវាំង  ពុំបានមកជួបជុំគ្នានៅពេលគាត់លាផែនដីនេះទៅ ។

                ចំណែកលោក ស្សែ  គ្រីល បានជឿថាៈ ព្រោះខុងធ្លាប់ជាអ្នកមានមុខងារម្នាក់ជា សេនាបតីម្នាក់នៅក្នុងរាជវង្សលូ ។ មុនពេលគាត់ធ្វើមរណៈកាលទៅ  គេត្រូវយកសំលៀកបំពាក់ ទាំងអស់នោះ  មកស្លៀកពាក់អោយគាត់ឃើញ  ដើម្បីអោយមហាទស្សនៈវិទូសប្បាយចិត្តផង និងដើម្បីសមនឹងឋានៈចាស់របស់គាត់ផង។

                កណ្តាសន្ធិយាស្ងាត់សូន្យសុង  គឺម៉ោង ១២ យប់  ក្រោយដែលផ្តែផ្តាំនូវពាក្យពេជន៍ដ៏មាន ខ្លឹមសារ  ព្រមទាំងប្រគល់ទាំង ៦ អោយកូនរួចមក  ខុងជឺមហាទស្សនៈវិទូចិនដ៏កំពូល  បានលា ចាកលោកទៅ ដោយបានស្រាយចំណងលោកីយ៍អោយប្រជាពលករចិនរាប់សែននាក់ ។ មុន ពេលដាច់ខ្យល់ ខុងលើកដៃចង្អុកអក្សារជូ   ដែលជាបណ្តាំជាគ្រាអវសានរបស់គាត់ចំពោះសិស្ស ហើយជាសញ្ញានៃបេសកកម្មមួយដែលសិស្សគ្រប់ត្រូវការពាររក្សា និងផ្សាយទៅគ្រប់ទិសទីកុំបី អោយចន្លោះឡើយ។

                ខុង ស្លាប់ចោលពិភពលោកដ៏ស្អុយកខ្វក់  ដែលជាគំរង់អសោចនៃជីវិតរបស់គាត់ ។

                តាំងពីថ្ងៃដែលខុងកើតមក  ខុងពុំដែលស្គាល់អ្វីដែលហៅថាសប្បាយឡើយ។ ជីវិតរបស់ ខុងជាគុកច្រវាក់អន្ទាក់ខ្នោះឃ្នាង  តែខុងខំត្រដរឱបក្រសោបយកមកដាក់លើដើមទ្រូងខុងឱប ទុកនៃជីវិតដោយហត្ថាទាំងគូ  ហើយច្របាច់រួតរិតកំទេចទុក្ខព្រួយនោះដោយទស្សនៈវិជ្ជា៕

ឯកសារយោង

សៀវភៅខុងជឺ និងមហាកំផែងចិន

 

សៀវភៅប្រវត្តិគំនិតនយោបាយ(រៀបរៀងដោយសាស្រ្តាចារ្យអ៊ុនសកក្កដា)

Comments
Loading...