Ultimate magazine theme for WordPress.

- Advertisement -

ប្រវត្តិជីវិតព្រះអាចារ្យ ហែម ចៀវ (Hem Chieu) និងចលនាប្រឆាំងពួកអាណានិគម«មិនគួរទទួលទម្ងន់ទាសភាពមកទូលរែកសោះ» ១៨៩៨-១៩៤៣

0 361

 

អដ្ឋិធាតុរបស់ព្រះអាចារ្យហែម ចៀវ បាននាំយកពីកោះត្រឡាច កន្លែងដែលព្រះអង្គអស់ព្រះជន្មមកធ្វើបុណ្យរំលាយនៅថ្ងៃទី២០និង២១ ខែកក្កដា ឆ្នាំ១៩៧២ ហើយស្របពេលនោះសៀវភៅស្តីពីជីវប្រវត្តិរបស់ព្រះអង្គបានបោះពុម្ពផ្សាយក្រោមស្នាដៃរៀបរៀងរបស់លោកគុយ ឡូត ។
កោះសន្តិភាពសូមផ្សាយជូនជីវប្រវត្តិរបស់អាចារ្យហែម ចៀវ តាមអត្ថបទរៀបរៀងរបស់លោកគុយ ឡូត ដ៏គួរឱ្យជក់ចិត្ត ។
វគ្គទី១-ដើមកំណើត
លោកអាចារ្យហែម ចៀវ កើតនៅថ្ងៃអង្គារ ខែមាឃ ឆ្នាំច ពុទ្ធស័ករាជ ២៤៤១ គ្រឹស្តសករាជ ១៨៩៨ នៅឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។ ឪពុកឈ្មោះ ហែម ធ្វើជាមេស្រុក ម្តាយឈ្មោះ ទីវ ។ មានបងប្អូន៤នាក់ គឺឈ្មោះ ហែម លី, ហែម ហួត, នាងហែម សុច និងនាងហែម សាយ ឯលោកហែម ចៀវ ជាកូនទី២ បន្ទាប់ពីហែម លី ។
វគ្គទី២-ជីវភាពកុមារ
កាលនៅពីក្មេង កុមារហែម ចៀវ មានជីវភាពដូចក្មេងអ្នកស្រុក អ្នកស្រែធម្មតាដែរ។ ធ្លាប់ដើរតាមម្តាយទៅស្រែ ធ្លាប់ឃ្វាលគោជាមួយក្មេងគង្វាល ធ្លាប់អាស្រ័យទឹកតាមដានជើងគោ ធ្លាប់ចំចាយ ធ្លាប់អាស្រ័យបាយហាលថ្ងៃក្តៅនៅកណ្តាលស្រែ ធ្លាប់ត្រូវភ្លៀង ត្រូវខ្យល់ គឺថាមានសម្បុរស្បែកជាកូនកសិករសុទ្ធសាធ ។ ដោយឪពុកម្តាយជាអ្នកកាន់គោរពព្រះពុទ្ធសាសនាមុតមាំនោះ កុមារហែម ចៀវ ក៏តែងបានចូលវត្តវា៉ស្តាប់លោកសូត្រធម៌ លោកទេសន៍ រាល់ឱកាសបុណ្យជាមួយឪពុកម្តាយពុំដែលខាន ។
លុះវ័យល្មមឱ្យនៅវត្តហើយ មេស្រុកហែមជាឪពុកក៏នាំប្រគេនឱ្យនៅនឹងព្រះសង្ឃសត្ថា ជួន ណាត វត្តឧណា្ណលោម ក្រុងភ្នំពេញ ដោយព្រះគ្រូអង្គនេះក៏ជាអ្នកធ្លាប់ប្រាស្រ័យរកជិតដិតរបស់មេស្រុកហែម ស្រាប់ ។
វគ្គទី៣-ជីវភាពសិក្សា
មកនៅនឹងព្រះគ្រូសង្ឃសត្ថា ជួន ណាត កុមារហែម ចៀវ ជាក្មេងយកចិត្តទុកដាក់រៀនសូត្រអក្សរលំនាំឥតមានធ្វេសដរាបដល់ចេះអានចេះសរសេរ ។ ជាកុមារមានបញ្ញាឆ្លៀវឆ្លាត មានឫកពាសមរម្យ ព្រះគ្រូសង្ឃសត្ថាសព្វព្រះទ័យណាស់ និមន្តទៅណា ទៅសូត្រមន្ត ទៅទេសន៍ តែងយកកុមារហែម ចៀវ ស្ពាយថង់យាមទៅតាមពុំដែលខាន ។
ធ្វើតាមទម្លាប់ពុទ្ធសាសនិកខ្មែរ ម្តាយឪពុកក៏បានបំបួស ហែម ចៀវ ជាសាមណេរ ហើយឱ្យនៅនឹងព្រះគ្រូសង្ឃសត្ថាតទៅទៀត ។ សាមណេរ ហែម ចៀវ ក៏ផ្តើមសិក្សាព្រះបរិយត្តិធម៌ឡើង ហើយការសិក្សាក៏បានចម្រើនលូតលាស់ជាលំដាប់ ។
ដល់អាយុ២០ឆ្នាំ (គ.ស ១៩១៧) ក៏បានបំពេញសម្បទាជាភិក្ខុនៅនឹងវត្តលង្កា ដោយមានព្រះមហាវិមលធម្ម ថោង ជាព្រះឧបជ្ឈាយ៍ មានព្រះគ្រូវរវិជ្ជា ល្វី ឯម និងព្រះគ្រូសង្ឃសត្ថា ជួន ណាត ជាគ្រូសូត្រ ។ មាននាមឆាយាជាបវរជោតញាណោ ។
ដោយការខិតខំឥតធ្វេស នៅឆ្នាំ១៩២១ ព្រះភិក្ខុ ហែម ចៀវ ក៏បានប្រឡងជាប់សញ្ញាបត្រសាលាបាលីជាន់ខ្ពស់បានលេខ៦ ។
វគ្គទី៤-ជីវភាពក្នុងមុខងារ
សម័យនោះ រាជការអាណានិគមបារាំង បានបង្កើតឱ្យមានសាលាបឋមសិក្សានៅតាមវត្តនានាក្នុងប្រទេស ហើយបង្កើតមុនគេគឺនៅនឹងខេត្តកំពត ។ កាលណោះចៅហ្វាយខេត្តកំពតគឺបារាំងឈ្មោះ រេស្យួម ក៏បានពឹងពាក់លោកគ្រូមេគណវត្តអង្គសូរភី ហៅវត្តកន្ថោរ ស្រុកកំពង់ត្រាច ខេត្តកំពត ឱ្យជួយរកព្រះសង្ឃដែលមានសញ្ញាបត្រចេញពីសាលាបាលីជាន់ខ្ពស់ ឱ្យជួយបង្រៀនព្រះសង្ឃឯទៀតដែលនឹងត្រូវប្រមូលជ្រើសរើសពីវត្ត ឯទៀតៗក្នុងខេត្តកំពត ដើម្បីឱ្យព្រះសង្ឃទាំងនោះមានចំណេះវិជ្ជាគរុកោសល្យដើម្បីនឹងបង្ហាត់សាលាបឋមសិក្សានៅក្នុងវត្តរបស់ខ្លួន ហើយត្រូវការព្រះសង្ឃដែលមានសមត្ថភាពពីភ្នំពេញ ជួយត្រួតសាលាបឋមសិក្សាក្នុងខេត្តកំពតផង ។
សូមបញ្ជាក់ថា ពេលនោះក្នុងខេត្តកំពត គេនិមន្តព្រះសង្ឃពីវត្តខ្លះក្នុងខេត្តឱ្យគង់នៅនឹងវត្តមួយសម្រាប់ឱ្យនៅរៀន ដើម្បីយកចំណេះវិជ្ជាទៅបង្ហាត់បង្ហាញនៅសាលាបឋមសិក្សាដែលនឹងបង្កើតឱ្យមាននៅនឹងវត្តរបស់ព្រះសង្ឃទាំងនោះ ។ ឯទីវត្តប្រជុំសមណនិស្សិតដើម្បីសិក្សាគរុកោសល្យនោះ គឺវត្តក្រាំងដូងស្រុកបន្ទាយមាស ខេត្តកំពត ។ គឺថាគេនិមន្តលោកទៅទីនោះពុំមែនទៅបង្រៀនធម៌អាថ៌អ្វីទេ គឺអប់រំសមណនិស្សិតដើម្បីឱ្យចេះដឹងទៅបង្រៀននៅសាលាបឋមសិក្សាតទៅទៀតប៉ុណ្ណោះ ។ គិតទៅផ្នែកអប់រំជាតិយើង ត្រូវមានព្រះសង្ឃជាអ្នកដឹកមុខមុនគេជាដរាប ។
ចំណែកព្រះមេគណវត្តអង្គសូរភី កាលបើ រ៉េស៊ីដង់ ខេត្តកំពត ពឹងពាក់ដូច្នោះក៏និមន្តទៅភ្នំពេញជួបនឹងព្រះគ្រូសង្ឃសត្ថា ជួន ណាត ដែលធ្លាប់ស្គាល់គ្នាឱ្យជួយរកព្រះសង្ឃមានសមត្ថភាពតាមរាជការកំណត់នោះ ។ ព្រះគ្រូសង្ឃសត្ថា ក៏ហៅព្រះភិក្ខុ ហែម ចៀវ មកប្រាប់ពិគ្រោះការដោយចង់តម្រូវឱ្យភិក្ខុនេះចេញទៅបម្រើផ្នែកនោះផង ។ ព្រះភិក្ខុ ហែម ចៀវ ក៏បានព្រមព្រៀងនិមន្តទៅ ដោយសេចក្តីស្ម័គ្រ ។
តាំងពីបានចេញពីភ្នំពេញទៅបំពេញកិច្ចការនៅក្រាំងដូង ព្រះភិក្ខុ ហែម ចៀវ បានខិតខំយកចិត្តទុកដាក់បម្រើរដ្ឋ និងសាសនាខ្លាំងណាស់ ឥតគិតខ្លាចនឿយហត់សោះឡើយ ។ លោកបានបង្ហាត់បង្រៀនព្រះសង្ឃដែលមករៀននោះដោយព្រះទ័យស្មោះ និងដោយខិតខំបំផុត ។ លោកតែងមានពុទ្ធដីកាថា លោកចង់ឱ្យព្រះសង្ឃទាំងនោះចេះដឹង ដើម្បីយកចំណេះនោះទៅបង្រៀនកូនចៅខ្មែរតទៅទៀតឱ្យចេះដឹងព្រមគ្នាផង។ ក្រៅអំពីការបង្ហាត់គរុវិជ្ជា ភិក្ខុហែម ចៀវ ត្រូវបានឧបាសក ឧបាសិកាច្រើនវត្តនិមន្តទៅសម្តែងធម៌ទេសនាពន្យល់ពីបុណ្យបាប ពីផ្លូវលោក និងផ្លូវធម៌ ដែលមានគេចុះចូលពេញចិត្តនឹងលោកជាច្រើន ។ ដោយចិត្តមេត្តានិងសន្តោសនេះ មានព្រះសង្ឃ និងពុទ្ធបរិស័ទចូលចិត្តលោកណាស់ ។
នៅខែមីនា ឆ្នាំ១៩៣១ សាលាបាលីជាន់ខ្ពស់ត្រូវការជ្រើសរើសសាស្ត្រាចារ្យសាលាបាលីពីររូប ។ បេក្ខជនដែលអាចប្រឡងបានត្រូវមានជាចាំបាច់មធ្យមសិក្សាប័ត្រសាលាបាលីជាន់ខ្ពស់ ព្រះភិក្ខុហែម ចៀវ ក៏ឆ្លៀតមកប្រឡងនឹងគេ ដែរ ។ គួរឱ្យស្តាយបន្តិច ក្នុងការប្រឡងជ្រើសរើសនោះលោកប្រឡងជាប់លេខ៣ ដូច្នេះលោកពុំបានជាប់ជាសាស្ត្រាចារ្យដូចបំណងឡើយ ឯអ្នកជាប់លេខ១ និងលេខ២ ដែលត្រូវតែងតាំងជាសាស្ត្រាចារ្យនោះ ក៏ជាមិត្តរបស់លោកដែរ គឺព្រះភិក្ខុ អ៊ុច រស់ និងប៉ែន សុខ ។ ឯព្រះភិក្ខុ ហែម ចៀវ ក៏ទៅក្រាំងដូងវិញ ។
ប៉ុន្តែកន្លងមកប្រមាណជា៦ខែ សាស្ត្រាចារ្យម្នាក់នៅសាលាបាលីជាន់ខ្ពស់ គឺលោកឧកញា៉ព្រះធម្មប្រីជា «កង» បានទទួលអនិច្ចកម្មទៅលោកក្រមការ ជុំ ម៉ៅ ធ្វើការនៅព្រះរាជបណ្ណាល័យ ដែលជាអ្នកចាត់ការក្នុងសាសនសិក្សាធិការ ក៏បានពិគ្រោះនឹងព្រះគ្រូសង្ឃសត្ថា ចង់សុំតាំងព្រះភិក្ខុ ហែម ចៀវ ជាសាស្ត្រាចារ្យជួសឡើងដោយពុំចាំបាច់ប្រឡងទៀត ព្រោះលោកកាលប្រឡងនោះក៏ជាប់លេខ៣ស្រាប់ ។ ព្រះគ្រូសង្ឃសត្ថា សុំឱ្យលោកជុំ ម៉ៅ ពិគ្រោះនឹងអស់លោកឯទៀតចុះ កុំឱ្យមានពាក្យគេថា លោកជួយតែសិស្សរបស់ឯង ។ លោកជុំ ម៉ៅ ក៏បានពិគ្រោះនឹងអ្នកធំខាងលើទៀត ជាដើមគឺនាងកញ្ញាកាបឺឡែស អ្នកគ្រប់គ្រងព្រះរាជបណ្ណាល័យ ។ ព្រះមហាវិមលធម្ម ថោង ចាងហ្វាងសាលាបាលីជាន់ខ្ពស់ ។ រ៉េស៊ីដង់ ស៊ូប៉េរីយើរ ព្រមទាំងសម្តេចចក្រីប៉ុណ្ណ រដ្ឋមន្ត្រីក្រសួងសិក្សាធិការ ។ អស់លោកទាំងនោះបានយល់ព្រមតាមសំណើនេះ ។
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៣២ ព្រះភិក្ខុ ហែម ចៀវ ត្រូវបានតែងតាំងជាសាស្ត្រាចារ្យភាសាបាលីនៅសាលាបាលីជាន់ខ្ពស់ ។ បន្ថែមលើនាទីសាស្ត្រាចារ្យនេះ លោកត្រូវតែងតាំងជាសមាជិកក្រុមជំនុំព្រះត្រៃបិដកផងទៀត (រាជប្បញ្ញត្តិលេខ៣៦ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៣២ ក្នុងជំនាន់ហ្លួងស៊ីសុវត្ថិ មុនីវង្ស និងរ៉េស៊ីដង់ ស៊ូប៉េរីយើរ ស៊ីលវ៉េស្ត្រ ។
កាលបើបានធ្វើជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ហើយ លោកក៏បានមានមិត្តភក្តិអ្នកចេះដឹងកាន់តែច្រើន ជាពិសេសបាននៅជិតព្រះសង្ឃ កំពូលៗជំនាន់នោះផង ដែលរឹតតែធ្វើឱ្យលោកមានចំណេះទូទៅប្រសើរឡើង ។ ម្យ៉ាងទៀតការបង្ហាត់បង្រៀនសិស្សក៏អាចឱ្យលោកមានការពិសោធជ្រាលជ្រៅថែមទៀត ។ សាស្ត្រាចារ្យសម័យនោះគេហៅខ្លីថា «អាចារ្យ»។ លោកអាចារ្យ ហែម ចៀវ មានគេស្គាល់ច្រើនដោយសារលោកពូកែបង្រៀន ពូកែទេសន៍ ប៉ុន្តែសំខាន់បំផុតដែលធ្វើឱ្យលោកមានឈ្មោះល្បីនេះគឺត្រង់លោកជាព្រះសង្ឃស៊ីវិល័យ ភ្លឺស្វាង លោកមានគំនិត ថ្មីៗជាច្រើន ពោលឱ្យចំទៅ គឺថាលោកជឿនលឿនស្រឡាញ់ឯករាជ្យស្រុកទេស ហ៊ាននិយាយ ហ៊ានថា ដែលសម័យនោះគេពុំសូវហ៊ាន ។
លោកអាចារ្យ ហែម ចៀវ មានរូបលក្ខណៈ ស្មាធំ ចង្កេះរៀវ ថ្ងាសទូលាយ ថ្គាមថ្លែន សំឡេងក្រាងក្រឪ មូលគ្រលួច ។ ជាអ្នកមានវោហារ បានមាត់បានក គេចូលចិត្តសម្តីលោកណាស់ ។ លោកមានកិរិយាស្រគត់ស្រគំ ហើយមានបរិមណ្ឌលសមរ្យមិនរយីករយាក ឫកពាថ្លៃថ្នូរ និងសង្ហា ។ លោកជាអ្នកមានអនាម័យ ។
វគ្គទី៥-និស្ស័យគំនិត
ក-លោកអាចារ្យហែម ចៀវ មានគំនិតជឿនលឿននិយម ចូលចិត្តដឹងស្ថានការណ៍ពិភពលោក ។ លោកចូលចិត្តអានសារព័ត៌មាន ទស្សនាវដ្តីជាភាសាថៃ និងកាសែតបារាំង មានកាសែតឡាវេរីតេ អូពីនីញ៉ុង អាំបា៉ស្យា៉ល់ និងប្រេសដឺសេហ្កង ។ ឯសារព័ត៌មាន និងទស្សនាវដ្តីជាតិយើង ពុំទាន់មានទេ មានតែសារព័ត៌មាននគរវត្ត ដែលចាប់ចេញផ្សាយពីឆ្នាំ១៩៣៦ ដឹកនាំដោយលោកសឹង ង៉ុកថាញ់, ប៉ាច ឈឺន, សឹម វ៉ា…ឯទស្សនាវដ្តីគ្មានសោះ ។
សម័យនោះប្រជាជនពិភពអារ៉ាប់ និងអាហ្វ្រិក ដែលនៅក្រោមអាណានិគមបារាំង ចេះមានគំនិតបេះបោរទាមទារយកឯករាជ្យ ហើយមេអាណានិគមនិយមនេះតែងតែប្រើកម្លាំងអាវុធបង្ក្រាបប្រទេសទាំងនោះ ។ ដំណឹងទាំងនេះ នាំឱ្យលោកអាចារ្យ ហែម ចៀវ មានគំនិតកាន់ជើងជួយគិតវាសនាប្រទេសតូចតាចទាំងនោះ រួចផ្គូផ្គងមកនឹងប្រទេសខ្មែរដែលនៅក្រោមអំណាចបារាំងផងដែរ ។ លោកតែងនិយាយស្ងាត់កំបាំងថា «បារាំងជាអ្នកជិះជាន់គេណាស់» ។
លោកអាចារ្យហែម ចៀវ មានមិត្តបារាំងម្នាក់ឈ្មោះម៉ានីពូ ដែលចេះតែនិយាយពីរឿងនយោបាយសាកលលោកប្រាប់លោក ហាក់ដូចជារឹតតែបំភ្លឺលោកឱ្យកាន់តែភ្លឺឡើងទៀត ។
សម័យនោះផងដែរ បារាំង និងអាល្លឺម៉ង់ ផ្តើមច្បាំងគ្នា លោកអាចារ្យហែម ចៀវ បានតាមដានព្រឹត្តិការណ៍នោះ រាល់ៗថ្ងៃ ហើយបើឃើញព័ត៌មានថា ទ័ពបារាំងចាញ់អាល្លឺម៉ង់ លោករមែងមានពុទ្ធដីកាប្រាប់សិស្សគណ និងមិត្តភក្តិថា «បារាំងអន់ណាស់ អាល្លឺម៉ង់ទើបខ្លាំងពូកែ !» ។
សម័យនោះ ប្រទេសយើងនៅក្រោមអំណាចបារាំង មន្ត្រីខ្មែរភាគច្រើនសឹងតែចូលចិត្តបារាំង ផ្គាប់ផ្គុនបារាំងដើម្បីបុណ្យស័ក្តិ គេមិនត្រូវការនឹងរឿងរំដោះស្រុកទេសអ្វីទេ ។ ពំនោលរបស់ព្រះអាចារ្យហែម ចៀវ រមែងជ្រួតជ្រាបដល់ត្រចៀកអស់លោកទាំងនោះ ដែលធ្វើឱ្យអស់លោកទាំងនោះមិនសប្បាយចិត្ត ។ គេកួចក្នុងចិត្តថា លោកអាចារ្យហែម ចៀវ នេះប្រឆាំងនឹងបារាំងហើយ ។
លោកគ្រូអាចារ្យប៉ែន សុខ ដែលជាមិត្តភក្តិដឹងថាមានគេមិនសប្បាយចិត្តនឹងព្រះអាចារ្យ ហែម ចៀវ ក៏ប្រាប់រំលឹកព្រះអាចារ្យនេះថា ៖ «សូមឱ្យលោកប្អូនចៀវ ឯងប្រយ័ត្នមាត់បន្តិចទៅ ពីព្រោះមានគេសម្គាល់ថា យើងប្រឆាំងនឹងបារាំង ប្រយ័ត្នគិញបារាំងគេយកការណ៍បានគេនឹងចាប់ទៅធ្វើទោស!» ។
តែលោកអាចារ្យ ហែម ចៀវ ឆ្លើយតបវិញថា ៖ «លោកបងសុខ ឯងបើមិនហា៊ននិយាយនៅឱ្យស្ងៀមទៅ បើមិនជួយចូកជួយចែវកុំយកជើងរាទឹក! នៅឱ្យស្ងៀម! ចាំឆ្អិនសឹមស៊ីទៅ ! សម័យនេះត្រូវតែហ៊ាននិយាយខ្លះ ដាស់គ្នាឱ្យយល់រឿងពិភពលោក ។ ពិភពលោកគេភ្ញាក់ផ្អើលខ្លះហើយ យើងត្រូវបើកភ្នែកមើលគេខ្លះផង !» ។​ លោកអាចារ្យសុខ ក៏នៅស្ងៀមខ្លាចព្រះអាចារ្យ ហែម ចៀវ បន្ទោស ។ លោកអាចារ្យ ហែម ចៀវ មានសិស្សជំនិតមួយរូប គឺលោកនួន ឌួង ។ លោកនួន ឌួង មាននិស្ស័យដូចលោកដែរ ។
ខ-ដោយនិស្ស័យគំនិតជាអ្នកបដិវត្តន៍ ដែលសម័យនោះគេមិនដឹងនឹងឱ្យឈ្មោះហៅថាដូចម្តេចផង លោកអាចារ្យ ហែម ចៀវ តែងតែចង់ឃើញស្រុកទេសចេញផុតពីចំណុះគេ ចង់ឃើញការតស៊ូរបស់ប្រជាជនខ្មែរដើម្បីឯករាជ្យ ។ ដូច្នេះទេសនាក្នុងទីណាក៏ដោយ ពោលអ្វីក៏ដោយច្រើនតែផ្អៀងទៅលើការរំលឹកដាស់តឿនពុទ្ធបរិស័ទឱ្យយល់រឿងជាតិនោះជាដរាប ។ ធម្មទេសនារបស់លោកមានច្រើនតែរឿងវីរិយៈ ព្យាយាម កុំឱ្យខ្ជិលច្រអូស ។ លោកថា ការខ្ជិលច្រអូស បណ្តែតបណ្តោយ ប្រចាំគេប្រចាំឯងនោះ គឺជាទោសនាំឱ្យខ្លួនធ្លាក់ទៅក្នុងទាសភាពដោយត្រង់តែម្តង ។ លោកចូលចិត្តយកពាក្យ «ទាសភាព» នេះមកវែកញែកណាស់ ហើយផ្គូផ្គងប្រៀបធៀបជារបៀបដាស់តឿនសម្រាប់ស្រុកទេសផង លោកមានពុទ្ធដីកា រឿយៗថា «យើងរាល់គ្នានៅក្នុងវដ្តសង្សារនេះ សឹងស្ថិតនៅក្នុងអានុភាពរបស់កិលេសគ្រប់គ្នា យើងជា «ទាសករ» របស់កិលេសគ្រប់គ្នា ។ ទាសភាពនេះជាទម្ងន់ សង្កត់ជីវិតយើងមួយជាន់ទៅហើយ ប៉ុន្តែធ្វើម្តេច បើយើងនៅត្រាំក្នុងអន្លង់វដ្តសង្សារដូច្នេះទៅហើយ នឹងគេចទៅឯណារួច ? យើងទ្រាំទៅចុះ ! ប៉ុន្តែបើយើងនេះឯង នៅសុខចិត្តប្រគល់ខ្លួនជា «ទាសករ» របស់មនុស្សដូចគ្នាទៀតនោះ ការនេះគួរឱ្យស្តាយពេកណាស់ យើងដូចជាសត្វធាតុតែម្តង ! យើងមិនគួរទទួលទម្ងន់ «ទាសភាព» នេះមកទូលរែកទៀតសោះ !» ។
លោកអាចារ្យ ហែម ចៀវ បានរំលឹកសិស្សគណថា កើតមកជាមនុស្សត្រូវមានការព្យាយាម តស៊ូ កុំអស់សង្ឃឹមឱ្យសោះ ។
អំពីរឿងព្យាយាម «វីរិយៈ» លោកឧស្សាហ៍នាំព្រះជនកជាតកមកតំណាលណាស់ ស្ទើរគ្រប់រឿងដែលត្រូវទេសនា ។ ដើម្បីពន្យល់អ្នកស្តាប់ឱ្យកើតគំនិតព្យាយាមឡើង លោកថា ព្រះជនកពោធិសត្វ លោកពុំលះបង់វីរិយភាពឡើយ សូម្បីលិចសំពៅវង្វេងកោះត្រើយ ឃើញមុខជាស្លាប់កណ្តាលសមុទ្រនោះដូចម្តេច ក៏លោកនៅតាំងស្មារតីត្រដរហែលតទៀត ថែមទាំងឆ្លៀតខ្ពុរមាត់សម្អាតធ្មេញ ទន្ទេញធម៌ អធិដ្ឋាន ពេលព្រះចន្ទពេញបូរមីដែលលោកមើលពីក្នុងសមុទ្រទៅ… គឺលោកមានវីរិយភាពមាំណាស់ ពុំបណ្តោយឱ្យការអស់សង្ឃឹមមកទាញយកអាយុសង្ខារលោកឡើយ ។
នោះជារឿងមហាជនក នៅក្នុងលំហសមុទ្រ ម្តេចក៏គង់លោកខំទាល់តែបានសម្រេច ចុះយើងរាល់គ្នានៅលើគោកត្រលាំង ម្តេចក៏ខ្ជិល ម្តេចក៏ដាក់ធុរៈចំពោះកិច្ចការ ? ម្តេចក៏ចាំវាសនាមកដឹកមុខ ? រួចពីពោលដូច្នេះ ព្រះអាចារ្យហែម ចៀវ ក៏ពោលបញ្ឆៀងៗ មករឿងស្រុកទេស ដែលរាល់គ្នាត្រូវតែព្យាយាមរចនាឱ្យប្រសើរថ្លៃថ្លាឡើង ។
គ-ប្រការមួយទៀត លោកចូលចិត្តទេសនារំលឹកដាស់តឿនប្រជាជនខ្មែរឱ្យមានគំនិតលះបង់ទម្លាប់អាក្រក់នៅក្នុងសង្គមផង ។
សម័យនោះ ខ្មែរយើងនៅមានទម្លាប់ម្យា៉ងក្នុងរឿងរៀបចំកូនឱ្យមានគូស្រករ គឺម្តាយឪពុកខាងស្រីចូលចិត្តឱ្យកូនប្រសាបម្រុងការមកនៅបម្រើខ្លួន ។ ជួនកាលបង្គាប់ឱ្យខាងប្រុសធ្វើផ្ទះក្បឿង គ្រឿងស្រឡៅបីបួនខ្នងឱ្យខ្លួន ។ ការបង្គាប់ដូច្នោះ លោកយល់ថា ជាអយុត្តិធម៌ពេកណាស់ ហើយខុសនឹងសង្គហធម៌ផង ។ ព្រោះម្តាយឪពុកត្រូវមានសង្គហធម៌ចំពោះកូន មិនថាប្រុស ថាស្រីទេ គឺសង្គ្រោះស្រឡាញ់ស្មើ បើយើងគាបសង្កត់តែទៅលើកូនប្រុសដូច្នេះ ហាក់យើងមិនពេញចិត្តកូនប្រុសសោះ ។ កូនប្រុសនោះពុំមែនមានតែខាងគេទេ យើងក៏មានដែរ ហើយបើយើងមិនព្រមនាំគ្នាជម្រុះទម្លាប់នេះចេញទេ កូនប្រុសយើងក៏ត្រូវធ្ងន់កដែរ ពេលដែលត្រូវទៅស្តីដណ្តឹងកូនស្រីគេនោះ ។ ម្យ៉ាងទៀត ការគាបសង្កត់ខ្លាំងពេក គឺបង្គាប់ខ្លាំងពេករហូតដល់ខាងប្រុសគ្នាធ្លាក់ក្រដុនដាបនោះ វាមិនមែនវេទនាតែប្រុសនោះទេ ខាងកូនស្រីយើងឯងនេះ ក៏ត្រូវវេទនាទៅផងដែរ ។ ហេតុនេះបើយើងបន្ធូរបន្ថយខ្លះ ជួយសម្រាលខ្លះទៅនោះ ក៏ដូចជាជួយខ្លួនយើងទៅវិញទេ ។ កូនប្រសាយើងបានធូរ កូនស្រីយើងក៏បានស្រួល យើងជាម៉ែឪក៏ស្រណុកចិត្ត គ្រួសារទាំងមូលក៏មានសុភមង្គល ។
ឃ-លោកអាចារ្យ ហែម ចៀវ ចូលចិត្តអប់រំឱ្យម្តាយឪពុកបញ្ជូនកូនទៅសាលារៀន ។
ឆ្លៀតឱកាស រឿយៗ លោកបានរំលឹកដាស់តឿនឱ្យពុទ្ធបរិស័ទបញ្ជូនកូនចៅទៅរៀននៅសាលា ដែលរាជការបានបង្កើតតាមវត្តខ្លះ ហើយថាឱ្យនាំកូនចៅ ឱ្យទៅរៀននៅក្រុងផងទៅ ដោយសុំផ្តាំផ្ញើទុកនឹងលោកសង្ឃ ។ លោកតែងថា ការចេះដឹងជាពន្លឺធំណាស់ កាលណាយើងល្ងង់បីដូចជាភ្នែកងងឹត ចេះតែដើរទៅពានត្រោកពានត្រាំង ។ សម័យនោះ ប្រជាជនខ្មែរយើងពុំសូវឱ្យកូនចៅទៅរៀននៅសាលាទេ យល់ថា សាលានោះជាសាលាបារាំង រៀនទៅ ពួកបារាំង នឹងកេណ្ឌយក ទៅធ្វើទាហាន ។ លោកគ្រូអាចារ្យ ហែម ចៀវ តែងតែជួយពន្យល់បំបាត់កម្លាចចង្រៃនោះចេញជា រឿយៗ ។
ង-ក្រៅពីនេះលោកអាចារ្យ ហែម ចៀវ តែងគិតដល់សុខភាពនៃអ្នកភូមិផង
នៅតាមស្រុកភូ មិដែលលោកបាននិមន្តទៅដល់ បើឃើញក្មេងក្មាងឯណាមិនស្អាតប្រឡាក់ប្រឡូស លោកតែងនាំយកទៅនិទានជាឧទាហរណ៍ឱ្យអ្នកឯទៀតសម្អាតកូនចៅ ដោយរំលឹកថា មានតែការកខ្វក់ ការប្រឡាក់ប្រឡូស នឹងនាំឱ្យមានរោគ មានជំងឺ ហើយបើមានជំងឺឆ្លងផងទៀត នឹងឆ្លងស្លាប់អស់ទាំងភូមិមិនខាន ។
លោកថា ខ្មែរយើងស្លាប់ដោយជំងឺឆ្លងនេះច្រើនលើកមកហើយ តាំងពីសម័យឧដុង្គមក ស្លាប់ដោយរោគអុត អាសន្នរោគ អហិវាតរោគ ស្ទើរអស់រលីងពីស្រុក ។ លោកថា ខ្មែរយើងមានគ្នាតិចផង បើស្លាប់ដោយរោគរាតត្បាតស្ទើរពាយដូច្នេះទៀត មុខគួរឱ្យស្តាយពន់ពេកណាស់ ។ លោកសុំឱ្យពុទ្ធបរិស័ទសម្អាតកូនចៅ និងរូបកាយ ចៀសវាងជំងឺផង ។
ច-ទស្សនៈចំពោះសង្គម
ជាមួយនឹងជីវភាពសង្គមសម័យនោះ លោកអាចារ្យ ហែម ចៀវ តែងតែទាស់ព្រះទ័យយា៉ងខ្លាំង ព្រោះមិនឃើញមានជនជាតិខ្មែរស្រវាស្រទេញរៀនវិជ្ជាបច្ចេកទេសអ្វីសោះ ។ សម័យនោះពួកយន្តការី ធ្វើរថយន្ត ធ្វើម៉ាស៊ីន អ្វីៗសុទ្ធតែជនជាតិយួន សូម្បីអ្នកតខ្សែភ្លើងក៏ជាជាតិយួនដែរ ខ្មែរគ្មានម្នាក់សោះ ។ លោកចង់ឱ្យខ្មែរយើងចេះដឹងវិជ្ជាផ្នែកនេះណាស់ ព្រោះដូចជាយ៉ាប់ពេក ខ្មែរម្ចាស់ស្រុកហើយទៅពឹងគេឱ្យធ្វើការជួសសព្វបើរឿងជួសជុលរថយន្ត តភ្លើង អ្វីៗដូច្នេះ ។
ដោយគំនិតនេះលោកអាចារ្យហែម ចៀវ ក៏ចាត់ឱ្យកូនសិស្សលោកជាច្រើននាក់ទៅរៀននៅសាលាដែក និងរៀនរឿងខ្ចៅខ្ចងម៉ាស៊ីនភ្លើង គ្រឿងភ្លើងនេះ មានឈ្មោះប៉ោ ជាដើម ដែលក្រោយមកចេះដឹងគ្រាន់បើគ្រឿងម៉ាស៊ីនរថយន្ត ផ្សេងៗ ។
ឈ្មោះប៉ោ នេះតែងខ្ចីរថយន្តគេបើកជូនលោកអាចារ្យពេលដែលលោកត្រូវគេនិមន្តទៅទេសន៍ខេត្ត ឆ្ងាយៗ ។
សូមបញ្ជាក់ថា សម័យនោះរថយន្តឈ្នួលតិចណាស់ ពិបាករង់ចាំជិះណាស់ ហើយទៅមកយូរពេកផង ។ បើគេនិមន្តទាល់តែទៅមុនពេលកំណត់បុណ្យទើបបាន មកវិញក៏ដូចគ្នាដែរ គឺរអាក់រអួលណាស់មិនដូចចិត្តទេ ។ ដំណើរនោះនាំឱ្យខកច្រើន ហើយខូចពេលដែលត្រូវបង្ហាត់បង្រៀនសិស្សសាលាបាលីផង ។ លោកមានសិស្សចាំជួយរករថយន្តដូច្នេះ ជាការស្រួល ចង់និមន្តចេញទៅថ្មើរម៉ានក៏បាន មកវិញថ្មើរម៉ានក៏បាន មិនខាតពេលនឹងធ្វើការនៅភ្នំពេញឯណេះ ។
ព្រះអាចារ្យហែម ចៀវ ត្រូវគេនិមន្តខ្វាត់ខ្វែងសម្បើមណាស់ និមន្តទេសន៍ និមន្តឱ្យទៅជួយរៀបចំបុណ្យ សឹងតែគ្មានលស់អាទិត្យ ។ លោកជាអ្នកពូកែចាត់ចែងរៀបចំបុណ្យ បុណ្យអ្វីក៏ដោយ បុណខ្មោច បុណ្យផ្កា បុណ្យកឋិន បុណ្យជាទម្លាប់របស់ខ្មែរ ។ កាលបុណ្យសពញោមព្រះអាចារ្យ ប៉ែន សុខ ជាមិត្តនោះ ក៏មានលោកអាចារ្យ ហែម ចៀវ ជាអ្នកជួយដែរ ។
សម័យនោះគេត្រូវការលោកសម្បើមណាស់។ ឈ្មោះលោកក៏កាន់តែលេចឮខ្លាំងឡើងនៅក្នុងប្រទេស ។ សម័យនោះគេល្បីថា សិស្សរបស់ព្រះគ្រូសង្ឃសត្ថា ជួន ណាត ពូកែទេសន៍ និងចេះដឹងសម្បើមណាស់ ។
លុះព្រះគ្រូសង្ឃ សត្ថា ឡើងងារជាព្រះពុទ្ធឃោសាចារ្យ ព្រះអាចារ្យ ហែម ចៀវ ក៏បានងារជាព្រះបាឡាត់ឃោសនាគរបស់ព្រះពុទ្ធឃោសាចារ្យតមក ។ កាលណោះលោកគង់នៅជាមួយនឹងព្រះពុទ្ធឃោសាចារ្យកុដិជាមួយគ្នា គឺកុដិមួយស្ថិតនៅខាងក្រោយមហាកុដិសម្តេចព្រះសង្ឃរាជ នាវត្តឧណ្ណាលោមសព្វថ្ងៃនេះ ។
-លោកគ្រូអាចារ្យ ហែម ចៀវ ជាអ្នកដឹងគុណមាតា បិតាខ្លាំងណាស់ លោកឧបត្ថម្ភមាតាបិតាដោយសេចក្តីគោរព ។ ម្យា៉ងវិញទៀត ចំពោះព្រះពុទ្ធឃោសាចារ្យ ជួន ណាត ជាគ្រូនោះ ក៏លោកគ្រូអាចារ្យហែម ចៀវ គោរពប្រណិប័តន៍ណាស់ ។ លោកបម្រើគ្រូតាមតែគ្រូត្រូវការ ។ ក្នុងសម័យមួយនោះ ឆ្នាំ១៩៣៩ មានលោកគ្រូចៅអធិការមួយអង្គនាម ឱក ឱម ចង់បានសៀវភៅធម៌មួយមុខ ក្នុងការដែលលោករៀបចំធ្វើបុណ្យមួយ លោកក៏បានអារាធនាព្រះពុទ្ធឃោសាចារ្យរៀបរៀងធម៌នោះដើម្បីលោកនឹងយកទៅបោះពុម្ពចែកជាធម្មទានក្នុងពេលបុណ្យ ។ ដោយមានការជាមមាញឹកពេក ក្នុងឋានៈលោកជាចាងហ្វាងរងសាលាបាលីជាន់ខ្ពស់ ពុំមានពេលនឹងរៀបរៀងបាន ព្រះពុទ្ធឃោសាចារ្យ ជួន ណាត ក៏ប្រគល់ភារៈឱ្យព្រះបាឡាត់ឃោសនាគ ហែម ចៀវ រៀបរៀងធម៌នោះ ។ ព្រះអាចារ្យ ហែម ចៀវ ក៏ទទួលភារៈធ្វើដោយសេចក្តីគោរព ។ ពេលនោះលោកឆ្លៀតសម្បើមណាស់ ព្រោះលោកក៏រវល់ណាស់ដែរ ។ អត្ថបទធម៌ដែលលោករៀបរៀងនោះមានចំណងជើងថា «ទានកថា» ដែលនិយាយដោយពិស្តារ អំពីរការឱ្យទាន ឈ្មោះទាន របៀបឱ្យទាន និងអានិសង្សរបស់ទាន ។ អត្ថបទធម៌នោះត្រូវបានពុទ្ធសាសនបណ្ឌិត្យបោះពុម្ពផ្សាយតាំងពីឆ្នាំ១៩៣៩ នោះដល់គ្រានេះ ។
ជ-ព្រះអាចារ្យ ហែម ចៀវ ចូលចិត្តធ្វើទានព្រះអាចារ្យ ហែម ចៀវ ពុំមែនជាអ្នកសន្សំមានបានអ្វីឡើយ ប្រាក់កាសដែលលោកបានមកពីទេសនា ឬបានមកពីគេប្រគេន ផ្សេងៗ លោករមែងចែករំលែកឱ្យសិស្សគណ និងអ្នកក្រលំបាកដែលលោកបានប្រទះ ។
ក្នុងធម្មទេសនារបស់លោក លោករមែងរំលឹកដាស់តឿនថៅកែ គហបតី អ្នកមាន ឱ្យមានសទ្ធាជ្រះថ្លាក្នុងការឱ្យទាន ។ ឱ្យអ្នកមាន មានចិត្តសន្តោសមេត្តាចំពោះអ្នកក្រ រួចលោកឆ្លៀតពន្យល់មនុស្សឱ្យមានសមភាព ភាតរភាពឱ្យមានការរាប់រកគ្នាទៅវិញទៅមក កុំប្រកាន់ពូជពង្សខ្ពស់ទាប មានក្រ លោកយល់ថាមនុស្សកើតមកមានវេទនារម្មណ៍ ដូចៗគ្នា មានសម្រេកគម្លានដូចគ្នា មានចំណង់ចង់បានសុខសប្បាយដូចគ្នា ដូច្នេះត្រូវតែមនុស្សផ្តល់សង្គ្រោះចំពោះគ្នានឹងគ្នាផង ។
ជាការណ៍ពិតដែលបង្ហាញនូវគំនិតរបស់លោកនេះ នៅក្នុងសៀវភៅ «ទានកថា» របស់លោកៗ បានសរសេរមួយអន្លើថា ពួកសត្វទាំងអស់សុទ្ធតែមានសេចក្តីសុខ ទុក្ខជាប់ទាក់ទងដោយរាងកាយ ឬថាមានរាងកាយជាទីអាស្រ័យនៅនៃសេចក្តីសុខ ទុក្ខដូចគេហដ្ឋានជាទីអាស្រ័យនៃមនុស្ស ។
ជីវិតដែលតាំងនៅបាន ក៏ព្រោះអាស្រ័យរាងកាយ ការគ្រប់គ្រងចិញ្ចឹមរាងកាយដោយអាហារ ផ្សេងៗ ក៏ឈ្មោះថាគ្រប់គ្រងជីវិត។ ការរក្សាជីវិតរបស់មនុស្សទាំងអស់ ជាភារៈយា៉ងធ្ងន់បំផុត សាច់ឈាម ស្បែក សរសៃ ពណ៌សម្បុរ ដែលចម្រើនស្រស់បស់ឡើងបាន ក៏ព្រោះអាស្រ័យអាហារ កាលបើប្រាសចាកអាហារហើយ សន្តតិរូប គឺរូបដែលចម្រើនជាប់តទៅ ក៏ឈប់ចម្រើន រាងកាយទាំងមូលក៏ស្វិតស្រពោនថយចុះទៅ ទាំងជីវិតសោតក៏តាំងនៅបានដោយក្រ ។ អាហារជារបស់សំខាន់សម្រាប់ជីវិតឱ្យប្រព្រឹត្តទៅសមដូចបាលីថា «សព្វេ សត្តា អាហារដ្ឋិតិកា» ពួកសត្វរាល់រូបមានជីវិតតាំងនៅបានព្រោះអាហារ ។ វត្ថុដទៃក្រៅអំពីអាហារនោះទៀត ជនជាតិមនុស្សត្រូវមានលំនៅសម្រាប់ជាទីជ្រកកោន សំពត់សម្រាប់ស្លៀកដណ្តប់ ថ្នាំសម្រាប់កែរោគក្នុងគ្រាដែលត្រូវការ ។ វត្ថុអម្បាលនេះសុទ្ធតែជារបស់សម្រាប់ឧបត្ថម្ភទប់ទល់ជីវិតដោយពិត បើប្រាសចាករបស់ណាមួយ ជីវិតរមែងតាំងនៅបានដោយលំបាក ។ ជនជាតិមនុស្សលុះតែមានចំណេះវិជា្ជ ឬកម្លាំងកាយ កម្លាំងបញ្ញាបរិបូណ៌ ទើបអាចស្វែងរកអាហារបានបរិភោគ រកទីអាស្រ័យនៅនិងគ្រឿងប្រើប្រាស់សម្រាប់ជួួយជីវិតបានគ្រប់គ្រាន់ល្អ ។
ចំណែកមនុស្សដែលគ្មានចំណេះវិជ្ជា ខ្សោយកម្លាំង ឬឥតគុណសម្បត្តិណាមួយក៏មិនអាចរក្សាជីវិតរាងកាយឱ្យរស់នៅ តាមទំនើងខ្លួនឯងបានឡើយ មនុស្សបែបនេះត្រូវអាស្រ័យពឹងផ្អែកនឹងអ្នកដទៃឱ្យគេជួយចិញ្ចឹមជីវិតរបស់ខ្លួនជាដរាប គឺឱ្យជួយប្រាប់ឧបាយក្នុងការចិញ្ចឹមជីវិត ការរក្សារាងកាយ និងការរក្សាចិត្តឱ្យតាំងនៅដោយល្អ ព្រោះថាមនុស្សក្នុងលោកទាំងអស់រមែងមានវាសនា ឬគុណសម្បត្តិ និងកម្លាំង ផ្សេងៗគ្នា ចំណែកខាងមនុស្សដែលខ្សត់ខ្សោយវាសនា និងគុណសម្បត្តិ ឬខ្សោយកម្លាំងកាយ នឹងសម្ងំនៅតាមទំនើងខ្លួនឯងមិនបាន ត្រូវធ្វើសមាគមគប់រកមនុស្សដែលសម្បូរវាសនា និងគុណសម្បត្តិ ឬកម្លាំងកាយឱ្យជួយណែនាំបង្ហាត់បង្រៀន ជួយជ្រោមជ្រែងដោយទ្រព្យរបស់ ឬភោជនាហារសម្រាប់ចិញ្ចឹមជីវិត ។ មនុស្សដែលមានវាសនានិងគុណសម្បត្តិខ្ពង់ខ្ពស់ ក៏ត្រូវតែទទួលអភិបាលរក្សាមនុស្សដែលនៅតូចទាន់ខ្ចី ឬថោកទាបជាងខ្លួន ដោយកិច្ចប្រៀនប្រដៅ និងទ្រព្យសម្បត្តិជាដើមទុន ឬអាហារសម្រាប់បរិភោគរាល់ថ្ងៃជាដរាប ដូចមាតាបិតាជាប្រធាននៃបុតធីតា ។ ការឱ្យអាហារ ឬគ្រឿងប្រើប្រាស់គ្រប់យ៉ាងនេះជាកល្យាណប្បវេណី ជាទំនៀមមួយដ៏វិសេសជាប់មកតាំងពីមុនពុទ្ធកាល តាមបាលីលោកហៅថា «ទានៈ» ប្រែថា «ការឱ្យ» ។ បុគ្គលខ្លះក្នុងលោកនេះជាអ្នកមានចិត្តអាណិតទោរទន់ទៅរកមនុស្សសត្វដទៃ ហើយបានឱ្យគ្រឿងបរិភោគ ដោយសេចក្តីអាណិតតែម្យា៉ងមិនអាស្រ័យយកកម្លាំងប្រើប្រាស់ ការឱ្យទានដូច្នេះហៅថា «ករុណាទាន» ។
បុគ្គលខ្លះយល់ច្បាស់ក្នុងគុណូបការៈ ឬគុណសម្បត្តិណាមួយរបស់លោកអ្នកមានគុណមាតា បិតា គ្រូអាចារ្យ ឬលោកអ្នកទ្រទ្រង់នូវគុណមានសីលគុណជាដើម ក៏ធ្វើទានចំពោះលោកអ្នកមានគុណនោះ ការឱ្យទានដូច្នេះហៅថា «បូជាទាន ឬបដិការទាន»។
មនុស្សពួកខ្លះជាអ្នកមានចិត្តធូរទូលាយចង់ឱ្យប្រយោជន៍ឱ្យសេចក្តីសុខ សេចក្តីចម្រើនដល់អ្នកដទៃ ដែលជាញាតិសាលោហិត ឬមិត្តសម្លាញ់ ឬក៏ជាមនុស្សរួមជាតិជាមួយគ្នា ដែលល្មមទទួលអំណោយការសង្គ្រោះបាន ហើយចែកទ្រព្យសម្បត្តិជាដើមទុនក្តី គ្រឿងបរិភោគ គ្រឿងប្រើប្រាស់ក្តី ដើម្បីទំនុកបម្រុងជួយជាកម្លាំងសង្គ្រោះឱ្យកើតប្រយោជន៍ស្មើមុខគ្នាឡើង ការឱ្យទានដូច្នេះហៅថា «អនុគ្គហទាន ឬសង្គហទាន» ។
នេះគ្រាន់តែសម្រង់ខ្លីមួយដែលយកចេញពី «ទានកថា» របស់លោកអាចារ្យហែម ចៀវ ដែលសឱ្យឃើញថាលោកជាអ្នកឱ្យទាន និងជាអ្នកចូលចិត្តសង្គ្រោះចំពោះគ្នានឹងគ្នា ជាពិសេសចំពោះជនរួមជាតិខ្មែរនេះឯងតែម្តង ។ នេះក៏គឺជាតម្លៃនៃគុណធម៌របស់លោកមួយផ្នែកយ៉ាងសំខាន់ ។
វគ្គទី៦ ព្រះអាចារ្យហែម ចៀវ និងការបដិវត្ត
ក្នុងពេលនោះដែលប្រទេសយើងនៅក្រោមអំណាចបារាំង មានអ្នកស្នេហាជាតិមួយចំនួន មានចិត្តមោះមុត ឥតខ្លាចគុកច្រវាក់ ឥតខ្លាចស្លាប់ ឥតខ្លាចចោលស្រុក បានលបលាក់បបួលគ្នា ធ្វើការតស៊ូប្រឆាំងនឹងបារាំង ។ ក្នុងបណ្តាវីរជនទាំងនោះ មានលោកសឹង ង៉ុកថាញ់ ជាមេដឹកនាំ បាននាំគ្នាធ្វើបដិវត្តន៍ឡើង ។ ការបដិវត្តនេះ ត្រួសត្រាយឡើងក្នុងឆ្នាំ១៩៣៦តាមផ្លូវសារព័ត៌មាន «នគរវត្ត» សារព័ត៌មាននេះ មានគោលបំណងសរសេរដាស់តឿន ក្រើនរំលឹកប្រជាជនខ្មែរពេលនោះឱ្យមានសង្ឃឹម ឱ្យមានសេចក្តីក្លាហាន រៀបរាប់ពន្យល់អំពីតម្លៃនៃឯករាជ្យប្រទេស ឱ្យចេះតស៊ូ… ។
ប្រជាជនខ្មែរគ្រានោះកាលបើបានឃើញកាសែតនេះ ក៏ដូចជាមានស្មារតីភ្លឺថ្លាគ្រប់គ្នា ចេះស្រឡាញ់សិទ្ធិសេរីភាព ឯករាជ្យស្រុកទេសឡើង ។ ពួកបដិវត្តន៍ គឺពួកអ្នកសារព័ត៌មាន «នគរវត្ត» ជំនាន់នោះ មានប្រជាប្រិយភាពណាស់ មានព្រះសង្ឃ អ្នកស្រែចម្ការ មន្ត្រីរាជការស្រឡាញ់រាប់អានកាន់តែច្រើន ។
ហេតុការណ៍ទាំងនោះ នាំឱ្យរាជការអាណានិគមបារាំងមានការចាប់អារម្មណ៍ ហើយក៏ចាប់ផ្តើមតាមដានសកម្មភាពរបស់ពួកនេះជាលំដាប់ ។
ចំណែកអត្ថបទដែលសរសេរប៉ះពាល់ ខ្លាំងៗលើរាជការ ឬវិចារណកថា ល្អៗរំលឹកខ្មែរឱ្យចេះស្រឡាញ់ជាតិ ក៏ត្រូវគេដកចេញមិនឱ្យផ្សាយ ។ ដូច្នេះជួនកាលកាសែតចេញក្រដាសសទទេត្រង់កន្លែងគេដកនោះ ។ ការនេះមានជាញឹកញយណាស់ ។
ដោយយល់ឃើញថា គ្រាន់តែផ្សាយដំណឹងបណ្តុះស្មារតីខ្មែរឱ្យចេះយល់រឿងជាតិតែតាមផ្លូវសារព័ត៌មានប៉ុណ្ណោះពុំគ្រប់គ្រាន់ទេ ដោយបារាំងចេះតែដកអត្ថបទ ល្អៗចេញមិនឱ្យផ្សាយនោះ ទើបលោកសឹង ង៉ុកថាញ់ ជំនុំគិតជាថ្មីរកមធ្យោបាយមួយផ្សេងទៀតបន្ថែមលើផ្លូវសារព័ត៌មាននេះ គឺបំបែកឱ្យមានក្រុមដើរទាក់ទងផ្ទាល់នឹងប្រជារាស្ត្រ និងក្រុមទាហានជើងក្រហម ទាហានជើងខ្មៅ ព្រមទាំងឃោសនាប្រាក់កាសមកបន្តសកម្មភាពបដិវត្តន៍ផង ។ ក្រុមនេះមានលោកសឹង ង៉ុកថាញ់ ជាមេ និងមានលោកបុ៊ណ្ណចន្ទ ម៉ុល លោកនួន ឌួង និងលោកជុំ មួង ។ល។ ជាសមាជិក ។
គឺជំនាន់នោះឯងហើយដែលព្រះអាចារ្យ ហែម ចៀវ ត្រូវបានមានឈ្មោះរាប់បញ្ចូលទៅក្នុងក្រុមនេះដែរ ដ្បិតការល្បីល្បាញរបស់លោកខាងផ្នែកទេសនា និងខាងបណ្តុះគំនិតថ្មីនោះ នាំឱ្យពួកបដិវត្តន៍នឹកឃើញលោកភ្លាម ហើយចូលទៅប្រាស្រ័យទាក់ទងភ្លាម សុំឱ្យលោកជួយក្នុងផ្នែកឃោសនាអប់រំពន្យល់ប្រជាពលរដ្ឋនេះឯង ។
សម័យនោះទាហានជើងក្រហម និងទាហានជើងខ្មៅ ចេះតែទាស់ទែងគ្នាដោយប្រកាន់បក្សពួក ។ បារាំងជាមេទាហានក៏សូមឱ្យព្រះសង្ឃខ្មែរទៅទេសនាទូន្មាននាយទាហានទាំងនោះ គ្រប់បន្ទាយក្នុងមួយខែម្តង ដើម្បីអប់រំឱ្យមានសីលធម៌ និងកិរិយាមារយាទល្អឡើង ។
ការចាត់ព្រះសង្ឃឱ្យទៅទេសនា ឬធ្វើសន្និសីទដើម្បីអប់រំទាហានតាមលទ្ធិព្រះពុទ្ធសាសនាជាភារៈលើពុទ្ធសាសនបណ្ឌិត្យ ។ ជួនកាលមានចាត់ព្រះសង្ឃឱ្យទៅទេសនារហូតដល់មាត់ជ្រូក (Chaudoc) ជាដើម ។
កាលណោះលោកសឹង ង៉ុកថាញ់ ធ្វើការនៅពុទ្ធសាសនបណ្ឌិត្យ និងព្រះរាជបណ្ណាល័យដែលរួមអគារជាមួយគ្នា ជាជំនួសក្រមការ ជុំ ម៉ៅ ដែលផ្លាស់ចេញក្រោមបង្គាប់នាងកញ្ញាជាតិបារាំងម្នាក់ឈ្មោះ ការបឺឡេស (Melle Karpeles) ដែលមានឋានៈជាអគ្គលេខាធិការនៃពុទ្ធសាសនបណ្ឌិត្យ និងជាអ្នកគ្រប់គ្រងព្រះរាជបណ្ណាល័យ ។
លោកសឹង ង៉ុកថាញ់ ទទួលភារៈជាអ្នកចាត់ព្រះសង្ឃឱ្យទៅទេសនាប្រដៅទាហានជួសនាងកញ្ញាការបឺឡែស ។ ម្ល៉ោះហើយជាឱកាសល្អរបស់ លោក ៗជ្រើសរើសតែព្រះសង្ឃណាដែលស្នេហាជាតិមុតមាំ និងបានវោហារក្បោះក្បាយក្នុងការពន្យល់បញ្ចុះបញ្ចូលទាហាន ដោយអាស្រ័យធម៌ទេសនា ។ ពេលនោះព្រះអាចារ្យ ហែម ចៀវ ក៏ត្រូវបានលោកសឹង ង៉ុកថាញ់ ជ្រើសរើសឱ្យទៅបំពេញបេសកម្មនេះ ។
លោកអាចារ្យ ហែម ចៀ បានទេសនាពន្យល់ទាហានជើងក្រហម ទាហានជើងខ្មៅឱ្យឈប់ឈ្លោះគ្នា ។ រាល់ដងលោកបានបង្ហាញឱ្យដឹងថា «យើងទាំងអស់គ្នាសុទ្ធតែជាខ្មែរ មានសាច់ឈាមដូចគ្នា បីដូចកូនដែលកើតមកពីផ្ទៃម្តាយតែមួយ យើងមិនគួរទាស់ទែងខ្វែងគំនិតគ្នាទេ»។
រួចលោកតែងតែឆ្លៀតទេសនាបញ្ឆៀងរំលឹកឱ្យដឹងថា «ការទាស់ទែងខ្វែងគំនិតគ្នានេះ មុខគួរឱ្យស្តាយណាស់ ព្រោះគ្មានប្រយោជន៍អ្វីសោះដល់រូបយើង ដ្បិតយើងនៅក្រោមអំណាចគេគ្រប់គ្នា ទាស់ទែងគ្នាទៅ ក៏មិនឃើញនរណាគ្រាន់បើជាងនរណាដែរ បីដូចជាមាន់បញ្ជល់តើបានប្រយោជន៍អ្វីក្រៅពីបានទទួលការឈឺចាប់ធ្លុះធ្លាយរោមសាច់ ឈាមដាបខ្លួននោះ ? ឯការចំណេញគឺបានទៅលើមនុស្សដែលជាម្ចាស់នោះទៅវិញទេ» ។ហើយអំពើនេះ លោកអាចារ្យហែម ចៀវ ប្រព្រឹត្តមករហូតដល់ឆ្នាំ១៩៤២ ។
ដោយការទេសនាបញ្ឆិតបញ្ឆៀងនេះ ទាហានខ្មែរទាំងឡាយ ក៏សឹងបានយល់ដឹងច្រើន ហើយកាន់តែស្គាល់ព្រះអាចារ្យ ហែម ចៀវ កាន់តែច្រើនឡើង គេក៏បានភ្លឺថ្លាស្មារតីឡើង ។ ជំនាន់នោះទាហានខ្មែរយើងសក្តិធំបំផុតត្រឹមព្រិន្ទបាល ។
ឯចំណែកគិញបារាំង តែងឃ្លាំសកម្មភាពរបស់ក្រុមបដិវត្តន៍នោះ ក៏តែងកត់សម្គាល់នូវការដែលលោកអាចារ្យ ហែម ចៀវ ទេសនាជាប្រក្រតីដែរ វាដឹងថា លោកគ្រូនេះមានគំនិតបដិវត្តន៍ហើយ តែវាពុំទាន់ចាប់ថ្នាក់បាននៅឡើយចាំសង្កេតទៅទៀត ។
សូមជម្រាបថា នៅឆ្នាំ១៩៤០ អ្នកដឹកនាំបដិវត្តន៍បានទាក់ទងនឹងកងទ័ពជប៉ុន ដែលទើបនឹងចូលមកដល់ ។ លោកសឹង ង៉ុកថាញ់ បានទៅទាក់ទងយា៉ងសម្ងាត់ជាមួយនឹងមេទ័ពជប៉ុន តាមរយៈមេហាងឈ្មោះ ដាយ ណង់គូស៊ី ដែលតាំងនៅមុខផ្សារចាស់ នៅជ្រុងផ្លូវពីគេ (ឥឡូវឧកញ៉ា ផ្លុង) និងជ្រុងផ្លូវ អូហីយេ (ឥឡូវផ្លូវ ពោកំបោរ) ដើម្បីសុំជាជំនួយកងទ័ពរបស់ជប៉ុន ឱ្យគេជួយធ្វើអន្តរាគមន៍ផង ប្រសិនបើមានការថ្លោះធ្លោយបែកការណ៍ដឹងដល់បារាំង ហើយបារាំងនឹងធ្វើបាបនោះ ។ មេហាងដាយណង់គូស៊ី នោះក៏គឺជាមេហាងរបស់ជប៉ុន តាំងសម្រាប់ធ្វើចារកម្មសើុបការណ៍ចំនួនកងទ័ពបារាំងនៅស្រុកខ្មែរដែរ ។ មេហាង ដាយណង់គូសី ព្រមព្រៀងជួយដោយបញ្ជាក់ប្រាប់លោកសឹង ង៉ុកថាញ់ ថា បើថ្លោះធ្លោយដោយហេតុណាមួយ ត្រូវតែប្រញាប់ប្រញាល់រត់ចូលទៅកងតម្រួតយោធាជប៉ុន (គឺកន្លែងសង់ជាធនាគារជាតិកម្ពុជាសព្វថ្ងៃនេះ) គេការពារយើងមិនឱ្យបារាំងចាប់បាន ។ លោកសឹង ង៉ុកថាញ់ ក៏ប្រាប់លោកអាចារ្យ ហែម ចៀវ និងអស់លោកឯទៀតឱ្យដឹងគ្រប់គ្នា ។
លោកគ្រូអាចារ្យហែម ចៀវ តែកាលណាមានឱកាសនិមន្តចេញទៅខេត្តក្រៅ តាមការនិមន្តរបស់គេ ឬដោយមានការអ្វី លោកតែងតែឆ្លៀតនិយាយពន្យល់បំភ្លឺអ្នកស្រុក អ្នកស្រែឱ្យស្រឡាញ់ជាតិ ឱ្យអង់អាច ឱ្យស្រឡាញ់សេរីភាព ។ល។ ការពន្យល់បំភ្លឺរបស់លោក ធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់រលឹកកាន់តែខ្លាំងឡើង ហើយគេតែងនាំគ្នារៃអង្គាសប្រាក់កាសដោយជ្រះថ្លាចូលជាកុសលចំពោះរូបលោក ដើម្បីនឹងយកទៅចាត់ចែងជាប្រយោជន៍ក្នុងការបដិវត្តថែមទៀតផង ។

- Advertisement -

វគ្គ៧ ការចាប់ផ្សឹកលោកគ្រូអាចារ្យ ហែម ចៀវ
តាំងពីបានចូលខ្លួនជាអ្នកឃោសនា ដើម្បីរំដោះស្រុកទេសនេះមក លោកគ្រូអាចារ្យ ហែម ចៀវ ត្រូវបានគិញបារាំងតាមដានយ៉ាងស្វិតស្វាញ ដូចជាគេធ្វើឡើងជាមួយនឹងពួកអ្នកនយោបាយឯទៀត មានលោកសឹង ង៉ុកថាញ់ ជាដើមនោះដែរ ។ គិញបារាំងតែងរាយការណ៍ប្រាប់ចៅហ្វាយនាយគេរាល់ពេលដែលមានរឿងប្លែកៗ ។ ភ្ញៀវដែលចេញចូលទាក់ទងនឹងលោកគ្រូអាចារ្យ ហែម ចៀវ ជាញឹកញយនោះគឺមានលោកសឹង ង៉ុកថាញ់, ចៅ សែនកុសល ឈុំ ,សឹម វា, ប៉ាច ឈឺន, លោកតេជៈ, តាន់ ម៉ៅ និងទាហានជើងខ្មៅ ជើងក្រហមខ្លះទៀត ។ ព្រះអាចារ្យ ហែម ចៀវ លោកជាអ្នកមានះ និងក្លាហានណាស់ សូម្បីមិត្តភក្តិលោកប្រាប់លោកឱ្យប្រយ័ត្នគេធ្វើបាបយា៉ងណាក៏ដោយ ។ ការមួយទៀតដែលនាំឱ្យលោកមានរឿងកាន់តែច្រើន គឺលោកមិនខ្លាចនឹងនិមន្តទៅទេសនានៅកន្លែងពុទ្ធបរិស័ទណាដែលស្អប់លោកទេ ឱ្យតែគេនិមន្តទៅ ។ លោកជាបព្វជិតផ្នែកគណៈមហានិកាយ ទេសន៍ល្បីល្បាញ តើគេអ្នកប្រកាន់បុរាណនោះធ្វើម្តេចនឹងសប្បាយចិត្ត ?
ដោយសារមានឈ្មោះល្បីល្បាញគ្រប់មជ្ឈដ្ឋានដូច្នេះហើយ បានជាលោកគ្រូអាចារ្យ ហែម ចៀវ ត្រូវបានក្លាយខ្លួនជាទីដៅនៃចុងព្រួញរបស់គិញបារាំង និងពួកស្អប់លោក ។ គិញបារាំងជាពិសេសដែលគេត្រូវការយកឈ្មោះយសសក្តិរបស់គេផង គេក៏ខំធ្វើការទាល់តែបានសម្រេច។ គេយករឿងព្រះអាចារ្យ ហែម ចៀវ ដែលគេស្តាប់បានទាំងប៉ុន្មានទៅជម្រាបចៅហ្វាយរបស់គេ ។ ចាងហ្វាងគិញបារាំងកាលណោះឈ្មោះប្រូហ្សឺតុង (Brocheton) មួយ ឈ្មោះសមប្រេ (Sambrey) មួយ ។ នៅក្នុងសេចក្តីរាយការណ៍របស់គេនោះ គឺថាលោកគ្រូអាចារ្យ ហែម ចៀវជាមេដឹកនាំទាហាន និងរាស្ត្រខ្មែរឱ្យបះបោរប្រឆាំងបារាំង ។
គ្រានោះ គេក៏ចាត់ទាហានខ្មែរចំនួន១៥នាក់ឱ្យចាំចាប់ដោយស្ងាត់ កុំឱ្យបែកការណ៍ ។
នៅថ្ងៃទី១៧ កក្កដា ១៩៤២ ពេលព្រឹក នៅនាយកដ្ឋានរដ្ឋមន្ត្រី គេឃើញចាងហ្វាងគិញម្នាក់ និងលេខាធិការខ្មែរពីរនាក់ទៀត កាន់សំណុំរឿងមួយដុំផង បានរាយការណ៍ជម្រាបលោកអឹុង អីុ នាយករដ្ឋមន្ត្រី ព្រមទាំងលោកទា សាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងធម្មការ និងមន្ត្រីឯទៀត ។
ក្រោយដែលបានជំនុំគ្នាមក លោកទា សាន បានបញ្ជាទៅលោកជុំ មួង ដែលពេលនោះធ្វើជាលេខាធិការក្រោមបង្គាប់លោកឱ្យទៅនិមន្តលោកគ្រូអាចារ្យ ហែម ចៀវ មក ។ លោកជុំ មួង ក៏ទៅវត្តឧណ្ណាលោម ជួបនឹងលោកគ្រូអាចារ្យហែម ចៀវ ហើយទូលនិមន្តតាមលោករដ្ឋមន្ត្រីប្រើ ។ ព្រះអាចារ្យហែម ចៀវ នឹកប្លែកដែរ សួរទៅលោកជុំ មួង ថាតើលោករដ្ឋមន្ត្រីឱ្យនិមន្តទៅមានការអ្វី ? លោកជុំ មួង ក៏ទូលតាមដំណើរដែលបានឃើញបារាំងមកជំនុំ តែពុំបានដឹងជារឿងអ្វី ។
ក្រោយដែលបានចូលទៅបំពេញកិច្ចការនៅរោងពុម្ពសារព័ត៌មាន «នគរវត្ត» រួច លោកគ្រូអាចារ្យហែម ចៀវ និងលោកជុំ មួង ក៏ធ្វើដំណើរទៅ ។
នៅតាមផ្លូវព្រះអាចារ្យ ហែម ចៀវ មានពុទ្ធដីកានឹងលោកជុំ មួង ថា ប្រហែលគេនិមន្តទៅនេះដើម្បីសួរព័ត៌មានសកម្មភាពរបស់យើងហើយ បើគេសួរ យើងឆ្លើយប្រកែកថា តែមិនដឹងទៅ រួចលោកមានពុទ្ធដីកាទៀតថា លោកសឹង ង៉ុកថាញ់ មានផ្តាំនឹងអាត្មាថា បើបារាំងវាដឹងរឿង ត្រូវយើងប្រញាប់រត់ចូលទៅឯមន្ទីរកងអាវុធហត្ថជប៉ុនទៅ ទើបរួចខ្លួន ។
លោកអាចារ្យហែម ចៀវ និងលោក ជុំ មួង យល់ថា ច្បាស់ជាបារាំងវាដឹងរឿងសម្ងាត់ខ្លះហើយ ពេលនេះប្រហែលជាវាពុំទាន់ធ្វើអ្វីទេ វាគ្រាន់តែហៅទៅសួរទេ មើលទៅ…។
លោកអាចារ្យ ហែម ចៀវ និងលោកជុំ មួង ទៅដល់សាលសន្និសីទគណៈរដ្ឋមន្ត្រី ។ លោកអាចារ្យ ហែម ចៀវ ចូលតែមួយអង្គលោកទៅក្នុងកន្លែងប្រជុំ ក៏ជួបនឹងអស់លោកបារាំង និងខ្មែរកំពង់រង់ចាំ ។ លោកពុំទាន់បានសាកសួរដូចម្តេចផង ស្រាប់តែលោកទា សាន និយាយមកថា «ខ្ញុំករុណាឱ្យគេនិមន្តមកនេះ គឺដើម្បីសុំផ្សឹកព្រះតេជគុណតែម្តង ព្រោះព្រះតេជគុណមានទោសដោយបានបំបះបំបោរទាហាន និងប្រជារាស្ត្រ ឱ្យប្រឆាំងនឹងរាជការអាណាព្យាបាល» ។
ហើយលោករដ្ឋមន្ត្រីនេះបង្គាប់ទៅបម្រើឱ្យទិញខោអាវមួយសម្រាប់មក ។ លោកអាចារ្យ ហែម ចៀវ ស្រឡាំងកាំង ធ្មឹងបន្តិច ទើបសួរទៅថា ៖ «អាត្មាមានបានបំបះបំបោរពីកាលណា ? មានភស្តុតាងត្រង់ណាដែលថា អាត្មាបំបះបំបោរនោះ ?» ។
លោកទា សាន តបថា ៖ «រាជការអាណាព្យាបាល បានតាមដានសកម្មភាពរបស់ព្រះតេជគុណយូរណាស់ហើយ គេឃើញព្រះតេជគុណប្រព្រឹត្តនោះច្បាស់លាស់ច្រើនកន្លែងណាស់ ឥឡូវនេះខ្ញុំព្រះករុណាមិនអាចនឹងទូលព្រះតេជគុណអ្វីទៀតទេ គឺសុំតែផ្សឹកព្រះតេជគុណប៉ុណ្ណោះឱ្យទៅជាគ្រហស្ថដើម្បីរាជការ នឹងសើុបសួរតាមច្បាប់តទៅទៀត» ។
ព្រះអាចារ្យហែម ចៀវ បាត់ព្រះឧស្ឋត្រឹមណោះ លោកយល់ថា អំពើរបស់លោកទាំងប៉ុន្មាននោះមានប្រតិកម្មហើយតើ ។ អំពើណាមានប្រតិកម្ម អំពើនោះមានតម្លៃខ្ពស់បំផុត ត្រូវតែពេញចិត្តនឹងទទួលផលរបស់អំពើនោះចុះ !
ពេលនោះគេបង្ខំដោះស្បង់ចីពរលោកចេញ ហើយឱ្យលោកស្លៀកខោ ពាក់អាវដែលជាប្រដាប់បិទបាំងកាយរបស់គ្រហស្តសុទ្ធសាធ ។ គ្រាន់តែក្លាយខ្លួនជាគ្រហស្តសាមញ្ញភ្លាម តម្រួតក៏បាននាំលោកចេញពីកន្លែងនោះ ចុះទៅរករថយន្តដែលចតចាំឯក្រៅ រួចបើកបរចេញវឹងទៅមួយរំពេច ។ លោកជុំ មួង ឃើញដូច្នោះធ្លាក់ថ្លើមក្តុក នឹកថាគេយកលោកអាចារ្យ ហែម ចៀវ ទៅធ្វើទោសប្រាកដហើយ ។ ចេញម៉ោងធ្វើការលោកជុំ មួង ក៏រត់ទៅជម្រាបលោកសឹង ង៉ុកថាញ់ ហើយលោកសឹង ង៉ុកថាញ់ ក៏ប្រាប់ថា ឱ្យប្រយ័ត្នខ្លួន «រឿងយើងបែកការណ៍ហើយ បារាំងប្រាកដជាតាមចាប់យើងខ្លះទៀតហើយ ឱ្យឆាប់រត់ចូលទៅកន្លែងកងអាវុធហត្ថជប៉ុនជាប្រញាប់» ។
ព្រមគ្នានឹងពេលចាប់លោកអាចារ្យ ហែម ចៀវ នោះបារាំងបានទៅចាប់លោកនួន ឌួង ទៀតនាំយកទៅ ។
នៅឯកុដិរបស់លោកគ្រូអាចារ្យ ហែម ចៀវ ឯណោះវិញ ក្រោយដែលគេឱ្យនិមន្តលោកទៅផុតដើម្បីផ្សឹកនោះ ពួកគិញបារាំង យួន ខ្មែរក៏តាំងចូលឆែកឆេរ កកូរកកាយអស់ពេលប្រហែលពីរម៉ោង ដើម្បីរកឯកសារដែលគេត្រូវការ ។ ពេលនោះ គេឃើញពួកទាំងនោះរើកកាយទស្សនាវដ្តី កាសែត សៀវភៅធម៌ និងក្រដាសស្នាម ផ្សេងៗ បាចសាចពាសពេញនៅមុខកុដិ ហើយគេយកតែឯកសារ សំខាន់ៗ និងរូបថតរបស់លោកគ្រូអាចារ្យ ហែម ចៀវ ប៉ុណ្ណោះ ។ សកម្មភាពឆែកឆេរយ៉ាងពិនិត្យពិច័យនេះ នាំឱ្យអ្នកឈរមើលសម្គាល់ដឹងថា គេនឹងតាមចាប់ដល់អ្នកដទៃទៀត ដែលមានការទាក់ទងនឹងព្រះអាចារ្យ ហែម ចៀវ ដែលគេបានឃើញក្នុងសំបុត្រស្នាមផ្សេងៗនោះតទៅទៀតពុំខាន ។ ដូច្នេះអ្នកដែលខ្លាចមានទោសឥតជម្រះសឹងរួចខ្លួនគ្រប់គ្នា ខ្លះគេចភៀសទៅភ្លាម ខ្លះទៀតដែលមានរូបថតព្រះអាចារ្យ ហែម ចៀវ នោះ ពុំហ៊ានទុករូបនោះទេ គេប្រមូលដុតចោលគ្មានសល់ សូម្បីស្រឡាញ់រាប់អានយ៉ាងណាក៏ដោយ ដ្បិតខ្លាចបារាំងតាំងស៊ើបសង្កេតសម្បើមណាស់ ។
សូមបន្ថែមថា មុននឹងមានការចាប់លោកអាចារ្យ ហែម ចៀវ នេះ សម្តេចព្រះសង្ឃរាជសព្វថ្ងៃ កាលណោះលោកបានសុបិនឃើញថា មានរន្ទះបាញ់ត្រូវចេតិយធំនៅវត្តឧណ្ណាលោមផង ហើយលោកជ្រាបថា ប្រាកដជាមានរឿងធំហើយ ។
វគ្គទី៨ បាតុកម្មសុំដោះលែងលោកអាចារ្យ ហែម ចៀវ និងលោកនួន ឌួងរឿងបារាំងចាប់លោកអាចារ្យ ហែមចៀវ នេះ មានប្រតិកម្មផ្អើលរំជួលឡើង ក្នុងបណ្តាព្រះសង្ឃជានិស្សិតនៃសាលាបាលីជាន់ខ្ពស់ និងវត្តនានា ដែលជាមិត្តភក្តិ និងជាសិស្សរបស់លោក ។
ឯក្រុមអ្នកបដិវត្តក៏ប្រញាប់ចាត់ការផ្សាយដំណឹងនេះថែមទៀត ទៅគ្រប់វត្តជិតឆ្ងាយតាមមធ្យោបាយដែលអាចធ្វើបាន ។ អ្នករត់ការស្វិតស្វាញកាលនោះមានលោកប៊ុណ្ណចន្ទ ម៉ុល។ លោកសឹង ង៉ុកថាញ់ សម្រេចថា ត្រូវធ្វើបាតុកម្មស្រុះគ្នាជាសន្តិវិធីមួយដើម្បីទាមទារសុំឱ្យបារាំងដោះលែងលោកអាចារ្យ ហែម ចៀវ និងលោកនួន ឌួង មកវិញ ។ បាតុកម្មនោះត្រូវធ្វើនៅថ្ងៃទី២០ កក្កដា ១៩៤២ វេលាព្រឹកដោយចាត់ឱ្យព្រះសង្ឃឆាន់ពេលព្រឹកឱ្យហើយ។ ក្នុងបាតុកម្មនោះ ឥតត្រូវឱ្យមានអាវុធដំបង ព្រនង់អ្វីទាំងអស់ គឺឱ្យដង្ហែចេញទៅសុំពីបារាំងដោយសន្តិភាព បើបារាំងធ្វើបាបឱ្យទាំងអស់គ្នាខំអត់សង្កត់ចិត្ត កុំប្រឆាំងវាយតប់វិញឱ្យសោះ។ ការយ៉ាងណាទៀតមានជប៉ុន ជាអ្នកចាំជួយធ្វើអន្តរាគមន៍ហើយ ។ លោកប៊ុណ្ណចន្ទ ម៉ុល ក៏នាំចំណាត់នេះមកប្រាប់គ្នីគ្នា ជាពិសេសប្រាប់លោកប៉ាច ឈឺន ។
លុះដល់ថ្ងៃកំណត់ពេលព្រឹកនោះ ព្រះសង្ឃបានចេញពីគ្រប់វត្តជិតឆ្ងាយមកផ្តុំនៅវត្តលង្កាមួយកន្លែង វត្តឧណ្ណាលោមមួយកន្លែង ទើបចេញដំណើរជាក្បួនដើរតម្រង់ទៅកាន់ទីរ៉េស៊ីដង់នៅខាងលិចវត្តភ្នំ ដោយរបៀបរៀបរយ ។ នៅខាងមុខក្បួនមានបដាសរសេរថា «សុំឱ្យដោះលែងលោកអាចារ្យ ហែម ចៀវ និងនួន ឌួង មកវិញ និង ជយោព្រះពុទ្ធសាសនា» ជាដើម ។ លោកបា៉ច ឈឺន ជាអ្នកនាំមុខ ។
ទៅដល់ទីរ៉េស៊ីដង់ បារាំងមិនព្រមបើកឱ្យចូលទៅពិគ្រោះការឡើយ ក៏កើតទៅជារុញច្រានគ្នាទៅវិញទៅមក បាតុកររុញប៉ូលិសបារាំងទៅមុខ ពួកនោះរុញឱ្យថយមកវិញ ។ ឯលោកប៉ាច ឈឺន ដែលចូលខកទៅក្នុងទីនោះ ក៏ត្រូវពួកគិញបារាំងចាប់អូសចូលទៅបាត់ ។ ការនោះនាំឱ្យបាតុករឯក្រៅ កើតជ្រួលច្របល់ស្រែកថា វាចាប់គ្នាយើងម្នាក់ទៀតហើយ «វាមិនចរចានឹងយើងទេ ត្រូវចូលទៅជួយរំដោះគ្នាយើងមកវិញ» ទើបរុញជម្រុលទៅយកតែខ្លាំងមែនទែន ធ្លាយរបាំងមួយផ្នែក ពួកបារាំងអត់ពុំបានក៏តាំងច្រានមកវិញ ដោយប្រើដំបងមកលើបាតុករតែម្តង ។ ពួកបាតុករមានការឈឺចាប់ ក៏សន្ធាប់ទៅវិញដោយវាយពួកនោះនឹងកូនតឹង ព្រះសង្ឃខ្លះក៏បុកនឹងចុងឆត្រត្រូវក្បាលបារាំងបែកឈាមរហាមមួយរំពេច ។
បាតុកម្មនេះ ក្លាយដោយស្វ័យប្រវត្តិជាអធិករណ៍ប្រកាប់ប្រចាក់គ្នាដោយកម្លាំងពេញបន្ទុក ពួកបារាំងនៅខាងក្នុងក៏ប្រញាប់និយាយទូរស័ព្ទហៅគ្នាគេបន្ថែមជំនួយ ។ រំពេចនោះតម្រួតអាវុធគ្រប់ដៃចំនួនពីររថយន្តមកដល់ភ្លាម ។ ពួកបាតុករឃើញថា តស៊ូមិនឈ្នះក៏តាំងដោះដៃរត់ចេញពួកប្រដាប់អាវុធបំបែកហ្វូងបាតុករបាន តាំងដេញចាប់បាតុករព្រោងព្រាង ព្រះសង្ឃក៏តាំងបែកខ្ញែកខ្លះចោលឆត្រ ខ្លះចោលស្បង់ គេចតែអាត្មាខ្លាចបារាំងចាប់ ។
បាតុកម្មថ្ងៃនោះត្រូវកងកម្លាំងរំលាយទៅ ឯពួកតម្រួតយោធាជប៉ុនក៏មិនហ៊ានជួយអ្វីដែរ ព្រោះខុសគម្រោងការដែលថា ឱ្យធ្វើបាតុកម្មដោយសន្តិភាពនោះអស់ទៅហើយ ។ អ្នករួចបាតុកម្ម មេៗគេត្រូវបារាំងតាមចាប់តទៅទៀត ខ្លះរត់រួចទៅនៅឯវត្តស្រែចម្ការ ខ្លះរត់របូតទៅស្រុកសៀម ខ្លះត្រូវបារាំងចាប់បានក្នុងកាលក្រោយមក ដូចជាលោកប៊ុណ្ណចន្ទ ម៉ុល ព្រះភិក្ខុប៉ាង ខាត់ ជាដើម ។
ការរំជើបរំជួលនេះ នាំឱ្យរដ្ឋាភិបាលអាណានិគមបិទសាលាបាលីជាន់ខ្ពស់ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៤២ ទៅ ។ ហើយបើកឡើងវិញនៅថ្ងៃទី០១ ធ្នូ ១៩៤២ បន្ទាប់ពីបានចាត់ការឱ្យលោកសង្ឃមានរបៀបរៀបរយហើយនោះ ។
វគ្គទី៩ អ្នកទោសនយោបាយ និងគុក
ឯលោកអាចារ្យ ហែម ចៀវ និងនួន ឌួង ត្រូវពួកគិញបារាំងយកទៅសាកសួរនៅការិយាល័យគិញ ឱ្យថតរូប និងផ្តិតមេដៃទុក ។ ក្រោយមកទៀតមានរូបលោកប៉ាច ឈឺន ម្នាក់ទៀត ដែលទើបនឹងចាប់បានក្រោយ ។
ក្រោយដែលបានសាកសួរហើយ គេបញ្ជូនទៅនៅគុកធំទាំងអស់គ្នា ។
នៅក្នុងគុកធំមានទុក្ខវេទនាធំណាស់ រកពាក្យថ្លែងពុំបាន គេដាក់ខ្នោះឱ្យដេកផ្ទាល់នឹងឥដ្ឋក្នុងបន្ទប់ងងឹតឈឹង ពេលបានទឹក អាហារទាំងអស់សុទ្ធសឹងផ្អូមជូរ ចានដាក់បាយនោះ គឺជាចំណូកដែលគេធ្លាប់ចូកឈាមមកនៅតាមចង្អូរបង្គន់ គេយកចានរបៀបនេះមកដាក់បាយឱ្យបរិភោគ ។ លោកអាចារ្យ ហែម ចៀវ លោកពុំទទួលទានល្ងាចទេ ដោយប្រកាន់ខ្លួនថា ជាសង្ឃដដែល ។ នៅក្នុងគុកធំនោះមានសេចក្តីវេទនាស្មើឋាននរក ។ រងទារុណកម្មនៅទីនោះប្រមាណជា១០ថ្ងៃ ទើបគេបញ្ចេញ ហើយគេដាក់ខ្នោះដៃនាំឡើងរថយន្តមួយចេញទៅ ។
ទាំងបីនាក់នេះ មិនដឹងជាគេនាំទៅណាទៀតទេ ស្រាប់តែរថយន្តនេះឆ្ពោះទៅឈប់នៅកំពង់ផែកប៉ាល់ក្រុមទ័រពីយ័រ នៅមុខផ្ទះលោករ៉េស៊ីដង់ស៊ូប៉េរីយើរ (ដែលឥឡូវនេះជាវិមាននៃរដ្ឋាភិបាល)។ ដល់មកត្រង់នេះទើបរាល់គ្នាភ្ញាក់ព្រើត ដឹងថា គេបញ្ជូនទៅព្រៃនគរហើយ ។ គេឱ្យចុះពីលើរថយន្ត ហើយបណ្តើរចុះកប៉ាល់ គេឱ្យចុះទៅនៅក្នុងឃ្លុបកបា៉ល់ដែលងងឹតឈឹង លែងដឹងទិសតំបន់អ្វីទាំងអស់ ឯដៃ និងជើងគេដាក់ខ្នោះដដែល ។ អ្នកដែលបារាំងចាប់ទាំងប៉ុន្មានក្នុងរឿងជាមួយគ្នានេះ ដែលជាប់ឃុំនៅទីទៃពីគ្នា ស្រាប់តែបានជួបគ្នានៅក្នុងកប៉ាល់តែម្តង ។
មិនដឹងជាប៉ុន្មានម៉ោងទេ ។ កប៉ាល់បើកចេញទៅនោះទាំងអស់គ្នាដូចជា នៅក្នុងអន្លង់យប់ជ្រៅងងឹតរកពន្លឺគ្មាន ។ លុះត្រាតែកប៉ាល់ឈប់តែម្តងទើបគេដឹងថា ដល់ដំណាក់ហើយ។ បន្ទាប់ពីកប៉ាល់ឈប់មក ពួកម៉ាត់ឡូក៏មកបើកឃ្លុប មានពន្លឺចូល គេនាំគ្នាបញ្ចេញទាំងអស់គ្នាឱ្យឡើងមកលើ រួចបញ្ជូនតាមរថយន្តទៅទៀត ទៅឈប់នឹងអគារធំជង្គ្រឹងមួយមានស្លាកសរសេរជាអក្សរបារាំង ធំៗថា «Prison Centrale» ទើបរាល់គ្នាដឹងថា នេះជាគុកធំនៅព្រៃនគរហើយ ។
រំពេចនោះ គេបណ្តើរចូលទៅក្នុងគុកនោះភ្លាម គេឱ្យផ្លាស់សម្លៀកបំពាក់ចាស់ចេញ ឱ្យស្លៀកពាក់ខោអាវខាងគុកគេវិញ រួចនាំចូលទៅក្នុងសាលធំនៅជាន់ទី៤ សាលលេខ៣ ។
គុកធំនេះមានអគារតូចធំជាច្រើន ខ្លះមួយជាន់ ខ្លះពីរជាន់ អគារដែលធំ ហើយវែងជាងគេមានពីរ សង់ជាបួនជាន់ ។ អគារទាំងអស់ផ្នែកទី១ នៃសាលធំ គេឱ្យមនុស្សទោសខ្មែរនៅឯផ្នែកទី២ សម្រាប់អ្នកទោសយួន ។ លោកអាចារ្យហែម ចៀវ លោកនួន ឌួង លោកប៉ាច ឈឺន សឹងតែហេវហត់ល្វើយណាស់ទៅហើយនោះត្រូវបញ្ចូលទៅខាងខ្មែរ ។ ពេលដែលចូលទៅទៅនោះ បារាំងជាអ្នកនាំបានទៅនិយាយនឹងខ្មែរម្នាក់ដែលមានរាងមាំក្រអាញ រាល់គ្នាយល់ថា ប្រហែលជាកាប៉ូរ៉ាល់ គុកនៅទីនេះ នៅក្បែរអ្នកនោះឯង មានអ្នកទោសមាឌមាំ៤ទៅ៥នាក់ទៀតអម ។ ក្នុងពេលអ្នកទាំងបីនាក់កំពុងឈរពិនិត្យទៅគេនោះ ស្រាប់តែមានអ្នកទោសផ្សេងម្នាក់ដើរ សសៀរៗមកជិតលោកអាចារ្យហែម ចៀវ ហើយខ្សឹប តិចៗថា «នែ ខ្ញុំអាណិតអ្នកឯងណាស់ ខ្ញុំសុំប្រាប់អ្នកឯងឱ្យដឹងខ្លួនមុន កុំឱ្យគេធ្វើបាបទាន់ ។ ខ្ញុំសុំប្រាប់ថា អ្នកដែលបារាំងកំពុងនិយាយរកនោះ គឺកាប៉ូរ៉ាល់ត្រួតត្រាអ្នកទោសខ្មែរ គាត់កាចសាហាវណាស់ គេហៅគាត់ថា ដៃបិវ តាមពាក្យយួន ។ កាប៉ូរ៉ាល់នោះ ជាខ្មែរកម្ពុជាក្រោម ជាទាហានជាប់ទោសយូរហើយ ។ ពួកអ្នកឯងចូលទៅ ត្រូវមានការគោរពសំពះគាត់នោះដូចស្តេច ហើយត្រូវពោលពាក្យសុំជ្រកកោនគាត់ផង ទើបសុខខ្លួន បើមិនដូច្នោះទេនឹងត្រូវគាត់ និងពួកគាត់វាយដំច្រំធាក់ឥតប្រណីឥឡូវហ្នឹង» ។ និយាយប្រាប់ដូច្នោះហើយ អ្នកទោសនោះគេចខ្លួនទៅ ។ ឯព្រះអាចារ្យហែម ចៀវ ក៏រហ័សកេះប្រាប់លោកនួន ឌួង ជាសិស្សឱ្យចាំធ្វើតាមពាក្យគេប្រាប់ ។ ពេលនោះបារាំងថយទៅវិញ កាប៉ូរ៉ាល់គុកក៏ហៅអ្នកទោសមកថ្មីទាំងបីនាក់ ។
លោកនួន ឌួង ចូលមុនគេលុតជង្គង់វារទៅជិតលើកដៃសំពះ ។ កាប៉ូរ៉ាល់នោះសួរដោយទឹកមុខកាចថា «អាឯងមានរឿងអី បានជាមកជាប់គុក ?» លោកនួន ឌួង ឆ្លើយថា «សូមទោសលោក គេចោទថា ខ្ញុំបានបំបះបំបោរក្បត់បារាំង» ។ គ្រាន់តែឮថា ក្បត់បារាំងដូច្នេះ កាប៉ូរា៉ល់នោះស្រាប់តែស្រែកថា «យើអាឯងក្បត់បារាំងផង ចាត់ការទៅកនយើង»។ គ្រាន់តែឮបញ្ជាដូច្នេះ អ្នកទោសអមអង្គគេទាំងប៉ុន្មាននោះស្ទុះទៅទាំងកម្រោលវាយទាត់ធាក់លោកនួន ឌួង ដួលត្រឡប់ត្រឡិនរមៀលធ្លាក់ពីថ្នាក់លើតាមជណ្តើរមកក្រោមសន្លប់ឈឹង ។ លោកអាចារ្យហែម ចៀវ នឹកខ្លោចចិត្តអាណិតសិស្ស។ លុះដល់វេនលោកចូលទៅសំពះនិយាយហូរហែថា «សូមទោសលោកម្ចាស់ ខ្ញុំបាទនេះជាលោកសង្ឃទេ គេផ្សឹកមក ព្រោះខ្ញុំទេសនាពន្យល់ប្រជាជនបងប្អូនខ្មែរឱ្យចេះដឹងផ្លូវល្អ គិញបារាំងស្អប់ខ្ញុំ ចោទខ្ញុំថាក្បត់បារាំងទៅ សូមលោកមេត្តាផង !» ។
កាប៉ូរ៉ាល់នោះដូចជាភ្ញាក់ ៖
-ឱអ្នកឯងជាលោកសង្ឃទេ ?
-ខ្ញុំបាទជាលោកសង្ឃ ឯម្នាក់ទៀតនោះជាសិស្សរបស់ខ្ញុំ ជាអាចារ្យ បង្រៀនមានរឿងដូចខ្ញុំដែរ ! សូមលោកម្ចាស់មេត្តាផង ទានប្រោស !
-អូ ពួកអ្នកឯងជាមនុស្សស្លូតត្រង់ទេ មិនមែនជាចោរអីទេ អើអញអត់ឱនឱ្យខ្លះ !
ទើបកាប៉ូរ៉ាល់នោះបង្គាប់ទៅអង្គរក្សទាំងប៉ុន្មានឱ្យជួយលើកលោកនួន ឌួង មករឹតច្របាច់ឱ្យដឹងខ្លួន ។
លោកអាចារ្យហែម ចៀវ និងលោកនួន ឌួង ត្រូវគេដាក់ឱ្យនៅជាមួយគ្នា ឯលោកប៉ាច ឈឺន គេដាក់នៅកន្លែងផ្សេង ។
កន្លងមកប្រហែល១០ថ្ងៃស្រាប់តែឃើញគេបញ្ចូលអ្នកទោសជាគ្នាលោកមកពីភ្នំពេញទៀត គឺមានលោកប៊ុណ្ណចន្ទ ម៉ុល និងព្រះភិក្ខុប៉ាង ខាត់ ជាដើម ។ លោកអាចារ្យហែម ចៀវ ក៏ប្រញាប់និយាយប្រាប់កាប៉ូរ៉ាល់នោះជាស្រេចថា «សុំលោកអាណិតកុំធ្វើបាបអ្នកទើបមកដល់ ថ្មីៗ នេះឡើយ គេជាគ្នាខ្ញុំមានរឿងរ៉ាវដូចខ្ញុំដែរ សុំអាណិតទៅ !» ។
កាប៉ូរ៉ាល់នោះ ក៏ងក់ក្បាលថា «អើមិនអីទេ មិនវាយដំច្រំធាក់ទេ តែត្រូវធ្វើការជាទម្ងន់ដូចគេឯងធម្មតា !» ។
អ្នកទោសដែលទៅក្រោយនេះក៏បានធូរខ្លួនបន្តិច ដោយសារលោកអាចារ្យហែម ចៀវ ជួយនិយាយសម្រួលចំពោះកាប៉ូរ៉ាល់ដ៏ឃោរឃៅនោះ ។
លោកអាចារ្យហែម ចៀវ ថ្វីដ្បិតតែជាប់ឃុំឃាំង លោកឆ្លៀតប្រាប់អ្នកទោសគ្នីគ្នាថា ឱ្យខំអត់ធ្មត់ទៅ យើងជាអ្នកត្រួសត្រាយផ្លូវឱ្យគេដើរវិញហើយ រមែងតែពើបប្រទះគ្រោះថ្នាក់ដូច្នេះឯង ។ លោកអាចារ្យហែម ចៀវ ពិសាបាយតែពេលព្រឹកប៉ុណ្ណោះ បាយល្ងាច លោកទុកឱ្យលោកអ្នកទោសគ្រហស្ថ មានលោកប៊ុណ្ណចន្ទ ម៉ុល ជាដើម ។
វគ្គទី១០ ថ្ងៃកាត់ទោស
អ្នកទោស សំខាន់ៗ ដែលត្រូវគេហៅទៅកាត់ទោសមុនគេនោះមានរូបលោកអាចារ្យហែម ចៀវ, ប៉ាច ឈឺន, នួន ឌួង, ប៊ុណ្ណចន្ទ ម៉ុល។ បន្ទាប់ពីបានសាកសួរតាមខដែលគេចោទថា យើងក្បត់បារាំងអាណាព្យាបាលនោះហើយ គេបានទៅជំនុំគ្នាមួយសន្ទុះ ហើយចេញមកវិញ គេស្រែកប្រកាសទោសឱ្យទាំងអស់គ្នាដឹង ៖
-ឈ្មោះប៉ាច ឈឺន អ្នកឯងត្រូវទោសប្រហារជីវិតបង់ !
-ឈ្មោះហែម ចៀវ អ្នកឯងត្រូវទោសប្រហារជីវិត !
-ឈ្មោះនួន ឌួង អ្នកឯងត្រូវទោសប្រហារជីវិត ។
-ឈ្មោះប៊ុណ្ណចន្ទ ម៉ុល អ្នកឯងត្រូវទោសគុក៥ឆ្នាំ និងនិរទេស១៥ឆ្នាំ មិនឱ្យចូលស្រុក ហើយត្រូវរឹបអូសយកទ្រព្យសម្បត្តិទាំងអស់ !
ក្រោយនោះគេបញ្ជូនទៅគុកធំវិញ ។ នៅនឹងគុកធំនោះអស់ពេលជាងពីរខែ ទើបគេបញ្ជូនអ្នកទោសខ្លះទៅកោះត្រឡាច ។ ឯលោកទាំងបីនោះត្រូវរង់ចាំសេចក្តីសម្រេចសម្រាលទោសរបស់លោកសេនាប្រមុខប៉េតាំង ប្រមុខរដ្ឋនៃប្រទេសបារាំងជាចុងក្រោយ ។ ការរង់ចាំនេះត្រូវរងកម្មយ៉ាងទារុណនៅគុកព្រៃនគរអស់ពេលយ៉ាងយូរក្រៃលែង ។ ប្រហែល៦ទៅ៧ខែក្រោយមកទើបគេប្រាប់ថា លោកសេនាប្រមុខប៉េតាំង សម្រាលទោសពីប្រហារជីវិតមកនៅត្រឹមទោសអស់មួយជីវិតវិញ ។
ក្នុងខែមិថុនា១៩៤៣ គេក៏បញ្ជូនអ្នកទាំងបីទៅកាន់កោះត្រឡាច ។
វគ្គទី១១ជីវិតអវសានរបស់លោកគ្រូអាចារ្យហែម ចៀវ
នៅគុកកោះត្រឡាច គេដាក់អ្នកទាំងបីទៅក្នុងគុកលេខ៤ ជាកន្លែងទោសឧក្រិដ្ឋអស់អាយុទាំងអស់គ្នា ។ គុកនោះគេឱ្យអ្នកទោសវេញខ្សែពួរ និងធ្វើរបស់ ផ្សេងៗ តាមតែបារាំងបង្គាប់។ នៅគុកទី៤ គេហាមតឹងរ៉ឹងណាស់ មិនឱ្យមនុស្សផ្សេងទៅសាកសួរសុខទុក្ខមនុស្សទោស ដែលនៅក្នុងនោះសោះឡើយ ប៉ុន្តែលោកប៊ុណ្ណចន្ទ ម៉ុល ដែលមកជាប់ទោសមុន ហើយដែលបានមានវាសនាធ្វើជាកាប៉ូរ៉ាល់អ្នកទោសម្នាក់ដែរនោះ បានលបលាក់ផ្ញើរបស់របរតិចតួចទៅឱ្យអ្នកទាំងបីដែរ ។ ប៉ុន្តែសេចក្តីលំបាកទុក្ខវេទនាដោយខ្លួនជាអ្នកទោសរងទារុណកម្ម បូកនឹងធាតុខុសគ្នានៃធម្មជាតិ បានធ្វើឱ្យលោកអ្នកទោសទាំងបីនេះមានរោគាពាធបៀតបៀនជារឿយៗ ។ ហើយនៅទីបំផុត លោកអាចារ្យហែម ចៀវ មានរោគមួលជាខ្លាំង ឯលោកនួន ឌួង កើតរោគស្ពឹកជើងដៃ ។ លោកនួន ឌួង ដោយពេទ្យចេះតែចាក់ថ្នាំគ្មានប្រសិទ្ធភាពច្រើនម្ជុលពេក ក៏ទៅកើតបូសត្រង់ត្រគាក ហើមយា៉ងធំ ពេទ្យក៏វះយកខ្ទុះចេញយ៉ាងវេទនាបំផុត។ ឯលោកអាចារ្យហែម ចៀវ ឈឺដាបមែនទែន ងើបលែងរួច ចុករមួលស្លឺតស្លាំងអស់គ្មានសង្ឃឹមឡើយ !
គ្រូពេទ្យនៅកោះត្រឡាច គ្មានថ្នាំអ្វីព្យាបាលអ្នកជំងឺទេ ។ ហើយចំពោះជំងឺមួលនេះ ក៏មិនដឹងជារកថ្នាំអ្វីដាក់ផង ពេទ្យនោះយកតែទឹកសមុទ្រឬទឹកកំបោរមកឱ្យផឹកបញ្ចុះប៉ុណ្ណោះ ។
ដោយឃើញថា អ្នកទាំងពីរដាបមែនទែន គេបញ្ចេញទៅដាក់នៅសាលពេទ្យ ។
លោកប៊ុណ្ណចន្ទ ម៉ុល បានដឹងក៏ស្កាត់មកមើលអ្នកទាំងពីរ ឃើញលោកអាចារ្យហែម ចៀវ ដាបបំផុត មើលទៅមិនធារទេ ក៏និយាយជួលកម្មករពេទ្យនៅទីនោះថា បើអ្នកជំងឺនោះស្លាប់ សុំមេត្តាកប់ខ្មោចដោយឡែកផង កុំកប់លាយឡំជាមួយខ្មោចដទៃ ។ រួចក៏ឱ្យប្រាក់ខ្លះទៅកម្មករពេទ្យនោះ ។
នៅកោះត្រឡាចនោះមានពេលខ្លះមនុស្សស្លាប់ច្រើន គេយកទៅកប់៥ទៅ៦នាក់ តែក្នុងរណ្តៅមួយក៏មាន ។ លោកប៊ុណ្ណចន្ទ ម៉ុល យល់ថា លោកអាចារ្យហែម ចៀវ អស់មានអ្វីនឹងជួយកែកើតហើយ បើស្លាប់ទៅគាត់នឹងត្រូវចំណាំកន្លែងផ្នូររបស់លោកអាចារ្យតទៅទៀត ហេតុនោះទើបគាត់ជួលគេឱ្យចាំកប់ដោយឡែកនោះ ។
ចំណែកលោកអាចារ្យហែម ចៀវ ក្រោយនោះ រោគាពាធកម្រើកខ្លាំងមែនទែន ចុកស្វាយមាត់អស់ហើយ លោកននៀលទៅរកលោកនួន ឌួង ជាសិស្ស លោកនួន ឌួង ក៏ខំកិលមករកដែរ លើកក្បាលលោកអាចារ្យជាគ្រូដាក់លើភ្លៅ ហើយជួយរឹតច្របាច់ពោះឱ្យគ្រូដោយគោរព ឯទឹកភ្នែកក៏រអិលចុះទៅលើទ្រូងអាចារ្យជាគ្រូ ។ លោកអាចារ្យហែម ចៀវ ក៏មានទឹកភ្នែករលីងរលោងមកដែរដោយឈឺចាប់ពេក និងដោយអាណិតគ្នាទៅវិញទៅមកផុតថ្លែង ។
ដោយដឹងខ្លួនឯងច្បាស់ថា អស់មានជីវិតទៅទៀតហើយ លោកអាចារ្យហែម ចៀវ បាននិយាយ ខ្សាវៗទៅកាន់លោកនួន ឌួង ថា ៖
-នួន ឌួង យើងវេទនាណាស់ ហើយអញមើលទៅមិនរស់ទេ មុខជាស្លាប់ពេលនេះហើយ! ឌួង ឯងនៅក្រោយខំថែខ្លួនបន្តិចទៅ ក្រែងមានអាយុនឹងចាំមើលព្រឹត្តិការណ៍ស្រុកទេសទៅទៀតផង ។
លោកនួន ឌួង និយាយទៅកាន់លោកអាចារ្យវិញថា ៖
-ព្រះតេជគុណ ខ្ញុំអាណិតព្រះតេជគុណណាស់ ប៉ុន្តែមិនដឹងនឹងធ្វើម្តេច យើងទាំងពីរនាក់កម្សត់ពេកណាស់ !
សូមជម្រាបថា លោកនួន ឌួង ហៅលោកអាចារ្យហែម ចៀវ ថា «ព្រះតេជគុណ» តាមទម្លាប់ខ្លួនជាសិស្សមកដរាប ។
លោកអាចារ្យមានស្មារតីរឹង នៅតែនិយាយខ្សាវៗ ទាំងចុករមួលមកទៀត ៖
-នួន ឌួង ខ្លួនអញមិនខ្លាចសេចក្តីស្លាប់ទេ តែអញនៅនឹកស្តាយត្រង់មិនបានឃើញស្រុកយើងបានឯករាជ្យតែម្យ៉ាងប៉ុណ្ណោះ !
លោកនួន ឌួង ឥតតបទៅវិញទេ ចេះតែខំរឹតឱ្យដោយថ្នាក់ថ្នម ។ ទីបំផុតលោកគ្រូអាចារ្យក៏សម្លឹងមុខសិស្សដោយក្រសែភ្នែកផ្ចិតផ្ចង់ រួចលោកក៏រលត់ដង្ហើមទៅ ក្បាលលោកនៅកើយលើភ្លៅសិស្សដដែល ។ លោកនួន ឌួង ក៏ឱនក្បាលទ្រោបទៅលើទ្រូងគ្រូដោយគោរព ទឹកភ្នែកហូរហែងជាថ្មី ស្រដីតែម្នាក់ឯងថា ៖ «ឱ លោកគ្រូខ្ញុំ លោកចាកចោលខ្ញុំទៅហើយ !»។ ជាសម្តីពោរពេញដោយសេចក្តីស្រណោះស្រយុតចិត្តឥតថ្លែងបាន ។
ក្រោយមកពេទ្យក៏ចូលមកយកសពលោកអាចារ្យទៅ ។ ពេលយកសពនេះលោកនួន ឌួង ហូរទឹកភ្នែកម្តងទៀត លោកតាមមើលឃើញគេយកសពព្រះអាចារ្យទៅដាក់លើកន្ទេលមួយស្អាត ហើយរុំនឹងក្រមាថ្មីមួយ រួចហើយមានខ្សែចងត្រឹមត្រូវ ។ លោកនួន ឌួង តាមមើលទៅទៀត ឃើញគេលើកសពដាក់លើរទេះកង់បីរុញយកទៅ… លោកមើលឃើញតែត្រឹមណេះ ក៏ដាក់មុខចុះមកវិញ បិទភ្នែកមួយសន្ទុះផ្តាច់ខ្សែទឹកភ្នែកដែលធ្លាក់ចុះមក…។ លោកស្រមៃឃើញលោកអាចារ្យហែម ចៀវ កាលនៅពីឆ្នាំមុន មិនទាន់មានរឿង ជាព្រះសង្ឃអង់អាចវាងវៃ ពូកែបង្រៀន ធ្វើឱ្យសិស្សរីករាយសប្បាយ ពូកែទេសនា គេស្តាប់ត្រៀបត្រា ។ លោកនួន ឌួង នឹកឃើញកាលត្រូវបារាំងចាប់ចង ស្រមៃឃើញសេចក្តីទុក្ខវេទនាយា៉ងមហាអស្ចារ្យនៅក្នុងគុក ឥឡូវនេះ រូបដែលធ្លាប់មានសំឡេង មានឧត្តមគតិនេះ ត្រូវបានមករលាយសូន្យចាប់ពីពេលនេះហើយ !
លោកនួន ឌួង សង្រេងអាណិតលោកគ្រូ អស់ពេលយ៉ាងយូរ ភ្លេចទាំងក្តីឈឺចាប់របស់ខ្លួនផង ។
លុះក្រោយនោះលោកប៊ុណ្ណចន្ទ ម៉ុល មកសួរ លោកក៏រៀបរាប់តាមដំណើរដែលលោកអាចារ្យហែម ចៀវ បានទទួលមរណភាពនោះ។ លោកប៊ុណ្ណចន្ទ ម៉ុល មានទឹកភ្នែកដែរ រួចថយទៅវិញ ។ រំលងមកជាយូរថ្ងៃ លោកក៏មកប្រាប់វិញថា លោកបានឱ្យអ្នកទោសយកដុំថ្ម ធំៗទៅដាក់ចំណាំផ្លូវអាចារ្យ ហើយផ្នូរនោះមានលេខ១.១១៣ ។ រួចលោកប៊ុណ្ណចន្ទ ម៉ុល ក៏ខំនិយាយលើកទឹកចិត្តរំលឹកលោកនួន ឌួង ថា ឱ្យខំកាត់ចិត្តខ្លះទៅ កុំកើតទុក្ខពេកនាំឱ្យរោគចិត្តត្រួតថែមលើរោគកាយទៀត ។ ជាកុសលដែរ លោកនួន ដួង បានគង់ជីវិតតមក ។
លោកអាចារ្យហែម ចៀវ បានទទួលមរណភាពក្នុងជន្មាយុ៤៥ឆ្នាំនៅចុងឆ្នាំ១៩៤៣ នៅលើកោះត្រឡាចដាច់ស្រយាល មានតែប្រវាលសាគរព័ទ្ធជុំវិញ តែស្រមោលឧត្តមគតិ និងគុណធម៌របស់លោក នៅតែរសាត់កាត់រលកមកចាំងផ្តិតលើដួងចិត្តខ្មែរគ្រប់គ្នាជានិច្ច ពុំបានរលុបរលាយតទៅតាមពេលវេលាសោះឡើយ ។
ខ្មែរស្រករនេះ និងស្រករក្រោយនៅតែចាំព្រះនាមលោក ចាំសកម្មភាពរបស់លោក ហើយរំលឹកគុណលោកជាប្រក្រតី ។
អ្នករៀបរៀងបញ្ជាក់ថា បានជាព្រះអាចារ្យហែម ចៀវ ត្រូវតម្កល់តម្កើង ព្រោះមកពីលោកជាអ្នកនាំបំភ្លឺផ្លូវ ក្នុងការសាងស្រុកខ្មែរឆ្ពោះទៅរកឯករាជ្យ ក្នុងសម័យដែលស្រុកនេះនៅក្រោមអំណាចបារាំងអាណានិគមនិយមជិះជាន់ធ្វើបាបខ្មែរ ។
ដោយហេតុតែបានសម្គាល់ថា លោកអាចារ្យហែម ចៀវ មានឧត្តមគតិស្នេហាជាតិ ហើយមានគុណធម៌ដ៏ប្រសើរនោះ ទើបគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពលោកសេនាប្រមុខលន់ នល់ ប្រធានាធិបតីនៃសាធារណរដ្ឋខ្មែរ ក្នុងសម័យប្រជុំកាលពីថ្ងៃទី២២ មីនា ១៩៧២ បានសម្រេចរឿងកិច្ចការលោកគ្រូអាចារ្យហែម ចៀវ ក្នុងបណ្តាបញ្ហាដែលដាក់ប្រជុំថា ៖
«រដ្ឋាភិបាល បានទទួលស្គាល់នូវអំពើល្អទាំងឡាយដែលព្រះអាចារ្យហែម ចៀវ បានធ្វើជូនប្រជាជាតិខ្មែរ ហើយសម្រេចថា នឹងចាត់ចែងឱ្យបានផ្ទេរធាតុរបស់លោកពីកោះត្រឡាច មករដ្ឋធានីភ្នំពេញយើងវិញ» ។
ក្នុងរឿងនេះ រដ្ឋាភិបាលចាត់ឱ្យគណៈប្រតិភូខ្មែរដែលមានរូបលោកប៊ុណ្ណចន្ទ ម៉ុល ជាអ្នកដឹកនាំឱ្យទៅកាន់ប្រទេសវៀតណាមខាងត្បូង ហួសទៅកោះត្រឡាច ស្រាវជ្រាវរកព្រះអដ្ឋិធាតុព្រះសពអាចារ្យនេះយកមកប្រទេសខ្មែរវិញ ហើយធ្វើបុណ្យរំលឹក និងតម្កើងព្រះនាមព្រះសពដែលជា អ្នកមេគំនិតម្នាក់ក្នុងបដិវត្តន៍ខ្មែរ ឆ្នាំ១៩៤២ ដោយតម្កល់តម្កើងឋានៈលោកជា «រដ្ឋបុរសជាតិ» ក្នុងបច្ឆារណៈផង ៕

ប្រវត្តិអាចារ្យ ហែម ចៀវ (កំណាព្យ)

១-សូមលើកម្រាមដប់ប្រសព្វផ្គុំ ចំណោមជំនុំរូតរ៉ាយរ៉ាប់ លើកយកប្រវត្តិដែលមានស្រាប់ សង្ខេបឱ្យឆាប់បទកំណាព្យ។
២-ឆ្នាំចិតសិបពីរលោកគុយ ឡូត ចរិតស្លូតបូតបែកញើសដាប សរសេរចងក្រងរៀងដរាប ថ្នាលសាបសម្រាប់ជនប្រុសស្រី។
៣-រហូតដល់ឆ្នាំពីរពាន់ដប់ ពីរស្រាយកំណប់សាជាថ្មី ត្មាត វ៉ា ប៊ុណ្ណនីប្រញាប់ខ្មី សរុបសេចក្តីចងចុងចួន។
៤-ភាសាបេះដូងពាក្យប្រាំពីរ តាំងចិត្តសំភីដូនតាក្បួន តាំងចិត្តមោះមុតរឹងមាំមួន ជំងឺគុំកួនកើតខិតខំ។
៥-សូមថ្លែងរៀបរាប់ពីតួអង្គ ពាក្យសត្យពាក្យសង្ឃឱ្យស័ក្តិសម គ្រួសារខ្សត់ខ្សោយតែងលត់ដំ បើពោលឱ្យចំព្យាយាមខ្លាំង។
៦-ត្រកូលជនបទក្បែរភ្នំពេញ គ្មានចិត្តទោម្នេញប្រើកម្លាំង ចិញ្ចឹមកូនចៅស្រែចម្បាំង តតាំងប្រឹថពីក្រតែមាន។
៧-កុមារហែម ចៀវ បឋមវ័យ ជីវិតមានន័យដ្បិតរស់រាន ឃុំទំនប់ធំកំណើតស្ពាន ស្រូវស្រែកល់លានពញាឮ។
៨-បុរាណសម័យខេត្តកណ្តាល កុមារស្រួចស្រាលនឹងជំងឺ ស្រឡាញ់វត្តវ៉ាទោះបីឈឺ រន្ទឺទេសនាត្រងត្រាប់ស្តាប់។
៩-លោកពុកនាមហែមចិត្តជ្រះថ្លា ស្រឡាញ់សាសនាជាក្បួនច្បាប់ កូនប្រុសគ្រប់វ័យបញ្ជូនឆាប់ សូមថ្លែងសាសព្ទផ្ញើអាចារ្យ។
១០-ព្រះគ្រូសត្ថា ជួន ណាតខ្ពស់ មានកិត្តិយសដីខេមរា ទទួលបង្ហាត់យកអាសា ក្លាយពីកូនស្វាមកជាមនុស្ស។
១១-វត្តឧណ្ណាលោមលោកគង់នៅ រាក់ជ្រៅស្អុះក្តៅជួយបក់មូស ចូលវត្តលោកតាដាំបាយពុះ ចិន្តាសែនលុះការសិក្សា។
១២-ព្រះគ្រូពេញចិត្តនឹងសិស្សថ្មី ទេសនាធិបតីផ្តងម្តេចម្តា ប្រើស្ពាយថង់យាមមានដាក់ស្លា ឱ្យរៀនធម៌អាថ៌បួសថ្ងៃមុខ។
១៣-ដល់ពេលវេលាបួសសាមណេរ ខំប្រឹងសរសេររកទំនុក មិនភ្លចបណ្តាំអ្នកម៉ែពុក ពុះពាររានរុកឱ្យចាំស្ទាត់។
១៤-កូននេនអង្គនេះសែនឆ្លាតវៃ អារម្មណ៍រំពៃមិនភ្លាំងភ្លាត់ មិនចេះលេងសើចចេញពីវត្ត គ្មានចិត្តរាយរាត់ឆ្ងាយរៀនសូត្រ។
១៥-ឆ្នាំ១៧ -វ័យម្ភៃឆ្នាំ បំពេញសកម្មរៀងរហូត បួសជាភិក្ខុចរិតស្លូត ព្រះឧបជ្ឈាសូត្រនាមល្វី ឯម។
១៦-បំបួសនៅទីវត្តលង្កា មានព្រះមហា ថោង ផ្អែមល្ហែម ព្រះគ្រូសត្ថា ជួន ណាត ថែម គ្រូសូត្របន្ថែមបំពេញច្បាប់។
១៧-នាមព្រះឆាយវង្សជាបវរ ភិក្ខុសែនល្អហើយចំណាប់ រៀនសូត្រឧស្សាហ៍ក្នុងពេលឆាប់ ត្រងត្រាប់ប្រឡងសញ្ញាបត្រ។
១៨-សាលាបាលីផងជាន់ខ្ពស់ សែនល្បីល្បាញឈ្មោះប្រសើរក្តាត់ រាជការបារាំងបញ្ជូនស្ងាត់ កំពតរសាត់ជួយបង្រៀន។
១៩-លោករ៉េស៊ីដង់រកអ្នកចេះ ដែលមានតម្រឹះប្រាជ្ញរបៀន គរុកោសល្យដែលបានរៀន សាលាវត្តកៀនភាគនិរតី។
២០-បង្រៀនធម៌អាថ៌សមណសិស្ស ចាប់ផ្តើមប្រើសៗនាទឹកដី នាវត្តក្រាំងដូងមិនអប្រិយ សិរីបន្ទាយមាស(កំពត)។
២១-នាទីអារាមខំប្រឹងប្រែង សម្តែងបម្រើមាំមិនល្វត ជូនរាស្រ្តថ្វាយហ្លួងប្រមើលទត ទើសរតផ្លូវធម៌និងផ្លូវលោក។
២២-ភិក្ខុត្រូវបានឧបាសក ពោលមិនកុហកពិតមានជោគ ចាស់ទុំចូលចិត្តដ្បិតទេសព្រោក យល់យោគសន្តោសនិងមេត្តា។
២៣-ឆ្នាំ៣១ជម្រើសថ្មី សាលាបាលីសាស្ត្រាចារ្យ ចម្រាញ់ពីររូបមិនធម្មតា តើបានអ្នកណាជាប់លេខទៅ?។
២៤-ភិក្ខុអ៊ុច រស់ជាប់លេខមួយ ប៉ែន សុខគ្មានព្រួយនាមនិត្យនៅ ពិតជាប់លេខពីរគ្រប់រាងរៅ ហែម ចៀវនៅព្រៅជាប់លេខបី។
២៥-ក្រោយមកឧកញ្ញា កង បានស្លាប់ ក្រមការចំណាប់នាលោកិយ ជុំ ម៉ៅជើងចាស់ជំនុំខ្មី អធិបតីរាជបណ្ណាល័យ។
២៦-ពិគ្រោះបារាំងកាប៊ីឡែស ស្រួយស្រែសកញ្ញានាសម័យ វិបុលមលធម្មថោងប្រាស្រ័យ ចក្រីប៉ុណ្ណថ្លៃ រដ្ឋមន្រ្តី។
២៧-ចែងចាត់ភិក្ខុនាមហែម ចៀវ ស្រួចស្រៀវឃើញមានជាសក្ខី ឆ្នាំ៣២នោះវិញថ្មី គ្រូប្រៀនបាលីរាជធានី។
២៨-លោកសាស្ត្រាចារ្យងារមួយទៀត បុរាណបញ្ជ្រៀតមាននាទី សមាជិកក្រុមតែងសំភី ប្រឹថពីជំនុំត្រៃបិតក។
២៩-អាចារ្យហែម ចៀវទស្សនៈខ្ពស់ គំនិតមួយឆ្ពោះមិនកុហក គំនិតជឿនលឿនមិនដំអក់ វិទ្យាត្រួយល្ហក់ពិភពលោក។
៣០-អានសារព័ត៌មានជាប្រចាំ ចរិតសកម្មទាំងប្រាជ្ញព្រោក ទស្សនាវដ្តី ថៃរងោក មិនចូលចិត្តឈ្ងោកឱបបារាំង។
៣១-ខ្មែរមានកាសែតតែមួយគត់ នគរវត្តពត់មតិខ្មាំង លោកសឹង ង៉ុកថាញ់ក្រោកតតាំង ព្រមទាំងជើងខ្លាំងនាមស៊ឹម វ៉ា។
៣២-មានលោកប៉ាច ឈឺន ជាមន្ត្រី ដែលអ្នកទាំងបីជួយរដ្ឋា ដឹកនាំកាសែតមិនធម្មតា ខ្មែរគ្មានទស្សនាវដ្តីទេ។
៣៣-ពិភពអារ៉ាប់និងអាហ្រ្វិក បារាំងជាន់ខ្ទេចនាបុព្វេ អាណានិគមគ្មានចិត្តរេ រួមនឹងដែនក្មេរមួយផងដែរ។
៣៤-អាចារ្យហែម ចៀវបានដំណឹង ផុះឡើងកំហឹងពីរឿងខ្មែរ ស្ម័គ្រក្រោកសត៊ូមិនប្រួលប្រែ មាសស្នេហ៍សម្ងាត់នឹងស្បែកស។
៣៥-ហែម ចៀវមានមិត្តម៉ានីពូ ជំនុំរអ៊ូចិត្តស្មោះសរ ផ្នែកបដិវត្តន៍ពិតបវរ បំភ្លឺមិនក្រឱ្យក្រោកឈរ។
៣៦-ពេលនោះបារាំងជាន់ទ្វីបច្រើន កំណើនអ៊ឺរ៉ុបតែលឹបល ចាញ់អាឡឺម៉ង់ស្លាប់ជើងគរ ហៀម ចៀវ ស្ម័គ្រឈរអាឡឺម៉ង់។
៣៧-កាលគ្រាសម័យខ្មែរជ្រកស្លាប បារាំងសំយ៉ាបមិនអែអង់ តែលោកអាចារ្យនិយមសង្ឃ ចង់ពត់តម្រង់ដល់សិស្សគណ។
៣៨-ចង់ពត់ចរិតដល់ផងខ្មែរ ទោះកូនអ្នកស្រែចិត្តមិនទន់ ក្រោកឡើងប្រឆាំងចោរលោភលន់ មិនត្រូវទម្រន់ការប្រទេស។
៣៩-អាចារ្យប៉ែន សុខ ជាមិត្តភក្តិ ពោលមិនដែលលាក់ខ្លាចនិរេស ត្រូវប្រយ័ត្នមាត់កុំធ្វាំងធ្វេស បារាំងនិរទេសចេញពីស្រុក។
៤០-ហែម ចៀវចចេសនិងរឹងរូស បងសុខមិនលុះនៅស្រណុក ស្ងៀមមួយកន្លែងកុំសាប់សុខ មិននៅសំកុកលោករំជួល។
៤១-ទីមួយជឿនលឿនគិតទឹកដី ពន្យល់អ្វីៗគ្មានប្រែប្រួល នួន ឌួង កូនសិស្សគំនិតស្រួល បបួលគូកនស្ម័គ្ររួមគ្នា។
៤២-ទីពីរគិតពីបដិវត្តន៍ មិនត្រូវរាយរាត់ដែនធារា នៅពេលទេសនាជូនប្រជា បញ្ចូលមាគ៌ាក្រើនរំលឹក។
៤៣-ដាស់បរិស័ទរៀងដរាប រនោចខែស្រាពកុំជូរស្ពឹក យកឯករាជ្យវិញមមាញឹក ស្អែកព្រហាមព្រឹកនាទឹកដី។
៤៤-លោកប្រកាន់យកវិរិយៈ មានចិត្តជំពាក់ព្យាយាមខ្មី កុំខ្ជិលច្រអូសទុំក្រក្រី បណ្តោយលោកិយអន្តរធាន។
៤៥-ភាពខ្ជិលនេះឯងធ្លាក់ទាសភាព បើមិនជ្រួតជ្រាបមិនអាចមាន កិលេសហួសហេតុឆ្ងាយនិព្វាន ទន្ទ្រានជីវិតវដ្តសង្សារ។
៤៦-ទាសភាពជាន់កកូនតចៅ ពូជពង្សញាតិផៅអន្ធការ ក្រោកឡើងតស៊ូហើយប្រហារ កុំឱ្យសង្កាក្នុងជីវិត។
៤៧-អប់រំប្រដៅបរិស័ទ ដើម្បីកម្ចាត់ក្រជំរឹត គ្រោះអវិជ្ជាជាការពិត ឱ្យចេះរែងគិតប្រយោជន៍ល្អ។
៤៨-ថ្លែងព្រះជនកពោធិសត្វ មិនដែលបង់បាត់គុណបវរ ទោះលេចសំពៅមិនសល់ក្រ តែងមានអំណរដោយព្យាយាម។
៤៩-យល់ដឹងថាស្លាប់ក្នុងសមុទ្រ តែមិនញ៉មច្យុតឬទីមទាម មច្ចុសម្លឹងហើយគំរាម អធិដ្ឋានភ្លាមសម្អាតធ្មេញ។
៥០-ផ្អែកលើព្រះធម៌ជានាវា បញ្ជាផ្លូវចិត្តផ្តើមទន្ទេញ ព្រះចន្ទរះឡើងគ្មានទោម្នេញ កម្មកាចរលេញចាកចេញទៅ។
៥១-លោកតែងពុះពារកម្រិតខ្ពស់ ក្នុងកិត្តិយសប្រៀបសំពៅ ចាកចេញពីផែតែនាមនៅ ឱ្យញាតិភូមិព្នៅបានស្គាល់ដឹង។
៥២-និមន្តទេសនាបញ្ជ្រៀតចូល ប្រមូលកៀរគរផ្សាយដំណឹង ពីរឿងស្រុកទេសឱ្យថ្លាថ្លឹង សុទ្ធសឹងប្រយោជន៍ដល់សង្គម។
៥៣-ទីបីរំលឹកប្រជាជន មិនត្រូវទោរទន់ឬលំៗ ទម្លាប់មិនល្អជួនកើតយំ ប្រគំគំនិតចេះលះបង់។
៥៤-រៀបចំកូនចៅគូស្រករ មិនគួរអំណរពោលត្រឹមត្រង់ រើសកូនប្រសាឱ្យចំប្លង់ យកមកសាងសង់បម្រើខ្លួន។
៥៥-បង្គាប់សែនខ្ពស់ឱ្យសាងផ្ទះ គួរតែជម្រះឱ្យមាំមួន ថ្វីដ្បិតតែខ្មែរកាន់មិនខ្ជួន បីបួនតំណមិនសមស្រប។
៥៦-អយុត្តិធម៌ក្នុងសង្គម ឱ្យខាងប្រុសយំមាត់ត្រហម ដើរខ្ចីបុលគេបែបរណប ដូចដើមប្រក្លបត្រូវទំនាយ។
៥៧-សង្គហធម៌ចំពោះកូន សរសើរដល់ដូនគ្មានមោះមាយ ស្រឡាញ់ស្មើគ្នាមិនរំលាយ រួសរាយរាក់ទាក់ជាមង្គល។
៥៨-ចំណុចទីបួនអប់រំខ្មែរ ត្រកូលយើងស្រែគិតឱ្យយល់ ជូនកូនទៅរៀនទោះរវល់ នឹងចាកអំពល់មានចំណេះ។
៥៩-បញ្ចូនសិក្សាវត្ត-ទីក្រុង ងងឹតតសូន្យសុងបើប្រហែស ផ្ញើគ្រូអាចារ្យរកតម្រឹះ សត្រូវមកកេះមិនងាយលង់។
៦០-មិនបានទៅរៀនបារាំងកេណ្ឌ កំណែនទាហានឱ្យរញង់ កាត់ស្មៅប៉ារីសដ្បិតល្ងិតល្ងង់ ជាប់ជង់ព្រោះតែអវិជ្ជា។
៦១-ទី៥លោកគិតសុខភាព ប្រជាទន់ទាបដែលរងា ភូមិឃុំជនបទគ្មានលោះលា កុំឱ្យឈឺជានាំតែខាត។
៦២-រំលឹកក្មេងក្មាងតាមភូមិក កខ្វក់មិនល្អគួរសង្វាត ងូតទឹកដុសក្អែលត្រូវឱហាត បើស្អាតកាលណាមានជ័យជោគ។
៦៣-សម័យឧដុង្គមានជំងឺ អ្នកស្រុកច្រើនឈឺអាសន្នរោគ អុតស្វាយរាគរូសមានគគោក ស្លាប់ពាយរងោកគួរស្តាយណាស់។
៦៤-ប្រាំមួយអប់រំមិនធ្វាំងធ្វេស រៀនបច្ចេកទេសឱ្យចាំច្បាស់ ជាងឡានម៉ាស៊ីនលោកបានដាស់ បើខ្មាសជិតខាងប្រាក់ហូរចេញ។
៦៥-តភ្លើងបណ្តាញអគ្គីសនី មិនត្រូវខ្ជាខ្ជីកើនចំណេញ ចាយច្រើនដាំដុះដូចដេញ នាមប៉ោល្អិតស្មេញចេះធ្វើឡាន។
៦៦-និមន្តទៅណាពិបាកក្រៃ មិនស៊ីវិល័យតាមលំអាន រថយន្តមានតិចបម្រើបាន លោកពូកែស្មានបុណ្យចាត់ចែង។
៦៧-ទីពេញនិយមផងអ្នកស្រុក និមន្តតត្រុកមិនរអែង ទេសន៍ជួយបុណ្យសពមិនដែលក្រែង ប៉ែន សុខមិត្តឯងបានជួយដែរ។
៦៨-ប្រជាប្រិយភាពខ្លាំងលើសលប់ ព្រលឹមព្រលប់និគមស្រែ សិស្សសង្ឃ ជួន ណាត សែនពូកែ ទេសនាគ្មានល្ហែគ្រប់កន្លែង។
៦៩-ទទួលងារជាព្រះបាល័ត រែងប្រសើរក្តាត់ដ្បិតព្រះស្តែង វត្តឧណ្ណាលោមគ្មានចំបែង អារម្មណ៍មិនក្រែងបរទេស។
៧០-មាតាបិតាលោកដឹងគុណ ទោះធ្ងន់ម្តេចម្តាមិនដែលធ្វេស បទទីប្រាំពីរកត្តិក ជេស្ឋ ពេលទេសន៍គោរពគ្រូជួន ណាត។
៧១-សៀវភៅមួយក្បាលត្រូវផលិត គំនិតឱក ឱម គ្រូឱហាត ចែកជាធម្មទានបានសុទ្ធសាធ ក្បួនខ្នាតមាននាម ‹ទានកថា›។
៧២-ប្រាំបីចិត្តទានក្រៃកន្លង ជួយសិស្សគណផងឱ្យសិក្សា ដ្បិតក្រលំបាកច្រើនប្រការ គំនិតប្រាជ្ញាចាកខ្សត់ខ្សោយ។
៧៣-លោកតែងរំលឹកគហបតី ថៅកែមានថ្មីកុំបណ្តោយ ត្រូវមានសទ្ធាកុំងាកក្រោយ ជួយមិនកន្តើយទុព្វលភាព។
៧៤-ប្រដែប្រដៅដល់សត្វលោក ដែលមានគគោកទោះខ្ពស់ទាប សព្វេ សត្តា គួរតែជ្រាប រៀងរាប អាហារដ្ឋិតិកា។
៧៥-ស្លេះទុករឿងល្អមួយអន្លើ ទង្វើប្រឆាំងដោយចេតនា ក្រោកឡើងតស៊ូយ៉ាងសង្ហា សច្ចារំដោះជាតិទឹកដី។
៧៦-ហែម ចៀវមោះមុតមិនខ្លាចស្លាប់ តស៊ូប្រញាប់ហើយឃ្មាតខ្មី លោកសឺង ង៉ុកថាញ់ដឹកនាំថ្មី រួមអធិបតីមេកាសែត។
៧៧-សាមសិបប្រាំមួយឆ្នាំចាប់ផ្តើម ដង្ហើមខ្មៅខ្មែរគ្រប់ខណ្ឌខេត្ត សា‹នគរវត្ត›ផ្សាយត្រសែត មូលហេតុបារាំងដាក់នឹមខ្មែរ។
៧៨-ផ្សព្វផ្សាយឱ្យរាស្រ្តបានយល់ដឹង ផ្តល់សិទ្ធិដំណឹងនិគមស្រែ ឯករាជ្យសេរីបម្លាស់ប្រែ ព្រះសង្ឃផងដែរស្ម័គ្រមេត្រី។
៧៩-ផែនការចម្លែកបារាំងយល់ ខ្មែរកើតអំពល់ជួបក្រក្រី តាមដានយប់ថ្ងៃមិនចេញស្តី បំបាត់សេរីបដិវត្តន៍។
៨០-កាសែតដាស់តឿនស្រឡាញ់ជាតិ ជម្រាបញោមញាតិកុំភ្លាំងភ្លាត់ ត្រូវតែរួបរួមក្រើនមូរមាត់ ពង្រាត់បារាំងពីឃុំស្រុក។
៨១-ចំណេរតមកក្រុមការងារ គ្នីគ្នាបួននាក់ទោះមិនសុខ លោកសឺង ង៉ុកថាញ់អ្នកនាំមុខ ប៊ុណ្ណចន្ទម៉ុលលុករួមនួន ឌួង។
៨២-ជាសមាជិកក្រុមសម្ងាត់ ពិបាកបាំងបាត់ថែមជុំ មួង ការងារសកម្មប្រឆាំងហ្លួង ហែម ចៀវទាំងពួងសមាជិក។
៨៣-នាំបដិវត្តន៍ឆ្ពោះទៅមុខ រិះរកទំនុករាល់ល្ងាចព្រឹក អប់រំពន្យល់ក្រើនរំលឹក ងើបក្រោកពីស្ពឹកអស់ប្រជា។
៨៤-ទាហានក្រហម សម័យនោះ ទឹកចិត្តមិនលុះតែងឈ្លោះគ្នា ទាហានជើងខ្មៅតែងខ្ជីខ្ជា មិនស្តាប់បញ្ជាបែកសាមគ្គី។
៨៥-ប្រើឱ្យអប់រំក្នុងបន្ទាយ កុំឱ្យរាយមាយហើយវក់វី បក្សពួកបែកបាក់មិនសំភី សីលធម៌នាទីឱ្យមូលមិត្ត។
៨៦-លោកសឺង ង៉ុកថាញ់បារាំងចាត់ ប្រសើរពេកក្តាត់ស្របគំនិត ជំនួស ជុំ ម៉ៅ ក្រមការពិត សាសនបណ្ឌិត្យ ទីធ្វើការ។
៨៧-ចាត់ចែងជំនួសកាប៊ីឡែស អាចារ្យស្រួយស្រែសតាមទេសនា ល្បាញល្បីរន្ទឺស្របហេតុការណ៍ ចរចេញយាត្រាប្រដៅសត្វ។
៨៨-អាចារ្យអប់រំខ្មែរពីរក្រុម គំនួចផ្តួចផ្តុំត្រូវបំបាត់ សាច់ស្បែកដូចគ្នាម៉ែបង្កាត់ ការគិតខ្វែងចាត់ចាកទាស់ទុក្ខ។
៨៩-ទេសនាបញ្ឆិតរលឹកក្រើន ឱ្យរួមកំណើនពេលថ្ងៃមុខ រស់ក្រោមអំណាចដូចជាប់គុក រិះរកទំនុកមិនឱ្យកុន។
៩០-ឆ្នាំសែសិបគត់ សឺង ង៉ុកថាញ់ សស្រាញ់ទាក់ទងនឹងជប៉ុន ដាយណង់គូស៊ី មិនតត្រុន ស៊ើបការណ៍យកបុណ្យជួយខាងខ្មែរ។
៩១-ប្រសិនបែកការចូលបន្ទាយ ជប៉ុនរំលាយសូម្បីខែ ធនាគារជាតិ ទីស្ម័គ្រស្នេហ៍ ពួកគេជួយកែផងបញ្ហា។
៩២-ឆ្នាំសែសិបពីរទាហានខ្មែរ ស្ម័គ្រកម្លាំងដែរសម្រេចការ មានមនុស្សជាច្រើនប៉ងប្រាថ្នា ហែម ចៀវប្តេជ្ញាយ៉ាងសកម្ម។
៩៣-បារាំងឃ្លាំមើលបដិវត្តន៍ ប្រសិនរាយរាត់ជួបចុកឆ្អាំ ឃោសនាខេត្តក្រៅជាប្រចាំ ដុតដាំបំផុសអស់ប្រជា។
៩៤-ពន្យល់អ្នកស្រុកឱ្យស្រឡាញ់ ជាតិយ៉ាងសស្រាញ់គ្រប់អង្គា ឱ្យភ្ញាក់រឭកនាំគ្នីគ្នា រំលែកទ្រព្យាប្រាក់ច្រើនក្តាត់។
៩៥-ល្បីល្បាញកាន់តែមានគ្រោះថ្នាក់ បារាំងចាត់ថ្នាក់គិញសម្ងាត់ តាមសឺង ង៉ុក ថាញ់ ហែម ចៀវបាត់ ស្ងៀមស្ងាត់អង្គឯងគ្មានជំនុំ។
៩៦-បណ្តាញទាក់ទងគ្រូអាចារ្យ ស៊ឹម វ៉ា ប៉ាច ឈឺនថ្វាយបង្គំ ចៅ សែនកុសល និងលោកឈុំ តាន់ ម៉ៅមកជុំក្រុមអ្នកស្ម័គ្រ។
៩៧-ទាហានជើងខ្មៅជើងក្រហម ចុះសមចូលរួមយ៉ាងសមស័ក្តិ ដាស់តឿនហែម ចៀវប្រយ័ត្នឆ្លាក់ បារាំងវាហាក់តាមដានហើយ។
៩៨-ហែម ចៀវមានះទីបំផុត ទោះត្រូវគេដុតមិនខ្លាចឡើយ ឱ្យតែស្រុកខ្មែរបានដល់ត្រើយ ស្លាប់ខ្លួនក៏ដោយឱ្យជាតិរស់។
៩៩-គិញបានយកឈ្មោះទៅជូនមេ បារាំងបុព្វេ‹សមប្រេ›ងោះ ‹ប្រូហ្សឺតុង›ទៀតដណ្តើមយស ហែម ចៀវបញ្ជោះឈ្លោះបារាំង។
១០០-ខែកក្កដា សែសិបពីរ គេកាន់បញ្ជីមកតតាំង នាយរដ្ឋមន្រ្តី ពីរឿងខ្មាំង ‹អ៊ឹង អ៊ី›មិនខ្លាំងខ្លាចស្បែកស។
១០១-អ្នកធំក្រសួងមហាផ្ទៃ ធម្មការលកលៃដោយចំហ ‹ទា សាន›ក្នុងនាមមិនស្មោះសរ ចាត់ចរ ‹ជុំ មួង ›ទៅនិមន្ត។
១០២-ហែម ចៀវសាកសួរទៅជុំ មួង ទាំងពួងចេះដឹងមានលើសលន់ ឬមួយអាត្មាបានជាប់ពន្ធ ឬមួយទំងន់បដិវត្តន៍។
១០៣-ជុំ មឿងនិយាយ បើគេសួរ ពង្វាងសំណួរមិនភ្លាំងភ្លាត់ ឆ្លើយថាមិនដឹងជៀសធ្លោយមាត់ ប្រយ័ត្នគេព័ទ្ធហើយចាប់ខ្លួន។
១០៤-ហៀម ចៀវនឹកឃើញយ៉ាងសស្រាញ់ លោកសឺង ង៉ុកថាញ់កាន់ខ្ជាប់ខ្ជួន កងអាវុធហត្ថទើបសមសួន ក្រុមក្បួនជប៉ុនអាចជួយបាន។
១០៥-សាលសន្និសីទ្ធចាំត្រៀបត្រា ទា សានចាត់ការយ៉ាងចំណាន ខ្ញុំករុណានិមន្តថ្កាន ហែម ចៀវលំអានដើម្បីផ្សឹក។
១០៦-ថ្លែងលោកអាចារ្យស្រឡាំងកាំង ពិតចូលស៊ងខ្មាំងដោយគេដឹក អាត្មាមិនបានបះបោរសឹក បានឧប្បត្តិកភស្តុតាងណា?។
១០៧-ទា សានតបថាគិញសម្ងាត់ តាមដានយូរក្តាត់ឃើញសព្វការណ៍ បំផុសអ្នកស្រុកពេលទេសនា ប្រឆាំងរាជការគ្មានទំនង។
១០៨-អាណាព្យាបាលបានដឹងអស់ កន្លៀតកៀនកោះដំណាំរង ដោះចីពរចេញមិនឱ្យគ្រង ខោអាវរួសរងគ្រហស្តវិញ។
១០៩-រុញបញ្ចូលឡានមួយដង្ហើម ជុំ មួង ធ្លាក់ថ្លើមចិត្តទន្ទេញ ហែម ចៀវមានទោសទុក្ខទោម្នេញ រត់ប្រាប់ជុំវិញក្រុមការងារ។
១១០-លោកសឺង ង៉ុកថាញ់បានយល់ការ បានបញ្ជូនសារអស់ប្រជា ឥឡូវបែកការណ៍ហើយគ្នីគ្នា ប្រយ័ត្នគ្រប់គ្រាកុំប្រមាថ។
១១១-បារាំងបានចាប់ នួន ឌួងទៀត ពិបាកស៊កសៀតពិតសុទ្ធសាធ គិញបារាំងខ្មែរកូរកាយកាត ឱហាតដើម្បីរកឯកសារ។
១១២-រុករកមិនឃើញអ្វីសោះឡើយ ហែម ចៀវដោះហើយប្រយ័ត្នការណ៍ ក្រែងលោថ្លោះធ្លោយជួបបញ្ហា អង្កេតយ៉ាងណាមិនលេចមុខ។
១១៣-លោកសឺង ង៉ុកថាញ់អ្នកគ្រប់គ្រង ប៊ុណ្ណចន្ទម៉ុលរងរកទំនុក ធ្វើបាតុកម្មក្តៅគគុក វាយលុកចិត្តសាស្រ្តអហឹង្សា។
១១៤-ម្ភៃកក្កដាសែសិបពីរ នាទីបាតុកម្មចរចា ព្រះសង្ឃជិតឆ្ងាយទីសព្វសារ នៅវត្តលង្កាប្រមូលជុំ។
១១៥-វត្តឧណ្ណាលោមក៏មានដែរ ដង្ហែដំណើរកាន់វត្តភ្នំ ទីរ៉េស៊ីដង់រស់ទ្រនំ អង្គក្បួនប្រគំរួមបដា។
១១៦-សំណើ‹ដោះលែងមនុស្សពីរនាក់› មានជាក់ហែម ចៀវគ្រូអាចារ្យ នួន ឌួងសិស្សគណមិនធម្មតា ព្រះពុទ្ធសាសនាសែ្រកជយោ។
១១៧-មានលោកប៉ាច ឈឺននាំមុខគេ ប្រឹងគ្មានទំនេរចិត្តកញ្ជ្រោ តែរ៉េស៊ីដង់មិនពុះពោរ ហឹង្សារុលរោទិ៍ជាប់អន្ទាក់។
១១៨-ប៉ាច ឈឺនលង់ខ្លួនចេញមិនរួច ពួកគិញលបលួចចាប់ឈ្លើយជាក់ បាតុករជ្រួលចិត្តជំពាក់ ចាប់គ្នាយើងលាក់ក្នុងគុហា។
១១៩-ហឹង្សាកើតមានពេញបន្ទុក ព្រះសង្ឃវាយលុកក្រៅបញ្ជា ឈាមក្បាលបារាំងស្ទើរគ្រប់គ្នា ចុងឆ័ត្រជាមារប្រើអាវុធ។
១២០-ប្រកាប់ប្រចាក់ខ្លាំងអស្ចារ្យ បារាំងផ្ញើសារយ៉ាងមោះមុត នាំគ្នាពីរឡានថែមពួកស្គុត តម្រួតតយុទ្ធបំបែកហ្វូង។
១២១-រំសាយកម្លាំងទីជិតឆ្ងាយ ខ្ចាត់ខ្ចាយទៅស្រុកស្ទើរដាំដូង ខ្លះទៅស្រុកសៀមស្រែកឡូងៗ បារាំងវាយផូងខ្មែរបាក់ស៊្រុប។
១២២-ចំណេរតមកបារាំងចាប់ ប៊ុណ្ណចន្ទម៉ុលឆាប់មិនអាចទប់ ភិក្ខុ ប៉ាង ខាត់ចេះលើសលប់ គម្រប់ជាគ្នា៥នាក់-អង្គ។
១២៣-នាខែសីហាសែសិបពីរ បារាំងជាន់ឈ្លីដល់ព្រះសង្ឃ សាលាបាលីដែលផូរផង់ ត្រូវបិទតម្រង់រើរៀបរយ។
១២៤-នេះនឹងថ្លាថ្លែងចែងសេចក្តី ស្បែកសអប្រិយជាគិញគយ ហែម ចៀវ នួន ឌួងចាប់រជយ សាកសួរបំភ្លយផ្តិតមេដៃ។
១២៥-ប៉ាច ឈឺនទី៣ក៏ចាប់បាន សន្តានកូនខ្មែរគ្រាសម័យ ញាត់ក្នុងគុកធំគ្មានអាល័យ បារាំងចង្រៃគ្មានមេត្តា។
១២៦-គុកធំទុក្ខធំវេទនាស្មោះ ពេលដេកដាក់ខ្នោះដូចប្រហារ ដេកផ្ទាល់នឹងឥដ្ឋសែនខ្លោចផ្សា អាហារទាំងអស់សុទ្ធផ្អូមជូរ។
១២៧-បន្ទប់ងងឹតជិតសូន្យសុង គ្មានចង្កៀងថ្លុងបាយផ្អាប់យូរ ចានដាក់បាយវិញយាយតាពូ រើសមកពីលូចូកបង្គន់។
១២៨-អប្រិយគ្មានពីរនៅលើលោក ពួកបារាំងឈ្ងោកតាំងរិះគន់ ចោទបដិវត្តន៍ទុរជន ទោសធ្ងន់បំផ្លាញការក្រោកឈរ។
១២៩-ហែម ចៀវមិនហូបបាយល្ងាចទេ គ្នាន់គ្នេរជាសង្ឃមួយជំហរ គុកឋាននរកមិនលឹបល ពឹងពររកគិតផ្លូវដោះស្រាយ។
១៣០-ប្រមាណ១០ថ្ងៃរងទារុណ នាំឡើងរថយន្តហាក់រសាយ ដោះខ្នោះដៃចេញមិនសប្បាយ បីនាក់កម្ចាយទៅឯណា?។
១៣១-ឡានឆ្ពោះតម្រង់កំពង់ផែ ទីពីយ័រដែរ ដីខេមរា វិមានរដ្ឋាភិបាលចារ រ៉េស៊ីដង់សានាមុខផ្ទះ។
១៣២-មកដល់ត្រឹមនេះទើបភ្ញាក់ខ្លួន បញ្ជូនមាសស្ងួនទាំងរូតរះ ទៅព្រៃនគរគុកជម្រះ ព្រោះតែចង់ឈ្នះពួកបារាំង។
១៣៣-ចូលក្នុងកប៉ាល់ឃ្លប់ងងឹត សូន្យឈឹងពិតៗចាត់ជាខ្មាំង ចាកទិសតំបន់ពួកចោរផ្សាំង ជាប់ខ្នោះជាប់ខ្នាំងដូចជាប់អូរ។
១៣៤-ដល់ទីសំចតផងកប៉ាល់ មានកាប៉ូរាលពួក ម៉ាត់ឡូ រុញចូលឡានទៀតមិនស្រែកថ្ងូរ ផ្លាស់ប្តូរអាគារធំជង្រ្គឹង។
១៣៥- Prison Centrale ប៉ាយបារាំង បណ្តើរពួកខ្មាំងមិននៅហ្នឹង ចូលគុកភ្លាមៗកុំទទឹង កុំរឹងត្រូវផ្លាស់ខោអាវថ្មី។
១៣៦-ស្លៀកខោអាវគុកចូលសាលធំ ជាន់ទីបួនដុំសាលលេខបី អាគារតូចធំពាសពេញដី ជាន់ពីរជាន់បីនិងជាន់បួន។
១៣៧-នៅផ្នែកទីមួយនៃសាលធំ ពូនផ្តុំដាក់ខ្មែដែលមិនខ្ជួន នៅផ្នែកទីបីដាក់ពាក់ឌួន បើទោសផ្ទួនៗប្តូរកន្លែង។
១៣៨-នួន ឌួង ប៉ាច ឈឺននិងហែម ចៀវ ហត់ស្រៀវប៉កល្វើយផងព្រះស្តែង ពួកកាប៉ូរ៉ាល់ មិនគិតក្រែង សំញ៉ែញក្រអាញមាឌធំមាំ។
១៣៩-មានអ្នកទោសម្នាក់សសៀរប្រាប់ រ៉ាយរ៉ាប់ហែម ចៀវត្រូវតែទ្រាំ កាប៉ូរ៉ាល់កាចទោសអន្លាំ ខ្មែរក្រោមវាយស៊ាំក្នុងគុកនេះ។
១៤០-គោរពដៃបិវ ទុកជាស្តេច សំពះបូរបាច់ជាជំនិះ ពោលសុំជ្រកកោនគួររេរិះ អ្នកឯងជាពីស គេវាយដំ។
១៤១-ពេលនោះហែម ចៀវបានកេះប្រាប់ ដល់សិស្សចំណាប់ឱ្យចាំចំ នួន ឌួងអមគមត្រូវលត់ដំ ទោះត្រូវគេច្រំឬមួយធាក់។
១៤២-កាប៉ូរ៉ាល់ហៅអ្នកទោសសួរ ឱ្យឈរត្រង់ជួរពីរបីនាក់ នួន ឌួងមុនគេលូនចូលជាក់ មិនលាក់សំពះលុតទល់មុខ។
១៤៣-កាប៉ូរ៉ាល់កាចបានព្រះស្តែង នែក!ពួកអាអ្ហែងម៉េចជាប់គុក នួន ឌួងឆ្លើយថាលោកប្រមុខ បន្ទុកបះបោរនឹងបារាំង។
១៤៤-ថាក្បត់បារាំងនៅស្រុកខ្មែរ ក្បត់ចម្ការស្រែអ្នកចម្បាំង អ្នកទោសឆ្លើយឡើងទាំងមុខស្លាំង មេទះតុកផាំងអាជនក្បត់។
១៤៥-មេការកំណាចពោលយ៉ាងខ្លាំង ឯងក្បត់បារាំងជួញកម្សត់ ចាត់ការកនយើងឱ្យស្បែស្បថ កម្រោលសង្កត់សន្លប់ឈឹង។
១៤៦-ហែម ចៀវខ្លោចចិត្តនឹកអាណិត ហើយរែងតូចចិត្តគ្មានអ្វីពឹង ដល់វេនលោកម្តងមិននៅហ្នឹង មិនរឹងចូលទៅរាយសព្ទសា។
១៤៧-ខ្ញុំបាទតាមពិតជាព្រះសង្ឃ គេផ្សឹកបកស្បង់យ៉ាងខ្លោចផ្សា ចោទផ្លុំត្រចៀកតាមទេសនា ពន្យល់កិច្ចការប្រជាជន។
១៤៨-ណែនាំឱ្យស្គាល់កងកុសល ចេះរកហេតុផលកាយបន្ទន់ ឱ្យដើរតាមផ្លូវមិនលោភលន់ តែងមន្តប្រដៅគ្រប់កន្លែង។
១៤៩-ពួកគិញបារាំងតែងតែស្អប់ ចោទថាបង្កប់ធម៌សម្តែង រួមក្បត់បារាំងហើយសំញ៉ែញ សូមទានព្រះស្តែងមេត្តាផង។
១៥០-ហែម ចៀវសាសព្ទរ៉ាយរ៉ាប់ជាក់ មេគុកក្រោកភ្ញាក់គ្រានោះម្តង អាអ្ហែងសង្ឃទេជាប់ចំណង យល់ចិត្តបំណងប្រមូលផ្តុំ។
១៥១-អាចារ្យរៀបរាប់ជាបន្ត ម្នាក់ទៀតកំដរកូនសិស្សខ្ញុំ មានរឿងដូចគ្នាជាសំណុំ ដើមត្រុំឫសត្រែងយោងដើមត្រល់។
១៥២-មេគុកឧទានយ៉ាងម៉ឺងម៉ាត់ ស្លូតត្រង់មិនបាត់ចាកឆ្ងាយផល មិនមែនចោរទេមិនខ្ចីខ្វល់ ឈប់ឆ្ងល់មិនសួរអត់ឱនឱ្យ។
១៥៣-មេគុកបង្គាប់ពួកដៃជើង ជួយលើកគ្នាយើងកុំបណ្តោយ រឹតគក់ច្របាច់កុំតោះតើយ បានស្បើយពីស្លាប់ជួបក្តីសុខ។
១៥៤-ហែម ចៀវ នួន ឌួង ស្នាក់រួមគ្នា គុកក្រោមបញ្ជាមិនស្រណុក ប៉ាច ឈឺនដោយឡែកសុកមម៉ុក ត្រូវជាកូនអុកសេចក្តីស្លាប់។
១៥៥-១០ថ្ងៃក្រោយមកអ្នកទោសថ្មី ចេញពីទឹកដីខ្មែរយ៉ាងឆាប់ លោក ប៊ុណ្ណចន្ទម៉ុលជាគឺស្រាប់ ប៉ាង ខាត់សូមប្រាប់ភិក្ខុនាម។
១៥៦-ហែម ចៀវ ចរចានឹងមេគុក រិះរកទំនុកមិនទ្រីមទ្រាម សុំដល់មេគុកកុំគំរាម ទោសធ្ងន់ម្តងម្យាមត្រាប្រណី។
១៥៧-ដៃប៊ិវងក់ក្បាលន័យយល់ព្រម គ្រាន់ដាក់ទោសល្មមតែមិនថ្វី ធ្វើការទម្ងន់ដូចរែកដី មិនធាក់ច្រំអ្វីឱ្យចុកចាប់។
១៥៨-អ្នកទោសទៅក្រោយបានធូរស្រាល ហែម ចៀវសំណាលដូចសាសព្ទ អាចារ្យសម្រួលយ៉ាងប្រញាប់ ចាកហូរឈាមខាប់ក្នុងគុកកម្ម។
១៥៩-ថ្វីដ្បិតនៅក្នុងទីឃុំឃាំង ភ្លៀងមិនដែលរាំងតឿនសស្រាំ ប្រាប់អស់គ្នីគ្នាត្រូវសកម្ម អ្នកត្រួសត្រាយដាំតែងជួបគ្រោះ។
១៦០-ខំអត់ទ្រាំទៅជាស្ថាបនិក ទោះភ្លឹកសន្លប់ប្រឹងប្រែងរស់ ជួយខ្មែរក្នុងនាមកិត្តិយស ពីរោះនៅក្នុងម្លប់សកល។
១៦១-អាចារ្យហែម ចៀវគិតរកនឹក ហូបតែបាយព្រឹកមិនសោកសល់ បាយល្ងាចមិនហូបតែងតែផ្តល់ ប៊ុណ្ណចន្ទម៉ុលដល់ជាប្រចាំ។
១៦២-ថ្ងៃដែលកាត់ទោសចូលមកដល់ ដោះស្រាយកង្វល់នៅក្នុងឆ្នាំ ហែម ចៀវ ប៉ាច ឈឺន នួន ឌួងស្រាំ ប៊ុណ្ណចន្ទម៉ុលថាំ ហួសបើគិត។
១៦៣-សាលក្រមប្រកាសយ៉ាងចាស់ដៃ ទោសគ្មានសំចៃដល់ជីវិត បីនាក់មុនគេទៅមុនពិត ប៊ុណ្ណចន្ទម៉ុលរឹតគុកប្រាំឆ្នាំ។
១៦៤-ថែមទាំងនិរទេសមិនចូលស្រុក រឹបអូសសំបុកទ្រព្យសកម្ម ចាកចេញពីស្រុក១៥ឆ្នាំ សម្បត្តិឈើដាំដកគ្មានសល់។
១៦៥-គេបញ្ជូនទៅគុកធំវិញ ចិន្តាទោម្នេញសែនខ្វាយខ្វល់ បានតែ២ខែកាកសំណល់ គេបញ្ជូនដល់កោះត្រឡាច។
១៦៦-ពិរុទ្ធជនទាំងបីនាក់ ជំពាក់ទុក្ខទោសទណ្ឌកំណាច ក្បត់ពួកបារាំងត្រូវស្រែកចាច កម្ចាត់ឱ្យខ្លាចដឹងដៃម្តង។
១៦៧-គុកព្រៃនគរសែនវេទនា គ្មានលោះមួយគ្រាយ៉ាប់កន្លង លេបក្រួសភក់ជ្រាំវាយដំផង ចាប់ចងស្ទើរស្លាប់និងស្ទើររស់។
១៦៨-រវាង៦ខែបន្ទាប់ រៀបរាប់រង់ចាំឱ្យដល់ឈ្មោះ យប់យូរខូចបង់កិត្តិយស ឆ្លើយមិនពីរោះគេធ្វើទុក្ខ។
១៦៩-ទារុណកម្មយ៉ាងព្រៃផ្សៃ វាយមិនដកដៃហើយបុករុក ធ្វើបាបអ្នកទោសក្តៅគគុក ច្រំលុកឱ្យក្ស័យមុនកំណត់។
១៧០-ប៉េតាំង ប្រមុខរដ្ឋបារាំង ចំណាត់ការផាំងមិនសង្កត់ ពីទោសប្រហារបារាំងក្បត់ សន្មតជាប់ទោសមួយជីវិត។
១៧១-ខែមិថុនា៤៣ ពួកចោរអប្រិយចាប់ក្រុមមិត្ត បញ្ជូន៣នាក់មិនបាច់គិត មិនជិតនៅឯកោះត្រឡាច។
១៧២-គុកកោះត្រឡាចមុំចង្រ្កាន លេខ៤សាមាន្យជាបិសាច បន្ទប់តែមួយគួរឱ្យខ្លាច ទោសឧក្រឹដ្ឋកាចទាំងអស់គ្នា។
១៧៣-បម្រាមតឹងតែងបទបញ្ញត្ត ប៊ុណ្ណចន្ទម៉ុលកាត់តាមបញ្ជា ជាកាប៉ូរ៉ាល់មិនចេះរា ជាប់គុកយូរយារក្លាយអ្នកធំ។
១៧៤-លបសួរសុខទុក្ខនិងផ្ញើសារ ក្នុងចិត្តខ្លោចផ្សាកកឈាមដុំ ជួយអ្វីមិនបានជាបណ្តុំ សំណុំសំណោកចុកផ្សាខ្ញាំ។
១៧៥-ក្តីទុក្ខលំបាកកើនឡើងទ្វេ ខុសពីបុព្វេទារុណកម្ម ធម្មជាតិខុសឆ្ងាយពីចំណាំ រោគាមកចាំបំផ្លាញកាយ។
១៧៦-នាទីបំផុតលោកអាចារ្យ រាគមួលឈឺផ្សាក្រៀមក្រំណាយ ថែមស្ពឹកដៃជើងអាណិតស្តាយ មិនអាចដោះស្រាយឱ្យជាបាន។
១៧៧-ចាក់ថ្នាំក៏ដោយក៏មិនជល់ ជំងឺវិលវល់កើតបូសប្រាណ ត្រគាកយ៉ាងធំខ្ទុះមួយចាន ផ្តន្ទាកល្យាណយ៉ាប់យ៉ឺនក្រៃ។
១៧៨-អាចារ្យហែម ចៀវឈឺដុនដាប ពិបាកហាស្ងាបនាសម័យ ងើបក្រោកលែងរួចស្លុតជើងដៃ ដួងចៃចាកក្តីសង្ឃឹមរស់។
១៧៩-នៅកោះត្រឡាចគុកអាស្រូវ គ្មានថ្នាំសង្កូវជួយចំពោះ ជំងឺរាគមួលដូចបញ្ជោះ ថ្នាំមិនស្គាល់ឈ្មោះបន្តិចឡើយ។
១៨០-ពេទ្យនោះឱ្យតែទឹកសមុទ្រ គ្មានអ្វីដែលឆុតជាសះស្បើយ យកទឹកកំបោរបញ្ចុះហើយ ចម្លើយស្ទើរសូន្យនៅក្នុងសាល។
១៨១-ប៊ុណ្ណចន្ទម៉ុលដឹងក៏មកសួរ សំណួរដើមចមរឿងអម្បាល ជំងឺអាចារ្យពិតមិនស្រាល កម្មកររកថ្នាលសម្រាប់កប់។
១៨២-ផ្តែផ្តាំកម្មករពេលគាត់ស្លាប់ កប់ខ្មោចឱ្យឆាប់ដោយឡែកស្ងប់ កុំកប់លាយឡំរឿងមិនចប់ សំណប់កុំភ្លេចពាក្យបណ្តាំ។
១៨៣-ចន្ទម៉ុលឱ្យប្រាក់ទៅកម្មករ ពេទ្យនោះអំណរនឹងសស្រាំ ទទួលបញ្ញើហើយបានស្កាំ ដុតដាំចងចិត្តក្នុងឱរា ។
១៨៤-ហែម ចៀវរោគាមកចិញ្ច្រាំ ស្វាយមាត់ចុកចាំរែងឈឺផ្សា ប្រឹងននៀលរកសិស្សអាចារ្យ នួន ឌួងផងក្តារកិលរកដែរ។
១៨៥-កូនសិស្សសំណប់លើកកេសា ផងគ្រូអាចារ្យស្ម័គ្រស្មោះស្នេហ៍ ឱ្យកើយលើភ្លៅគ្មានគេចកែ ហើយជួយរឹតដែរគោរពព្រះ។
១៨៦-ជលនេត្រហូរពុះជ្រែកផែនថ្ពាល់ ធ្លាក់ចុះមកគាល់ក្រាបសំពះ លើទ្រូងគ្រូបាប្រៀបគេវះ ពុះទ្រូងពន្លះឱ្យក្ស័យប្រាណ។
១៨៧-ដង្ហក់ដង្ហោយកើយដង្ហៅ អារម្មណ៍ផ្សាក្តៅថ្លែងមិនបាន ឈានដល់គ្រានេះលាតសុខសាន្ត គ្រូពិតចាកឋានពីសិស្សហើយ។
១៨៨-រីលោកអាចារ្យហែម ចៀវវិញ ក្នុងចិត្តទោម្នេញគ្មានពេលស្បើយ ទឹកភ្នែកស្រោចស្រក់ជាចម្លើយ ឈឺចាប់ដង្ហោយគិតរកគ្នា។
១៨៩-អាចារ្យដឹងខ្លួនរួចជាស្រេច មច្ចុនឹងផ្តាច់យកជន្មា ផ្តាច់ផ្តិលជីវ័នពេលនោះគ្រា ពោលរៀបរាប់លានួន ឌួងថា។
១៩០-‹‹នួន ឌួងអើយយើងវេទនាណាស់ អញបានដឹងច្បាស់ពីសង្ខារ មុខជានឹងស្លាប់អសារការ ក្នុងគ្រានេះណាទៅសួគ៌សុខ។
១៩១-ឌួងឯងថែខ្លួនបន្តិចទៅ រស់នៅចាំមើលព្រឹត្តិការណ៍ស្រុក ទ្រាំទៅពេលមួយរួចចាប់ចុក បារាំងតត្រុកទុក្ខដេញកិត››។
១៩២-‹នួន ឌួងនិយាយកាន់អាចារ្យ ព្រះតេជគុណណាខ្ញុំអាណិត ប៉ុន្តែមច្ចុបានបង្ខិត កម្រិតកាចកម្មកម្សត់ក្រៃ›។
១៩៣-សម្លេងខ្សាវៗចិត្តរឹងប៉ឹង ថ្វីចុកប៉ុណ្ណឹងនៅស្រមៃ នួន ឌួង ដ្បិតអញនឹងក្សិណក្ស័យ អញនឹកស្តាយថ្ងៃមិនឃើញស្រុក។
១៩៤-‹‹ស្រុកបានឯករាជ្យពីបារាំង ពីពួកចោរខ្មាំងពេញបន្ទុក ចង់ឃើញប៉ុណ្ណេះជាតិលើកមុខ ផុតទុក្ខអាណានិគមភព››។
១៩៥-‹នួន ឌួងតបវិញដូច្នេះណា អាចារ្យត្រូវរស់មិនរលុប កូនសិស្សថ្នាក់ថ្នមហើយគោរព ទោះគ្មានថ្ងៃយប់សុខចិត្តដែរ›។
១៩៦-និច្ចំ ទុក្ខំ អនត្តា អាចារ្យសម្លឹងដោយក្រសែ ភ្នែកយ៉ាងផ្ចិតផ្ចង់មានន័យស្នេហ៍ រលត់គ្មានកែកើយភ្លៅនាយ។
១៩៧-នួន ឌួងទ្រោមក្បាលលើទ្រូងគ្រូ គោរពគំរូទឹកភ្នែករាយ ឧទានជាថ្មីត្រូវទំនាយ ប៉ែន សុខទោះទាយគ្រាកន្លង។
១៩៨-‹ឱ!លោកគ្រូខ្ញុំសែនកម្សត់ គេចោទថាក្បត់ក្នុងបំណង បំផ្លាញរាស្រ្តខ្មែរដោយចាប់ចង ក្នុងពេលនេះម្តងលង់មរណា។
១៩៩-លោកគ្រូចាកចោលខ្ញុំទៅហើយ នេះជាចម្លើយរស់សោកា សំដីលោកគ្រូសុទ្ធខ្លឹមសារ ស្រណោះអស្ចារ្យឥតបើថ្លែង›។
២០០-គេនាំសាកសពអាចារ្យទៅ នួន ឌួងនិត្យនៅរែងចំបែង ទឹកភ្នែកខ្ជោលៗយោលដើមត្រែង រុំកន្ទេលបែងក្រមាថ្មី ។
២០១-នួន ឌួងតាមមើលដល់បញ្ចប់ នឹកគិតគ្រប់សព្វគ្រានោះខ្មី កាលរស់ជាសង្ឃវៃឥតបី លោកិយស្ទើររកគូគ្មានប្រៀប។
២០២-ពូកែទេសនាពន់ពេកក្រៃ នាយុគសម័យរណ្តាប់រៀប យាយតាមកស្តាប់ចោមត្រាត្រៀប ស្ងាត់ច្រៀបផ្ទៀងផ្ទាត់គ្រូប្រដៅ។
២០៣-ស្រមៃរងកម្មនៅក្នុងគុក រោលរុកចិន្តាទ្រូងសោកសៅ គ្រូចាកឋានបាត់ជោកហ្មងសៅ ដំបៅអារម្មណ៍ហួសប្រមាណ។
២០៤-លោកប៊ុណ្ណចន្ទម៉ុលសួរសុខទុក្ខ មិនបានឃើញមុខសល់តែដាន សម្រក់ទឹកភ្នែកដូចគេច្រាន រំខានទៅរកផ្នូរសាកសព។
២០៥-រំលងជាយូរ មកជាថ្មី រ៉ាយរ៉ាប់ឃ្មាតខ្មីមួយដល់ដប់ បានឱ្យអ្នកទោសចំណាំកប់ ឡែឡប់ថ្មដុំធំកត់ត្រា។
២០៦-លេខ១១១៣ ផ្នូរលេខអប្រិយបានកត់ចារ ចាំផ្លូវកន្លែងគ្រប់ប្រការ ‌‌‌ អនាគតឆ្ការត្រឡប់វៃ។
២០៧-ចន្ទម៉ុលក៏បានលើកទឹកចិត្ត នួន ឌួងអាណិតចាករីងរៃ កាត់ចិត្តកប់ទុក្ខចោលក្នុងព្រៃ រំពៃថែទាំរោគឱ្យជា។
២០៨-ក្រោយមកនួន ឌួងកាត់ចិត្តខំ រស់ឱ្យស័ក្តិសមសិស្សឧបជ្ឈា កុសលបានរស់ចាកវេទនា រួចពីគ្រាំគ្រាត្រឡប់ក្រោយ។
២០៩-ហែម ចៀវមរណាក្នុងជន្មា ៤៥លាតលាមិនតោះតើយ ក្នុងឆ្នាំ៤៣នោះទៅហើយ សមុទ្រគ្មានត្រើយកោះត្រឡាច។
២១០-ឧត្តមគតិប្រសើរខ្ពស់ សល់កិត្តិយសចាកអំណាច ដឹងខ្លួនថាស្លាប់តែមិនខ្លាច ប្រឆាំងបិសាចក្ស័យព្រោះជាតិ។
២១១-សាធារណរដ្ឋខ្មែរផង លន់ នល់ចំបងគិតខ្មីឃ្មាត លោកប៊ុណ្ណចន្ទម៉ុលជួយមិត្តញាតិ មិនឃ្លាតបំណងបដិវត្តន៍។
២១២-លើកគុណបំណាច់បានឯករាជ្យ ទោះបីហោចនាចជីវិតរាត់ បណ្តេញបារាំងឱ្យខ្ចាត់ភ្លាត់ រមាត់ពីស្រុកកំណើតខ្មែរ។
២១៣- ២២មីនា ៧២‌‌‌ ថ្ងៃចុះបញ្ជីកិត្តិយសម៉ែ ប្រជុំចាត់ចែងត្រកូលខ្សែ ចន្ទម៉ុលដង្ហែពីវៀតណាម។
២១៤-លើកយកព្រះសពត្រឡប់វិញ ក្នុងចិត្តទន្ទេញស្នេហ៍ដិតដាម ធ្វើបុណ្យរំលឹកប្រវត្តិស្នាម ផ្តិតផ្តាមបង្ហាញវីរភាព។
២១៥-‹នាមមេគំនិតបដិវត្តន៍ ឆ្នាំ៤២គាត់ចីរលាភ ‹‹រដ្ឋបុរសជាតិ››ថ្វីគំនាប រៀងរាបបច្ឆាមរណៈពិត។
២១៥-ឆ្លៀតពេលមួយខែផ្គុំអក្ខរា ពេលសម្រាកការតែងរិះគិត ផ្សែផ្សំពាក្យរាយឱ្យរឹងរឹត បញ្ចូលគំនិតបទកំណាព្យ។
២១៦-បទពាក្យប្រាំពីរងាយយល់រៀន សរសេរបង្រៀនព្រោះថ្នាលសាប រដូវវស្សាក្នុងខែស្រាព អ្នកស្រុកខ្លះស្ងាបដ្បិតរាំងភ្លៀង។
២១៧-ទុកឱ្យជាន់ក្រោយសញ្ជឹងគិត បំផុសគំនិតស្តាប់សូរសៀង ថ្លឹងថ្លែងត្រូវខុសចាកលំអៀង សំនៀងបេះដូងបទនេះឯង។
២១៨-រលឹកជូនពរបុព្វបុរស ប្រសើរឥតខ្ចោះបានសម្តែង ពលីគ្រាមុនគ្មានរអែង អំណរស្ញប់ស្ញែងសូមជាតិរស់។
២១៩-ខ្មែរគ្រប់វណ្ណៈសូមកុំក្រាប ច្រអូសថែមស្ងាបកុំបញ្ជោះ កុំអញនិយមមិនពីរោះ សីលធម៌មានយសសាមគ្គានំ។
២២០-កុំកើតភ្លើតភ្លើននឹងមាសប្រាក់ កុំអាងកាប់ចាក់ដោយប្រើសាំង ឬមួយអាងស័ក្តិប្រើកម្លាំង កុំច្បាំងគ្នាឯងចំបែងខ្មែរ។
២២១-ច្បាំងនឹងបរទេសដើម្បីជាតិ មិនឃ្លាតប្រពៃណីអ្នកស្រែ ស្លាប់ទៅដប់ជាតិនៅតែខ្មែរ កុំកែបណ្តាំផងដូនតា។
២២២-ស្មៀនស្មេរស្ម័គ្រស្មោះសូមផ្តែផ្តាំ តំណយូរឆ្នាំត្រូវសិក្សា អស្មិមានះមិនបានការ ត្រូវចេះចរចាញាតិកុំក្បត់។
២២៣-អាយុយឺនយូរវិសាខា ប្រាជ្ញាពិតព្រះមហោសថ កំណើតជាតិនេះគួរកំណត់ ធ្ងន់ដីប្រាកដកេរផងម៉ែ។
២២៤-កើតមកមួយជាតិធាតុមួយចាន ប្រឹងទៅភុំផានត្រូវស្ម័គ្រស្នេហ៍ ចាកចង្អៀតដីខ្មាសអ្នកស្រែ ដំណៀលហូរហែមិនពីរោះ។
២២៥-សូមលើកកិត្តិយសជាតិគ្រួសារ មើលក្រោយដូនតាគ្មានពេលលោះ លង់តាមសាសន៍គេនឹងធ្លាក់ជ្រោះ លង់ទឹកចូលធ្នោះឈ្ងោកមើលមាឌ។
២២៦-សូមសុខមានច្រើនជាងកើតទុក្ខ សូមរកទំនុកតញ្ញូជាតិ កែច្នៃសុខសាន្តជួបជុំញាតិ សច្ចាគ្រប់ជាតិកុំឃ្លាតខ្មែរ។
80%
Awesome
  • Design
Comments
Loading...