Ultimate magazine theme for WordPress.

គុកនយោបាយ វគ្គ០២

0 14

៨ -ជីវភាពនៅគុកោះត្រឡាច

ក្នុងពេលឈប់សំរាក១៥ថ្ងៃនាះ គេអោយទទួលទានម្ហូបអាហារគ្រប់គ្រាន់ដោយហេតុថា កន្លែងដែលសំរាកនោះ​ជាក​ន្លែង​ព្យា​បាល​ជំងឺ គេ​ត្រូវ​ថែ​រក្សា​អោយ​បាន​ស្រួល​មាន​កំលាំង​កំហែង​សិន អាហារ​ក៏អោយទទួលទានបរិបូរណ៍គឺមានម្ហូបដោយ ត្រីសមុទ្រ ស៊ុត​មាន់​សាច់​សត្វ​ល្មេច​ក៏​មាន​ ដែល​គេ​យក​ទៅ​ស្ល​ម្ជូរ​ស្លឹក​ថ្នឹង ឬ​ស្លឹក​ទ្រមូងតាមតែអ្នកធ្វើម្ហូមគេលៃលក ឃើញឆ្ងាញ់ពិសាជាងម្ហូប​នៅ​គុក​ព្រៃ​នគរ​។ ឯ​បាយ​ក្រ​ហម​ក៏​អោយ​ច្រើន​បរិ​ភោគ​មិន​អស់​។ ក្រោយ​ពេល​បាយ​ព្រឹក​នាំគ្នាសំរាក រួចនាំគ្នានិយាយលេងកំសាន្ដពីនេះពីនោះ មានរឿងប្រលោម​លោក​ជា​ដើម​។ ក្រោយ​ពេល​បាយ​ល្ងាច​គេ​ដាក់​ខ្នោះ​ជើង​ទាំង​ពីរ​រហូតដល់ព្រឹកឡើងប្រហែលម៉ោង៦ ទើបគេអោយ​​បរិ​ភោគ​បបរ​នឹង​ត្រី​កញ្ចុះ​ប្រៃ​ចៀន​។

លុះសំរាក១៥ថ្ងៃហើយ ទើបឃើញនាយតំរួត៤-៥នាក់មកបើកទ្វារបញ្ចេញពួកយើងខ្ញុំទៅក្រៅ​ទាំង​អស់​អោយ​ឈរ​ជា​ជួរ​ដើម្បី​នាយ​តំរួត​ធំ​គេ​ត្រួត​មើល​សិន ទើប​គេ​អោយ​ដើរ​ជា​ពីរ​ជួរ​ឆ្ពោះ​ទៅ​គុក​ធំ ដែលមានទំហំធំជាងគុកសំរាកនោះមួយជាពីរ ហើយនិងធំជាងគុក​នៅ​ភ្នំ​ពេញ​ទៅ​ទៀត ហើយ​ដែល​មាន​មនុស្ស​ជាង ៤០០០០ រស់​នៅ​ទី​នោះ​។ គុកនោះគេហៅថា គុកបំរុង គឺជាកន្លែង​ដែល​គេ​ត្រូវ​ជ្រើស​រើស​បែង​ចែក​អ្នក​ទោស​អោយ​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ដទៃ​ទៀត​ឆ្ងាយ​ៗ​ក្នុង​នា​ទី​កោះត្រឡាច។

នៅពេលនោះ ខ្ញុំសង្កេតឃើញមនុស្សទោសខ្លះសំរាក ខ្លះនិយាយគ្នាលេង ខ្លះលេងចត្រង្គ លេង​រែក​។ ចំលែក​តែ​ត្រង់​ក្រុម​មួយ​ទៀត​ឃើញ​ខំ​រៀន​អក្សរ​អង់​គ្លេស បារាំង រុស្សី​ជា​ដើម​។ ក្នុង​១​ក្រុម​ៗ​ប្រ​ហែល​៥-៦​នាក់ប៉ុណ្ណោះ។ គេយកកំបោរសធ្វើ ជាដីសសរសេរនៅ​លើ​ឥដ្ឋ​បេ​តុង​ដែល​ជា​កន្លែង​ដេក​នោះ​ឯង​។ ខ្ញុំ​បាន​សង្កេត​ម្យ៉ាង​ទៀត ឃើញច្រើនតែជាតិយួន ដែលជាក្រុមអ្នក​នយោ​បាយ​ដែល​ហៅ​ថា ពួក​យៀក​មិញ​។ ពួក​នេះ​គេ​អប់រំ​​គ្នា​គេ​ជា​និច្ច​ពី​រឿង​នយោ​បាយ​គឺ​ធ្វើ​យ៉ាង​ណាអោយ​គេ​ខំ​តស៊ូតាមផ្លូវចិត្ដកុំភ្លេច។ មួយទៀតក្រុមនេះចូលចិត្ដខំព្យាបាល​អប់រំ​មនុស្ស​ទោស​ធម្មតា​ (droit commun) ដែល​ពុំ​មាន​ទោស​ន​យោបាយ​មាន​ទោសចោរកម្មជាដើម អោយចូលចិត្ដលុះក្នុងការ​ណែ​នាំ​របស់​គេ អោយ​យល់​នូវ​ឧត្ដម​គតិ​ល្អ អោយ​ដើរ​ត្រូវ​ឆ្ពោះ​ទៅ​រក​សេចក្ដី​ចំរើន​លូតលាស់។ ប៉ុន្ដែនៅមានមនុស្សទោសខ្លះដែលប្រកាន់អស្មិមានៈរឹង​រូស​ពុំ​យក​តាម​ដំបូន្មាន​ល្អ​ជា​ច្រើន​ដែរ ដែល​ពួក​គេ​លើក​ទុក​ដោយ​ឡែក សំរាប់ប្រើការផ្សេងៗក្រៅពីនយោបាយបានទៀត។ ឧទា​ហរណ៍​ក្រុម​គេ (ពួក​នយោ​បាយ) ត្រូវ​តំរូវ​បារាំ​ងផ្លាស់​គ្នា​គេ​ទៅ​អោយ​នៅ​ជា​មួយ​ពួក​ទោសធម្មតានេះ គេផ្ដាំផ្ញើអោយមើលការខុសត្រូវដល់ពួកគេ​ផង​។ឯ​ពួក​អ្នក​ទោស​ធម្ម​តា​នៅ​តែ​ទទួល​ស្គាល់​ពួក​គេ​នេះ ជា​ពួក​តស៊ូ​ខាងនយោបាយរំដោះជាតិពីនឹមបារាំងដរាប គេឥតប្រឆាំងអ្វីទេ ដែល​ជា​ហេតុ​នាំ​អោយ​ពួក​អ្នក​នយោ​បាយ​ទាំង​នោះ​សុខ​ស្រួល​ប្រ​កប​ដោយ​សេច​ក្ដី​ក្លាហាន​ឥត​រួញ​រា​ក្នុង​ការ​តស៊ូ​ខាង​នយោបាយតទៅទៀត។

នេះជារឿងពិតក្នុងឆ្នាំ១៩៤២ ដែលខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល បានឃើញច្បាស់នឹងភ្នែកឯង ដែលហេតុនាំ​អោយ​ខ្ញុំ​ខំ​ព្យា​យាម ចង​ចាំ​នូវ​រឿង​ជាតិ​គេ​ទុក​ក្នុង​សន្ដាន​ចិត្ដ​រហូត​មក ដើម្បី​ខ្ញុំ​នឹង​សរ​សេរ​រឿង​ពិត​ទាំង​នេះ​ជូនបងប្អូនរួមជាតិអោយបានដឹងបានលឺ ទុកជាមេរៀនតទៅ។ យួន​គេ​ខ្ញុំ​បារាំង​ដូច​យើង​ដែរ គេ​ចេះ​បបួល​គ្នា​ខំ​រើ​ខ្លួន​ពី​ទាស​ភាព​បារាំង ចុះខ្មែរម្ដេចក៏សុខចិត្ដនៅស្ងៀមធ្វើខ្ញុំបារាំង? បើយើងធ្វើ​មិន​បាន​ស្មើ​នឹង​យួន ក៏​បាន​ពាក់​កណ្ដាល​គេ​ទៅ​ចុះ នេះ​មិន​ដូច្នេះ ឈឹង​រហូត​តែ​ម្ដង ឥត​រវល់​សោះ អោយតែខ្មែរណាមានចិត្ដតស៊ូការពារជាតិនោះ តាំងចោទគ្នា​ថា ជា​មនុស្ស​ចោល​ម្សៀត មិន​បាន​ការ មិន​ហាន​ទាំង​មើល​មុខ​ ឬ​ស្ដីរក​គ្នាផង ថែមទាំងជួយផ្ដន់ទាទោសគ្នាទៀត។ មានខ្លះលបប្រាប់​បារាំង​អោយ​ធ្វើ​បាប​ខ្មែរ​ណា​ដែល​ត​ស៊ូ​ថែម​ទៀត​ផង​ក៏​មាន​។ ខ្មែ​រយើង​ច្រើន​តែ​យក​ពាក្យ​​មួយ​ម៉ាត់ថា «កុំយកពងមាន់ទៅជល់នឹងថ្ម» ហើយនិងបង្អប់បំភ័យ​អោយ​រួញ​រា ប្រាស​ចាក​សេច​ក្ដី​ក្លា​ហាន​ថាៈ «យើង​ព​ផែន​ដី​តែ​ម្នាក់​ឯង​ម្ដេច​រួច បើគេឯងឯទៀតមិនរវល់រាល់គ្នានោះ?» ពាក្យ​ទាំង​នេះ​ល្មម​យើង​រាល់​គ្នា​ឈប់​យក​មក​ប្រើ​ទៀត​ទៅ​ ព្រោះ​ជា​ពាក្យ​ដែល​នាំ​អោយ​យុវ​ជន ជំនាន់ក្រោយបាត់សេចក្ដីក្លាហាន បាត់ការតស៊ូ ដើម្បីប្រយោជន៍​ជាតិ​អស់ ជូន​កាល​ជំនាន់​យើង​ខ្ញុំ​នោះ​។ សម័យ​បច្ចុប្បន្ន​នេះ​មនុស្ស​លោក​បាន​ឡើង​ដល់​ព្រះ​ច័ន្ទ​ទៅហើយ ខ្មែរ​យើង​នៅ​តែ​មិន​ទាន់​ភ្ញាក់​ខ្លួន​ទៀត ទាល់​តែ​រលាយ​ជាតិ​ដូច​ជា​ចាម​ទៅឬ​ទើប​ភ្ញាក់​ខ្លួន​?​។

នៅពេលសំរាកថ្ងៃត្រង់ពួកគេនាំគ្នារៀនបានមួយម៉ោង ពេលយប់ចាប់ពីម៉ោង១៨ទៅ ពួកគេនាំគ្នារៀនបានពីរបី​ទៅ​បួន​ម៉ោង​ទៀត​ទើប​គេ​នាំ​គ្នា​ដេក​។ នេះ​ជា​ការ​ពិត គេ​នាំ​គ្នា​និយាយ​ថា ការ​ត​ស៊ូ​ជា​ករ​ណីយ​កិច្ច​របស់ប្រជាពលរដ្ឋយួនទាំងប្រុសទាំងស្រី ទាំងក្មេងទាំងចាស់​ដើម្បី​អោយ​ជួយ​រំដោះ​ប្រទេស​អោយ​រួច​ពី​នឹម​បារាំង​ ទោះ​ជា​ឆាប់​ក្ដី​យូរ​ក្ដី គឺថាត្រូវតែរួបរួមគ្នាកុំបីខាន ប្រយោជន៍នឹងជួយកូន​ចៅ​របស់​គេ​ជំនាន់​ក្រោយ​អោយ​បាន​សេរី​ភាព​បាន​សុខ​សន្ដិ​ភាព​ត​ទៅ​។ គេ​ហាម​គ្នា​មិនអោយនិយា យពី រឿងខ្លាចស្លាប់ ពីរឿងថយក្រោយឡើយ តែយើង​ខ្លាច​ស្លាប់​មិន​ដឹង​ជា​ពេល​ណា​យើង​នឹង​បាន​រួច​ខ្លួន​ជា​អ្នក​ជា​ឡើយ​។ ហើយកូនចៅយើង ជំនាន់ក្រោយវានឹងតិះដៀលប្រទេចផ្ដាសា​យើង​ជំនាន់​មុន​យ៉ាង​ណា​ទៅ​? ហេតុ​នេះ​យើង​ជា​ជាតិ​ខ្មែរ​ត្រូវ​តាំង​ចិត្ដ​រួម​គ្នា ខំ​ប្រឹងតស៊ូឡើងកុំខ្លាចស្លាប់ អោយទាល់តែបានសំរេចនូវគោល​ដៅ​របស់​យើង​។

ដល់មកត្រង់ណេះខ្ញុំសូមសាទៅជំរាបរឿង កាលដែលខ្ញុំនៅគុកធំព្រៃនគរនៅឡើយម្ដងទៀត។
នៅគុកព្រៃនគរពួកអ្នកទោសនយោបាយជាតិយួន គេតែងអប់រំគ្នាគេអោយខំប្រឹងតស៊ូរំដោះជាតិ​គេ​ជា​និច្ច​ដែរ​។ ខ្ញុំ​ប៊ុណ្ណ​ចន្ទ ម៉ុល បាន​ជួប​នឹង​លោក​គ្រូ​អាចារ្យ​ហែម ចៀវ និង​លោក​នួន​ឌួង​ម្ដង​។ លោក​ទាំងពីរមានភ័ព្វបានទៅជាមួយពួកមនុស្សទោសនយោបាយ​ជាតិ​យួន​។ លោក​ជ្រាប​ហេតុ​ការណ៍​នេះ​ដោយ​ផ្ទាល់​ខ្លួន​លោក​។ កន្លែង​ដែលលោកទាំងពីរនៅនោះជាកន្លែង ទោសឧក្រិដ្ឋ គេ​ដាក់​លោក​ជា​មួយ​ពួក​យួន ដើម្បី​រង់​ចាំ​សំរេច​ពី​លោក ហ្សេ​នេ​រ៉ាល​ប៉េ​តាំង​ឯ​ក្រុង​បា​រីស​ដែល​គេផ្ញើសំណុំ​រឿង​ប្រហារជីវិតទៅសុំសេចក្ដីអនុគ្រោះ បើលោកប៉េតាំង​យល់​ព្រម​តាម​សាល​ក្រម​អោយ​សំលាប់​គេ​ក៏​សំលាប់​ភ្លាម​។ បើ​លោក​ប៉េតាំងត្រាប្រណីបន្ថយទោសត្រឹមមួយជីវិត គេ​ក៏​សំរេច​តាម​ដែរ​។

ខ្ញុំសូមជំរាបមិត្ដថា គុកនៅព្រៃនគរគេតែងនាំមនុស្សទៅប្រហារជីវិតនៅវេលាម៉ោង៥ភ្លឺ។ មនុស្សនោះ​តែង​ស្រែក​លា​មិំត្ដ ភក្ដិ​រួម​ជាតិ​របស់​គេ​ថា «មិត្ត​រួម​ឈាម​អើយ! យើង​សូម​លា​ទៅ​ស្លាប់​មុន​ហើយ សូមមិត្ដរាល់គ្នាកុំភ្លេចខំតស៊ូទៅទៀតអោ យទាល់តែបាន​សំរេច​»​។ ក្នុង​ពេល​នោះ​ពួក​មិត្ដ​ភក្ដិ​គេ​នៅ​គ្រប់​សាល​នំា​គ្នា​ក្រោក​ឈរ​ឡើង ស្រែច្រៀងបទជូនដំណើរមិត្ដ គេទៅស្លាប់យ៉ាង​អង់​អាច​ក្លា​ហាន គេ​ស្រែក «ជយោ​ហូ​ជី​មិញ​ៗៗៗ​» ហើយ​អ្នក​ដែល​ឥត​ទាន់​ប្រ​ហារ​ជីវិត​បាន​និយាយ​ថា មិត្ដយើងមិនភ្លេចបណ្ដាំមិត្ដទេ ពួកយើងនៅតស៊ូៗៗៗ លុះ​ត្រា​បាន​សំរេច​ (កាល​នោះ​ហូ​ជី​មិញ​ជា​អ្នក​បដិវត្ដ​ដ៏​សំខាន់ ជនជាតិយួនដើរតាមគំនិតហូជីមិញមាំណាស់ សអោយឃើញថា ពួក​យួន​គេ​ចេះ​ភ្ញាក់​រលឹក​មាន​សាមគ្គី​ដើរ​តាម​ក្រោយ​អ្នក​ដឹក​នាំ ឥត​រួញ​រា​សោះ​ឡើយ​!) ហើយ​ឈរត្រង់ខ្លួនដើម្បីគោរពវិញ្ញាណខន្ធនៃវីរបុរសដែលស្លាប់នោះ​។ លុះ​តំរួត​នាំ​មនុស្ស​ទោស​នោះ​ចេញ​ផុត​ពី​ទ្វារ​គុក​ហើយ​ទើប​គេ​នាំ​គ្នា​សំរាក​ទៅ​វិញ​។

សូមមិត្ដកុំឆ្ងល់ថា ម្ដេចក៏មនុស្សទោសនៅក្នុងគុកមានសេរីភាពអាចស្រែកច្រៀង ឬ​ធ្វើ​អ្វី​តាម​ចិត្ដ​ម៉្លេះ​? សូម​មិត្ដ​ជ្រាប​ថា​ទោស​ដល់​ប្រ​ហារ​ជីវិត​ទៅ​ហើ​គេ​ឥត​ប្រ​កាន់​ទេ​ធ្វើ​អ្វី​បាន​តាម​ចិត្ដ​ចង់​ជេរ​នរ​ណា​ក៏​បាន​ដែរ​។

មិត្ដជ្រាបទេទើបតែនៅឆ្នាំ១៩៤២នោះហើយ ដែលមានមុនុស្សទោសនយោបាយជាតិខ្មែរទៅជាប់គុកនៅព្រៃនគរ ពី​មុន​មក​គ្មាន​សោះ​។ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​ពួក​នយោ​បាយ​យួន​គេ​រាប់​អាន​ពួក​អ្នក​ទោស​នយោ​បាយ​ខ្មែរ គេនាំគ្នាអោយម្ហូប អាហារចំណីចំណុកទទួល​ទាន​គ្រប់​ៗ​គ្នា​។ អាហារ​នោះ​ពួក​ញាតិ​មិត្ដ​ ឬ​ពួក​ក្រុម​គេ​នៅ​ឯ​ក្រៅ​គុក មានសិទ្ធិយកមកអោយបង ប្អូនឬជាមិត្ដនៅក្នុងគុក​រាល់​ថ្ងៃ​សៅ​មិន​ដែល​ខាន​ឡើយ​។ ពួក​អ្នក​ទោស​នយោ​បាយ​យួន​គេ​មាន​សេច​ក្ដី​ត្រេក​អរ ដោយឃើញមានពួកខ្មែរទៅជាប់គុកកាលឆ្នាំ១៩៤២នោះដែរ។ គេ​និយាយ​ថា​ដល់​ពេល​យើង​រួប​រួម​គ្នា​វាយ​ក្បាល​បារាំង​ហើយ បារាំង​មិន​អាចនាំបងប្អូនខ្មែរទៅវាយពួកគេបានទេ។ គេ​នាំ​គ្នា​ថែ​ទាំ​លោក​គ្រូ​អាចារ្យ​ហែម ចៀវ លោក​នួន ឌួង និង​ប៉ាច ឈឺន​ណាស់​ព្រោះ​ជា​ប្រយោជន៍​សំរាប់​គេ​ដែរ​។

ខ្ញុំសូមស្លេះត្រឹមនេះ ហើយសូមមិត្ដបែរមកមើលឯកោះត្រឡាចទៅទៀត។ លុះដល់ពេលម៉ោង ១៣​ថ្ងៃ​ត្រង់ លឺ​គេ​វាយ​ស្គរ​ម្ដង​ទៀត ដើម្បី​អោយ​មនុស្ស​ទោស​ទៅ​ធ្វើ​ការ​រៀង​ខ្លួន​ម្ដង​ទៀត​។ មិត្ដភក្ដិឯទៀតនិងខ្ញុំបានចេញជាមួយក្រុមមនុស្ស ទោសឯទៀតដែរ។ គេ​អោយ​ឈរ​ជា​ពីរ​ជួរ រួច​មេ​តំរួត​កាន់​បញ្ជី​មួយ​សន្លឹក​ដើរ​រាប់​យក​មនុស្ស​ទោសទាំងអស់នោះ តាមសេចក្ដីត្រូវការរបស់គេ។ ឧបមា​ថា​ គេ​ត្រូវ​ការ​មនុស្ស​ទោស​១៥​នាក់ អោយ​ទៅ​កាប់​អុស ១៥​នាក់​អោយ​ទៅ​ធ្វើ​ថ្នល់ ៤០​នាក់​អោយ​ទៅ​ជញ្ជូនអីវ៉ាន់ផ្សេងៗតាមតែត្រូវការ៘

លុះព្រឹកឡើងម៉ោង៥ នាំគ្នាក្រោកឡើងម្នីម្នាតាមសូរស្គរដែលគេវាយជាសញ្ញាអោយភ្ញាក់ទៅធ្វើការ ក៏​នាំ​គ្នា​ចេញ​មក​ក្រៅ​ទាំង​មុខ​សើង​ម៉ើង ដោយ​ឥត​បាន​លុប​មុខ​មាត់​អ្វី​ទេ​ ត្បិត​ខាង​ក្នុង​សាលឥតមានទឹកសំរាប់ប្រើឡើយ មានតែទឹកធុងសំរាប់ ចាក់បង្គន់​ក្នុងគ្រា​បត់​ជើង​ប៉ុណ្ណោះ​។ សូម​ជំរាប​ថា​នៅ​ក្នុង​គុក​ឥត​ទឹក​សំរាប់​ទទួន​ទាន​ទេ។ បើមានជំងឺឈឺ មានគ្រុនចាញ់ជាដើម ឬបើ​ពេល​ណា​ក្ដៅ​ខ្លាំង ហើយ​ស្រេក​ទឹក តោង​តែ​ទទួល​ទាន​ទឹក​បង្គន់​នោះ​ជា​ការ​ចាំ​បាច់ ដែលធំក្លិនលាមកមន្ដិចៗផង។ បើមិនផឹក​មាន​តែ​ស្លាប់​ប៉ុណ្ណោះ​។

ថ្ងៃមួយក្រោយពីពេលបបរព្រឹករួច មេតំរួតជ្រើសរើសអ្នកទោសមាឌមាំៗហើយខ្លាំងចំនួន៤៥នាក់ ពីក្នុងជួរ​ដែល​គេ​អោយ​ឈរ​ម្ដុំ​បំរុង​ចាត់​អោយ​ទៅ​ធ្វើ​ការ​។ ក្នុង​ចំនួន​នេះ​ដោយ​ខ្លួន​ខ្ញុំ​ជា​មួយ​ដែរ​ ហើយ​ឥតមានស្គាល់នរណាម្នាក់ឡើយ។ នៅពេលមនុស្សឯទៀតចេញផុត​អស់​ទៅ​ ពួក​តំរួត​ប្រើ​ពួក​ខ្ញុំ​អោយ​ចូល​ទៅ​ក្នុង​គុក​វិញ យក​កន្ទេល​ទៅ​តាម​រៀង​ខ្លួន។ លុះគេបណ្ដើរបានបន្ដិច ខ្ញុំសួរមនុស្សទោស​ដូច​គ្នា​ដោយ​សេចក្ដី​សង្ស័យ​ថា គេ​នាំ​យើង​ទៅ​ណា​? ឥត​អ្នក​ណា​ដឹង​ថា​ គេ​នាំ​ទៅ​ណា​ឡើ យ​។ លុះទៅដល់មាត់សមុទ្រ ទើបគេនាំទៅចុះក្នុងសាលាង​មួយ​យ៉ាង​ធំ​ដែល​មាន​កាណូត​មួយ​នាំ​មុខ​ឆ្ពោះ​ទៅ​កាន់​កោះ​មួយ​ទៀត​នៅ​ឆ្ងាយពីកោះត្រឡាច ដោយប្រើពេលវេលាប្រហែលជាងពីរ​ម៉ោង ទើប​ទៅ​ដល់​កោះ​នោះ​។ ទើប​នាយ​តំរួត​បញ្ជា​អោយ​នាំ​គ្នា​ចុះ​ដើរ​លុយ​ទឹក​សមុទ្រ​ត្រឹម​ចង្កេះ​ទៅ​កាន់មាត់ច្រាំង។ នៅពេលជិតដល់កោះនោះ ខ្ញុំ​ក្រលេក​ទៅ​ឃើញ​នៅ​លើ​ កំពូល​ភ្នំ​នោះ មាន​សើន​(ប៉ម) មួយ​យ៉ាង​ធំ​ដាក់​ Phare សំរាប់អោយសញ្ញាដល់កប៉ាល់សមុទ្រទាំងឡាយ ដែល​បើក​បរ​ក្នុង​វេលា​យប់​តាម​ផ្លូវ​នេះ​។ លុះ​ដល់​ដី​គោក​ជាយ​កោះ​ហើយ​គេ​ក៏​អោយ​សំរាក​ចំនួន​១០​នាទី ទើបគេផ្លុំកញ្ចែប្រជុំគ្នាមួយកន្លែង ហើយចែក​សំបក​ប៉ោត​ប្រេង​កាត​ចំនួន​១៦​នាក់​។ ឯ​មនុស្ស​ទោស​ក្រៅ​ពី​នេះ គេ​ចែក​បាវ​ស៊ី​ម៉ង​១​ម្នាក់​គ្រប់គ្នា។ ឯកន្ទេលចចូតដែលគេចែក១ម្នាក់​នោះ ក៏​មូរ​អោយ​តូច​រួច​ចង​ចុង​ផ្អោប​គ្នា រួច​ស៊ក​ពាក់​ឆៀង​លើ​ស្មា​ម្ខាង​ សំរាប់​ទុក​ក្រាល​ទទួល​ទាន​ដំនេក​នៅ​ពេល​យប់​សំរាក​។ ត​ពី​នេះ​គេ​នាំ​ទៅ​កើប​អាចម៍​ផ្កាយ និង​ខ្សាច់​នៅ​កន្លែង​ជិត​នោះ គឺ​ប៉ោត​ដាក់​គ្រួស បាវ​ស៊ីម៉ងត៍​ដាក់ ខ្សាច់ពេញទាំងអស់។ ប៉ោតនិងបាវនោះ ត្រូវ​លឺ​សែង ទូល​ក៏​បាន អោយ​តែ​បាន​ដល់​លើ​កំពូល​ភ្នំ ដែល​មាន​កំពស់​ប្រ​ហែល​៧០០​ម៉ែត្រ ដែល​គេ​មាន​រៀប​ចំ​ដាក់​កាំ​ជណ្ដីរ​ថ្មរហូតដល់កំពូល​ភ្នំ​ទៀត​។ តាម​ដង​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​មាន​ដើម​ទំពាំង​បាយ​ជូរ​ព្រៃ​ដុះ​ដេរ​ដាស ប្រកប​ដោយ​ផ្លែ​ទុំ​ឡើង​ពណ៌​ខ្មៅ​រលោង ពួកអ្នកទោសនាំគ្នាបេះ​ទទួល​ទាន​បណ្ដើរ នាំ​អោយ​រមាស់​បន្ដិច​ៗ ប៉ន្ដែ​ផ្លែ​ដែល​ទុំ​ក៏​មាន​ជាតិ​ផ្អែម​ដែរ​។ ចាប់​ឡើង​ពី​ក្រោម​ទៅ​ប្រ​ហែល​ម៉ោង​៩​ព្រឹក ប្រហែល​៣ ឬ​៤​ម៉ោង​ទើប​ដល់​កំពូល​ភ្នំ​ជា​កន្លែង​គ្រួស​ខ្សាច់​។ នៅ​លើ​ភ្នំ​សង់​ផ្ទះ​ថ្ម​ធ្វើ​ជា​ថែវ​រាង​មូល​ព័ទ្ធ​ពី​ក្រោយ​ប៉ម​សំរាប់​ជាលំនៅនៃក្រុមរក្សាប៉ម ដែល​ជាតិ​បារាំង​៥​នាក់ ជាតិ​យួន​៣​នាក់ ឥត​មនុស្ស​ទោស​នៅ​ទី​នោះ​ទេ​។ កន្លែង​សង់​ប៉ម​និង​ផ្ទះ​ក្បែរ​នោះ​មាន​ទំហំ​ប្រ​ហែល​ជា​៥០​ម៉ែត្រ ៤​​ជ្រុង​។ នៅខាង​មុខ​ប៉ម​បើ​ក្រលេក​ទៅ​ផ្ទៃ​សមុទ្រ​ឃើញ​ទឹក​សមុទ្រ​ឡើង​ពណ៌​ខៀវ​ស្រងាត់​គួរ​អោយ​គយ​គន់​ពេក​។ នៅ​លើ​ភ្នំ​ទាំង​មូលដុះសុទ្ធ​តែ​ដើម​ឈើ​ធំ​ៗ ច្រូង​ច្រាង​ពណ៌​បៃ​តង​ពាស​ពេញ​ផ្ទៃ​ភ្នំ​។ ខាង​ក្រោយ​កោះ​នេះ​មាន​ភ្នំ​តូច​ធំ​ដុះ​លិច​ចេញ​ពី​ផ្ទៃ​ទឹក​សមុទ្រ​រកូត​ជា​ច្រើន ដែល​​ក្នុង​​ចំ​ណោម​​កោះ​ទាំង​នោះ ​មាន​ភ្នំ​កោះ​ត្រ​ឡាច​នៅ​នោះ​ដែរ ប៉ុន្ដែ​ភ្នំ​កោះ​ត្រឡាច​ធំ​ជាង​គេ​។ ឯ​ឆ្នេ​រ​សមុទ្រ​ដែល​មាន​ខ្សាច់​ស​ក្បុស​ដុះ​នា​​រលយ​​ទៅ​កណ្ដាល​សមុទ្រ ជា​កន្លែង​ងូត​​ទឹក​យ៉ាង​សប្បាយ​ល្អ​ជាង​ឆ្នេរ​នៅ​កែប​ឆ្ងាយ​ណាស់​។ បើ​យើង​គ្មាន​ទោស​ពៃរ៍​អ្វី​ទៅ​សំរាក​លេង​​នៅ​ទី​នោះ​​បាន​​ចំនួន​​១០​ឬ​១៥​ថ្ងៃ ម៉្លេះ​សម​សប្បាយ​ពេក​ណាស់ ហើយ​ស្រួល​ខ្លួន​ផង ដោយ​អាកាស​សមុទ្រ​ត្រ​ជាក់​ស្ងាត់ ទេស​ភាព​ល្អ​ខុស​ពី​​កន្លែង​នា​នា​​នៃ​​ស្រុក​​ខ្មែរ​​យើង​​។

លុះចាក់ក្រួសខ្សាច់លើខ្នងភ្នំហើយគេអោយនាំគ្នាចំអិនអាហារព្រឹកទទួលទាន។ ក្រោយនេះប្រហែលម៉ោង២ ទើប​គេ​នាំ​ចុះ​មក​ក្រោម​វិញ​។ នាយ​តំរួត​បាន​និយាយ​ថា​ ថ្ងៃ​នេះ​យើង​ធ្វើ​ការ​បាន​តែ​១​ជើងទេ ដល់ថ្ងៃស្អែកយើងខំធ្វើអោយបានពីរជើងគឺ ព្រឹក១ជើង ល្ងាច១​ជើង រួច​គេ​អោយ​ធ្វើ​បាយ​ទទួល​ទាន​ពេល​ល្ងាច ខ្ញុំ​ឆ្លៀត​ឱកាស​ក្នុង​ពេល​នោះ ដើរចូលទៅក្នុងព្រៃភ្នំនោះ ក្រលេកទៅខាងស្ដាប់ដៃ​ឃើញ​ម្ទេស​ខ្មាំង​ចំនួន​ជា​១០​ដើម មាន​ផ្លែ​ស្រោច​ដើម​ទុំ​ក្រហម​ឆ្អៅ​។ នៅ​ទី​នោះ​ទាំង​លើ​កំពូលភ្នំ ទាំងជើងភ្នំសម្បូរដើមម្ទេសណាស់ ដោយមនុស្សទោសដែល​ទៅ​ធ្វើ​ការ​ពី​មុន​ៗ ធ្វើ​អោយ​ជ្រុះ​ឬ​ក៏​ចោល​ម្ទេស​នៅ​ទី​នោះ​ផង ឬ​មួយ​សត្វវាពាំមកស៊ី ជុះដាក់នៅទីនោះក៏ដុះឡើងផង រួច​ក៏​ចេះ​តែ​ដុះ​ត​ៗ​គ្នា​ទៀត ផ្លែ​ចោល​ឥត​មាន​មនុស្ស​បេះ​។ ឯ​ចំណែក​ទំពាំង​បាយ​ជូរ​វិញ ផ្លែ​ចោល​ដេរ​ដាស ជួនណាមនុស្សទោសបេះយកទៅធ្វើទឹកខ្មេះ ជួន​ណា​យក​ទៅ​ធ្វើ​ស្រា​ «ទំពាំង​ បាយ​ជូរ​»​។ ដើម្បី​ធ្វើ​ស្រា​គេ​យក​ផ្លែ​ទំពាំង​បាយ​ជូរ​ទៅ​បុក​អោយ​បែក ច្របាច់យកទឹកច្រដបទុកចំនួន២០ឬ៣០​ថ្ងៃ​វា​នឹង​ឡើង​ទៅ​ជា​ស្រា​អាច​ទទួល​ទាន​បាន​ ស្រវឹង​ស្រឿង​ៗ​ដែរ តែ​រមាស់​ក​បន្ដិច ហើយ​មិន​ឆ្ងាញ់​ដូច​ស្រា​ទំពាំង​បាយ​ជូរ​មក​ពី​ស្រុក​បារាំង​ទេ​។

នៅយប់នោះយើងទាំងអស់គ្នាបានទទួលទានដំណេកក្រោមដើមឈើធំមួយ លុះដល់កណ្ដាលអធ្រាត​ស្រាប់​តែ​មាន​ភ្លៀង​​ធ្លាក់​​មក​ទទឹក​អស់​សំពត់​អាច​កន្ទេល ប៉ុន្តែ​ដោយ​ឥត​មាន​អ្វី​ជា​ជំរក​ក៏​ចេះ​តែ​ទ្រំ​នាំ​គ្នាទទួលទានដំណេករហូតដល់ភ្លឺទៅ។ លុះម៉ោ ង៥ភ្លឺទើបគេផ្លុំ​​កញ្ចែ​​ដាស់​អោយ​​ក្រោក​ឡើង​អោយ​ដាំ​បប​បរ​ទទួល​ទាន​រួច​ទៅ​កើប​ក្រួស ខ្សាច់ទៅម៉ោងប្រហែង៦ជាងព្រឹក ប្រហែល​ជា​ម៉ោង​១០​ទើប​ចុះ​​ពី​លើ​​ភ្នំ​​មក​វិញ ក្រោយ​​ដែល​បាន​ចាក់​ក្រួក​ខ្សាច់​នៅ​លើ​កំពូល​ភ្នំ​រួច​ដើម្បី​មក​រៀប​ចំអាហារព្រឹកទទួលទាន។ ក្នុងពេលនោះនាយតំរួត​បាន​ប្រកាស​ប្រាប់​ថា បើ​នរ​ណា​ខំ​ជញ្ជូន​ក្រួស​ខ្សាច់​បាន​ពីរ​ជើង​ហើយ​ត្រូវ​អោយ​ឈប់​ចុះ ដែលជាហេតុនាំអោយយើងរាល់គ្នា​ខំ​ប្រឹង​ធ្វើ​អោយ​ឆាប់​​រួច​នឹង​អាល​​បាន​ឈប់​សំរាក​ពី​ថ្ងៃ​បន្ដិច ប្រ​យោជន៍​នឹង​មាន​ឱកាស​ដើរ​រក​របស់​របរ​ទទួល​ទាន​។

តែមិត្ដអើយ! ដូចយ៉ាងខ្ញុំកំពុងពេញកំលាំងរួចបាយភ្លាមក៏ម្នីម្នាទៅរកកើបក្រួសលីរត់ឡើងទៅ​លើ​កំពូល​ភ្នំ​ក៏​គង់​ដល់​ម៉ោង​ ៥​ល្ងាច​ទើប​ហើយ​ការ​។ ឯ​អ្នក​ទោស​ខ្លះ​ដែល​គ្នា​មាន​កំលាំង​ខ្សោយ​គ្នា​ធ្វើ​រហូត​ដល់​ម៉ោង​ ៨​យប់​ទើប​ហើយ ប៉ុន្ដែ​ជា​កុសល​ដែរ ដោយ​យប់​នោះ​ត្រូវ​ចំ​លើ​ខែ​ភ្លឺ​ផង កុំ​អី​ពិបាក​យ៉ាង​ខ្លាំង​ដោយ​មើល​ផ្លូវ​មិន​ឃើញ​។ សំរាក​នៅ​ជើង​ភ្នំ​មួយយប់ទៀតទើបចុះ សាលាង​ត្រ​លប់​មក​កោះ​ត្រ​ឡាច​វិញ​។

ពេលខ្ញុំមកដល់កោះត្រឡាចហើយ គេក៏នាំចូលទៅគុកដដែលវិញ។ នៅថ្ងៃបន្ទាប់មកខ្ញុំក៏បានចេញមកពីក្នុង​គុក​ជា​ពួក​ក្រុម ខ្ញុំ​ទទួល​ទាន​បបរ​រួច គេ​អោយ​មក​ឈរ​ជា​ពីរ​ជួរ ទើប​នាយ​តំរួត​ដើរ​មក​រាប់មនុស្សទាំងនោះមកដល់ខ្ញុំមានចំនួន៤០នាក់ ហើ យនាយតំរួត​បញ្ជា​អោយ​ទៅ​ឈរ​មួយ​កន្លែង ទើប​គេ​នាំ​អោយ​ទៅ​តាម​គេ​នៅ​កន្លែង​មួយ​ចំងាយផ្លូវប្រហែល៣គឺឡូម៉ែត្រពីគុកដែលខ្ញុំសំណាក់។ នៅ​ពេល​ទៅ​ដល់​កន្លែង​នោះ​គេ​អោយ​ក្រុម​ខ្ញុំ​ឈប់​សំរាក​ប្រ​ហែល​ជា​១០​នាទី ទើប​នាយ​តំរួត​គេចែក មនុស្សទាំង៤០នាក់ទៅជាបីក្រុម ក្នុង១ក្រុមៗមានគ្នា​ប្រ​ហែល​១៣​នាក់​ ទើប​គេ​នាំ​ទៅ​កាន់​រទេះ​ដែក​មួយ​ដែល​ជា​រទេះ​ដឹក​ដី នៅលើភ្នំខ្សាច់មួយកំពស់ប្រហែល១២ម៉ែត្រ មានផ្លូវ​ដែក​ដូច​ជា​រទេះ​ភ្លើង​ធម្ម​តា​នៅ​ស្រុក​យើង តែ​ត្រង់​តួ​រថ​ភ្លើង​ដឹក​ដី​នេះ ទទឹង​៣​ម៉ែត្រ ប្រវែង៦ម៉ែត្រ គេអោយមនុស្សទោសរុញរទេះនោះឡើងទៅ​លើ​ភ្នំ​នោះ​​ចំងាយ​​ប្រ​ហែល​៨០០​ម៉ែត្រ ទើប​ទៅ​ដល់​កន្លែង​យក​ដី​ខ្សាច់​។ នៅ​ពេល​មនុស្ស​ទោសរុញរទេះឡើងទៅកាន់គោលដៅនោះបើរុញ​ឡើង​​មិន​រួច​ទេ ឬ​​មួយ​រុញ​ដូច​ជា​យឺត​បន្ដិច នាយ​តំរួត​បារាំង​នោះ​គេ​ស្រែក​អោយ​ឈប់​។ នៅ​ពេលឈប់ម្ដងៗត្រូវយកកំណាត់ឈើមួយ​កង​ពីរ​កង​កល់ ​កង់​​រទេះ​ទើប​ឈប់​បាន​។​ នៅ​ពេល​រទេះ​បាន​ឈប់​ហើយ តំរួត​នោះ​ក៏​ដើរ​ទៅ​រាប់មនុស្សទោសណាដែលមានមាឌធំប្រាប់ អោយ​ដើរ​ចេញ​ពីរ​ទេះ​ដែក​នោះ​ចំនួន​៤-​៥​នាក់ រួច​ហើយ​គេ​ក៏​បញ្ជា​មនុស្ស​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​អោយ​រុញរទេះនោះតទៅទៀត។ នៅពេល​នោះ​ខ្ញុំ​នៅ​ក្នុង​ក្រុម​រុញ​រទេះ​នេះ​។ មិត្ដ​ជ្រាប​ទេ​? នៅ​ពេល​នោះ​ហើយ​នាយ​តំរួត​គេ​ត្រូវ​ដើរ​វាយ​មនុស្ស ទោសដែលនៅសល់ចំនួន ៧-៨​នាក់​នោះ​ដោយ​រំពាត់​​ផ្ដៅ​​ដំបង​ប៉ុន​កដៃ​កូន​ក្មេង​វាយ​ត្រូវ​ទាំង​អស់​គ្នា​។ នៅ​ពេល​ដែល​មនុស្ស​ទោស​ទាំង​នោះ​កំពុង​តែ​ខំ​រុញ​រទេះ​នោះ ខ្ញុំ​កំពុង​យក​ស្មា​ខ្ញុំ​រុញ​ពិត​នៅ​ត្រង់​ជ្រុង​រទេះ​ខាង​ក្រោយ​មិត្ដ​ខ្ញុំ​ទាំង​អស់​គ្នា នៅ​ពេល​នោះ​នាយ​តំរួត​មក​វាយ​ខ្ញុំ​ពីរ​ដំបង​យ៉ាង​ធ្ងន់​ដៃ! នៅពេលនោះហើយ​ខ្ញុំ​ឈឺ​ចាប់​យ៉ាង​​ខ្លាំង​រហូត​ដល់​ស្រក់​ទឹក​ភ្នែក​ដូច​កូន​ក្មែង​…គិត​មើល​? ខ្ញុំ​កំពុង​ខំ​អស់​សមត្ថ​ភាព​ កំពុង​តែ​អោនខំរុញរទេះនោះ គេវាយពីលើយ៉ាង​អស់​ដៃ តើ​វា​ធ្ងន់​យ៉ាង​ណា​? សឹង​បាក់​ឆ្អឹង​ខ្នង​តែ​ម្ដង​! នៅ​ពេល​គេ​បង្ខំ​ហើយ​ធ្វើ​ទារុណ​កម្ម​យ៉ាង​នោះ រទេះនោះក៏ឡើងទៅរួចដោយស្រួល។ នៅ​ពេល​រទេះ​ទៅ​ដល់​លើ​​ភ្នំ​ខ្សាច់​ហើយ គេ​គ្មាន​អោយ​ឈប់​សំរាក​ទេ គេ​អោយ​ចូក​ខ្សាច់​ដាក់​លើ​រទេះ​នោះ​ភ្លាម​។ ខ្សាច់​ពេញ​រទេះ​ហើយ​នាយ​តំរួត​ក៏​បញ្ជា​អោយ​រុញ​រទះ​នោះ​ចុះ​មក​វិញ ពេល​រុញ​ចុះ​ពី​ខ្នង​ភ្នំ​ខ្សាច់​នោះ​មក ផ្លូវ​នោះ​វា​ចោត ពេល​រទេះ​ចុះ​ទៅ​កាន់ផ្លូវចោត​នោះ​ត្រូវ​លាត​ឡើង​ជិះ​តោង​រទេះ​នោះ​ទៅ​តែ​ម្ដង ដើម្បី​អោយ​បាន​ទាន់​រទេះ​នោះ ហើយ​រុញ​ទៅ​ទៀត បើ​ទៅ​មិន​ទាន់​រទេះ​នោះ​ទេ​នាយ​តំរួត​នឹង​វាយ​ទៀត​។ នៅ​ពេល​រទេះ​នោះ​កំពុង​ជ្រុល​ចុះ​​តាម​ផ្លូវ​ចោត​យ៉ាង​លឿន​ដូច្នេះ ជួន​កាល​ធ្វើ​អោយ​រទេះ នោះ​ភ្លាត់​ចេញពីផ្លូវដែក ហើយក្រលប់ក៏​មាន​។ រទេះ​ក្រលប់​ម្ដង​ៗ​មាន​គ្រោះ​ថ្នាក់​ដល់​​មនុស្ស​មាន​ស្លាប់ មាន​របួស​ជា​ទំងន់​ជា​ច្រើន​នាក់​។ ដោយ​មនុស្ស​ទាំង​នោះ​ឡើង​អង្គុយ​​លើ​រទេះ​ខ្សាច់​ទាំង​នោះ​។ ទោះ​បី​មាន​របួស​នៅ​រស់ ឬ​ក៏​ស្លាប់​ក៏​គេ​នាំ​ទៅ ​កាន់​ផ្ទះពេទ្យ​ដែរ បើ​ស្លាប់​វិញ​គេ​យក​ទៅ​កប់​តែ​ម្ដង​។ បើនៅរស់វិញ​គេ​ព្យា​បាល​នៅ​ឯ​ផ្ទះ​ពេទ្យ​តាម​យថា​កម្ម​ទៅ​​ទៀត​..​នៅ​ពេល​នោះ​ខ្វះ​ថ្នាំ​ពេទ្យ​ច្រើន​ណាស់ ត្បិត​ស្រុក​កំពុង​តែ​កើត​សង្រ្គាម​លោក​លើក​ទី​២​នៅ​ឡើយ​។

នៅពេលធ្វើការនាំដីខ្សាច់ទៅចាក់ តាមគោលដៅគេរួចស្រេចហើយ ដល់ពេលម៉ោងឈប់តំរួតក៏នាំទៅ​កាន់​គុក​ដដែល​នោះ​ត​ទៅ​​ទៀត​។ លុះ​នៅ​ក្នុង​គុក​នោះ​ប្រ​ហែល​៦-​៧​ថ្ងៃ​ខ្ញុំ​បាន​ទៅ​កាប់​អុស​ជាមួយក្រុមមនុស្សទោសចំនួន៣០នាក់។ ក្រុមនេះគេមិនអោយ​ត្រលប់​មក​គុក​វិញ​ទេ គឺ​អោយ​នៅ​កាប់​ពេញ​មួយ​ថ្ងៃ លុះ​ត្រា​តែ​បាន​អុស​គ្រប់​ចំនួន​ហើយ នៅម៉ោង១៦:៣០គេផ្លុំ កញ្ចែបីដងប្រមូល​រាប់​អោយ​គ្រប់​ចំនួន​ហើយ​ទើប​នាំ​ត្រ​លប់​មក​គុក​វិញ​។ ឯ​បាយ​ព្រឹក​គេ​អោយ​ដណ្ដាំ​ទទួល​ទានឯកន្លែងធ្វើការនោះឯណោះ។ រឿងកាប់អុសនោះ កាល​ខ្ញុំ​បាន​ទទួល​ពូ​ថៅ​ពុះ​អុស​មួយ​ហើយ​ ខ្ញុំ​ក៏​ដើរ​ទៅ​តាម​មិត្ដ​ខ្ញុំ​ដែល​គេពន្យល់ អោយកាប់ គឺគេបង្គាប់អោយកាប់ដើមស្មាច់​ទាំង​ដើម ទាំង​រិស​យក​ប្រ​វែង​៤០​ស.ម រួច​ជញ្ជូន​មក​រៀប​អោយ​បាន​កំពស់​១​ម៉ែត្រ​អោយ​គេ តាម​កន្លែងដែលគេកំណត់អោយនោះជាការស្រេច យើងបានឈប់​សំរាក​មុន​ម៉ោង​។

ខ្ញុំធ្វើការចំនួន៣-៤ម៉ោងបានហើយស្រេចឃើញស្រួលគ្រាន់បើ ជាហេតុនាំអោយបានចិត្ដរហូតដល់​មើល​ងាយ​ការ​កាប់​អុស​ថា ជា​ការ​ស្រួល​ត្បិត​បាន​ហើយ​ឆាប់ ហើយ​បាន​ឈប់​២-​៣​ម៉ោង​មុន​ត្រលប់​ទៅគុកវិញ។ ធ្វើដូច្នេះបាន៥ថ្ងៃខ្ញុំក៏បានបបួលមិត្ដខ្ញុំ២-៣​នាក់​អោយ​ចូល​ស្ម័គ្រ​ក្នុង​ក្រុម​កាប់​អុស​ជា​មួយ​ពួក​ចាស់​ៗ ដើម្បីអោយបានស្រួលទាំងអស់គ្នា។ ពួកចាស់ៗគេបានហាម​ខ្ញុំ​ថា កុំ​អោយ​ស្ម័គ្រ​ខាង​ក្រុម​កាប់​អុស​អី ត្បិត​ជា​ការ​លំបាក​ណាស់ ដែល​ពួក​អ្នក​ទោស​កោះ​ត្រ​ឡាច​គេ​ខ្លាច​រអា​រអូម​គ្រប់​គ្នា ប៉ុន្ដែខ្ញុំពុំព្រមស្ដាប់គេសោះ ចេះតែ​ជំនះ​សុំ​ស្ម័គ្រ​ក្នុង​ក្រុម​​នេះ​ទាល់​តែ​បាន ដោយ​យល់​ឃើញ​ថា​នៅ​ធ្វើ​ការ​ក្នុង​គុក​ធំ វា​អផ្សុក​តុះ​គិនិត​ប្រាជ្ញាជាងការចេញទៅធ្វើការក្រៅ ត្បិត​បាន​ឃើញ​ទេស​ភាព​អ្វី​ៗ​ប្លែក​ៗ​ នាំ​អោយ​បាត់​ការ​អផ្សុក​។ ម្យ៉ាង​ទៀត​មក​ពី​ខ្ញុំ​ធ្លាប់​មាន​ការ​ពិសោធន៍​៥-៦​ថ្ងៃមកហើយឃើញថាស្ទុះរួច។ ពេល​ក្រោយ​មិត្ដ​ខ្ញុំ​បី​នាក់​ គឺ​លោក​ភោគ នី អ៊ីម​ ផា រួម​ជា​មួយ​ផង ហើយ​បាន​ចេញ​បំរុង​ទៅ​ធ្វើ​ការ​ដូចសព្វដង។ ខ្ញុំបានឈរនៅកន្លែងដែលមនុស្សទោស​ស្ម័គ្រ​ទៅ​ធ្វើ​​ការ​ឯ​កន្លែង​ផ្សេងៗ​។ ខណៈ​នោះ​តំរួត​ក៏​មក​រាប់​យក​៣០​នាក់ អោយ​ឈរ​មួយ​កន្លែង​ផ្សេងពីគេរួច គេរាប់តទៅទៀតរហូត​អស់​។ តំរួត​នោះ​​ឡើង​ទៅ​លើ​ការិយា​ល័យ​ចាត់​ការ​បាន​បន្ដិច ឃើញ​តំរួត​បី​នាក់​ផ្សេង​ទៀត​ចុះ​មកបង្គាប់ពួកខ្ញុំអោយតំរង់ជួរ ជាពីរ ជួរហើយ​គេ​ក៏​នាំ​ដើរ​ប្រ​ហែល​៣​គីឡូ​ទើប​ដល់​កន្លែង​គុក​ដែល​គេ​អោយ​មនុស្ស​ទោស​កាប់​អុស គេ​ក៏​យក​បញ្ជី​ទៅប្រគល់ អោយតំរួតនៅកន្លែងនោះ​ពិនិត្យ​។ លុះ​ពិ​និត្យ​រាប់​​ត្រូវ​តាម​បញ្ជី​ហើយ​គេ​ក៏​នាំ​ពួក​ខ្ញុំ​បញ្ចូល​ក្នុង​គុក​ទី​នោះ​ទៅ​ទៀត ដើម្បី​រង់​ចាំ​បញ្ជា​ពី​មេ​តំរួត​ជាតិ​បារាំង​សែស​ទៀត​។

នៅកន្លែងនោះ មានកិច្ចការច្រើនផ្នែក គឺដាំដំណាំផ្សេងៗមានជី ប៉េងប៉ោះ សាលាត់ បន្លែផ្សេងៗជាច្រើន។ មានកន្លែងមួយ​ទៀត​គឺ​គេ​អោយ​ទៅ​ធ្វើ​ឡ​ធ្យូង ដុត​ឥដ្ឋ ដុត​កំបោរ ដែល​ជា​កន្លែង​ស្រួល​ជាង​កន្លែង​ឯទៀត​។ មួយក្រុមទៀតអោយទៅឃ្វាលគោ ជ្រូក។ នៅ​កន្លែង​កាប់​អុស គេ​អោយ​ធ្វើ​ការ​ធ្ងន់​មែន តែ​ដល់​មាន​ជំងឺ​អ្វី​ៗ​ឡើង គេ​អោយ​ទៅ​ព្យាបាល​ឯ​ផ្ទះ​ពេទ្យបាន ៣-៤ថ្ងៃទើបត្រលប់មកវិញ។ បើយើង​មាន​ប្រាក់​១០០ ឬ​២០០​រៀល​សូក​គ្រូ​ពេទ្យ គេ​ដាក់​ថា​មនុស្ស​ទោស​នេះ​ត្រូវ​អោយ​សំរាក​ ធ្វើការស្រាលៗចំនួន១៥ ឬ២០ថ្ងៃ ក៏នឹងបានកន្លែងធ្វើការ​ផ្សេង​ៗ​ពី​ការ​កាប់​អុស​ដូច​បាន​ជូន​ដំណឹង​ពី​ខាង​ដើម​មក​ហើយ​។ ពេលដែលពួកខ្ញុំនៅរង់ចាំបន្ដិចនោះក៏ឃើញនាយតំរួតមកចាក់​សោ បញ្ចេញ​ពួក​យើង​មក​ក្រៅ​គុក ឈរ​ជា​ពីរ​ជួរ​រង់​ចាំ​តំរួត ជាតិ​បារាំ​ងសែស គេ​មក​ជ្រើស​រើស​តាម​ចិត្ដ​គេ។ ប្រហែលកន្លះម៉ោង ទើបឃើញតំរួតបារាំងចេញ​ពី​ការិយា​ល័យ​ដើរ​មក​ សំលឹង​ជ្រើស​រើស​មនុស្ស​ទាំង​៣០​នាក់​នេះ​។ មុនដំបូងគេរើសយកមនុស្សមាឌមាំៗអោយចេញពីជួរ មក​ឈរ​មួយ​កន្លែង នៅ​ពេល​នោះ​ខ្លួន​ខ្ញុំ​ត្រូវ​គេ​ជ្រើស​ទី៣ មាន​គ្នា​១៣​នាក់​។ បាន​ទៅ​ឈរ​នៅ​កន្លែង​មួយផ្សេងទៀត។ រួចគេនាំក្រុមខ្ញុំអោយចូល ទៅក្នុងគុកវិញ ចំណែក​មិត្ដ​ខ្ញុំ​៣-​៤​នាក់ ត្រូវ​គេ​នាំ​ទៅ​ដាក់​គុក​មួយ​ផ្សេង​ទៀត​។ នៅពេលនោះខ្ញុំចេះតែនឹកព្រួយក្នុងចិត្ដថា គេ នាំពួកខ្ញុំទៅកន្លែងណា​អី​ចេះ​? លុះ​ដល់​ពេល​បាយ​ថ្ងៃ​ត្រង់​ទើប​មាន​ខ្មែរ​ម្នាក់​និយាយ​ប្រាប់​ថា ពួក​ខ្ញុំ​នេះ​ត្រូវ​កាប់​អុស​ហើយ​! ខ្ញុំនឹកក្នុងចិត្ដថា ខ្ញុំមិនខ្លាចទេកាប់អុសនោះ ហើយសួរ​គេ​វិញ​ថា ចុះ​ក្រុម​មួយ​ទៀត​ទៅ​ធ្វើ​អ្វី? គេ​បា្រប់​ទៀត​ថា គេ​អោយ​ដាំ​ដំណាំ ធ្វើ​ការ​ក្នុង​ឡ​ធ្យូង តាម​​តែ​បារាំង​វា​ប្រើ​មិន​ទៀង​ទេ​។

លុះដល់ម៉ោង៥ភ្លឺ ទើបតំរួតមកចាក់សោបើកទ្វារបញ្ចេញមនុស្សទោសទាំងអស់មកក្រៅ។ ក្រោយពីអោយ​ទទួល​ទាន​បបរ និង​ស្ករ​អំពៅ​ ហើយ​គេ​បង្គប់​អោយ​ទៅ​យក​ពូ​ថៅ​មួយ​ម្នាក់​ហើយ​ និងចបកាប់មួយផង រួចគេនាំទៅកន្លែងដែលខ្ញុំបាទទៅកាប់អុស​ពី​ថ្ងៃ​មុន​។ ដល់​ធ្វើ​ការ​នៅ​នោះ​បាន​តែ​បី​ថ្ងៃ​ស្រាប់​តែ​មេ​តំរួត​ជាតិ​បារាំង​វា​មក​ត្រូត​មើលអុសនោះ ហើយស្រែកថាៈ អុសតូចៗណាស់​ប្រើ​ការ​មិន​កើត​ទេ ត្រូវ​អោយ​ទៅ​កាប់​ឯ​ខ្នង​ភ្នំ​ឯ​ណោះ​វិញ​។ ខណៈ​នោះ​មាន​មិត្ដ​ខ្ញុំ​ម្នាក់​ជា​ជើង​កាប់​អុស នៅកន្លែងនោះមុនខ្ញុំគេយល់ការច្រើន គេក៏ប្រាប់ខ្ញុំថា ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ទៅ​ ពួក​ឯង​នឹង​វេទនា​ហើយ ត្បិត​បារាំង​មេ​តំរួត​ធំ​ គេ​ប្រាប់​អោយយើងទៅកាប់អុសលើខ្នងភ្នំឯណោះ និយាយ​ផង​ដៃ​ចង្អុល​ទៅ​ភ្នំ​នោះ​ផង​។ ខ្ញុំ​មើល​តាម​ចង្អុល​ដៃ​របស់​គេ​ទៅ ឃើញ​ភ្នំ​នោះ​មាន​កំពស់​មិន​ខុស​ពី​ភ្នំ​ស្រង់ ស្រុកគងពិសី(កំពង់ស្ពឺ) យើងនោះទេ។ ស្អែក​ឡើង​គេ​នាំ​ពួក​ខ្ញុំ​ទៅ​កាន់​ទី​ភ្នំ​នោះ នៅ​ទី​នោះ​ខ្ញុំ​ឃើញ​ខ្សែ​ដែក (Câble) មួយ​ទំហំ​ប៉ុន​ក​ដៃ​កូន​ក្មេងតចុះពីលើកំពូលភ្នំមកចងនឹងគល់​ឈើ​នៅ​ជើង​ភ្នំ​រិត​យ៉ាង​តឹង​។ គេ​ថា​ការ​រិត​អោយ​តឹង​នេះ​ប្រើ​មនុស្ស​ទោស​ដល់​ទៅ​ ១០០​នាក់​ឯ​ណោះ​អោយ​ទាញ​។ ខ្សែដែកនោះប្រវែង៥០០ ទៅ៦០០ម៉ែត្រ។ កាល​ណា​គេ​អោយ​ចង​ចុង​ខ្សែ​ដែក​អោយ​រឹង​មាំ​ទាំ​ហើយ​ទើប​ប្រើ​ការ​បាន​។ កន្លែងដែលកាប់អុសនិមួយៗ មានកំណត់ថិរវេលា ១​ឆ្នាំ​ក៏​មាន​តាម​កន្លែង​ដែល​មាន​អុស​ច្រើន​ឬ​តិច​។ លុះ​កន្លែង​នោះ​អស់​អុស​ហើយ ទើប​គេ​អោយ​ស្រា យ​ខ្សែ​ដែក​នោះ ទៅចងនៅកន្លែងផ្សេងទៀតដែលមាន​អុស​ច្រើន​។ ចំពោះ​​ការ​ទំលាក់​អុស​ចុះ​ក្រោម​គេ​ប្រាប់​ខ្ញុំ​ថា កាលណា យើងកាប់អុសបានគ្រប់ចំនួនហើយ យើងត្រូវសែង​អុស​នោះ​ យក​ទៅ​ដាក់​ចង​នៅ​កន្លែង​ខ្សែ​ចង​នោះ​។ យើង​ត្រូវ​រក​គ្នា​អោយ​បាន​៣​នាក់​អោយ​ជួយ គឺ​ចាត់​ម្នាក់​អោយ​នៅចាំទទួលអុសខាងក្រោម ពីរនាក់នៅសែង​អុស​និង​រៀប​ចំ​ទំលាក់​ពី​ខាង​លើ​។

ឯរបៀបចងអុសគឺយកខ្សែដែក (Câble) ទំហំប៉ុនមេដៃពីរខ្សែប្រហែល ៣-៤ម៉ែត្រចងអុសចំនួន៣ម៉ែត្រ​យ៉ាង​តឹង​ដោយ​ប្រុង​ប្រ​យ័ត្ន​បំផុត បើ​ឃើញ​នៅ​មាន​ចន្លោះ​ប្រ​ហោង​ត្រង់​ណា គេ​យក​អុស​ទៅ​ស៊កបោះស្នៀតត្រង់នោះអោយទាល់តែណែនក្ដាន់មែនទែន បង្ការ​កុំ​អោយ​របូត​ពេល​ទំលាក់​សំរូត​ចុះ​ទៅ​នោះ​។ រួច​គេ​នាំ​គ្នា​ទៅ​សែង​អុស​នោះ​លើក​ទៅដាក់លើរានឈើ មួយកំពស់១ម៉ែត្រប្រវែង៣​ម៉ែត្រ នៅ​ពី​ខាង​​ក្រោម​ខ្សែ​ដែក​ដែល​គេ​ធ្វើ​សំរាប់​ដាក់​អុស​ហើយ​គេ​ចង​នៅ​ចុង​ខ្សែ​ដែក​ខាង​លើកំពូលភ្នំ។ ពេលចងអុសស្រួលបួលហើយ ត្រូវ​ប្រុង​​ប្រយ័ត្ន​​ថែម​ទៀត​ក្នុង​ការ​ទំលាក់​មក​ក្រោម ពី​ព្រោះ​ថា​ជា​ធម្មតា​តែង មានមិត្ដយើងឯទៀត គេទំលាក់អុសគេទៅមុខខ្លះ​ហើយ​ដែរ ដូច្នេះ​យើង​ត្រូវ​បង្អង់​បាន​យូរ​បន្ដិច​ទុក​ចាំ​អោយ​ខ្សែ​នេះ រលាស់​យោល​បាន​បី​បួន​ដង​សិន ទើបគេដាក់ទំលាក់តាមក្រោយគេទៀតបាន។ បើ​មិន​ដូច្នេះ​ទេ យើង​បង្ខំ​ទំលាក់​ដោយ​ឥត​ពិចារណា​អុស​យើង​ទំលាក់​នោះ​មុខជាផ្លាក់កណ្ដាលផ្លូវនៅចង្កេះភ្នំបាត់ រកមិនមិនឃើញ មិន​លែង​ទាំង​បី​នាក់​ដែល​ខំ​ធ្វើ​ការ​មួយ​ថ្ងៃ​ទល់​ព្រ​លប់​ទៅ​ជា​ឥត​បាន​ប្រ​យោជន៍​អ្វី​ទាំង​អស់​។ ក្នុង​ការ​កាប់​អុសលើខ្នងភ្នំត្រូវរកមិត្ដជាមួយមនុស្ស​ទោស​ជើង​ចាស់ ម្នាក់​អោយ​គេ​​ចូល​​ជា​មួយ​យើង​ទើប​បាន​ ត្បិត​គេ​មាន​ការ​ពិ​សោធន៍​ច្រើន​ក្នុង​ការ​កាប់​អុស​នោះ​។ សូមជំរាបថាខ្ញុំបានចូល​ទៅ ធ្វើ​ការ​នេះ​នៅ​ពេល​នោះ​​។ ក្នុង​ពេល​ដែល​ក្រុម​នីមួយ​ៗ​ទំលាក់​ម្ដង​ៗ អ្នក​នៅ​ឯ​លើ និង​អ្នក​នៅ​ឯ​ក្រោម ត្រូវ​តែ​ស្រែក​បង្កូក​អោយ​ដំណឹង​​គ្នា​ជា​មុន​សិន​ទើប​អាច​ទំលាក់​អុស​ចុះ​​បាន ដើម្បី​អោយ​អ្នក​ខាង​ក្រោម​ប្រុង​ប្រៀប​ចាំ​ទទួល​កុំ​អោយ​ច្រលំ​ក្រុម​គ្នា។ បើអ្នកឯក្រោមមិន​ដឹង​ដំណឹង​មុន​ទេ ប្រាកដ​ជា​បាត់​អុស​ខ្លះ​មិន​ខាន ត្បិត​មនុស្ស​ទោស​ក្រុម​ដោយ​ខ្លួន​ពី​យើង​ដែល​នៅ​ចាំ​ខាង​ក្រោម​ដូច​គ្នា​ដែរ អាចនឹងច្រលំ ឬអាចនឹង​លួច​ជញ្ជូន​យក​អុស​យើង​ទៅ​តំរៀប​ធ្វើ​ជា​​អុ​ស​របស់​គេ​ទៅ​។ ចំណែក​ក្រុម​យើង​ទាំង​៣​នាក់ នឹង​ខ្វះ​ចំនួន​អុស​មិន​បាន​ពេញ​ម៉ែត្រ​អោយ​តំរួត​ឡើយ នឹង​ត្រូវ​ទទួល​ទណ្ឌ​កម្ម​ជា​មិន​ខាន ឬ​ក៏​ជំពាក់​កាប៉ូ​រ៉ាល់ ទៅ​សិន​ទើប​បាន​។ ប៉ុន្ដែ​បើ​កាប៉ូ​រ៉ាល់​នោះ​មិន​ព្រម​ផង​យើង​ត្រូវ​តែមាន​ទោស​ជា​មិន​ខាន​។ មួយ​ទៀត​ដល់​ថ្ងៃ​ស្អែក​​ឡើង​យើង ត្រូវ​លំបាក នឹង​ខំ​កាប់​អុស​ទ្វេ​ជា​ពី​ថ្ងៃ​​មុន ដើម្បី​សង​អុស​ដែល​ខ្វះ​ពី​ម្សិល​ផង និង​ដើម្បី​អោយ​បាន​ពេញ​មួយ​ម៉ែត្រ​សំរាប់​ថ្ងៃ​នេះ​ផង ឃើញ​ថា​មាន​ការ​យ៉ាប់​យ៉ើន​ពេក​ណាស់​ស្ទុះ​មិន​រួច​ទេ​។

ក្នុងពេលទំលាក់អុសម្ដងៗ កង់ដែលវិលលើខ្សែដែក (Câble) នោះអោយសំលេងបីដូចយន្ដហោះ​ប្រតិ​កម្ម​សំរាប់​ទំលាក់​គ្រាប់​បែក​ដូច្នោះ​ឯង​។ វេលា​ដែល​វាយ​ដក​កំណល់​អុស​ដែល​កល់​នោះ​ចេញ​អុសបាច់នៅក្នុងរនានោះ ក៏រអិលចុះយ៉ាងលឿនក្រៃលែងលឺសូវ៉!… យ៉ាង​វែង​រួច​លឺ​ក្ដាំង​! នៅ​ខាង​ក្រោម​ឯ​ណោះ​មាន​ពេល​ខ្លះ​ដែល​មិន​បានដាក់ខ្លាញ់ក្នុងកងនោះទេមើល ទៅឃើញភ្លើងព្រិលៗចេញ​ពី​កង​និង​ខ្សែ​ដែក​នោះ គួរ​អោយ​ខ្លាច​ក្រៃ​លែង​។ លុះ​ដល់​ទំលាក់​អុស​អស់​ហើយ​ទើប​អ្នក​ខាងលើ រៀបចំពូថៅខោអាវនាំគ្នាចុះមកក្រោមតាមអុសនោះ​ទៀត ដើម្បី​ទៅ​ជួយ​មិត្ដ​ម្នាក់​នៅ​ឯ​ក្រោម​ក្នុង​ការ​ជញ្ជូន​អុស​យក​ទៅ​រៀ ប​ជាម៉ែត្រអោយហើយពីក្បាលព្រលប់រួចនាំគ្នាដើរត្រលប់ទៅគុកវិញ។

សូមជំរាបថាក្នុងការកាប់អុសនេះ មនុស្សទោសទាំងអស់ត្រូវតែស្រាតខោអាវនៅខ្លួនទទេទាំងអស់គ្នា ដើម្បីអោយស្រួល ធ្វើ​ការ​ផង កុំ​អោយ​ប្រ​លាក់​ខោ​អាវ​ផង អោយ​ស្រួលនឹងការដើររុកព្រៃញឹករកអុសផង។ ខ្សែដែកដែលគេប្រើទំលាក់អុស ពីលើភ្នំមក​ក្រោម​នាះ គេ​ទើប​នឹង​មាន​ប្រើ​មួយ​ខែ​មុន​ខ្ញុំ​ទៅ​កាប់​អុសនៅភ្នំនោះ។ ពីមុនមកពុំដឹងជាគេប្រើមធ្យោបាយដូចម្ដេចទេ សំរាប់ទំលាក់អុសមក​ក្រោម ម្យ៉ាង​មួយ​ទៀត​ដោយ​ទើប​ទៅ​កាប់​អុស​នៅកន្លែងនោះ ទើបអុសនៅទីនោះមានសំបូរនៅឡើយ។ ការកាប់អុសនៅលើភ្នំខុសគ្នាពីការ​កាប់​អុស​ខាង​ក្រោម​ ដែល​អុស​តូច​ៗ​ប៉ុន​ក​ដៃ​ក​ជើងក៏យកដែរ ឯចំណែកពួកលើភ្នំវិញគេរើសយកតែអុសធំៗតាំងពីប៉ុនកំភួនជើងទៅដល់​ប៉ុន​ភ្លៅ​ហើយ​ត្រូវ​ដើរ​រក​នៅ​ទី​ឆ្ងាយ​ៗ​ចំនួន​៦០០​ម៉ែត្រ ទៅ​៧០០​ម៉ែត្រ ត្បិតនៅជិតៗគេកាប់អស់ទៅហើយ។ឯដី​លើខ្នងភ្នំក៏ពុំរាបស្មើ ច្រើន​តែ​ខ្ពស់​ទាប​មាន​ដុំ​ថ្ម​តូច​ធំ​រដិប​រដុប​ នាំ​អោយ​ពិបាក​សែង​អុស​ពីកន្លែងកាប់មកកន្លែងចុងខ្សែដែកយ៉ាងក្រៃលែង ជួនណាពីព្រឹកទល់ល្ងាច​សឹង​តែ​រក​មិន​បាន​គ្រប់​១​ ម៉ែត្រ​ផង​។ ណា​មួយ​ឈប់​សំរាក​ធ្វើ​បាយ​ទឹក​ទទួល​ទាន​ខ្លួន​ឯង​ផង​ទៀត​។

នៅពេលនោះខ្ញុំចេះទទួលទានសាច់សត្វគ្រប់យ៉ាងតាំងពី បង្កួយ ថ្លែន ពស់ ប្រជៀវ កណ្ដុរភ្នំ ត្រកួត៘ ដែល​ពី​ដើម​ខ្ញុំ​មិន​ដែល​ទទួល​ទាន​សោះ​។ សាច់​សត្វ​ទាំង​នេះ​ដល់​ធ្វើស្អាតបាតលាងទឹករួចយកទៅចិញ្ច្រាំម៉ដ្ឋបន្ដិច ស្លជាម្ជូរស្លឹកថ្នឹងសណ្ដាន់ ឬ​ផ្លែ​សណ្ដាន់ បង់​អំបិល​ដាក់​ទឹក​ត្រី បង់​ម្អម​ឬ​ម្រះ​ព្រៅ​ទៅ​ធំ​ក្លិន​ឈួលស្រក់ទឹកមាត់ ទទួលទានឆ្ងាញ់គួរសមដែរថែមទាំងឃ្លាន ផ្សំផងទៅឆ្ងាញ់​មែន​ទែន បាន​បាយ​យ៉ាង​ច្រើន​មាន​កំលាំង​ព្រឺស​។ មិត្ដ​គង់​តែ​ទទួល​ទាន​កើត​ដូចខ្ញុំដែរចំពោះសាច់សត្វទាំងនេះ ពីព្រោះកាលៈទេសៈមកដល់ហើយ គឺថា​វា​ទាល់​ហើយ មិន​ដឺង​បាន​អី​ទទួល​ទាន​ក្រៅ​ពី​សាច់​សត្វ​ទាំង​អស់នេះ បើមិត្ដមិនទទួលទានមានតែអត់ បើអត់មានកំលាំងឯណាធ្វើការ​អោយ​គេ​? ក្នុង​ការ​កាប់​អុស​ត្រូវ​ឈ្លៀត​រក​ម្ហូប​ផង អោយ​តែ​ឃើញ​សត្វអីក៏ដោយត្រូវតែខំដេញឬធ្វើម្ដេចអោយតែខាងតែបានសំរាប់​ធ្វើ​ម្ហូប​។ ចំណែក​ខ្ញុំ​គ្រាន់​តែ​ដណ្ដាំ​បាយ​ទេ​ឯ​ខាង​ម្ហូប ស្រេច​លើ​មិត្ដ​យួន​ៗគេអ្នកធ្វើទាំងអស់ ត្បិតគេជើងចាស់មានការពិសោធន៍គ្រប់យ៉ាង គេនៅ​ទី​នោះ​មុខ​យើង​។ មុន​ដំបូង​ដែល​មិន​ធ្លាប់​ទទួល​ទាន​សាច់​អស់​នេះ​សោះ​ រាង​ដូចជាឆ្អើមៗមិនស្និទ្ធដែរ សាច់សត្វអីក៏ដោយ អោយតែផ្សំ​គ្រឿង​ត្រូវ​ហើយ​ឃ្លាន​ផ្សំ​ផង សុទ្ធ​តែ​ឆ្ងាញ់​ដូច​គ្នា​ទាំង​អស់ ត្បិត​ខំ​ប្រឹង​ធ្វើការហួសកំលាំងតាំងពីព្រឹកដល់ថ្ងៃត្រង់ ឥតអ្វីក្នុងពោះសោះ ក្រៅ ពីបបរ​បន្ដិច​ពី​ព្រ​លឹម​នោះ​។​

លុះធ្វើការកាប់អុសបានចំនួន១០ថ្ងៃ ដៃខ្ញុំទាំងពីរឡើងហើមប្រេះក្រហែងឈឺរអាមកាន់ពូថៅកាប់អុសពុំបាន​។ ខ្ញុំ​បាន​ទៅ​សុំ​ពេទ្យ គេ​គ្រាន់​តែ​លាប​ថ្នាំំ​អោយ​បន្ដិច​ឥត​អោយ​ច្បាប់​អ្វីសោះ ខ្ញុំត្រលប់ទៅធ្វើការដូចដើមធម្មតាវិញ ខ្ញុំខំព្យាយាមធ្វើការតទៅទៀត​លែង​កើត​សោះ ដោយ​ឈឺ​ដៃ​ទាំង​ពីរ​ខ្លាំង​ពេក ទើប​ខ្ញុំ​ប្រាប់​ទៅ​មិត្ដ​ខ្ញុំ​ថា បើខ្ញុំឈឺខ្លាំងធ្វើការមិនកើតដូច្នេះ តើត្រូវ គិតយ៉ាង​ម៉េច​? គេ​ប្រាប់​ថា ត្រូវ​ទៅ​ប្រាប់​កាប៉ូ​រ៉ាល់​សុំ​ឈប់​ទៅ​។ ក្នុង​ថ្ងៃ​នោះ​មិត្ដ​ខ្ញុំ​គេ​បាន​ជួយកាប់អុសបំពេញចំនួនអោយ គ្រប់អោយ។ ឯខ្ញុំធនាជាអ្នកសែងអុសនោះយក​មក​ដាក់​លើ​ខ្សែ​ដែក​។ របៀប​សែង​អុស​នោះ មនុស្ស​ទោស​គេធ្វើស្នែង នឹងឈើតាមរបៀបស្នែងកម្មករលីសែង នៅ​កំពង់​ផែរ​កប៉ាល់​ភ្នំ​ពេញ​យើង ដែល​ខ្ញុំ​ធ្លាប់​បាន​ឃើញ​កាល​ពី​នៅ​ក្មេង​។ បើ​មនុស្ស​ខ្លាំង​សែង​ម្ដងបានកន្លះម៉ែត្រ បើមនុស្សខ្សោយវិញបានតែបីឬបួនតឹកប៉ុណ្ណោះ​។ ចំណែក​ខ្លួន​ខ្ញុំ​ពេល​នោះ​កំពុង​ពេញ​កំលាំង​អាយុ​២២​ឆ្នាំង ខ្ញុំអាចសែងអុសម្ដងបាន៥០សង់ម៉ែត្រ។ ខ្ញុំអាចសែងអុស​ខ្ញុំ​ផង អុស​របស់​មិត្ដ​ភភ្ដិ​ផង ដោយ​ខ្ញុំ​កាប់​មិន​កើត​។ ប៉ុន្ដែ​ការ​ជួយ​ប្រ​វាស់​កំលាំង​គ្នា​បាន​តែ​បី​ថ្ងៃ​មិត្ដ​ខ្ញុំ​ក៏​ឈឺទៅទៀត ខ្ញុំរកដៃគូមិនបានក៏អស់សង្ឃឹមត្រឹមនេះ សំ​រេច​ចិត្ដ​ថា ត្រូវ​ឈប់​កាប់​អុស​ទោះ​បី​គេ​ធ្វើ​ទុក្ខ​ធ្វើ​បាប​ដូច​ម្ដេចក្ដី ស៊ូទ្រាំទៅចុះ ត្បិតប្រឹងលែងរួចទៅហើយ។ ខ្ញុំ​នឹក​ឃើញ​ទោស​កំហុស ដែល​ត្រូវ​ទទួល​យ៉ាង​វេទនា ខ្ញុំ​ព្រួយ​ណាស់ ហើយ​ខ្ញុំ​នឹក​ថា​មិត្ដ​ដែល​គេ​និយាយ​ប្រាប់​ខ្ញុំ​នូវរឿងមហន្ដទោសនោះប្រាកដជាពិតមែនហើយ ខ្ញុំមុខជា​នឹង​ត្រូវ​រង​ហើយ​។ ក្នុង​គ្រា​នោះ​ខ្ញុំ​នឹក​បួង​សួង​ដល់​គុណ​បុណ្យ​គុណ​ដែលខ្ញុំបានធ្វើមកប៉ុន្មាន ព្រមទាំង គុណមាតាបិតា​ជី​ដូន​ជី​តា​ទាំង​ប៉ុន្មាន​សូម​ជួយ​ជ្រោម​ជ្រែង​បញ្ចូល​ចិត្ដ​កុំ​អោយ​តំរួត​វា​ធ្វើ​បាប​ខ្ញុំ​ខ្លាំង​ពេក ហើយ​ក៏​អង្គុយ​លើ​ឈើ​ងាប់​មួយដើមស្រក់ទឹកភ្នែក ដោយនឹកភ័យខ្លាចដល់​ពេល​ល្ងាច​ដែល​ត្រ​លប់​ទៅ​គុក​វិញ មិន​ដឹង​ជា​តំរួត​វា​ទាត់​ធាក់​យ៉ាង​ណា​ទេ ត្បិតធ្លាប់បានឃើញផ្ទាល់នឹងភ្នែកខ្លួន​ឯង​ស្រាប់​មក​ហើយ​។ ក្នុង​ពេល​ធ្វើ​ការ​អោយ​គេ​មិន​បាន​សំរេច​ម្ដង​ៗ ពួក​តំរួត​វា​ហៅ​ឈ្មោះ​មនុស្ស​ទោស​ម្នាក់​ម្ដង​ៗ​ទៅឈរដោយឡែកពីគេ ហើយវាវាយទាត់ធាក់ធ្វើបាប​មនុស្ស​ទោស​សំ​បើម​ក្នុង​ម្ដង​ៗ​បី​បួន​នាក់​ដើម្បី​អោយ​មនុស្ស​ឯ​ទៀត​រាង​ចាល ខំប្រឹងធ្វើការឡើងដោយគេចោទថា​យើង​មិន​ព្រម​ធ្វើ​ការ គេ​មិន​មែន​យល់​ថា យើង​ខំ​ធ្វើ​ការ​ណាស់​ដែរ តែ​វា​ហួស​កំលាំង​ទៅ​មិន​រួច​នោះ​ទេ​។ ហេតុនេះហើយ បានជាខ្ញុំព្រួយចិត្ដខ្លាំងខ្លាចក្រែងគេធ្វើទារុណកម្មខ្លាំង ទៅ​ជា​សំរក់​ទឹក​ភ្នែក​តែ​ម្ដង ដោយ​ក្នុង​ជីវិត​ខ្ញុំ​មិន​ដែល​ជួប​ប្រទះ​នឹង​សេច​ក្ដី​ទុក្ខ​ដូច​គ្រានេះ​ឡើយ​។

មិត្ដជាទីស្នេហា! ក្នុងពេលកំពុងអង្គុយសំរក់ទឹកភ្នែកស្រាប់តែលឺសូរសំលេងមួយម៉ាត់គត់ប្រាប់ថា «ខំទៅ» ខ្ញុំ​ងើប​ក្បាល​ងាក​មើល​តាម​រក​ម្ចាស់​សំលេង​មិន​ឃើញ​សោះ​។ ហេតុ​អ្វី​ក៏​លឺ​សំ​លេង​មនុស្សដូច្នេះ? ដល់នឹកយូរៗទៅ ទើបសំរេចចិត្ដថា ត្រូវតែខំប្រឹងប្រែងរក​អុស​បន្ថែម​ទៀត​ លុះ​ខំ​បាន​ប្រ​ហែល​៧​តឹក ក៏​ដល់​ម៉ោង​៥​ល្ងាច​ទៅហើយ ខ្ញុំក៏សំរេចចិត្ដត្រូវតែប្រថុយ ទៅ​សុំ​ទោស​ចំពោះ​កា​ប៉ូ​រ៉ាល់​អោយ​គេ​ជួយ​បំពេញ​ថា គ្រប់​ហើយ​ទៅ​ ចាំ​ដល់​ថ្ងៃ​ស្អែក​សឹម​ខំ​រក​អុស​សង​គេ​អោយ​គ្រប់ចំនួនវិញ។ លុះចុះពីលើភ្នំមកដល់ដីហើយ ខ្ញុំដើរចូលទៅ​សំពះ​កា​ប៉ូ​រ៉ាល់​នោះ​សុំ​អោយ​គេ​ជួយ​។ ក្នុង​ពេល​នោះ​គេ​ក៏​មានចិត្ដប្រណីអនុគ្រោះអោយតាមសុំ ប៉ុន្ដែគេប្រាប់ថា ដល់​ថ្ងៃ​ស្អែក​ត្រូវ​តែ​រក​សង​វិញ​កុំ​ខាន​។ ខ្ញុំ​មាន​សេច​ក្ដី​ត្រេក​អរ​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ​។ នៅ​ពេលដែលត្រលប់មកគុកវិញ ខ្ញុំក៏ទៅអង្គុយព្រួយចិត្ដផ្អែកខ្នងនឹង​គល់​ព្រីង​មួយ​នៅ​មុខ​គុក​ដោយ​បណ្ដែត​អា​រម្មណ៍​អស់​សង្ឃឹម​ទៅ​រក​ព្រឹក​ថ្ងៃស្អែកទៀត។ កំពុងតែអង្គុយសំរាកបន្ដិច​មិន​ទាន់​បាន​ទទួល​ទាន​បាយ​ផង ស្រាប់​តែ​លឺ​សូរ​សំលេង​លោក​ម្នាក់​ជាតិ​ខ្មែរ ធ្វើ​ការ​នៅ​ការិ​យា​ល័យ​លោក​ប្រតិភូ (Délégué) នៅកោះត្រឡាចនោះស្រែកសួរថា អាណា​ឈ្មោះ ប៊ុណ្ណ​ចន្ទ ម៉ុល​? មាន​ឈ្មោះ​ប៊ុណ្ណ​ចន្ទ ម៉ុល​នៅ​ទី​នេះ​ទេ​? ខ្ញុំឆ្លើទៅវិញថាៈ ខ្ញុំបាននេះហើយឈ្មោះ​ប៊ុណ្ណ​ចន្ទ ម៉ុល​។ ទើប​លាក​នោះ​ហៅ​ខ្ញុំ​អោយ​ដើរ​តាម​គាត់​បន្ដិច​ទៅ​ ហើយ​ក៏​ចង្អុល​ទិស​ខាង​កើត និយាយ​ប្រាប់​ខ្ញុំ​ថា ព្រឹក​ស្អែក​នៅពេលចេញពីគុក ឯងទៅរកខ្ញុំនៅផ្ទះលេខ១៨កុំ​ខាន​។ ខ្ញុំ​ឈ្មោះ​អង់​ដ្រេដក​ម៉ៃ អ្នក​បក​ប្រែ​ភាសា​ខ្មែរ​បារាំង​។ ខ្ញុំទទួលពាក្យគាត់ហើយគាត់ក៏ទៅផ្ទះគាត់ទៅ លុះដល់​ម៉ោង​៧​យប់ គេ​វាយ​រគាំង​បញ្ចូល​មនុស្ស​ទោស​ទាំង​អស់​ទៅ​ក្នុង​គុក​។ ល្ងាច​នេះ​ខ្ញុំ​ទទួល​ទាន​ដំណេក​មិន​បាន​សោះ ចេះ​តែ​នឹក​ដល់​ព្រឹកស្អែកដែលត្រូវរកអុសទ្វេឡើង សំរាប់​សង​គេ​ពី​មុន​ផង សំ​រាប់​ថ្ងៃ​ស្អែក​មួយ​ម៉ែត្រ​ផង តើ​ធ្វើ​យ៉ាង​ម៉េច​? រក​គិត​មិន​លេច​សោះ​។

ល្ងាចនោះខ្ញុំទន្ទឹងអោយភ្លឺឆាប់នឹងទៅរកលោកអង់ដ្រេដកម៉ៃ។ លុះព្រឹកឡើងម៉ោង៥ភ្លឺ ខ្ញុំក៏ចេញពីគុក​មក​ក្រៅ​ជា​មួយ​មនុស្ស​ទោស​ឯ​ទៀត ប៉ុន្ដែ​ពុំ​អាច​ទៅ​រក​លោក​នោះ​ភ្លាម​តាម​បំណង​របស់​គាត់បានឡើយ ខ្ញុំត្រូវរង់ចាំទាល់តែដល់ម៉ោង៦ ទើបហ៊ានដើរទៅរក​គាត់​ឯ​ផ្ទះ​លេខ​១៨​។ លុះ​ទៅ​ដល់​ឃើញ​លោក​នោះ​នៅ​ចាំខ្ញុំជាស្រេច។ នៅពេលជួបគ្នាលោកបានប្រាប់ខ្ញុំថា អោយ​ខ្ញុំ​ប្រ​យ័ត្ន​កុំ​អោយ​នរ​ណា​ដឹង​ចំពោះ​រឿង​ខ្ញុំ​និង​គាត់​អោយ​សោះ តែ​បែក​ការណ៍​ហើយ ខ្លួន​ខ្ញុំ​នឹង​ត្រូវ​គេ​វាយ​ដំ​ច្រំ​ធាក់ យកទៅដាក់គុកងងឹតឯចំណែកខ្លួនគាត់វិញ ក៏ត្រូវ​ផ្លាស់​២៤​ម៉ោង​។ នេះ​ជា​ច្បាប់​គុក​នៅ​កោះ​ត្រ​ឡាច ស្ដាប់​បាន​ទេ​? ខ្ញុំទទួល ពាក្យគាត់ហើយទើបគាត់ថា ឥឡូវ​បងប្អូនខ្ញុំផ្ញើ​គ្រឿង​ម្ហូប​កំប៉ុង​ផ្សេង​ៗ​មក មាន​កាពិ​ផាវ កាពិ​ឃិញ នំ​ផ្សេង​ៗ ជា​ច្រើន​កំប៉ុង​មក​អោយ​ព្រម​ទាំង​ប្រាក់​៦០០​រៀល​ផង​។ គាត់ថាខ្ញុំយករបស់ទាំងនោះទៅទុកមិនបានទេពី​ព្រោះ​ខ្ញុំ​នៅ​ក្នុង​គុក​។ ប៉ុន្ដែ​បើ​ចង់ ទទួល​ទាន​អ្វី​ៗ ត្រូវ​មក​យក​ពី​ផ្ទះ​គាត់​បន្ដិច​ៗ​ម្ដង​ៗទៅ។ ឯប្រាក់បើត្រូវការប៉ុន្មាន​មក​យក​ទៅ​ចុះ​! លឺ​ដូច្នេះ​ខ្ញុំ​មាន​សេច​ក្ដី​ត្រេអរ​ឥត​អុបមា រួច​បាន​សូម​យក​ប្រាក់​ពី​គាត់​ចំនួន​២០​រៀល ដោយ​មាន​សង្ឃឹមថា នឹង​បាន​ធូរ​ក្នុង​ការ​កាប់​អុស​ដោយ​សារ​ប្រាក់​នេះ​។

សូមជំរាបថា នៅកោះត្រឡាចអោយតែមានប្រាក់មួយរៀលអាចញ៉ាំងជីវិតអោយធូស្រាលបាន​មួយ​ថ្ងៃ ជា​ពិសេស​ក្នុង​ការ​កាប់​អុស​ដោយ​ជួល​គេ​អោយ​កាប់​អុស​ជួស​បាន​មួយ​ម៉ែត្រ​ដែរ ត្បិត​មាន​មនុស្ស​ទោស​ចាស់ៗ នៅរាប់ឆ្មាំមកហើយ ពូកែកាប់អុសណាស់ គេ​អោច​កាប់​៣ ឬ​៤ម៉ែត្រ​ក្នុង​មួយ​ថ្ងៃ​យ៉ាង​ធូរ​។ ចំណែកខ្ញុំកាប់១ម៉ែត្រក្នុង១ថ្ងៃបានយ៉ាងត្រដាបត្រដួស។ នៅ វេលា​ដែល​ខ្ញុំ​យក​ប្រាក់​ពី​លោក​ដក​ម៉ៃ​ ២០​រៀល​ទៅ​ខ្ញុំ​យក​១រៀល​ទៅ​ជួល​គេ​កាប់​ជួស​បាន​មួយ​ថ្ងៃ ហើយយកមួយរៀលទៀតទៅជូនកាប៉ូរ៉ាល់ដែលខ្ញុំខ្វះអុសគេពីថ្ងៃមុន។ ថ្ងៃ​ហ្នឹង​ខ្ញុំ​បាន​សំរាក​កំលាំង​មួយ​ថ្ងៃ បាន​ដើរ​ទៅ​សួរ​មិត្ដ​ភក្ដិ​ដែលឈឺនៅព្យាបាលរោគឯផ្ទះពេទ្យ ព្រមទាំងបានអោយ​ប្រាក់​៥​រៀល​ទុក​ទិញ​ថ្នាំ​ព្យា​បាល​រោគ​ផង​។ បនុស្ស​ទោស​ដែល​ពូ​កែ​កាប់​អុស​នៅ​ទី​នោះ មិន​សម​ជា​ពូកែ​សោះ​ត្បិត​ពួក​នោះជាអ្នកលេងល្បែងគ្រប់យ៉ាង មានបៀបារាំង ធូ​យូ​គី​ជា​ដើម ហើយ​ពុំ​សូវ​មាន​ពេល​ដេក​ផង ក្នុង​មួយ​យប់​វា​ដេក​បាន​តែ​ចំនួន​៣​ម៉ោង​ប៉ុណ្ណោះ វាច្រើនតែលេងល្បែង។

តាំងពីបានប្រាក់ ខ្ញុំមានពេលសំរាកបានដើរលេងទៅតាមភូមិតូចធំក្នុងកោះបានទៅស្គាល់មិត្ដខ្មែរម្នាក់ឈ្មោះ​ខាត់ នៅ​ខេត្ដ​តា​កែវ បារាំង​អោយ​ធ្វើ​កាប៉ូ​រ៉ាល់​ខាង​ដាំ​ដំឡូង​ អោយ​ត្រួត​មនុស្ស​ទោស​១៥​នាក់​។ ខ្ញុំ​នៅ​លេង​កន្លែង​នោះតាំងពីព្រឹករហូតដល់ល្ងាច ទើបដើរ​ទៅ​ចូល​គុក​ខាង​ផ្នែក​កាប់​អុស​នោះ​វិញ​។ ខ្ញុំ​បាន​អោយ​ប្រាក់​៥​រៀល ទៅ​កា​ប៉ូរ៉ាល់​កាប់​អុស​ដើម្បី​បាន​ឈប់​៥​ថ្ងៃ​ទៅ​ទៀត​។
សូមជំរាបថា គឺអាស្រ័យប្រាក់ដែលបងប្អូនផ្ញើមកពីស្រុកកាត់សមុទ្រ កាត់​ប្រ​ទេស​នោះ​ហើយ​ទើប​ខ្ញុំ​បាន​ធូរ​ខ្លួន​រំដោះ​ពី​ទុក្ខ​បាន​មួយ​គ្រា​ដ៏​ធំ​។

៩ -ការប្រដាល់នៅកោះត្រឡាច

ក្រោយពីឈប់កាប់អុសបាន១០ថ្ងៃ ដល់ថ្ងៃទី៨ ខែធ្នូ ១៩៤២ ខ្ញុំបានកាត់ទៅសួរសុខទុក្ខលោកភោគនីនៅកន្លែង​ឡ​ឥដ្ឋ​ធ្យូង ដែល​មាន​មិត្ដ​ភក្ដិ​៣-៤​នាក់​ធ្វើ​ការ​នៅ​នោះ​។ កំពុង​តែ​និយាយ​គ្នា​លែង​ពី​នេះ​ពី​នោះ ស្រាប់តែតំរួតជាតិខ្មែរម្នាក់ឈ្មោះស៊ុម នៅទីនោះបានមកឈរ​និយាយ​លេង​ជា​មួយ​ដែរ​។ គាត់​ថា គាត់​ស្គាល់​ពូជ​អំបូរ​ខ្ញុំ​ច្បាស់​នៅសង្កាត់ច្បារអំពៅខេត្ដកណ្ដាល គាត់ថាចាំមានឱកាសស្រួល គាត់​នឹង​សុំ​អោយ​ខ្ញុំ​ធ្វើ​ការ​នៅ​ឡ​ធ្យូង ជា​មួយ​តា​ភោគ នី​វិញ​ដើម្បី​អោយ​បាន​ជួប​ជុំ​គ្នា​។ ខ្ញុំ​ក៏​ថ្លែង​អំណរ​គុណចំពោះគាត់វិញ។ ក្រោយនោះ លោកភោគ នី​បាន​ជំរាប​ទៅ​លោក​ស៊ុម​នោះ​ថា ប្អូន​ប៊ុណ្ណ​ចន្ទ ម៉ុល ចេះ​ដាល់​ពូ​កែ​ចំណាប់។ លោកស៊ុមក៏សួរបញ្ជាក់ខ្ញុំវិញថា ចេះមែនរឬ? ខ្ញុំ​ក៏​ជំ​រាប​គាត់​វិញ​ថា ចេះ​ខ្លះ​ដែរ​តែ​ពុំ​ដែល​បាន​ប្រ​កួត​ប្រ​ជែង​នឹង​គេ​ឡើយ គ្រាន់​តែ​ធ្លាប់​បាន​ហាត់​កី​ឡា​ប្រដាល់ច្រើនមុខជាងកីឡាឯទៀតៗ។ គាត់សួរបញ្ជាក់ខ្ញុំទៀត​ថា ឯង​ចេះ​កីឡា​ច្រើន​មុខ​ផង​? ខ្ញុំ​ឆ្លើយ​ប្រាប់​គាត់​ថា ខ្ញុំចេះច្រើនមុខសឹងតែគ្រប់កីឡាទាំងអស់ ដែលនៅស្រុកខ្មែរគេ​និយម​រាប់​អាន​។ គាត់​ថា​ឥឡូវ​នេះ នៅ​កោះ​ត្រឡាច​គេ​កំពុង​រក​ជាតិ​ខ្មែរ​យើង​ម្នាក់​ទៅ​ប្រ​ដាល់​ជា​មួយ​ជាតិ​យួនម្នាក់ឈ្មោះអាបេ ធ្វើការនៅក្រុមសាធារ ណៈការ​កោះ​ត្រ​ឡាច​។ វា​ជា​អ្នក​បើក​បរ​រូឡូ​កិន​ថ្ម តាម​ផ្លូវ​ថ្នល់​នៅមាត់សមុទ្រ។ អាបេវាដាល់ឈ្នះខ្មែរយើងរាប់ចំនួន ៧ឆ្នាំកន្លងមកហើយ ឥត​នរ​ណា​ហ៊ាន​ដាល់​នឹង​វា​ទៀត​ទេ​។ ឥឡូវ​នេះ​ជិត​ចូល​ឆ្នាំ​បារាំង​ទៀត​ហើយ លឺ​សូរ​គេ​សួរ​រក​គូ​ប្រ​ដាល់​ អោយទៅប្រកួតនឹងអាបេទៀត តើឯងហ៊ានលេង​នឹង​វា​ទេ​? វា​ជា​មនុស្ស​ខ្លាំង​ហើយ​ពូកែ​រហ័ស​រហួន​ណាស់ ពួកខ្មែរយើងនៅកោះត្រឡាចខ្លាចវាទាំងអស់។ គ្រានោះ​ខ្ញុំ​នៅ​ស្ងៀម​ឥត​ឆ្លើយ​ថា​អ្វី​ឡើយ ចេះ​តែ​គិត​ពិចារ​ណា​ក្នុង​ចិត្ដ​ថា អា​បេ​អី​គេ​នោះ​មាឌ​ប៉ុន​ណា​ទៅ​? លោក​ក៏​បញ្ជាក់​ខ្ញុំ​ទៀត​ថាៈ ហ៊ានប៉ះនឹង​វា​ទេ? ខ្ញុំ​ក៏​ឆ្លើយ​ថាៈ បាទ​មិន​ទាន់​ហ៊ាន​ថា​ទេ​ ចាំ​ខ្ញុំ​បាទ​រក​មើល​រូបរាង​វា​អោយ​ច្បាស់​សិន បើល្មមតស៊ូបាន ខ្ញុំបាទនឹងជូនដំណឹងលោក​ក្នុង​រវាង​ពីរ​​ថ្ងៃទៀត​!​។

នៅពេលនោះខ្ញុំដូចជាអរបន្ដិចព្រួយបន្ដិច ដោយមកពីខ្លួនខ្ញុំមិនដែលចុះស្នាមម្ដងណាម្ដងណាសោះ​ផង មក​ពី​ល្បី​ថា អាបេ​នោះ​វា​ខ្លាំង​ណាស់ តែ​ដាល់​ត្រូវ​មួយ​ដៃ​មុខ​ជា​ក្អក​ធ្លាក់​ឈាម​ស្លាប់​មិន​ខាន ហើយបើទាត់ត្រូវមួយជើងវិញ ក៏តោងក្អកធ្លាក់ឈាមដូចគ្នា ឃើញ​ថា​គួរ​អោយ​ខ្លាច​វា​ដែរ ប៉ុន្ដែ​ត្រូវ​តែ​ប្រុង​ស្នៀត​ជា​និច្ច មិន​អោយ​វា​រំលោភរំលងលើបានទេ បើជាត្រូវស្លាប់វិញ ធ្វើ​ម៉េច​អាយុ​វា​ត្រូវ​អស់​ត្រឹម​នេះ​ឯង​។ ចិត្ដ​ខ្ញុំ​នៅ​អល់​ឯក​បែក​ជា​ពីរ​ជា​និច្ច មក​ពី​យួន​ និង​ខ្មែរ​ទាំង​អស់​វា​ខ្លាចអា បេដូចខ្លាទៅហើយ ឥតមាននរណាហ៊ានប្រកួត នឹង​វា​ឡើយ​។ ស្រាប់​តែ​ដល់​ពេល​នេះ ទើប​មាន​រូប​ខ្ញុំ​ម្នាក់​គត់​ដែល​ហ៊ាន​ចេញ​មុខ​សុំ​ប្រ​កួត​នឹង​វា។

តពីនោះបានតែ៣-៤ថ្ងៃ ដំណឹងនេះបានលឺសុសសាយពេញកោះត្រឡាចអ្នកទោសជាតិយួនៗខ្លះផ្អើលថា មាន​ជាតិ​ខ្មែរ​ម្នាក់ ទើប​តែ​មក​ដល់​ថ្មី​ៗ ហ៊ាន​ប្រ​កួត​នឹង​បង​បេ​យើង​ផង អា​នោះ​មុខ​ជា​ងាប់​ឆាប់​ហើយ បង​បេ​ដាក់តែមួយដៃមួយជើង វាប្រកាច់ស្លាប់ទៅហើយ។ គឺ​ជា​ទំលាប់​នៃ​ចិត្ដ​គំនិត​របស់​ជន​ជាតិ​យួន​ដូច្នេះ​ឯង បើ​ហ៊ាន​ៗ​ណាស់ លោតែខ្លាចវិញ តែមុខយើងក៏មិនហ៊ានងាកមើល​ចំ​ផង​។ នេះ​ជា​រឿង​ពិត​ដែល​ខ្ញុំ​បាន​ទៅ​រស់​នៅ​ជា​មួយ​ពួក​វា​ បាន​ដឹង​ស្គាល់​គំនិត​វា​សព្វ​គ្រប់​អស់​។ ដូចពាក្យបុរាណថា រស់ជាមួយចោរហារយដូច្នោះ ដឹង​រឿង​វា​ទាំង​អស់​។

ចំណែកអាបេវិញ វាត្រូវបានឈប់សំរាក ដើម្បីអោយហាត់បំរុងប្រកួតជាមួយខ្ញុំ ដូចជាខ្ញុំដែរ។ តាំង​ពី​នោះ​មក និយាយ​ពី​ពួក​បង​ប្អូន​ខ្មែរ​យើង​ជា​មនុស្ស​ទោស​ដូច​គ្នា បាន​នាំ​គ្នា​យក​ថ្នាំ​បៀម ថ្នាំ​ចង​កំភួន​ដៃ​មកអោយខ្ញុំ។ ឯលោកតាភោគ នី បានយករិសឈើម្យ៉ាងមក​អោយ​ខ្ញុំ​បៀម​ដែរ​។ ខ្ញុំ​ចេះ​តែ​ទទួល​ពី​មិត្ដ​ភក្ដិ​ដោយ​ចិត្ដ​រំភើប​រីករាយដើម្បីកុំអោយមិនត្ដខ្ញុំទាំងនោះខូចចិត្ដ។ ថ្ងៃ​ខែ​ចេះ​តែ​កន្លង​ទៅ ថ្ងៃ​ទី​ ១​មករា​១៩៤៣ បាន​មក​ដល់ ការ​ប្រ​កួត​គ្នា​ក៏​ចាប់​ប្រ​ព្រឹត្ដ​ឡើង​នៅ​ក្នុង​រោង​ល្ខោន​មួយ​ដែល​គេបានចាត់ចែងឡើងដោយឆាកល្ខោនធ្វើជាទីប្រកួត​។ ចំណែក​អ្នក​មើល​មាន​ជាតិ​បារាំង យួន ខ្មែរ​ជា​ស៊ី​វិល​ស្ទើរ​តែ​ទាំង​អស់ បានមកទស្សនាជាមួយមនុស្សទោសរាប់ពាន់​នាក់​កក​កុញ​ពាស​ពេញ​រោង​ល្ខោន​រហូត​ដល់​រហែក​ជញ្ជាំង​ស្លឹក​អស់​រលីង​ទៅ​ទៀត​។ យប់​នោះ​មាន​គូ​ប្រដាល់៥គូ គឺក្នុងមួយគូ មានយួនម្នាក់ ខ្មែរម្នាក់ គ្រប់​គូ​ទាំង​អស់​។ គូ​ទី​មួយ​ខ្មែរ​ចាញ់​យួន​។ គូ​ទី​២​ស្មើ​គ្នា គូ​ទី​បី​ខ្មែរ​ចាញ់​យួន គូ​ទី​បួនខ្មែរឈ្នះយួន។ ឯគូរទី៥ គឺអាបេ និងខ្ញុំនេះឯង។ មុនចូលទៅ​ប្រ​កួត​ខ្ញុំ​នឹក​បន់​ស្រន់​ដល់​គុណ​បុណ្យ ដែល​ខ្ញុំ​បាន​ធ្វើ​គ្រប់​បែប​យ៉ាង ព្រម​ទាំង​គុណ​មាតា​បិតា​សូម​អោយ​ជួយខ្ញុំ អោយបានឈ្នះគូប្រកួត ដើម្បីលើកតំកើង កេរ្ដិ៍​ឈ្មោះ​ជាតិ​ខ្មែរ​យើង​នៅ​កោះ​ត្រ​ឡាច​។ នៅ​ពេល​នោះ​ខ្ញុំ​នឹក​សង្ឃឹម​ច្រើន​ ដោយឃើញអាបេ វាឡើងមកលើរានប្រយុទ្ធ​វា​បញ្ចេញ​ស្នៀត​ប្រ​យុទ្ធ​របៀប​បុរាណ ដែល​យួន​ហៅ​ថា «យ៉​ស៊ី» ជា​ស្នៀត​ចិន​ប៉ា​ហ៊ី​។ ខ្ញុំ​នឹក​ក្នុង​ចិត្ដ​ថា​បើ​វា​ប្រើ​ស្នៀត​នេះ ជា​មួយ​ខ្ញុំ ខ្ញុំ​មុខ​ជា​ឈ្នះ​វា​ពិត​ប្រាកដ​។

លុះដល់ម៉ោង អាជ្ញាកណ្ដាលក៏តាំងវាយរគាំងម៉ូងៗ ខ្ញូំនិងអាបេក៏បានក្រោកឡើងដើរចូររកគ្នា។ ពេល​នោះ​អាបេ​វា​ចេញ​ស្នៀត​បុរាណ វា​តាំង​ដាល់​ខ្ញុំ​មុន តែ​ខុស​ដោយ​ខ្ញុំ​គេច​ផុត វា​បែរ​មក​រក​ខ្ញុំ​ម្ដង​ទៀត វាដាល់ថែមមួយដៃទៀត ខ្ញុំគេចខុសទៀត។ ដល់លើទីបី វាលុក​ចូល​មក​បំរុង​ដាល់​ចំ​មុខ​ខ្ញុំ​ទៀត ខ្ញុំ​គេច​មុខ​ផុត​ទៅ​ទៀត ទើប​ខ្ញុំ​ប្រ​ញាប់​ដាល់​សង​មួយដៃស្ដាំចំមុខវាវិញ ដែលវាកាត់មិនទាន់ ហើយ​ខ្ញុំ​ដាក់​មួយ​ដៃ​ស្ដាំ​ភ្លាម​ៗ​ទៅ​ទៀត ត្រូវ​ចំ​ក្រោម​ចង្កា​វា ហើយ​ក្បាល​ជង្គង់​ខ្ញុំ​ក៏​បុក​បណ្ដោយ​ភ្លាម​ទៅ​ទៀត ត្រូវត្រង់ពោះបាយវា ហើយខ្ញុំប្រញាប់លោតថយ​ក្រោយ​វិញ​ភ្លាម ឯ​វា​ក៏​រលំ​ដួល​គ្រាំង​ក្រាប​ស្រ​ប៉ាប​នឹង​ក្ដារ​រាន​ប្រដាល់តែម្ដង។ ចំណែកអាជ្ញាកណ្ដាលក៏រាប់ ១-២ដល់៧ ថា​អោយ​ខំ​ក្រោក​ឡើង តែ​វា​បាន​លើក​ដៃ​ទាំង​ពីរ​សុំ​ញ៉ម​តែ​ម្ដង ដោយ​ហេតុ​ថា​វា​នៅ​ងោង​ស្រវាំង​មិន​ទាន់​ស្វាង​នៅ​ឡើយទើបវាសុំចាញ់ក្នុងទឹកដំបូងតែម្ដង។

នៅពេលនោះក្រុមខ្មែរបារាំងយួន ស្រែកហ៊ោយ៉ាងខ្លាំងធ្វើអោយព្រឺក្បាល ណាមួយភ័យថែមទៀត។ រំ​ពេច​នោះ​មាន​មេ​តំរួត​គិញ​ម្នាក់​ជាតិ​បារាំង​ឈ្មោះ​ទូស​ទូ បាន​ឡើង​លើ​រាន​ប្រយុទ្ធ​ហើយ​អង្អែល​ស្មា​ខ្ញុំ ព្រមទាំងសួរឈ្មោះ និងលេខប្រចាំខ្លួន ខ្ញុំសព្វគ្រប់កត់ចុះក្នុង​កូន​សៀវ​ភៅ​មួយ រួច​ញញឹម​រក​ខ្ញុំ​ហើយ​ក៏​ចេញ​ទៅ​បាត់​ទៅ​។ ចំណែកមេតំរួតបារាំងខ្លះដែលបានមកទស្សនា បានអោយ​ប្រាក់​ខ្ញុំ ខ្លះ​៥​រៀល ខ្លះ​១០​រៀល រួម​ទាំង​អស់​បាន​ចំនួន​៥០​រៀល​។ ឯ​មនុស្ស​ទោស​ខ្មែរ​រាប់​រយ​នាក់​បាន​មក​អោប​រិត​ខ្ញុំ នឹង​រក​តែ​ផ្លូវ​ចេញមិនរួច។ មានខ្លះបានស្រែកថា នេះចំ​ជា​ខ្មែរ​ដៃ​ឆើត​មែន​ អាច​បំបាក់​អាបេ​បាន​។ ជយោ! ​ខ្មែរ​។

និយាយពីលោកស៊ុម អរណាស់គាត់បានទៅសុំអនុញ្ញាតពីមេតំរួតបារាំងខាងគុកកាប់អុសអោយខ្ញុំ​បាន​ទៅ​ដេក​នៅ​ក្រៅ​គុក​មួយ​យប់​។ ខ្ញុំ​ក៏​បាន​មក​នៅ​កន្លែង​ឡ​អិដ្ឋ​ជា​មួយ​គាត់ យប់​នោះ​គាត់​បាន​អោយពួកបោយគាត់ កាប់មាន់បបរទទួលទាន ដោយ មានស្រាថ្នាំរបស់​គាត់​អែប​ជា​មួយ​ទៀត មាន​មនុស្ស​ទោស​ជា​ច្រើន​បាន​រួម​ទទួល​ទាន​បបរជាមួយគ្នា។ យប់នោះខ្ញុំបានសប្បា យជា​មួយ​គេ​ឯង​រហូត​ម៉ោង​៣​ទៀប​ភ្លឺ ទើប​បាន​សំរាក​ទទួល​ទាន​ដំណេក​។

លុះព្រឹកឡើង ខ្ញុំបានលាលោកស៊ុមកាត់ទៅលេង នឹងកាប៉ូរ៉ាល់ខាត់ ឯចំការដំឡូង។ គ្រាន់តែ​ក្រ​លេក​ឃើញ​ខ្ញុំ​ទៅ​ដល់​ភ្លាម បង​ខាត់​ស្ទុះ​មក​អោប​ខ្ញុំ​ហើយ​ពោល​ថា បង​មិន​បាន​ដឹង​ថា​ប្អូន​ឯង​ចេះ​ដាល់​សោះ ទើបតែយប់នោះ បងទៅមើលនឹងគេដែរ ដំបូងពួកយួនវាទាយ​ថា ប្អូន​ឯង​ស៊ូ​នឹង​អាបេ​មិន​បាន​មួយ​ទឹក​ទេ មុខ​ជា​ក្អួត​ឈាម​ស្លាប់​ហើយ​។ ដល់សំរេចសំរួចទៅមានឯណា? ប្អូនឯងដាក់វាដួល​ទាល់​តែ​ក្រោក​មិន​រួច ស្រាប់​តែ​ពួក​អាយួន​ទាំង​អស់​បាត់​មាត់​ឈឹង​ដូច​គេ​ចុក​តែ​ម្ដង​។ ឥលូវ​នេះ​ប្អូន​ឯង​​ល្បីឈ្មោះហើយនៅលើកោះនេះ ពីព្រោះតាំងពី​៧​ឆ្នាំ​កន្លង​មក​ហើយ គ្មាន​ជាតិ​ខ្មែរ​ណា​ម្នាក់​បំបាក់​អា​បេ​បាន​ទេ វាឈរ​ឈ្មោះ​ជា​ជើង​ឯក​រហូត​មក​។

នៅថ្ងៃនោះ បងខាត់ព្រមទាំងសហការីរបស់គាត់ខាងដាំដំឡូងបាននាំគ្នាចាប់មាន់ទាធ្វើម្ហូបយ៉ាងច្រើនជប់លៀង​ខ្ញុំ​ជា​កិត្តិ​យស ដល់​ជ័យ​ជំនះ​របស់​ជាតិ​ខ្មែរ​នៅ​កោះ​ត្រ​ឡាច​។ ខ្ញុំ​ក៏​មាន​ចិត្ដ​សប្បាយ​រីក​រាយ​ក្រៃលែងរកកល់ភ្លេចខ្លួនថាជាមនុស្សទោសទៅទៀត ដោយ​ហេតុ​អ្នក​ដែល​ទៅ​រួម​ប្រជុំ​ទទួល​ទាន​ជា​មួយ​គ្នា​នោះ សូម្បី​តែ​ជាតិ​យួន​ក៏​នាំ​គ្នា​និយាយតែពីជ័យជំនះរបស់ខ្ញុំដែរ ព្រមទាំងសរសើរពី​ស្នៀត​ប្រ​ដាល់​របស់​ខ្ញុំ​ថា វិសេស​វិសាល​ណាស់ ដែល​គេ​មិន​ធ្លាប់​បាន​ឃើញ​ដូច្នេះ​ដល់​ម្ដង​ណា​សោះ​។ ខ្ញុមកនៅលេងជាមួយមិត្ដទាំងនេះរហូតដល់ពេល​ល្ងាច ទើប​ត្រ​លប់ទៅ​ចូល​គុក​ខាង​កាប់​អុស​វិញ​។ នៅ​ឆ្នាំ​១៩៤២ដែល​ខ្ញុំ​បាន​ទៅដល់កោះត្រឡាច ខ្ញុំបានដំណឹងថា មនុស្សទោស​នៅ​ក្នុង​ឆ្នាំ​នោះ មាន​ជាង​៦០០០​នាក់ ចំណែក​ឯ​អ្នក​រដ្ឋ​ការ​ជាតិ​បារាំង យួន ខ្មែរជាទាហានវិញមានចំនួន៥០០នាក់យ៉ាងច្រើន។

ព្រឹកឡើងទៀត មានតំរួតម្នាក់កាន់សំបុត្រពីក្រសួងសំងាត់ មកកោះហៅខ្ញុំអោយចូលខ្លួនទៅ។ ខ្ញុំក៏ដើរតាមតំរួត​នោះ​ទៅ​កាន់​ទី​ចាត់​ការ​នៃ​ក្រ​សួង​សំងាត់​នោះ កាល​ចូល​ទៅ​ដល់​លោក​ទូស​ទូ ជា​ចាង​ហ្វាង​មិន​នៅ​ទេ​។ លុះចាំបន្ដិចទើបឃើញលោកមកដល់ លោក​ញញឹម​មក​កាន់​ខ្ញុំ​សួរ​ថា ឯង​ចង់​មក​នៅ​ក្រសួង​សំងាត់​ទេ​? ខ្ញុំ​ឆ្លើយ​ជំរាប​លោកថា តាមតែលោកមេត្ដាអោយខ្ញុំបាទធ្វើ​អ្វី​ក៏​ខ្ញុំ​បាទ​ធ្វើ​ដែរ​! លោក​ងក់​ក្បាល​ញញឹម ហើយ​ឡើង​ទៅ​ឯ​មន្ទីរ​ចាត់​ការ​បាត់​ទៅ​។ លុះ​លោក​ត្រលប់​មក​វិញ ក៏អោយមនុស្សម្នាក់នាំខ្ញុំទៅកាន់កន្លែងធ្វើការនៅក្រសួង​សំងាត់​នោះ​ទៅ​។ ទី​នោះ​មិន​មែន​ជា​គុក​ទេ គឺ​ជា​កន្លែង​ដែល​មាន​ សង់​ផ្ទះ​តូច​ៗ ជា​ច្រើន​។ ខ្ញុំនឹកឃើញពាក្យដែលមិត្ដខ្ញុំគេនិយាយប្រាប់ពីដំបូងនោះ ជីវ​ភាព​ខ្ញុំ​ត្រូវ​ចូល​មក​ជា​ក្រុម​សំងាត់ ហើយ​គេ​អោយ​មនុស្ស​ទោស​នៅ​តាម​សេច​ក្ដី​ស្ម័គ្រ គឺ​នៅម្នាក់ឯងក៏បាន ពីរនាក់ក៏បានតាម​ការ​ស្រុះ​ស្រួល​គ្នាឯង​ចុះ​។ ដាំ​ល្ល តាម​ចិត្ដ​រៀង​ៗ​ខ្លួន​មាន​របស់​ទទួល​ទាន​គ្រប់​គ្រាន់ មិនសូវខ្វះខាតឡើយ។ ឯមុខងារធ្វើគឺរក្សា​មនុស្ស​ទោស​កុំ​អោយ​រត់​ពី​កោះ​ត្រឡាច​ទៅ​ស្រុក​វិញ​បាន​។ ប៉ុន្ដែ​បើ​មាន​មនុស្ស​ទោស​រត់​បាត់​ឬ​យ៉ាង​ណា ក្រុម​សំងាត់​ត្រូវ​ទទួលរុករកតាមដានអោយទាល់តែឃើញវិញ​។ បើ​ប្រ​សិន​ជា​រក​មិន​ឃើញ ត្រូវ​ចៅ​ហ្វាយ​នាយ​ជេ​ស្ដី​បន្ទោស​យ៉ាង​ខ្លាំង​ដៃ​។

និយាយពីមនុស្សទោសនៅលើកោះនោះតាំងពីដើមមកទល់ពេលដែលខ្ញុំទៅដល់ មានលបធ្វើក្បួនដោយ​ឈើ​គឺ​ដើម​គរ ស្ពង់​រិស្សី​ជា​ដើម ហើយ​នាំ​គ្នា​រត់​នៅ​ម៉ោង​១៥​ល្ងាច នារ​ដូវ​ចូល​ឆ្នាំ​ចិន ដោយ​ហេតុ​នៅ​ពេល​នោះ​ត្រូវ​ខ្យល់បក់បោកនៅដីគោកឥណ្ឌូចិន ចំជ្រោយ​កា​ម៉ៅ​តែ​ម្ដង​។ បើ​រត់​ខុស​ខែ​មិន​ចំ​លើ​រដូវ​ចូល​ឆ្នាំ​ចិន​ទេ ក្បូននឹងរសាត់តាមខ្យល់ទៅឯស្រុកសៀម ឬទៅឯហ្វីលពីនទៅ​វិញ នាំ​អោយ​យូរ​ពេល​វេលា​ហើយ​អស់​ទឹក​អស់​អាហារ​នឹង​បណ្ដាល​អោយ​ស្លាប់​ទាំង​អស់​គ្នា​លើ​ក្បូន​ក៏​មាន​។ ជួនណាប្រទះលើកប៉ាល់សមុទ្រ វាស្រង់​យក​ទៅ​អោយ​បារាំង​វិញ​ក៏​មាន​។

នៅអោកាសដែលខ្ញុំទៅដល់ មនុស្សទោសបែកប្រាជ្ញាធ្វើទូកដោយសំពត់ខោអាវដែលរដ្ឋការបើកអោយ​។ ខ្ញុំ​សូម​អធិ​ប្បាយ រឿង​នេះ​ជូន​បន្ដិច​។ កាល​ពី​ឆ្នាំ​១៩៣៥ មនុស្ស​ទោស​ដែល​រត់​តោង​ធ្វើ​ទូកដោយក្ដារលាបជ័រម្រ័ក្ស ដូចជាទូកយើងធម្មតា។ ដល់ឆ្នាំ១៩៤០ ពួក​អ្នក​ទោស​ន​យោ​បាយ​មាន​ចំណេះ​វិជ្ជា​ជ្រៅ​ជ្រះ​បាន​នាំ​គ្នា​ធ្វើ​ទូក​តាម​វិទ្យា​សាស្រ្ដ គឺគេយកសំពត់ខោអាវដែលរដ្ឋការបើក​អោយ ប្រ​មូល​ចូល​គ្នា​បាន​៤-​៥​នាក់ ហើយ​ទិញ​ខោ​អាវ​ក្រៅ​ថែម​ពីរ​សំរាប់​ទៀត​គ្រប់​គ្រាន់​ហើយ គេ​យក​ខោអាវនោះទៅកាត់រួចដេរប៉ះភ្ជាប់អោយស្អាត​ត្រឹម​ត្រូវ​ហើយ គេ​យក​ផ្ដៅ​ដំបង​៤-​៥​ដើម​កាត់​ប្រ​វែង​៣​ម៉ែត្រ​ហើយ​ចង​ផ្អោប​គ្នា ខាងចុង និងខាងដើម គេយកឈើទល់កណ្ដាល​អោយ​ប៉ោង​ឡើង​ដូច​ជា​រាង​ទូក​ធម្ម​តា ទើប​គេ​យក​សំពត់​ពាស​ពី​ខាង​ក្រៅ​រាង​ផ្ដៅ​ដំបងនោះដោយចងអោយជាប់មាំ ហើយគេយកជ័រម្រ័ក្សលាបខាងក្នុង និង​ខាង​ក្រៅ​អោយ​សព្វ​។ គេ​កាប់​រិស្សី​៧-​៨​ដើម​ប្រ​វែង​៦- ៧​ម៉ែត្រ​ដោយ​រើស​យក​តែ​រិស្សីដើមត្រង់ៗ យកទៅចងផ្អោបនឹងតួទូក​ទាំង​សង​ខាង​អោយ​ត្រឹម​ស្មើ​នឹង​ក្បាល​ទូក ហើយ​ទុក​អោយ​សល់​វែង​នៅខាងចុង គឺខាងកន្សៃទូក សំរាប់ទប់ទល់នឹង​រលក​កុំអោយបក់មកត្រូវខ្លាំងពេក ព្រម​ទាំង​កុំ​អោ យ​ឃ្លោង​ផង​។ គេ​យក​ដើម​រិស្សី​ពីរ​ណាត់​ទំហំ​ប៉ុន​ក​ដៃ ធ្វើ​ដង​ក្ដោង និងយកជួយធ្វើស្លាបក្ដោង។ ទូកនេះ​ចំណុះ​បាន​តែ​៤-​៥នាក់​យ៉ាង​ច្រើន​។ ឯ​ស្បៀង​អាហារ​គេ​ធ្វើ​នំ​អន្សម​សំរាប់​ទទួល​ទាន​បាន​ពីរ​ថ្ងៃប៉ុណ្ណោះ។ ជួនណាយកបាយទៅហាលបំរុងទុកដែរ​។ ឯ​ទឹក​សាប​គេ​ដាក់​ក្នុង​ប៉ោត​ប្រេង​កាត​ដោយ​ផ្សារ​មាត់​អោយ​ជិត​ខ្លាច​ក្រ​លក​កំពប់​អស់ គេ​ចោះ​តែ​រន្ធ​តូចមួយរួចស៊ក រិស្សីពកទៅ​ក្នុង​នោះ សំរាប់​បឺត​បន្ដិច​ម្នាក់​ៗ​នៅ​ពេល​ត្រូវ​ការ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត ខ្លាច​ក្រែង​ខ្យស់​បក់​មិន​ស្រួល មិន​ដល់​ត្រើយ​ក្នុង​រវាង​ពីរ​ថ្ងៃ នាំអោយមានគ្រោះថ្នាក់ដល់ជីវិត។ នៅ​ពេល​ដែល​បាន​ចេញ​ផុត​ពី​ច្រាំង​ចំនួន​១០​ម៉ោង​ហើយ បើ​ទុក​ជា​យក​កាណូត​យ៉ាង​លឿន​ទៅដេញតាមក៏មិនទាន់ដែរ ត្បិតទូក​នោះ​លឿន​ណាស់​តាម​រលក​ធំៗ​ប៉ុន​ភ្នំ​ដែល​បោក​បក់​ជូន​ត​ៗ​ទៅ​។ ឯ​រដូវ​ដែល​រត់​បាន​គឺ​ខែ​ទី​១ និង​ខែ​ទី​២ តែដល់ខែទី៣ គេមិនហ៊ានរត់ទេក្រែងរត់មិនរួចដោយ​ខ្យល់​បក់​វិល​វល់​ចុះ​ឡើង​មិន​ទៀង​ទាត់​។ ក្នុង​ការ​រត់​នេះ​គេ​ប្រ​យ័ត្ន​បំផុត​មិនអោយដឹងដល់គ្នាច្រើនខ្លាចបែកការណ៍។ កាល​ជំនាន់​ឆ្នាំ​១៩៣០ គេ​រត់​ដោយ​ក្បូន​ដែល​លប​លាក់​ធ្វើ​ដោយ​ឈើ ឬ​ដោយ​រិស្សី​ទុក​បំរុង​លើ​ភ្នំ លុះ​ដល់​ពេលរត់ទើបសែងមកទឹកតែម្ដង។ ប៉ុន្ដែ​ការ​ធ្វើ ក្បូន​ត្រូវ​ប្រើ​ពេល​យូរ​ថ្ងៃ​ទើប​ហើយ ជា​ហេតុ​នាំ​អោយ​បែក​ការណ៍​ដឹង​ដល់​ពួក​រើ​សៀក(Recherche)។

នៅកោះត្រឡាចក្រុមសំងាត់មានការប្រុងប្រយ័ត្នខ្លាំងណាស់ គឺយាមទាំងយប់ទាំងថ្ងៃនៅដើមឆ្នាំចាប់ពីខែ​មករា​ទៅ​ដល់​ខែ​មិនា ត្បិត​ជា​រដូវ​ដែល​មាន​ខ្យល់​ល្អ​សំរាប់​អោយ​មនុស្ស​ទោស​អាច​រត់​បាន។ ក្រៅពីរដូវនេះអ្នកទោសមិនហ៊ានរត់ទេ។ បើគេដឹងថាមនុស្ស​ទោស​រត់​ហើយ​គេ​អោយ​ដំណឹង​ទៅ​ក្រុម​សំងាត់​ភ្លាម​ដើម្បី​អោយ​ស៊ើប​រុក​រក​ចាប់ បើរកចាប់មិនបានទេត្រូវទទួលទោស​យ៉ាង​ធ្ងន់​ដល់​ក្រុម​សំងាត់​ត្រង់​បរិ​វេណ​ដែល​ខ្លួន​ត្រូវ​យាម​ថែ​រក្សា​។ ឯ​ក្រុម​សំងាត់​ដែល​មាន​ទោស​នេះ​ត្រូវ​បញ្ជូនទៅដាក់គុកងងឹតចំនួន២០ថ្ងៃយ៉ាងតិច។ ផុតពីនេះ​ត្រូវ​បញ្ជូន​ទៅ​ក្នុង​គុក​ធម្មតា​ទៀត​ជា​ហេតុ​នាំ​អោយ​មនុស្ស​ទោស​ឯ​ទៀត​ស្អប់​ខឹងនឹងខ្លួនថែមទៀត ដោយដឹងថា ខ្លួនជាក្រុម​សំងាត់ ហើយ​បាន​ធ្វើ​ទុក្ខ​ធ្វើ​បាប​មិន​អោយ​សុខ គឺ​គេ​ប្រើ​អោយ​ថែ​រក្សា​បង្គន់ បង្ខំ​អោយ​អាស្រ័យ​លាមក​ដែល​ជា​ទារុណកម្មយ៉ាងព្រៃផ្សៃ។ ជួនណាគេវាយទល់តែសន្លប់ រឺ​ស្លាប់​ក៏​មាន​ គឺ​គេ​សំគាល់​ថា​ខ្លួន​ជា​សត្រូវ​របស់​គេ នាំ​អោយ​គេ​ពិបាក​រត់ ហើយនិងសំគាល់ថា ខ្លួនជាអ្នកយក​ការ​ពី​គេ​អោយ​រដ្ឋ​ការ​។ ម្ល៉ោះ​ហើយ​ពួក​គិញ​ទាំង​អស់​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ខ្លួន​ជា​ទី​បំផុត​ខ្លាច​ក្រែង​មាន​គ្រោះ​ថ្នាក់ដល់ខ្លួន។ បើប្រសិនជាមានរឿងចូលទៅ ក្នុងគុកជា​មួយ​មនុស្ស​ទោស​ឯ​ទៀត​នោះ​កម្រ​នឹង​បាន​វិល​មក​វិញ​ណាស់​។

ចំណែករបៀបរត់តាមបែបថ្មីនោះ មិនសូវដែលបែកការណ៍ដល់ពួកគិញទេ ត្បិតគេបានប្រុងប្រៀបឧបករណ៍​សំរាប់​ធ្វើ​ទូក​ជា​មុន​ស្រេច ទើប​គេ​ធ្វើ​ដូច​បាន​អធិប្បាយ​ខាង​លើ​។ លុះ​គេ​ធ្វើ​ក៏​ឆាប់​ហើយ ចំនួន​ប្រ​ហែល​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក៏នាំគ្នារត់តែម្ដង ហើយ​ពួក​គិញ​ក៏​ពិបាក​រក​ដោយ​គ្មាន​ដាន​ថា​រត់​ផង គឺ​គ្រាន់​តែ​ស្មាន​ថា ប្រហែលជារត់ហើយនៅវេលាដែលបាត់ខ្លួន។ តាមក្រុមសំងាត់និយាយ​ប្រាប់​ខ្ញុំ​ថា ទើប​តែ​ប្រ​ហែល​មួយ​ខែ​មុន​ខ្ញុំ​ទៅ​ដល់​ទេ ដែល​រដ្ឋ​ការ​គេ​អោយ​សង់​ផ្ទះ​តូច​ៗ រាយ​គ្នា​តាម​មាត់​សមុទ្រចំងាយ២-៣គីឡូម៉ែត្រពីគ្នាជុំវិញកោះ ការ​ពារ​កុំ​អោយ​មនុស្ស​ទោស​រត់​រួច​ដូច​មុន​ៗ​ទៀត​បាន​។

=====កំណត់សម្គាល់=====

(1) ពាក្យ​លោក​ធំ​នេះ​ជា​ពាក្យ​សំរាប់​អ្នក​ដំណាង​ធំ​ជាង​គេ ទោះ​បារាំង​ក្ដី ខ្មែរ​ក្ដី​។ ប៉ុន្ដែ​ក្នុង​ទី​នេះ​​ហៅ​​សំ​​ដៅ​​ទៅ​លោក Délégué ជាតិ​បារាំង​ធំ​ជាង​គេ​នៅ​កោះ​ត្រ​ឡាច​

========================================================

១០ -ជីវភាពនៅតំបន់ដិកយុក

នៅកន្លែសំងាត់បានចំនួន២០ថ្ងៃ លោកទូសទូមកហៅខ្ញុំអោយទៅធ្វើការកន្លែងមួយផ្សែងទៀតឈ្មោះ Guérêt យួនហៅថា ដិក​យុក ជា​កន្លែង​ដាំ​ដំ​ណាំ​គ្រប់​យ៉ាង ដូច​ជា​ដូង អំ​ពៅ សា​លាត់ ខាត់​ណា ជីរគ្រប់មុខ ម្នាស់ ក្រូចឆ្មារ៘ កន្លែងនោះ នៅលើខ្នងភ្នំឆ្ងាយពីទី​ក្រុង​​ប្រ​​ហែល​​​១២ ១៣​គឺ​ឡូ​ម៉ែត្រ បើ​ឡើង​ពី​ជើង​ភ្នំ​ក្រោម​ទៅ​ដល់​លើកំពូលភ្នំតាមផ្លូវលំ ដែលមានចំងាយ៣គីឡូម៉ែត្រនោះ ត្រូវដើរ​នោះ​ប្រ​ហែល​៣​គីឡូ​ម៉ែត្រ​ទៀត ទើប​ដល់​កន្លែង​ដាំ​ដំណាំ​។ នៅ​ទី​នោះ​ឥត​មាន​ជន​ស៊ី​វិល​ម្នាក់​ទេ គឺមានសុទ្ធតែមនុស្សទោសចំនួន៣០ នាក់ជា​អ្នក​ដាំ​ចំការ​។ លោក​​ទូស​ទូ​បាន​តំរូវ​អោយ​ខ្ញុំ​ធ្វើ​កា​ប៉ូ​រ៉ាល់​ត្រួត​ត្រា​មនុស្ស​ទោស​ទាំង​អស់​នៅទីនោះ។ កន្លែងនោះមានទេសភាពល្អណាស់ ប៉ុន្ដែពុំ​មែន​ជា​កន្លែង​​ស្រួល​ទេ គឺ​កន្លែង​ចាញ់​ផង ប្រ​កប​ដោយ​គ្រោះ​ថ្នាក់​ដោយ​មនុស្ស​គ្នា​ឯង​ផង ដែលសុទ្ធតែជាអ្នកទោសធ្ងន់ និងទោសអស់​ជីវិត ដែល​ពី​​ដើម​ច្រើន​តែ​ជា​អ្នក​​ប្រ​ព្រិត្ដ​ចោរ​កម្ម​កាប់​សំលាប់​កាច​សា​ហាវ​ឃោរ​ឃៅ​។ ខ្ញុំ​បាន​ប្រែ​ជីវ​ភាព​ពីក្រុមសំងាត់មកជាអ្នកមើលការខុសត្រូវ ​Capo​ral លើ​ពួក​នេះ​វិញ​ម្ដង​។

លុះព្រឹកស្អែកប្រហែលម៉ោង៨ លោកទូសទូបាននាំខ្ញុំ និងឈ្មោះហ ធ្វើដំណើរដោយជើងរហូតទៅដល់ភ្នំ ហើយ​ឡើង​ភ្នំ​ទៅ​ទើប​ទៅ​ដល់​ផ្ទះ​កា​ប៉ូ​រ៉ាល់​ដែល​ត្រួត​ចំការ​។ លុះ​បាន​អោយ​វាយ​រគាំង​ និង​ហៅ​មនុស្ស​ទោស​ទាំងអស់មកជួបជុំហើយ លោកទូសទូក៏បាននិយាយ​ប្រាប់​ក្រុម​នោះ​ថា លោក​បាន​ចាត់​ឈ្មោះ​ប៊ុណ្ណ​ចន្ទ ម៉ុល អោយ​មក​ធ្វើ​កា​ប៉ូរ៉ាល់នៅទីនេះ ដើម្បីអោយចំរើនកិច្ចការខាងដំណាំ អ្នក​ទាំង​អស់​ត្រូវ​ខំ​ធ្វើ​ការ​ក្រោម​បង្គាប់​កាប៉ូ​រ៉ាល់​ថ្មី​នេះ​អោយ​ម៉ត់​ចត់​។ ល្គឹក​ណា​បើ​ឈ្មោះ​ប៊ុណ្ណចន្ទ ម៉ុល ប្ដឹងគាត់ថា ឈ្មោះណាមួយរឹងទទឹងមិន​ស្ដាប់​បង្គាប់​​ទេ គាត់​​នឹង​ចាប់​អ្នក​នោះ​ទៅ​បញ្ចូល​គុក​ភ្លាម​! ហើយ​គាត់​សួរ​ថា​ ស្ដាប់​បាន​ទាំង​អស់គ្នាហើយ? ក្រុមនោះឆ្លើយថាស្ដាប់បាន​ហើយ​! រួច​ពី​នោះ​គាត់​ក៏​ត្រលប់​ទៅ​វិញ ខ្ញុំ​បា​ជូន​ដំណើរ​គាត់​រហូត​ដល់​ជើង​ភ្នំ​ទើប​គាត់​លា​ខ្ញុំ​ទៅ លោក​ទូស​ទូ​មានមាឌធំដំបង មុខលោកសំបើម​គួរ​អោយ​មនុស្សទោស​​គ្រប់​គ្នា​ខ្លាច​ណាស់​។​

ឯក្រុមនោះក៏បានរៀបបាយទឹកទទួលខ្ញុំដែលជាកាប៉ូរ៉ាល់ថ្មី ដោយម្ហូបចំណីយ៉ាងសំបូរព្រោះកន្លែងនោះសំបូរគ្រឿង​ក្លែម​ស្រាប់​ផង ហើយ​​មាន​មនុស្ស​ទៅ​បំរើ​ដាំ​ស្ល​ជាប់​ពី​កាប៉ូ​រ៉ាល់​មុន​មក​ផង​។ ផ្ទះ​ដែល​នៅ​នោះ​ជា​របៀបផ្ទះតៀមទទឹង៨ម៉ែត្រ បណ្ដោយ១២​ម៉ែត្រ​មាន​​ពីរ​បន្ទាប់ ប្រក់​ស្បូវ​ជញ្ជាំង​ស្បូវ តែ​ទ្វារ​ពី​មុខ​ធ្វើ​ពី​ក្ដារ​ស្រ​ឡៅ​យ៉ាង​ស្អាត​។ ផ្ទះបាយដោយខ្លួនប្រក់ស្បូវ​ជញ្ជាំងស្បូវដូចគ្នា។

និយាយពីទេសភាពកន្លែងនៅដិកយុកនោះ មានទំហំដីចំនួនប្រហែលជា ៣០ហិកតា មានដើមចេក និង​ដូង​ច្រើន​ណាស់​។ មាន​ភ្នំ​ថ្ម​នៅ​ពី​ខាង​ក្រោយ​កំពស់​ប្រ​ហែល​៤០០​ម៉ែត្រ ហើយ​មាន​ភ្នំ​ខ្សាច់​នៅ​មុខ​កំពស់​ប្រ​ហែល​៣០ម៉ែត្រ ប្រវែងប្រហែល ពីរគីឡូម៉ែត្រ​។ ចុះ​ទៅ​ខាង​ឆ្វេង​មាន​ព្រែក​មួយ​វែង​ដែល​រដូវ​ភ្លៀង​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ​។ ប៉ុន្ដែដល់ខែប្រាំងវិញព្រែកនោះក៏រីងទឹក ហើយសំបូរត្រី​ទឹក​សាប​ណាស់ ដូច​ជា​ត្រី​រ៉ស់ ត្រី​ក្រាញ់ ត្រី​អណ្ដែងត្រី​ឆ្លាត​៘ កន្លែង​ដិក​យុក នោះ​ដូច​ជា​បាត​ខ្ទះ ដែលដល់រដូវវស្សាមានខ្យល់បក់មកពីសមុទ្រយ៉ាង​ខ្លាំង​ទៅ​ប៉ះ​នឹង​ភ្នំ​ថ្ម​ខាង​ក្រោយ​ហើយ​វិល​ទៅ​កាន់​សមុទ្រ​វិញ គឺ​គួច​វិល​ទៅ​វិលមកដូច្នេះឯង។ លើភ្នំនោះមានដើមឈើ​ធំៗ​ដុះ​ច្រូង​ច្រាង​ពាស​ពេញ​ភ្នំ មើល​ទៅ​ខៀវ​ស្រងាត់​។ ចំណែក​ភ្នំ​ខ្សាច់​វិញ មើល​ទៅ​សមុទ្រ​ឃើញ​ទឹក​ខៀវ​ស្រស់គួរអោយសប្បាយរីករាយ។ តាមមាត់​សមុទ្រ ដី​ខ្សាច់​ស​ស្គុស​​មើល​ទៅ​ដូច​ស្ករ​ស រឺ​អំបិល​ស​ដូច្នេះ​ឯង​។

ក្រោយពេលបាយ ខ្ញុំបានសួរពត៌មានអ្នកបំរើម្នាក់ជាតិយួន។ យួននោះឈ្មោះ ស្វៀងវី ជាពួកកៅដាយជាប់​ចោទ​ពី​បទ​នាំ​បះ​បោរ​ប្រ​ឆាំង​នឹង​បារាំង​។ វា​បាន​ប្រាប់​ថា នៅ​កន្លែង​នេះ​គ្មាន​អ្វី​ជា​ការ​លំបាក​ប៉ុន្មាន​ទេ ត្បិតកាប៉ូរ៉ាល់មុនគេបានរៀបចំចែកមុខការរួច​ស្រេច​ហើយ គឺ​ក្នុង​មនុស្ស​ទោស​ម្នាក់​ៗ អោយ​កាន់​កាប់​ថែ​រក្សា​ដំណាំ​ចំនួន​២៥​រង​។ ឯ​ដំណាំ​អ្វី​ៗ​ស្រេចនៅលើកាប៉ូរ៉ាល់គេបញ្ជា​អោយ​​ដាំ ចំពោះ​គ្រប់​ពូច​បន្លែ​គេ​មាន​ទុក​បំរុង​ស្រាប់​។ រី​ឯ​ចំការ​ចេក គេ​ចាត់​អោយ​ម្នាក់​ថែ​រក្សា​ពីរ​ហិកតា​។ ចំ ណែកខាងចំការដូងឥតមានចាត់អោយ​ថែ​រក្សា​ទេ​។ ឯ​មនុស្ស​ទោស​១០ ឬ​១២​នាក់​គេ​ទុក​បំរុង​សំរាប់​ធ្វើ​ការ​ផ្សេង​ៗ សំរាប់​អោយ​កាប់​គាស់​រានព្រៃចំនួន៤-៥ ហិកតាទុកបំរុងដាំ​ត្រឡាច ល្ពៅ​នៅ​រដូវ​ភ្លៀង​តាម​ត្រូវ​ការ​។ នៅ​កន្លែង​ដិក​យុក​នេះ​ដី​មាន​ជី​ជាតិ​ល្អ​ណាស់ ពី​ព្រោះ​ដី​តែង​តែ​ហូរ​ទំលាក់ពីលើភ្នំមកលើដីទំនាប​ទាំង​អស់​នោះ សូម្បី​នៅ​ខែប្រាំង​ក៏​ដី​នោះ​នៅ​សើម​ៗ​ដែរ គេ​ជីក​អណ្ដូង​ជំរៅ​ចំនួន​១​ម៉ែត្រ​កន្លះ​អាច​ចេញ​ទឹក​កន្លះ​ម៉ែត្រហើយមិនចេះរីង។ មនុស្ស​ចំនួន​១០​​នាក់​ដែល​នៅ​ផ្ទះ​៧-​៨​ខ្នង ប្រើ​ទឹក​តែ​អណ្ដូង​មួយ​ប៉ុណ្ណោះ​បាន​យ៉ាង​គ្រាប់​គ្រាន់​ឥត​ខ្វះ​ខាត​ទឹក​ឡើយ​។ ទឹកនោះថ្លាស្អាតមានអោជា​រស ពិសា​ឥត​ភ្លាវឡើយ អាច​ដាំ​​ហើយ​​ឆុង​​តែ​​បាន​​យ៉ាង​មាន​ឱជា​រស​ផង​ទៀត​។ នៅ​កន្លែង​នោះ​មាន​អាកាស​ត្រ​ជាក់​ណាស់ ដោយនៅរដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់មិន​ដាច់ ជួន​ណា​ភ្លៀង​ជាប់​៣​ថ្ងៃ​៣​យប់​ក៏​មាន ជា​ហេតុ​នាំ​អោយ​ត្រជាក់​ស្រឺត​ៗ​ព្រឺ​ឆ្អឹង​ខ្នង ទៅ​ជា​ស្រៀវ​គ្រុន​។ ឯជំងឺគ្រុនចាញ់​បណ្ដាល​មក​ពី​អាកាស​ត្រ​ជាក់​ផង មក​ពី​ខ្យល់​វិល​វល់​នោះ​ផង មក​ពី​មូស​ដែក​គោល​ខាំ​ផង​។ គេ​ត្រូវ​ប្រ​យ័ត្ន​ណាស់​នៅកន្លែងនោះ ប៉ុន្ដែមនុស្ស​ទោស​គ្នា​​មិន​​ដឹង​​បាន​អ្វី​ប្រ​យ័ត្ន​ទេ បើ​មុង​ក៏​គ្មាន​ថ្នាំ​សង្គូវ​ក៏​គ្មាន​។ គ្នា​ត្រូវ​តែ​ផ្សង​តាម​យថា​កម្ម​ស្លាប់​អង់​កាល់​​ក៏​ស្លាប់​ទៅ។

ខ្ញុំទៅនៅដិកយុកបាន២០ថ្ងៃក៏ចាប់មានជំងឺគ្រុនចាញ់ឡើង។ មុនដំបូងស្រៀវគ្រុនឈឺក្បាល រហូតដល់គ្រុនខ្លាំង​រហូត​ដល់​ដោះ​ទុក្ខ​សត្វ​តូច​ធំ​នៅ​នឹង​កន្លែង ដោយ​ងើប​ដើរ​ទៅ​ណា​មិន​រួច គ្មាន​សង្ឃឹម​ថា​បាន​រស់​រានមានជីវិតត្រលប់មកស្រុកវិញបានឡើយ។ ពេល​មួយ​នោះ​ខ្ញុំ​ប្រឹង​ប្រែង​ជំនះ​នឹង​ចិត្ដ​ដើរ​ទៅ​បត់​ជើង​នៅ​ខាង​ក្រៅ​ផ្ទះ​ដើរ​បានតែពីរបីជំហាន ស្រាប់តែវិលមុខ ងងឹតដូលប្រូស​ទៅ​ដី​ដោយ​មិន​ដឹង​ខ្លួន​សោះ ហើយ​ឥត​នរ​ណា​ដឹង​សោះ​។ ជួន​ពេល​នោះ​អ្នក​ដាំ​បាយ​ក៏​មិន​នូវ បង​ហ​ក៏​មិន​នៅ​។ ប្រ​ហែល​មួយ​ម៉ោង ទើបបងហត្រលប់មកពី​រក​ថ្នាំ​រិស​ឈើ​​វិញ​​បាន​ឃើញ​ខ្ញុំ​ដួល​នៅ​ដី គាត់​ភិត​ភ័យ​លើក​គ្រាហ៍​ខ្ញុំ​នាំ ចូល​ទៅ​ក្នុង​បន្ទប់​វិញ។ សូមជំរាបថាខ្លួនខ្ញុំពេលនោះស្អុយចេញ​ពី​​ខ្លួន ស្គម​នៅ​តែ​ឆ្អឹង​រគាម បាយ​បបរ​អ្វី​ក៏​ទទួល​ទាន​មិន​កើត​។ មិត្ដ​ហ​បាន​ទៅ​រក​រិស​ឈើ​ព្រៃ​មក​ដាំ​អោយ​ទទួល​ទាន ព្រមទាំងលេបគីណា​គ្រីន​ដែល​លោកទូស​ទូ​ទុក​អោយ​ ១០​គ្រាប់​ផង ក៏​បាន​ធូរ​គ្រាន់​បើ​អស់​វារៈ​មួយ​ខែ​ទើប​ជា​។ មិត្ដ​ហ​បាន​និយាយ​ប្រាប់ខ្ញុំថា គាត់មិនស្មានថា ខ្ញុំ​បាន​ជា​​ឡើយ មែន​ហើយ​ខ្ញុំ​ក៏​មិន​ស្មាន​យ៉ាង​នោះ​ដែរ។ ការ​រស់​នៅ​គឺ រស់​ដោយ​សារ​គុណ​បុណ្យ​មាតា​បិតា​ជួយ​ជ្រោម​ជ្រែង​អោយ​មានជីវិត​មិន​អោយ​ស្លាប់​។

លុះខ្ញុំបានជាស្រួលបួលឡើងវិញហើយ ទើបមិត្ដហគាត់បាននិយាយប្រាប់ខ្ញុំថា នៅកន្លែងយើងសព្វថ្ងៃនេះ​មានម​នុស្ស​ទោស​ក្បាល​ខូច ៤-​៥​នាក់ ជា​មេ​រឹង​រូស​ប្រ​ឆាំង​នឹង​កិច្ច​ការ​ដែល​បាន​ដាក់​អោយ​ធ្វើ នាំអោយបនុស្សឯទៀតយកតំរាប់តាមមាន ឈ្មោះ អាន់​បាឌិក និង​ឈ្មោះ​​ទ្រី​វ៉ាង​ជា​ដើម​។ ពួក​វា​នេះ ដូច​សត្វ​ខ្លា​ដំបង​សុទ្ធ ​តែ​មាន​ទោស​ឧក្រិដ្ឋ​ដល់​អាយុ​ទាំង​អស់​គ្នា ដោ យជាប់ចោទពីបទលួចប្លន់ និង​ធ្វើ​មនុស្ស​ឃាត​។ ខ្លួន​វា​បាន​សាក់​ខ្មៅ​ងងឹត​ពេញ​ខ្លួន ពី​ក​ជើង​ដល់​ក​។ មាន​សាក់​ជា​រូប​នាគ​នៅ​ដើម​ទ្រូង​។ ឯពោះវាសាក់រូបខ្លាដំបងមើលទៅ​គួរ​អោយ​ខ្លាច​​ណាស់​។ ភ្នែក​ឡើង​ក្រហម បើ​សំលឹង​យូរ​ៗ​ទៅ​ដូច​ជា​មិន​មែន​មនុស្ស​ទេ ខ្ញុំ​បាន​សុំ​អោយបងហ ជួយដោះស្រាយបញ្ហានេះ​។ គាត់​ក៏​បាន​ឆ្លើយ​ថា ត្រូវ​តែ​ធ្វើ​យ៉ាង​ម៉េច​កុំ​អោយ​មនុស្ស​ទុច្ច​រិត​ប៉ុន្មាន​នាក់​នេះ​នៅ​កន្លែង​នេះ​បាន​។ បើយើងមិនកំចាត់វាទេយើងនៅកន្លែង​នេះមិន​បាន​សុខ​ឡើយ​។ មុន​​ដំបូង​​ខ្ញុំ​គិត​ថា​ត្រូវ​តែ​ប្ដឹង​លោក​ទូស​ទូ​អោយ​ផ្លាស់​វា​ចេញ​ពី​ទី​នេះ ត្បិតវាជាមនុស្សអាក្រក់នាំបះបោរ ប៉ុន្ដែមិត្ដ​ហ​ប្រាប់​​ថា​ធ្វើ​ដូច្នេះ​​ទៅ​ បើ​លោក​ទូស​ទូ​មិន​រវល់​ចាត់​ការ​តាម​យើង​សុំ ត្រលប់​ទៅ​ជា​ថា​យើង​មិន​ចេះ​ធ្វើ​ការ ធ្វើ​ការ​ប៉ុណ្ណឹងមិនកើត យើង​នឹង​អា​ក្រក់​ទៅ​វិញ មិត្ដ​ហ​អោយ​​យោ​បល់​ថា ត្រូវ​អោយ​ខ្ញុំ​ធ្វើ​ការ​វា​យ៉ាង​ណា អោយ​ក្ដៅ​ដៃ​បំផុត​ដើម្បី​បំបាក់​វាអោយបាក់ស្បាតតែម្ដង អោយ​ក្លាច​ខ្ញុំ​រាប​ទាំង​ពួក​វា ទាំង​ពួក​មនុស្ស​ទោស​ឯ​ទៀត​ផង ព្រោះ​ខ្លួន​ខ្ញុំ​ក៏​ធ្លាប់​ល្បី​ឈ្មោះ​ជា​អ្នក​កីឡា​ជើង​ឯក គេ​ខ្លាច​ស្រាប់​ហើយ។ ដល់ជំនុំ​គ្នា​រក​ឧបាយ​ឃើញ​ហើយ ទើប​ខ្ញុំ​ចាត់​អោយ​បង​ហ​ទៅ​កាប់​ចេក​នៅ​ចំការ​បាន​២​ស្ទង​យក​ទៅ​ដាក់​ទុក​ក្បែរផ្ទះពួកវានោះក្នុងវេលាយប់ ព្រមទាំង​យក​​ខោ​​អាវ​​ពីរ​​សំរាប់​និង​​ប៉ោត​ប្រេង​កាត​ទទេ​១​ទៅ​ជា​មួយ​ផង ត្បិត​នៅ​ផ្ទះ​ពួក​វា​នៅ​ខាង​ក្រោយ​ឆ្ងាយ​ជា​ព្រៃ​ភ្នំ​ញឹក​ថែមទៀតជាការ​ងាយ​ស្រួល​នឹង​​ធ្វើ​កល​ល្បិច​។

លុះកន្លងបានមួយថ្ងៃ អ្នកយាមចំការចេកបានមកប្ដឹងថា មានចោរលួចចេកបាត់ពីរស្ទងធំពីយប់​មិញ​។ ខ្ញុំ​បញ្ជា​អោយ​គេ​វាយ​រគាំង​ប្រជុំ​មនុស្ស​ទោស​ទាំង​អស់​នៅ​មុខ​ផ្ទះ​ខ្ញុំ​ដើម្បី​អោយ​ជួយ​រក​ចេក​នោះ​។ ខ្ញុំបានអោយខ្មែរក្រោមម្នាក់ចាំប្រែភាសាខ្មែរ ជាភាសាយួន​អោយ​ពួក​នោះ​ទាំង​អស់​ស្ដាប់​។ ខ្ញុំ​ថា​ឥឡូវ​មាន​ចោរ​លួច​ចេក​ពីរ​ស្ទង​នៅ​ចំការ តាមស្មានទៅមិនមែនចោរពី ណាក្រៅ ពីក្រុមយើង​ឡើយ​។ ខ្ញុំ​បាន​មក​នៅ​ទី​នេះ​៣​ខែ​ហើយ មិន​ដែល​ធ្វើ​អ្វី​អោយ​ព្រួយ​បា​រម្មណ៍​ដល់​បង​ប្អូន​ឡើយ ទើប​តែ​ពេលនេះមានកើតចោរកម្មនៅបរិវេកន្លែង​យើង​។ ហេតុ​​នេះ​ខ្ញុំ​ត្រូវ​ការ​រក​មុខ​ចោរ​លួច​នោះ​អោយ​ឃើញ​។ បើ​បង​ប្អូន​ណា ជ្រុល​លួច​ទៅហើយសុំនិយាយតាមត្រង់ទៅចុះ។ បើ​មិន​ដូច្នេះ​ទេ តែ​បើ​ខ្ញុំ​ឃើញ​របស់​ដែល​បាត់​នោះ​នៅ​ក្នុង​ផ្ទះ​ក្ដី​ក្រៅ​ផ្ទះរបស់​បង​ប្អូន​ណា ខ្ញុំនឹងសុំធ្វើទោសផ្ទាល់ដៃខ្ញុំតែម្ដង ហើយកុំថាខ្ញុំកាចអោយ​សោះ​! ខ្ញុំ​សួរ​ថា​​ស្ដាប់​បាន​ទេ? ពួក​ទាំង​នោះ​ឆ្លើ យ​ថា បាទ​ស្ដាប់​បាន​ហើយ​! ខ្ញុំ​ក៏​ប្រ​កាស​ត​ទៅ​ទៀត​ថា ខ្ញុំសុំទុកពេលអោយ១០ នាទីសំរាប់​គិត​អោយ​​វែង​ឆ្ងាយ​បន្ដិច ប៉ុន្ដែ​បើ​គ្រប់​១០​នាទី​ហើយ​គ្មាន​បង​ប្អូន​ណា​ទទួល​សារ​ភាព​ទេ ខ្ញុំ​នឹង​ចាត់​ការ​ទៅ​តាម​ច្បាប់​!។

១០នាទីកន្លងទៅ ខ្ញុំចាត់អោយមនុស្សទោសទាំងអស់បំបែកគ្នាជាបួនក្រុម ទើបខ្ញុំចាត់អោយក្រុមណា​នៅ​ខាង​កើត អោយ​ទៅ​រក​ទិស​ខាង​លិច ក្រុម​ខាង​លិច​អោយ​ទៅ​រក​ខាង​កើត ក្រុម​ខាង​ត្បូង​អោយ​ទៅ​រក​ខាង​ជើង ឯក្រុមខាងជើងអោយទៅ រកខាងត្បូង។ ខ្ញុំ​ថា​ក្នុង​រយៈ​ពេល​ពី​ពីរ​ទៅ​បីម៉ោង​ត្រូវ​នាំ​ដំណឹង​មក​ប្រាប់​ខ្ញុំ​វិញ​។ ក្រោយ​ពេល​ដែល​បានចាត់អោយទៅអស់ហើយ ហើយខ្ញុំក៏​រង់​ចាំ​លទ្ធ​ផល​។

ប្រមាណជាពីរម៉ោង នៅវេលាដែលក្រលេកឃើញពីរនាក់ ដើរយ៉ាងលឿនសំដៅមកផ្ទះខ្ញុំ ខ្ញុំក៏ក្រោក​ឡើង​ទទួល​។ គេ​និយាយ​ប្រាប់​ខ្ញុំ​ថា ឃើញ​ចេក​នោះ​ហើយ​ព្រម​ទាំង​មាន​ខោ​អាវ​ពីរ​សំរាប់​ និង​ប៉ោតប្រេកាតមួយផង លាក់នៅក្រោយផ្ទះអាន់បា ឌិក ចំនួន​ប្រ​ហែល​១០០​ម៉ែត្រ​។ លឺ​ដូច្នេះ​ ខ្ញុំ​ក៏​ទៅ​ជា​មួយ​អ្នក​ពីរ​នាក់​នោះ​ទៅ​ដល់​ទី​កន្លែង ក៏បានឃើញច្បាស់នឹងភ្នែកមែន ទើបខ្ញុំប្រើគេអោយ​រត់​ទៅ​​វាយ​រគាំង​ប្រជុំ​គ្នា​ជា​ប្រញាប់​។ ប្រ​ហែល​ជា​មួយ​ម៉ោង​ក្រោយ​គឺ​ម៉ោង​១១​ថ្ងៃ​ត្រង់ ដែល​ជា​វេលា ជិតដល់ពេលបាយ នៅពេលមនុស្សទោស​ជួប​ជុំ​ហើយ ខ្ញុំ​បាន​ប្រកាស​ថា ថ្ងៃ​នេះ​ក្នុង​បរិ​វេណ​យើង មាន​មនុស្ស​ទោស​មាន​បំណង​បំរុងធ្វើទូករត់ ហេតុនេះខ្ញុំសុំបងប្អូនជួយកិច្ច​ការ​នេះ​អោយ​ស្រេច​។ ឥឡូវ​នេះ​សុំ​ទៅ​តាម​ខ្ញុំ​ទាំង​អស់​គ្នា ខ្ញុំ​នាំ​អ្នក​ទាំង​អស់​នោះ​ទៅ​ផ្ទះ​ឈ្មោះ​ឌឹក​។ ខ្ញុំ​សួរ​ទៅ​ឈ្មោះ​ឌឹកថា ផ្ទះនេះជាផ្ទះ​នរ​ណា​? ឈ្មោះ​ឌឹក​ឆ្លើយ​ថា​ផ្ទះ​របស់​ខ្ញុំ! ខ្ញុំ​សួរ​ត​ទៅ​ទៀត​ថា បង​ឯង​មាន​លួច​ចេក​ពីរ​ស្ទង ព្រម​ទាំង​សំពត់​អាវនិងប៉ោតទេ? ឈ្មោះនេះឆ្លើយថា​ឥត​បាន​​លួច​ទេ​។ ខ្ញុំ​នាំ​សាមី​ខ្លួន​ព្រម​ទាំង​អ្នក​ឯ​ទៀត​ទៅ​កន្លែង​នោះ ហើយ​ចង្អុល​ទៅ​វត្ថុ​ទាំង​នោះ ហើយ​សួរ​ថា​របស់​អ្នក​ណា? វាឆ្លើយ​ថាមិន​មិន​មែន​របស់​វា​ទេ​! ខ្ញុំ​ក៏ បញ្ជា​អោយ​មនុស្ស​ទោស​ឯ​ទៀត​ជញ្ជូន​របស់​ទាំង​នោះ​ទៅ​ឯ​ផ្ទះ​ខ្ញុំ​វិញ​។ ខ្ញុំ​បង្គាប់​អោយ​ទាំងអស់គ្នាឈរតំរៀបជាពីរ​ជួរ​ទើប​ខ្ញុំ​ហៅ​ឈ្មោះ​ឌឹក​អោយ​ចេញ​មក​ឈរ​ចំពោះ​មុខ​ខ្ញុំ​។ ទើប​ខ្ញុំ​សួរ​ដោយ​ទន់​ភ្លន់​មុន​ដំបូង​ថា ឌឹក​ឯង​និយាយ​អោយត្រង់មកចុះ ខ្ញុំមិនធ្វើ​បាន​អ្វី​ទេ ឌឹក​ឯង​ដឹង​ស្រាប់​ហើយ ខ្ញុំ​​ចូល​ចិត្ដ​តែ​មនុស្ស​ល្អ មិន​ចូល​ចិត្ដ​មនុស្ស​អា​ក្រក់​រឹង​រូស​ដាក់​ខ្ញុំ​ទេ ខ្ញុំ​ចូល​ចិត្ដ​ធ្វើ​ល្អ និងមនុស្សគ្នាឯង​ណាស់ តែ​ខ្ញុំ​សុំ​អោយ​ឌឹក​ឯង​និង​បង​ប្អូន​ទាំង​អស់​ស្ដាប់​សំដី​ខ្ញុំ​អោយ​ច្បាស់ តែ​មាន​មនុស្ស​មើល​ងាយ​ខ្ញុំ ឬ​មួយ​រក​រឿង​ហេតុ​នឹងខ្ញុំនោះ ខ្ញុំលែង​ខ្លាច​អ្នក​នោះ​ហើយ​ព្រម​ទាំង​សំគាល់​ថា​​មនុស្ស​​នោះ​ជាស​ត្រូវ​នឹង​​ខ្ញុំ​ថែម​ទៀត​! ហើយ​ខ្ញុំ​ក៏​ឈប់​គោ​រព​រាប់​អាន​អ្នក​នោះ​ត​ទៅ​ទៀត ទុកអោយគេ​ធំ​តែ​ម្នាក់​ឯង​ទៅចុះ​។ ពោល​នេះ​ខ្ញុំ​​សូម​អោយ បង​ឌឹក​ឯង​ប្រាប់​មក​មើល តើ​ខ្លួន​បំរុង​នឹង​ធ្វើ​ទូក​រត់​មែន​ទេ​? មាន​បក្ខ​ពួក​ខ្លួន​ប៉ុន្មាន​នាក់​? ឈ្មោះ​ណា​ខ្លះ​? សុំ​អោយ​ឌឹក ឯង​ប្រាប់​អោយ​ត្រង់​មក វា​ឆ្លើយ​បដិ​សេធ​ថា​ ពុំ​បាន​ធ្វើ​ទូក​បំរុង​រត់​ទេ! ខ្ញុំ​សូម​បន្ថែម​ទៅ​ទៀត​ថា បើដូច្នេះម្ដេចក៏​មាន​ចេក សំពត់​អាវ និង​ប៉ោត​នៅ​​ក្រោយ​ផ្ទះ​ខ្លួន​? អោយ​ខ្ញុំ​ជឿ​ដូច​មេ្ដ​កើត​! វា​ឆ្លើយ​បដិ​សេធ​ដដែល​។ ខ្ញុំ​ក៏​ដើរ​ចូល​ទៅ​ជិត​ហើយ​ពោល​បន្ថែម​ចុង​ក្រោយ​ថា ប្រាកដ​ជា​គ្មាន​មែន​រឺ​? រួច​ខ្ញុំ​ដាល់​មួយដៃភិបត្រង់ដើម​ទ្រូង​វា រួច​ប្រាប់​ថា​ឆ្លើយ​អោយ​ត្រង់​មក​! វា​នៅ​ប្រកាន់​ពាក្យ​មុន​ថា​ទេ​ទេ​ដដែល​។ តាមពិត​វា​មិន​ដឹង​មែន ប៉ុន្ដែ​ខ្ញុំ​ត្រូវងបង្ក្រាប​វា​​អោយ​ហើយ កុំ​អោយ​វា​បះ​បោរ​ទាន់ ខ្ញុំ​ក៏​ដាក់​ថែម​មួយ​ដៃ​ទៀត​ត្រង់​ថ្គាម វា​ក៏​ដួល​នៅ​​ដី​​ហើយ​ស្រែក​អង្វរ​​ខ្ញុំ ខ្ញុំ​ទាត់​ថែម​១​ជើង​ចំ​មុខ​ទៀត​រមៀលពីរបី​ត្រ​លប់​។ ខ្ញុំ​ហៅ​អោ យ​ក្រោក​ឈរ​ឡើង លុះ​ក្រោក​ឡើង​ក៏​សំពះ​ក្រាប​ក្បាល​ដល់​ដី​ដោយ​ពោល​ថា អត់​ទោស​កាប៉ូ​រ៉ាល់​ខ្ញុំ​អត់​ធ្វើ​ដូច្នេះ​ទេ​ហើយ ឥត​បក្ខ​ពួក​ទេ​។ ជា​ការ​បដិ​សេធ​របស់​វា ដែល​ធ្វើ​អោយ​ខ្ញុំ​មាន​កំហឹង ខ្ញុំ​ដាល់​ថែម​មួយ​ដៃ​ទៀត​ចំ​មុខ ចេញឈាមរ៉ាវពីមាត់ ពីច្រមុះដូលទៅដីម្ដងទៀត។ លុះ​វា​ក្រោក​ឈរ​ឡើង​តាម​បង្គាប់​ខ្ញុំ​ម្ដង​ទៀត ខ្ញុំ​ក៏​ចូល​ទៅ​ជិត​វា​រួច​យក​ដៃទាំង​ពីរ​ទាញ​ក្បាល​មក​ជិត ហើយខ្ញុំលើកជង្គង់​បុក​ចំកណ្ដាល​ដើម​ទ្រូង​និង​ចំ​មុខ​វា​ថែម​ម្ដង​ទៀត​។ លើក​ក្រោយ​នេះ​អា​ឌឹក​ដួល​លែង​ងើប​រួច​តែ​ម្ដង ដេក​ផ្ញា​ពោះ​នៅ​កណ្ដាល​ចំណោមមនុស្សទាំងនោះ។ ទើប​ខ្ញុំ​និយាយ​ដោយ​កំហឹង​ខ្លាំង​ៗ​ថា នៅ​ក្នុង​ចំណោម​អ្នក​ទាំង​អស់​គ្នា​នេះ នៅមាន​បក្ខ​ពួក​អា​ឌឹក​ទៀត​ប្រ​យ័ត្ន​ណា​!​។ បង​ប្អូន​ឃើញនិងភ្នែក​ច្បាស់​ស្រាប់​ហើយ មិន​គួរ​បើ​ខ្ញុំ​ដែល​ជា​អ្នក​ទោស​ដូច​ជា​បង​ប្អូន​ដែរ ហើយ​ទៅ​វាយ​ដំបង​​ប្អូន​អ្នក​ទោស​ដូច​គ្នា​យ៉ាង​នេះសោះ។ នេះមកពីឈ្មោះឌឹកមិន​ព្រម​ឆ្លើយ​ត្រង់​ប្រាប់​ខ្ញុំ! ហេតុ​នេះ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​អោយ​ដឹង​ដៃ​ខ្ញុំ ដែល​ខ្ញុំ​មក​ត្រួត​ត្រា​ទី​ទី​នេះ​គឺ​លោក​ទូស​ទូ មេ​ក្រសួង​សំងាត់លោកចាត់​ខ្ញុំ​មក ដើម្បី​រក្សា​សេច​ក្ដី​រៀប​រយ ការ​ពារ​កុំ​អោយ​មាន​មនុស្ស​ទោស​ធ្វើ​ទូក​រត់​ ឥឡូវ​​ឈ្មោះ​ឌឹក​បាន​បំពារ​បំពាន​ហ៊ានធ្វើទូកក្នុងបំណងរត់ទៅដីគោក តើ​អោយ​ខ្ញុំ​អត់​អោន​ដូច​ម្ដេច​បាន​? ឥឡូវ​ខ្ញុំ​សំរេច​ចិត្ដ​ត្រូវ​បញ្ជូន​ឈ្មោះ​​ឌឹក​ទៅ​ជូន​លោក​ធំ តាម​តែ​លោកសំរេចយ៉ាងណាទៅចុះ ហេតុ​នោះ​សុំ​បង​ប្អូន​បំបែក​ជួរ​ទៅ​បាយ​ទឹក​ចុះ ប៉ុន្ដែ​សុំ​យក​ឈ្មោះ​ឌឹក​ទៅ​ចង​ដៃ​ជើង​ទុក​មួយ​អន្លើ​សិន​ចាំ​ព្រឹក​ស្អែក សឹម​បញ្ជូន​ទៅ​ក្រុង​!​។

លុះស្អែកឡើងខ្ញុំបានធ្វើសេចក្ដីរាយការណ៍បញ្ជូនឈ្មោះឌឹកទៅកាន់ទីក្រុងកោះត្រឡាច។ ឈ្មោះឌឹកត្រូវគេចង​ជើង​ដៃ​ដូច​សត្វ​ជ្រូក ហើយ​មនុស្ស​ទោស​៤​នាក់​សែង​ទៅ​ជា​របៀប​សែង​ជ្រូក​ដែរ ព្រម​ទាំង​របស់​ទាំងអស់ គឺចេកពីរស្ទង ខោអាវ និងប៉ោតដើម្បីជា​ភស្ដុ​តាង​។ លុះ​ទៅ​ដល់​ក្រសួង​សំងាត់ ក្រលេក​ឃើញ​ដូច្នោះ លោក​ទូស​ទូ​បាន​ចុះ​ពី​លើផ្ទះមកសួរខ្ញុំថា មានរឿ ងអ្វី? ខ្ញុំក៏ជំរាបលោកវិញ​​តាម​ដំណើរ​ដែល​ឈ្មោះ​ឌឹក​មាន​គំរោង​ការ​ធ្វើ​ទូក​បំរុង​រត់ តែ​ដោយ​ខ្ញុំ​ដឹង​ការណ៍ ក៏​បំណង​របស់​វា​ពុំបានសំរេច។ ខ្ញុំបានហៅចាប់វា ហើយ​វា​ចង់​ត​ដៃ​នឹង​ខ្ញុំ គឺចង់​ចាក់​ខ្ញុំ​វិញ​។ លោក​ងក់​ក្បាល​រួច​ទទួល​ពាក្យ​ពី​ខ្ញុំ ក៏ដើរឡើងទៅ ទីចាត់ការ។ ក្រោយនោះបន្ដិចឃើញមានសំបុត្រ​​មួយ​ច្បាប់​ចេញ​មក​បង្គាប់​អោយ​យក​អា​ឌឹក​ទៅ​ទុក​ឯ​គុក​លេខ​៧ ដែល​ជា​កន្លែង​ធ្វើ​ទារុណ​កម្ម​ធំ​បង្អស់​នៅកោះត្រឡាច។ ខ្ញុំនឹកថាគ្រោងការ​របស់​ខ្ញុំ​បាន​សំ​រេច​ហើយ រួច​ខ្ញុំ​ត្រលប់​ទៅ​ចាំ​លោក​ទូស​ទូ ឯ​ផ្ទះ​លោក ដើម្បី​ជំរាប​ពី​បក្ខ​ពួក​របស់​អា​ឌឹក​ដែលនៅសល់បន្ថែមលើសេចក្ដី​រាយ​ការណ៍​អោយ​រិត​តែ​​ច្បាស់​ឡើង​ទៀត​។ នៅ​វេលា​ដែល​លោក​អញ្ជើញ​មក​ដល់​ផ្ទះ​នៅ​វេលា​ម៉ោង​១១​កន្លះ​ខ្ញុំ​ក៏​បាន​រៀប​រាប់​សព្វគ្រប់ បន្ថែម​លើ​លិខិត​ជាលាយ​លក្ខណ៍​​អក្សរ​​ទៅ​​ទៀត​ដោយ​សុំ​អោយ​លោក​ចាត់​អោយ​ទៅ​ចាប់​បក្ខ​ពួក​វា​ឈ្មោះ​ទ្រឺ​វ៉ាង​ទៀត។

កន្លងមកបាន៤ថ្ងៃ ខ្ញុំបានឃើញក្រុមសំងាត់ពីរនាក់ទៅចាប់ឈ្មោះទ្រី វ៉ាង។ ឈ្មោះនេះបាន​សំពះ​ខ្ញុំ សុំ​អោយ​ជួយ​ធ្វើ​អន្ដរា​គមន៍​អោយ​វា​ផង ខ្ញុំ​ឆ្លើយ​ថា​ ខ្ញុំ​អាណិត​បង​ឯង​ណាស់ ប៉ុន្ដែ​ធ្វើ​ម៉េច​បើ​មាន​អាជ្ញា​ពី​លោក​ធំ​មក​អោយ​ចាប់​យ៉ាង​នេះ​។

សូមជំរាបថាខ្មែរយើងអ្នកកាន់ព្រះពុទ្ធសាសនា តែងតែមានធម៌មេត្ដាជានិច្ច ប៉ុន្ដែនេះជាបញ្ហាស្លាប់​រស់​របស់​ខ្ញុំ​ផ្ទាល់ ខុស​ពី​រឿង​ធម្មតា នឹង​ទុក​សត្រូវ​ត​ទៅ​ទៀត​ពុំ​បាន ត្រូវ​តែ​កំចាត់​សត្រូវ​ជា​មុន កុំ​អោយ​វាបានសំរេចតាមគោលបំណងអាក្រក់របស់វាមក​លើ​យើង​​បាន​។ មុន​នឹង​ប្រើ​ឧបាយ​កល​នេះ ខ្ញុំ​បាន​គិត​ហើយ​គិត​ទៀត​ទំរាំ​បាន​សំរេច​ចិត្ដ​ថាត្រូវធ្វើយ៉ាងណាអោយពួកនេះ ខ្ទាតចេញពីកន្លែង​ខ្ញុំ​។ មួយ​វិញ​ទៀត​ពួក​យួន​ធ្វើ​ស្លូត​រក​វា​នោះ វា​ឥត​យោគ​យល់​យើង​ទេ វា​រិត​តែ​សាហាវ​ឃោ​ឃៅ​ដាក់​យើង​ថែមទៀត យើងនឹងរងគ្រោះថ្នាក់​ដោយ​សារ​វា​មិន​ខាន​។ ម្យ៉ាង​ទៀត​ពួក​វា​ទាំង​នេះ ជា​មនុស្ស​សា​ហាវ មិន​ដឹង​ជា​វា​បាន​លួច កាប់សំលាប់គេអស់ប៉ុន្មានរួចទៅហើយ ទំរាំតែចាប់បាន​យក​មក​អោយ​នៅ​ទី​នេះ​បាន​នោះ​។ ពួក​ទាំង​នេះ​លែង​មាន​ចិត្ដ​គំនិត​អ្វី ជា​មនុស្ស​សូម្បី​បន្ដិច​សោះ​ហើយ​។ យើង​មើលតែសញ្ញាដែល​វា​សាក់​ឆ្លាក់​ជាប់​នឹង​សាច់​វា​តាំង​​ពី​ជើង​ដល់​ក្បាល​នោះ ក៏​អាច​យល់​បាន​ណាស់​ទៅ​ហើយ​។ បើ​វា​ខ្លា​ដំបង​ហើយវាគ្មានស្គាល់មនុស្សទេ។ ហើយ​ចំពោះ​ខ្ញុំ​វិញ ដែល​ត្រួត​ត្រា​វា​នោះ​វា​ចាត់​ទុក​ដូច​ជា​រំពា​វា​ស្រេច​ទៅ​ហើយ ដែល​ចាំ​តែ​មាន​អោ​កាស​ល្អ វា​ក៏​និង​លេបត្របាក់ដង្ហើម​ជីវិត​ទៅ​តែ​ប៉ុណ្ណោះ​។ ឯ​នៅ​លើ ដើម​​ទ្រូង​វា វា​សាក់​ឆ្លាក់​សាច់​ជា​រូប​នាគ គឺ​វា​បាន​ប្រ​កាស​ប្រាប់​ភ្នែក​មនុស្ស​ជា​ស្រេច​ហើយថា វាជានាគរាជ វា​ជា​សត្វ​មាន​ពិស​អស្ចារ្យ ដែល​​មនុស្ស​ត្រូវ​តែ​ខ្លាច ត្រូវ​តែ​រន្ធត់​។ ដូច្នេះ​វា​លែង​មាន​លក្ខណៈ​ជា​មនុស្ស​ហើយ​។ វា​ជា​សត្វ​យ៉ាង​សា​ហាវ​បំផុត​។

ព្រោះហេតុដូច្នេះ បើខ្ញុំត្រូថែរក្សាពួកវាដែលមានចិត្ដសាហាវដូចខ្លាដំបងមានពិសដូចពស់វែកនោះទុកនៅអោយ​ទាល់​តែ​វា​ទះ​ក្បាល​យើង ចឹក​យើង​សំលាប់​នោះ​ទេ ត្រូវ​តែ​ធ្វើ​អោយ​វា​បាក់​ស្បាត​មុន​អោយ​ហើយ អោយវាខ្លាចចុះញ៉មអោយហើយ ទើបយើងមាន​សេច​ក្ដី​សុខ​ឥត​ព្រួយ​បារម្ភ​អ្វី ឯ​ការ​ងារ​ដែល​ត្រូវ​ធ្វើ​នៅ​កន្លែង​ចំការ​នោះ ក៏​ប្រ​ព្រឹត្ដ​ទៅ​បាន​ចំរើនលូតលាស់ជាងមុខ ដោយឥតមាននរណា​ហ៊ាន​បង្អាក់​បង្ខូច​កិច្ច​ការ​របស់​ខ្ញុំ​ឡើយ​។ លុះ​ឃើញ​ខ្ញុំ​ធ្វើ​ការ​បាន​ចំរើន​ជាង​ជំនាន់​កាប៉ូ​រ៉ាល​មុន ទើបលោកទូសទូលោកពេញចិត្ដបានសរ​សើរ​ខ្ញុំ ធ្វើ​ការ​បាន​ល្អ​។ ព្រម​ទាំង​បាន​ផ្ដល់​អោយ​ខ្ញុំ​នូវ​តែ កាហ្វេ ស្ករ​ស ទឹក​ដោះ​គោ​កំប៉ុង ទឹក​ដោះ​គោ​ស្រស់ ដែលជារបស់កម្ររកបាននៅ​ទី​នោះ ហើយ​នៅ​ទី​នោះ​គេ​ហាម​ឃាត់​មិន​អោយ​មនុស្ស​ទោស មាន​របស់​ទាំង​នេះ​បរិ​ភោគ​ទេ ប៉ុន្ដែ​ដោយអំណាចលោកទូសទូស្រ​លាញ់​រាប់​អាន​ខ្ញុំដោយ​ស្មោះ បាន​ជា​ខ្ញុំ​មាន​សិទ្ធិ​បរិ​ភោគ​របស់​កម្រ​នេះ​។ មួយ​ទៀត​លោក​ធំ​នេះ​បង្គប់​អោយ​ខ្ញុំ​ចិញ្ចឹមមាន់ និងក្ងានជាច្រើន គឺ​មាន់​ប្រ​ហែល​​២០០ ក្ងាន​៣០​។ ក្នុង​មួយ​អាទិត្យ​លក់​ពង​មាន់​ម្ដង មាន​ចំនួន​១០​រៀល រឺ​១៥​រៀល យក​ទៅ​ជូន​លោក​តាម​ចំនួនពងមានតិចមាន​ច្រើន​។ ពង​មាន់​១០លក់ បាន​២៛​២៥ ឯ​មេ​មាន់​មួយ​តំលៃ​ពី ៤៛៥០ ទៅ​៥៛​។ នៅ​ពេល​ចង់​បរិ​ភោគ​សាច់​មាន់ លោក​បង្គាប់​បោយ​អោយ​មក​​សុំ​ខ្ញុំ​ចាប់ យក​មាន់​មួយ​រឺ​​ពីរ​​ទៅ​​។ ក្នុង​មួយ​ខែ​លោក​បើក​ស្រូវ​អោយ​ពីរ​បាវ​រៀង​រាល់​ខែ​ទុក​អោយ​មាន់​អាស្រ័យ​។

មិត្ដជ្រាបទេ? បើមិនចេះវិធីក្នុងការនេសាទនេះ និងមានគ្រោះជាទំងន់។ បើមិនចេះនេសាទ ជូនណាចាក់ទៅលើ​ត្រី​បបែល ដល់​យើង​លូក​ដៃ​ទៅ​ដោះ​ខ្លួន​វា​ពី​ស្ន ស្រាប់​តែ​កន្ទុយ​វា​វា​មក​ចាក់​ត្រូវ​ដៃ ឬ​សាច់ត្រង់ណាទៅជាចុកចាប់ប្រៀបបាននឹងពិសពស់វែក​ដូច្នេះ​ឯង ប៉ុន្ដែ​មិន​ស្លាប់​ទេ​ គ្រាន់​តែ​សន្លាប់​បាត់​ស្មារ​តី​ក៏​មាន​។ ហេតុ​នេះ​អ្នក​នេ​សាទ បើគេរកបានត្រីល្មមគួរសមហើ យ គេមិនរវល់នឹង​ត្រី​បបែល​ឡើយ ទោះ​បី​ប្រទះ​ឃើញ​មាន​ច្រើន​ក៏​ដោយ ពី​ព្រោះ​ពិ​បាក​នឹង​ចាប់​វា​។ ប្រ​សិន​បើ​ចាក់​វា​បាន ត្រូវនាំទៅលើគោកយកកាំបិតកាត់កន្ទុយ​វា​ដែល​មាន​ពិស​ចេញ​សិន​ទើប​គេ​ដោះ​ខ្លួន​វា​ចេញ​ពី​ស្ន។ រី​ឯ​សាច់​បបែល​យក​ទៅ​ស្ល​ម្ជូរ​ស្លឹក​ទ្រមូង ឬ​ស្លឹក​សណ្ដាន់​បង់​ម្រះ​ព្រៅ ឬ​ម្អម​ព្រម​ទាំង​គ្រឿង​គ្រៅ​ទៅ​វា​មាន​អោ​ជា​រស​ឆ្ងាញ់​ជាង​ត្រឹ​រ៉ស់​យើង​ទៅ​ទៀត​។​

ក្រុមសំងាត់៨នាក់សុទ្ធតែជាអ្នកនេសាទ គេដាក់វេនគ្នាអោយសាច់ត្រីខ្ញុំរៀងរាល់ថ្ងៃ ពីព្រោះនៅកន្លែង​យាម​នោះ ឥត​មាន​ធ្វើ​ការ​អ្វី​ឡើយ ជា​ហេតុ​នាំ​អោយ​មនុស្ស​ទោស​ជា​ច្រើន​ប្រា​ថ្នា​ចង់​ទៅ​នៅ​កន្លែង​នោះ គេយកត្រីមកអោយខ្ញុំជាធម្មតា ទើបបានខ្ញុំដឹងថាជាទំលាប់​របស់​គេ​ពី​មុន​មក​ដូច្នេះ​ឯង​ ដែល​គេ​ធ្លាប់​ខ្លាច​កាប៉ូ​រ៉ាល់​ប្ដឹង​អោយ​ផ្លាស់​ចេញ​ពី​កន្លែង​នោះ។

ដល់ពេលទឹកសមុទ្រជោរឡើងធំម្ដងៗ ពួកមនុស្សទោសបានសុំច្បាប់ខ្ញុំទៅរកចាប់ត្រីទឹកសាបក្នុងព្រែកមួយ​ក្នុង​ចន្លោះ​ភ្នំ​ថ្ម និង​ភ្នំ​ខ្សាច់ ដែល​មាន​ទឹក​សមុទ្រ​ជោរ​ឡើង​ចូល​ទៅ​ក្នុង​ព្រែក​នោះ​ជា​ហេតុ​នាំ​អោយទឹកសាបលោតឡើងលើទៅផ្ដុំគ្នាមីរត្រង់កន្លែងទឹក​ធ្លាក់ ដែល​មាន​ប្រវែង​ចំនួន​៥​ម៉េត្រ ដែល​វា​ពុំ​អាច​ទៅ​មុខ​ទៀត​បាន​។ គេ​ទៅ​ដល់​កន្លែង​នោះ​យកមងទៅកៀរត្រីទាំងនោះឡើងគោក រួច​គេ​ចាប់​​ដាក់​ប៉ោត​ប្រេង​កាត ដាក់​ធុង​ស្រោច​ដំណាំ​កុំ​អោយ​វា​ឆាប់​ស្លាប់​ហើយ​យក​ទៅ​ប្រោះ​ទុក​ក្នុង​ពាង​ឯ​ផ្ទះ ទុកទទួលទានបាន១០ ទៅ១៥ថ្ងៃ។ ត្រី​នោះ​មាន​​គ្រប់​​មុខ ប៉ុន្ដែ​ត្រី​ដែល​អាយុ​វែង​ជាង​គេ​គឺ​ត្រី​អណ្ដែង និង​ត្រី​ក្រាញ់ ដល់​រដូវ​ភ្លៀង​ត្រី​ទឹក​សាបមិនសូវមាននៅក្នុងព្រែកនោះ​ទេ​សំបូរ​តែ​ត្រី​សមុទ្រ​។

លុះរដូវប្រាំងគេនាំគ្នាបណ្ដើរឆ្កែទៅរកសត្វត្រកួត រឺទន្សាយ។ ឯឆ្កែវាបោលទៅរុករកមុន កាលណាលឺសូរឆ្កែព្រុះពួកគេ​៤-​៥​នាក់​ក៏​រត់​តំរង់​ទៅ​កន្លែង​នោះ ដើម្បី​ចាប់​ទាំង​រស់ ឬ​បាញ់​និង​ស្នា​។ បើ​មាន​ពេល​ទំនេរគេនាំគ្នាដាក់អន្ទាក់យកមាន់ព្រៃ ដែលនៅទីនោះមាន​សំបូរ​ណាស់​។ មាន​ថ្ងៃ​មួយ ពួក​អ្នក​ទាក់​មាន់​ព្រៃ​ទៅ​ប្រទះ​ឃើញ​ពស់​ថ្លាន់​មួយ​ធំប្រហែលប៉ុនភ្លៅមនុស្សចាស់ ប្រវែងប្រហែលជា ៣​ម៉ែត្រ​ក៏​នាំ​គ្នា​ចាប់​ពស់​នោះ​មក​ធ្វើ​អាហារ​បរិ​ភោគ​ទៅ​។ ជួន​ណា​គេ​នាំ​គ្នា​ទៅ​រក​សត្វ​ស្វា សត្វ​ឆ្មា​ព្រៃ​។ រូបរាងឆ្មាព្រៃដូចឆ្មាស្រុកបេះបិទ តែ​ធំ​ធាត់​ជាង​​។ ចំ​ណែក​សាច់​សត្វ​ស្វាគេ​យក​មក​ធ្វើ​ម្ហូប មាន​រ៉ូ​ទី​ទឹក​ដូង​ជា​ដើម​។ ដើម្បី​ធ្វើ​រ៉ូ​ទី គេយកទឹកដូង ទៅដាំរំងាស់អោយរីងបន្ដិច យកសាច់​ស្វា​ដែល​គេ​ធ្វើ​រួច​ស្រេច​បង់​ទៅ​ក្នុង​នោះ​ហើយ​រំងាស់​ថែម​ត​ទៅ​ទៀត​។ ទើប​គេ​បង់​គ្រឿង បន្លែ​គឺ ប៉េង​ប៉ោះ ការុត ខ្ទឹម​ស ខ្ទឹម​ក្រហម​អំបិល​ទឹក​ត្រី ហើយ​រំងស់​យូរ​បន្ដិច​ទៅ​ទៀត គេ​រៀប​សា​លាត​១​ចាន​ធំ​ដើម្បី​បរិ​ភោគ​ជា​មួយ​សាច់ស្វានោះមានឱជារសឆ្ងាញ់ណាស់។ ឯ​សាច់​ឆ្មា​ព្រៃ​ក៏​គេ​យក​មក​ធ្វើ​ម្ហូប​បរិ​ភោគ ដូច​គ្នា​នឹង​សត្វ​ស្វា​ដែរ​។ ចំណែក​ឯ​ក្បាល​ស្វា​វិញ​ គេ​ធ្វើ​អោយ​ស្អាត​ហើយ​យកទៅធ្វើបបរជាមួយសណ្ដែក​បាយ​។ លុះ​ផុយ សណ្ដែក​​បន្ដិច​ហើយ​ គេ​យក​ទៅ​ហាល​ទឹក​សន្សើម​មួយ​យប់​សំរាប់​អោយ​មនុស្សកើតហ៊ើត ​ឬ​រីង​រៃ​ស្គម​ក្ដៅខ្លួនទទួល​ទាន​។ ខ្ញុំ​សង្កេត​​ឃើញ​អ្នក​មាន​រោគ​ទាំង​ប៉ុន្មាន​ប្រ​ភេទ​ខាង​លើ​នេះ បាន​ជា​សះ​ស្បើយ​សម​ប្រកប​បាន​ច្រើន​គ្នា​មែន​។ ម្យ៉ាងទៀត គេចាប់សត្វ​តុក្កែ​មួយ​ឬ​ពីរ​វាយ​អោយ​ស្លាប់ គេ​​រោល​​ភ្លើង​អោយ​របក​ស្បែក​ក្រៅ​អស់ គេ​ចិញ្ច្រាំ​សាច់​វា​អោយ​ម៉ដ្ឋ​ ហើយផ្សំគ្រើងបបរជាមួយ​អង្ករ​ក្រហម ធ្វើ​តាម​របៀប​យើង​បបរ​មាន់​ដូច្នោះ​ដែរ​។ បបរ​ឱសថ​នេះ​ទទួល​ទាន​ទៅ​ស្រួល​ខ្លួន​អាច​រំងាប់​មេ​រោគ​ដូច​ពោល​ខាង​លើ​បាន​។ នេះ​គឹ​ថ្នាំ​កែ​រោគ​តាម​របៀប​ចិន​យួន ដែល​ពួក​គេ​ធ្លាប់​ប្រើ​តាំង​ពីបុរាណ​កាល​មក​។

នៅដិកយុកកន្លែងមាត់សមុទ្ររដូវភ្លៀង ពួកមនុស្សទោសតែងនាំគ្នាទៅមើលសត្វល្មេចនៅមាត់សមុទ្រវេលា​ម៉ោង​១៥ ល្ងាច​។ សត្វល្មេច​មាន​រូប​រាង​ដូច​អណ្ដើក​ដល់​ពេលវារៀបពងម្ដងៗវាតោងឡើងពីទឹកសមុទ្រមកគយគន់រកមើលទីកន្លែង សំរាប់ពងនៅ​ឆ្នេ​ខ្សាច់ ដែល​មាន​ដុះ​ខ្សាច់​ជា​ពំនូក​ៗ រកេត​រកូត​ពាស​ពេញ​។ សត្វល្មេចវាច្រើនអីតក្បាលពីទឹកនៅវេលាម៉ោង ១៥-១៦ល្ងាច។ បើមិនឃើញ​មាន​មនុស្ស​ម្នា​ទេ​ នៅ​ពេល​ម៉ោង​១៨​ព្រ​លប់​វា​ក៏ឡើងមករកពង។ ឯពួកមនុស្សទោសនៅ ពួនរង់ចាំអោយសត្វនេះវារកកន្លែងពងបានសិន​មិន​ទាន់​ទៅ​ជិត​វា​ទេ​។ លុះ​វា​បាន​កន្លែង​ហើយ វា​កាយ​ដី​ខ្សាច់ធ្វើរណ្ដៅដោ យជើងមុខជំរៅប្រហែល៣រឺ៤សង់ទីម៉ែត្រ ទើបវាបែរ​ក្បាល​ចេញ​ក្រៅ​រួច​ទយ​គូថ​ទៅ​ពង​ដាក់​ក្នុង​រណ្ដៅ​នោះ​។ លុះ​វា​ពង​បាន​ប្រហែលពី១៥ទៅ២០ពងហើយ ទើបពួកនោះស្ទុះទៅជួយកេះ​កកាយ​បញ្ចេញ​ពង​វា​អោយ​ចេញ​មក​ឆាប់​។ ក្នុង​ល្មេច​មួយ វា​ពង​ម្ដងៗពី២០០ ទៅ២៥០ យ៉ាងតិច។ គេលើកសត្វល្មេចនោះដាក់អោយវាផ្ងារជើងឡើង​លើ ដែល​នាំ​អោយ​វា​ទៅ​ណា​មិន​រួច នៅ​តែ​មួយ​កន្លែង​នោះ រួចគេស្រែកហៅគ្នាអោយជួយយកស្មែងមកសែងសត្វនោះទៅធ្វើម្ហូបទទួល​ទាន​តាម​ត្រូវ​ការ រៀង​ៗ​ខ្លួន​។ ស៊ុត​វា​នៅ​ក្នុង​រណ្ដៅ​ចំនួន​ពី៣៥ទៅ៤៥ថ្ងៃទើបញាស់។ នៅពេលជិតញាស់ពួកអ្នកទោសនាំគ្នារករបោយគ្រប់មុខ​មាន​ជី សាលាត​ជា​ដើម​ព្រម​ទាំង​ទឹក​ត្រី​បាញ់​ហយ​មួយ​ដប និងស្រាសពីរលីត្រជាមួយនិងឆ្នាំងចង្ក្រាន ទៅកន្លែងដែលល្មេច កប់​ស៊ុត​នោះ​។ គេ​យក​សំណាញ់​បង់​ត្រី​ព័ទ្ធ​ធ្វើ​របង​ជុំវិញ​កន្លែង​នោះ។ ដល់ពេលស៊ុតវាញាស់បាន ២-៣ម៉ោងអស់ហើយវា វារឡើងមកលើក៏ជាប់​ទើរ​នឹង​សំណាញ់ រក​ទៅ​ណា​មិន​រួច​។ គេ​ដាំ​ទឹក​អោយ​ពុះ​ចាំ​ជា​ស្រេច ទើបគេដាក់ទឹកសាបនឹងចានដែក រឺឆ្នាំងបាយក៏បាន គេចាប់កូន​ល្មេច​នោះ​១​ម្ដង​ៗ​ជ្រលក់​ទៅ​ក្នុង​ឆ្នាំង​ទឹក​ពុះ​នោះ​មួយ​ស្របក់​ក៏​យក​មក​ផ្ទាប់​នឹង​របោយ ជ្រលក់ទឹកជ្រលក់បាញ់ហយទទួលទាន ដោយក្លែមស្រាបន្ដិច​ផង មាន​ឱជា​រស​ឆ្ងាញ់​ជាង​សាច់​មាន់​ទា​គោ ទៅ​ទៀត ត្បិតស្នូកវា​នៅទន់នៅឡើយនៅច្រុបៗផ្អែមឆ្ងាញ់ណាស់ សមត្រូវនឹងស្រាសស្រឿង​ៗ​ថែម​ទៀត​នាំ​អោយ​ទទួល​ទាន​បាន​ច្រើន​ណាស់ ណា​មួយ​ត្រូវ​ខ្យល់​អាកាសសមុទ្រត្រជាក់វេលាថ្ងៃរសៀលទៀតផង នាំសប្បាយភ្លេច​សេច​ក្ដី​លំបាក​វេ​ទនា និង​ភ្លេច​ស្រុក​ទេស​១​គ្រា​ទៅ​ដែរ​។ របៀប​ទទួល​ទាន​នោះ​មិន​ខុសគ្នាពីយើងទទួលទានចាវហន ឬបាញ់ហយប៉ុន្មានទេ។

Comments
Loading...