គុកនយោបាយ
ប៊ុណ្ណចន្ទ ម៉ុល
អារម្ភកថា
រឿង «គុកនយោបាយ» ដែលអស់លោកអ្នកកំពុងកាន់អាននៅពេលនេះ នឹងថាជារឿងផ្ទាស់ខ្លួនរបស់ខ្ញុំក៏ថាបាន ព្រោះខ្ញុំបានរ៉ាយរាប់ពីព្រឹត្ដិការណ៍ទាំងឡាយដែលខ្ញុំនេះឯងជាអ្នកប្រលូកផ្ទាល់ក្នុងព្រឹត្ដិការទាំងនោះផង។
ប៉ុន្តែការសំខាន់បំផុត គឺត្រង់ការដែលអស់លោកអ្នកនឹងបានជ្រាបអំពីកិច្ចការរបស់វរជនយើងមួយក្រុមនោះទៅវិញទេ ដែលផ្ដើមធ្វើការតស៊ូឡើងតាំងពីឆ្នាំ១៩៣៦ និងផ្ដើមបដិវត្ដន៍ឡើងនៅឆ្នាំតៗមកទៀត។ ពេលនោះយើងទាំងអស់គ្នាខិតខំធ្វើការតស៊ូដើម្បីដោះខ្លួនពីអាណានិគមបារាំងយ៉ាងស្វិតស្វាញ។
ហេតុដែលយើងរំលឹកឡើងវិញនូវអតីតកាលរបស់យើង ដែលស្ថិតនៅក្រោមការជិះជាន់របស់បរទេស ដ៏ពោរពេញដោយការឈឺចាប់ខ្លោចផ្សាទាំងផ្លូវចិត្ដ ផ្លូវកាយមកលាតត្រដាងនៅគ្រានេះ គឺប្រយោជន៍ដើម្បីនឹងទាញសតិស្មារតីយុវជនយើងសម័យនេះ និងតទៅអនាគត អោយចេះមានចិត្ដគិតរឿងជាតិគ្រប់ៗគ្នា។ អោយមានចិត្ដគំនិតជាតិនិយម សតិសម្បជញ្ញៈជាតិ ស្រលាញ់ទឹកដីខ្មែរ ពូជពង្សខ្មែរ ប្រពៃណីខ្មែរ អោយជួញចិត្ដគិតរឿងជាតិខ្មែនេះ អោយបានស្មើរៗគ្នាទាំងអស់ កុំអោយមួយប្រចាំមួយផ្ដេកវេរគ្នាអោយសោះ។ អោយមានចិត្ដមោះមុតក្លៀវក្លា រឹងប៉ឹងស្វាហាប់ កុំអោយទន់ខ្មូរមូរមុខញាប់ញ័រ សស្លន់សស្លោអោយសោះ ត្រូវមានឯកភាពសាមគ្គីភាពរឹងប៉ឹងដូចផ្ទាំងសិលា វេញត្របាញ់ស្អិតល្មួតចូលសាច់ឈាមគ្នា ជាសាច់ឈាមតែមួយ ទើបអាចនឹងរក្សាបូរណភាពទឹកដីបានដោយប្រសើររុងរឿង គ្មានជាតិណាប្រមាថបាន។
យើងរាល់គ្នាជាខ្មែរ គប្បីដឹងអោយបានច្បាស់ថា យើងជាជាតិច្បងគេ នៅចុងអាស៊ីអាគ្នេយ៍នេះ។ យើងមានជាតិមានអម្បូរ មានប្រទេស មានវប្បធម៌ អរិយធម៌ឧត្ដុងឧត្ដមណាស់ សឹងមានប្រាសាទនគរវត្ដជាតឹកតាងស្រាប់។ យើងត្រូវយល់អោយច្បាស់ថា វឌ្ឍន៍ភាពរបស់យើងពីបុរាណកាលនោះមិនមែនកើតឡើងដោយទេពនិម្មិតបង្កក់ប្រសិទ្ធិទេ គឺប្រាកដជាកើតឡើង ដោយសារវីរភាពដូនតាយើងយ៉ាងជាក់ស្ដែង ដែលលោកខិតខំធ្វើ ខិតខំកសាង រចនាប្រកបដោយវីរភាពខ្ពស់បំផុត។
យល់ដំណើរយ៉ាងនេះហើយ ត្រូវតែខ្មែរយើងរាស់គ្នា ខិតខំថែរក្សាតំលៃនៃកេរ្ដិ៍ឈ្មោះពិរោះល្បី របស់យើងអោយស្ថិតនៅដរាបតទៅផង។ គ្រប់សម័យទាំងអស់ត្រូវតែខ្មែរយើងបណ្ដុះបណ្ដាលចិត្ដស្នេហាជាតិអោយបានមុតមាំ។
សម័យនេះទំព័រនៃប្រវត្ដិសាស្រ្ដបានបើកហើយ របបរាជានិយម លទ្ធិផ្ដាច់ការ រលុបរលាយហើយ យើងចូលមកជារបបសាធារណរដ្ឋ ដែលខ្មែរយើងមិនដែលមានម្ដងណាឡើយ នាំអោយបងប្អូនរួមឈាមខ្មែរទាំងអស់ បានសប្បាយចិត្ដនឹងជោគវាសនាដ៏ឧត្ដុងឧត្ដមនេះណាស់។
ដូច្នេះយើងរាល់គ្នាត្រូវតែថែរក្សាទ្រទ្រង់របបថ្មីនេះអោយមានជំហរស្ថិរភាពតទៅ ហើយនិងជួយរក្សាផែនដីយើង «ដ៏តូច» នេះអោយបានគង់វង្ស នៅក្នុងផែនទីសកលលោកតទៅកុំអោយសាបសូន្យអោយសោះ!
ចំពោះរឿងទឹកដីសូមជ្រាបថា តាំងតែពីសតវត្សទី១៣រៀងមក ប្រទេសយើងចេះតែរៀវរួញរហូតសព្វថ្ងៃ ដោយសារតែយើងចេះតែជឿនិងផ្ញើវាសនាតែទៅលើបុគ្គលម្នាក់ បណ្ដោយអោយបុគ្គលនោះដឹកនាំ ចង់ដឹកនាំយើង និងប្រទេសអោយទៅរកផ្លូវមរណ ក៏ចេះតែនៅស្ងៀម ផ្សងសំណាងគ្មានគិតភ្ញាក់រលឹកអ្វីទាំងអស់ គឺដូចជាស្លាប់ទាំងជំហរតែម្ដង។ ការនោះហើយ ជាហេតុនាំអោយសត្រូវបានចិត្ដរឹតតែប្រមាថមើលងាយ បានដៃលើកគ្នាចូលមកលុកលុយដណ្ដើមយកផ្ទៃដីយើងបន្ដិចម្ចង ៗរហូតមកនៅសល់ «ប៉ុនបាតដៃ» សព្វថ្ងៃនេះ។
យើងត្រូវចងចាំឡើងវិញថា កាលពីមុននេះឆ្នាំ១៩៤១ សៀមប្រវ័ញ្ចយកដីបាត់ដំបង។ សៀមនិយាយខ្មែរនៅស្រុកសៀមថា អោយពួកខ្មែរដែលរស់នៅនឹងស្រុកសៀមទាំងប៉ុន្មានជួយចេញមុខវាយបារាំង ដើម្បីដោះជាតិខ្មែរអោយរួចពីការជិះជាន់បារាំង ស្រេចទៅសៀមយកដីបាត់ដំបងក្រអេះ។ ងាកទៅខាងខ្មែរកម្ពុជាក្រោមវិញពួកយួនយៀកមិញបានបោកប្រាស់ដែរថា អោយខ្មែរកម្ពុជាជួយយួនក្នុងការដេញបារាំងអោយផុតស្រលះពីកម្ពុជាក្រោមទៅ យួននឹងអោយកម្ពុជាក្រោម គឺកូសាំងស៊ីន ទាំងមូលមកខ្មែរកាន់កាប់ថែរក្សា។ សំរេចទៅមានឯណា? យួនមានអោយមកខ្មែរឯណា?។
គិតទៅយើងចាញ់បោកសៀម យួន នេះច្រើនលើកច្រើនគ្រាណាស់មកហើយគួរឈឺចាប់ណាស់។
រហូតដល់បច្ចុប្បន្នកាលនេះទៀត យួនយៀកកុងយៀកណាមខាងជើង បាននិយាយឃោសនាប្រាប់អ្នកស្រុកយើងថា អោយជួយរំដោះស្រុកខ្មែរពីក្រញាំចក្រពត្ដិអាមេរិកាំង យកទៅអោយស្ដេចស៊ីហនុវិញ។ ខ្មែរល្ងង់ខ្លៅខ្លះតាំងជឿវា ជួយវាវាយទ័ពជាតិខ្មែរគ្នាឯងគ្មានពិចារណាអ្វីបន្ដិចសោះ។
យើងត្រូវពិចារណាថា សីហនុនេះពីដើមជាស្ដេចជាតិយួនឬស្ដេចជាតិខ្មែរ? ឆ្លើយថាគាត់ជាស្ដេចរបស់ខ្មែរទេ! ចុះបើស្ដេចនេះជារបស់ខ្មែរទេ ហើយខ្មែរលែងត្រូវការអោយកាន់ចង្កូតផែនដីតទៅទៀត ម្ដេចក៏យួននោះជួយយកចិត្ដទុកដាក់ឧបត្ថម្ភ ស្ដេចនេះខ្លាំងម៉្លេះ? ចំណែកស្ដេចយួនឈ្មោះបាវដាយដែលធ្លាប់សោយរាជ្យនៅអណ្ណាមនោះ ម្ដេចក៏យួនមិននាំគ្នាតំកើងផង? ម្ដេចក៏ជាតិយួននាំគ្នារំលំចោលចេញ? រំលំស្ដេចឯងហើយក៏តំកើងស្ដេចគេនោះ យួនវាមិនឆ្កួតទៅហើយឬ?
ការណ៍នេះ យួនយៀកកុងយៀកណាមខាងជើង វាពុំឆ្កួតទេគឺវាពិតជាមានគំនិតគ្រប់គ្រាន់។ វាធ្វើជាកាន់ជើងស្ដេចសីហនុ យកឈ្មោះស្ដេចសីហនុមកដាក់ពីមុខ គឺប្រយោជន៍ដើម្បីនិងវាយដណ្ដើមទឹកដីខ្មែរ បំផ្លាញជាតិខ្មែរយ៉ាងច្បាស់ប្រាកដតែម្ដង យើងមិនត្រូវជឿពាក្យសំដីជាតិនេះទេ! វាមានពុតណាស់ វាជាសត្រូវនឹងយើងតាំងពី៣០០ឆ្នាំមកហើយ!។ ម្យ៉ាងទៀត ខ្ញុំសូមបងប្អូនរួមជាតិពិចារណាគិតនូវរឿងមួយ។ សព្វថ្ងៃនេះប្រទេសខ្មែរយើងស្ថិតនៅចំកណ្ដាលប្រទេសទាំងពីរ គឺយួននៅខាង កើត និងសៀមនៅខាងលិច។ ប្រទេសយើងមានទំហំតូចជាងគេមានមនុស្សតិចជាងគេថែមទៀត។ យួនមានចំនួនប្រជាជន ដល់ទៅ៤០លាននាក់ ឯសៀមវិញមាននុស្សដល់ទៅ៣០លាននាក់ ចំណែកខ្មែរយើងវិញមានតែ៧លាននាក់ប៉ុណ្ណោះ។ ក្នុងសកលលោកទាំមួលមនុស្សលោកចេះតែកើតឡើងកើនចំនួនជាលំដាប់ ក្នុងរយៈកាល៣០ឆ្នាំតទៅមុខទៀត យួនត្រូវកើនឡើងយ៉ាងតិច ៨០លាននាក់ ហើយសៀមយ៉ាងតិច៧០លាននាក់ ចំណែកខ្មែរវិញកើនឡើងយ៉ាងច្រើនត្រឹម១៥លាននាក់ប៉ុណ្ណោះ។
យើងគិតមើល ដល់មានហេតុកើតឡើងតើយើង១៥លាននាក់បានអ្វីទប់ទល់ចំពោះគេ ដែលមានមនុស្សដល់ទៅ១៥០លាននាក់ ហើយដែលនៅកៀបយើងទាំងសងខាងនោះ?
នេះជារឿងមួយដែលត្រូវបងប្អូនរួមឈាម ត្រិះរិះគិតអោយបានឃើញជាមុនអោយហើយផង។ បើឧបមាថា មនុស្ស១៥០ លាននាក់រំលោភប្រុងរំលាយមនុស្ស ១៥លាននាក់នោះតើមនុស្ស១៥លាននាក់នោះត្រូវគិតយ៉ាងណា ត្រូវមានវិធីណានិង ទប់ទល់? ការនេះត្រូវយើងភ្ញាក់រលឹកគន់គិតអោយបានម៉ត់ចត់ ហើយត្រូវគិតតាំងពីព.ស២៥១៤ គ.ស១៩៧១ នេះតទៅទើ បបាន។
តាមយោបល់ខ្ញុំ ខ្ញុំយល់ថា ត្រូវរកពិធីពន្យល់កូនចៅខ្មែរយើងទាំងអស់អោយយល់ពីរឿងជាតិ រឿងប្រទេសនេះអោយបានច្បាស់ អប់រំបំផុសទឹកចិត្ដស្នេហាជាតិអោយកើតឡើងតាំងពីនេះតរៀងទៅ។ ក្នុងវត្ដ ក្នុងសាលារៀនគ្រប់ទិសទី ត្រូវរៀបចំកម្មវិធីសិក្សា អោយមានរឿងជាតិនិយមគ្រប់ពេល អោយក្មេងចេះចាប់តាំងពីថ្នាក់ទី១២(1)ឡើងទៅ អោយចេះស្រលាញ់ជាតិ ស៊ូប្ដូរស្លាប់និងជាតិធ្វើការដើម្បីអោយជាតិបានចំរើនគ្រប់វិស័យ។
សរុបសេចក្ដីទៅ យើងគិតអប់រំកូនចៅយើងធ្វើម៉េចអោយតែយល់ច្បាស់ថា ខ្លួនអញជាខ្មែរធ្លាប់មានឈ្មោះរាប់ពាន់ឆ្នាំ មានអរិយធម៌រុងរោចន៍អស្ចារ្យមានឈាមជ័រជាអ្នកច្បាំងយ៉ាងរហ័យ..កាលបើយើងរាល់គ្នាបំផុសស្មារតីជាតិនិយមតាំងពីឥឡូវនេះទៅ រហូតដល់គ.ស២០០០និងតៗទៅទៀតនោះ យើងប្រាកដជានឹងអាចការពារអាយុជីវិតប្រទេសជាតិយើងបានអង់អាច។ ព្រោះការសំខាន់ស្ថិតនៅលើចិត្ដគំនិតមិនមែនស្ថិតនៅលើចំនួនប្រជាជននោះឡើយ។
កាលបើយើងរាល់គ្នា យល់នូវតំលៃនៃពូជពង្សខ្មែរដូច្នេះគ្រប់គ្នាហើយ ហើយជួយអប់រំពន្យល់កូនចៅខ្មែរអោយយល់តៗ គ្នាគ្រប់ជំនាន់ហើយ នោះពូជពង្សខ្មែរប្រពៃណីខ្មែរនឹងគង់វង្សជាដរាប ហើយ សាធារណរដ្ឋខ្មែរ គ៏នឹងបានរីកចំរើនសាយ ភាយទូលំទូលាយទៅ សមតាមសេចក្ដីសង្ឃឹមរបស់យើងគ្រប់គ្នាពុំខាន។
សរសេររឿងនេះ គឺខ្ញុំមានគោលបំណងចង់បញ្ចាក់នូវសន្ដានចិត្ដខ្ញុំ ដែលចង់តែពោលនូវពាក្យទាំងប៉ុន្មានឃ្លានេះឯង។ ហើយគឺព្រោះតែចង់ពោលបញ្ជាក់នូវន័យទាំងនេះហើយ ទើបសៀវភៅគុកនយោបាយ ត្រូវដាក់តំលៃជាវចុះមកយ៉ាងតិចបំផុត (គឺគ្រាន់តែអោយរួចចំណាយក្នុងការបោះពុម្ពប៉ុណ្ណោះ គ្មានចំណេញអ្វីទាំងអស់) ដើម្បីអនុគ្រោះចំពោះអ្នកអានដែលពុំសូវមានប្រាក់កាសនោះ អោយអាចទិញសៀវភៅនេះមួយបានដែរ យកទៅអានផ្សព្វផ្សាយ បន្ដៗគ្នាទៅទៀត ជាកិច្ចដាស់សតិ ស្មារតីយើងខ្មែរទាំងអស់គ្នាអោយ យល់រឿងជាតិមាតុភូមិនេះកាន់តែទូលំទូលាយឡើង។
សូមមិត្ដអ្នកអានគ្រប់មជ្ឈដ្ឋាន ទទួលនូវសេចក្ដីគោរពរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។
ភ្នំពេញ ថ្ងៃទី១ ខែមិនា ឆ្នាំ ២៥១៤, ១៩៧១
ប៊ុណ្ណចន្ទ ម៉ុល
ប្រធានពុទ្ធិកសមាគម សំណាក់វត្ដ ឧណ្ណាលោម
វរសេនិយត្រី ឧត្ដមបញ្ជាការដ្ឋាន ជូនក្បួន និងអភិបាល
ការខំប្រឹងតស៊ូយកឥស្សរភាព
ពួកខ្មែរស្នេហាជាតិមួយក្រុមកាលជំនាន់ឆ្នាំ១៩៣៩ – ១៩៤២
(បារាំងចាប់ក្នុងឆ្នាំ១៩៤២ -១៩៤៥)
កាលជំនាន់អណានិគមនិយមបារាំងត្រួតត្រាក្នុងស្រុកយើងនៅឡើយ វាសង្កត់សង្កិន ជិះជាន់ប្រជារាស្រ្ដខ្មែរ អោយរងទុក្ខវេទនាកាន់តែខ្លាំងឡើងៗស្ទើរតែលៀនភ្នែកគ្រប់គ្នា ធ្វើអោយឃើងឈឺចាប់ រអាមកគ្រប់គ្នាក្នុងនឹមដែករបស់វា រើខ្លួនរលាស់នឹមចោលក៏មិនរួចស៊ូតែសំរក់ទឹកភ្នែកគ្រប់គ្នា ពុំដឹងគិតយ៉ាងណា។ ប្រជាពលរដ្នខ្មែរគ្មានសិទ្ធិសេរីភាពអ្វីបន្ដិចសោះ វាបិតសិទ្ធិគ្រប់យ៉ាងមិនអោយយើងមាន មិនអោយយើងតវ៉ាអ្វីឡើយ។ ពន្ធដារសព្វសារពើចេះតែឡើងធ្ងន់ឡើងៗស្ទើរតែទ្រាំពុំបាន។
ជំនាន់នោះ ឥតមានវីរជនណាម្នាក់មានមធ្យោបាយគិតនាំគ្នា រើខ្លួនអោយរួចពីខ្ញុំកញ្ជះបារាំងឡើយ គឺថាគំនិតងាប់ស្ដូក ដោយរអារាងចាល ខ្លាចវាចោទថានាំបះបោរក្បត់ជាតិ(ក្បត់វា)ដូចជាពោរកំបោរ អាចារ្យស្វា ក្រឡាហោមគង់ ឧកញ៉ាឈូល៘ ដែលត្រូវទោសធ្ងន់ដល់ជីវិតដោយហេតុមកពីនាំគ្នាតស៊ូប្រឆាំងនឹងវា កាលដែលវាទើបនឹងចូលមកកាន់កាប់ទឹកដីខ្មែរ កាលពីក្នុងឆ្នាំ១៨៨៦ និងឆ្នាំតមកទៀត។
ព្រមជាមួយនេះ មានខ្មែរយើងពួកខ្លះ គេចូលចិត្ដធ្វើខ្ញុំបារាំង គេខំផ្គាប់ផ្គុនបារាំងយកមានបាន យកបុណ្យសក្ដិអោយខ្ពស់មុខ ចំពោះតែគ្រួសារគេ ឥតគិតដល់សេចក្ដិទុក្ខវេទនានៃជនរួមជាតិឡើយ។ គេក៏តាំងសង្កត់សង្កិនជិះជាន់តែខ្មែរគ្នាឯង មានការចាប់ចងវាយទាត់ធាក់ កៀបយកលុយកាក់ ព្រមទាំងអោយការណ៍ទៅបារាំងអោយធ្វើទោសជាតិឯង ជាហេតុនាំអោយ បានប្រាក់កាសផង នាំអោយបារាំងទុកចិត្ដស្រលាញ់ថាស្មោះត្រង់វាផង ក៏បានឡើងបុណ្យឡើងសក្ដិដោយអំពើជិះជាន់ជាតិឯងនេះទៅ។ ពួកនោះឯងហើយ ដែលជាឧបសគ្គធំបំផុត ស្ទាក់ដំណើរការបដិវត្ដន៍របស់យើងមិនអោយដើរទៅមុខបានស្រួលសោះ។
អំពើសេចក្ដីក្រខ្សត់អត់ឃ្លានរបស់ខ្មែរ
នៅក្នុងដង្កាប់ដែក នៃអាណានិគមនិយមនេះ ខ្មែពុំគ្រាន់តែត្រូវរងទុក្ខឈឺចាប់ក្នុងចិត្ដដោយសារគេជិះជាន់បំបិទសេរីភាពប៉ុណ្ណោះទេ ខ្មែរត្រូវរងទុក្ខដ៏ធ្ងន់មួយចំណែកទៀត គឺការខ្វះខាតនូវគ្រឿងឧបភោគបរិភោគ។ ការនេះគួតកត់សំគាល់តទៅអនាគត។
សង្គ្រាមលោកលើកទីពីរ ១៩៣៨-១៩៤៥ ផ្ទុះឡើង, ផ្លូវគមនាគមន៍តាមសមុទ្រក៏ដាច់អស់រលីង ដោយមានការត្រួតត្រាតាមសមុទ្រយ៉ាងតឹងតែងបំផុត។ ការដឹកនាំទំនិញចេញ-ចូលតាមសមុទ្រត្រូវបិទឈឹង។ មានកប៉ាល់ជំនួញណាហ៊ានដឹកនាំទំនិញមកម្ដងម្កាល ត្រូវពួកខ្មាំងស្កាត់ចាប់យកទំនិញអស់ ឬបាញ់ពន្លិចចោលតែម្ដង។ ម្លោះហើយស្រុកយើងកាន់តែក្រីក្រទៅៗ រកតែកន្ទប នឹងវ័ណ្ឌស្ទើរពុំបាន។ ផ្ទះខ្លះមានសំពត់អាវតែមួយសំរាប់ក្នុងគ្នាពីរនាក់បីនាក់។ បើចង់ចង់ចេញក្រៅ (ទៅផ្សារ ឬទៅបុណ្យទានអ្វីៗ) តោងតែទៅម្តងម្នាក់ ត្បិតសំលៀកបំពាក់ពុំគ្រប់គ្នា។ឯអ្នកនៅផ្ទះពុំហ៊ានចេញក្រៅទេ ត្រូវវ័ណ្ឌកន្ទោបរយ៉ីរយ៉ៃ ឬត្រូវវ័ណ្ឌមេឃ មានកំណាត់មុងកញ្ចាស់ខ្មៅពភ្លក់ ឬកំណាត់កន្ទេលជាដើមអោយតែបានបិទបាំងកេរ្ដិ៍ខ្មាសទៅ។ បើមានញាតិមិត្ដណាមកសួររក គ្រាន់តែឆ្លើយពីក្នុងផ្ទះមក ឥតហ៊ានចេញមកទទួលភ្ញៀវឡើយ ត្បិតសំលៀកបំពាក់ខ្លួន ពុំគួរគប្បី។ នេះនិយាយចំពោះតែអ្នកក្រ។ ឯចំណែកអ្នកមានវិញ គេមិនសូវខ្វះខាតទេ ត្បិតគេមានប្រាក់ទិញសំពត់អាវទុក។
ដល់ក្រសំពត់អាវពេកទៅ ខាងខេត្ដស្វាយរៀង ទើបអ្នកស្រុកបែកប្រាជ្ញាយកចចូត ដែលសំរាប់ត្បាញកន្ទេលមកត្បាញធ្វើជាខោខ្លីចេញផ្សាយលក់ពាសពេញ។
ម៉េចក៏ខ្មែរយើងបណ្ដោយអោយខ្វះខាតសំលៀកបំពាក់ដូច្នេះ? ម្ដេចមិនដាំកប្បាសរវៃធ្វើសំលៀកបំពាក់ទៅ? បញ្ហានេះអស់លោកនឹងជ្រាបដូចតទៅ៖
និយាយពីបារាំងវិញ, ក្នុងពេលនោះដោយពុំអាចធ្វើជំនួញចេញចូលបាន វាក៏តាំងប្រមូលយកផលិតផលរបស់ខ្មែរយើងធ្វើជាជំនួញវា គឺថាផលិតផលក្នុងស្រុកខ្មែរ អ្វីក៏ដោយត្រូវតែយកទៅលក់ថោកអោយវាសិន វាបោះត្រាហាងរួចហើយទើបវា បញ្ចេញលក់អោយយើងវិញយ៉ាងថ្លៃៗ។ បើឃើញយើងដឹកនាំឬកាន់វត្ថុអ្វីបន្ដិចបន្ដួច ដូចជាត្រីងៀត ត្រីឆ្អើរមួយគីឡូ ខ្លាញ់ត្រីមួយក្អម ក្រមួនឃ្មុំមួយចានជាដើម ក៏វាចាប់ដកហូតហើយធ្វើទោសម្ចាស់របស់ទៀត។ ដាំកប្បាសក៏ពុំបានត្បាញរវៃធ្វើសំពត់អាវខ្លួនឯងក៏ពុំបាន។
អ្នកខ្លះលួចត្បាញសំពត់ដោយភិតភ័យភ្នែកចាប ភ្នែកព្រាបនៅគុម្ភចេក, ក្នុងព្រៃ ទើបមានស្លៀកពាក់ខ្លះ។ តាំងពីបារាំងចូលនៅស្រុកយើង ស្រីខ្មែរដែលពីដើមពូកែខាងតំបាញក៏បានបោះបង់ចោលវិជ្ជានេះអស់ នៅសល់ចេះត្បាញរវៃតិចគ្នាណាស់ ត្បិតបារាំងវាយកសំពត់បរទេសមកលក់អោយយើង មានសាច់ល្អ សឬខ្មៅស្អាតជាងសំពត់ត្បាញអាយ ដែលយើងអោយឈ្មោះថា «ទេសឯក» គឺសំពត់ពីបរទេសសាច់ល្អឯក។
ជាន់នោះអំបិលក៏គ្មានទទួលទានដែរ ត្បិតគ្មានអ្នកលក់ អ្នកនៅក្បែរមាត់សមុទ្រខំទៅដងទឹកសមុទ្រមកដាំរំងាស់យកអំបិល បានបន្ដិចបន្ដួចគ្រាន់ប្រើដោយលួចលាក់ កុំអោយបារាំងវាដឹងខ្លាចត្រូវទោសទណ្ឌកម្ម។ ឯអ្នកក្រដែលនៅឆ្ងាញពីសមុទ្រ ក៏ទទួលទានសាប ទៅជាហើមខ្លួនក៏មាន។ ខ្លះយកត្រីសាច់ទៅត្រាំទឹកផេះអោយចេញប្រៃជាប់បន្ដិចៗក៏មាន៘ នេះជានយោបាយអ្នកជិះជាន់ បារាំងក៏ដូចអង់គ្លេសនៅឥណ្ឌាដែរ។ ចំណែកអ្នកមានទ្រព្យគេមិនអត់ទេ គេឃើញស្រុកទេសមិនស្រួលដូច្នេះ គេទិញសំពត់ទុកប្រើ រកទិញអំបិលទុកបរិភោគសំរាប់តែគ្រួសារគេប៉ុណ្ណោះ។
១ -ការតស៊ូដំបូងតាមផ្លូវសារព័ត៌មាន
ជាន់នោះប្រជារាស្រ្ដយើងមានសេចក្ដីលំបាកវេទនាកាន់តែខ្លាំងឡើងៗ ដោយបារាំងធ្វើបាប ហើយជាឱកាសហុចអោយផង ត្បិតពេលនោះបារាំងកំពុងជាប់ដៃធ្វើសឹកសង្គ្រាមជាមួយអាល្លឺងម៉ង់ផង ហើយតមកវាច្បាំងនឹងសៀមទៀត ពុំអាចដឹកនាំគ្រឿងអាវុធយុទ្ធភ័ណ្ឌមកបង្ក្រាបយើងបានឡើយ នៅស្រុកវាប្រើតែអាវុធចាស់តាំងពី១៩១៤មក ហួសសម័យទៅហើយ។ ហេតុនេះហើយបានជាវាច្បាំងចាញ់សៀម(1)។ ដឹកទ័ពកេណ្ឌរទេះឬរថយន្ដឈ្មួញអ្នកស្រុកដើម្បីបំភ័ន្ដខ្មែរថា បារាំងខ្លាំងពូកែ ដឹកតែទ័ពកាំភ្លើងចុះ ឡើងបន្លាចខ្មែរកុំអោយហ៊ានតនិងបារាំង។
គ្រានោះទើបមានវីរជនអ្នកស្នេហាជាតិមុតមាំមួយចំនួន ឥតខ្លាចគុកច្រវ៉ាក់ ឥតខ្លាចចោលស្រុក ឥតខ្លាចស្លាប់ មុនដំបូងបានលបលាក់ដឹកនាំបបួលគ្នីគ្នា អោយធ្វើការតស៊ូប្រឆាំងនឹងបារាំងយកឥស្សរភាពពីវាមកវិញ ក្នុងពេលដែលបារាំងកំពុងនៅមានអំណាចនៅឡើយ គឺថាចង្កូមឬធ្មុងវានៅពេញមាត់ស្រួចរលែមនៅឡើយ វាចង់ធ្វើអ្វីយើងក៏បានតាមចិត្ដវា ឥតអ្វីទប់បានឡើយ។ ក្នុងបណ្ដាវីរជនទាំងនោះមានលោក ស៊ឹង ង៉ុកថាញ់(2) ជាដើមមេដឹកនាំ បាននាំគ្នាតស៊ូធ្វើបដិវត្ដន៍ឡើង។
ការតស៊ូនេះចាប់ផ្ដើមដំបូងក្នុងឆ្នាំ១៩៣៦ តាមផ្លូវសារពត៌មានមួយឈ្មោះថា «សារពត៌មាននគរវត្ដ»។ សារពត៌មាននេះបានពន្យល់ នែនាំដាស់ស្មារតីបងប្អូនខ្មែរយើងដែលដេកលក់ ដែលរងកម្មវេទនា ដែលបាក់ស្បាត ធ្លាប់ខ្លាចបារាំងដាក់គុកសំលាប់ អោយភ្ញាក់ស្មារតីឡើង អោយចេះស្នេហាជាតិ អោយចេះតស៊ូឥតខ្លាចស្លាប់ ដើម្បីយកឥស្សរភាពពីបារាំងមកវិញ ដែលវាបានដណ្ដើមពីយើងទៅជិត១០០ឆ្មាំហើយ(3)។ ពេលនោះស្រុកខ្មែរក្រកាសែតណាស់ កាសែតមួយឈ្មោះ «ស្រុកខ្មែរ » ឈ្មោះសាន យេណេរ៉ុងធ្វើ តែមិនបានប្រយោជន៍ដល់ខ្មែរទេព្រោះខ្លាចមិនហ៊ាននិយាយ។
កាសែត «នគរវត្ដ» ចាប់ចេញដំបូងតែពីរដងទេ ក្នុងមួយអាទិត្យ ទីស្នាក់ការនៅជ្រុងផ្លូវស៊ីសុវត្ដិ និងមាឃវាន់ឈ្មោះសេឡិចហោតិល (ផ្ទះនៅរហូតសព្វថ្ងៃ) នៅពីខាងមុខសេឡិច ហោតិលមានរង្គសាលមួយឈ្មោះឡារ៉េសូកមាត់ទន្លេចតុមុខ។ កាសែតនេះលក់១សន្លឹក៨សេន។ លុះចេញយូរបន្ដិចទៅ កាន់តែលក់ដាច់ឡើងក៏បញ្ចុះតំលៃមកនៅត្រឹម៥សេនវិញ។
លោក ប៉ាច ឈឺន កាន់កាប់មុខងារជាចាងហ្វាងកាសែតត្បិតលោកជាវីរជនម្នាក់ស្នេហាជាតិមុតមាំក្នុងបណ្ដាក្រុមបដិវត្ដន៍ទាំងអស់។ ឯលោកង៉ោ ហុង បានតំរូវអោយធ្វើជាគណនេយ្យករ ត្បិតលោកជាមនុស្សត្រង់ ហើយជាអ្នកស្នេហាជាតិដែរ។ ចំណែកអ្នកនិពន្ធមានលោកស៊ឹង ង៉ុកថាញ់ លោកប៉ាច ឈឺន លោកស៊ីម វ៉ារ លោកពិទូរកៈសេម និងលោកជុំមួង។ ក្រោយមកទើបលោកមហាញ៉ុក ថែម និងលោកមហា សាមន ចូលមកជួយទៀត។ មុនដំបូងមានអស់លោកជាច្រើនប្រហែល២០នាក់ជាអ្នកជួយសរសេរដែរ ប៉ុន្ដែចេះតែរបេះអស់ដោយលោកមិនសូវស៊ូ ត្បិតធ្វើទទេឥតឈ្នួល នៅសល់តែប៉ុន្មាន នាក់ដូចរាយនាមខាងលើ។ កាលជាន់នោះអ្នករាជការពុំអាចសរសេរកាសែតបានឡើយ។ ហេតុនេះហើយបានជាពុំមាន ឈ្មោះលោកស៊ឹង ង៉ុកថាញ់ និងជុំ មួងក្នុងតាសែត ឃើញតែ «នគរវត្ដ»ទេ។ កាសែតនេះជាឯកសារសំខាន់តំកល់ទុកនៅ ពុទ្ធសាសនបណ្ឌិត និងបណ្ណាល័យជាតិ។
លុះកាសែតនេះដើរបន្ដិចទៅ គឺថាបានចំរើនដោយកាន់តែលក់ដាច់ឡើង ក៏ចាប់ផ្ដើមធ្វើជាក្រុមហ៊ុន ព្រមទាំងបណ្ណាគារខ្លួនឯងសំរាប់បោះកាសែតខ្លួនឯង និងស៊ីឈ្នួលបោះសៀវភៅផងដាក់លក់សៀវភៅព្រមទាំងប្រដាប់សំរាប់ការិយាល័យផង។ កាលពីមុនជួលរោងពុម្ពបារាំងឈ្មោះ អាល្លីយ៉ែសបោះកាសែតនេះ។ រោងពុម្ពគេធ្លាប់បោះកាសែតរដ្នមួយស្រាប់ឈ្នោះ «កម្ពុជពត៌មាន»។
កាលកាសែតនគរវត្ដចេញដំបូងអ្នកដែលអានភាគច្រើនមានតែអ្នកក្រីក្រ និងកម្មករដែលពុំសូវចេះភាសាបារាំង អានកាសែតភាសាបារាំងមិនបាន។ ឯអស់លោកនិងថីថុងគេមិនយកភ្នែកបៀតទេ ដោយគេមើលងាយស្អប់ខ្ពើមអក្សរជាតិ។ ជាពិសេសគឺអស់លោកជាន់នោះអានអក្សរខ្មែរពុំបានផង ត្បិតមិនខំរៀនអក្សរជាតិទេ គែខំរៀនអក្សរបារាំង ត្បិតអក្សរបារាំងមានតំលៃខ្លាំងណាស់ជាន់នោះ ឯអក្សរខ្មែរចុះទាបដល់ថ្នាក់ក្រោមសូន្យ។ គេមើលតែកាសែតបារាំងឈ្មោះឡាវេរីតេ (La Vérité) អូពីនីញ៉ុង (Opinion) អាំប៉ាស្យល់ (Impartial) និង Press de Saigon ជាដើម។ បើចង់មើលកាសែតខ្មែរ ដោយលឺល្បីថាល្អមើល គេបត់ដាក់ពីក្នុងកាសែតបារាំងកុំអោយគេមើលឃើញ ខ្លាចគេថាអន់ឬមិនចេះបារាំង។ ហេតុអ្វី? មកពីបារាំងនៅជាន់ស្រុកយើង យើងនៅក្រោមគេ ម៉្លោះហើយឥទ្ធិពលបារាំង វាខ្លាំងដល់ទៅអក្សរវាទៅទៀត។ សូមជំរាបថា ជាន់នោះអ្នកណាមិនចេះអក្សរបារាំងចេះតែអក្សរខ្មែរ ឥតបានការអ្វីធ្វើនឹងគេទេ ត្បិតគេប្រើតែអក្សរបារាំង ទោះខាងរាជការក្ដី ខាងជំនួញក្ដីដូចគ្នា។ អ្នកនិយាយបារាំងហ៊ឺហាណាស់ ដូចទេវតាចុះពីស្ថានសួគ៌។
ធ្វើពាក្យបណ្ដឹងឬពាក្យសុំអ្វីៗត្រូវតែធ្វើជាបារាំង ទោះខាងរាជការខ្មែរក្ដី ខាងរាជការបារាំងក្ដី ប្រើតែអក្សរបារាំងដូចគ្នា។ បើមិនចេះត្រូវពឹងគេឬជួលគេធ្វើអោយទើបបានការ។ មិនមែនតែភាសាឬអក្សរបារាំងទេដែលថ្លៃថ្នូរ សូម្បីតែស្រីបារាំង ក៏ប្រុសខ្មែរយើងជាន់ជាយកន្ទេលវាមិនបានដែរ។ និស្សិតខ្មែរដែលបានសញ្ញាប័ត្រខ្ពស់ពីស្រុកបារាំង លុះត្រលប់មកវិញដោយទាំងប្រពន្ធបារាំងមកផង ដល់សុំធ្វើការក្នុងរាជការគេមិនអោយ គេប្រាប់ថា ទាល់តែលែងប្រពន្ធបារាំងទៅទើបឲ្យការធ្វើ។ បុរសនោះបង្ខំចិត្ដលែងប្រពន្ធបារាំងនោះទៅ ទើបបារាំងគេឲ្យធ្វើជាមន្ដ្រីខាងរាជការខ្មែរ។ ឯនាងបារាំងនោះ ត្រូវគេបញ្ជូនត្រលប់ទៅស្រុកបារាំងវិញទៅ។ រឿងនេះមានច្រើនគ្នា តែសូមមិនបញ្ចេញឈ្មោះ។ឯយួនដែលជាខ្ញុំបារាំងដូចជាខ្មែរដែរ ប៉ុន្ដែវាមានឥទ្ធិពលជាងខ្មែរ វាក្អេងក្អាងដាក់ខ្មែរគ្រប់កន្លែងរាជការ និងជំនួញ ត្បិតវាចេះផ្គាប់ផ្គុនបារាំងៗស្រលាញ់វាស្ដាប់វាធ្វើបាបខ្មែរ។ ចំណែកឯចិនវិញវាក៏ឡើងចាងលើខ្មែរណាស់ដែរ ត្បិតពួកគេច្រើនតែអ្នកមានសម្បត្ដិ គេតាំងខ្លួនគេខ្ពស់នៅស្រុកខ្មែរប្រហែលនឹងបារាំងដែរ។ កុំថាដល់ទៅស្រីល្អជា សូម្បីតែស្រីផ្កាមាសចិនក៏ខ្មែរយើងពុំអាចភប់ភ័នវាបានឡើយ។ បើបានស្គាល់ចិនជិតដិតហើយវានាំទៅព្រេចស្រីពេស្សាចិនជាមួយវាទើបបានខ្លះ។ ខ្មែរជាន់នោះអន់ជាងយួន ចិនទៅទៀត។
សម័យនោះដោយអក្សរសាស្រ្ដបារាំង វប្បធម៌បារាំង ផ្សាយឥទ្ធិពលមកលើអក្សរសាស្រ្ដខ្មែរ លើវប្បធម៌ខ្មែរខ្លាំងណាស់ទៅ អក្សរសាស្រ្ដយើង វប្បធម៌យើងក៏រត់ទៅពួនសំងំក្នុងវត្ដអារាមអស់។ បើកុំតែបានគុណព្រះសង្ឃខ្មែរដែលជាអ្នកទ្រទ្រង់ថែរក្សាទុកអោយគង់វង្សដល់សព្វថ្ងៃ កុំអីអក្សរសាស្រ្ដខ្មែររលាយបាត់សូនឈឹងពីប្រទេសកម្ពុជាទៅហើយ។ ចាប់ពីឆ្នាំ១៩៤២ មកបារាំងលែងអោយសរសេរអក្សរខ្មែរជាផ្លូវការហើយ គេបង្កើតអក្សររ៉ូម៉ានីហេ្ស Romanisé ឬហៅថា កុកងឺខ្មែរ គឺអោយសរសេរពាក្យខ្មែរជាអក្សរបារាំងវិញ តាំងពីរាជការជាន់ខ្ពស់រហូតដល់ឃុំ។ កាសែតក៏ចេញជាអក្សររ៉ូម៉ានីហ្សេដែរ។ ហេតុអ្វើ? មកពីបារាំងគេធ្វើអោយជាតិគេងាយរៀនភាសារខ្មែរដោយសរសេរជារ៉ូម៉ានីហ្សេ ត្បិតជាន់នោះបារាំងគេកំពុងតែដាក់គ្នាគេមកនៅស្រុកអាណានិគមអោយច្រើន ហើយគេចង់បញ្ចូលស្រុកចំណុះគេ ធ្វើជាស្រុកបារាំងផង ហៅថាប្រទេសបារាំងឯនាយសមុទ្រ(La France d’outre Mer) គឺគេចង់សង្កត់យើងកុំអោយរើខ្លួនរួច អោយក្លាយជាជាតិបារាំងអោយអស់ទៅ ទោះចេះបារាំងក៏ដោយ មិនចេះក៏ដោយ ដូចជានៅប៉ុងឌីស៊ីរីចណ្ឌេនាគរ៘ ជាខេត្ដនៃប្រទេឥណ្ឌា ដែលក្លឹងក្លាយសញ្ជាតិជាបារាំងខ្មៅអស់។ ឯខ្មែរយើងជាន់នោះ និងមុននោះមានសុំចូលជាតិជាបារាំងខ្លះដែរ ដោយគេយល់ឃើញថា ជាតិឯងថោកទាបណាស់ ហើយបានទាំងផ្លាស់ឈ្មោះត្រកូលទៅជាបារាំងអស់ គេសប្បាយចិត្ដនិងដូរជាតិខ្មែរទាបថោក ទៅជាជាតិបារាំងខ្ពង់ខ្ពស់ថ្លៃថ្លាទៅវិញ។ ក៏ប៉ុន្ដែសូមជ្រាបថានៅជំនាន់នោះ ខ្មែរនៅខំតស៊ូប្រើភាសាខ្មែរ នៅបានច្រើននៅឡើយ។ ដូចជាក្រសួងមហាផ្ទៃ យុត្ដិធម៌ សិក្សាធិការជាតិ ក្រុមព្រះតំរួត៘ ជាដើម។ ដល់ពេលទាមទារ បានសេរីភាពឯករាជ្យពីបារាំងខ្លះនោះត្រលប់ជាប្រើអក្សរបារាំងទៅវិញ។
កាលពីឆ្នាំ១៩៤៧ ស្រុកខ្មែរបានកើតជារូបរាងរដ្ឋធម្មនុញ្ញមុនដំបូល ដោយវីរជនដូចជាទ្រង់យុត្ដិវង្ស លោកអៀវ កើស លោកឈាន វ៉ម និងវីរជនឯទៀតជាច្រើន បានជំនុំគ្នាធ្វើ រដ្ឋធម្មនុញ្ញបានចែងក្នុងមាត្រា២ អោយប្រើភាសាខ្មែរជាផ្លូវការ រហូតដល់ឆ្នាំ១៩៧០ គិតទៅ៣៣ឆ្នាំកន្លងមក អ្នករាជការខំប្រើភាសាបារាំងរិតតែច្រើនទៅទៀត។ សព្វថ្ងៃនេះចង់រហូតទៅមេឃុំទៅហើយ អក្សរជាតិមើលមិនឃើញទេ គ្រប់ក្រសួងទាំងអស់ ហើយប្រើភាសាបារាំងដោយនៅកំអែលអាណានិគមក្រាស់ណាស់។ ចំណែកយួនគេដើរទាន់សម័យគេដេញបារាំងចេញ គេប្រើភាសាជាតិគេជាផ្លូវការអោយកុមារា កុមារីរៀនភាសាអង់គ្លេស។ ពេលជប៉ុនចូលស្រុក គេអោយកូនចៅគេរៀនភាសាជប៉ុន ឥឡូវនេះ នៅសកលលោកទាំងមូល ប្រទេសដែលទើបបានឯករាជ្យថ្មីៗ គេតែងប្រើភាសាជាតិគេស្ទើរតែគ្រប់ប្រទេសទៅហើយ ចំឡែកអីតែជនជាតិខ្មែរយើងនៅក្រាញដល់ណាទៀត? សព្វថ្ងៃ សីលធម៌វឌ្ឍនធម៌ ទំនៀមទំលាប់ខ្មែរចង់រលំរលាយទៅចង់អស់ពីស្រុកខ្មែរទៅហើយ!។ ហេតុនេះគួរបងប្អូនរួមឈាមមេត្ដាជួយគិតអោយបានវែងឆ្ងាយរឿងអក្សរជាតិយើងផង! នេះគ្រាន់តែជាសេចក្ដីរំលឹកប៉ុណ្ណោះ ឥឡូវចាប់និយាយរឿងដើមតទៅទៀត។
លុះសារពត៌មាននគរវត្ដ ចេញផ្សាយយូរបន្ដិចទៅ ប្រជារាស្រ្ដខ្មែរដែលពីដើមដេកលក់យ៉ាងស្កប់ស្កល់ផង ដែលបាក់ស្បាតខ្លាចបារាំងផង ក៏បើកភ្នែកខ្លះ ភ្ញាក់រលឹកខ្លះ ក្រោកពីដេកខ្លះ ចេះស្រលាញ់ជាតិ ចេះជួយការពារគ្នាក្នុងគ្រាមានអាសន្ន ហ៊ានតវ៉ាជាមួយបារាំងចំពោះអំពើរំលោភនិងជិះជាន់ខ្លាំងលើខ្លួនឬលើជនរួមជាតិ។ គ្រានោះ បារាំងបានដឹងខ្លួនថា ឥឡូវនេះខ្មែររលឹកពីដេកខ្លះហើយ មិនសូវខ្លាចវាដូចពីដើមដោយហេតុមកពីកាសែតនគរវត្ដដែលមានលោក ស៊ឹង ង៉ុកថាញ់ និងលោកប៉ាច ឈឺន ជាមេក្លោង ជាអ្នកដឹកនាំ។ វាក៏តាំងប្រឹតប្រៀនមិនអោយកាសែតចេញតាមចិត្ដយើងបាន វាធ្វើការត្រួតពិនិត្យ (Censure) គឺដកអត្ថបទល្អៗ ដែលយើងនិយាយប៉ះពាល់លើវាចេញ។ ជួនណាយើងចេញតែក្រដាសសទទេ ត្បិតអត្ថបទ សំខាន់វាដកចេញទៅហើយ នៅសល់តែដំណឹងផ្សេងៗ និងដំណឹងពាណិជ្ជកម្មដែលគេជួលអោយផ្សាយ។ ម្លឹងហើយក៏នៅតែមានគេចូលចិត្ដអានទៀត ដោយគេយល់ថា កន្លែងក្រដាសសនោះប្រហែលជាមានរឿងអ្វីសំខាន់ហើយមើលទៅ បានជាបារាំងដកចេញមិនអោយផ្សាយ ក៏នាំគ្នាស៊ើបសួរចចាក់ចចូចស៊ើបសួរគាស់កកាយរកការណ៍ពិតត្រង់កន្លែងនោះ។ តាំងពីនោះមកបារាំងប្រយ័ត្នប្រយែងកាន់តែខ្លាំង ត្រួតកាសែតផង តាមឃ្លាំមើលសកម្មភាពនៃពួកកាសែតផង តើមាននណាខ្លះជាក្រុមដឹកនាំប្រជារាស្រ្ដប្រឆាំងនឹងវា?។ ខាងរេស៊ីដង ស៊ុប៉េរីយ៉ើ គេបានទារពីព្រះរាជបណ្ណាល័យនូវសំណុំរឿងផ្ទាល់ខ្លួន (do- ssier de personnel) របស់លោក ស៊ឹង ង៉ុកថាញ់ ទៅពិនិត្យមើលអោយស្គាល់សាវតារជាតិ និងពត៌មានផ្សេងៗ ដើម្បីអោយងាយស្រួលក្នុងការចាប់ចងពីបទនាំបំបះបំបោររាស្រ្ដ ប៉ុន្ដែគេមិនទាន់ចាប់ទេ គឺគ្រាន់តែសំគាល់ទុក។
កាលជំនាន់នោះយើងមិនទាន់មានសេរីភាពសរសេរនៅឡើយ ប៉ុន្ដែកាសែត នគរវត្ដ ហ៊ានសរសេរផ្សាយដោយរិះគន់បារាំង និងរដ្ឋការខ្មែរធ្ងន់ៗ ខ្លាំងជាងកាសែតទាំងឡាយសព្វថ្ងៃនេះទៅទៀតដែលមានសេរីភាពក្នុងការសរសេរ។
ឯឈ្មោះក្រុមអ្នកកាសែត នគរវត្ដ គឺក្រុមបដិវត្ដន៍នោះក៏បារាំងបានស៊ើបដឹង ស្គាល់មុខគ្រប់គ្នាអស់ហើយដែរ ដោយសារតែចារបុរសជាតិខ្មែរគ្នាឯង ដែលក្បត់ជាតិប្រាប់វាដោយផ្គាប់ផ្គុនចង់បានយសសក្ដិ។
ពួកបដិវត្ដន៍គឺពួកកាសែត នគរវត្ដ ជំនាន់នោះ មានប្រជាប្រិយភាពណាស់ គឺមានព្រះសង្ឃនិងអ្នកស្រែចំការ កម្មករមន្ដ្រីរាជការរាប់អានស្រលាញ់កាន់តែច្រើនឡើងៗ។ ក្នុងពេលធ្វើទស្សនកិច្ចម្ដងៗ នៅគ្រប់ទីកន្លែង លោកប៉ាច ឈឺន លោកស៊ឹង ង៉ុកថាញ់ លោកស៊ឹម វ៉ា៘បានខំឧស្សាហ៍ពន្យល់ បំភ្លឺណែនាំប្រជារាស្រ្ដអោយភ្លឺស្វាងចំពោះនយោបាយស្រុកទេស ក្រៅពីការផ្សាយក្នុងកាសែតទៀត។ ហេតុនេះហើយបានដល់ពួកនោះទៅណាម្ដងៗ ទៅវត្ដអារាមក្ដី ទៅកាន់ភូមិតូចធំឬទៅ កាន់ទីរាជការក្ដី គេឃើញប្រជារាស្រ្ដទាំងស្រីទាំងប្រុសអ្នករាជការព្រមទាំងព្រះសង្ឃមកជួបជុំគ្នាចាំទទួលស្វាគមន៍ ធ្វើបដិសណ្ឋារកិច្ចដោយទឹកមុខរីករាយក្រៃលែង ដោយចាំស្ដាប់សេចក្ដីអធិប្បាយពន្យល់ពីនយោបាយស្រុកទេស ព្រមទាំងរៀបចំទទួលភោជនាហារផងទៀត។
ប៉ុន្ដែអស់លោកឯទៀត ពុំសូវបានចេញទៅស្រុកក្រៅញឹកញាប់ទេ ត្បិតជាប់រវល់ធ្វើការរាជការ មានតែលោក ប៉ាច ឈឺន ម្នាក់ឯងទេដែលបានធ្វើទស្សនកិច្ចនៅគ្រប់កន្លែងច្រើនជាងគេ។ ហេតុនេះបាជាគេស្គាល់តែឈ្មោះនិងមុខលោក ប៉ាច ឈឺន ច្បាស់ជាងគេ រាប់អានស្រលាញ់ជាងគេ។ មានកន្លែងខ្លះដែលមានលោកចាងហ្វាង ប៉ាច ឈឺន ចូលមិនដល់អ្នកស្រុក បបួលគ្នាសែងដង្ហែលោកទាល់តែដល់ទីកន្លែងដែលណាត់ប្រជុំ។ សម័យនោះលោកប៉ាច ឈឺន ឡើងដៃខ្ពស់មុខមាត់ជាង អស់លោកឯទៀត។ ដូចម្ដេចក៏ត្រូវគិតពីស្រុកទេស? ពីជាតិ? ព្រោះថាយើងជាមនុស្សមានប្រទេស មានជាតិ ត្រូវស្វែងរ កសុភមង្គលជារបស់ជាតិ កុំអោយជាតិដទៃមើលងាយ គិតជាតិជាធំ ពុំមែនគិតខ្លួនជាធំទេ។ អ្នកគិតដោយយកខ្លួនជាធំទៅជាអ្នកជិះជាន់ជាតិខ្លួនឯង។
ក្រោយមកដោយ ដោយយល់ឃើញថា គ្រាន់តែផ្សាយដំណឹងបណ្ដុះបណ្ដាលស្មារតីប្រជាជាតិខ្មែរអោយចេះស្នេហាជាតិ តែតាមផ្លូវសារពត៌មានប៉ុណ្ណោះ បានលទ្ធផលមិនទាន់គ្រប់គ្រាន់ទេ ដោយហេតុអត្ថបទល្អៗ សំខាន់ៗ ត្រូវបារាំងវាដកចេញ មិនអោយចុះផ្សាយ ទើបលោកស៊ឹង ង៉ុកថាញ់ បានជំនុំគ្នាដើម្បីរកមធ្យោបាយបន្ថែមមួយផ្លូវទៀត ដើម្បីបន្ថែមអោយមានឥទ្ធិពលឡើងទៀត គឺលោកបំបែកជាពីរក្រុម។ ក្រុមទី១មានភារៈខាងធ្វើកាសែត មានលោកប៉ាច ឈឺនជាមេ ជាមួយនឹងអស់លោកឯទៀត ក្រុមទី២ សំរាប់ដើរទាក់ទងផ្ទាល់នឹងប្រជារាស្រ្ដ និងក្រុមទាហានជើងក្រហម ទាហានជើងខ្មៅ ព្រមទាំងរកលុយកាក់ដើម្បីធ្វើការបដិវត្ដន៍បណ្ដេញបារាំងចេញអោយអស់ពីទឹកដី នៃមាតុប្រទេសយើង ដើម្បីយកទឹកដីយើងមកវិញ អោយមានឥស្សរភាពដូចជំនាន់ដើមវិញ ដូចជាប្រទេសនានាដែលគេមានឯករាជ្យភាពដូច្នេះឯង។ ក្រុមទី២នេះមាន លោកស៊ឹង ង៉ុកថាញ់ជាមេជាមួយនឹងខ្ញុំ (ប៊ុណ្ណចន្ទ ម៉ុល) លោកនួន ឌួង លោកអាចារ្យហែម ចៀវ និងលោកជុំ មួង៘
គួរកត់សំគាល់ថា មនុស្សគ្រប់ជាតិពុំមែនមិនចេះស្រលាញ់ជាតិទេ ស្ទើរតែទាំងអស់ចេះស្នេហាជាតិ តែការសំខាន់គឺមេដឹកនាំ គឺមេដឹកនាំមានគំនិតភ្លឺថ្លាធ្វើការដើម្បីជាតិ (ស៊ូស្លាប់ទៅគាប់រសធម៌កុំបីបង់) ការសេពគប់ (Fréquentation)ប្រសើរណាស់។ មេឆ្វេងកូនឆ្វេង។
គ្រានោះទោះបីចែកជាក្រុមដោយឡែកពីគ្នាហើយក្ដី ក៏នៅតែជួយគ្នាទៅវិញទៅមកដដែល អោយតែរាស្រ្ដប្រជាឆាប់បានយល់នូវនយោយបាយស្រុកទេស។
ជំនាន់នោះនាយទាហានជើងក្រហម និងជើងខ្មៅចេះតែទាស់គ្នាដោយប្រកាន់បក្សពួក បារាំងក៏សូមអោយព្រះសង្ឃខ្មែរទៅទេសនាទូន្មានទាហានទាំងនេះ គ្រប់បន្ទាយក្នុងមួយខែម្ដង ដើម្បីអប់រំអោយមានសីលធម៌ និងចរិយាមារយាទល្អឡើង។ ទាហានជើងក្រហមគឺជាយុទ្ធជន (ទាហានចំបាំង) រុំពោះរុំជើងក្រហម កន្ដិបក្រហម។ ទាហានជើងខ្មៅរុំពោះ រុំជើងខ្មៅ កន្ដិបខ្មៅ ហៅថា ក្រុមរក្សាស្រុក បែបគ្នានឹងតំរួតយើងសព្វថ្ងៃនេះ។ ការចាត់ព្រះសង្ឃទៅទេសនាឬធ្វើសន្ធិសិទ ដើម្បីអប់រំទាហានតាមលទ្ធិព្រះពុទ្ធសាសនា ជាភារៈលើពុទ្ធសាសនបណ្ឌិត (In- stitut Bouddhique) ចាត់។ ជួនណាមានចាត់ព្រះសង្ឃអោយទៅទេសនាអប់រំទាហានខ្មែរក្រោម ដូចជានៅមាត់ជ្រូក (Chaudoc) ជាដើម
កាលនោះលោកស៊ឹង ង៉ុកថាញ់ ធ្វើការនៅពុទ្ធសាសនបណ្ឌិត និងព្រះរាជបណ្ណាល័យ ដែលរួមអគារជាមួយគ្នាក្រោមបង្គាប់នាងកញ្ញាជាតិបារាំងម្នាក់ឈ្មោះ កាប៉ឺឡែស (Melle Kapelès) ដែលមានឋានៈជាអគ្គលេខាធិការនៃពុទ្ធសាសនបណ្ឌិត និងជាអ្នកគ្រប់គ្រងបណ្ណាល័យ (Secrétaire la genérale de l’Institut Bouddhique et conservateur de la bibiothèque royal) ។ លោកស៊ឹង ង៉ុកថាញ់ ទទួលភារៈជាអ្នកចាត់ព្រះសង្ឃអោយទៅទេសនាប្រដៅទាហានជំនួសកញ្ញា កាប៉ឺឡែស។ ម្លោះហើយជាឱកាសល្អអោយលោកជ្រើសរើសតែព្រះសង្ឃណាដែលស្នេហាជាតិមុតមាំ និងបានវោហារ ប៉ិនប្រសប់ពន្យល់ បញ្ចុះបញ្ចូលពួកទាហានដោយអាស្រ័យព្រះធម៌ទេសនាអោយចេះស្រលាញ់ជាតិ អោយចេះតស៊ូ៘
ឯព្រះសង្ឃដែលស្នេហាជាតិមុតមាំ គឺលោកអាចារ្យហែម ចៀវ សាស្ដ្រាចារ្យភាសាបាលី លោកគ្រូអាចារ្យប៉ាង ខាត់ សាស្ដ្រាចារ្យភាសាសំស្ក្រិត លោកគ្រូអាចារ្យសូ ហាយ ក្រុមជំនុំព្រះត្រៃបិដក លោកគ្រូ អ៊ុក ជា(4)លោកគ្រូអាចារ្យខៀវ ជុំ ពីអង្គនេះគង់នៅវត្ដលង្កាជាដើម។
លុះត្រលប់មកពីធ្វើសន្និសិទវិញ ព្រះសង្ឃមួយអង្គៗ តែងធ្វើសេចក្ដីរាយការណ៍ជាលាយលក្ខណ៍អក្សរជូនទៅអគ្គលេខាធិការនៃពុទ្ធសាសនបណ្ឌិត ចំពោះលទ្ធផលនៃការទៅទេសនាហើយនិងរាយការណ៍ជូនលោក ស៊ឹង ង៉ុកថាញ់ អំពីលទ្ធផល នៃការទាក់ទងជិតសិទ្ធជាមួយនាយទាហានក្រោយពេលទេសនា។
លុះដឹងថានាយទាហានណាដែលសង្ឃឹមថា អាចនឹងចូលចិត្ដរួបរួមពួតដៃគ្នាក្នុងការបដិវត្ដន៍ដេញបារាំងបាន លោកស៊ឹង ង៉ុកថាញ់ ក៏ចាត់លោកជុំ មួងអោយទៅបញ្ជាក់បន្ថែមអោយនាយទាហាននោះរិតតែច្បាស់ការតទៅទៀត។ ក្នុងពេលដែលលោកជុំមួង ចូលទៅជួបនឹងនាយទាហានខ្មែរម្ដងៗ មេទាហានបារាំង (សក្ដិធំៗ) ចេះតែសំលឹងមើលលោកត្បិតជាមនុស្សចំលែក។ ជំនាន់នោះ នាយទាហានខ្មែរមានសក្ដិធំបំផុតត្រឹមអាដហ្សុយដង់ (adjudant) ប៉ុណ្ណោះ។ មានទាហានជាច្រើនបានស្ម័គ្រចិត្ដចូលដៃជាមួយ។ ឯទាហានខ្លះដែលមិនទុកចិត្ដដោយយល់ថា គេស្រលាញ់បារាំងដុះស្លែទៅហើយ ក៏មិនហ៊ាននៅជិតគេ ទេខ្លាចបែកការណ៍ដឹងដល់បារាំង។
ចំណែកខ្ញុំប៊ុណ្ណចន្ទ ម៉ុល និងលោកនួន ឌួង(5) បានត្រូវចាត់អោយដើរបញ្ចុះបញ្ចូលទាក់ទងនិងប្រជាជនខាងក្រៅព្រមទាំងតំរូវអោយឈ្លបយកការណ៍អោយពិតប្រាកដ ពីចំនួនទាហាន ចំនួនសព្វាវុធ ព្រមទាំងទីកន្លែងបន្ទាយរបស់កងទ័ពបារាំងផង។
បណ្ដាក្រុមបដិវត្ដទាំងអស់ មានតែខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល ម្នាក់ទេដែលមានវ័យក្មេងជាងគេហើយបានការគ្រប់យ៉ាង។ នៅផ្ទះខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល នៅផ្សារស៊ីញែកភ្នំពេញ មានលក់កាហ្វេ គុយទាវ ហើយជាកន្លែងប្រជុំសំរាប់ពួកបដិវត្ដផង ដែលតែងតែ ទៅទទួលទាននៅទីនោះហើយលបលួចខ្សឹបប្រាប់ហេតុការណ៍គ្នានឹងគ្នា។
បើមានគិញបារាំងចូលមកទទួលទានដើម្បីស៊ើបការណ៍ ខ្ញុំប៊ុណ្ណចន្ទ ម៉ុល បានលើករូបឆ្កែ(6) ដាក់ទៅលើជញ្ជាំងជាសញ្ញាប្រាប់គ្នាថា ប្រយ័ត្នកុំអោយនិយាយគ្នាពីនយោបាយត្បិតមានគិញបារាំងនៅទីនោះដែរ។ ឯពួកបដិវត្ដកាលមើលឃើញរូបឆ្កែនៅលើជញ្ជាំងក៏ឈប់និយាយទៅដោយជឿខ្ញុំប៊ុណ្ណចន្ទ ម៉ុល ដែ លស្គាល់គិញបារាំងស្ទើរតែទាំងអស់។ ក្នុងរឿងនេះខ្ញុំប៊ុណ្ណចន្ទ ម៉ុល មានសហការីម្នាក់ទៀតឈ្មោះជួន ប៊ុណ្នារាហេង(7) ដែលធ្វើអាជ្ញាសាលានៅផ្ទះជាប់ល្វែងគ្នាជួយធ្វើការផង។
====កំណត់សម្គាល់====
(1)កាលចំបាំងបារាំង-សៀម ជនជាតិខ្មែរនៅស្រុកសៀមត្រូវចាញ់បោកសៀម ដែលវាបោកអោយច្បាំងនិងបារាំងថា អោយមករំដោះជាតិខ្មែរអោយរួចពីនឹមបារាំង។ ឯខ្មែរក្នុងស្រុក ក៏ត្រូវបារាំងបោកដូចគ្នាថា អោយទៅច្បាំងនឹងសៀមការពារស្រុកខ្មែរ ដែលត្រូវសៀមឈ្លានពាន។ ម្លោះហើយខ្មែរទាំងសងខាងបាញ់តែគ្នាឯងស្លាប់អស់ជាច្រើន។
(2)លោកស៊ឹង ង៉ុកថាញ់ជាជាតិខ្មែរកម្ពុជាក្រោម។ នៅវេលាដែលត្រលប់មកពីសិក្សាឯប្រទេសបារាំង ត្រូវនាងកញ្ញា កាប៉ឺលែស Kapelés ជាអ្នកគ្រប់គ្រងរាជបណ្ណា ល័យកម្ពុជា និងជាអគ្គលេខាធិការនៃព្រះពុទ្ធសាសនបណ្ឌិត នាំពីកូសាំងស៊ីន(កម្ពុជាក្រោម) មកអោយធ្វើការជាមួយ។ ជាន់នោះលោកត្រូវតែងតាំងជាចៅក្រមក្នុងរាជការ ខ្មែរប៉ុន្ដែដាក់ក្រៅតំណែងមកធ្វើការនៅព្រះរាជ បណ្ណាល័យវិញ។ លោកជាអ្នកនយោបាយម្នាក់ មានសេចក្ដីស្នេហាជាតិយ៉ាងមុះមុត រាប់អានអ្នកមានអ្នកក្រស្មើមុខគ្នា។ លោកជាមេគំនិតនយោយបាយខាងកាសែត ប៉ុន្ដែឥតឈ្មោះលោកទេ ដោយកាលជំនាន់នោះ អ្នករាជការសរសេរកាសែតពុំបានទេ។
(3)[បារាំងចូលមកកាន់កាប់កម្ពុជាពីឆ្នាំ ១៨៦៣ តាំងពីព្រះបាទអង្គឌួងដល់ព្រះបាទនរោត្ដម ទើបធ្វើសន្ធិសញ្ញាប្រគល់អោយបារាំង។
(4)ជាគ្រូបបង្រៀននៅពុទ្ធិកបឋមសិក្សាវត្ដលង្កា ក្រោយមកបានរត់ទៅនៅបាងកក ដោយបារាំងរកចាប់ខ្លួនក្នុងរឿងធ្វើបាតុកម្មសុំអោយដោះលែងលោកអាចារ្យហែម ចៀវ (១៩៤២)។
(5)លោកនួន ឌួង មានអាការរោគក្នុងខ្លួនដោយអាមណាមជាប់គុកកោះត្រឡាចមម បានទទួលអនិច្ចកម្មនៅមន្ទីពេទ្យព្រះកេតុមាលា ភ្នំពេញ។
(6)រូបឆ្កែនោះសំរាប់អោយសញ្ញាថាមានឆ្កែបារាំងមកហើយ។
(7)លោកជួន ប៊ុណ្ណរាហេង សព្វថ្ងៃនេះធ្វើតំណាងរាស្រ្ដ។
========================================================
២ -ការចូលមកដល់នៃកងទ័ពជប៉ុន
មកដល់ឆ្នាំ១៩៤០ កាលកំពុងគិតគូររឿងនយោបាយនេះ ទទួលមានកងទ័ពជប៉ុនដែលធ្វើសង្រ្គាមតទល់នឹងពួកបច្ចាមិត្រ (គឺអាមេរិក អង់គ្គេស បារាំង៘ បានចូលមកក្នុងប្រទេសឥណ្ឌូចិន តាមសេចក្ដីព្រមព្រៀងសំងាត់ជាមួយ គូវែរណើរហ្សេនេរ៉ាល នៅហាណូយដែលយល់ព្រមអោយចូលទាំងទើសទាល់ មកពីយល់ថា កងទ័ពបារាំងពុំអាចទប់ទល់នឹងជប៉ុនបាន ហើយក្រោយមកគូវែរណើរហ្សេនេរ៉ាលនោះ ក៏ភៀសខ្លួនបាត់ទៅ។
កងទ័ពជប៉ុនបានចូលមកដល់ប្រទេសកម្ពុជា មុនពេលរាជាភិសេកស្ដេចស៊ីហនុ (ស្ដេចស៊ីហនុប្រកាសជាមហាក្សត្រខ្មែរ នៅថ្ងៃ២៥ មេសា ១៩៤១) ឆ្លៀតឱកាសនោះលោកស៊ឹង ង៉ុកថាញ់ បានទៅទាក់ទងជាសំងាត់ជាមួយមេទ័ពជប៉ុនតាមរយៈមេហាងដាយណង់គូស៊ី ដែលតាំងនៅមុខផ្សារចាស់ ភ្នំពេញ នៅជ្រុងផ្លូវពីកេ(ឥលូវវិថីអុកញ៉ាផ្លុង) និងជ្រុងផ្លូវអូហ៊ីយេឥឡូវនេះជាវិថីអង្គអេង ដើម្បីសុំជាជំនួយទ័ពរបស់គេអោយជួយធ្វើអន្ដរាគមន៍ផង ក្រែងពួកបដិវត្ដន៍ធ្វើការទៅហើយលោ ជាភ្លាត់បែកការណ៍ឡើងមុខជាបារាំងចាប់ធ្វើទោសមិនខាន។
សូមជំរាបថាមេហាង ដាយណង់គូស៊ី ដែលចូលមកតាំងហាងលក់ទំនិញប៉ុន្មានឆ្នាំមុនសង្រ្គាមលោកលើកទី២នេះ គឺជាហាងសំរាប់ធ្វើចារកម្មស៊ើបការណ៍ ចំនួនកងទ័ពនិងចំនួនយុទ្ធោបករណ៍របស់បារាំងដែរ។ គេស៊ើបដឹងអស់ថាខ្មែរស្នេហាជាតិមានប៉ុន្មាននាក់ ហើយគេព្រមជួយក្នុងការទាក់ទងគ្នានេះ ដោយខ្លួនគេក៏ជានាយទាហានអ្នកចារកម្មដែរ។ ហើយគេក៏បានទាក់ទងតទៅទៀត ជាមួយមេទ័ពធំរបស់គេទៀត។ ឯការទាក់ទងរវាងលោក ស៊ឹង ង៉ុកថាញ់ នឹងកងទ័ពជប៉ុនចេះតែមានរហូតមក ដោយខ្ញុំ (ប៊ុណ្ណចន្ទម៉ុល) ជាអ្នកនាំសំបុត្រសំងាត់ទៅ អោយពួកជប៉ុន។
លោកស៊ឹង ង៉ុកថាញ់ បានប្រាប់ពួកបដិវត្ដថាត្រូវធ្វើការអោយប្រយ័ត្នមែនទែន កុំអោយបែកការ តែប្រហែសអោយបែកការមុខជាបារាំងចាប់ហើយ។ ហើយបើមានការថ្លស់ធ្លោយដោយហេតុណាមួយ ត្រូវតែប្រញាប់ប្រញាល់រត់ចូលទៅឯកង តំរួតយោធាជប៉ុន (កងអាវុធហត្ថ ) ដែលគេយកកន្លែនោះសង់ធនាគារជាតិកម្ពុជាសព្វថ្ងៃនេះ គេអាចការពារយើងមិនអោ យបារាំងចូលទៅចាប់បាន។
ចំណែកខាងព្រះសង្ឃមានលោកគ្រូអាចារ្យ ហែម ចៀវ ជាដើម តែកាលណាមានអោកាសនិមន្ដចេញទៅខេត្ដក្រៅ ដោយមានការអ្វីក្ដី ដោយត្រូវគេនិមន្ដទៅទេសនា លោកតែងតែខិតខំជួយធ្វើការពន្យល់ បញ្ចុះបញ្ចូល ណែនាំអោយភ្លឺរឿងស្នេហាជាតិអោយអង់អាចក្លាហាន ក្នុងការតស៊ូធ្វើបដិវត្ដយកឥស្សរភាពពីបារាំងមកវិញ បានលទ្ធផលជាទីគាប់ចិត្ដ។ ប្រជារាស្រ្ដ ខ្លះមានសទ្ធាជ្រះថ្លា បានចូលកុសលជាប្រាក់ ដើម្បីយកមកចាត់ចែងចំណាយក្នុងរឿងនេះផង។
ខាងគ្រហស្ថវិញ លោកជុំ មួង ខ្ញុំប៊ុណ្ណចន្ទ ម៉ុល លោកនួន ឌួង និងមានគ្នាច្រើនបន្ដទៅទៀត ក៏បានខំប្រឹងប្រែធ្វើការដោយពេញសមត្ថភាពគ្រប់ៗគ្នាដែរ។
សូមជំរាបថា កាលណោះទាហានបារាំង មានតិចណាស់នៅស្រុកខ្មែរ។ បន្ទាយមួយៗមានតែទាហានខ្មែរភាគច្រើនជាង ដែលនៅក្រោមបង្គប់នាយទាហានបារាំង។ ឯពលទាហានបារាំងបានត្រូវស្លាប់ជាច្រើន កាលសង្គ្រាមបារាំងនិងសៀម។ ក្រៅពីនេះត្រូវបញ្ជូនទៅជួយច្បាំង ឯប្រទេសបារាំង។ ចំណែកបារាំងស៊ីវិលក៏ត្រូវជាប់កំណែនចូលបំរើក្នុងកងទ័ពរបស់គេឯប្រទេសបារាំង។ ខេត្ដខ្លះមានសល់បារាំងម្នាក់ពីរនាក់ ខេត្ដខ្លះ៤-៥នាក់។ ខេត្ដកំពង់ស្ពឺឥតមានបារាំងសោះ គេយកចៅហ្វា យខេត្ដអោយកាន់កាប់រេស៊ីដង់ផង។ ឃើញថាផែនការបដិវត្ដ ពុំសូវជាតឹងតែងប៉ុន្មានទេ អាចនឹងប្រព្រឹត្ដទៅបាន។ ប៉ុន្ដែការ លំបាកទៅទៀតនាះលោកអ្នកនាង និងដឹងនៅខាងមុខ។
៣ -ការសម្ងាត់ផ្ទុះឡើង
ការចាប់លោកគ្រូអាចារ្យ ហែមចៀងនិងលោកនួន ឌួង
ពួកបដិវត្ដន៍កំពុងតែខំធ្វើការរៀងៗខ្លួន ប៉ុន្តែដោយហេតុតែជើងថ្មី ខ្ចីនយោបាយពុំទាន់មានការពិសោធន៍ដោយគ្រប់គ្រាន់ ក៏ផែនការណ៍នោះបែកធ្លាយឡើងដឹងការណ៍ដល់បារាំងដោយពួកទាហានខ្មែរ ដែលបានមកទាក់ទងជាមួយលោកគ្រូអាចារ្យហែម ចៀវ(1) និងលោកនួនឌួង(2) នោះមានទាហានខ្លះដែលស្រលាញ់បារាំងដុះស្លែក្នុងខួរដុះមិនជ្រះនោះ វានាំយករឿងសំងាត់នេះទៅប្រាប់បារាំងថា លោកគ្រូអាចារ្យហែម ចៀវនិងលោកនួន ឌួង មេដឹកនាំពួកទាហាន អោយបះបោរប្រឆាំងនឹងបារាំង។ ទាហានខ្មែរចំនួន១៥នាក់ត្រូវចាប់ស្ងាត់ៗដើម្បីកុំអោយបែកការណ៍។
នៅថ្ងៃ១៧ កក្កដា ១៩៤២ ស្រាប់តែឃើញចាងហ្វាងគិញបារាំងម្នាក់ និងលេខាធិការខ្មែរពីរនាក់ទៀត មានកាន់សំណុំលិខិតមួយដុំផង បានទៅជួបលោក អ៊ឹង អ៊ី នាយករដ្នមន្រ្ដី ព្រមទាំងលោក ទា សាន រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃនិងធម្មការនិងមន្ដ្រីឯទៀត។
គ្រានោះលោក ទា សាន បានបញ្ជាលោកជុំ មួង កាលណោះធ្វើលេខាធិការក្រោមបង្គាប់លោក អោយទៅនិមន្ដលោកគ្រូអាចារ្យហែម ចៀវមក។ លោកជុំ មួងនឹកភ័យថាប្រហែលជាមានការធំហើយក្នុងរឿងសំងាត់ជាមួយគ្នា តែចាប់លោកគ្រូអាចារ្យហែម ចៀវទៅ នឹងរាលដាលដល់អាត្មាអញមិនខាន ប៉ុន្ដែពុំទាន់ដឹងច្បាស់រឿងអ្វីដែរ? ដោយពុំហ៊ានសួរគេ។
លោកជុំ មួងក៏ទៅកាន់វត្ដឧណ្ណាលោម និងនិមន្ដលោកគ្រូ ហែម ចៀវ លោកក៏បាននិមន្ដមកជាមួយគ្នាជាបន្ទាន់។ តាមផ្លូវ លោកក៏បានសួរលោកជុំ មួង ពីដំណើរដែលលោករដ្ឋមន្ដ្រីអោយមកនិមន្ដនេះ។ លោកជុំ មួងក៏ទូលតាមដំណើរដែលបាន ឃើញតែពុំដឹងជារឿងអ្វី។ លោកមានពុទ្ធដិការថា បើវាសួរពីរឿងយើង យើងឆ្លើយប្រកែកថាតែពុំបានដឹងទៅ! រួចលោកមានពុទ្ធដិកាតមកទៀតថា លោក ស៊ឹង ង៉ុកថាញ់បានផ្ដាំថា បើបារាំងវាដឹងរឿងត្រូវអោយប្រញាប់រត់ចូលទៅឯមន្ទីរកងអាវុធ ហត្ថជប៉ុនជាប្រញាប់ទើបរួចខ្លួន! យោបល់ទាំងពីរនាក់យល់ថាច្បាស់ជាបារាំងដឹងរឿងសំងាត់ហើយ ប៉ុន្ដែពុំបានគិតដល់រឿ ងអ្វីទេ នឹកថាប្រហែលជាវាគ្រាន់តែហៅសួរសិនតែប៉ុណ្ណោះទេយ៉ាងមើល៍!។
លុះលោកគ្រូ ហែម ចៀវ ទៅដល់ស្រាប់លោក ទា សាន ប្រើបំរើអោយទៅទិញខោ១អាវ១មកអោយលោកគ្រូអាចារ្យ ហែម ចៀវ ស្លៀកដោយផ្លាស់ស្បង់ចីពរពីខ្លួនភ្លាមហើយបារាំងវានាំទៅតាមរថយន្ដបាត់តែម្ដងទៅ រកតែរត់ទៅប្រាប់អ្នកណាមិនទាន់។ គិតទៅពួកគេចាប់លោកផ្សឹកទាំងឥតជំនុំសោះ!។
លោកជុំ មួង កាន់តែភ័យខ្លាំងថា ច្បាស់ជាបារាំងចាប់ខ្លួនទៀតជាមិនខាន។ លុះដល់ចេញពីធ្វើការក៏ទៅជំរាបលោកស៊ឺង ង៉ុកថាញ់តាមដំណើរ។ លោកក៏ប្រាប់ថាអោយប្រយ័ត្នខ្លួនអោយមែនទែន បារាំងប្រាកដជាចាប់យើងហើយ។
រឿងចាប់លោកគ្រូអាចារ្យ ហែម ចៀវ ក៏ផ្អើលឆោរឡោឡើង ក្នុងបណ្ដាពួកលោកសង្ឃជានិស្សិតនៃសាលាបាលឺជាន់ខ្ពស់ និងវត្ដនានាក្នុងទីក្រុងភ្នំពេញ ដែលសុទ្ធតែជាមិត្ដភក្ដិ និងសិស្សរបស់លោក។
;ក្នុងពេលនោះលោកនួនឌួងក៏ត្រូវគិញបារាំងទៅចាប់ឯផ្ទះដែរ។ ឯក្រុមអ្នកបដិវត្ដ ដោយមានព្រះសង្ឃជួយផង ក៏បានចាត់ចែងផ្សាយដំណឹង នេះទៅគ្រប់វត្ដក្នុងទីក្រុងនិងទៅដល់ខេត្ដក្រៅដែលនៅជិតទីក្រុងខ្លះ ទៅឆ្ងាយខ្លះដោយមធ្យោបាយដែលធ្វើបាន។ តាមបញ្ជាពីលោក ស៊ឹង ង៉ុកថាញ់ អោយទាំងអស់គ្នាបាតុកម្មនៅថ្ងៃ២០ កក្កដា១៩៤២ នៅមុខការិយាល័យនៃរ៉េស៊ីដង់សុប៉េរីយ៉ើរ ដើម្បីតវ៉ាសូមអោយដោះ លែងលោកគ្រូអាចារ្យហែម ចៀវ និងលោកនួន ឌួងមកវិញ។
បាតុកម្មនេះបានជាបន្លាយពេលវែងដល់ទៅថ្ងៃ២០កក្កដានោះ ដោយហេតុនៅវេលាយប់ថ្ងៃ១៨ កក្កដា មានការជួបជុំព្រះសង្ឃនិងឧបាសកឧបាសិកាពីគ្រប់ទិសទី នៅវត្ដលង្កាដើម្បីធ្វើពិធីបុណ្យចំរើនព្រះជន្មវស្សាព្រះតេជគុណ ព្រះធម្មលិខិត ល្វី ឯម ចៅអធិការវត្ដលង្កា និងជាចាងហ្វាងសាលាបាលីជាន់ខ្ពស់ផង ក្នុងឱកាសដែលលោកឡើងសមណសក្ដិដ៏ខ្ពង់ខ្ពស់ ជាទីសម្ដេចព្រះធម្មលិខិត ដោយក្នុងយប់នោះមានធ្វើពិធីចំរើនព្រះបរិត្ដ និងធម្មទេសនា។ ដល់ព្រឹកឡើង១៩ កក្កដា ទើបរៀបចំស្រោចទឹកពុទ្ធមន្ដ រួចវេរភត្ដប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។ ឃើញថាជាការងាយស្រួលនឹងផ្សាយប្រាប់គ្នីគ្នាដែលមកពីទីជិតឆ្ងាយមកកាន់ពិធីនេះ។
ក្នុងឱកាសនោះខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល ជាអ្នកដើរការផ្សាយដំណឹងដល់ព្រះសង្ឃគ្រប់វត្ដក្នុងទីក្រុងភ្នំពេញ។ ពេលនោះខ្ញុំប្រើទោចក្រយានមួយរបស់ខ្លួនក្នុងបេសកកម្មនេះ។
ចំណែកលោកស៊ឹង ង៉ុកថាញ់ ក្រោយពេលដែលអាចារ្យហែម ចៀវ និងលោកនួន ឌួង ត្រូវបារាំងចាប់ហើយលោកក៏បានភៀសខ្លួនទៅពួនការិយាល័យនៃអាវុធហត្ថជប៉ុន (Jandarmerie Japonaise) ទៅដើម្បីគេចអោយផុតពីការចាប់ចងរបស់បារាំង សំរាប់ដឹកនាំក្រុមបដិវត្ដធ្វើការតទៅទៀត។ ប៉ុន្ដែការទាក់ទងរវាងលោកនឹងខ្ញុំប៊ុណ្ណចន្ទ ម៉ុលនៅតែមានដដែល តាមកុមារម្នាក់នៅផ្ទះលោក ដែលជាអ្នកនាំភោជនាហារទៅជូនលោក។
នៅយប់ថ្ងៃ១៩ កក្កដាលោកស៊ឹង ង៉ុកថាញ់ បានផ្ដាំអោយខ្ញុំប៊ុណ្ណចន្ទ ម៉ុលទៅយកកាំភ្លើងមួយដើមពីផ្ទះលោក ទៅជូនលោកឯការិយាល័យកងអាវុធហត្ថជប៉ុន។ ខ្ញុំក៏ធ្វើតាមបញ្ជាលោកដោយមានលោក ជួន ប៉ុណ្ណារ៉ាហេង ជូនដំណើរទៅផង។ លុះដល់មុខទីស្ដីការកងអាវុធហត្ថជប៉ុនហើយ ខ្ញុំបានដាក់កាំភ្លើងផ្ទាប់នឹងដើមទ្រូង យកមាត់ត្រែចុះក្រោមយកស្វាយកាំភ្លើងឡើងលើ ហើយរត់ត្រុយចូលទៅតែម្នាក់ឯង ដោយទុកអោយលោកជួន ប៊ុណ្ណារ៉ាហេង អោយនៅចាំខាងក្រៅ។
នៅវេលាដែលឃើញខ្ញុំទៅដល់ នាយទាហានជប៉ុនដែលឈរយាមមាត់ទ្វារ ភ្ជង់មាត់ត្រែកាំភ្លើងមកចំដើមទ្រូងខ្ញុំ។ ដោយឃើញគ្រោះថ្នាក់ជីវិតមកដល់ហើយៗ ពុំដឹងនិយាយគ្នាដូចម្ដេចអោយស្ដាប់បាន ត្បិតខ្ញុំមិនចេះជប៉ុន ជប៉ុនមិនចេះនិយាយខ្មែរ ខ្ញុំមានសេចក្ដីតក់ស្លុតក្រៃលែងក៏ប្រញាប់តបដោយភាសាទៅវិញ ដោយរារាំងដៃយ៉ាងញាប់ស្អេក ហើយចង្អុលទៅខា ងក្នុងដើម្បីអោយអ្នកយាមយល់ថាមានការមករកអ្នកខាងក្នុងផ្ទះ។ លុះយល់សេចក្ដីហើយអ្នកយាមក៏ស្រែកហៅអ្នកខាងក្នុងដែលចេះខ្មែរចេញមកជួប។ លុះសួរដឹងការណ៍ហើយ គេក៏អោយខ្ញុំចូលទៅខាងក្នុង ខ្ញុំបានជួលោក ស៊ឹង ង៉ុកថាញ់នៅចំពោះមុខសក្ដិ៣ជប៉ុន ជានាយតំរួតយោធាជប៉ុន។ នាយតំរួតជប៉ុន និងលោកស៊ឹង ង៉ុកថាញ់បានផ្ដាំហើយផ្ដាំទៀតនឹងខ្ញុំថា បាតុកម្មដែលត្រូវធ្វើនៅថ្ងៃស្អែក ត្រូវប្រតិបត្ដិអោយទៀងទាត់តាមផែនការនិងកម្មវិធីដូចតទៅ៖
នៅវេលាព្រឹកស្អែកនេះត្រូវអោយលោកសង្ឃ និងគ្រហត្ថបាតុករទាំងប៉ុន្មានធ្វើភត្ដកិច្ច(ឆាន់បាយ) អោយហើយស្រេចពីព្រលឹមម៉ោង៦ រួចទៅជួបជុំគ្នានៅមហាវិថីឌូដាដឺឡាគ្រេ ឥឡូវមហាវិថីនរោត្ដម ចំពីក្រោយមាត់ទ្វារពីខាងលិចព្រះរាជវាំង។ លុះជួបជុំហើយត្រូវនាំគ្នាដើរជាក្បួនដោយសន្ដិវិធី គឺដៃទទេឥតសស្ដ្រាវុធ អោយមានរបៀបរៀបរយនិងស្ងប់ស្ងៀម កុំអោយមាត់កឡើយ ហើយអោយមានបដាមួយផ្ទាំងពីខាងមុខផង ដោយចារិកពាក្យស្លោកថា «យើងខ្ញុំសូមអោយដោះលែង លោកអាចារ្យហែម ចៀវ និងលោកនួន ឌួង មកវិញ» រួចអោយក្បួនទៅឈប់នៅមុខការិយាល័យនៃរ៉េស៊ីដង់សុប៉េរីយ៉ើរ(3)។ ថាបើប៉ូលិសវាដេញឬវាវាយ ត្រូវអោយខំស៊ូទ្រាំនៅទៅទៀតកុំតដៃឡើយគឺកុំធ្វើអ្វីៗតបវិញអោយសោះ ត្រូវនៅអោយស្ងៀម។ ថាបើអង្គុយចាំរហូតហួសម៉ោង១២ថ្ងៃត្រង់ទៅហើយ បារាំងនៅតែមិនសំរេចអោយតាមការសុំទេនោះក្បួនបាតុកម្មត្រូវត្រលប់មកវិញ ហើយឈប់ពីមុខការិយាល័យកងអាវុធហត្ថជប៉ុន ថ្លែងការប្រាប់ក្រុមតំរួតយោធាជប៉ុនតាមដំណើរ និងសុំអោយក្រុមនេះមេត្ដាជួយធ្វើអន្ដរាគមន៍ ចំពោះរដ្ឋាភិបាលបារាំងដើម្បីអោយអ្នកទាំងពីរដែលបារាំងចាប់យកនោះ បានរួចខ្លួនវិញ។ ថាត្រូវធ្វើតាមបញ្ចានេះ ទើបកងទ័ពជប៉ុនអាចនឹងជួយធ្វើអន្ដរាគមន៍ទាក់ទងជាមួយរាជការបារាំងបាន។
លុះត្រលប់មកវិញខ្ញុំប៊ុណ្ណចន្ទ ម៉ុល ក៍បាននាំបណ្ដាំនេះទៅប្រគេនព្រះសង្ឃគ្រប់វត្ដក្នុងទីក្រុងមានវត្ដលង្កាជាដើម ព្រមទាំងបានចាត់អោយផ្សាយប្រាប់គ្រហស្ថជាបាតុករ ព្រមទាំជំរាបលោកប៉ាច ឈឺនផង។
====កំណត់សម្គាល់====
(1) លោកគ្រូអាចារ្យហែម ចៀវ ជាសាស្រ្ដាចារ្យនៅសាលាបាលីជាន់ខ្ពស់ លោកគង់នៅវត្ដឧណាលោម កុដិជាមួយនិង សម្ដេចសង្ឈរាជជោតញ្ញាណោ ជួន ណាត លោកជាសិស្សសំណព្វនៃសម្ដេច។ កាលណោះសម្ដេចនៅឋានៈជាព្រះពុទ្ធ ឃោសាចារ្យ។
(2)លោកនួន ឌួងធ្វើជាក្រុមជុំនុំព្រះត្រៃបីដកនៅពុទ្ធសាសនបណ្ឌិត ផ្ទះនៅផ្សារកណ្ដាខាងជើងវត្ដឧណ្ណាលោមមានលក់និងជួសជុលទោចក្រយាន)
( ការិយាល័យនោះជាអគារបីជាន់ស្ថិតនៅខាងលិចវត្ថភ្នំ ជិតសណ្ឋាគារឡឺរ៉ូយ៉ាល់ ឥលូវធ្វើទីស្នាក់ការរដ្ឋមន្រ្ដីក្រសួងផែនការ)
========================================================
៤ -បាតុកម្មដាស់ខ្មែរមុនដំបូង
នៅថ្ងៃទី២០ កក្កដា១៩៤២ វេលាម៉ោង៦ លុះជួបជុំគ្នាហើយក្បួនបាតុកម្មដែលមានលោកសង្ឃ និងគ្រហស្ថជាច្រើនមីដេសដាសពេញក្រុងបានចេញដំណើរពីទីណាត់ឆ្ពោះទៅការិយាល័យនៃរ៉េស៊ីដង់សុប៉េរីយ៉ើរ។ គឺវត្ដលង្កាចេញពីវត្ដលង្កា វត្ដឧណ្ណាលោមចេញពីវត្ដឧណ្ណាលោម៘ មករួមគ្នានៅក្រោយវាំង និងមានលោកប៉ាច ឈឺន ជាអគ្គនាយក ដើរនាំមុខយ៉ាងអង់អាចក្លាហានផង។ ក្បួនដើរបាតុកម្មយ៉ាងអង់អាចឥតភ្លឹក គិញបារាំង ខ្មែរ យួន ដើរហែតាមខាង តែមុខស្លេកស្លាំងបានខ្លាចបាតុករ។ គិញបារាំងឈ្មោះ Sambraige ប្រុងប្រយ័ត្នជាងគេ ទាំងអស់គ្នាឆ្ពោះទៅកាន់ការិយាល័យនៃរ៉េស៊ីដង់ស៊ុប៉េរីយ៉ើរ។
មហាបាតុកម្មនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ខុសប្លែកពីបាតុកម្មកាលពី ៧០ផ្លាយឆ្នាំមុននោះយ៉ាងណា?។
៧០ផ្លាយឆ្នាំមុនបារាំងវាយបង្ក្រាបបាតុកម្មព្រះសង្ឃខ្មែរ ពេលនេះប៉ូលិសខ្មែរ វាយបង្ក្រាបព្រះសង្ឃខ្មែរ
លុះបានដល់នៅទីដៅហើយ ពួកបាតុករក៏ឈប់កកកុញនៅទីនោះពាសពេញនៅខាងលិចវត្ដភ្នំទល់មុខហោតិល Le Royal ដោយដាក់បដាពីមុខ។ មុនដំបូងលោក ប៉ាច ឈឺន បានចេញមុខនិយាយប្រាប់ហេតុការតាមដំណើរជាមួយអ្នករាជការបារាំងខ្លះ ដែលចេញមកឈរនៅចាំមាត់ជណ្ដើរខាងក្រោម ហើយនិងសុំជួបរ៉េស៊ីដងស៊ុប៉េរីយ៉ើរ។ ពួកបារាំងវាប្រាប់មកវិញថា ចូលគ្នាច្រើនមិនបានទេ ត្រូវអោយជើ្រសរើសតែមេៗបីបួននាក់ជាតំណាងទៅជួបនឹងរ៉េស៊ីដង់ស៊ុប៉េរីយ៉ើរទើបបាន!។ លឺដូច្នេះ ពួកបាតុករស្រែករញ៉ឡើងថា ទៅតែពីរបីនាក់មិនបានទេ វាចាប់ទៀតហើយៗក៏ចេះតែរុញច្រានគ្នាចូលទៅមុខស៊្រូបន្ថែមទៀត។ ដោយការរុញច្រានពីខាងក្រោយខ្លាំងពេក អស់លោកខាងមុខទាំងព្រះសង្ឃទាំងគ្រហស្ថដែលមានលោកប៉ាច ឈឺន ជាដើមក៏ជ្រុលខ្លួនចូលអគារធំនោះទៅ។
ពួកបារាំងឃើញដូច្នេះ ក៏បិទទ្វារមុខមិនអោយក្រុមនេះចូលទៅបាន ហើយក៏ចាប់តែលោកប៉ាចឈឺនម្នាក់នាំចូលទៅខាងក្នុង រួចវាបញ្ចេញតាមទ្វារក្រោយដាក់រថយន្ដយកទៅបាត់។ ឯពួកប៉ូសិសក៏ខំខាឃាំងទុបកុំអោយពួកបាតុករចូលទៅបាន ក៏បណ្ដាលទៅជាវាយតប់គ្នាច្រួលច្របល់ឡើងពាសពេញទីនោះ។ ពួកបាតុករខ្លះត្រូវរបួសនិងដំបងប៉ូលិស ចំណែកខាងប៉ូសិស ក៏ត្រូវរបួសខ្លះនឹងដងឆ័ត្រលោកសង្ឃផងនឹងដំបង នឹងដុំអិដ្ឋ នឹងកូនតឹង(1)។ បារាំងចាងហ្វាងគិញឈ្មោះប្រ៉ូស្ហីតុង Brocheton ដែលក្បាលទំពែកបានត្រូវនឹងកូនតឹងដែលជាអាវុធពិសេស ក៏ហូរឈាមសស្រាក់មកលើមុខជិតអាវស្ហីមីក្រហមច្រាល…
ក្នុងពេលនោះពួកបាតុករខ្លះដែលបានវាយពួកគិញក៏ត្រូវពួកគិញចាប់បានភ្លាមៗ នៅនិងកន្លែងនោះទៅ។ បាតុករខ្លះដែលវាចាប់បានភ្លាមៗមិនទាន់ វាក៏តាមរកស៊ើបចាប់តាមរូបថតដែលវាបានថតក្នុងពេលប្រលូកគ្នានោះ។ ពួកបាតុករខ្លះដែលពុំបានវាយតបទៅប៉ូលិសដូចគេ ក៏មានសេចក្ដីភិតភ័យគេវេះដោយខ្លួនចេញពីទីនោះ ដោយខ្លាចបារាំងចាប់។ ឯលោកគ្រូអាចារ្យប៉ាង ខាត់ ក៏ប្រឹងស្ទុះលោតចេញដកឃ្លាអោយផុតពីទីនោះដែរ។ ប៉ុន្ដែទោះគេញវេះយ៉ាងណា ក៏បារាំងស្គាល់ឈ្មោះ ស្គាល់មុខនៃព្រះសង្ឃជាមេៗច្បាស់អស់ទៅហើយ។ ចំណែកខ្ញុំប៊ុណ្ណចន្ទ ម៉ុលដែលបានលើកទោចក្រយានគប់ប៉ូលិស ដោយស្វ័យប្រវត្ដិ ពុំដឹងជាខ្លួនលើកកង់គប់ប៉ូលិសផង ក៏ទៅមានរូបថតរបស់ប៉ូលិសដែរ។ ការច្របូកច្របល់នេះ មិនដឹងជាថាដូចម្ដេចអោយត្រឹមត្រូវទេ ព្រោះដែលខ្ញុំចាំបានឆ័ត្រលោកសង្ឃក៏បានជាអាវុធពិសេស បុករុកត្រូវរបួសទ្រេល។ មានសាស្ដ្រាបារាំងម្នាក់បង្រៀនច្បាប់ សាលាច្បាប់ (មន្ទីរសភាសព្វថ្ងៃនេះ) អធិប្បាយប្រាប់សិស្សរៀនច្បាប់ជំនាន់នោះថា«ដែលហៅថាអាវុធនោះមិនចាំបាច់តែកាំភ្លើង ដាវ លំពែងទេ សូម្បីតែឆ័ត្រលោកសង្ឃក៏ថាអាវុធបានដែរ»។
សូមជំរាបថា នៅពេលនោះប្រហែលខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល លើកកង់ខាឃាំងពួកបាតុករកុំអោយគិញវាវាយទេ ប៉ុន្ដែវាប្រចាប់ថាលើកកង់គប់វាទៅវិញ។ ក្នុងពេលនោះពួកគិញវាចាប់បានបាតុករជាច្រើនដាក់ឡានយកទៅបាត់ទៅ តែពុំអាចចំណាំបាន ថានរជានរណាឡើយ ត្បិតរវល់តែភ័យរៀងខ្លួន ហើយដោយគ្នាច្រើនពេក ពុំអាចស្គាល់មុខ ស្គាល់ឈ្មោះគ្នាបានឡើយ។ ទ័ពជើងក្រហមបារាំងបាននាំយកមកគំរាមបាតុករ នៅពេលនោះជាច្រើនរយនាក់មានអាវុធគ្រប់ដៃ។
ក្នងពេលដែលពួកបាតុករកំពុងតែផ្អើលច្រួលច្របល់នោះ ខាងកងទ័ពជប៉ុនបានបញ្ជូនទាហានពីររថយន្ដបន្ទុក ទៅឈប់នៅក្បែរនោះដែរប៉ុន្ដែគេអាចជួយធ្វើអន្ដរាគមន៍ជាមួយរដ្ឋាភិបាលបារាំងដូចម្ដេចកើត? បើវាខុសផែនការដែលគេបង្គប់អោយធ្វើអស់ទៅហើយ។ ម្លោះហើយគេនៅស្ងៀមទៅ។
ក្រោយពេលបាតុកម្មមិនសំរេចនេះ បារាំងដើររកចាប់ម្នាក់ម្ខង ពីរនាក់ម្ដង តាមរូបថតនិងតាមដែលវាបានស្គាល់ពីមុនមកស្រាប់ផង។ ម្លោះហើយពួកបាតុករដែលមានខ្លួនទាំងលោកសង្ឃទាំងគ្រហស្ថចេះតែគេចវេះ គេចពួននិងរត់ចោលស្រុកអស់ជាច្រើននាក់។
ការធ្វើបដិវត្ដន៍ពុំបានសំរេច ការធ្វើបាតុកម្មក៏ពុំបានសំរេចទៀត មកពីពួកយើងចាប់ផ្ដើមធ្វើមុនដំបូងផង និងមកពីកាលជំនាន់នោះ ជាតិខ្មែរយើងនៅខ្ចីខ្លាំងណាស់ខាងនយោបាយស្រុកទេសត្បិតអីទើបនិងបានបើកភ្នែកពុំទាន់បានប៉ុន្មានឆ្នាំផង ឯការបើកភ្នែកនេះក៏ដោយសារការបំភ្លឺរបស់កាសែតនគរវត្ដផង ដោយសារការខំប្រឹងប្រែងរបស់កាសែតនេះប៉ុណ្ណោះ ដែលខំចែកផ្លូវគ្នាដើរពន្យល់បញ្ចុះបញ្ចូល បំភ្លឺប្រជាជាតិខ្មែរដែលដេកលក់ដោយខ្លាចគុកច្រវាក់។ សម័យនោះយើងមិនដែល នឹកចង់រើខ្លួន អោយរួចពីខ្ញុំបារាំងសោះក្នុងអំលុងជិតមួយសតវត្សមកហើយដោយធ្លាប់ដឹងធ្លាប់លឺចាស់ៗ ដំណាលតៗគ្នាមកថា បារាំងចាប់អ្នកស្នេហាជាតិអ្នកធ្វើបដិវត្ដន៍ជំនាន់មុខៗដូចជាពោធិកំបោរ ម៉ឹនពាង អាចារ្យស្វាក្រឡាហោមគង់ ឧកញ៉ា ពិស្ណុលោកឈូកយកទៅប្រោសចោល ឯកោះត្រឡាច ទាល់ស្លាប់ជាច្រើននាក់មកហើយ ឯអ្នកដែលក្បត់ជាតិគេឥតរវល់នឹងជាតិ គេខំតែផ្គាប់ផ្គុនបារាំង យកបុណ្យសក្ដិទ្រព្យសម្បត្ដិសម្បូរតែក្រុមគ្រួសារគេទៅ។ ពួកនេះគឺពួកវាំង មានសីហនុជាដើមខឹងនឹងខ្មែរគ្នាឯងជំនួសបារាំង ជេរប្រទេច ជេរលោកសង្ឃថា «អាត្រងោល»។
មួយវិញទៀតកាលជំនាន់នោះ ពេលវេលាបានហុចអោយយើងល្មមតែបានសំរេចដែរ ត្បិតកាលណោះនៅស្រុកវាកំពុងជាប់ដៃនឹងសង្រ្គាមលោកលើកទី២ បារាំងនៅស្រុកយើងតិចណាស់ ហើយគ្រឿងសំភារៈសឹកក៏សុទ្ធតែចាស់ៗ តាំងពីសង្រ្គាមលោកលើកទី១ (១៩១៤ ១៩១៨) មកម្លេះ។ វាពុំអាចបញ្ជូនទ័ពនិងយុទ្ធោបករណ៍ពីស្រុកវាមកបង្ក្រាបយើងបានឡើយ។ គួរអោយស្ដាយយ៉ាងក្រៃលែងដោយយើងធ្វើការឲ្យខុសផែនការ និងកម្មវិធីដែលត្រូវធ្វើនាំអោយខូចផែនការពុំបានសំរេច។ គឺជាបដិវត្ដដំបូងដែលនៅស្រុកយើងមិនដែលមានសោះ។ ប៉ុន្ដែបើទុកជាដូច្នេះក្ដីក៏គឺជាគំរូ ជាលំអានល្អមួយទុកអោយកូនចៅ យុវជនជំនាន់ក្រោយដើមតាមដែរ ដោយគ្រាន់តែកែឬពិនិត្យឡើងវិញ នូវផែនការនិងកម្មវិធី ដែលពួកយើងបានធ្វើ មិនបានសំរេចនោះតើខុសត្រង់ណា ឬមានឧបគ្គសអ្វីមកជំទាស់រារាំង ទើបបានជាខកខានមិនបានសំរេច។សូមជំរាបថា ការដែលធ្វើដំបូងតែងមានខុសដូច្នេះ ទើបអាចរកត្រូវឃើញ។ មានតែអ្នកឥតធ្វើអ្វីសោះដេកតែអេះពោះចាំមើលបំណាំទើបត្រូវរហូតឥតខុស។ ប្រសិនបើនៅជំនាន់យើង ឥតមានវីរជនណាម្នាក់គិតគូររើខ្លួនអោយរួចពីនឹមដែករបស់បារាំងទេ នោះយុវជនជំនាន់ក្រោយអាចនឹងបន្ទោសយើងបានថាយើងជាចាស់ជំនាន់មុនឥតគិតអ្វីសោះ បានជាបច្ឆាជនជំនាន់ក្រោយកើត ឡើងនៅតែខ្ញុំបារាំងតទៅឥតមានពេលរួចជាអ្នកជាឡើយ។
ហេតុការបដិវត្ដន៍ ដើម្បីរើបំរះពីនឹមបារាំងនេះទោះបីខកខានមិនអាចសំរេចមែន ក៏បានឈ្មោះថាពួកយើងបានត្រាយផ្លូវទុក អោយកូនចៅជំនាន់មុខដើរតាមដែរ ត្បិតប្រទេសឯទៀតៗដែលនៅក្នុងក្រញ៉ាំបរទេស មានប្រទេសឥណ្ឌាជាដើម ក៏គេខំរើបំរះយកឥស្សរភាពដោយសន្ដិវិធី រឺវិធីអហិង្សាអស់ថិរវេលាយ៉ាងយូរដល់៣០ឆ្នាំ ស្លាប់មនុស្សរាប់សែននាក់ទំរាំបានសំរេចបានឯករាជ្យ មិនមែនធ្វើតែម្ដងហើយបានសំរេចទេ។ ចុះបើយើងនៅស្ងៀមមិនធ្វើអ្វីសោះ? នោះរិតតែលិចទៅ ទៀត! នៅខ្ញុំគេរាប់ពាន់ឆ្នាំ គ្មានឃើញពន្លឺឯករាជ្យទេ។
សូមនិយាយអំពីលោកជុំ មួងបន្ដិច។ ក្នុងពេលបាតុកម្មនោះ លោកពុំបានចូលរួមនិងគេទេ ត្បិតត្រូវចាត់អោយទៅស្ដាប់ការនៅនឹងកន្លែងនៅក្រសួងធម្មការ ដែលជាកន្លែងធ្វើការ តើរាជការគេចាត់រឿងនេះដូចម្ដេច? ប៉ុន្ដែដោយអន្ទះសារចង់ដឹងរឿងពេក ក៏បានចាត់អោយលោក អ៉ិតធុយ (ឥឡូវធ្វើការអគ្គអេរញ្ញិកនៃអគ្គរតនាគារនៅភ្នំពេញ លោកជាអ្នកស្នេហាជាតិម្នាក់ដែរ) ជាសិស្សសាលារដ្ឋបាលតុលាការខ្មែរ ដែលនៅរៀនធ្វើការនៅក្រសួងមហាផ្ទៃ និងធម្មការអោយទៅមើលការជំនួសក្នុងឋានៈជាប្រតិភូនៃក្រសួងធម្មការ។ ហើយដើម្បីការពារខ្លួនកុំអោយបារាំងចាប់ លោកជំ មួងបានធ្វើសំបុត្រមួយច្បាប់ បោះត្រាក្រសួងធម្មការអោយកាន់កំដរខ្លួនផង។
លុះលោក អ៉ិត ធុយត្រលប់មកវិញបានរាយការណ៍ថា បាតុកម្មនោះខកខានពុំបានសំរេចទេពួកបាតុករត្រូវបារាំងដេញចាប់រត់រប៉ាត់រប៉ាយអស់ហើយ។
សូមជំរាបថា នៅល្ងាចថ្ងៃ១៩ កក្កដា ដោយភ័យខ្លាចក្រែងបារាំងចាប់មុនពេលបាតុកម្ម ត្បិតស៊ើបដឹងថា មានឈ្មោះត្រូវចាប់នឹងគេដែរលោកជុំមួងក៏បានទៅទទួលទានដំណេកនៅផ្ទះលោកញ៉ែម ធុច (គ្រានោះធ្វើជាលេខាធិការនៅក្រសួងធម្មការដែរ) នៅសង្កាត់ចាក់អង្រែលើខាងនាយស្ពានមុនីវង្ស ទល់មុខនឹងផ្ទះលោករស់ (លោករស់នេះហើយដែលលបដាក់កូនតឹងទៅ ផងក្នុងពេលបាតុកម្ម)។
លុះព្រឹកឡើងថ្ងៃ២០ កក្កដា ទើបនាំគ្នាទាំងបីនាកនោះមកភ្នំពេញជាមួយគ្នា ប៉ុន្ដែមកដល់ភ្នំពេញក៏បានបែកគ្នា។ លោករស់ទៅចូលក្នុងបាតុករ។ ឯលោកញ៉ែម ធុច និងលោកជុំ មួងក៏ចូលទៅកាន់ការិយាល័យធ្វើការដូចធម្មតា។
ដោយភិតភ័យញ័រសាច់ជាប់ ខ្លាចបារាំងចាប់ នៅយប់ថ្ងៃ២០ កក្កដានោះលោកជុំ មួងទទួលទានដំណេកពុំលក់សោះ។ គ្រាន់តែលឺសូររថយន្ដបើកមុខផ្ទះក៏ភ័យស្លោភ្នែកដែរ ដោយស្មានថាឡានគិញបារាំងមកចាប់។ លុះយប់ជ្រៅប្រហែលម៉ោង៣ បានលង់លក់បន្ដិចទៅស្រាប់តែយល់សប្ដិឃើញទៅមើលគេដងព្រោននៅមាត់សមុទ្រ។ ថាចុះទៅក្នុងទឹករាក់ៗត្រឹមជង្គង់ ស្រាប់តែលឺខ្យងក្ដក់ប៉េះៗ រួចក្រលេកទៅឯនាយឆ្ងាយឃើញទឹកសមុទ្រឡើងកំពស់ចុងត្នោតកាន់តែលឿនជិតមក លោកនឹកភ័យក៏តតេះតតះឡើងរួចទៅលើមាត់ច្រាំងសមុទ្រ ហើយក៏ភ្ញាក់ឡើង។ ទើបសំរេចចិត្ដថាត្រូវតែរត់គេចទើបផុតភ័យន្ដរាយដូចក្នុងយល់សប្ដិ។
លុះដល់ម៉ោង៤កន្លះទៀបភ្លឺនៃថ្ងៃ២១ កក្កដា ក៏ចេញដំណើរទៅបាត់តំបង (កាលណោះបាត់ដំបងជាស្រុកសៀមដោយបារាំង បានកាត់ដីឲ្យទៅសៀម កាលដែលវាចាញ់សង្គ្រាមបារាំងសៀម) តាមអាយស្ម័យយាន ដោយសរសេរសំបុត្រទុកឲ្យគេសុំច្បាប់អោយ ដាក់ក្នុងសំបុត្រកុហកចោលជើងថាទៅសួរបងឈឺធ្ងន់ឯព្រៃវែង គិតថាបើសុំច្បាប់ត្រង់ច្បាស់ជាគេស្គាល់ទាន់កណ្ដាលផ្លូវខកដំណើរ។ ហេតុដូចនេះប្រាប់គេថាទៅព្រៃវែងហើយទៅបាត់ដំបងឯណោះវិញ។ ទៅដល់ពោធិសាត់ បានឃើញគិញបារាំងចាប់លោកសង្ឃបាតុករពីរ-បីអង្គដែលរត់គេចឆ្លងទៅសៀមបញ្ចូនមកភ្នំពេញវិញ។ គិញនោះឈ្មោះទី កញ្ឆន ស្គាល់លោកជុំ មួង បានសួរថាទៅណា? លោកឆ្លើយកុហកថាទៅត្រពាំងជង(នៅត្រពាំងជងមានបងឈ្មោះលោក ជុំ ម៉ៅ ធ្វើចៅហ្វាយស្រុកនៅទីនោះ) ប៉ុន្តែដោយមិនទាន់បង្គប់អោយចាប់លោកបានជាគិញមិនចាប់។
សំណាក់នៅត្រពាំងជង១យប់ ដល់វេលាម៉ោង៥ភ្លឺនៃថ្ងៃទី២២ កក្កដា ទើបជួលរទេះសេះជូនដំណើរពីត្រពាំងជងទៅដល់អូរតាប៉ោង ក៏បាននិយាយបោកមេឃុំ ឆៃអោយជូនដំណើរឆ្លងស្ទឹងស្វាយដូនកែវទៅខាងដីសៀម ដោយកុហកថាមានការប្រញ៉ាប់ទៅលក់ស្រូវឯជ្រោយស្ដៅសុំប៉ាស្ព័រមិនទាន់។ មេឃុំឆៃដោយនៅក្រោមបង្គាប់បងលោកឈ្មោះជុំ ម៉ៅស្រាប់ ក៏ចាត់ជំទប់ប្រដាប់ដោយកាំភ្លើងមូស្ដីតុងច្រកគ្រប់ស្រេចជូនដំណើរទាស់តែឆ្លងផុតស្ទឹងទៅខាងនាយទៅ។
សូមជំរាបពិព្រឹត្ដិការណ៍នៅភ្នំពេញតទៅទៀ តពីថ្ងៃបាតុកម្មមក ពួកគិញបារាំងចេះតែដើររកចាប់ក្រុមបាតុករគ្រប់កន្លែងនៅក្រុងភ្នំពេញ និងនៅខេត្ដក្រៅ។ ពួកបាតុករដែលមានឈ្មោះច្រើនជាងគេគឺនៅវត្ដឧណ្ណាលោម និងនៅវត្ដលង្កា ដែលជាហេតុបណ្ដាលអោយព្រះសង្ឃនិងគ្រហស្ថដែលមានឈ្មោះពីមុន និងដែលបានចូលធ្វើបាតុកម្ម ភិតភ័យរន្ធត់គេចរត់ទៅពួនឯស្រុកក្រៅជាច្រើន។ ខ្លះក៏បានឆ្លងដែនទៅខេត្ដបាត់ដំបងដែលគ្រានោះជាអាណាខេត្ដសៀម។
ចំណែកលោកគ្រូអាចារ្យប៉ាង ខាត់ ដោយភិតភ័យណាស់ក៏រត់ទៅសឹកជាគ្រហស្ថហើយទៅពួនសំងំនៅ នឹងវត្ដចិនដំដែក(ពិភទ្ររង្ស៊ី) មិនសុខមិនសាប់ ដោយភ័យខ្លាចពួកវាពេក ក៏ប្ដេជ្ញាចិត្ដដើរចូលទៅអោយវាចាប់ឯក្រសួងធម្មការតែម្ដង។
======កំណត់សម្គាល់==========
(1) កូនតឹងនេះធ្វើដោយក្បាលឡោស៊ីដែកចងភ្ជាប់នឹងខ្សែកៅស៊ូវែង។ កាលណាចោលទៅវាយឺត លុះត្រូវហើយវាក៏មកត្រូវដៃវិញ កូនខ្លះគេយកដុំសំណធ្វើក៏បានដែរ តាមដែលលោកជុំ មួងបានឃើញនឹងភ្នែកថា មានបាតុករម្នាក់ឈ្មោះរស បានបង្ហាញអាវុធនេះលួចដាក់បង្ការខ្លួនក្រែងលោមានកើតហេតុក្នុងពេលបាតុកម្ម។ ឈ្មោះរស់នេះត្រូវជាបងថ្លៃលោកអាចារ្យ អ៊ុច រស់ ដែលជាមេហាងឱសថវិមានឯករាជ្យ មុខវត្ដលង្កាភ្នំពេញ។ កាលពេលរត់ទៅជួបគ្នាឯបាត់ដំបង លោករស់បានដំណាលប្រាប់លោកជុំ មួងថា កាលបាតុកម្មនោះគាត់បានចោលកូនត្រូវបារាំង ៤-៥នាក់ដែរ។ ប៉ុន្ដែតាមដំណើរថា កាលនោះមានគ្នាច្រើនដែរដែលបើ្រអាវុធពិសេសនេះ។ )
=====================================================
៥ -អំពីការចាប់ខ្លួនខ្ញុំប៊ុណ្ណចន្ទម៉ុល
ក្រោយដែលត្រលប់មកពីបាតុកម្មវិញ ខ្ញុំប៊ុណ្ណចន្ទ ម៉ុល ក៏មកផ្ទះវិញធ្វើការលក់ដូរធម្មតានៅឯផ្សារស៊ីញែក ប៉ុន្តែមានបារម្ភក្នុងចិត្តជានិច្ចថា ថ្ងៃណាមួយមុខជាត្រូវបារាំងចាប់មិនខាន។
លុះដល់ថ្ងៃទី២៤ កក្កដា១៩៤២ រសៀលម៉ោង១៥ ស្រាប់តែរថយន្ដសូដូមមកឈប់នៅក្បែរផ្ទះលេខ២ មុខវត្ដឧណ្ណាលោម ដែលខ្ញុំកំពុងទទួលទានដំណេកនៅទីនោះ។ ពេលនោះគិញខ្មែរ៦នាក់ និងបារាំង១នាក់ ចូលទៅសួរខ្ញុំហើយនាំំខ្ញុំទៅប៊ុយរ៉ូគិញ។ នៅទីនោះបារាំងវាសួរខ្ញុំថា បានទៅធ្វើបាតុកម្មនឹងគេទេ? ខ្ញុំឆ្លើយប្រាប់វាថា បានទៅជាមួយគេដែរ ប៉ុន្ដែពុំបានវាយពួក គិញទេ។ លុះសួរចប់ហើយ វាក៏បើកអោយមកផ្ទះវិញនៅវេលាម៉ោង១៦ល្ងាច។ ដល់ស្អែកឡើង ២៥កក្កដា វេលាម៉ោងប្រ ហែល៨ព្រឹក ខ្ញុំកំពុងតែលក់ដូរគុយទាវ កាហ្វេ ស្រាប់តែគិញម្នាក់ហៅខ្ញុំថាលោកចាងហ្វាងសុំអោយទៅជួបទៀតត្បិតលោ កសួរពីម្សិលម៉ិញពុំទាន់ចប់។ ខ្ញុំក៏បានទៅប៊ុយរ៉ូគិញនៅម៉ោងប្រហែល៩។ លុះសួររួចហើយ វាប្រាប់ខ្ញុំថាសុំឃុំខ្លួន ដោយមានសេចក្ដីសង្ស័យត្រូវសួរតទៅទៀត ហើយវាក៏ចាត់ឃុំខ្ញុំក្នុងគុកងងឹតនៃក្រុមព្រះនគរបាល (Sûreté) នោះទៅ។
ក្រោយពីបានឃុំខ្លួននៅនៅគុកគិញចំនួន៥ថ្ងៃ វាក៏បញ្ជូនខ្ញុំទៅឯគុកធំ នៅថ្ងៃទី៣០កក្កដា។ នៅគុកធំខ្ញុំបានជួបមិត្ដ ៤-៥នាក់ ដែលធ្លាប់ស្គាល់ហើយជាប់ទោសក្នុងរឿងជាមួយគ្នាដែរ គឺលោកម៉ម លន់ នៅមុខវត្ដលង្កា ឆៀងខាងត្បូង លោកភោគ នី នៅខាងលិចវត្ដលង្កា លោកអ៊ឹម នៅខេត្ដតាកែវ លោកព្រៃ អៀម នៅសង្កាត់ព្រែកហ្លួង ស្រុកខ្សាច់កណ្ដាល និងពីរនាក់ទៀតពុំស្គាល់ឈ្មោះ។
អស់លោកនិងមិត្ដទាំងឡាយ! មកដល់ដំណាក់កាលនេះហើយដែលជីវិតខ្ញុំបានចូលទៅនៅក្នុងគុក.. គុកនៅភ្នំពេញ ដែលខ្ញុំនឹងជំរាបតទៅទៀត…
ជីវិតនៅក្នុងគុកធំភ្នំពេញ
ជីវិតក្នុងគុកធំភ្នំពេញ ខ្ញុំសូមជំរាបពីជីវភាពនៃមនុស្សទោសក្នុងគុកធំកាលជំនាន់នោះដូចតទៅ៖
មុនដំបូងបង្អស់ កាលដែលចូលទៅដល់ គេអោយទៅនៅក្នុងបន្ទប់ធំមួយ មានរានថ្នាក់ខ្ពស់ធ្វើដោយក្ដារកំពល់ប្រហែល ៦០សង់ទីម៉ែត្រ(៦តឹក)។ នៅនោះ ឃើញមានកំណាត់ធុងដែក៦ដែលកាត់ផ្ដាច់ពីធុងប្រេងម៉ាស៊ីន ចំណុះ២០០លីត្រ ដាក់នៅចុងជើង។ ធុង១សំរាប់ដាក់ទឹកទទួលទាន ធុងមួយទៀតសំរាប់បន្ទោរបង់។ នៅវេលាម៉ោង៦ល្ងាច អ្នកយាមបានចូលមក ដាក់ខ្នោះជើងទាំងពីរជាប់ដង្ហែគ្នាជាមួយនាក់ឯទៀត ខ្នោះនោះគឺខ្នោះដែកដែលមានរនុកវែងហូតចុះឡើងបាន រួចចាក់សោ យ៉ាងមាំនៅខាងចុង។ ពេលដែលត្រូវបត់ជើងតូចធំ ត្រូវដាស់គ្នាអោយជួញទាញ ឬរុញធុងលាមកមកជិត ទើបអាចបន្ទោរបង់បាន តែដោយលំបាកផង ត្បិតជើងទាំងពីរជាប់ខ្នោះ។ ដល់ព្រឹកឡើងម៉ោងប្រហែល៦ជាង ទើបអ្នកយាមចូលមកដោះខ្នោះពីជើងចេញហើយអោយដើរបានតែក្នុងកំពែងគុកនោះ ដែលមានទទឹងចំនួន៦ម៉ែត្រ បណ្ដោយចំនួន៨ម៉ែត្រ។ នៅវេលាម៉ោង ១០ព្រឹក លឺសូរនាក់យាមវាយជួងម៉ូងៗ ខ្ញុំក្រលេកទៅខាងក្រៅ ឃើញក្មេងអ្នកទោសដែលអាយុមិនដល់១៥ឆ្នាំ វារត់ស្រទៅកាន់ចានដែកធ្វើអាយរាងដូចខ្ទះ(1) ដែលវាទើបនឹងដួសចូកចង្អូរប្រលាយទឹកដែលលាយដីសំរាមលាមកថ្មីៗ ទៅជ្រលក់លូទឹក(បាស្សាំង) គឺវាគ្រាន់តែជ្រលក់ផ្លូកទៅក្នុងទឹកនោះ រួចលើកឡើងវិញ រួចវាយកចាននោះឯងទៅដាក់បាយមកអោយខ្ញុំទទួលទាន។ គេចូកយកបាយក្រហមពេញមួយចានដែកនាះ រួចត្រីឆ្លាំងស្ងោរពីររឺបី (តាមធំតាមតូច) ដាក់ពីលើបាយ មានអំបិលចំនួនមួយក្ដាប់ជាមួយម្ទេស៥-៦គ្រប់ដាក់ពីលើត្រីនោះ ហើ យមានទឹកត្រីដាក់ចានដែកធ្វើអាយតូចមួយ ដាក់ពីលើចានបាយនោះទៀតជាការស្រេច។ សូមជំរាបពីត្រីឆ្លាំងស្ងោរនោះ មុនដំបូល គេឥតបានធ្វើ កោសរំអិលកាត់ធ្មុងកាត់កន្ទុយ កាត់ត្រចៀកវះពោះយកអាចម៍ចេញទេ ឥតលាងទឹកទេ គឺលើកត្រីទាំងកញ្ជ្រែងដែលទើបទិញមកពីផ្សារចាក់ឈូទៅក្នុងខ្ទះត្នោត ដែលដាំចាំនោះតែម្ដង។ កាលបើឃើញថាឆ្អិនល្មមហើយ គេយកកញ្ជ្រែងយ៉ាងធំមួយទៅដួសតែត្រីមកដាក់ផ្ទាល់ដី ហើយទើបគេចាត់ចែងដាក់គ្រប់ចានបាយ។ ឯអ្នកធ្វើចង្ក្រានរឺចុងភៅគឺ ជាមនុស្សទោសដូចគ្នា។ លុះរៀបចំសព្វហើយ ទើបគេចាត់អោយក្មេងៗលើកចានបាយនោះទៅដាក់អោយទទួលទានក្នុង១ វង់១ចានសំរាប់អ្នកទោស៦ ឬ៧នាក់។ ដល់ពេលបាយម្ដងៗ ខ្ញុំសង្កេតឃើញគេដាក់ចានបាយតំរៀបរាប់រយចាន។ បើគិតតាមចានបាយទាំងនោះ អាចយល់បានថា មានមនុស្សទោសជាច្រើនរយនាក់នៅក្នុងគុក ប៉ុន្ដែសាលបន្ទប់ដោយខ្លួនៗពីគ្នា។
ស្ថានភាពបន្ទប់ និងអ្នកជាប់គុក នៅកោះត្រឡាច
ស្ថានភាពបន្ទប់ និងអ្នកជាប់គុក នៅកោះត្រឡាច
ស្ថានភាពបន្ទប់ និងអ្នកជាប់គុក នៅកោះត្រឡាច
ស្ថានភាពបន្ទប់ និងអ្នកជាប់គុក នៅកោះត្រឡាច
ស្ថានភាពអ្នកជាប់គុកស្ដ្រី នៅកោះត្រឡាច
អស់លោកមិត្ដភក្ដិជាទីស្នេហា! មុនដំបូងខ្ញុំទទួលទានពុំកើតទេ។ តើខ្ញុំទទួលទានម្ដេចបាន បើលូកដៃទៅចាប់បាយមកដាក់ក្នុងមាត់កាលណាក៏ធំក្លិនលាមកជាប់មកនឹងបាយច្បាស់យ៉ាងនេះ បាយមិនបានទេ! ខ្ញុំទទួលទានតែទឹក រួចក៏សំរាកទៅ។ ចំណែកមិត្ដភក្ដិខ្ញុំទាំងប៉ុន្មានគេអាចទទួលទានបានជាធម្មតា ត្បិតគេជាប់ទោសនៅយូរមុនខ្ញុំ គេថ្នឹកជាងខ្ញុំ។ ប៉ុន្តែឯណា! ខ្ញុំអត់បាយបានត្រឹមបីថ្ងៃប៉ុណ្ណោះ!។ លុះដល់ថ្ងៃទី៤ ស្ទុះឯណារួច ដោយឃ្លានខ្លាំងពេក អត់ទ្រាំទៅទៀតពុំបាន ទើបខ្ញុំអាចទទួលទានបានដូចគេឯងដែរ ប៉ុន្ដែមុនដំបូងទ្រង់ច្បិចច្បើម ខំប្រឹងលេបកុំអោយតែឃ្លានពេក។ ដល់មួយពេលពីរពេលទៅ ក៏ទទួលទានបានច្រើន ហើយឆ្ងាញ់ដូចគេដែរ។ ឯត្រីស្ងោរទាំងធ្មុង ទាំងកន្ទុយទាំងរំអិល ទាំងអាចម៍ក៏ក្លាយទៅជាម្ហូបពិសេសយ៉ាងឆ្ងាញ់ពិសាប្រៀបនឹងម្ហូបទិព្វ សំរាប់មនុស្សទោសក្នុងគុកទៅវិញ។ នៅគ្រានោះហើយ នាំអោយនឹកឃើញដល់សុភាសិតខ្មែរបុរាណមួយឃ្លាថា «ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ»។
ចាប់តាំងពីថ្ងៃទី៤ រហូតទៅខ្ញុំទន្ទឹងចាំតែដល់ពេលបាយនឹងអាលទទួលទានហើយទទួលទានយ៉ាងឆ្ងាញ់ជាធម្មតាដូចគេឯងទៀតដែរ បាត់ធំលាមក បាត់ធំឆ្អាបត្រី បាត់ឆ្អើមញញើតញញើមអ្វីទាំងអស់គឺទទួលទានល្មមយ៉ាងចាស់ដៃអោយខាងតែឆ្អែត ដោយហេតុតែឃ្លានពេកទៅ ត្បិតក្នុងមួយថ្ងៃៗទទួលទានបាយតែពីរដង គឺពេលព្រឹកនៅម៉ោង១០ ពេលល្ងាចម៉ោង១៦ ឥតដែលបានអ្វីស្រស់ស្រូបបន្ដិចបន្តួចមុនពេលបាយឡើយ គឺពោះទទេធេង រង់ចាំតែពេលបាយពីរដងក្នុងមួយថ្ងៃប៉ុណ្ណោះ ។ កាលនោះ ខ្ញុំទើបបានអាយុ២២ឆ្នាំ កំពុងពេញទទួលទានច្រើនណាស់ផង។
លុះនៅក្នុងគុកធំបាន៦ថ្ងៃ ទើបគេនាំខ្ញុំជាមួយអ្នកឯទៀតទៅថតរូបឯការិយាល័យសញ្ញាណ គឺជាប៊ុយរ៉ូគិញផ្នែកថតរូប ផ្ដិតមេដៃ។ ពេលនោះហើយដែលខ្ញុំនៅចាំច្បាស់អស់មួយជីវិតឥតភ្លេចឡើយ។ មុនដំបូងប្រហែលម៉ោង៧ កន្លះព្រឹក អ្នកយាមមកបើកទ្វារគុកអោយយើងចេញ ហើយគេនាំទាំងអស់គ្នាដើរត្រសងជាមួយគេ ទៅដល់កន្លែងមួយជិតមាត់ទ្វារក្នុង គឺទ្វាទីមួយ គេអោយយើងអង្គុយចុះ ទើបគេបញ្ជាអោយស្រាតខោអាវស៊ីវិលចេញទាំងអស់គ្នា យកខោអាវទៅដាក់មួយដុំរួមគ្នានៅទីនោះ។ យើងឃើញក្មេងអ្នកទោសយកខោអាវខ្លីៗមកប្រគល់អោយមួយសំរាប់ម្នាក់។ លុះស្លៀកពាក់គ្រប់គ្នាហើយ ទើបគេនាំចេញតាមទ្វារទីពីរទៅក្រៅគុក ដើម្បីឡើងជិះឡានដែលឈប់ចាំនៅទីនោះ។ រថយន្ដបើកចេញពីនោះបត់ទៅទិសខាងលិច តំរង់ទៅការិយាល័យអត្ដសញ្ញាណ (Identité) គេអោយខ្ញុំថតរូបផ្ដិតដៃសព្វ។ កាលថតរូបហើយគេក៏នាំត្រលប់មកគុកធំវិញតាមរថយន្តដដែល, ទើបគេបញ្ជូនខ្ញុំនិងមិត្ដ៦នាក់ទៀតទៅក្នុងបន្ទប់តូចមួយ គឺគុកងងឹត ដែលមានទទឹងប្រហែល២,៥០ម៉ែត្របណ្ដោយចំនួន៣ម៉ែត្រ។ បន្ទាប់នោះជិតទាំងអស់មានតែចន្លោះតូចមួយចោះនៅចន្លោះទ្វារ មានចំរឺង ដែកយ៉ាងមាំចាក់សោជាប់ មានពន្លឺចូលមកខាងក្នុងយ៉ាងតិចបំផុត ប្រៀបបាននឹងទូដែកយ៉ាងដូច្នោះឯង។
ផ្នែកខោអាវដែលគេចែកអោយនោះ ជាសំលៀកបំពាក់យ៉ាងចាស់មិនដឹងពីកាលណា ឥតដែលបានបោកលាងម្ដងណាសោះ។ បើជានៅថ្មីវិញ ទំងន់ប្រហែល៣០០ក្រាមប៉ុណ្ណោះ តែនេះជាខោអាវចាស់យូរមកហើយ មិនដឹងតាំងពីឆ្នាំណា ធំក្លិនមិនជាបើសោះ ស្អិតដោយក្អែលនិងញើសកាន់ក្រាសឃ្មឹក ប្រៀបបាននឹងសំពត់ជ្រលក់ទឹកក្រមួនឡើងគ្រាំងស្អិតដូច្នោះឯង។
ជាការជាក់ច្បាស់ណាស់ ដូចមិត្ដនាក់អានឃើញរូបថតខ្ញុំដែលខ្ញុំផ្ដិតនៅទំព័រខាងមុខនៃសៀវភៅនេះស្រាប់ ដែលគេថតខ្ញុំ កាលដែលចូលទៅមន្ទីអត្ដសញ្ញាណនោះ ពិនិត្យចុះ អាវដែលពាក់នោះជ្រួញឬបន្ទះៗដូចគេយកភក់ទៅប៉ាត គគ្រិចនិយាយពុំបាន។ ត្រង់នេះខ្ញុំសូមអភ័យទោសដោយខ្ញុំពុំអាចផ្ដិរូបថតនេះជូនបាន ព្រោះរូបមានភាពដាច់ដាចស្ទើរអស់ទៅហើយ ខ្ញុំថែរក្សារូបនោះរហូតមក ទុកជាអនុស្សាវរីយ៍នៃជីវិតដ៏សែនឈឺចាប់ខ្លោចផ្សាររបស់ខ្ញុំ ដែលមានអាវនោះពាក់ជាប់នឹងខ្លួន ជាភស្ដុតាងស្រាប់។ ក្នុងគុកនោះមនុស្សទោសគគោកពេញទាំងគុក ម្ដេចមិនប្រើអោយបោកលាងអោយស្អាត? ឆ្លើយថាគេមិនរវល់ទេ គេទុកអោយវាមានសភាពដូច្នេះចុះ ដើម្បីបន្ទាបបន្ថោកបង្អាប់កិត្ដិយស ឬផ្ចាលផ្ចាញ់អោយយើងរាងចាលអោយយើងបាក់ស្បាតរាបដូចកន្ទេល កុំអោយយើងហ៊ានរើខ្លួន អោយរួចពីខ្ញុំកញ្ជះគេឡើយ តាមរបៀបអាណានិគម ដែលគេធ្លាប់តែធ្វើដូច្នេះនៅគ្រប់ទីកន្លែង។
នៅកន្លែងថ្មីគឺគុកងងឹតនេះ ឥតមានកន្ទេលខ្នើយអ្វី ទទួលទានដំណេកផ្ទាល់នឹងឥដ្ឋបេតុងដែលគេធ្វើជារានខ្ពស់ខាងក្បាលដំណេកខ្ពស់ជាងខាងចុងជើងបន្ដិច។ នៅទីនេះគេប្រើបំពង់រិស្សីដូចជាបំពង់ទឹកត្នោត ទុកសំរាប់អោយបត់ជើងមួយ ទុកសំរាប់ដាក់ទឹកទទួលទានមួយ។ ឯជើងទាំងពីរត្រូវដាក់ខ្នោះភ្ជាប់ដូចជានៅសាលធំដែរ។ ដល់ពេលបត់ជើងម្ដងៗ មានការលំបាកណាស់ ត្បិតកជើងជាប់ខ្នោះ ប៉ុន្ដែមុនដំបូង ត្រូវសំរូតជើងខោម្ដាងអោយចេញផុតពីជើងម្ខាងសិនទើបដោះខោពីជើង ម្ខាងទៀតបាន។
សូមបញ្ជាក់រឿងនេះបន្ដិច ក្រែងអស់លោកអ្នកស្ដាប់មិនទាន់បាន មិនយល់របៀបត្រូវស្រាតខោតាមជើងម្ដងមួយ ជើងណាមុនក៏បាន។ ឧបមាថាស្រាតតាមជើងឆ្វេងមុន ពេលដែលជើងខាងឆ្វេងទៅដល់កជើង ត្រូវយកដៃទាំងពីរជួយឆ្មូល សង្កត់ជើងខោអោយណែនអោយតូចរុញរុលប្រជ្រៀតតាមប្រហោងខ្នោះ អោយទាស់តែផុតខ្នោះទៅដល់ប្រអប់ជើងរូចព្យា យាមទាញជើងខោនោះអោយផុតប្រអប់ជើងទៅទៀត ផុតប្រអប់ជើងហើយ ទើបទាញជើងខោនោះលាត់បកមកតាមប្រ ហោងខ្នោះវិញ។ នេះរបូតជើងខោមួយពីជើងមួយហើយ។ របូតជើងខោពីជើងនេះបានហើយត្រូវស្រាតជើងខោម្ខងទៀត របៀបស្រាតខោអំពីជើងម្ខាងទៀតនេះមានរបៀបដូចស្រាតជើងខោពីមុនដែរ ធ្វើយ៉ាងនេះទើបអាចស្រាតខោចេញពីខ្លួនបាន។
បើមនុស្សឥតប្រាជ្ញាឈ្លាសវៃ មិនងាយដោះរួចឡើយ។ ប្រហែលម៉ោង៤រសៀល គេអោយងូតទឹក។ ក្នុងពេលងូតទឹកនេះ គេបើកទ្វារចំហ ហើយប្រាប់អោយស្រាតខោអាវ បោះចេញទៅខាងក្រៅទាំងអស់ នៅតែខ្លួនទទេ ហើយជាប់ខ្នោះផង រួចគេយកចានសំរាប់ដាក់បាយទៅដួសទឹកក្នុងធុងមួយដែលដាក់នៅជិតនោះជះមកពីចម្ងាយអោយពីបីចាន ហើយប្រាប់អោយ ដុសក្អែលទៅ កំពុងតែដុសក្អែលមិនទាន់បានប៉ុន្មានផង គេជះទឹកពីរបីចានទៀតជាការស្រេច។ សូមជំរាប ទឹកពីបីចានប៉ុណ្ណោះ ពុំអាចទទឹកជោកសព្វខ្លួនបានទេ ត្បិតនៅសល់ភាគចំហៀងម្ខាងដែលពុំត្រូវទឹក។ ឯក្អែលក៏ពុំអាចដុសបានឡើយ ត្បិតទឹកតិច ពេកហើយពេលក៏ខ្លីរកដុសពុំបានលុះចប់កិច្ចនេះហើយ គេបោះខោអាវចូលមកអោយវិញក៏ទទឹកអស់នឹងទឹកដែលទើបងូត ហើយ ខ្ញុំយកខោអាវទទឹកនោះជូតមុខខ្លួនប្រាណរួចសំដិលបន្ដិចទើបស្លៀកពាក់វិញ យ៉ាងពិបាកដោយជើងជាប់ខ្នោះនោះ។
ឯរបៀបស្លៀកទៅវិញនោះក៏ត្រូវស្លៀករុញជើងខោតាមជើង កាត់តាមប្រហោងខ្នោះដូចកាលដែលស្រាតនោះដែរ នឹងប្រើពេលព្យាយាមដូចគ្នាដែរ។
លុះនៅក្នុងគុកធំបានប្រហែលមួយអាទិត្យគេបញ្ចូនត្រលប់ទៅឯប៊ុរ៉ូគិញវិញ។ ក្រោយពីនោះប្រហែល៥ថ្ងៃទើបគេអោយស្លៀកខោអាវស៊ីវិលរបស់ខ្ញុំពីដើមវិញ រួចគេដាក់ខ្នោះដៃអោយឡើងរថយន្ដទៅចុះកប៉ាល់ចំបាំងសកម្មក្រុមទ័រពីយ័រ ដែលជាកប៉ាល់ប្រដេញលឿនបំផុតសម័យនោះរបស់អាណានិគម។ កប៉ាល់នោះចតនៅមុខផ្ទះរ៉េស៊ីដងសុប៉េរីយ៉ើរ ដែលឥលូវ នេះជាសណ្ឋាគារនៃរដ្ឋាភិបាលខ្មែរ។ នៅក្នុងកប៉ាល់គេពុំដោះខ្នោះចេញទេ។ ទៅក្នុងកប៉ាល់ខ្ញុំភ្ញាក់ព្រើតតែម្ដងត្បិតឃើញមិត្ដភក្ដិឯទៀតគឺលោកគ្រូអាចារ្យប៉ាង ខាត់ និងទាហានជើងក្រហម ៧-៨នាក់មានឈ្មោះស៊ីត ជាដើមដែលបានត្រូវគេនាំពីទីឃុំឃាំងផ្សេងៗ មកជួបជុំគ្នាក្នុងកប៉ាល់នេះដែរ។ នៅវេលារសៀលប្រហែលម៉ោង១៦ កប៉ាល់បានបើកចេញពីភ្នំពេញឆ្ពោះទៅព្រៃនគរ។ ក្នុងកប៉ាល់មានគ្នាប្រហែល១០នាក់។ គេដាក់ប្រជៀតគ្នាទាំង១០នៅបាតកប៉ាល់។ មនុស្សដែលខ្ញុំអាណិតជាងគេ គឺលោកគ្រូប៉ាង ខាត់ ដោយធ្លាប់នៅបួសស្រណុក ហើយមកជាប់ខ្នោះដូច្នេះវេទនាណាស់ខ្ញុំជួយការពារសុំអោយគេអនុគ្រោះអោយនំបុ័ងឆាន់ ព្រោះឆាន់តែមួយពេលដូចនៅជាលោកសង្ឃ។ ទាហាបារាំងវាមាត់ឡូឡាអាណិតដែរ វាអោយនំបុ័ងលោកឆាន់ នំបុ័ងសម័យនោះគឺនំបុ័ងម្សៅស្រូវយើងព្រោះឥតមានម្សៅសាលីទេ។ យើងទាំងអស់គ្នាអត់ទ្រាំចាំដល់ពេបាយ លុះដល់ពេលបាយមានតែត្រីងៀតសំអុយភាយក្លិនស្អុយឡប់។
ដោយប្រើរយៈពេលវេលាប្រហែល៥ម៉ោង កប៉ាល់ក៏ទៅដល់ក្រុងព្រៃនគរ។ នៅទីនោះគេនាំចូលក្នុងគុកធំឈ្មោះ (Prison Centrale)។ ថេរវេលាតាំងពីចាប់រហូតដល់ចូលគុកនៅព្រៃនគរបូករួមទាំងអស់ចំនួនជាងមួយខែ។
======កំណត់សម្គាល់=======
(1)គេបានប្រើចានដែកបែបនេះ ដោយការពារកុំអោយបែក ហើយស្រួលប្រើការបានច្រើនយ៉ាង ដូចជាយកទៅដួសទឹកសំអុយ កើបសំរាមរួចយកទៅលាងទឹកដាក់បាយជាចុងក្រោយ។
=====================================================
៦ -គុកធំព្រៃនគរ & កាត់ទោស
គ្រាដែលចូលដល់គុកធំភ្លាម គេបង្គាប់អោយដោះសំលៀកបំពាក់របស់ខ្លួនចេញហើយអោយផ្ញើទុកទាំងអស់នៅក្នុងឃ្លាំង រូចគេអោយយើងចុះហត្ថលេខា ក្នុងសៀវភៅបញ្ជីទុកជាសំគាល់។ របស់ដែលខ្ញុំផ្ញើទុកនោះគឺខោអាវ ចិញ្ចៀនមាស នាឡិកាដៃ និងប្រាក់ចំនួន១២រៀល។ គេអោយខោវែងអាវវែងយ៉ាងថ្មីស្អាត សំរាប់អោយស្លៀកពាក់ព្រមទាំងកន្ទេលចចូតថ្មីមួយផង សំរាប់យកទៅដេកសាលធំ។ លុះគេនាំចូលទៅក្នុងសាលធំនៅជាន់ទី៤ សាលលេខ៣ ធំហើយក៏បានជួបនឹងលោកគ្រូអាចារ្យហែម ចៀវ និងលោកនួន ឌួង ដែលគេបានបញ្ជូនមកពីថ្ងៃមុនហើយ ចំណែកលោកគ្រូអាចារ្យប៉ាង ខាត់ទៅដាក់សា លទី១៥ ផ្សេងពីខ្ញុំ។
បងប្អូនជាទីស្នេហា! តាំងពីចូលគុកធំព្រៃនគរកាលណា ខ្ញុំបានយកចិត្ដទុកដាក់ពិនិត្យមើលស្ថានភាពគុកយួនព្រៃនគរ ព្រមទាំងជីវភាពនៃមនុស្សទោសរាប់ពាន់នាក់ ដែលភាគច្រើនជាជាតិយួន។ ក្នុងកំពែងគុកធំ មានអគារតូចធំជាច្រើនខ្លះមួយជាន់ ខ្លះពីរជាន់ អគារដែលធំហើយវែងជាងគេមាន២ សង់៤ថ្នាក់។ អគារទាំងនេះសំរាប់ដាក់មនុស្សទោសចំនួន ៣០០០នាក់ប៉ុន្ដែមានមនុស្សទោសចូលច្រើនពេក គេអាចដាក់បន្ថែមចំនួនជិត៤០០០នាក់ក៏បាន។ នៅអគារធំនីមួយៗគ្រប់ជាន់ អាចដាក់មនុស្សទោសចំនួន៤០០នាក់ គឺគេចែកសាលធំជា២កន្លែង។ ក្នុងកន្លែងនីមួយៗ គេអាចដាក់មនុស្សទោសចំនួន២០០នាក់។ កន្លែងនោះ មានមាត់ទ្វារដែកចាក់សោយ៉ាងមាំទល់មុខគ្នាឃាំងដោយចំរឹងដែកធំៗ រហូតដល់ដំបូលលើទុកអោយមានចន្លោះកណ្ដាល ប្រហែល២ម៉ែត្រសំរាប់ដើរធ្វើការឬត្រួតត្រាមើលមនុស្សទោសទាំងពីរខាង។ ក្នុងកន្លែងម្ខាងៗមានចែកជាពីរផ្នែកទៅទៀត ហើយមានលើកជាថ្នាក់ខ្ពស់ទាំងពីខាង ធ្វើដោយឈើទុកចោលអោយមានចន្លោះកណ្ដាលប្រហែលពីរម៉ែត្រ ស្ថិតនៅចំមាត់ទ្វារទាំងពីរខាង លាលធំទាំងពីរនោះមានទ្វារដែកក្រៅយ៉ាងមាំមួយជាន់ទៀត មានចោះប្រហោងតូចមួយនៅចន្លោះទ្វារ សំរាប់អ្នកយាមពិនិត្យមើលមកខាងក្នុងសាល នៅពេលដែលគេមិនត្រូវការចូលមកខាងក្នុង។ ក្នុងសាលធំនីមួយៗមានបង្គន់មួយមានមាស៊ីនទឹកមួយ។ ប៉ុន្ដែជាន់លើទឹកមិនសូវចេញទេត្បិតខ្ពស់ពេក។
នៅគុកព្រៃនគរគេមិនដាក់ខ្នោះជើងមនុស្សទោសទេ។ សាលក៏ធំទូលាយស្អាត ស្រលះមុខមាត់ បើរដ្ឋការគុកសង្កត់សង្កិន មនុស្សទោសដោយប្រការណាមួយ បិទសិទ្ធិខុសច្បាប់ ដោយអោយបាយឆៅ បាយលាយស្រូវច្រើនឬបាយខ្លោចឬមួយអោយសាច់ឬត្រីមិនគ្រប់កំណត់តាមច្បាប់ មនុស្សទោសអាចតវ៉ាបានរហូតដល់អាជ្ញាធរជាន់ខ្ពស់។ ឃើញដូច្នេះខ្ញុំនឹកថាឱ! មនុស្សទោសខាងយួនមានសិទ្ធិសេរីភាពជាងមនុស្សទោសខ្មែរឆ្ងាយណាស់ ចំណែកម្ហូបអាហារក៏ល្អជាងខាងគុកភ្នំពេញ។ នៅរាល់ថ្ងៃសៅ តែងមានអ្នកតំណាងខាងតុលាការចូលទៅចាប់ដៃមនុស្សទោសសួរសុខទុក្ខ ក្រែងខាងអាជ្ញាធរខាងគុកធ្វើការ សង្កត់សង្កិនធ្វើខុសច្បាប់។ មនុស្សទោគេមានសិទ្ធិទទួលសំបុត្រ ដែលគេផ្ញើពីក្រៅទៅ ហើយនិងអាចសរសេរសំបុត្រផ្ញើទៅសួរសុខទុក្ខគ្រួសារបានដោយមិនចាំបាច់បិទតែមប្រិ៍ឡើយ។ ឯខាងគុកភ្នំពេញយើងមនុស្សទោសជាប់ខ្នោះ អាហារមិនល្អ សាលចង្អៀតដូចទ្រុងជ្រូកឥតសិទ្ធិសេរីភាពអ្វីសោះ។ សូមបងប្អូនជួយពិចារណាមើល? នៅឆ្នាំ១៩៤២ ដែលខ្ញុំជាប់គុក នៅភ្នំពេញបៀបបាននឹងធ្លាក់នរក ហើយក្នុងឆ្នាំដដែលនេះខ្ញុំទៅជាប់គុកព្រៃនគរទៀត ចាប់តាំងពីចូលទៅដល់ហើយផ្លាស់ខោអាវថ្មីៗកាលណា មនោសញ្ចេតនាខ្ញុំហាក់ដូចជាមិនមកជាប់គុកទេ ផ្ទុយទៅវិញហាក់ដូចជាចូលធ្វើទាហាន ខោអាវដែលគេចែកអោយ ហាក់ដូចជាខោអាវទាហាន។ ក្នុងឆ្នាំនោះស្រុកយួនគេមិនទាន់បានឯករាជ្យដូចតែយើងដែរ ប៉ុន្ដែគេមានគំនិត រៀបចំទុកជាកន្លែងស្អាតបាត ដែលជាកន្លែងសំរាប់មនុស្សនៅបាន មិនមែនទុកជានរកឬទ្រុងជ្រូកទេ ពីព្រោះផ្ទះសំរាប់មនុ ស្សនៅ ជាពិសេស គឺសំរាប់ជាតិយួនគ្នាគេដែលមានទោសនៅ។ គេរៀបចំអោយមានអាហារល្អ អោយមានសិទ្ធិសេរីភាព ដល់មនុស្សទោសគ្នាគេក្នុងពេលដែលគេនៅជាខ្ញុំបារាំងដូចតែខ្មែរដែរ តើវាខុសគ្នាយ៉ាងណា? ម្យ៉ាងទៀតមនុស្សទោសដែ លនៅក្នុងគុកនោះ នៅមិនទាន់តុលាការកាត់ទោសនៅឡើយ ហេតុនេះតុលាការនៅធានារ៉ាប់រងអោយអ្នកជាប់ចោទគេ មានសេរីភាពជានិច្ច។ ឯខាងស្រុកខ្មែរយើងវិញឥតមាននរណាគិតគូរឡើយ បានជាមនុស្សទោសខ្មែរឥតមានសិទ្ធិអ្វីសោះ ហើយកែកំហុសខ្លួនមិនកើត (គុកគឺសាលាទូន្មានមនុស្សខូច ព្រោះអប់រំមនុស្សខូចអោយល្អ)។ ខ្ញុំសូមជំរាបពីស្ថានភាពក្នុងគុកព្រៃនគរតទៅទៀត។
ផ្នែកទី១ នៃសាលធំគេអោយមនុស្សទោសខ្មែរនៅ ឯផ្នែកទី២សំរាប់មនុស្សទោសយួន ខាងផ្អែកខ្មែរ មានមនុស្សទោសខ្មែរម្នាក់ជាជាតិខ្មែរកម្ពុជាក្រោម (ខ្ញុំភ្លេចឈ្មោះ) ជាទាហានជាប់ទោសយូរឆ្នាំហើយ គេតំរូវអោយមនុស្សនេះធ្វើមេ(កាប៉ូរ៉ាល់)ឬហៅដៃប៊ីវ តាមពាក្យយួនសំរាប់ត្រួតត្រាលើមនុស្សទោសខ្មែរ ដូចគ្នាក្នុងផ្នែកសាលខ្មែរ បុរសនោះមានឯកអាមាត្យជាអង្គរក្សអមខ្លួនគេចំនួន៧នាក់ផង។ មនុស្សទោសទាំងអស់ត្រូវនៅក្រោមឱវាទនៃកាប៉ូរ៉ាល់នេះ ឥតមាននរណាម្នាក់ហ៊ានខ្វើកឡើយ ដោយខ្លាចអំណាចគេផង ខ្លាចឯកអាមាត្យផង។ បើកាប៉ូរ៉ាលនេះគេខឹងឬទាស់ចិត្ដ នឹងមនុស្សទោសណាម្នាក់ គេជេរវាយទាត់ធាក់បានតាមចិត្ដឥតអាណិតអាសូរ ឥតមានច្បាប់អ្វី និងឥតមានអ្នកណាម្នាក់ហ៊ានតដៃនឹងគេឡើយ គេធ្វើដូច្នេះដើម្បីបំបាក់អ្នកចូលថ្មី អោយបាក់បបខ្លបខ្លាចគេបាក់ស្បាត លែងហ៊ានតវ៉ាអ្វីទាំងអស់។ ឯមនុស្សដែលទើបចូលទៅដល់ថ្មី ជាចាំបាច់ត្រូវតែវារពីចម្ងាយទៅជិតគេ ហើយលើដៃសំពះសូមជ្រកកាននឹងគេទើបបានសុខ។ ប៉ុន្តែបើនិយាយរាយការណ៍ទាស់ចិត្ដគេ ក៏គេទាត់ធាក់បំបាក់ពីដំបូងដៃដែរ។
នេះជាអំណាចផ្ដាច់ការមួយ ដែលជាកំអែលអាណានិគមនិយមឆ្លងមកដល់ជនជាតិខ្មែរយើងអោយចេះប្រើរបបផ្ដាច់ការដែរ។ សូម្បីតែខ្លួនជាប់ទោសដូចតែបងប្អូនរួមជាតិខ្លួនដែរគួរតែមានចិត្ដមេត្ដាដល់គ្នាផង ហេតុអ្វីក៏នៅតែប្រើអំណាចសំលុត ជិះជាន់សង្កត់សង្កិនគ្នាឯងក្នុងគុកទៀតដូច្នេះ? នេះហេតុតែតាំងខ្លួនធំប្រើអំណាចដូចជាស្ដេច នៅក្នុងគុកដូច្នោះដែរ។ ចំពោះរឿងនេះ លោកគ្រូអាចារ្យហែម ចៀវ បានដំណាលប្រាប់ខ្ញុំតាំងពីទើបចូលទៅដល់ដំបូងម្លេះ។ លោកថាកាលលោក ទើបចូលទៅដល់ដំបូង មានមនុស្សទោសមុនគេបានខ្សឹបប្រាប់លោកអោយធ្វើកិច្ចលុតក្រាបចំពោះកាប៉ូរ៉ាល់នេះទើបបាន សុខ។ លោកបានបន្ថែមទៀតថា លោកនួន ឌួងកាលដែលចូលទៅដល់ដំបូង ក៏បានធ្វើកិច្ចគោរពប្រណិប័តន៍គេនេះដែរ ប៉ុន្ដែនៅតែខុសទាស់ចិត្ដគេទៀត។ មុនដំបូង លោកនួន ឌួងបានវារពីចំងាយប្រហែលបួនម៉ែត្រលុះចូលទៅជិតក៏លើកដៃសំពះគេដោយបញ្ចេញវាចាថា ខ្ញុំបាទសូមជ្រកក្រោមម្លប់ព្រះតេជគុណផង សូមមេត្ដាមើលការខុសត្រូវអោយទានផង! កាប៉ូរ៉ាល់សួរថា អាហ្អែងមានរឿងអីបានជាជាប់គុក? លោកនួន ឌួងឆ្លើយថាគេចោទថាខ្ញុំបាទបះបោរក្បត់បារាំង! គ្រាន់តែលឺសូថាក្បត់បារាំងដូច្នេះឥតបានសួរបញ្ចាក់អ្វីទៀតទេ បុរសនោះក៏ស្រែកឡើងថា «យើ! អាហ្អែងក្បត់បារាំងផង!» គ្រាន់តែលឺពាក្យចៅហ្វាយគេថា «យើ!អាហ្អែងក្បាត់បារាំងផង» ប៉ុណ្ណោះ ពួកឯកអាមាត្យគេប៉ុន្មាននាក់ក៏ស្ទុះឡើងទាត់ធាក់លោក នួន ឌួង ព្រមគ្នាឥតមានអាណិតអាសូរអ្វើឡើយ។ ទាល់តែធ្លាក់ពីថ្នាក់លើទៅក្នុងចន្លោះក្រោមចំមាត់ទ្វារសន្លប់ឥតដឹងខ្លួន។ លោកអាចារ្យហែម ចៀវ បានបន្ដទៅទៀតថា ចំណែកខ្លួនលោកក៏របៀបលុតក្រាបតាមក្រោយលោកនួន ឌួងដែរ (លោកអាចារ្យហែម ចៀវជាមនុស្សឆ្លាតវៃ បានឃើញអាចារ្យនួន ឌួង គេវាយសន្លប់ទៅហើយលោកក៏នឹកទាន់) លុះលោកវារទៅដល់គេបែរមកសួរលោកថា ចុះអាកញ្ជ្រមឯងនេះមានរឿងអីដែរបានជាជាប់គុក? លោកក៏ឆ្លើយថា ខ្ញុំបាទនេះជាលោកសង្ឃទេ ម្នាក់អំបាញ់មិញក៏ជាអាចារ្យ មានរឿងជាមួយខ្ញុំបាទដែរ គេសួរទៀតថា ហ៊ីះ! បើលោកសង្ឃ ម្ដេចក៏ជាប់គុក? មានរឿងអី! លោកឆ្លើយថា ខ្ញុំបាទធ្លាប់បានទៅទេសនាគ្រប់ទីកន្លែង មានឧបាសក ឧបាសិកាចូលចិត្ដស្ដាប់ធម៌ជាច្រើនគ្នា។ បារាំងមិនយល់ភ័យខ្លួនស្រាប់តែចោទខ្ញុំថានាំរាស្រ្ដបះបោរ ហើយគេចាប់ខ្ញុំបាទផ្សឹកយកមកដាក់គុកនេះឯង! លុះលឺលោកថ្លែងការណ៍ប្រាប់ដូច្នេះហើយ គេក៏សុំអោយលោកអធិប្បាយរឿងនោះដោយពិស្ដារអោយគេស្ដាប់ទៀត។ គ្រាន់តែបានស្ដាប់ សេចក្ដីអធិប្បាយរបស់លោករួចហើយ កាប៉ូរ៉ាល់នោះ ព្រមទាំងឯកអាមាត្យគេហាក់ដូចជាភ្ញាក់ខ្លួនមានចិត្ដទោរទន់ នឹកអាណិតលោកនួន ឌួង គេក៏បង្គប់គ្នាគេអោយជួយរីតលោកនួន ឌួងអោយដឹងខ្លួនឡើងវិញ ហើយទើបលើកដាក់មកលើថ្នាក់វិញ។ ចាប់ពីពេលនោះមកបុរសនោះហាក់ដូចជាស្លូតជាងមុន មិនឃើញធ្វើទារុណកម្មមនុស្សទោសគ្នាឯងឡើយ។ លោកអាចារ្យហែម ចៀវ លោកជាអ្នកទេសនាជើងឯកមួយក្នុងបណ្ដាលោកសង្ឃអ្នកទេសនាទាំងអស់ ហេតុនេះហើយបានជាលោកអាចដោះកុនបាន។ សមដូចសុភាសិតខ្មែរយើងថា សម្ដីជាឯក។ ប៉ុន្ដែចំណែកខាងមនុស្សទោសឯទៀតនៅតែកោតគោរពគេដូចពីដើមដដែល។
នៅពេលដែលក្រុមខ្ញុំប៊ុណ្ណចន្ទម៉ុល ចូលទៅដល់ក្រោយលោកគ្រូអាចារ្យហែម ចៀវ បានប្រាប់ទៅកាប៉ូរ៉ាលនោះថា ពួកចូលក្រោយនេះជាពួករបស់លោកដែរ មានរឿងជាមួយគ្នាដែរក៏បានសេចក្ដីសុខតមកទៀត។ ក្រោយដែលខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល ធ្វើការលុតក្រាបរួចហើយគ្រាន់តែសួរពីរបីម៉ាត់។ លុះដឹងថាខ្ញុំបាទពួកលោកគ្រូអាចារ្យហែម ចៀវហើយគេក៏នៅស្ងៀមទៅ។ ខ្ញុំមានសេចក្ដីត្រេកអរឥតឧបមាហើយក៏សំពះលាគេមកន្លែងខ្លួនវិញ។
រឿងនេះសូមអស់លោកមិត្ដជាទីស្នេហាជួយពិចារណាមើលបើខាងក្រៅ ត្រូវអាណានិគមនិយមបារាំងធ្វើទារុណកម្មបំបាក់អោយបាក់ស្បាត អោយខ្លាចរអាដោយសំឡុតគ្រប់យ៉ាង ដល់ចូលទៅក្នុងគុកក៏មានប្រើអំណាចផ្ដាច់ការសង្កត់សង្កិនរវាង មនុស្សទោសគ្នាឯងទៀត។ តើអោយប្រជារាស្រ្ដខ្មែរយើងហ៊ានតស៊ូយកឥស្សរភាពបែបណាទៅកើត?។
ឯចំណែកខាងមនុស្សយួនវិញ នៅក្នុងសាលជាមួយខ្មែរដែរតែម្ខាងម្នាក់ក៏គេមិនធ្វើដូចជាខ្មែរទេ ព្រោះគេមានការអប់រំយូរយារណាស់មកហើយ គេរាប់អានមនុស្សទោសដូចគ្នាហាក់បីដូចបងប្អូនបង្កើតនៅពេលចូលទៅក្នុងកន្លែងគុក ហើយគេតែងពន្យល់អ្នកថ្មីអោយស្ដាប់បាននូវរបៀបរស់នៅក្នុងគុកមួយចប់ថែមទៀតតែម្ខង គេមិនសំឡុតដូចយើងខ្មែរទេ។
នៅគុកព្រៃនគរគេបានទទួលទានអាហាររួមគ្នា ក្នុង១វង់១០នាក់។ ឯម្ហូមគេនោះឃើញគ្រាន់បើជាងខាងគុកយើងភ្នំពេញ ប៉ុន្ដែទាស់បន្ដិចត្រង់អោយបាយតិចពេក។ ខ្លួនខ្ញុំកំពុងពេញកំលាំងទទួលទានចំណែកបាយនោះមិនឆ្អែតទេ។ គេវាល់ចែកក្នុង ម្នាក់ៗប្រាំមួយចានតូចស្ទើរប៉ុនពែង។ បើទទួលទានធំមែនទែនបានប្រហែល៤-៥ម៉ាត់ប៉ុណ្ណោះអស់ហើយ។ ប៉ុន្ដែជាកុសល ដែរដោយពេលល្ងាចខ្ញុំត្រលប់ជាមានភ័ព្វសម្បូរណ៍បាយទៅវិញ ត្បិតលោកគ្រូអាចារ្យហែម ចៀវនិងលោកនួន ឌួង លោកមិនពិសារពេលល្ងាច លោករក្សាសីល៨រាល់ថ្ងៃ តមបាយល្ងាចរហូត។ ម៉្លោះហើយបាយជាចំណែករបស់លោកទាំងពីរ ត្រូវធ្លាក់មកលើខ្លួនខ្ញុំជាអ្នករ៉ាប់ទាំងអស់គឺបាយរបស់អ្នកទាំងពីរនាក់និងបាយចំណែកខ្លួនខ្ញុំផងរួមជាបីចំណែក ខ្ញុំទទួលទាន ម្នាក់ឯងយ៉ាងឆ្អែតមែនទែន ខ្ញុំបានបាយឆ្អែតបរិបូរណ៌តែពេលល្ងាច។
ចំណែកលោកគ្រូអាចារ្យប៉ាង ខាត់ ដែលគេយកទៅនៅកន្លែងផ្សេងនោះពុំដែលបានដំណឹងសុខទុក្ខអ្វីឡើយ។ ឯលោកប៉ាច ឈឺនក៏ដូច្នេះដែរ ដោយលោកត្រូវនៅគុកងងឺតឯបាតដីឯណោះ។
មានមួយថ្ងៃដែលខ្ញុំទើបទៅដល់គុកព្រៃនគរ ខាងតុលាការសឹកបានហៅខ្ញុំទៅសួរចំលើយនៅបន្ទាយទាហានបារាំងខ្ញុំត្រូវអង្គុយផ្ទាល់លើឥដ្ឋការ៉ូចាំគេហៅសួរ។ បងប្អូនរួមជាតិអើយ! ពេលខ្ញុំក្រលេកទៅក្រោមតុសរសេរឃើញនំបុ័ងមួយប្រហែលប៉ុនកដៃ ដុះផ្សិតខ្លះនៅល្អខ្លះ ដែលគេបោះចោលនៅទីនោះ មិនដឹងជាពីថ្ងៃណាមកទេ។ ដោយអំណាចឃ្លានពេក ទៅជាស្រក់ទឹកមាត់គិតប្រថុយរើសនំបុ័ងនោះយកមកទទួលទាន តែដល់គិតវែងខ្លីទៅក៏ខំទប់ចិត្ដអាក់ខានទៅវិញដោយខ្លាចត្រូវនឹងស្វាយកាំភ្លើងរបស់ទាហានយាមជាជាងឃ្លាន។ មួយវិញទៀតមានមិត្ដភក្ដិជាច្រើនញៀនបារីខ្លាំងទៅហើយ ពុំដែលបានទទួលទានសោះ មានលោកភោគ នី (លោកភោគ នីឥឡូវបួសគង់នៅម្ដុំបឹងតាពន់ ជិតចំការដូងស្ទឹងមានជ័យ) ដែលឃើញអ្នកធ្វើការឯក្រៅបានកន្ទុយបារីមកផ្ញើ អ្នកដែលញៀននៅក្នុងគុកត្រេកអរក្រៃលែងបានអោយពរសព្ទសាធុការដល់ខ្ញុំ។ លុះបានចំណែកថ្នាំកន្ទុយបារីហើយ ពួកមិត្ដភក្ដិដែលញៀននោះយកក្រដាសកាសែតមកមូរទទួលទានដោយសំចៃ មិនហ៊ានដាក់ថ្នាំច្រើនទេគឺដាក់ថ្នាំតែបន្ដិចៗនៅចុងក្រដាស ហើយទុកក្រដាសរមូរខាងបៀមអោយវែងដើម្បីជក់ទៅអោយឆេះអស់កុំអោយសល់។
ពេលដែលខ្ញុំចេញទៅធ្វើការឯក្រៅគុកម្ខងៗ ពួកអ្នកញៀនស្រែកផ្ដាំរញ៉ថា អោយខំរើសកន្ទុយបារីមកផ្ញើផង។ ខ្ញុំមានចិត្ដអាណិតមិត្ដភក្ដិក្រៃលែង ចេះតែខំរើសមកផ្ញើមិនខានក្នុងពេលដែលបានចេញទៅធ្វើការខាងក្រៅគុក។ ក្នុងគុកព្រៃនគរ នៅពេលបុណ្យជាតិម្ដងៗ ដូចជាបុណ្យចូលឆ្នាំសែនក្បាលទឹក៘ បងប្អូនគ្រួសារគេយកអីវ៉ាន់ដូចនំអន្សម ម្ហូបអាហារ ចំណីចំណុក ផ្លែឈើជាដើមមកអោយបងប្អូនគេដែលជាប់ឃុំឃាំង យ៉ាងសំបូរហូរហៀរ។ ពួកទាំងនោះគេ ចែកអាហារនោះតមកខាងខ្មែរទៀតអោយបានបរិបូណ៌ដែរ។ ដល់ថ្ងៃបុណ្យបារាំងដូចចូលឆ្នាំនិងថ្ងៃ ១៤កក្កដា ខាងអាជ្ញាធរគុកគេធ្វើម្ហូបពិសេសៗ អោយមនុស្សទោសទាំងអស់បានឆ្ងាញ់ពីរដងដែលក្នុងមួយឆ្នាំ។
៧-ដំណើរទៅកោះត្រឡាច
ដល់ថ្ងៃតុលាការសឹកកាត់ទោស
មុនកាត់ទោសច្រើនថ្ងៃ តុលាសឹកបានហៅទៅសួរម្ដងព្រមជាមួយនិងមិត្ដភក្ដិឯទៀត។ នៅពេលនោះហើយទើបខ្ញុំបានជួប នឹងលោកប៉ាច ឈឺនជាលើកទឺ២។ តពីនោះមក១៥ថ្ងៃទើបគេហៅសួរម្ដងទៀតជាចុងក្រោយបង្អស់។ លុះត្រលប់មកវិញ គេបញ្ជូនទៅក្នុងបន្ទប់មួយផ្សេង ក៏បានជួបនឹងលោកគ្រូអាចារ្យប៉ាង ខាត់ ដែលបានសួរសុខទុក្ខខ្ញុំរួចលោកប្រាប់ថា អ្នកណាដែលបាននៅបន្ទប់នេះ Sall 15 គឺជាអ្នកទោសធ្ងន់បំផុត ត្រូវទទួលទោសពី៥ឆ្នាំទៅរហូតសំលាប់ចោល ឬទៅកោះត្រឡាច មួយជីវិត ឬបើមិនជាប់ពិរុទ្ធទេ នឹងបានរួចខ្លួនក្នុងពេលឆាប់ៗដោយឥតកាត់ក្ដីទេ។ នៅបន្ទប់នេះបានតែមួយថ្ងៃគេនាំទៅបន្ទប់ខ្ញុំដដែល់វិញ បានជាខ្ញុំនឹកឃើញប្រហែលជាគេយកទៅអោយនៅបន្ទប់ជាមួយលោកអាចារ្យប៉ាង ខាត់ ដោយភ័ន្ដច្រលំទេដឹង? លុះដល់គេហៅលើកក្រោយទៅកាត់សេចក្ដីខ្ញុំនឹកឃើថា គេយកទៅដាក់នៅបន្ទប់ជាមួយលោកគ្រូអាចារ្យប៉ាងខាត់ រឿងនេះមកពីរកទោសយើងមិនទាន់អស់ដែលគេហៅទៅវិញដោយមានរឿងថ្មីថែមទៀត។ គេបញ្ជូនទៅសាល១៥(Salle 15) គេទុកជាមានទោសធ្ងន់បំផុតហើយតទៅគេត្រូវបញ្ជូនទៅកោះត្រឡាច។ ចំណែកលោកគ្រូអាចារ្យប៉ាងខាត់ ពេលក្រោយមកលោកត្រូវរួចខ្លួនដោយតុលាការឥតកាត់ទោសដូចខ្ញុំឡើយ។
មុនកាត់ក្ដីមានមេធាវីបារាំងម្នាក់ បានទៅជួបខ្ញុំនៅឯតុលាការសឹកប្រាប់ខ្ញុំថា ឳពុកខ្ញុំជួលគេអោយជួយការពាររឿងខ្ញុំ នាំអោយខ្ញុំមានសង្ឃឹមថា មុខជាបានរួចខ្លួនមិនខាន។ លុះចូលទៅអង្គុយចាំក្នុងសាលកាត់ទោសបានបន្ដិចលឺស្នូរកណ្ដឹងរោរិ៍ រ៉ាវរួចក៏ឃើញទាហាបារាំង២២នាក់ ដើរស្រចូលមកឈរជាពីជួរប្រកបដោយកាំភ្លើង ព្រមទាំងចំពុះទុងដោតចុងស្រាប់។ លុះកណ្ដឹងរោរិ៍លើកទី២ ទាហានទាំងនោះក៏គំនាប់អាវុធព្រិបស្មើគ្នា ក្រោមស្នូរបញ្ជារនៃនាយទាហានរួចឃើញសេនានាយទាហាន៤-៥នាក់ ចេញមកពីន្ទប់ គឺសក្ដិ២មួយនាក់ សក្ដិ៣ពីរនាក់ សក្ដិ៥ម្នាក់ហើយមានសក្ដិ៣ម្នាក់ទៀតជាអ្នកចោទតំណាងរាជការ (Procureur de la République) បើខ្មែរយើងពីដើមហៅថា «ព្រះរាជអាជ្ញា»។ លុះដល់លោកតុលាការបានអង្គុយ តាមកន្លែងរៀងខ្លួនហើយ ទើបនាយទាហានបញ្ជាអោយដាក់អាវុធចុះ ហើយមកឈរត្រៀមគ្នាពីក្រោយពួកមនុស្សជាប់ចោទ។
ក្នុងពេលនោះក្រោយដែលក្រលាបញ្ជីបានសូត្រលិខិតចោទគ្រប់គ្នាហើយ ទើបសក្ដិ៥ចាងហ្វាងគេហៅឈ្មោះសួរម្នាក់ម្ខងៗ តាមខចោទ។ លុះសួរចប់ហើយ ទើបសក្ដិ៣តំណាងរាជការគេចោទទំងន់ទោសគ្រប់គ្នា។ ក្រោយនោះត្រូវវេនមេធាវីការពារ ដើម្បីសំរាលទោស។ រួចទើបសក្ដិ៥ចាងហ្វាងហៅឈ្មោះយើងសួរគ្រប់គ្នាក្រែងមានយោបល់អ្វីតវ៉ាថែមផ្សេងទៀត។ លុះយើងរាល់គ្នាឆ្លើយថាឥតអ្វីតវ៉ាទៀតទេ ទើបគេក្រោកឡើងព្រឹបទង្គិចតុក្ដាំៗហើយនាំគ្នាចូលទៅក្នុង ដើម្បីពិភាក្សាទោសដែលត្រូវកាត់ចំពោះអ្នកជាប់ចោទម្នាក់ៗ។ ឯពួកទាហាននៅតែចាំគំនាប់គ្រប់ពេលដែលគេចូលទៅក្នុង និងពេលចេញមកវិញ ។ ចំណែកមេធាវីមានសិទ្ធិគ្រាន់តែទៅស្ដាប់គេពិភាក្សាឥតមានសំលេងអ្វីតវ៉ាទេក្នុងពេលពិភាក្សានោះ។
លុះចេញពីពិភាក្សាមកវិញ ទាហានឈរគំនាប់ត្រង់ជើងម្ដងទៀត ទើបគេហៅឈ្មោះប្រាប់ទោសគ្រប់គ្នាម្នាក់ម្ដងៗ។ ក្នុងពេលប្រាប់ទោសមានអ្នកប្រែភាសាខ្មែរម្នាក់ស្រែកប្រាប់ថាចាំស្ដាប់សំរេចរបស់តុលាការ! គេហៅឈ្មោះប៉ាច ឈឺនមុនគេ លោកឆ្លើយបាទ! អ្នកឯងត្រូវទោសប្រហារជីវិតបង់! រួចហែម ចៀវ បាទ! អ្នកឯងត្រូវទោសប្រហារជីវិតបង់! នួន ឌួងអ្នកឯងត្រូវទោសប្រហារជីវិតបង់ តមក ប៊ុណ្ណចន្ទ ម៉ុល បាទ! អ្នកឯងត្រូវទោសគុក៥ឆ្នាំ និង១៥ឆ្នាំនីរទេសមិននៅក្នុងស្រុក!។ រួចហៅតៗទាល់តែគ្រប់គ្នា….។
មិត្ដជាទីស្នេហា! កាលដែលបានលឺថាគុក៥ឆ្នាំ នីរទេស១៥ឆ្នាំ ខ្ញុំក៏ស្លុតចិត្ដរន្ធត់ស្មារតី ដូចជាគេយកដុំទឹកកក១ដុំធំទំងន់៥០គីឡូក្រាមដាក់លើក្បាល ហើយធាតុត្រជាក់នៃទឹកកកនោះក៏ធ្លាក់ស្រឺតៗតាំងពីក្បាលចុះមកក្រោម ត្រជាក់សព្វសាច់ ស្រាលខ្លួនស្ទើរនឹងខ្យល់ចាប់មួយរំពេចដោយតាំងពីកើតមកដល់ធំប៉ុណ្ណោះមិនដែលមានទោសអ្វីសោះ សូម្បីតែទោសមួយម៉ោងក៏គ្មានដែរ ស្រាប់តែត្រូវធ្ងន់តែម្ខង។ ខ្ញុំនឹកឃើញថារាសីខ្ញុំចុះអស់រលីងដល់ថ្នាក់ក្រោមបំផុតហើយ។
ចំណែកលោកប៉ាច ឈឺន លោកគ្រូអាចារ្យហែម ចៀវ លោកនួន ឌួង ក្រោយដែលបានប្រកាសទោសរួចហើយ គេបានប្រាប់អ្នកទាំង ៣នាក់នេះដែលត្រូវទោសប្រហារជីវិត គេនឹងបញ្ជូនសំណុំរឿងទៅលោកហ្សេណេរ៉ាលប៉េតាំង ប្រមុខរដ្នាភិបាលបារាំង ដើម្បីសុំអនុគ្រោះទោសតាមសមគួរ។ ក្រោយពេលនេះគេក៏អោយពួកយើងតំរៀបជួរហើយអោយត្រលប់មកគុកវិញ។ ឯរូបខ្ញុំនិងមិត្ដ៣នាក់ទៀត គេយកទៅដាក់ក្នុងបន្ទប់តូចល្មមមួយទទឹងប្រហែល៣ម៉ែត្រ បណ្ដោយប្រហែល ៦ម៉ែត្រ។ នៅនោះខ្ញុំបានឃើញអ្នកទោសជាតិយួន៧នាក់នៅនោះដែរ។ ពួកយួនសួរខ្ញុំជាភាសាយួនថាគេដាក់ទោសប៉ុន្មានឆ្នាំ? ខ្ញុំឆ្លើយថាណាំណាំ(៥ឆ្នាំ) ពួកនោះនាំគ្នាសើចគិលឡើងថា បីឌីកូងណូងរ៉ូយ!។ ខ្ញុំមិនចេះពាក្យ «កូងណូង» នេះសោះ មិនដឹងថាយ៉ាងម៉េច គិតមិនយល់ន័យសោះ ខ្ញុំថាមិនយល់ទេ ខ្ញុំគិតទៅឃើញថាក្រែងគេបញ្ជូនទៅពេជ្រនិលត្បិតនៅស្រុ កខ្មែរមានកន្លែងពេជ្រនិលនេះមួយទេជាកន្លែងចាញ់សំរាប់ឃុំមនុស្សទោសឧក្រិដ្ឋ។ គិតចុះគិតឡើងនៅតែមិនយល់ដដែល។
មិត្ដខ្ញុំពីរនាក់ទៀតសួរថា គេសើចរឿងអី? គេបញ្ជូនពួកយើងទៅណា? គ្រានោះមានខ្មែរក្រោមម្នាក់ក្នុងចំណោមយួនទាំ៧នាក់នោះ ដែលខ្ញុំស្មានថាជាយួនទាំងអស់គ្នា ខ្មែរនោះអត់មិនបានក៏ឆ្លើយប្រាប់ថាកូងណូងនោះ គឺកោះត្រឡាច! លឺពាក្យថាកោះត្រឡាចភ្លាមខ្ញុំក៏ភ្ញាក់ខ្លួនដូចគេកន្ទ្រាក់តែម្ដង ត្រចៀកហឹងអស់ ស្ដាប់អ្វីលែងលឺហើយ ដោយនឹកឃើញថាអញម្ដងហ្នឹង អស់សង្ឃឹមថានឹងរស់រានមានជីវិតត្រលប់មកស្រុកវិញហើយ ត្បិតធ្លាប់លឺគេដំណាលតៗមកថា កោះត្រឡាចនោះនៅកណ្ដាលសមុទ្រឆ្ងាយណាស់ ជាកន្លែងដាក់មនុស្សទោសឧក្រិដ្ន។ ក្រោយនោះខ្ញុំក៏ក្រោកទៅអង្គុយជិតខ្មែរក្រោមនោះ ហើយសួរពីស្ថានភាពកោះត្រឡាចយ៉ាងម៉េខ្លះ។ គាត់នោះបានអធិប្បាយសព្វគ្រប់ប្រាប់ខ្ញុំ ហើយគាត់ប្រាប់ថាគាត់ឯងគេដាក់ទោសប្រាំឆ្នាំមិនយូរប៉ុន្មានទេ នឹងរួចមកវិញហើយកុំភ័យអី! អម្បាលដល់ពួកអញនេះគេកាត់ទោសដល់៣០ឆ្នាំម្ដេចអញមិនសូវគិតគូរប៉ុន្មាន។ ខ្ញុំសួរទៅវិញថា បងឯងទោសអី? គាត់ឆ្លើយថា អញទោសសំលាប់គេហើយទោសប្លន់ថែមទៀត។
បងប្អូនជួយពិចារណាមើល! ជាតិខ្មែរដូចគ្នាមិនព្រមទទួលស្គាល់ខ្មែរគ្នាឯងទេ មិនព្រមនិយាយភាសាខ្មែរទេ ប៉ុន្ដែដោយអង្គុយស្ដាប់ទៅប្រហែលជាតឹងទ្រូងណាស់មើលទៅ បានជាគេព្រមនិយាយខ្មែរមករកខ្ញុំ។ គ្រានោះខ្ញុំសួរទៅវិញថា បងឯងខ្មែរម៉េចមិនព្រមនិយាយខ្មែរណែនាំពួកខ្ញុំផងព្រោះខ្ញុំមិនចេះយួនទេ! គេឆ្លើយថានិយាយខ្មែរទៅពួកយួនមើកងាយអញ ថាអញជាជាតិខ្មែរ។ សូមបងប្អូនជួយស្ដាប់មើលចុះ! ជាតិខ្មែរយើង អោយតែចេះភាសាបរទេសហើយនិយមតែភាសាគេ លែងនិយាយភាសាខ្លួនឯងសោះ ថាជាតិឯងជាជាតិថោកទាបទៅវិញ។ ដូចយ៉ាងជាតិយើងដែលចេះភាសាបារាំងសេស ខ្លះជាវរជនផង គេនាំកូនចៅគ្រួសារគេនិយាយតែបារាំងរហូតដល់ភ្លេចភាសាជាតិចោលអស់ ថាជាភាសាថោកទាបទៅវិញ មើលចុះស្រីយួនដែលយកប្ដីបារាំង ដល់មានកូនគេបង្ហាត់អោយនិយាយតែពាក្យយួនអោយស្រលាញ់ជាតិយួនខាងម្ដាយជា ងឳពុក បើស្រ្ដីខ្មែរយើងវិញ បើបានប្ដីបារាំងហើយ កូនប្រុសស្រីនិយាយតែបារាំងឥតចេះខ្មែរសោះ អប់រំស្រលាញ់ជាតិ ឳពុកជាងជាតិម្ដាយ។ បើនិយាយខ្មែរទៅខ្លាចគេថាមិនមែនកូនបារាំង នេះជាគំនិតខ្ញុំគេ ពូជត្រកូលឥតភ្ញាក់រលឹកសោះ។ បើមានជាតិខ្មែរណាភ្ញាក់រលឹកជួយណែនាំតាមផ្លូវនយោបាយ ដើម្បីអោយប្រទេសជាតិរួចពីទាសភាព មានសេរីភាពឡើងវិញ អ្នកនោះគេសំគាល់ថាជាមនុស្សថោកទាប អាវ៉ាសែឥតខ្លឹមសារ គេឥតហានដើរជិតទេខ្លាចមានរឿងដល់ខ្លួនគេទៀត។
គំនិតនេះផ្ដុំក្នុងខួរក្បាលខ្ញុំក្នុងគ្រានោះ ដែលនាំអោយរិតតែខ្លោចចិត្ដអាណិតជាតិខ្មែរទ្វេឡើង។ នៅក្នុងគុកធំព្រៃនគរបានជាងពីរខែ ទើបគេនាំខ្ញុំព្រមទាំងពួកមិត្ដទាំងអស់ទៅចុះកប៉ាល់ជំនួញមួយយ៉ាងធំដែលនឹងបើកចេញទៅកោះត្រឡាច។ កោះត្រឡាចជាកោះរបស់ខ្មែរយើងពីដម តែបានទៅយួននៅចំងាយជាង៣០០គីឡូម៉ែត្រពីដីគោកក្នុងសមុទ្រចិន។ អ្នកទោសដែលបារាំងយកទៅដាក់គុកកោះត្រឡាច ឥតសង្ឃឹមថាបានមកស្រុកវិញឡើយ។ លោកអ្នកនឹងជ្រាបអំពីមហាទុក្ខវេទនាលើទីនោះយ៉ាងណាៗតទៅទៀត។
ដល់ថ្ងៃតុលាការសឹកកាត់ទោស
ប្រហែលម៉ោង១៧ល្ងាច អ្នកបំរើក្នុងកប៉ាល់បានលើកបាយស១ឆ្នាំងធំព្រមទាំងទឹកសម្លមួយមុខមកអោយទទួលទាន គឺជាត្រឡាចស្ងោរជាមួយឆ្អឹងជំនីជ្រូកបង់តាំងឆាយខ្ទឹមស និងម្រេចនៅក្ដៅៗ។ សូមមិត្ដជាទីស្នេហាជ្រាបថាតាំងពីខ្ញុំចូលទៅរងទុក្ខវេទនានៅគុកភ្នំពេញរហូតដល់គុកព្រៃនគររួមទាំងអស់ចំនួន ៣ខែ២០ថ្ងៃហើយ ខ្ញុំពុំដែលបានទទួលទានបាយអង្ករសម្ដងណាឡើយ។ ទើបតែនៅពេលដែលមកប៉ះលើបាយស និងម្ហូបកប៉ាល់យ៉ាងគួរសមនាំអោយខ្ញុំទទួលទានបានច្រើនទាល់តែ តឹងពោះហួសកំណត់ ទៅជាហល់ឆ្អល់ពោះផ្អើះៗដកដង្ហើមស្ទើរមិនចេញរួច ក៏ប្រាសដេកលើក្ដារកប៉ាល់នោះតែម្ដង ទាល់ តែបានមិត្ដខ្ញុំឈ្មោះអ៊ឹម នៅតាកែវមកជួយរិតពោះអោយស្រកឆាប់ៗ។ មិត្ដអ៊ឹមរិតផងស្ដីបន្ទោសអោយខ្ញុំផងថាស៊ីអីក៏ស៊ី មិនដឹងប្រមាណទាល់តែចាកច្រាស់ដូច្នេះ។ លុះរិតបានបន្ដិចទៅពោះកាន់តែស្រកធូរខ្ញុំបានស្រួលខ្លួនគ្រាន់បើ។ ប្រហែល ម៉ោង១៨ជាង ទើបអ្នកយាមចូលមកដាក់ខ្នោះជើងទាំង២គ្រប់ៗគ្នា។ គេអោយដេកសំរាកនៅទីនេះទៅ។
ក្រោយពេលនេះ បន្ដិចលឺស៊ីប្លេ (កញ្ចែ) កប៉ាល់សញ្ញាថាចេញពីផែហើយ នៅវេលាព្រហែលម៉ោង២០។ ក្រោយនោះឃើញកម្មករម្នាក់ យកពោងមកចែកម្នាក់មួយៗ គ្រប់គ្នាហើយចាក់សោបន្ធូរតែជើងនៅជាប់ខ្នោះដដែលដោយប្រាប់ថា បើមានអាសន្នមកដល់ពេលណា ឯងទាំងអស់គ្នាត្រូវដោះខ្នោះនេះចេញហើយលោតទឹកហែលយកតែរួចខ្លួនចុះ។ លឺដូច្នេះខ្ញុំនឹកឆ្ងល់ក៏សួរទៅ មិត្ដខ្មែរក្រោមម្នាក់ដែលធ្លាប់ស្គាល់កោះត្រឡាចថា ហេតុអ្វីក៏គេអោយយើងប្រុងប្រយ័ត្នដូច្នេះ? មិត្ដនោះប្រាប់មកវិញថា កប៉ាល់បើកដល់ត្រង់នេះចូលដល់សមុទ្រកាម៉ៅ ហើយជាកន្លែងទឹកជ្រៅណាស់ផុតពីកាប់សាំងហ្សាក់ (Cap Saint Jac- que) ពីរបីគីឡូហើយថា ដែលគេអោយប្រយ័ត្ននោះខ្លាចកប៉ាល់ត្រូវគ្រប់បែកបណ្ដែត (មីន) របស់ជប៉ុនដែលវាបណ្ដែត ពាសពេញទឹកសមុទ្រអោយរសាត់ទៅ តាមរលកជាហេតុនាំអោយមានអន្ដរាយជាច្រើន បើកប៉ាល់ត្រូវមីន យើងទាំងអស់គ្នានឹងទៅជាចំណីត្រីហើយ។ ពួកខ្ញុំគេអោយអង្គុយនៅបាតកប៉ាល់ខាងមុខបង្អស់ដែលស្រួចឈ្លែម។ បើកាលណាមានគ្រោះថ្នាក់ មុខជាស្លាប់មុនគេបង្អស់ដោយកន្លែងមុខកប៉ាល់តែងតែប៉ះមីនមុនកន្លែងឯទៀត ហើយម្យ៉ាងគ្មាននរណាជួយហូត រនុកខ្នោះដែកពីជើងចេញផង ត្បិតគេរវល់តែភ័យរកច្រកចេញយកតែប្រាស់អាយុគ្រប់គ្នាដែរ។ ហើយបើដោះទាន់ក៏មិនអាចចេញពីក្នុងឃ្លុបកប៉ាល់ទាន់ដែរ គិតទៅគិតមកឥតមានសង្ឃឹមអ្វីឡើយ មានតែរំលឹកគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃ និងគុណមាតាបិតាជាទីពឹងសូមអោយជួយប៉ុណ្ណោះឥតនរណាជួយនរណាឡើយ។
លុះកប៉ាល់ចេញបានពីរបីម៉ោង មិត្ដិខ្ញុំទាំងអស់ក៉តាំងពុលរលកត្អួតចង្អោសឹងតែគ្រប់គ្នា នាំអោយធំក្លិនស្អុយឆ្អាបសឹងបែកក្បាលស្លាប់ ឥតមានអ្វីការពារឡើយ។ ចំណែកខ្ញុំទ្រាំបានយូរជាងគេបន្ដិចក៏តាំងពុលនឹងគេដែរ បាយដែលឆ្ងាញ់ដល់ចុកពោះ ក៏នាំគ្នាចេញមកក្រៅវិញ នៅតែពោះទទេ។ ទាំងអស់គ្នាទៅជាឈឺក្បាលវិលមុខ រង៉ាប់រងើរួចប្រាស់ដេកលក់រតេតរហូតដល់ភ្លឺតែម្ខង។ លុះដឹងខ្លួនឡើងស្រាប់តែដឹងខ្លួនថាកប៉ាល់ឈប់នៅនឹងថ្កល់។ ប្រហែលមួយម៉ោងក្រោយមក ទើបឃើញគេបើកគំរបឃ្លុបកប៉ាល់ចេញ ខ្ញុំក្រឡេកទៅឃើញមនុស្សជាច្រើននាក់ ឈ្ងោកមើលក្នុងកប៉ាល់ហើយនិយាយថា«គីណី ថូណអិច» ខ្ញុំសួរទៅមិត្ដកម្ពុជាក្រោមថាគេនិយាយអ្វី? គាត់ថា «គេថាជើងនេះមនុស្សទោសតិចទេ»។ ក្រោយនេះមួយស្របក់ លឺសូរគេស្ទូចរបស់ពីក្នុងកប៉ាល់ដាក់ទៅក្នុងទូកធំៗ ដើម្បីនាំទៅកាន់ច្រាំងកោះត្រឡាច ដែលនៅចំងាយប្រហែល ២គីឡូម៉ែត្រ។ លុះខាអីវ៉ាន់ដាក់ទូកទាំងពីរហើយ ទើបគេដោះខ្នោះជើងពួកខ្ញុំចេញ ហើយអោយឡើងទៅខាងលើនៃកប៉ាល់ ពេលនោះខ្ញុំឃើញដីគោក (នៃកោះត្រឡាច) ឃើញទេសភាពល្អគួរគយគន់ពេកណាស់។
មិត្ដអើយ! ខ្ញុំមិននឹកស្មានថា កោះត្រឡាចធំដល់ម្លឹងសោះ គឺធំជាងទីប្រជុំជនខេត្ដកំពុងស្ពីទៅទៀត មានផ្ទះថ្មធំតូចសង់ហូរហែ គួរអោយសប្បាយណាស់។ ប៉ុន្ដែយើងខ្ញុំដែលជាមនុស្សមានទោសធ្វើម្ដេច នឹងសប្បាយចិត្ដកើត បើរវល់តែជាប់ក្ដីមានពេលឯណាទៅដើរអោយសប្បាយបាន ហើយចេះតែគិតថា មិនដឹងជាគេនាំយើងទៅដល់កន្លែងណាទៀតទេ។ គ្រានាះពួកតំរួតគេបានបង្កប់អោយពួកខ្ញុំចុះទៅក្នុងទូក អោយអង្គុយលើបាវអង្ករដែលគេផ្ទុកជាមួយឳទិនទឹកត្រីនិងកញ្ឆេត្រីងៀត រួចហើយកាណូតក៏បើកសណ្ដោងទូកនោះទៅដល់កំពង់ផែកោះត្រឡាច។ នោះតំរួតនាំឡើងពីទូកទៅលើគោក ក៏បង្គប់អោយអង្គុយជាពីរជួរទើបមេតំរួតនៅកោះ គេមករាប់ទទួលពីតំរួតទៅពីនាយរួច ទើបគេនាំយើងទៅកាន់ទីឃុំឃាំងមួយចំងាយប្រហែលពីរគីឡូម៉ែត្រពីផែកប៉ាល់។ ឯមនុស្សទោសមានខ្មែរ មានយួន ដែលមកចាំទទួលលីសែងអីវ៉ាន់ពីទូកទៅចេះតែនិយាយសុំទិញស្បែកជើងខ្ញុំគ្រប់គ្នា ថាខ្ញុំលក់ថ្លៃប៉ុន្មាន? ត្បិតស្បែកជើងខ្ញុំ ជាស្បែកជើងនៅល្អនៅឡើយ។ ប៉ុន្ដែមិត្ដខ្ញុំម្នាក់ ដែលធ្លាប់មានការពិសោធន៍បានឃាត់ថាកុំអោយលក់ វាអោយថោកណាស់ ចាំទៅដល់ទីគុកសឹមលក់ទើបបានថ្លៃ។ ខ្ញុំដើរបណ្ដើរស្ដាប់គេនិយាយបណ្ដើរ ស្រាប់តែដល់កន្លែងគុកតូចមួយសំរាប់អោយមនុស្សទោសដែលមកដល់កោះត្រឡាចថ្មីចូលសំរាក។ នៅទីនោះគេអោយយើងឈរតំរៀបគ្នាជាពីរជួរ ហើយគេបង្គាប់អោយស្រាតខោអាវគ្រប់គ្នាយកទៅដាក់ពីមុខ គ្រាប់គ្នាទើបគេហៅអោយចូលទៅខាងមុខគេម្នាក់ម្ដងៗ ដើម្បីឆែកឆេដោយតំរួតជាតិយួនពីរបីនាក់ ដែលមានមេតំរួតជា តិបារាំងម្នាក់មាឌធំឈរចាំត្រួតមើលមួយជាន់ទៀត។ មុនដំបូងគេអោយហាមាត់យ៉ាងធំហើយអោយក្អកយ៉ាងខ្លាំងៗ ដើម្បីអោយគេសង្កេតរកមើលក្រែងយើងលាក់សំបុត្រអ្វីៗ ឬមួយខ្លាចយើងលាក់ក្រដាសបា្រក់១០០រៀលក្នុងបំពង់ក ឬក្នុងមាត់ រួចគេអោយអោនក្បាលចុះចំតិតក្ដិតឡើងដោយយះជើងអោយធំដើម្បីអោយចំហរន្ធក្ដិតជាការងាយគេនឹងពិនិត្យរកក្រដាសប្រាក់នេះទៀត។ គេង្គាប់អោយមនុស្សទោស ម្នាក់មកហែកចង្វែកក្ដិតយើងពិនិត្យមើលថែមទៀត រួចហើយគេអោយយើងងើបត្រង់ឡើងវិញហើយអោនក្បាលចុះបន្ដិច ទើបគេយកដៃវែកសក់ក្បាលយើងមើល ព្រមទាំងមើលរន្ធត្រចៀកផង។ លុះពិនិត្យមើលសព្វគ្រប់ហើយទើបគេអោយទៅឈរតាមជួរដើមវិញ។ គេធ្វើដូច្នេះម្ដងម្នាក់ៗទាល់តែគ្រប់គ្នា។ សូមជំរាបថាក្នុងការពិនិត្យមានមិត្ដខ្ញុំពីរបីនាក់បានត្រូវគេធ្វើទារុណកម្មដោយវាយនឹងរំពាត់ផ្ដៅដំបង រំពាត់ក្ដគោយ៉ាងខ្លាំង ទាល់តែទ្រោមខ្លួនដោយហេតុក្អកមិនខ្លាំង ចំតិតក្ដិតមិនត្រូវតាមបំណងគេ។ ចំណែកខ្លួនខ្ញុំជាសំណាងល្អដែរ បានគេផុតពីទារុណកម្មយ៉ាងវេទនានេះដោយហេតុខ្ញុំឈរនៅលេខទី៥ ខ្ញុំខំសង្កេតអ្នកទោសដែលត្រូវគេឆែកមុនខ្ញុំនោះ គេធ្វើម្ដេចខ្លះ។ លុះដល់វេន ខ្ញុំៗធ្វើតាមរបៀបគេមុន។ លុះគេបានសាកសួរតាមតែនឹកឃើញរួច ហើយទើបគេអនុញ្ញាតអោយស្លៀកពាក់ដូចដើមវិញ ហើយគេនាំអោយទៅសំរាកក្នុងគុកនោះចំនួន ១៥ថ្ងៃមិនទាន់អោយធ្វើការអ្វីឡើយ។ បានជាសំរាកដូច្នេះដើម្បីបំបាត់រោគ ពុលរលកអោយស្រួលបួលសិន ទើបគេចាត់អោយធ្វើការផ្សេងៗ។
ក្នុងពេលសំរាកនេះ មិត្ដភក្ដិដែលគេបានមកនៅកោះត្រឡាចមុន បាននិយាយប្រាប់ខ្ញុំសព្វគ្រប់ដែលជាហេតុនាំអោយខ្ញុំភ័យព្រួយពន់ពេកណាស់។ គេថានៅទីនេះបារាំងអោយធ្វើការច្រើនយ៉ាងណាស់ មានធ្ងន់ មានស្រាល តាមតែយើងស្ម័គ្រធ្វើ។ ប៉ុន្ដែពេលដែលយើងចូលទៅស្ម័គ្រនោះជួនណាហេងជួនណាស៊យ។ ឯការធ្ងន់មានកាប់អុស មុជក្នុងសមុទ្រកាច់ផ្កាថ្មយក មកដុតកំបោរសសំរាប់សង់ផ្ទះ យកស្រូវកិនអោយបានជាអង្ករក្រហម នេសាទត្រីសមុទ្រ កាប់ឈើហុប ធ្វើអំបិលស អំបិល ខ្មៅ៘ ការស្រាលគីធ្វើបោយបារាំង (ប៉ុន្ដែមុខការនេះមានតែជាតិយួនទេ ចំណែកខ្មែរយើងបារាំងវាមិនប្រើទេ) ដុតធ្យូង ធ្វើឥដ្ឋ ធ្វើចំការដំណាំផ្សេងៗ។ គេចំលងដាក់ទៅកោះតូចៗក្បែរនោះអោយរើសពងល្មេច។ មានមួយពួកទៀត គឺអោយធ្វើគិញ (Recherche) សំរាប់ដើរចាប់មនុស្សទោសដែលប្រុងនឹងរត់ទៅដីគោកវិញតាមទូកសំពត់ឬក្បូនរិស្សី។ គេបានអធិប្បាយ ពីការស្រួលនិងលំបាកអោយខ្ញុំដឹងដូចតទៅ៖
ការវាយធ្វើទារណកម្មអ្នកទោស នៅកោះត្រឡាច
ការវាយធ្វើទារណកម្មអ្នកទោស នៅកោះត្រឡាច
ការវាយធ្វើទារណកម្មអ្នកទោស នៅកោះត្រឡាច
ការវាយធ្វើទារណកម្មអ្នកទោស នៅកោះត្រឡាច
ការវាយធ្វើទារណកម្មអ្នកទោស នៅកោះត្រឡាច
ការដែលធ្ងន់មាន៦យ៉ាងគឺ ទី១ ក្នុង១ថ្ងៃមនុស្សទោសម្នាក់ត្រូវកាប់អុសនឹងកាំបិតឬពូថៅលើភ្នំ១ថ្ងៃអោយបានកំពល់មួយម៉ែត្រ ទទឹង០.៨០ម៉ែត្រទើបបានសុខខ្លួន។ បើមិនបានទេ នឹងត្រូវទណ្ឌកម្មដោយវាយដល់សន្លប់ក៏មាន ដល់ស្លាប់ក៏មាន។ បើវាយមិនស្លាប់ទេ គេយកទៅដាក់គុកងងឹតពី១០ថ្ងៃ ទៅ១៥ថ្ងៃទទួលទានបាយសាបរហូតទើបអោយរួចទោសបាន។ ទី២ ក្រុមនេះត្រូវមុជទឹកកាច់ផ្ដាថ្មនៅបាទសមុទ្រអោយបានច្រើន ក្នុងជំរៅទឹកប្រហែល៣ ឬ៤ម៉ែត្រ។ បើមិនបានទេ តំរួតខាងលើយកថ្នោលដែលខាងចុងមានចំពាមពីរចាក់ត្រង់កឬស្មាដោលជ្រមុជទៅក្នុងទឹកអោយខំកាច់ថ្មអោយបាន ទើបវាព្រមអោយឡើងមកលើសាឡាង។ បើមិនបានគេមិនអោយឡើងទេ ណាមួយរងាផង ឈ្លក់ទឹកប្រៃជាតិអំបិលផង។ ទី៣ ពួកកិនស្រូវក្នុងរោង ត្រូវកិនអោយបានជាអង្ករសផង អង្ករក្រហមផង ដោយត្បាល់កិនដោយដៃដូចជាគេធ្លាប់ប្រើនៅស្រុកយើងពីដើម។ ក្នុងត្បាល់កិនមួយមានមនុស្សទោស៣នាក់ គឺ២នាក់កិន ម្នាក់ចាក់ស្រូវ។ ធ្វើការពីម៉ោង៧ដល់ម៉ោង១១ព្រឹក ទើបឈប់សំរាក ទទួលទានបាយ រួចចាប់ធ្វើពេលល្ងាចពីម៉ោង១៣ដល់ម៉ោង១៧ទើបឈប់។ វេទនាណាស់នៅពេលធ្វើការក្នុងរោងកិនស្រូវ គេឃើញតែអង្កាមនិងកន្ទុកហុយហើរព្រោងព្រាតប្រលាក់ស្រមកពេញខ្លួន រកមើលមុខមាត់អ្វីមិនឃើញទេ ព្រោះកន្លែងនីមួយៗមានត្បាល់កិនច្រើនពី៣០ ទៅ៤០ ហើយគ្មានការពារសុខភាព គឺគ្រាន់តែហែកខោអាវចាស់យកមករុំបិទច្រមុះកុំ អោយកន្ទក់វាចូលប៉ុណ្ណោះ ប៉ុន្ដែចំណែកខាងភ្នែកបិទមិនកើតទេជាហេតុនាំអោយមានជំងឺភ្នែក។ ខ្លះចូលទៅធ្វើការរោងកិនស្រូវបានតែ៤-៥ថ្ងៃក៏ឈឺភ្នែកហើមពោររហូតដល់មានខ្ទុះ ទើបគេអោយទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ។ ដល់ទៅ បើមានវាសនា គេបញ្ជូនទៅធ្វើការនៅកន្លែងផ្សេងទៅ។ បើឥតភ័ព្វ គេអោយមកធ្វើការនៅរោងកិនស្រូវដដែលទៀត ជាហេតុនាំអោយរោគឈឺភ្នែករើរិតតែខ្លាំងទៀត ជួនណាបណ្ដាលអោយភ្នែកនោះខ្វាក់ក៏មាន ទើបផ្លាស់អោយទៅកន្លែងពុះរិស្សី បិតផ្ដៅធ្វើកៅអី ធ្វើកញ្ជ្រែង ឬរបស់អ្វីតាមគេតំរូវអោយធ្វើ។ មិនមែនថាខ្វាក់ហើយអោយរួចខ្លួនឥតធ្វើការនាះទេ។ សូមជំរាបថា ក្នុងឆ្នាំ១៩៤២នោះ ស្រុកទេសកំពុងកើតចំបាំង រកថ្នាំសង្កូវអ្វីគ្មានទេក្រណាស់។ នៅកោះត្រឡាចពេលនោះ គីនីន១គ្រប់២០រៀលរកមិនបានផង។ ហេតុនេះហើយ សេចក្ដីវេទនាគ្រប់បែបយ៉ាងត្រូវតែមានដល់មនុស្សទោសទាំងនោះតាមយថាកម្ម ដេកចាំតែស្លាប់មួយមុខប៉ុណ្ណោះ។ បើមានកើតរោគរាគឬមូល គេនាំមនុស្សនាះទៅព្យាបាលឯផ្ទះពេទ្យ គ្រូពេ ទ្យបារាំងជំនាន់នោះ វាយយកទឹកសមុទ្រ១កំប៉ុងទឹកដោះគោមកអោយផឹក បើកអ្នកជំងឺនោះ មិនផឹកទេ វាវាយបង្ខំអោយផឹក។
ឯមនុស្សទោសដែលវាប្រើបង្ខំធ្វើការវាឥតមានត្រាប្រណី អោយឈប់សំរាកអ្វីបន្ដិចឡើយ គឺប្រើអោយធ្វើការទាល់តែ ដល់ម៉ោងទើបអោយឈប់ ប្រៀបបាននឹងគ្រឿងច្រក (ម៉ាស៊ីន) ដូចជាកន្ដែងកិនស្រូវជាដើម។
ពួកទី៤ គឺពួកនេសាទត្រីសមុទ្រ នៅវេលាម៉ោង៣ទៀបភ្លឺ គេអោយចេញទៅដឹកអួនទៅសមុទ្រ មានតំរួតពីរបីតាមទៅផង។ ក្នុងទូកមួយមានមនុស្សពីរ១០នាក់ទៅ១២នាក់តាមចំនួនទូកធំតូចមិនកំណត់ស្រេចតែលើបញ្ជារបស់នាយតំរួត។ បើអាកាស ល្អឥតភ្លៀងខ្យល់ ទូកត្រូវចេញច្រើន បើអាកាសប្រកបដោយភ្លៀងខ្យល់វិញ គេអោយទូកតិចទៅនេសាទ។ បើងបង់ជាប់ និងផ្កាថ្មនៅបាតសមុទ្រ គេបង្គាប់អោយមនុស្សទោសលោតទៅមុជចុះទៅដោះអោយរួចឥតអាណិតអាសូរថា គ្នាត្រូវរងារ ដោយខ្យល់ផងដោយទឹកផងទេ។ ក្នុងពេលមុជទឹកទៅដោះមងនោះជួនណាមុតដៃនិងផ្កាថ្មក៏មាន ជួនណាប្រទះនឹងសត្វបបែលវាយកន្ទុយវាចាក់ត្រូវដៃ បណ្ដាលអោយចុកចាប់ឈឺផ្សា ប្រៀបបាននឹងពិសពស់វែកដូច្នេះឯង ហើយត្រូវរងទុក្ខឈឺចាប់ រហូតដល់ពេលត្រលប់មកវិញ ទើបគេអោយព្យាលឯមន្ទីពេទ្យ ជួនណាមនុស្សទោសគ្នាឯងរកថ្នាំអោយ ដូចជាស្មៅឬស្លឹកឈើព្រៃផ្សំលាបបិទមុខអោយក៏មាន ហើយនិងបណ្ដាលអោយដៃរបួសនោះស្វិតដោយត្រូវដាច់សរសៃឈាម។ មានពេលខ្លះមុជចុះទៅប្រទះនឹងសត្វឆ្លាមវាកាត់ដាច់ដៃជើងពិការមួយជីវិតក៏មាន។
ចំណែកមនុស្សទោសពួកទី៥ ផ្នែកកាប់ឈើលើខ្នងភ្នំនោះច្រើនមានគ្រោះថ្នាក់ដូចតទៅ៖ កាលណាកាប់ឈើហុបធំៗលើភ្នំបានហើយ គេត្រូវធ្វើផ្លូវសំរាប់អូសឈើហុបនោះទំលាក់ទៅក្នុងសមុទ្រ ដើម្បីចងជាក្បួន នាំទៅកាន់រោងអារឈើកន្លែងផ្សេងទៀត។ លុះធ្វើផ្លូវរួចហើយ គេចងទាក់ឈើនោះដោយខ្សែពួរ ហើយនាំគ្នាអូសទំលាក់ ពីលើភ្នំមកជើងភ្នំ។ មានឈើខ្លះប្រវែងជាង១០ម៉ែត្រ ក្នុងពេលអូសវាវាត់ចុះវាត់ឡើងទៅបុកដើមឈើក្បែរផ្លូវក៏មានជួនជ្រុលលឿនខ្លាំងពេកទៅកិនសង្កត់ឬបុកមនុស្សទោស ដែលគេចមិនទាន់បណ្ដាលអោយបាក់ដៃ បាក់ជើងឬកិនស្លាប់មួយនាក់ ឬពីរនាក់នៅនឹងកន្លែង ក៏ច្រើនគួរអោយវេទនាក្រៃលែង ឯកន្លែងដែលកាប់ឈើជាកន្លែងចាញ់ខ្លាំងផងទៀត បើមានកន្លែងណាឈើច្រើន មនុស្សទោសត្រូវទៅដេកនៅទីនោះយូរថ្ងៃដើម្បីកាប់ឈើអោយទាល់តែបានច្រើនដើម។ ពេលដេកក្នុងព្រៃឥតមុងត្រូវមូសខាំផងទៅជាមានជំងឺគ្រុនចាញ់បណ្ដាលដល់ស្លាប់ក៏មាន។ ឯចាញ់នោះបណ្ដាលមកពីមូសខាំផង បណ្ដាលមកពីព្រៃឈើធំអាប់អួរឥតមានអាកាសល្អផង។
ទី៦ក្រុមធ្វើអំបិល ក្រុមនេះជាមនុស្សទោសស្រាលសឹងតែជាមនុស្សឥតទោសធម្មតាយួនហៅថា «ទោសលូ» គឺមនុស្សដែលមានទោសជាប់គុបបីដងក្នុង១ជីវិតខ្លួន នៅពេលដែលរួចទោសគេអោយទៅធ្វើអំបិល។ ការរស់នៅនៃមនុស្សទាំងនេះ ដូចជាមនុស្សទោសដែរ ប៉ុន្ដែឥតទោសទេ ប៉ុន្ដែនៅកោះត្រឡាច គេខ្លាចមនុស្សពួកនេះណាស់ ត្បិតវាចេះលួចដោយប៉ិនប្រសប់ណាស់ គឺវត្ថុអ្វីក៏វាលួចដែរ តាំងពីខោអាវប្រាក់កាសជាដើមហើយមានពុតត្បុតផង។
អ្នកទាសស្រាលធ្វើការស្រាលនោះគឺក្រុមធ្វើបោយបារាំង គឺបំរើនៅតាមផ្ទះបារាំង។ មួយក្រុមទៀតសំរាប់ធ្វើម្ហូមអោយបារាំង។ មនុស្សទោសទាំងពីរពួកនេះ មានតែជាតិយួនទេខ្មែរយើងឥតបានធ្វើទេ។
មួយក្រុមទៀតសំរាប់ឡធ្យូង ដុតឡដែលជាការមិនលំបាកប៉ុន្មានទេ ពីព្រោះអុសសំរាប់ដុតធ្យូងមានស្រាប់ ឯដីសំរាប់ធ្វើឥ ដ្ឋក៏មានស្រាប់ដែរ គឺគ្រាន់តែជាន់ដីនោះអោយម៉ត់បន្ដិចរូចសូនដុំៗ រួចកប់ក្នុងពុម្ពកៀស អោយស្មើគោះអោយធូរបន្ដិចរួច លើកពុម្ពឡើង ក៏បានទៅរូបរាងឥដ្ឋ ហើយយកទៅហាលអោយស្ងួតហើយយកទៅរៀបក្នុងឡ ទើបដុតអោយឆ្អិនទៅជាការស្រេច។ ក្រុមនេះមានពេលទំនេរច្រើន តែកាលធ្វើការរួចហើយនាំគ្នាផឹកតែជជែកគ្នាលេង មានផ្ទះតូចល្មមនៅរៀងខ្លួន ហៅថាផ្ទះតៀម ឥតនៅជាមួយគេក្នុងគុកទេព្រមទាំងមានពេលទំនេរ ទៅរកចាប់ត្រីសមុទ្រយកមកអាស្រ័យបានទៀត។
ក្រុមមួយទៀតធ្វើចំការ។ គេចែកដីអោយ ២៥រង គេអោយដាំសាលាត ខាត់ណាស្ពៃ បន្លែផ្សេងៗ តាមគេតំរូវអោយដាំ។ ក្នុងមួយអាទិត្យ រដ្ឋការកណ្ដាលគេបើកអង្ករត្រីងៀតអោយម្ដងយកទៅផ្ទះរៀងខ្លួន ដាំស្លទទួលទានខ្លួនឯង។ ពួកនេះមានផ្ទះ នៅក្រៅគុកដែរមានការរស់នៅធូរទូលាយសប្បាយគ្រាន់បើ មានរបស់របរប្រើប្រាស់ច្រើន ខាងគ្រឿងបរិភោគក៏បរិបូណ៌។
ឯមួយក្រុមទៀតជាក្រុមគិញហៅថា ក្រុមរ៉ើសៀក ជាក្រុមដើរស៊ើបការណ៍ចាប់ចង ដូចក្រុមគិញសំងាត់ខាងរដ្ឋការដែរ។ ក្រុមនេះមានគ្នាច្រើនចំនួន៣០០ ទៅ៤០០នាក់ ហើយច្រើនតែជាជាតិខ្មែរ។ គឺជានយោបាយបំបែកបំបាក់ដើម្បីត្រួតអោយ បានស្រួលរបស់បារាំង ដែលអោយខ្មែរចាប់យួនធ្វើបាបតាមចិត្ដ មិនខុសពីជាតិខ្មែរយើងធ្វើភ្នាក់ងារក្រុមសំងាត់បារាំង ហើយធ្វើទារុណកម្មដល់ជាតិឯងឡើយ។ ប្រដាប់សំរាប់ធ្វើទារុណកម្មមានច្រើនបែបដែលមនុស្សតែងខ្លាចរអាគ្រប់គ្នា។ ឯរ បៀបធ្វើទារុណកម្មមានដូចតទៅ៖
១ – គេចាប់មនុស្សទោស ដែលប្រព្រឹត្ដខុសអោយមានទោសមួយជាន់លើទោសចាស់ទៀត ទៅធ្វើទារុណកម្ម ដោយចងស្លាបសេក (ចងដៃផ្អោបគ្នាទៅខាងក្រោយ) ហើយយកទៅចងភ្ជាប់នឹងចុងខ្សែម្ខាង រួចយកចុងខ្សែម្ខាងស៊កទៅក្នុងរ៉កកំពស់ពីរម៉ែត្រទៅបីម៉ែត្រ ទើបគេទាញចុងខ្សែរ៉កឡើងលើ ដើម្បីអោយជើងផុតពីដីប្រហែលកន្លះម៉ោង ទើបគេសួរចំលើយ តាមអំពើដែលខ្លួនប្រព្រឹត្ដខុស។ បើប្រកែកគេទាត់ ឬដាល់ពោះទាល់តែសន្លប់ក៏មាន ដល់ស្លាប់ក៏មាន។ ជួនឆ្លើយតាមសំនួរ គេមិនបានសព្វក៏គេវាយដែរ តែមិនដល់ការប្រកែកដាច់អង្ហការឡើយ។ លុះគេលែងមកវិញបានប្រហែល១០ ឬ១៥ថ្ងៃក៏ ឈឺស្លាប់ទៅ ដោយបណ្ដាលមកពីឈឺពោះ ឈឺពោះវៀនដែលគេប្រហារនោះហើយដែលគ្មានថ្នាំអ្វីមើលខ្លួនអោយជាផង។
២ – គេអោយមនុស្សទោសស្រាតនៅខ្លួនទទេ ហើយអោយដេកផ្ងារលើតុវែងមួយ ដែលមានខ្សែចងសំយុងពីលើពិដានមក ហើយយកចុងម្ខាងនោះចងស្វាសអោយមាំយ៉ាងតឹងឬគេច្របាច់ស្វាសយ៉ាងខ្លាំងក្នុងការសួរចំលើយ។ បើមនុស្សនោះឆ្លើយប្រាប់តាមត្រង់ទៅគេស្រាយលែងភ្លាម។ បើប្រកែកពុំព្រមឆ្លើយប្រាប់ហេតុពិត គេចងស្វាសអោយតឹងជាងមុនហើយ ទាញចុងខ្សែនោះឡើងលើបន្ដិច។ សូមមិត្ដពិចារណាមើល! តើវាឈឺយ៉ាងណា?។ យើងទ្រាំបានទេ? ជួនណាទៅវាសន្លប់ ។ តពីនោះទៅក៏រស់មិនបានយូរដែរ។ ឯស្វាសនោះឈឺគ្រាំគ្រាកែមិនឡើងទេ នោមមកសុទ្ធតែឈាម ឬខ្ទះក៏មាន ជួនណានោមមិនចេញក៏មាន ក៏ឥតមានអោសថអ្វើព្យាបាលទេ។ តពីនេះ គេយកទៅដាក់គុកងងឹតទៀតចំនួន១០,១៥ ឬ៣០ថ្ងៃតាមទោសស្រាលធ្ងន់។
៣ – គេអោយមនុស្សទោស ដែលមានទោសលើទោសនោះអង្គុយសណ្ដូកជើង ហើយយកឃ្មាបធ្វើដោយឈើផ្ចឹក ឬឈើបេងសំប៉ែតដែលគេចងភ្ជាប់នៅចុងម្ខាង ទុកអោយច្រហចុងម្ខាងយកមកស៊កប្រហកកជើងម្ខាងចូលឃ្នាបនោះ ហើយគេរឹតចុងឃ្នាបបន្ដិចម្ខងៗទើបគេសួរចំលើយ។ បើមិនព្រមឆ្លើយ គេរិតឃ្នាបអោយរិតតែតឹងឡើងៗ។ មនុស្សទោសនៅ កោះត្រឡាចខ្លាចឃ្នាបនេះណាស់ ពីព្រោះវាហើមកជើងហើយត្រូវចូលដេកពេទ្យ ហើយត្រូវតែកាត់ជើងចោលទៀត ត្បិតពុំមានឱសថអ្វីព្យាបាលអោយបានជាឡើយ ដោយស្រុកកំពុងកើតចំបាំងគ្មានថ្នាំសង្កូវអ្វីទេ។
ចំណែកគ្រូពេទ្យបារាំងក្ដី ជាតិយួនក្ដី ដែលមកធ្វើការឯកោះត្រឡាច ហាក់បីដូចជារៀនកម្មសិក្សាបន្ដវិជ្ជាពេទ្យអោយបានជំនាញពូកែដែរ ត្បិតអាចនឹងវះកាត់ឬធ្វើអ្វីតាមអំពើចិត្ដឥតនរណាឃាត់ឃាំងឡើយ ហើយឥតមាននរណាតវ៉ាផង ត្បិតមនុស្សនោះគេទុកដូចជាសត្វចង់ស្លាប់ ឬពិរាពិការប៉ុន្មានក៏គេឥតឈឺក្បាលអាណិតអាសូរឡើយ។ គេធ្វើការនៅនេះដូចជាគេនៅ បង្រៀនវិជ្ជាពេទ្យអោយរិតតែពូកែ អោយមានពិសោធន៍ច្រើនរៀនក្នុងវិជ្ជារបស់គេ បើជំងឺត្រូវមើលដោយឱសថជា ក៏គេត្រូវតែកាត់ដែរ។
គិតទៅកោះត្រឡាចនេះជាកោះឧក្រិដ្ឋ សំរាបសំលាប់មនុស្សតែម្ខង។ រឿងដែលអ្នកជាប់ទោសមុនគេបាននិយាយនេះ ធ្វើអោយខ្ញុំនឹកព្រួយចំពោះជោគវាសនាខ្លួនឯងខ្លាំងណាស់ មិនដឹងជានឹងទទួលទោសរបៀបណាទេ ក្នុងចំណោមមហន្ដទោសទាំងនោះ។ មិនដឹងជានឹងទទួលទោសរបៀបណាទេ។
៨ -ជីវភាពនៅគុកោះត្រឡាច
ក្នុងពេលឈប់សំរាក១៥ថ្ងៃនាះ គេអោយទទួលទានម្ហូបអាហារគ្រប់គ្រាន់ដោយហេតុថា កន្លែងដែលសំរាកនោះជាកន្លែងព្យាបាលជំងឺ គេត្រូវថែរក្សាអោយបានស្រួលមានកំលាំងកំហែងសិន អាហារក៏អោយទទួលទានបរិបូរណ៍គឺមានម្ហូបដោយ ត្រីសមុទ្រ ស៊ុតមាន់សាច់សត្វល្មេចក៏មាន ដែលគេយកទៅស្លម្ជូរស្លឹកថ្នឹង ឬស្លឹកទ្រមូងតាមតែអ្នកធ្វើម្ហូមគេលៃលក ឃើញឆ្ងាញ់ពិសាជាងម្ហូបនៅគុកព្រៃនគរ។ ឯបាយក្រហមក៏អោយច្រើនបរិភោគមិនអស់។ ក្រោយពេលបាយព្រឹកនាំគ្នាសំរាក រួចនាំគ្នានិយាយលេងកំសាន្ដពីនេះពីនោះ មានរឿងប្រលោមលោកជាដើម។ ក្រោយពេលបាយល្ងាចគេដាក់ខ្នោះជើងទាំងពីររហូតដល់ព្រឹកឡើងប្រហែលម៉ោង៦ ទើបគេអោយបរិភោគបបរនឹងត្រីកញ្ចុះប្រៃចៀន។
លុះសំរាក១៥ថ្ងៃហើយ ទើបឃើញនាយតំរួត៤-៥នាក់មកបើកទ្វារបញ្ចេញពួកយើងខ្ញុំទៅក្រៅទាំងអស់អោយឈរជាជួរដើម្បីនាយតំរួតធំគេត្រួតមើលសិន ទើបគេអោយដើរជាពីរជួរឆ្ពោះទៅគុកធំ ដែលមានទំហំធំជាងគុកសំរាកនោះមួយជាពីរ ហើយនិងធំជាងគុកនៅភ្នំពេញទៅទៀត ហើយដែលមានមនុស្សជាង ៤០០០០ រស់នៅទីនោះ។ គុកនោះគេហៅថា គុកបំរុង គឺជាកន្លែងដែលគេត្រូវជ្រើសរើសបែងចែកអ្នកទោសអោយទៅធ្វើការនៅកន្លែងដទៃទៀតឆ្ងាយៗក្នុងនាទីកោះត្រឡាច។
គ្រាដែលទៅដល់គុកធំនោះ ក្រោយពីបានចំណែកកន្ទេលចចូត១ម្នាក់ហើយ គេបញ្ជូនទៅក្នុងសាលទី៦ ក្នុងបណ្ដាសាលទាំង១០នៃគុកធំនោះនៅវេលាប្រហែលម៉ោង៩ព្រឹក។ លុះសំរាកបានបន្ដិចក៏ដល់ពេលបាយថ្ងៃត្រង់ហើយ លឺសូរគេវាយស្គរទូងៗ សូរមនុស្សនិយាយគ្នាអ៊ូរអរខាងក្រៅខាងមុខគុក។ មិត្ដខ្ញុំបានប្រាប់ខ្ញុំថា នេះជាពេលដែលមនុស្សទោសត្រលប់ពីធ្វើការវិញ។ ក្រោយនោះបន្ដិច ទើបឃើញតំរួតមកបើកទ្វារបញ្ចេញយើងទៅក្រៅ អោយអង្គុយជាក្រុម ក្នុង១ក្រុម៦នាក់។ គេដាក់ស្នូកបាយធំៗ មានចានគូមធំមួយ ត្រលោកដូង៦-៧ព្រមទាំងចង្កិះមួយបាច់ផង មានកូនចានតូចមួយដាក់ទឹកត្រី។ ឯម្ហូបមានតែត្រីកញ្ចុះចៀនមួយមុខគត់ ត្រីកញ្ចុះនោះស្អុយពុកមិនដឹងតាំងពីកាលណាទេ។ ក្រោយពេលដែលបរិភោគហើយ គេបញ្ជូនទៅគុកវិញនៅវេលាប្រហែលម៉ោង១០កន្លះ។
នៅពេលនោះ ខ្ញុំសង្កេតឃើញមនុស្សទោសខ្លះសំរាក ខ្លះនិយាយគ្នាលេង ខ្លះលេងចត្រង្គ លេងរែក។ ចំលែកតែត្រង់ក្រុមមួយទៀតឃើញខំរៀនអក្សរអង់គ្លេស បារាំង រុស្សីជាដើម។ ក្នុង១ក្រុមៗប្រហែល៥-៦នាក់ប៉ុណ្ណោះ។ គេយកកំបោរសធ្វើ ជាដីសសរសេរនៅលើឥដ្ឋបេតុងដែលជាកន្លែងដេកនោះឯង។ ខ្ញុំបានសង្កេតម្យ៉ាងទៀត ឃើញច្រើនតែជាតិយួន ដែលជាក្រុមអ្នកនយោបាយដែលហៅថា ពួកយៀកមិញ។ ពួកនេះគេអប់រំគ្នាគេជានិច្ចពីរឿងនយោបាយគឺធ្វើយ៉ាងណាអោយគេខំតស៊ូតាមផ្លូវចិត្ដកុំភ្លេច។ មួយទៀតក្រុមនេះចូលចិត្ដខំព្យាបាលអប់រំមនុស្សទោសធម្មតា (droit commun) ដែលពុំមានទោសនយោបាយមានទោសចោរកម្មជាដើម អោយចូលចិត្ដលុះក្នុងការណែនាំរបស់គេ អោយយល់នូវឧត្ដមគតិល្អ អោយដើរត្រូវឆ្ពោះទៅរកសេចក្ដីចំរើនលូតលាស់។ ប៉ុន្ដែនៅមានមនុស្សទោសខ្លះដែលប្រកាន់អស្មិមានៈរឹងរូសពុំយកតាមដំបូន្មានល្អជាច្រើនដែរ ដែលពួកគេលើកទុកដោយឡែក សំរាប់ប្រើការផ្សេងៗក្រៅពីនយោបាយបានទៀត។ ឧទាហរណ៍ក្រុមគេ (ពួកនយោបាយ) ត្រូវតំរូវបារាំងផ្លាស់គ្នាគេទៅអោយនៅជាមួយពួកទោសធម្មតានេះ គេផ្ដាំផ្ញើអោយមើលការខុសត្រូវដល់ពួកគេផង។ឯពួកអ្នកទោសធម្មតានៅតែទទួលស្គាល់ពួកគេនេះ ជាពួកតស៊ូខាងនយោបាយរំដោះជាតិពីនឹមបារាំងដរាប គេឥតប្រឆាំងអ្វីទេ ដែលជាហេតុនាំអោយពួកអ្នកនយោបាយទាំងនោះសុខស្រួលប្រកបដោយសេចក្ដីក្លាហានឥតរួញរាក្នុងការតស៊ូខាងនយោបាយតទៅទៀត។
នេះជារឿងពិតក្នុងឆ្នាំ១៩៤២ ដែលខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល បានឃើញច្បាស់នឹងភ្នែកឯង ដែលហេតុនាំអោយខ្ញុំខំព្យាយាម ចងចាំនូវរឿងជាតិគេទុកក្នុងសន្ដានចិត្ដរហូតមក ដើម្បីខ្ញុំនឹងសរសេររឿងពិតទាំងនេះជូនបងប្អូនរួមជាតិអោយបានដឹងបានលឺ ទុកជាមេរៀនតទៅ។ យួនគេខ្ញុំបារាំងដូចយើងដែរ គេចេះបបួលគ្នាខំរើខ្លួនពីទាសភាពបារាំង ចុះខ្មែរម្ដេចក៏សុខចិត្ដនៅស្ងៀមធ្វើខ្ញុំបារាំង? បើយើងធ្វើមិនបានស្មើនឹងយួន ក៏បានពាក់កណ្ដាលគេទៅចុះ នេះមិនដូច្នេះ ឈឹងរហូតតែម្ដង ឥតរវល់សោះ អោយតែខ្មែរណាមានចិត្ដតស៊ូការពារជាតិនោះ តាំងចោទគ្នាថា ជាមនុស្សចោលម្សៀត មិនបានការ មិនហានទាំងមើលមុខ ឬស្ដីរកគ្នាផង ថែមទាំងជួយផ្ដន់ទាទោសគ្នាទៀត។ មានខ្លះលបប្រាប់បារាំងអោយធ្វើបាបខ្មែរណាដែលតស៊ូថែមទៀតផងក៏មាន។ ខ្មែរយើងច្រើនតែយកពាក្យមួយម៉ាត់ថា «កុំយកពងមាន់ទៅជល់នឹងថ្ម» ហើយនិងបង្អប់បំភ័យអោយរួញរា ប្រាសចាកសេចក្ដីក្លាហានថាៈ «យើងពផែនដីតែម្នាក់ឯងម្ដេចរួច បើគេឯងឯទៀតមិនរវល់រាល់គ្នានោះ?» ពាក្យទាំងនេះល្មមយើងរាល់គ្នាឈប់យកមកប្រើទៀតទៅ ព្រោះជាពាក្យដែលនាំអោយយុវជន ជំនាន់ក្រោយបាត់សេចក្ដីក្លាហាន បាត់ការតស៊ូ ដើម្បីប្រយោជន៍ជាតិអស់ ជូនកាលជំនាន់យើងខ្ញុំនោះ។ សម័យបច្ចុប្បន្ននេះមនុស្សលោកបានឡើងដល់ព្រះច័ន្ទទៅហើយ ខ្មែរយើងនៅតែមិនទាន់ភ្ញាក់ខ្លួនទៀត ទាល់តែរលាយជាតិដូចជាចាមទៅឬទើបភ្ញាក់ខ្លួន?។
នៅពេលសំរាកថ្ងៃត្រង់ពួកគេនាំគ្នារៀនបានមួយម៉ោង ពេលយប់ចាប់ពីម៉ោង១៨ទៅ ពួកគេនាំគ្នារៀនបានពីរបីទៅបួនម៉ោងទៀតទើបគេនាំគ្នាដេក។ នេះជាការពិត គេនាំគ្នានិយាយថា ការតស៊ូជាករណីយកិច្ចរបស់ប្រជាពលរដ្ឋយួនទាំងប្រុសទាំងស្រី ទាំងក្មេងទាំងចាស់ដើម្បីអោយជួយរំដោះប្រទេសអោយរួចពីនឹមបារាំង ទោះជាឆាប់ក្ដីយូរក្ដី គឺថាត្រូវតែរួបរួមគ្នាកុំបីខាន ប្រយោជន៍នឹងជួយកូនចៅរបស់គេជំនាន់ក្រោយអោយបានសេរីភាពបានសុខសន្ដិភាពតទៅ។ គេហាមគ្នាមិនអោយនិយា យពី រឿងខ្លាចស្លាប់ ពីរឿងថយក្រោយឡើយ តែយើងខ្លាចស្លាប់មិនដឹងជាពេលណាយើងនឹងបានរួចខ្លួនជាអ្នកជាឡើយ។ ហើយកូនចៅយើង ជំនាន់ក្រោយវានឹងតិះដៀលប្រទេចផ្ដាសាយើងជំនាន់មុនយ៉ាងណាទៅ? ហេតុនេះយើងជាជាតិខ្មែរត្រូវតាំងចិត្ដរួមគ្នា ខំប្រឹងតស៊ូឡើងកុំខ្លាចស្លាប់ អោយទាល់តែបានសំរេចនូវគោលដៅរបស់យើង។
ដល់មកត្រង់ណេះខ្ញុំសូមសាទៅជំរាបរឿង កាលដែលខ្ញុំនៅគុកធំព្រៃនគរនៅឡើយម្ដងទៀត។
នៅគុកព្រៃនគរពួកអ្នកទោសនយោបាយជាតិយួន គេតែងអប់រំគ្នាគេអោយខំប្រឹងតស៊ូរំដោះជាតិគេជានិច្ចដែរ។ ខ្ញុំប៊ុណ្ណចន្ទ ម៉ុល បានជួបនឹងលោកគ្រូអាចារ្យហែម ចៀវ និងលោកនួនឌួងម្ដង។ លោកទាំងពីរមានភ័ព្វបានទៅជាមួយពួកមនុស្សទោសនយោបាយជាតិយួន។ លោកជ្រាបហេតុការណ៍នេះដោយផ្ទាល់ខ្លួនលោក។ កន្លែងដែលលោកទាំងពីរនៅនោះជាកន្លែង ទោសឧក្រិដ្ឋ គេដាក់លោកជាមួយពួកយួន ដើម្បីរង់ចាំសំរេចពីលោក ហ្សេនេរ៉ាលប៉េតាំងឯក្រុងបារីសដែលគេផ្ញើសំណុំរឿងប្រហារជីវិតទៅសុំសេចក្ដីអនុគ្រោះ បើលោកប៉េតាំងយល់ព្រមតាមសាលក្រមអោយសំលាប់គេក៏សំលាប់ភ្លាម។ បើលោកប៉េតាំងត្រាប្រណីបន្ថយទោសត្រឹមមួយជីវិត គេក៏សំរេចតាមដែរ។
ខ្ញុំសូមជំរាបមិត្ដថា គុកនៅព្រៃនគរគេតែងនាំមនុស្សទៅប្រហារជីវិតនៅវេលាម៉ោង៥ភ្លឺ។ មនុស្សនោះតែងស្រែកលាមិំត្ដ ភក្ដិរួមជាតិរបស់គេថា «មិត្តរួមឈាមអើយ! យើងសូមលាទៅស្លាប់មុនហើយ សូមមិត្ដរាល់គ្នាកុំភ្លេចខំតស៊ូទៅទៀតអោ យទាល់តែបានសំរេច»។ ក្នុងពេលនោះពួកមិត្ដភក្ដិគេនៅគ្រប់សាលនំាគ្នាក្រោកឈរឡើង ស្រែច្រៀងបទជូនដំណើរមិត្ដ គេទៅស្លាប់យ៉ាងអង់អាចក្លាហាន គេស្រែក «ជយោហូជីមិញៗៗៗ» ហើយអ្នកដែលឥតទាន់ប្រហារជីវិតបាននិយាយថា មិត្ដយើងមិនភ្លេចបណ្ដាំមិត្ដទេ ពួកយើងនៅតស៊ូៗៗៗ លុះត្រាបានសំរេច (កាលនោះហូជីមិញជាអ្នកបដិវត្ដដ៏សំខាន់ ជនជាតិយួនដើរតាមគំនិតហូជីមិញមាំណាស់ សអោយឃើញថា ពួកយួនគេចេះភ្ញាក់រលឹកមានសាមគ្គីដើរតាមក្រោយអ្នកដឹកនាំ ឥតរួញរាសោះឡើយ!) ហើយឈរត្រង់ខ្លួនដើម្បីគោរពវិញ្ញាណខន្ធនៃវីរបុរសដែលស្លាប់នោះ។ លុះតំរួតនាំមនុស្សទោសនោះចេញផុតពីទ្វារគុកហើយទើបគេនាំគ្នាសំរាកទៅវិញ។
សូមមិត្ដកុំឆ្ងល់ថា ម្ដេចក៏មនុស្សទោសនៅក្នុងគុកមានសេរីភាពអាចស្រែកច្រៀង ឬធ្វើអ្វីតាមចិត្ដម៉្លេះ? សូមមិត្ដជ្រាបថាទោសដល់ប្រហារជីវិតទៅហើគេឥតប្រកាន់ទេធ្វើអ្វីបានតាមចិត្ដចង់ជេរនរណាក៏បានដែរ។
មិត្ដជ្រាបទេទើបតែនៅឆ្នាំ១៩៤២នោះហើយ ដែលមានមុនុស្សទោសនយោបាយជាតិខ្មែរទៅជាប់គុកនៅព្រៃនគរ ពីមុនមកគ្មានសោះ។ ហេតុដូចនេះហើយបានជាពួកនយោបាយយួនគេរាប់អានពួកអ្នកទោសនយោបាយខ្មែរ គេនាំគ្នាអោយម្ហូប អាហារចំណីចំណុកទទួលទានគ្រប់ៗគ្នា។ អាហារនោះពួកញាតិមិត្ដ ឬពួកក្រុមគេនៅឯក្រៅគុក មានសិទ្ធិយកមកអោយបង ប្អូនឬជាមិត្ដនៅក្នុងគុករាល់ថ្ងៃសៅមិនដែលខានឡើយ។ ពួកអ្នកទោសនយោបាយយួនគេមានសេចក្ដីត្រេកអរ ដោយឃើញមានពួកខ្មែរទៅជាប់គុកកាលឆ្នាំ១៩៤២នោះដែរ។ គេនិយាយថាដល់ពេលយើងរួបរួមគ្នាវាយក្បាលបារាំងហើយ បារាំងមិនអាចនាំបងប្អូនខ្មែរទៅវាយពួកគេបានទេ។ គេនាំគ្នាថែទាំលោកគ្រូអាចារ្យហែម ចៀវ លោកនួន ឌួង និងប៉ាច ឈឺនណាស់ព្រោះជាប្រយោជន៍សំរាប់គេដែរ។
ខ្ញុំសូមស្លេះត្រឹមនេះ ហើយសូមមិត្ដបែរមកមើលឯកោះត្រឡាចទៅទៀត។ លុះដល់ពេលម៉ោង ១៣ថ្ងៃត្រង់ លឺគេវាយស្គរម្ដងទៀត ដើម្បីអោយមនុស្សទោសទៅធ្វើការរៀងខ្លួនម្ដងទៀត។ មិត្ដភក្ដិឯទៀតនិងខ្ញុំបានចេញជាមួយក្រុមមនុស្ស ទោសឯទៀតដែរ។ គេអោយឈរជាពីរជួរ រួចមេតំរួតកាន់បញ្ជីមួយសន្លឹកដើររាប់យកមនុស្សទោសទាំងអស់នោះ តាមសេចក្ដីត្រូវការរបស់គេ។ ឧបមាថា គេត្រូវការមនុស្សទោស១៥នាក់ អោយទៅកាប់អុស ១៥នាក់អោយទៅធ្វើថ្នល់ ៤០នាក់អោយទៅជញ្ជូនអីវ៉ាន់ផ្សេងៗតាមតែត្រូវការ៘
នៅក្នុងថ្ងៃនោះខ្ញុំព្រមទាំងមិត្ដខ្ញុំចំនួន២៥នាក់ មានវាសនាបានទៅធ្វើថ្នល់ក្នុងបន្ទាយទាហាននៅចំងាយពីគុកទៅប្រហែលជាង១គីឡូ។ លុះទៅដល់ហើយក៏ចាប់ធ្វើតាមបង្គាប់គេ មានបោសថ្នល់រៀបចំអោយរទេះរ៉ូឡូ (Rouleau) កិនចាក់ថ្នល់ កៅស៊ូ។ នៅពេលនោះខ្ញុំខំប្រមូលកន្ទុយបារីថ្នាំប្រហែលមួយក្ដាប់ធំដាក់ក្នុងហោប៉ៅអាវ ទុកផ្ញើមិត្ដភក្ដិឯក្នុងគុក ដែលអត់យូរថ្ងៃហើយ។ លុះដល់ម៉ោង១៦ និង៣០ នាយតំរួតបាននាំពួកធ្វើការទាំងអស់ត្រលប់មកគុកវិញ។ គេអោយលុបលាងមុខជូតខ្លួនបន្ដិចទើបគេអោយអង្គុយជាជួរតាមសំយ៉ាបមុខគុក បានបន្ដិចរួចគេលើកបាយស្នូកមកដាក់អោយទទួលទានជាក្រុមៗ ដូចកាលពីមុន។ បាយស្នូកទាំងនេះ សត្វរុយរោមពេញយកដៃបក់រុយមិនចេញបរិភោគតែម្ដង ពីព្រោះបាយនោះអ្នកទោស ចុងភៅដួសទុកមុនមួយម៉ោងកន្លះយ៉ាងតិច ពីព្រោះមនុស្សទោសច្រើនពេករាប់ពាន់នាក់ឯណោះ។ ក្រោយបាយនោះទើប គេបញ្ជូនទៅក្នុងគុកវិញទៅ។ មិត្ដភក្ដិខ្ញុំមានសេចក្ដីត្រេកអរណាស់ ដោយទទួលចំណែកថ្នាំ កន្ទុយបារីបន្ដិចៗម្នាក់ដែលខ្ញុំចែកអោយ ក៏អោយពរស័ព្ទសាធុការដល់ខ្ញុំយ៉ាងច្រើន។
លុះព្រឹកឡើងម៉ោង៥ នាំគ្នាក្រោកឡើងម្នីម្នាតាមសូរស្គរដែលគេវាយជាសញ្ញាអោយភ្ញាក់ទៅធ្វើការ ក៏នាំគ្នាចេញមកក្រៅទាំងមុខសើងម៉ើង ដោយឥតបានលុបមុខមាត់អ្វីទេ ត្បិតខាងក្នុងសាលឥតមានទឹកសំរាប់ប្រើឡើយ មានតែទឹកធុងសំរាប់ ចាក់បង្គន់ក្នុងគ្រាបត់ជើងប៉ុណ្ណោះ។ សូមជំរាបថានៅក្នុងគុកឥតទឹកសំរាប់ទទួនទានទេ។ បើមានជំងឺឈឺ មានគ្រុនចាញ់ជាដើម ឬបើពេលណាក្ដៅខ្លាំង ហើយស្រេកទឹក តោងតែទទួលទានទឹកបង្គន់នោះជាការចាំបាច់ ដែលធំក្លិនលាមកមន្ដិចៗផង។ បើមិនផឹកមានតែស្លាប់ប៉ុណ្ណោះ។
ថ្ងៃមួយក្រោយពីពេលបបរព្រឹករួច មេតំរួតជ្រើសរើសអ្នកទោសមាឌមាំៗហើយខ្លាំងចំនួន៤៥នាក់ ពីក្នុងជួរដែលគេអោយឈរម្ដុំបំរុងចាត់អោយទៅធ្វើការ។ ក្នុងចំនួននេះដោយខ្លួនខ្ញុំជាមួយដែរ ហើយឥតមានស្គាល់នរណាម្នាក់ឡើយ។ នៅពេលមនុស្សឯទៀតចេញផុតអស់ទៅ ពួកតំរួតប្រើពួកខ្ញុំអោយចូលទៅក្នុងគុកវិញ យកកន្ទេលទៅតាមរៀងខ្លួន។ លុះគេបណ្ដើរបានបន្ដិច ខ្ញុំសួរមនុស្សទោសដូចគ្នាដោយសេចក្ដីសង្ស័យថា គេនាំយើងទៅណា? ឥតអ្នកណាដឹងថា គេនាំទៅណាឡើ យ។ លុះទៅដល់មាត់សមុទ្រ ទើបគេនាំទៅចុះក្នុងសាលាងមួយយ៉ាងធំដែលមានកាណូតមួយនាំមុខឆ្ពោះទៅកាន់កោះមួយទៀតនៅឆ្ងាយពីកោះត្រឡាច ដោយប្រើពេលវេលាប្រហែលជាងពីរម៉ោង ទើបទៅដល់កោះនោះ។ ទើបនាយតំរួតបញ្ជាអោយនាំគ្នាចុះដើរលុយទឹកសមុទ្រត្រឹមចង្កេះទៅកាន់មាត់ច្រាំង។ នៅពេលជិតដល់កោះនោះ ខ្ញុំក្រលេកទៅឃើញនៅលើ កំពូលភ្នំនោះ មានសើន(ប៉ម) មួយយ៉ាងធំដាក់ Phare សំរាប់អោយសញ្ញាដល់កប៉ាល់សមុទ្រទាំងឡាយ ដែលបើកបរក្នុងវេលាយប់តាមផ្លូវនេះ។ លុះដល់ដីគោកជាយកោះហើយគេក៏អោយសំរាកចំនួន១០នាទី ទើបគេផ្លុំកញ្ចែប្រជុំគ្នាមួយកន្លែង ហើយចែកសំបកប៉ោតប្រេងកាតចំនួន១៦នាក់។ ឯមនុស្សទោសក្រៅពីនេះ គេចែកបាវស៊ីម៉ង១ម្នាក់គ្រប់គ្នា។ ឯកន្ទេលចចូតដែលគេចែក១ម្នាក់នោះ ក៏មូរអោយតូចរួចចងចុងផ្អោបគ្នា រួចស៊កពាក់ឆៀងលើស្មាម្ខាង សំរាប់ទុកក្រាលទទួលទានដំនេកនៅពេលយប់សំរាក។ តពីនេះគេនាំទៅកើបអាចម៍ផ្កាយ និងខ្សាច់នៅកន្លែងជិតនោះ គឺប៉ោតដាក់គ្រួស បាវស៊ីម៉ងត៍ដាក់ ខ្សាច់ពេញទាំងអស់។ ប៉ោតនិងបាវនោះ ត្រូវលឺសែង ទូលក៏បាន អោយតែបានដល់លើកំពូលភ្នំ ដែលមានកំពស់ប្រហែល៧០០ម៉ែត្រ ដែលគេមានរៀបចំដាក់កាំជណ្ដីរថ្មរហូតដល់កំពូលភ្នំទៀត។ តាមដងផ្លូវឡើងទៅលើភ្នំមានដើមទំពាំងបាយជូរព្រៃដុះដេរដាស ប្រកបដោយផ្លែទុំឡើងពណ៌ខ្មៅរលោង ពួកអ្នកទោសនាំគ្នាបេះទទួលទានបណ្ដើរ នាំអោយរមាស់បន្ដិចៗ ប៉ន្ដែផ្លែដែលទុំក៏មានជាតិផ្អែមដែរ។ ចាប់ឡើងពីក្រោមទៅប្រហែលម៉ោង៩ព្រឹក ប្រហែល៣ ឬ៤ម៉ោងទើបដល់កំពូលភ្នំជាកន្លែងគ្រួសខ្សាច់។ នៅលើភ្នំសង់ផ្ទះថ្មធ្វើជាថែវរាងមូលព័ទ្ធពីក្រោយប៉មសំរាប់ជាលំនៅនៃក្រុមរក្សាប៉ម ដែលជាតិបារាំង៥នាក់ ជាតិយួន៣នាក់ ឥតមនុស្សទោសនៅទីនោះទេ។ កន្លែងសង់ប៉មនិងផ្ទះក្បែរនោះមានទំហំប្រហែលជា៥០ម៉ែត្រ ៤ជ្រុង។ នៅខាងមុខប៉មបើក្រលេកទៅផ្ទៃសមុទ្រឃើញទឹកសមុទ្រឡើងពណ៌ខៀវស្រងាត់គួរអោយគយគន់ពេក។ នៅលើភ្នំទាំងមូលដុះសុទ្ធតែដើមឈើធំៗ ច្រូងច្រាងពណ៌បៃតងពាសពេញផ្ទៃភ្នំ។ ខាងក្រោយកោះនេះមានភ្នំតូចធំដុះលិចចេញពីផ្ទៃទឹកសមុទ្ររកូតជាច្រើន ដែលក្នុងចំណោមកោះទាំងនោះ មានភ្នំកោះត្រឡាចនៅនោះដែរ ប៉ុន្ដែភ្នំកោះត្រឡាចធំជាងគេ។ ឯឆ្នេរសមុទ្រដែលមានខ្សាច់សក្បុសដុះនារលយទៅកណ្ដាលសមុទ្រ ជាកន្លែងងូតទឹកយ៉ាងសប្បាយល្អជាងឆ្នេរនៅកែបឆ្ងាយណាស់។ បើយើងគ្មានទោសពៃរ៍អ្វីទៅសំរាកលេងនៅទីនោះបានចំនួន១០ឬ១៥ថ្ងៃ ម៉្លេះសមសប្បាយពេកណាស់ ហើយស្រួលខ្លួនផង ដោយអាកាសសមុទ្រត្រជាក់ស្ងាត់ ទេសភាពល្អខុសពីកន្លែងនានានៃស្រុកខ្មែរយើង។
លុះចាក់ក្រួសខ្សាច់លើខ្នងភ្នំហើយគេអោយនាំគ្នាចំអិនអាហារព្រឹកទទួលទាន។ ក្រោយនេះប្រហែលម៉ោង២ ទើបគេនាំចុះមកក្រោមវិញ។ នាយតំរួតបាននិយាយថា ថ្ងៃនេះយើងធ្វើការបានតែ១ជើងទេ ដល់ថ្ងៃស្អែកយើងខំធ្វើអោយបានពីរជើងគឺ ព្រឹក១ជើង ល្ងាច១ជើង រួចគេអោយធ្វើបាយទទួលទានពេលល្ងាច ខ្ញុំឆ្លៀតឱកាសក្នុងពេលនោះ ដើរចូលទៅក្នុងព្រៃភ្នំនោះ ក្រលេកទៅខាងស្ដាប់ដៃឃើញម្ទេសខ្មាំងចំនួនជា១០ដើម មានផ្លែស្រោចដើមទុំក្រហមឆ្អៅ។ នៅទីនោះទាំងលើកំពូលភ្នំ ទាំងជើងភ្នំសម្បូរដើមម្ទេសណាស់ ដោយមនុស្សទោសដែលទៅធ្វើការពីមុនៗ ធ្វើអោយជ្រុះឬក៏ចោលម្ទេសនៅទីនោះផង ឬមួយសត្វវាពាំមកស៊ី ជុះដាក់នៅទីនោះក៏ដុះឡើងផង រួចក៏ចេះតែដុះតៗគ្នាទៀត ផ្លែចោលឥតមានមនុស្សបេះ។ ឯចំណែកទំពាំងបាយជូរវិញ ផ្លែចោលដេរដាស ជួនណាមនុស្សទោសបេះយកទៅធ្វើទឹកខ្មេះ ជួនណាយកទៅធ្វើស្រា «ទំពាំង បាយជូរ»។ ដើម្បីធ្វើស្រាគេយកផ្លែទំពាំងបាយជូរទៅបុកអោយបែក ច្របាច់យកទឹកច្រដបទុកចំនួន២០ឬ៣០ថ្ងៃវានឹងឡើងទៅជាស្រាអាចទទួលទានបាន ស្រវឹងស្រឿងៗដែរ តែរមាស់កបន្ដិច ហើយមិនឆ្ងាញ់ដូចស្រាទំពាំងបាយជូរមកពីស្រុកបារាំងទេ។
នៅយប់នោះយើងទាំងអស់គ្នាបានទទួលទានដំណេកក្រោមដើមឈើធំមួយ លុះដល់កណ្ដាលអធ្រាតស្រាប់តែមានភ្លៀងធ្លាក់មកទទឹកអស់សំពត់អាចកន្ទេល ប៉ុន្តែដោយឥតមានអ្វីជាជំរកក៏ចេះតែទ្រំនាំគ្នាទទួលទានដំណេករហូតដល់ភ្លឺទៅ។ លុះម៉ោ ង៥ភ្លឺទើបគេផ្លុំកញ្ចែដាស់អោយក្រោកឡើងអោយដាំបបបរទទួលទានរួចទៅកើបក្រួស ខ្សាច់ទៅម៉ោងប្រហែង៦ជាងព្រឹក ប្រហែលជាម៉ោង១០ទើបចុះពីលើភ្នំមកវិញ ក្រោយដែលបានចាក់ក្រួកខ្សាច់នៅលើកំពូលភ្នំរួចដើម្បីមករៀបចំអាហារព្រឹកទទួលទាន។ ក្នុងពេលនោះនាយតំរួតបានប្រកាសប្រាប់ថា បើនរណាខំជញ្ជូនក្រួសខ្សាច់បានពីរជើងហើយត្រូវអោយឈប់ចុះ ដែលជាហេតុនាំអោយយើងរាល់គ្នាខំប្រឹងធ្វើអោយឆាប់រួចនឹងអាលបានឈប់សំរាកពីថ្ងៃបន្ដិច ប្រយោជន៍នឹងមានឱកាសដើររករបស់របរទទួលទាន។
តែមិត្ដអើយ! ដូចយ៉ាងខ្ញុំកំពុងពេញកំលាំងរួចបាយភ្លាមក៏ម្នីម្នាទៅរកកើបក្រួសលីរត់ឡើងទៅលើកំពូលភ្នំក៏គង់ដល់ម៉ោង ៥ល្ងាចទើបហើយការ។ ឯអ្នកទោសខ្លះដែលគ្នាមានកំលាំងខ្សោយគ្នាធ្វើរហូតដល់ម៉ោង ៨យប់ទើបហើយ ប៉ុន្ដែជាកុសលដែរ ដោយយប់នោះត្រូវចំលើខែភ្លឺផង កុំអីពិបាកយ៉ាងខ្លាំងដោយមើលផ្លូវមិនឃើញ។ សំរាកនៅជើងភ្នំមួយយប់ទៀតទើបចុះ សាលាងត្រលប់មកកោះត្រឡាចវិញ។
ពេលខ្ញុំមកដល់កោះត្រឡាចហើយ គេក៏នាំចូលទៅគុកដដែលវិញ។ នៅថ្ងៃបន្ទាប់មកខ្ញុំក៏បានចេញមកពីក្នុងគុកជាពួកក្រុម ខ្ញុំទទួលទានបបររួច គេអោយមកឈរជាពីរជួរ ទើបនាយតំរួតដើរមករាប់មនុស្សទាំងនោះមកដល់ខ្ញុំមានចំនួន៤០នាក់ ហើ យនាយតំរួតបញ្ជាអោយទៅឈរមួយកន្លែង ទើបគេនាំអោយទៅតាមគេនៅកន្លែងមួយចំងាយផ្លូវប្រហែល៣គឺឡូម៉ែត្រពីគុកដែលខ្ញុំសំណាក់។ នៅពេលទៅដល់កន្លែងនោះគេអោយក្រុមខ្ញុំឈប់សំរាកប្រហែលជា១០នាទី ទើបនាយតំរួតគេចែក មនុស្សទាំង៤០នាក់ទៅជាបីក្រុម ក្នុង១ក្រុមៗមានគ្នាប្រហែល១៣នាក់ ទើបគេនាំទៅកាន់រទេះដែកមួយដែលជារទេះដឹកដី នៅលើភ្នំខ្សាច់មួយកំពស់ប្រហែល១២ម៉ែត្រ មានផ្លូវដែកដូចជារទេះភ្លើងធម្មតានៅស្រុកយើង តែត្រង់តួរថភ្លើងដឹកដីនេះ ទទឹង៣ម៉ែត្រ ប្រវែង៦ម៉ែត្រ គេអោយមនុស្សទោសរុញរទេះនោះឡើងទៅលើភ្នំនោះចំងាយប្រហែល៨០០ម៉ែត្រ ទើបទៅដល់កន្លែងយកដីខ្សាច់។ នៅពេលមនុស្សទោសរុញរទេះឡើងទៅកាន់គោលដៅនោះបើរុញឡើងមិនរួចទេ ឬមួយរុញដូចជាយឺតបន្ដិច នាយតំរួតបារាំងនោះគេស្រែកអោយឈប់។ នៅពេលឈប់ម្ដងៗត្រូវយកកំណាត់ឈើមួយកងពីរកងកល់ កង់រទេះទើបឈប់បាន។ នៅពេលរទេះបានឈប់ហើយ តំរួតនោះក៏ដើរទៅរាប់មនុស្សទោសណាដែលមានមាឌធំប្រាប់ អោយដើរចេញពីរទេះដែកនោះចំនួន៤-៥នាក់ រួចហើយគេក៏បញ្ជាមនុស្សដែលនៅសល់ទាំងប៉ុន្មានអោយរុញរទេះនោះតទៅទៀត។ នៅពេលនោះខ្ញុំនៅក្នុងក្រុមរុញរទេះនេះ។ មិត្ដជ្រាបទេ? នៅពេលនោះហើយនាយតំរួតគេត្រូវដើរវាយមនុស្ស ទោសដែលនៅសល់ចំនួន ៧-៨នាក់នោះដោយរំពាត់ផ្ដៅដំបងប៉ុនកដៃកូនក្មេងវាយត្រូវទាំងអស់គ្នា។ នៅពេលដែលមនុស្សទោសទាំងនោះកំពុងតែខំរុញរទេះនោះ ខ្ញុំកំពុងយកស្មាខ្ញុំរុញពិតនៅត្រង់ជ្រុងរទេះខាងក្រោយមិត្ដខ្ញុំទាំងអស់គ្នា នៅពេលនោះនាយតំរួតមកវាយខ្ញុំពីរដំបងយ៉ាងធ្ងន់ដៃ! នៅពេលនោះហើយខ្ញុំឈឺចាប់យ៉ាងខ្លាំងរហូតដល់ស្រក់ទឹកភ្នែកដូចកូនក្មែង…គិតមើល? ខ្ញុំកំពុងខំអស់សមត្ថភាព កំពុងតែអោនខំរុញរទេះនោះ គេវាយពីលើយ៉ាងអស់ដៃ តើវាធ្ងន់យ៉ាងណា? សឹងបាក់ឆ្អឹងខ្នងតែម្ដង! នៅពេលគេបង្ខំហើយធ្វើទារុណកម្មយ៉ាងនោះ រទេះនោះក៏ឡើងទៅរួចដោយស្រួល។ នៅពេលរទេះទៅដល់លើភ្នំខ្សាច់ហើយ គេគ្មានអោយឈប់សំរាកទេ គេអោយចូកខ្សាច់ដាក់លើរទេះនោះភ្លាម។ ខ្សាច់ពេញរទេះហើយនាយតំរួតក៏បញ្ជាអោយរុញរទះនោះចុះមកវិញ ពេលរុញចុះពីខ្នងភ្នំខ្សាច់នោះមក ផ្លូវនោះវាចោត ពេលរទេះចុះទៅកាន់ផ្លូវចោតនោះត្រូវលាតឡើងជិះតោងរទេះនោះទៅតែម្ដង ដើម្បីអោយបានទាន់រទេះនោះ ហើយរុញទៅទៀត បើទៅមិនទាន់រទេះនោះទេនាយតំរួតនឹងវាយទៀត។ នៅពេលរទេះនោះកំពុងជ្រុលចុះតាមផ្លូវចោតយ៉ាងលឿនដូច្នេះ ជួនកាលធ្វើអោយរទេះ នោះភ្លាត់ចេញពីផ្លូវដែក ហើយក្រលប់ក៏មាន។ រទេះក្រលប់ម្ដងៗមានគ្រោះថ្នាក់ដល់មនុស្សមានស្លាប់ មានរបួសជាទំងន់ជាច្រើននាក់។ ដោយមនុស្សទាំងនោះឡើងអង្គុយលើរទេះខ្សាច់ទាំងនោះ។ ទោះបីមានរបួសនៅរស់ ឬក៏ស្លាប់ក៏គេនាំទៅ កាន់ផ្ទះពេទ្យដែរ បើស្លាប់វិញគេយកទៅកប់តែម្ដង។ បើនៅរស់វិញគេព្យាបាលនៅឯផ្ទះពេទ្យតាមយថាកម្មទៅទៀត..នៅពេលនោះខ្វះថ្នាំពេទ្យច្រើនណាស់ ត្បិតស្រុកកំពុងតែកើតសង្រ្គាមលោកលើកទី២នៅឡើយ។
នៅពេលធ្វើការនាំដីខ្សាច់ទៅចាក់ តាមគោលដៅគេរួចស្រេចហើយ ដល់ពេលម៉ោងឈប់តំរួតក៏នាំទៅកាន់គុកដដែលនោះតទៅទៀត។ លុះនៅក្នុងគុកនោះប្រហែល៦-៧ថ្ងៃខ្ញុំបានទៅកាប់អុសជាមួយក្រុមមនុស្សទោសចំនួន៣០នាក់។ ក្រុមនេះគេមិនអោយត្រលប់មកគុកវិញទេ គឺអោយនៅកាប់ពេញមួយថ្ងៃ លុះត្រាតែបានអុសគ្រប់ចំនួនហើយ នៅម៉ោង១៦:៣០គេផ្លុំ កញ្ចែបីដងប្រមូលរាប់អោយគ្រប់ចំនួនហើយទើបនាំត្រលប់មកគុកវិញ។ ឯបាយព្រឹកគេអោយដណ្ដាំទទួលទានឯកន្លែងធ្វើការនោះឯណោះ។ រឿងកាប់អុសនោះ កាលខ្ញុំបានទទួលពូថៅពុះអុសមួយហើយ ខ្ញុំក៏ដើរទៅតាមមិត្ដខ្ញុំដែលគេពន្យល់ អោយកាប់ គឺគេបង្គាប់អោយកាប់ដើមស្មាច់ទាំងដើម ទាំងរិសយកប្រវែង៤០ស.ម រួចជញ្ជូនមករៀបអោយបានកំពស់១ម៉ែត្រអោយគេ តាមកន្លែងដែលគេកំណត់អោយនោះជាការស្រេច យើងបានឈប់សំរាកមុនម៉ោង។
ខ្ញុំធ្វើការចំនួន៣-៤ម៉ោងបានហើយស្រេចឃើញស្រួលគ្រាន់បើ ជាហេតុនាំអោយបានចិត្ដរហូតដល់មើលងាយការកាប់អុសថា ជាការស្រួលត្បិតបានហើយឆាប់ ហើយបានឈប់២-៣ម៉ោងមុនត្រលប់ទៅគុកវិញ។ ធ្វើដូច្នេះបាន៥ថ្ងៃខ្ញុំក៏បានបបួលមិត្ដខ្ញុំ២-៣នាក់អោយចូលស្ម័គ្រក្នុងក្រុមកាប់អុសជាមួយពួកចាស់ៗ ដើម្បីអោយបានស្រួលទាំងអស់គ្នា។ ពួកចាស់ៗគេបានហាមខ្ញុំថា កុំអោយស្ម័គ្រខាងក្រុមកាប់អុសអី ត្បិតជាការលំបាកណាស់ ដែលពួកអ្នកទោសកោះត្រឡាចគេខ្លាចរអារអូមគ្រប់គ្នា ប៉ុន្ដែខ្ញុំពុំព្រមស្ដាប់គេសោះ ចេះតែជំនះសុំស្ម័គ្រក្នុងក្រុមនេះទាល់តែបាន ដោយយល់ឃើញថានៅធ្វើការក្នុងគុកធំ វាអផ្សុកតុះគិនិតប្រាជ្ញាជាងការចេញទៅធ្វើការក្រៅ ត្បិតបានឃើញទេសភាពអ្វីៗប្លែកៗ នាំអោយបាត់ការអផ្សុក។ ម្យ៉ាងទៀតមកពីខ្ញុំធ្លាប់មានការពិសោធន៍៥-៦ថ្ងៃមកហើយឃើញថាស្ទុះរួច។ ពេលក្រោយមិត្ដខ្ញុំបីនាក់ គឺលោកភោគ នី អ៊ីម ផា រួមជាមួយផង ហើយបានចេញបំរុងទៅធ្វើការដូចសព្វដង។ ខ្ញុំបានឈរនៅកន្លែងដែលមនុស្សទោសស្ម័គ្រទៅធ្វើការឯកន្លែងផ្សេងៗ។ ខណៈនោះតំរួតក៏មករាប់យក៣០នាក់ អោយឈរមួយកន្លែងផ្សេងពីគេរួច គេរាប់តទៅទៀតរហូតអស់។ តំរួតនោះឡើងទៅលើការិយាល័យចាត់ការបានបន្ដិច ឃើញតំរួតបីនាក់ផ្សេងទៀតចុះមកបង្គាប់ពួកខ្ញុំអោយតំរង់ជួរ ជាពីរ ជួរហើយគេក៏នាំដើរប្រហែល៣គីឡូទើបដល់កន្លែងគុកដែលគេអោយមនុស្សទោសកាប់អុស គេក៏យកបញ្ជីទៅប្រគល់ អោយតំរួតនៅកន្លែងនោះពិនិត្យ។ លុះពិនិត្យរាប់ត្រូវតាមបញ្ជីហើយគេក៏នាំពួកខ្ញុំបញ្ចូលក្នុងគុកទីនោះទៅទៀត ដើម្បីរង់ចាំបញ្ជាពីមេតំរួតជាតិបារាំងសែសទៀត។
នៅកន្លែងនោះ មានកិច្ចការច្រើនផ្នែក គឺដាំដំណាំផ្សេងៗមានជី ប៉េងប៉ោះ សាលាត់ បន្លែផ្សេងៗជាច្រើន។ មានកន្លែងមួយទៀតគឺគេអោយទៅធ្វើឡធ្យូង ដុតឥដ្ឋ ដុតកំបោរ ដែលជាកន្លែងស្រួលជាងកន្លែងឯទៀត។ មួយក្រុមទៀតអោយទៅឃ្វាលគោ ជ្រូក។ នៅកន្លែងកាប់អុស គេអោយធ្វើការធ្ងន់មែន តែដល់មានជំងឺអ្វីៗឡើង គេអោយទៅព្យាបាលឯផ្ទះពេទ្យបាន ៣-៤ថ្ងៃទើបត្រលប់មកវិញ។ បើយើងមានប្រាក់១០០ ឬ២០០រៀលសូកគ្រូពេទ្យ គេដាក់ថាមនុស្សទោសនេះត្រូវអោយសំរាក ធ្វើការស្រាលៗចំនួន១៥ ឬ២០ថ្ងៃ ក៏នឹងបានកន្លែងធ្វើការផ្សេងៗពីការកាប់អុសដូចបានជូនដំណឹងពីខាងដើមមកហើយ។ ពេលដែលពួកខ្ញុំនៅរង់ចាំបន្ដិចនោះក៏ឃើញនាយតំរួតមកចាក់សោ បញ្ចេញពួកយើងមកក្រៅគុក ឈរជាពីរជួររង់ចាំតំរួត ជាតិបារាំងសែស គេមកជ្រើសរើសតាមចិត្ដគេ។ ប្រហែលកន្លះម៉ោង ទើបឃើញតំរួតបារាំងចេញពីការិយាល័យដើរមក សំលឹងជ្រើសរើសមនុស្សទាំង៣០នាក់នេះ។ មុនដំបូងគេរើសយកមនុស្សមាឌមាំៗអោយចេញពីជួរ មកឈរមួយកន្លែង នៅពេលនោះខ្លួនខ្ញុំត្រូវគេជ្រើសទី៣ មានគ្នា១៣នាក់។ បានទៅឈរនៅកន្លែងមួយផ្សេងទៀត។ រួចគេនាំក្រុមខ្ញុំអោយចូល ទៅក្នុងគុកវិញ ចំណែកមិត្ដខ្ញុំ៣-៤នាក់ ត្រូវគេនាំទៅដាក់គុកមួយផ្សេងទៀត។ នៅពេលនោះខ្ញុំចេះតែនឹកព្រួយក្នុងចិត្ដថា គេ នាំពួកខ្ញុំទៅកន្លែងណាអីចេះ? លុះដល់ពេលបាយថ្ងៃត្រង់ទើបមានខ្មែរម្នាក់និយាយប្រាប់ថា ពួកខ្ញុំនេះត្រូវកាប់អុសហើយ! ខ្ញុំនឹកក្នុងចិត្ដថា ខ្ញុំមិនខ្លាចទេកាប់អុសនោះ ហើយសួរគេវិញថា ចុះក្រុមមួយទៀតទៅធ្វើអ្វី? គេបា្រប់ទៀតថា គេអោយដាំដំណាំ ធ្វើការក្នុងឡធ្យូង តាមតែបារាំងវាប្រើមិនទៀងទេ។
លុះដល់ម៉ោង៥ភ្លឺ ទើបតំរួតមកចាក់សោបើកទ្វារបញ្ចេញមនុស្សទោសទាំងអស់មកក្រៅ។ ក្រោយពីអោយទទួលទានបបរ និងស្ករអំពៅ ហើយគេបង្គប់អោយទៅយកពូថៅមួយម្នាក់ហើយ និងចបកាប់មួយផង រួចគេនាំទៅកន្លែងដែលខ្ញុំបាទទៅកាប់អុសពីថ្ងៃមុន។ ដល់ធ្វើការនៅនោះបានតែបីថ្ងៃស្រាប់តែមេតំរួតជាតិបារាំងវាមកត្រូតមើលអុសនោះ ហើយស្រែកថាៈ អុសតូចៗណាស់ប្រើការមិនកើតទេ ត្រូវអោយទៅកាប់ឯខ្នងភ្នំឯណោះវិញ។ ខណៈនោះមានមិត្ដខ្ញុំម្នាក់ជាជើងកាប់អុស នៅកន្លែងនោះមុនខ្ញុំគេយល់ការច្រើន គេក៏ប្រាប់ខ្ញុំថា ចាប់ពីថ្ងៃស្អែកនេះទៅ ពួកឯងនឹងវេទនាហើយ ត្បិតបារាំងមេតំរួតធំ គេប្រាប់អោយយើងទៅកាប់អុសលើខ្នងភ្នំឯណោះ និយាយផងដៃចង្អុលទៅភ្នំនោះផង។ ខ្ញុំមើលតាមចង្អុលដៃរបស់គេទៅ ឃើញភ្នំនោះមានកំពស់មិនខុសពីភ្នំស្រង់ ស្រុកគងពិសី(កំពង់ស្ពឺ) យើងនោះទេ។ ស្អែកឡើងគេនាំពួកខ្ញុំទៅកាន់ទីភ្នំនោះ នៅទីនោះខ្ញុំឃើញខ្សែដែក (Câble) មួយទំហំប៉ុនកដៃកូនក្មេងតចុះពីលើកំពូលភ្នំមកចងនឹងគល់ឈើនៅជើងភ្នំរិតយ៉ាងតឹង។ គេថាការរិតអោយតឹងនេះប្រើមនុស្សទោសដល់ទៅ ១០០នាក់ឯណោះអោយទាញ។ ខ្សែដែកនោះប្រវែង៥០០ ទៅ៦០០ម៉ែត្រ។ កាលណាគេអោយចងចុងខ្សែដែកអោយរឹងមាំទាំហើយទើបប្រើការបាន។ កន្លែងដែលកាប់អុសនិមួយៗ មានកំណត់ថិរវេលា ១ឆ្នាំក៏មានតាមកន្លែងដែលមានអុសច្រើនឬតិច។ លុះកន្លែងនោះអស់អុសហើយ ទើបគេអោយស្រា យខ្សែដែកនោះ ទៅចងនៅកន្លែងផ្សេងទៀតដែលមានអុសច្រើន។ ចំពោះការទំលាក់អុសចុះក្រោមគេប្រាប់ខ្ញុំថា កាលណា យើងកាប់អុសបានគ្រប់ចំនួនហើយ យើងត្រូវសែងអុសនោះ យកទៅដាក់ចងនៅកន្លែងខ្សែចងនោះ។ យើងត្រូវរកគ្នាអោយបាន៣នាក់អោយជួយ គឺចាត់ម្នាក់អោយនៅចាំទទួលអុសខាងក្រោម ពីរនាក់នៅសែងអុសនិងរៀបចំទំលាក់ពីខាងលើ។
ឯរបៀបចងអុសគឺយកខ្សែដែក (Câble) ទំហំប៉ុនមេដៃពីរខ្សែប្រហែល ៣-៤ម៉ែត្រចងអុសចំនួន៣ម៉ែត្រយ៉ាងតឹងដោយប្រុងប្រយ័ត្នបំផុត បើឃើញនៅមានចន្លោះប
Comments