១១ -មរណភាពនៃអាចារ្យហែមចៀវ
នៅកន្លែងដិកយុកនេះខ្លួនខ្ញុំដូចមនុស្សមានឥស្សរភាពពេញទី អាចបំភ្លេចបាននូវសេចក្ដីទុក្ខលំបាកទាំងប៉ុន្មាន។ ប៉ុន្ដែយ៉ាងណាក៏ដោយខ្ញុំនៅតែនឹកស្រមៃ ចំពោះជោគវាសនារបស់ខ្ញុំទៅអនាគត និងអានាគតប្រទេសយើងដែរ ម្យ៉ាងទៀតខ្ញុំនឹកគិតដល់លោកគ្រូអាចារ្យហែមចៀវ លោកនួន ឌួង លោកប៉ាចឈីន ដែលគេប្រកាសនៅព្រៃនគរថា ត្រូវប្រហារជីវិតហើយ ដែលថាចាំធ្វើសំណុំរឿងទៅលោកឧត្ដមសេនិយប៉េតាំងឯក្រុងបារីស ដើម្បីសុំសំរាលទោសនោះ តើបានស្រាលខ្លះដែរ ឬក៏ត្រូវគេប្រហារជីវិតទៅហើយ? ខ្ញុំគិតថា បើគេបន្ថយទោសខ្លះនោះប្រហែលអ្នកទាំង៣នេះមិនទាន់ស្លាប់ទេ ហើយប្រហែលជាបានត្រូវគេបញ្ជូនមកកាន់កោះត្រឡាចនេះដែរហើយ។
ខ្ញុំនៅដិកយុកនេះបានជា៤ខែ ទើបបានដំណឹងថា លោកអាចារ្យហែមចៀវ លោកនួន ឌួង លោកប៉ាច ឈឺនត្រូវគេបញ្ជូនមកកោះត្រឡាចនេះមែន បញ្ជូនមក១ខែហើយគឺក្នុងខែមិថុនា ១៩៤៣។ ខ្ញុំសើបទៅដឹងថា គេដាក់អ្នកទាំង៣ អោយនៅគុកលខ ៤ជាកន្លែងទោសឧក្រិដ្ឋទោសអស់អាយុទាំងអស់គ្នា។ កន្លែងនោះគេអោយនាក់ទោសវេញខ្សែពួរ ធ្វើរបស់ផ្សេងតាមការបង្គាប់របស់បារាំង។
កន្លែងគុកទី៤នោះគេហាមដាច់ខាតមិនអោយមនុស្សទោសផ្សេងទៅសាកសួរសុខទុក្ខមនុស្សទោសដែលនៅក្នុងនោះសោះឡើយ។ ជាហេតុនាំអោយពិបាកទាក់ទងគ្នាណាស់ ប៉ុន្ដែយ៉ាងណាក៏ដោយខ្ញុំក៏ចេះតែខំលបលាក់ផ្ញើរបស់របរទៅជូនលោក ទាំង៣នាះបានខ្លះៗដែរ ហើយបានដំណឹងសុខទុក្ខពីទីគុកលេខ៤នោះខ្លះៗដែរ ដោយសារតែពួកមនុស្សទោសដែលគេប្រើអោយចេញចូលក្នុងទីនោះម្ដងម្កាលគេនិយាយអោយពត៌មាន។
លោកអាចារ្យហែមចៀវ និងលោកនួនឌួង នៅក្នុងគុកនោះបាន៦ខែ ក៏មានរោគាពាធ្យបៀតបៀន។ លោកអាចារ្យហែមចៀវមានរោគមួលជាខ្លាំង។ ឯលោកនួនឌួងកើតរោគស្ពឹកដៃជើង។ លោកនួនឌួងត្រូវពេទ្យចាក់ថ្នាំច្រើនម្ជុលពេក ក៏កើតបូសត្រង់ត្រគាកហើមយ៉ាងធំ ហើយពេទ្យក៏វះយកខ្ទុះចេញយ៉ាងសែនវេទនា។ ដោយអ្នកទោសនោះមានជំងឺកាន់តែដាបណាស់ នោះគេក៏បញ្ចេញយកទៅដាក់មន្ទីរពេទ្យទាំងពីរនាក់។
ខ្ញុំប្រញាប់ទៅសាកសួរនៅមន្ទីរពេទ្យ ក៏ស្លុតចិត្ដតែម្ដង ត្បិតឃើញអ្នកទាំងពីរទុរន់ទុរាណាស់ទៅហើយ ហើយឃើញលោកអាចារ្យហែមចៀវធ្ងន់ដាបជាងលោកអាចារ្យនួនឌួងទៅទៀត។ មើលទៅមិនធារទេ… រោគមូលនៅស្រុកកោះត្រឡាចនោះ ពិបាកព្យាបាលណាស់គ្មានថ្នាំសង្កូវសោះ ពេទ្យនោះយកតែទឹកសមុទ្រ ឬទឹកកំបោរសអោយផឹកប៉ុណ្ណោះ។ ខ្ញុំដូចជាបានដឹងមុនស្រេចហើយថាលោកអាចារ្យហែមចៀវ មិនបានរស់រានមានជីវិតយូរទេ។ ខ្លោចចិត្ដណាស់ខ្ញុំក៏បានទាក់ទងនឹងមនុស្សទោស ជាកម្មករដែលរក្សាពេទ្យនោះអោយរវាំងជួយមើលលោកអាចារ្យទាំងពីរផង។ ខ្ញុំបានអោយប្រាក់ទៅពួកមនុស្សទាំងនោះ អោយគេយកចិត្ដទុកដាក់ចំពោះអ្នកជំងឺទាំងពីរ ហើយខ្ញុំបានផ្ដាំពួកនោះទៀតថា ប្រសិនបើអ្នកទាំងពីរនោះស្លាប់ ហើយតំរូវអោយយកទៅកប់នោះសូមមេត្ដាលៃលកកប់អោយបានស្រួលបួលផង ហើយកុំអោយកប់លាយលំជាមួយអ្នកឯទៀតអោយសោះ។ នៅកោះត្រឡាចមានពេលខ្លះមនុស្សទោសស្លាប់ច្រើនខ្មោចនោះគេយកទៅកប់៣-៤នាក់តែមួយរណ្ដៅក៏មាន។ ខ្ញុំសុំអោយគេអនុគ្រោះដូច្នេះព្រោះគិតថា បើលោកគ្រូអាចារ្យហែមចៀវ ឬលោកគ្រូអាចារ្យនួនឌួងស្លាប់ទៅនោះខ្ញុំក៏អាចបានដឹងបានស្គាល់នូវផ្នូររបស់លោកតទៅទៀតដែរ។ កាបប៉ូរ៉ាល់ពេទ្យនិងកម្មករពេទ្យ ក៏ទទួលតាមសំណូមពររបស់ខ្ញូំ។ ខ្ញុំមកកន្លែងវិញដោយទឹកចិត្ដបារម្ភ។
ក្រោយមកខ្ញុំក៏បានដឹងថា លោកគ្រូអាចារ្យហែមចៀវបានស្លាប់ទៅហើយ! ដំណឹងនេះមិនបណ្ដាលអោយខ្ញុំរន្ធត់ចិត្ដអ្វីទេ ព្រោះខ្ញុំដូចជាបានដឹងមុនស្រេចទៅហើយ ប៉ុន្ដែសេចក្ដីខ្លោចផ្សាស្ដាយស្រណោះដ៏ធំធេងរបស់ខ្ញុំ ចំពោះលោកគ្រូអាចារ្យហែមចៀវ ធ្វើអោយទឹកភ្នែកខ្ញុំផុសផុលឡើងរលីងរលោងឥតដឹងខ្លួនតែម្ដង។ ខ្ញុំរលះរលាំងទៅពេទ្យសួរលោកនួនឌួង។ លោកនួនឌួងក៏ខ្សឹកខ្សួលអួលដើមកនិយាយថា លោកអាចារ្យហែមចៀវ ខូចពិម្សិលមិញទៅហើយ ហើយពួកពេទ្យក៏ជួយយកចិត្ដទុកដាក់ណាស់ដែរ គេជួយរុំសពលោកនឹងកន្ទេលមួយ ហើយរុំក្រមាស្អាតបាត មានខ្សែចងត្រឹមត្រូវ ហើយគេនាំយកសពនោះដាក់រទេះរុញមួយយកទៅបញ្ចុះបាត់ទៅហើយ!។
ខ្ញុំមានកិរិយាធេងធោងធ្ងន់ដោយទំងន់ទុក្ខ បានងើបចេញទៅជួបកាប៉ូរ៉ាល់ពេទ្យនោះដើម្បីសូមអោយគេជូនទៅមើលផ្នូរសព លោកគ្រូដ៏កំសត់នេះ។ លោកកាប៉ូរ៉ាល់នោះ ក៏ប្រញាប់ជូនទៅមើលកន្លែងបញ្ចុះសពនោះ។ ផ្នូរនោះគឺនៅលើភ្នំខ្សាច់ក្នុងចំណោមផ្នូររាប់ពាន់ឯទៀត។ នៅមុខផ្នូរទុគត៌នោះមានផ្លាកក្ដារតូចមួយសរសេរលេខ១១១៣។ លោកកាប៉ូរ៉ាល់បញ្ជាក់ប្រាប់ខ្ញុំថា គេគោរពតាមបណ្ដាំខ្ញុំទាំងអស់ គេកប់សពនេះដាច់តែឯងមិនលាយលំនឹងសពឯទៀទេ។
ខ្ញុំឈរទ្រឹងសំលឹងផ្នូរលោក ដោយទង្គឹះខ្សឹកខ្សួល រួចងើបមើលទៅនាយ ដើម្បីអោយខ្សែខ្យល់ដែលបក់មកពីសមុទ្រផាត់មកលើមុខខ្ញុំ ជួយលុបលាងទឹកភ្នែកដែលបានរអិលចុះ…
កន្លងពីរបីថ្ងៃក្រោយមក ខ្ញុំក៏នាំអ្នកទោសនៅកន្លែងខ្ញុំបានបីនាក់អោយជួយយកដុំថ្មធំៗ ល្មមដាក់នៅលើផ្នូរនោះបានប្រមាណជា២០ដុំជាគ្រឿងសំគាល់ចំណាំទីនោះតទៅ។
អស់លោកអ្នកទាំងឡាយ! មកដល់ទំព័រនេះ ខ្ញុំយល់ថា អស់លោកអ្នកពិតជាមានមនោសញ្ចេតនា ក្ដុកក្ដួលរំជួលចិត្ដអាណិតលោកគ្រូអាចារ្យហែមចៀវមិនខានសោះឡើយ ដែលលោកស្លាប់ចោលឆ្អឹងនៅលើកោះដ៏សែនឆ្ងាយ លន្លង់លន្លោចយ៉ាងនេះ។ លោកស្លាប់ព្រោះតែរឿងជាតិខ្មែរ សាសនានិងរដ្ឋខ្មែរតែម្យ៉ាងប៉ុណ្ណោះ លោកស្លាប់ដោយឯកោគ្មានបងប្អូន មានតែលោកនួនឌួងជាមិត្ដប៉ុណ្ណោះ។
គួរអោយខ្លោចចិត្ដណាស់! លោកនួន ឌួងថាលោកគ្រូនេះត្រូវស្លាប់នៅលើភ្លៅគាត់ដែលឈឺដូចគ្នា។ លោកនួនឌួងគាត់បាន ជួយច្របាច់រឺតជូនលោករហូតដល់ទីបំផុត លោកយកក្បាលលោកមកកើយលើភ្លៅគាត់រួចក៏ផុតដង្ហើមទៅ….. លោកអាចារ្យហែមចៀវ កើតនៅថ្ងៃអង្គារ ខែមាឃ ឆ្នាំច គ.ស១៨៩៩។ លោកទទួលមរណភាពក្នុងជន្មាយុ ៤៥ឆ្នាំ នៅចុងឆ្នាំ ១៩៤៣ ថ្ងៃខែខ្ញុំពុំបានចាំប្រាកដ។
លោកគ្រូអាចារ្យហែមចៀវ មានស្មារតីរឺងណាស់ មុននឹងស្លាប់លោកបាននិយាយនឹងលោកនួនឌួងថាៈ «ខ្ញុំមិនខ្លាចសេចក្ដីស្លាប់ទេ តែខ្ញុំនៅនឹកស្ដាយត្រង់មិនបានឃើញប្រទេសកម្ពុជាបានឯករាជ្យតែម្យ៉ាងប៉ុណ្ណោះ»។ នេះជាសំដីវីរបុរស នេះជាគតិពេចន៍នៃអ្នកតស៊ូក៏គួរអោយគោរពនិងលើកតំកើង។
១២ -អ្នកប្រដាល់ជើងឯកនៅកោះត្រឡាច
ខ្ញុំនៅកន្លែងដិកយុកបានជាមួយឆ្នាំ។ លុះដល់ខែកញ្ញា ១៩៤៣ បានលឺដំណឹងថាមានមនុស្សទោសជាច្រើនចំនួន៤០០នាក់ ដែលគេបញ្ជូនមកពីព្រៃនគរ ក្នុងរវាង២-៣ថ្ងៃនេះ។ ក្នុងចំនួននេះមានឈ្មោះយ៉សាវត្រឿងម្នាក់ និងម្នាក់ទៀតឈ្មោះ យ៉បាតុង ដែលជាអ្នកជើងឯកខាងប្រដាល់ឆើតល្បីឈ្មោះក្នុងដែនឥណ្ឌូចិន។ កាលពីដើមខ្ញុំធ្លាប់បានស្លាល់ជើងប្រដាល់ទាំងពីរនាក់នេះ ដែលបានទៅប្រដាល់នៅក្រុងភ្នំពេញ ក្នុងឱកាសពីធីបុណ្យតាំងតុ ចំរើនព្រះជនវស្សាព្រះករុណា។ កន្លែងប្រកួតនោះ គេធ្វើត្រង់ដើមអំពិលមួយដើម ដោយរោងល្ខោនអ្នកអ៊ុកនៅជិតផ្ទះកំណើតខ្ញុំនៅផ្សារស៊ីញែក (មុខវត្ដឧណ្ណាលោម)ប្រហែល១០០ម៉េត្រ។ កន្លែងនោះឥលូវនេះគេសង់ផ្ទះថ្មអស់ទៅហើយ។ ហើយកាលពីឆ្នាំ១៩៣៨ ខ្ញុំបានទៅមើលការប្រកួតគ្នាឯបាត់ដំបង រវាងអ្នកប្រដាល់ទាំងពីរនេះ និងជាតិសៀមមកពីបឹងកក។ ខ្ញុំបានកោតសរសើរស្នៀតអ្នកទាំងពីរនោះថែមទៀត។ កាលជំនាន់នោះ នៅស្រុកខ្មែរយើងក៏មានអ្នកកីឡាប្រដាល់ជើងឯកៗដែរ ដូចជាឈ្មោះ មៀច ចន ដោយឆាយ ឆេងជាដើម។ ឯដោយឆាយ ឆេងពេលនោះជាសិស្សរបស់ខ្ញុំដែលបានហាត់វិជ្ជានេះនៅវាលមេរុរាល់ល្ងាច រហូតដល់ខ្ញុំមានរឿងទៅ នៅកោះត្រឡាចតែម្ដង។ ដោយឆាយឆេង ក្រោយមកក្លាយខ្លួនទៅជាអ្នកជើងឯកអន្ដរជាតិខាងប្រដាល់នៅឥណ្ឌូចិនក្នុងឆ្នាំ ១៩៤១-១៩៤២ ហើយបានកាត់ទៅដាល់នៅហាណូយនិងព្រៃនគរជាដើម។
នៅពេលដែលដឹងថា អ្នកកីឡាទាំងពីរមកដល់កោះត្រឡាចហើយ ខ្ញុំនឹកបារម្ភក្នុងចិត្ដថាម្ដងនេះអញពិបាកស៊ីវាហើយ ពីព្រោះសុទ្ធតែជើងឆើតៗរបស់ជាតិយួនតែម្ដង។ លុះដេកគិតដើរគិតសព្វគ្រប់ទៅ ខ្ញុំក៏ចាត់បងហ ទៅស៊ើបសួរពត៌មានពីអ្នកទាំងពីរនេះ តើនៅកន្លែងណា សព្វថ្ងៃនេះ និងសួរដំណើររឿងរ៉ាវរបស់វា តើមានរឿងអ្វី គេកាត់ទោសប៉ុន្មានឆ្នាំ? ជាប់គុកបានប៉ុន្មានឆ្នាំហើយ? លុះទៅស៊ើបការឯក្រុងកោះត្រឡាចបានមួយយប់មួយថ្ងៃ ទើបបងហត្រលប់មកវិញ ហើយផ្ដល់ពត៌មានថាៈ ពួកនេះបារាំងចាប់ដាក់គុកចំនួន៦ខែមកហើយ គេវាយវាខ្លាំងណាស់ដោយចោទថាវាជាពួកកៅដាយប្រឆាំងនឹងបារាំង។ រូបរាងវានៅសមសួនជាអ្នកមានកំលាំងពលំបរិបូណ៌នៅឡើយ។ សព្វថ្ងៃវានៅគុកលេខ៥ធ្វើការនៅរោងម៉ាស៊ីនភ្លើង។ លឺដូច្នេះខ្ញុំគិតថា នៅថ្ងៃណាមួយខ្ញុំ នឹងទៅលបមើលពួកនេះអោយឃើញច្បាស់នឹងភ្នែកមិនខាន។
សូមថ្លែងពីពួកយួនវិញ គេនាំគ្នាដើរឃោសនាថាម្ដងនេះអាន់បាម៉ុល (1) ពិបាកស៊ីអ្នកកីឡាពីរនាក់នេះហើយ! ដោយហេតុអ្នកទាំងពីរនេះជាកីឡាជើងឯកនៃប្រទេសឥណ្ឌូចិន ជាតិយួនយើងមុខជានឹងបានជ័យជំនះវិញមិនខាន។ ពួកជាតិយួនជាមនុស្សទោស និងស៊ីវិលដែលខ្ញុំបានជួប តែងតែសាកសួរខ្ញុំថា ម៉េចអាន់បាម៉ុល ម្ដងណេះមានផ្លូវឈ្នះអ្នកកីលាថ្មីពីរនាក់នោះទេ? ព្រោះអ្នកទាំងពីរនេះជាជើងឯកនៅព្រៃនគរ នរណាក៏ដឹងស្គាល់ដែរ។ ខ្ញុំឆ្លើយថា ចំណែកខ្លួនខ្ញុំវិញមិនហ៊ានអារកាត់ទេ ត្បិតមិនទាន់បានសមដៃគ្នាមើលនៅឡើយ ប៉ុន្ដែអោយខ្ញុំចាញ់មុនការប្រយុទ្ធនោះសុំទោសទៅចុះខ្ញុំមិនព្រមចាញ់ទេ។ មានមេតំរួតជាតិយួនជាច្រើននាក់បាននិយាយនឹងខ្ញុំថា គេអាណិតខ្ញុំណាស់ខ្លាចក្រែងស្លាប់អាសារឥតការ អោយសុំញ៉មគូប្រយុទ្ធតែម្ដងទៅ។ ខ្ញុំស្ទង់ចិត្ដពួកមេតំរួតជាតិយួនទាំងនេះមិនស្គាល់សោះ ពុំដឹងជាគេអាណិតខ្ញុំដោយស្មោះ បានជាគេអោយខ្ញុំសុំញ៉មមុនដូច្នេះ ដោយគេយល់ច្បាស់ថាខ្ញុំពិតប្រាកដជាមិនឈ្នះគូប្រយុទ្ធថ្មិមែន ឬមួយក៏គេមានគំនិតបោកប្រាស់អោយខ្ញុំសុំចាញ់មុនប្រយុទ្ធ ដើម្បីគេនឹងសប្បាយចិត្ដសើចលេងក៏មិនដឹង។ ប៉ុន្ដែតាមខ្ញុំស្គាល់ចិត្ដថ្លើមនៃលោកទាំងនេះពីមុនមក ពុំមែនជាគំនិតក្រឡិចក្រឡុចឡើយ ប្រហែលជាគេអាណិតខ្ញុំ ខ្លាចខ្ញុំស្លាប់មែន ពីព្រោះជើងប្រដាល់ថ្មីពីរនាក់នេះនៅទីក្រុងព្រៃនគរនោះ ជាតិយួនទាំងប្រទេសដែលចូលចិត្ដខាងកីឡាប្រដាល់សឹងបានស្គាល់ឈ្មោះ ស្គាល់មុខគ្រប់ៗគ្នាថា ជាអ្នកល្បីពូកែទាត់ធាក់ ដល់មានល្បិចស្នៀតពួកែណា ស់ តេធាក់ដាល់ត្រូវគូប្រយុទ្ធម្ខាងហើយ បើមិនក្អួតឈាមក៏គង់សន្លប់បាត់ស្មារតីដែរ។ មានអ្នកខ្លះក្រោយពេលដាល់ទៅជាមនុស្សល្ងីល្ងើវិកលចរិតក៏មានដែរ ដោយសារដៃជើងរបស់អ្នកទាំងពីរនេះធ្ងន់ណាស់។ ខ្ញុំនឹកភ័យខ្លាចដែរ ប៉ុន្ដែមកនឹកឃើញថា ការអ្វីៗមិនត្រូវខ្លាចមុខពេលដែលមានសាកល្បងមើលនោះទេ។ មួយទៀតធម្មតាជាតិយួនចូលចិត្ដហ៊ានហួសហេតុ ប៉ុន្ដែលោខ្លាចវិញក៏ហួសហេតុដែរ ដូចខ្ញុំជំរាបមកហើយ។ សូមមិត្ដប្រយ័ត្នអោយមែនទែនកុំអោយចាញ់បោកជាតិនេះ ពួកវាចូលចិត្ដនិយាយអួតពេក។ ឧទាហរណ៍ដូចរឿងរកស៊ីចូលហ៊ុនគ្នា ត្រូវយើប្រយ័ត្ន វាមានប្រាក់តែ ១០០០០៛វានិយាយថា មានដើមទុនដល់ទៅ១៥០០០០៛។ បើគ្នាវាមានតែ១០នាក់ វាអួតបំភ័យយើងថា មាន១០០ ឬ២០០នាក់ជាប្រាកដ។ បើយើងស្លឹកត្រចៀកស ច្បាស់ជាចាញ់កលហើយ។ ម្យ៉ាងទៀតដូចជានៅពេលបច្ចុប្បន្ននេះ ដែលវាចូលមកវាយយើងនៅកន្លែងណាមួយ គ្នាវាមានតែ១០នាក់ ឬ២០នាក់ វានិយាយពន្លើសថាមាន១០០ ឬ២០០នាក់សុទ្ធតែមានអាវុធគ្រប់ដៃ។ តែការពិតវិញ គឺពួកវាមានគ្នាតែ៤-១០នាក់ មានអាវុធ៤-៥ដើមប៉ុណ្ណោះសោះ។ ប៉ុន្ដែមានពេលខ្លះដែលវាកុហកលែងកើតលែងបានផល វាក៏ត្រលប់ជាប្រើពាក្យពិតទៅវិញ ដែលនាំអោយយើងលំបាកក្នុងការស្ទង់គិនិតរបស់វាណាស់។ ហេតុនេះដើម្បីបញ្ជាក់ការពិត ត្រូវយើងចាត់គ្នាទៅលបមើលផ្ទាល់អោយច្បាស់ថាពួកវាតិចឬច្រើន មានអាវុធតិចឬច្រើន ទើបយើងចាត់ការបានលទ្ធផលល្អ កុំចេះតែជឿតៗគ្នា ហើយនាំគ្នាភ័យផ្អើលដូចជាទន្សាយភ្ញាក់នឹងផ្លែភ្នៅជ្រុះនោះ។ សុភាសិតបុរាណបានប្រដៅថា កុំទុកចិត្ដបរទេស ប្រហែសវាបាត់ ប្រយ័ត្នវាគង់ ដែលត្រូវអោយយើងចង់ចាំអោយជាប់ជានិច្ចក្នុងចិត្ដ ទើបយើងធ្វើការជាមួយ ជាតិយួនក្រឡិចក្រឡុចនេះបាន។
ថ្ងៃខែចេះតែកន្លងទៅមុខជានិច្ច ចូលដល់ខែធ្នូ ១៩៤៣ ខ្ញុំបានទទួលសំបុត្រមួយច្បាប់ពីលោកទូសទូ អនុញ្ញាតអោយខ្ញុំទៅហាត់ដាល់សមដៃនៅឯទីក្រុងកោះត្រឡាច រាស់ថ្ងៃសោរ៍នៅពេលល្ងាចម៉ោង១៥។ មុននឹងសមដៃឯកោះត្រឡាច ខ្ញុំបានហាត់ម្នាក់ឯងនៅកន្លែងដិកយុក ដើម្បីប្រុងការទុកតាំងពីខែតុលាម៉្លេះ។ ខ្ញុំខំហាត់រហូតចូលប្រយុទ្ធតែម្ដង ឥតមានភ្លេច ភ្លាំងស្នៀតអ្វីឡើយ។ នៅកន្លែងដិកយុកនោះ ជាកន្លែងគួរអោយចាប់ចិត្ដក្នុងការហាត់កីឡាណាស់ ដូចជាដាល់បាវខ្សាច់ នៅលើភ្នំខ្សាច់។ ខ្ញុំហាត់ដាល់បាវខ្សាច់ពី៣០ ទៅ៤០នាទីទើបខ្ញុំចុះទៅមាត់សមុទ្រ រួចហាត់រត់តាមមាត់សមុទ្របាន១ម៉ោងទៅ ១ម៉ោង៣០នាទី រួចហើយទើបចុះក្នុងទឹកសមុទ្រអោយបានត្រឹមស្មា ទើបហាត់ដាល់ទឹកសមុទ្រទៀត ដោយយកដៃទាំងពីរដាល់ទឹកសមុទ្រ អោយឡើងបែកសំពោងបាន២០ ឬ៣០នាទី ហើយក៏រត់ឡើងទៅលើភ្នំខ្សាច់ម្ដងទៀត។ ក្នុងការរត់ឡើងភ្នំខ្សា ច់នេះ ដៃខ្ញុំទាំងពីរមានកាន់ដុំដែកទំងន់ប្រហែល១០គីឡូនៅដៃម្ខាងៗផង។ លុះរត់ចុះរត់ឡើងបាន៣-៤បក ទើបឈប់សំរាក។ ធ្វើតែយ៉ាងនេះរាល់ព្រឹក ដែលនាំអោយមានកំលាំងពេញបរិបូរណ៌ បើដាល់១០ទឹក ក៏ស៊ូបានមិនសូវហត់ដែរ។ ប៉ុន្ដែក្នុងពេលដាល់គេអោយដាល់តែ៣ទឹកទេ។ ខ្ញុំខំហាត់ដូច្នេះបានពីរបីខែ ក៏បានឡើងកំលាំងពេញបរិបូរណ៌ណាស់។ ចំណែកអ្នកកីឡាទាំងពីរនាក់ជាគូរប្រយុទ្ធនោះ គេអោយវាហាត់ដែរ តែនៅកន្លែងវាគ្មានកន្លែងហាត់ស្រួលដូចកន្លែងខ្ញុំទេ គឺវាហាត់តែក្នុងគុក បានត្រឹមតែលោតខ្សែ ដាល់បាវខ្សាច់ប៉ុណ្ណោះ ទទួលទានមិនបានបរិបូណ៌ ដេកមិនស្រួលជាហេតុនាំអោយខូចកំលាំងផងដែរ។
លុះដល់ថ្ងៃទី១៥ធ្នូ ១៩៤៣ទើបគេអោយយើងសមដៃគ្នា។ នៅពេលនោះ ខ្ញុំបានឃើញរូបរាងមុខមាត់គួប្រដាល់ទាំងពីរនាក់ច្បាស់ហើយ។ បាសាវត្រឿងចាស់បន្ដិចអាយុប្រហែល៤២-៤៣ឆ្នាំជាអ្នកប្រដាល់របៀបបុរាណ ជើងទាំងពីរធំៗ មាឌធំខ្ពស់ជាងខ្ញុំ។ ឯយ៉បាតុងវិញរូបរាងមូលទាបជាងខ្ញុំបន្ដិច តែយ៉បាតុងដាល់ឈ្នះសាវត្រឿង រាងរហ័យរហួនជាងសាវត្រឿងច្រើន ។ នៅពេលសមដៃសាវត្រឿងចូលមុន។ លុះសមបានពីរបីទឹកហើយក៏ឈប់ ទើបយ៉បាតុងចូលមកសមតទៅទៀត ប៉ុន្ដែមុននឹងចូល គេបានសួរខ្ញុំជាមុនថា ដាល់ទៀតបានទេ? ខ្ញុំឆ្លើយថាដាល់បាន។ ទើបគេអោយចូលដាល់ថែមទៀត។ លុះសមជាមួយយ៉បាតុងគ្រប់បីទឹកហើយទើបឈប់។ ក្នុងពេលសមនេះ ខ្ញុំចេះតែសង្កេតបណ្ដើរសមបណ្ដើរ ដើម្បីមើលស្នៀតគូប្រយុទ្ធអោយច្បាស់។ ក្រោយនោះមនុស្សខ្មែរ យួនដូចគ្នាចេះតែមកសួរខ្ញុំថា ម៉េចបងម៉ុលមានផ្លូវឈ្នះវាទេ? ខ្ញុំឆ្លើយប្រាប់ទៅវិញថា នៅមិនទាន់ប្រាកដទេ បើវានៅតែប្រើស្នៀតដដែលៗនេះ ខ្ញុំមានផ្លូវសង្ឃឹមខ្លះ លោជាវាប្រើស្នៀតអ្វីផ្សេងទៅវិញ ខ្ញុំមិនប្រាកដជាយ៉ាងណាទេ សូមរង់ចាំមើលដល់ថ្ងៃប្រយុទ្ធមែនទែនទៅចុះ! មាននាយតំរួតជាតិយួនខ្លះ ខ្មែរខ្លះ និងពួកមនុស្សទោសដូចគ្នាខ្លះ បានសួរបញ្ជាក់ខ្ញុំដោយចង់ដឹងថា ខ្ញុំមានសង្ឃឹមអាចយកជោគជ័យបានលើគូថ្មីនេះ? ដើម្បីគេនឹងភ្នាល់ដាក់ប្រាក់ស៊ីសងគ្នា ពីព្រោះនាយតំរួតយួននិងមនុស្សទោសជាតិយួន ភាគច្រើនគេបំរុងកាន់ខាងយ៉បាតុង គេត១០០ស៊ី៥០ ខ្ញុំចេះតែដេកដើរ ឈរគិតតើប្រាកដជាឈ្នះយ៉បាតុងបានទេ? បើវានៅតែប្រើស្នៀតដដែលនេះ ខ្ញុំមុខជាមានផ្លូវឈ្នះ តែប្រសិនបើវាប្រើស្នៀតថ្មីផ្សេងទៅវិញនៅពេលប្រយុទ្ធផ្ដាច់ព្រ័ត្រនោះ មិនប្រាកដជាយកឈ្នះវាបានឡើយ។ បើខ្ញុំប្រាប់គេថា ប្រាកដជាឈ្នះវាមែននោះជាការគាប់ប្រសើរ នាយតំរួតទាំងអស់នោះរឹងរិតតែស្រលាញ់រាប់អាន និងសរសើរខ្ញុំពេញទី ចុះបើលោតែចាញ់គេវិញនាយតំរួតព្រមទាំងមនុស្សទោសដូចគ្នា ដែលគេបានភ្នាល់ចាញ់ប្រាក់កាស គេមុខតែខឹងខ្លាំង ដល់ជួបមុខខ្ញុំកាលណា គេជេរប្រទេចស្លាប់ហើយ? គិតទៅគិតមកឃើញគ្មានចំណេញអ្វីសោះ ទើបខ្ញុំឆ្លើយប្រាប់ទៅវិញថា មិនប្រាកដជាឈ្នះគូប្រយុទ្ធទេ។ ពាក្យនេះចេះតែលឺសុះសាយទៅដល់យ៉បាតុង ក៏កើតក្ដីមើលងាយដល់រូបខ្ញុំតែម្ដង។ យ៉បាតុងបាននិយាយថា ខ្លួនគេនឹងយកជ័យជំនះលើអាន់បាម៉ុល បានដោយងាយជាហេតុនាំអោយតំរួតជាតិយួនទាំងប៉ុន្មានមានសេចក្ដីពេញចិត្ដគ្រប់ៗគ្នា។ គេដើរកាត់រកនាយតំរួតជាតិខ្មែរបបួលអោយភ្នាល់នឹងគេ តែអស់លោកខ្មែរប្រកែកពុំហ៊ានភ្នាល់ ដោយហេតុមិនបានការធានាពីខ្ញុំ ក៏បណ្ដាលអោយការភ្នាល់គ្នានោះស្ងប់ស្ងៀមទៅវិញ។ មានលោកខ្លះមិនអស់ចិត្ដចេះតែ មកទទូចសួរខ្ញុំអោយឆ្លើយច្បាស់។ ខ្ញុំក៏ឆ្លើយដោយសុភាពថា អ្នកប្រដាល់មិនប្លែកអ្វីពីមាន់ប្រជល់ទេ។ មាន់ម្ខាងដែលកំពុងមានជ័យជំនះ ដោយមានគូប្រយុទ្ធម្ខាងចង់ចាញ់ទៅហើយ ស្រាប់តែមាន់នោះលោតចាក់មួយខ្នាយត្រូវចំកន្លែងដំណាំណាមួយ មាន់ដែលមានជ័យនោះ ត្រលប់ជារត់ឬមួយស្លាប់ក៏មានដែរ។ ចំណែកខ្ញុំជាអ្នកប្រដាល់វិញ ប្រៀបបាននឹងមាន់ប្រជល់ដូច្នោះឯង។ មានពេលខ្លះខ្ញុំដាល់គូប្រយុទ្ធត្រូវយ៉ាងច្រើន គេមើលរាល់គ្នាមកឃើញខ្ញុំថា ច្បាស់ជាមានជ័យហើយស្រាប់តែភ្លាត់ស្នៀតធ្វើអោយគូប្រយុទ្ធដាល់ត្រូវកន្លែងដំណំតែមួយដៃវិញនោះ ខ្ញុំប្រាកដជាដួលសន្លប់បាត់មាត់តែម្ដង។ នេះហើយជាធម្មតានៃកីឡាប្រដាល់ នឹងអោយខ្ញុំធនាទុកជាមុនថាប្រាកដជាឈ្នះគូសត្រូវពុំបានទេ សុំទោសទៅចុះ!។
ខ្ញុំបានចូលប្រកួតសមដៃជាមួយយ៉បាតុង៥ដង ទើបចូលដល់ថ្ងៃ១មករា១៩៤៤ ជាការប្រកួតផ្ដាច់ព្រ័ត្រ។ នៅយប់ថ្ងៃទី៣០ធ្នូ ១៩៤៣ ខ្ញុំបានប្រាប់បងហមុនថា បើយ៉បាតុងប្រើតែស្នៀតដដែលដូចវាប្រើនៅថ្ងៃហាត់ធម្មតាទៀតមើលទៅខ្ញុំមានផ្លូវឈ្នះ ប៉ុន្ដែបើគេផ្លាស់ស្នៀតថ្មីវិញនោះមិនប្រាកដជាយ៉ាងណាទេ។
មិត្ដជាទីស្នេហា! យប់ថ្ងៃទី ១មករាឆ្នាំ ១៩៤៤ ជាថ្ងៃប្រយុទ្ធផ្ដាច់ព្រ័ត្រ ខ្ញុំអល់ឯកក្នុងចិត្ដ មិនទាន់ដាច់ស្រេចថាចាញ់ឬឈ្នះនៅឡើយ។ ខ្ញុំតែងនឹកសំបូងសំរោងដល់គុណបុណ្យព្រះរតនត្រៃ ព្រមទាំងមាតាបិតាជីដូនជីតានិងកុសលសីលទាន ដែលបានធ្វើមកទាំងប៉ុន្មាន សូមអោយលោកជួយជ្រោមជ្រែង អោយមានជ័យជំនះលើគូប្រយុទ្ធជាតិយួនដូចបំណង ដើម្បីអោយ ជាតិខ្មែរយើងមានកេរ្ដិ៍ឈ្មោះល្បីល្បាញលើទឹកដីកោះត្រឡាច។ មុនពេលប្រកួតខ្ញុំបានធ្វើទឹកក្រូចឆ្មាលាយស្ករសមួយកូនដបសូដា អោយបងហគាត់កាន់ទៅតាមខ្ញុំ។ ចំណែកលោកទូសទូ ក៏បានសួរខ្ញុំថា ម៉េចឯងមានផ្លូវឈ្នះយ៉បាតុងទេ? ខ្ញុំឆ្លើយជំរាបទៅគាត់វិញថា ខ្ញុំមិនទាន់ប្រាកដទេសែហ្វ! រួចលោកក៏ប្រាប់ខ្ញុំថា យ៉បាតុងនេះវាវាយបុក្ស (BOXE) នៅទីក្រុងព្រៃនគរកាលពីឆ្នាំ១៩៤២ នោះឃើញថាវាពូកែខ្លាំងណាស់ ឈ្លាសវាងវៃច្រើន! ហេតុនេះត្រូវឯងប្រុងប្រយ័ត្ន ហើយប្រឹងប្រែងអោយមែនទែន ទើបមានផ្លូវឈ្នះវាបាន! ខ្ញុំទទួលបាទ! នៅឆ្នាំនេះ លោកមេការក្រុងកោះត្រឡាច បានចាត់អោយរៀបចំកន្លែងប្រដាល់ក្នុងបរិវេណទាត់បាល់ (លានប្រកួតបាល់) ចំណុះមនុស្សប្រហែល៣០០នាក់។ កន្លែងអង្គុយមានកៅអីធំតូច សំរាប់ស៊ីវិល និងអ្នករាជការទាំងអស់។ ចំណែកមនុស្សទោសគេក៏ធ្វើជារានក្ដារបន្ទះវែងៗ អោយអង្គុយ។ មានលក់សំបុត្រចូលមើលការប្រកួត បើស៊ីវិលក្នុងម្នាក់ៗ តំលៃ៤រៀល ឯមនុស្សទោសក្នុងម្នាក់ៗយក២រៀល។ ពេលយប់ម៉ោង១៨:៣០ គេបើកលក់សំបុត្រ ដល់ម៉ោង២០ ទើបអោយបើកឆាកប្រកួត។
យប់នោះមានគូប្រកួត ១០គូ ហើយខ្ញុំ និងយ៉បាតុងជាគូចុងក្រោយ។ គួនីមួយៗប្រកួតគ្នាជាលំដាប់។ ដល់ម៉ោងជិត២២ទៅហើយទើបដល់គូចុងក្រោយគឺខ្ញុំនឹងយ៉បាតុង។ ទាំងស៊ីវិលទាំងមនុស្សទោសចូលទៅពេញកន្លែង ដោយហេតុតែចង់ឃើញមួយគូក្រោយនេះឯង។ ពេលនោះខ្ញុំភ័យផង អរផង ខំសូត្រពុទ្ធគុណជាប់ញាប់មាត់ស្អេក រហូតដល់ពេលចូលប្រកួតតែម្ដង។ នៅពេលឡើងលើសង្វៀនប្រកួតខ្ញុំបានទារទឹកក្រូចពីបងហ ដែលខ្ញុំអោយកាន់ និងជាអ្នកចាំអោយទឹកខ្ញុំផងដើម្បីយកមកទទួលទានបន្ដិច។ នៅពេលដែលទទួលដបទឹកក្រូចមកស្រាប់តែពិនិត្យទៅឃើញអស់ពាក់កណ្ដាលដប។ ខ្ញុំសួរបងហថា ម៉េចក៏ទឹកក្រូចអស់ពាក់កណ្ដាលដបទៅហើយ? គាត់ឆ្លើយថា យ៉បាតុងសុំផឹកបន្ដិចទៅហើយ! ខ្ញុំសួរថាម៉េចក៏ទៅអោយគេផឹកយ៉ាងអីចឹង? បងហឆ្លើយថា វាចេះតែទទូចសុំច្រើនដងពេក ទ្រាំមិនបានក៏អោយទៅ។ ខ្ញុំនឹកក្នុងចិត្ដថាយ៉បាតុង ប្រហែលជាមានការព្រួយបារម្ភញញើតខ្ញុំខ្លះជាមិនខាន ជឿថាខ្ញុំមានថ្នាំពូកែ ឬអ្វីៗហើយទើបសុំផឹកដូច្នេះ។ ជាធម្មតាជាតិយួនជាតិសៀមវាខ្លាចខ្មែរយើងណាស់ រឿងថ្នាំគង់និងសិប្បសាស្រ្ដ មន្ដវិជ្ជាផ្សេងៗ ដូចជាកាប់មិនមុតដុតមិនឆេះជាដើម។ ដូច្នេះហើយខ្ញុំមានកំលាំងក្នុងខ្លួនថែមបន្ដិចឡើងដោយគិតឃើញថា បើសត្រូវខ្លាចយើងហើយយើងមានផ្លូវឈ្នះវាជាមិនខាន។ គ្រានោះគេវាយរគាំងម៉ូង! អោយសញ្ញាប្រកួត។
ខ្ញុំនិងយ៉បាតុងដើរចូលរកគ្នា ឯអាជ្ញាកណ្ដាលអោយសញ្ញាថាប្រយុទ្ធបាន។ គ្រានោះយ៉បាតុងដាល់ខ្ញុំ១ដៃស្ដាំមុន តែខ្ញុំគេចផុតរួចវាក៏ថយក្រោយវិញ។ ទើបវាចូលដោយប្រុងប្រយ័ត្នមកម្ខងទៀត វាក៏ដាល់ខ្ញុំដោយដៃឆ្វេងផងដៃស្ដាំផង។ ដៃឆ្វេងវា ត្រូវមុខខ្ញុំបន្ដិច ខ្ញុំលោតថយក្រោយ រីឯដៃស្ដាំវិញដាល់ខ្ញុំខុសទទេ។ ពេលដែលខ្ញុំគេចផុតពីដៃស្ដាំវាទាន់ ខ្ញុំបានដាល់សងទៅវិញភ្លាម១ដៃស្ដាំត្រូវក្រោមចង្កាខាងឆ្វេង យ៉បាតុងផ្ងារក្រោយបន្ដិចហើយថយក្រោយពីរជំហានទើបទប់ជំហរនឹង។ ខ្ញុំចូលដាល់ថែម១ដៃស្ដាំទៀតជាការបញ្ឆោតសត្រូវប៉ុណ្ណោះ។ ពេលដែលសត្រូវគេចពីដៃស្ដាំខ្ញុំ ខ្ញុំក៏បានដាល់ដៃឆ្វេង១ដៃយ៉ាងខ្លាំងត្រូកំភ្លៀងខាងស្ដាំរបស់សត្រូវ យ៉បាតុងផ្ងាម្ដងទៀត។ ពេលនោះពួកអ្នកមើលជាតិបារាំង ខ្មែយួនស្រែកហោគ្រប់គ្នា ស្រែកអោយខ្ញុំថែម!!!។ ខ្ញុំដេញគូប្រយុទ្ធជាប់ទាល់តែដល់ទឹកទីមួយ ទើបរគាំងអោយសញ្ញាឈប់! វេលាឈប់សំរាកអោ យទឹកខ្ញុំប្រាប់បងហថា បើគេប្រើស្នៀតនេះតទៅទៀត ខ្ញុំមានផ្លូវឈ្នះប្រាកដ។ បងហឆ្លើយថា ខ្ញុំឃើញគូប្រយុទ្ធទន់ដៃហើយ!។
រគាំងទឹកទី២ ផ្ដើមឡើងម៉ូងៗ ខ្ញុំក៏ចូលទៅដល់ពាក់កណ្ដាលទី យ៉បាតុង ក៏ចូលមកដែរអាជ្ញាកណ្ដាលអោយសញ្ញាថាប្រយុទ្ធបាន ម្ដងណេះ ខ្ញុំបានដាល់សត្រូវមុនត្រូវត្រង់មុខមួយដៃយ៉ាងដំណំ។ យ៉បាតុងថយក្រោយ ខ្ញុំចេះតែដេញតាមបញ្ឆោតដៃឆ្វេង វាយដៃស្ដាំ ដេញតាមរហូតដល់ទៅចុងជ្រុងខែ្សព្រ័ត្រ ខ្ញុំដាល់ដោយដៃស្ដាំត្រូវចំធ្គាមមួយដៃយ៉ាងទំងន់។ យ៉បាតុងទ្រេត ខ្ញុំក៏ថែមដៃឆ្វេងពីរដៃផ្ទូនៗគ្នាទៅទៀត យ៉បាតុងរងមិនទាន់ក៏ដួលផ្ងារសន្លប់ឈឹង! ខ្ញុំថយក្រោយវិញ។ ឯអាជ្ញាកណ្ដាល ក៏តាំងរាប់១-២-៣ដល់គ្រប់១០ទើបឈប់តែយ៉បាតុងងើបមិនរួច ទើបគេមកលើកដៃខ្ញុំឡើងលើក្នុងនាមមានជ័យជំនះ។
សំរែកជយោ! ហ៊ោកញ្ជ្រៀវបានផ្ទុះឡើងកក្រើកទាំងលានប្រដាល់ទទួលជ័យជំនះខ្ញុំ!
មិត្ដភក្ដិជាទីស្នេហា! នៅពេលដែលបានឃើញយ៉បាតុងដួលសន្លាប់នោះ ខ្លួនខ្ញុំទៅជាភ័យព្រឺក្បាលសំពោង បន្ដិចមកទើបនឹកអរឡើងវិញដោយនឹកឃើញថា ខ្ញុំមានជ័យជំនះម្ដងនេះទៀតដូចជាមានជ័យជំនះអស់មួយជីវិតហើយ ដោយហេតុថា ឈ្មោះយ៉បាតុងជាជើងឯកនៅលើដីឥណ្ឌូចិន។ ខ្ញុំបានឈ្នះនេះ ដូចខ្ញុំបានឈរឈ្មោះនៅលើដីឥណ្ឌូចិនដូច្នោះដែរ។ នៅ ពេលនោះ ក្រុមរដ្នការ និងពួកអ្នកទោសជាមិត្ដបានស្ងើចសរសើរខ្ញុំសឹងគ្រប់គ្នា ព្រោះខ្ញុំជាមនុស្សត្រឹមត្រូវ ស្លូតបូតមិនចេះមើលងាយមនុស្សដូចគ្នាជាមនុស្សចិត្ដល្អ ចំពោះក្រុមមនុស្សទោសដូចគ្នា មិនដែលជេរស្ដីមនុស្សទោសនៅក្រោមបង្គាប់ មិនដែលប្រើពាក្យ អាមឹង អាឯង ទៅរកមនុស្សគ្នាឯងឡើយ។ ឃើញតែពាក្យសុភាពរាបសារថាបងប្អូនជាដរាប។ លុះ មកមានជ័យជំនះនេះក៏ត្រូវបានសំរេច នាំអោយមានសេចក្ដីសរសើរពីគ្រប់មជ្ឈដ្ឋាន ហើយសំខាន់បំផុត ជ័យជំនះនេះបានជួយអោយលោកទូសទូ ជាមេតំរួតរិតតែស្រលាញ់ទុកចិត្ដខ្ញុំទ្វេឡើងទៀត។ ឯមនុស្សនៅលើកោះត្រឡាចក៏រិតតែស្គាល់ខ្ញុំរាប់អានជាងមុនៗទៅទៀត។ គេចូលចិត្ដហៅថា អាន់បាម៉ុល យ៉ស៊ី (គឺជាអ្នកប្រដាល់ជើងឯក)។
=====កំណត់សម្គាល់=====
(1) ភាសាយួនអាន់បា ប្រែមកជាភាសាខ្មែរថាបងទី៣ ភា សាយួនហៅអាន់ហាយគឺបងទី២ គ្មានបងទី១ទេ មានតែបងទី២ ៣ ៤៘ បើហៅទី២ គឺបងបង្អស់ក្នុងទីនេះគេហៅខ្ញុំបងៗ ដូចខ្មែរយើងដែរ។
============================================================
១៣ -ទស្សនាចរនៅកោះត្រឡាច
នៅក្នុងឆ្នាំ១៩៤៤ ខ្ញុំបាន ដើរកំសាន្ដពេញទឹកដីកោះត្រឡាច គឺដើរជុំវិញកោះត្រឡាច។ ខ្ញុំដើរតែម្នាក់អែងវាងតាមឆ្នេរសមុទ្រ ដោយមានតែដាវវែងមួយ ដូចជាដាវជប៉ុនស្ពាយលើស្មា ឆ្ពោះទៅកាន់កន្លែងឈើហុបជាដំបូង នៅនោះខ្ញុំត្រូវបានកាប៉ូរ៉ាល់ កន្លែងនោះទទួលរាក់ទាក់ណាស់។ ឯមេតំរួតជាអ្នករាជការម្នាក់នៅទីនោះ ក៏ទទួលរាប់អានខ្ញុំដូចជាមនុស្សមានបុណ្យសក្ដិម្នាក់ដូច្នោះដែរ។ គេបានចាប់មាន់ទាធ្វើម្ហូបជប់លៀងខ្ញុំ រួចនាំទៅពិនិត្យកន្លែងដែលមនុស្សទោសរស់នៅព្រមទាំងអោយវត្ថុអនុស្សាវរីយ៍ដល់ខ្ញុំដូចជារូបចំលាក់អ្នកតាយួនជាដើម ព្រមទាំងអោយពរខ្ញុំថា សូមអោយអ្នកតានៅទីកោះត្រឡាចនេះជួយបីបាច់រក្សាខ្ញុំ អោយរស់រានមានជីវិត រហូតដល់បានត្រលប់ទៅស្រុកទេស ជួបមាតាបិតាញាតិកាកុំខានឡើយ ខ្ញុំក៏បានទទួលពរជ័យនេះដោយរីករាយ។ ក្រោយដែលធ្វើភក្ដកិច្ចពេលព្រឹកហើយ ខ្ញុំក៏បានលាគេបន្ដដំណើរទៅមុខទៀត។ ខ្ញុំចេញពីកន្លែងកាប់ឈើនៅម៉ោង១២ លុះដល់ម៉ោង១៦រសៀល ទើបបានដល់កន្លែងមួយឈ្មោះកាអុង ដែលជាកន្លែងធ្វើស្រែចំការយ៉ាងធំ។ នៅទីនោះមានជាតិបារាំងម្នាក់នៅត្រួតត្រា។
ខ្ញុំបានចូលទៅសួររកកាប៉ូរ៉ាល់ម្នាក់ឈ្មោះខាន់ ដែលធ្វើការនៅទីនោះ ។ មើលខ្ញុំពីចំងាយមិនស្គាល់ទេលុះខ្ញុំដើរចូលទៅប្រហែល ១៥០ម៉ែត្រនឹងដល់ ទើបកាប៉ូរាល់ខាន់ស្គាល់ស្រែកដោយរីករាយថា លោកប្អូនម៉ុលមកដល់កន្លែយើងហើយវ៉ើយ! នៅពេលនោះក្រុមមនុស្សទោសខ្មែរយួនទាំងប៉ុន្មាននៅកន្លែងនោះក៏នាំគ្នាចេញពីផ្ទះរៀងខ្លួនមកទទួលខ្ញុំដោយរាក់ទាក់ជាទីបំផុត។ ត្បិតពួកនោះមិនដែលស្គាល់មុខខ្ញុំទេ លឺតែឈ្មោះល្បីខាងប្រដាល់ ទើបគេចោមរោមមើលខ្ញុំខ្លាំងណាស់។ គេសួរសុខទុក្ខហើយគេសួរថា ដើរមកនេះប៉ុន្មានម៉ោងហើយពីព្រោះផ្លូវមកនេះមនុស្សទោសធម្មតាដើររហេតរហូតមិនបានទេ មានតែក្រុមសំងាត់ទើបអាចដើរកាត់បាន។ ខ្ញុំក៏ឆ្លើយប្រាប់គេតាមហូរហែវិញថាមិនអីទេ ខ្ញុំអាចដើរកាត់បាន! ដោយរាប់អាន ល្ងាចនេះខ្ញុំសំរាកនៅផ្ទះកាប៉ូរ៉ាល់ខាន់។ ល្ងាចនោះគេបានចាត់ចែងម្ហូមអាហារច្រើនមុខជប់លៀងដោយសាច់មាន់ទា ត្រីសមុទ្រយ៉ាងបរិបូរណ៌។ ក្រោយពេលបាយល្ងាចគេជប់លៀងតែកាហ្វេទៀត ហើយនាំគ្នាសាកសួរពីរឿងដែលបានជ័យជំនះលើ យ៉បាតុង។ ត្បិតកាលប្រកួតគ្នានោះមានតែកាប៉ូរ៉ាល់ខាន់ម្នាក់ទេ ដែលបានទៅមើល លុះត្រលប់មកវិញកាប៉ូរ៉ាល់នេះ បានដំណាលរឿងប្រដាល់ និងជ័យជំនះរបស់ខ្ញុំប្រាប់មនុស្សទោសក្រោមបង្គាប់គាត់រួចទៅហើយ។ លុះគេបានឃើញរូបខ្មុំទៅដល់ គេសុំអោយខ្ញុំអធិប្បាយបញ្ជាក់ផ្ទាល់ខ្លួនអោយគេស្ដាប់ម្ខងទៀត។ ខ្ញុំក៏អធិប្បាយហូរហែតាមដំណើរការណ៍ អោយក្រុមមិត្ដមនុស្សទោសទាំងនោះស្ដាប់ រហូតដល់ម៉ោង២៣។ យប់នោះខ្ញុំទទួលទានដំណេកនៅនឹងផ្ទះកាប៉ូរ៉ាល់ខាន់។
លុះព្រឹកឡើង កាប៉ូរាល់ខាន់បានរៀបចំអោយខ្ញុំទទួលទានបបរមាន់ទៀត មុននឹងអោយខ្ញុំបន្ដដំណើរចេញពីកន្លែងគាត់។ ចេញពីកន្លែងនេះហើយ ខ្ញុំក៏ធ្វើដំណើរឆ្ពោះទៅកាន់កន្លែងមួយទៀត ឈ្មោះចំការថ្មមូល ហៅក្រៅថាថ្មមូល ដែលមានចំងាយ១៨គីឡូម៉ែត្រ។ ទេសភាពនៃចំការនេះប្រហាក់ប្រហែលនឹងកន្លែងខ្ញុំនៅដែរ ឃើញខុសគ្នាតែគ្មានភ្នំខ្សាច់នៅខាងមុខដូចកន្លែងខ្ញុំ។ ពីខាងមុខ មើលទៅឃើញទឹកសមុទ្រខៀវស្រងាត់ គួរអោយពិចពិលគយគន់ និងឃើញភ្នំតូចៗដុះលេចចេញពី ទឹកកណ្ដាលសមុទ្រនៅឆ្ងាយពីច្រាំងកោះត្រឡាច។ ទេសភាពកន្លែងនោះល្អណាស់ដែរ កន្លែងនោះមានអ្នកត្រួតម្នាក់ មានមនុស្សទោសប្រហែល២០នាក់។ ខ្ញុំបានទៅសួររកកាប៉ូរ៉ាល់នៅទីនោះឈ្មោះបាវៀង។ នៅវេលាដែលបានឃើញខ្ញុំភ្លាម បារៀ ងក៏ស្រែកហៅចំឈ្មោះខ្ញុំដោយក្ដីរាក់ទាក់ ព្រមទាំងស្រែកប្រាប់ទៅមនុស្សទោសជាមិត្ដទាំងអស់ថា នេះហើយឈ្មោះប៊ុណ្ណ ចន្ទ ម៉ុល ដែលជាអ្នកដាល់ឈ្នះយ៉បាតុង សន្លប់នៅកន្លែង! មនុស្សទោសទាំងនោះក៏ផ្អើលមកចោមរោមមើលរូបរាងខ្ញុំ ហើយគេសរសើរខ្ញុំថា រូបរាងសមរម្យរាងរហ័សរហួនល្អណាស់។ កាលខ្ញុំទៅដល់កន្លែងនោះនៅវេលាម៉ោង១ ហួសពេលបាយទៅហើយ ដោយផ្លូវឆ្ងាយពេក។ ទើបបងបាវៀងបានចាត់អោយពួកគាត់កាប់មាន់ធ្វើម្ហូបដណ្ដាំបាយជាថ្មីអោយខ្ញុំទទួលទា នដោយក្ដីរាប់អាន។ លុះទទួលទានបាយហើយ ខ្ញុំក៏លាបងវៀង ព្រមទាំងមិត្ដទាំងអស់នៅចំការថ្មមូល បន្ដដំណើរទៅមុខទៀត នៅអែកន្លែងមួយទៀតដែលគេធ្វើអំបិលនៅនឹងជាយក្រុងកោះត្រឡាចតែម្ដង។ រយៈផ្លូវពីកន្លែងចំការថ្មមូលទៅទីនោះចំងាយ១៦គីឡូម៉ែត្រ។
កន្លែងនោះជាភូមិធំ១ មានមនុស្សទោសជាច្រើន ដែលគេហៅមនុស្សទោសលូ។ ទោសលូនេះខ្ញុំបានជំរាបអស់លោកអ្នកនៅទំព័រ (ច្បាប់ដើមទំព័រ១០៦) មុនរួចម្ដងមកហើយ គឺទោសលូនេះដូចជាទោសអស់មួយជីវិតដែរ។ នៅកោះត្រឡាចគេខ្លាចមនុស្សទោសលូនេះណាស់ ត្បិតវានៅតែប្រព្រឹត្តលួចឆក់ដោយឥតលះបង់អំពើថោកទាបនេះឡើយ។ បើពួកលូនៅកន្លែងណា គេត្រូវប្រយ័ត្នកន្លែងនោះគ្រប់គ្នា។
នៅកន្លែងនោះខ្ញុំស្គាល់កាប៉ូរ៉ាល់ម្នាក់ឈ្មោះបាហាយជាមនុស្សត្រឹមត្រូវ ដែលខ្ញុំបានស្គាល់គាត់ក្នុងពេលដែលខ្ញុំ នាំយករបស់របរទៅប្រគល់អោយរដ្ឋការរាល់ពេលព្រឹកថ្ងៃអាទិត្យ នៅទីក្រុងកោះត្រឡាច។ កំពុងតែត្រួតមើលមនុស្សទោសដាំរំងាស់ទឹកអំបិលធ្វើអំបិលស អាន់បាហាយគាត់ឃើញខ្ញុំដើរសំដៅទៅរកគាត់ពីចំងាយដែរ តែគាត់មិនចាប់ភ្លឹកដោយមិនបានគិតថាខ្ញុំមានវាសនាបានមកដល់កន្លែងគាត់ឡើយ។ លុះខ្ញុំដើរចូលទៅកាន់តែជិតទៅៗ គាត់ក៏ខំសំលឹងមិនដាក់ដាក់ភ្នែក។ លុះគាត់ស្គាល់ច្បាស់ថាខ្ញុំហើយ ទើបគាត់បន្លឺវាចាសួរខ្ញុំថា ប្អូនប៊ុណ្ណចន្ទ ម៉ុលឬទេ? ខ្ញុំងក់ក្បាលទទួលសំដីគាត់សួរនោះ។ គាត់ស្ទុះមកអោបរិតខ្ញុំ ហើយគាត់និយាយថា គាត់មិនស្មានថា ខ្ញុំបានទៅដល់កន្លែងគាត់ទេ ហើយក៏នាំខ្ញុំទៅទទួលទានទឹកតែនិងស្ករអំពៅឯផ្ទះគាត់ ដោយសេចក្ដីរាក់ទាក់ និងនឹករលឹកមែនៗ។ បន្ដិចទៅមនុស្សទោសជាច្រើនក៏នាំគ្នាមកចោមរោមមើលមុខខ្ញុំ។ គ្នាគេជាង២០នាក់ ចូលពេញផ្ទះបាហាយហើយឈរអើតក្បាលរហង់ប្រជ្រៀតគ្នាមើលខ្ញុំ។ ពីព្រោះតែខ្ញុំយកជ័យជំនះលើ យ៉បាតុងបាននោះ ជាជ័យជំនះធំដុំណាស់។ ខ្ញុំនៅនោះមួយល្ងាចព្រឹកឡើងក៏សុំលាមិត្ដហាយ និងមនុស្សទោសឯទៀតឆ្ពោះទៅមុខទៀត ដែលមានចំងាយផ្លូវចំនួន១០គីឡូម៉ែត្រទើបមកដល់ទីក្រុងកោះត្រឡាច។
មិត្ដជាទីស្នេហា! ទីក្រុងកោះត្រឡាចជាកន្លែងមួយដែលមានទេសភាពល្អគួរអោយទស្សនា។ ខ្ញុំដើរបណ្ដើរគយគន់មើលទេសភាពបណ្ដើរ ត្បិតមកដល់ទីក្រុងកោះត្រឡាចមានផ្លូវស្អាតដែលរថយន្ដបើកបរបានស្រួលមិនដូចកន្លែងឯទៀតៗមុននោះទេ។ ក្នុងដំណើរចំនួនពីរម៉ោងទើបទៅដល់កន្លែងមួយមានថ្មធំមួយនៅមាត់ទឹកសមុទ្រ ដែលគេលាបទឹកកំបោរសស្គុះដើម្បី ជាសញ្ញាអោយកប៉ាល់សមុទ្រអាចចូលមកកាន់ផែកោះត្រឡាចបានស្រួល។ ដុំថ្មនោះ ទំហំប្រហែល៣ទៅ៤អោបមនុស្សចាស់។
ខ្ញុំសូមធ្វើការអធិប្បាយជូនបន្ដិចថា នៅលើទឹកដីកោះត្រឡាចនោះមានរបស់ខ្លះជាភស្ដុតាងដែលនាំអោយគិតថា ជាទឹកដីរបស់ខ្មែរយើងដោយពិតប្រាកដ។ មានរឿងដំណាលថា កាលពីដើមកន្លងយូរណាស់មកហើយ នៅលើភ្នំកោះត្រឡាចផ្នែកខាងជើង ចំនួនប្រហែល៧គីឡូម៉ែត្រពីទីក្រុងទៅ មានប្រឡាយទឹកមួយដែលមានទឹកហូរចុះពីលើភ្នំទៅដល់ពាក់កណ្ដាលភ្នំ។ នៅក្បែរប្រឡាយទឹកនោះមានថ្មមួយដុំយ៉ាងធំ។ ប្រហែលក្នុងឆ្នាំ១៩២៥ មានខ្យល់ព្យុះសង្ឃរាមួយបានកើតឡើងនៅលើដី កោះត្រឡាចទាំងមូល បណ្ដាលអោយមានការអន្ដរាយជាច្រើនកន្លែង។ ពេលនោះ មានដើមឈើមួយដើមយ៉ាងធំបានរលំទៅបះដុំថ្មធំនោះ។ ថ្មនោះក៏រមៀលបាំងបិទប្រឡាយមុខទឹក ធ្វើអោយមុខទឹកស្ទះហើយទឹកនោះក៏ហូរចាល់ចាក់មកលើ កន្លែងថ្មនោះទៅវិញ។ កន្លងមកបានពីររឺបីឆ្នាំពួកមនុស្សទោសទៅរកអុសរកវល្លិបានទៅផឹកទឹកដាំបាយស៊ីនៅកន្លែងថ្មធំនោះ ក៏រើសបានរូបទេពប្រណម្យធ្វើដោយមាសសុទ្ធនៅកន្លែងនោះ។ ពេលលេងល្បែងចាញ់មនុស្សទោសដែលរើសបាននោះ យករូបទេពប្រណម្យនោះទៅលក់អោយគ្នាគេ ដែលជាហេតុនាំអោយបែកការណ៍ឡើងលឺទៅដល់តំរួតបារាំង។ តំរួតបារាំង បានអោយមនុស្សទោសនោះ ទៅស្រាវជ្រាវរកវត្ថុមានតំលៃនៅកន្លែងដែលឃើញមុននោះ។ គេរកសព្វគ្រប់ក៏ប្រមូលបានរូបទេពប្រណម្យមាសប្រហែល២៣-២៤ព្រះអង្គថែមទៀត។ ខ្ញុំមានវាសនាបានទៅឃើញផ្ទាល់នឹងភ្នែកខ្លួន នូវរូបទេពប្រណម្យមាសដែលនៅលើដៃមេតំរួតជាតិយួនម្នាក់។ តាមខ្ញុំពិនិត្យមើលទៅ ឃើញថាជាមាសមែន ទំហំប៉ុនចង្អុលដៃ តែពណ៌សជាងមាសធម្មតាបន្ដិច ដែលគេហៅថាមាសផ្កាកប្បាស តាមទំនងរូបនោះប្រហែលជាក្បាច់ភ្ចាប់សង្វារស្ដេចជាន់ដើម។ គេបានឃើញព្រះពុទ្ធរូបមួយអង្គធ្វើដោយថ្មអង្អរវត្ត ហើយនិងពាងក្រឡរបស់ខ្មែរយើងពីបុរាណកាលផង ជាហេតុនាំអោយខ្ញុំសន្និដ្ឋានថា ទីនោះជាទីគង់នៅនៃស្ដេចខ្មែរយើងជំនាន់ដើម រឺជាកន្លែងឃុំឃាំងមនុស្សទោសជំនាន់ដើមដែលស្ដេចបងប្អូនទាស់ទែងគ្នាពីរឿងដណ្ដើមរាជសម្បត្ដិគ្នា ហើយម្ខាងឈ្នះក៏យកខាងចាញ់ទៅបំបរបង់ចោលអោយរងទុក្ខទោសនៅទីនោះក៏មិនដឹង?។
ខ្ញុំនៅនឹងទីក្រុងកោះត្រឡាចលុះពេលព្រលប់ធំ ខ្ញុំទៅសំណាក់នៅផ្ទះកាប៉ូរ៉ាល់ខាត់ជាមិត្ដចាស់របស់ខ្ញុំ។ ជួនថ្ងៃនោះជាថ្ងៃសៅរ៍ដែលដល់ព្រឹកឡើងជាថ្ងៃអាទិត្យ គឺជាថ្ងៃដែលមនុស្សទោសគ្រប់កន្លែងត្រូវនាំរបស់របរគ្រប់មុខ តាមកន្លែងរៀងក្រុមយកទៅប្រគល់អោយកន្លែងមួយដែលសំរាប់ទទួលរបស់ផ្សេងៗរាល់តែថ្ងៃអាទិត្យ។ ខ្ញុំរង់ចាំនៅផ្ទះបងខាត់ចាំទទួលរបស់របរក្រុមខ្ញុំ ដែលពួកខ្ញុំនឹងនាំមកប្រគល់អោយនៅថ្ងៃអាទិត្យស្អែកនេះដែរ។
សូមជំរាបថា ចំការដំឡូងរបស់កាប៉ូរ៉ាល់ខាត់ជាមិត្ដខ្ញុំនេះ នៅជិតជើងភ្នំម្ខាង ចំងាយប្រហែល៣គីឡូម៉ែត្រពីជើងភ្នំ។ ឯចំការចេកខ្ញុំនៅជើងភ្នំម្ខាង គឺថាចំការទាំងពីរនេះនៅជិតជើងភ្នំម្ខាងម្នាក់។ រាល់តែថ្ងៃអាទិត្យ ពេលព្រឹកម៉ោង៦កន្លះ ក្រុមមនុ ស្សនៅគ្រប់ទិសលើកោះត្រឡាច ត្រូវនាំរបស់គ្រប់យ៉ាង ដែលមាននៅកន្លែងរៀងៗខ្លួនយកមកប្រគល់អោយក្រុមកណ្ដាលមួយ នៅទីក្រុងកោះត្រឡាច ដើម្បីវាយចំណែក ចែកចាយយកទៅគ្រប់ក្រុមទាំងអស់ ហើយគេត្រូវចែកមកអោយក្រុមខ្លួនវិញនូវអង្ករ សាច់គោ សាច់ជ្រូក មាន់ បន្លែ ជាដើម។ បើនិយាយអោយខ្លីទៅគឺរបៀបដូរគ្នាតែម្ដង។ ក្រុមកណ្ដាលគេប្រមូលរបស់ទាំងអស់ដែលគ្រប់ក្រុមនាំមកនោះ ចែកជាបីចំណែក។ ទី១ចំណែកដែលល្អៗសំរាប់អោយទៅអ្នករាជការជាតិបារាំង ទី២ចំណែកមធម្យសំរាប់រាជការជាតិយួនជាតិខ្មែរ ទី៣ ចំណែកយ៉ាងអន់សំរាប់ចែកចាយមនុស្សទោសក្រុមឆ្ងាយជិត។
ខ្ញុំសូមជំរាបពីក្រុមខ្ញុំវិញ របស់ដែលត្រូវយកទៅអោយគេឯទីក្រុងទាំងប៉ុន្មានត្រូវរៀបចំអោយស្រេចពីល្ងាចថ្ងៃសៅរ៍។ លុះដល់ម៉ោង៣រំលងអធ្រាត គេវាយរគាំងដាស់អោយភ្ញាក់នៅពេលម៉ោង៣រំលងអធ្រាត ដើម្បីនាំរបស់ទៅប្រគល់អោយគេ ឯទីក្រុងកោះត្រឡាច ក្រោយដែលកាប៉ូរ៉ាល់បានត្រួតគ្នា ប្រមូលគ្នាគ្រប់សព្វហើយ លុះលឺសញ្ញាបង្គាប់អោយដើរទៅមុខ ហើយពួកមនុស្សទោស ក៏នាំគ្នាលីសែងវត្ថុទាំងនោះដើរបន្ដគ្នាទៅទាំងយប់ងងឹត ប៉ុន្ដែគេបំភ្លឺផ្លូវដោយដុតខ្ពបដូង ដែលគេពុះឆែកតូចៗប៉ុនចង្កឹះ ហាលអោយស្ងួតហើយចងជាបាច់តូចៗប៉ុនកដៃក្មេង របៀបដូចជាចន្លុះដូច្នោះឯង។ ខ្ពបដូងនេះដុតស្រួលជាងចន្លុះ ដុតមិនសូវមានផ្សែង ហើយភ្លឺជាងចន្លុះទៀតផង។ នៅវេលាម៉ោងជាង៤ ដែលខ្ញុំនៅរង់ចាំងក្រុមខ្ញុំនៅផ្ទះកាប៉ូរ៉ាល់ខាត់ ខ្ញុំក្រឡេកមើលទៅលើខ្នងភ្នំឃើញក្បួនភ្លើងគុបដើរ ភ្លើងបន្ដគ្នាគួរអោយល្អមើលណាស់ ជាហេតុនាំអោយ ខ្ញុំនឹកឃើញកាលពីកុមារភាពនៅឡើយ ដែលបានមើលពិធីហែអ្នកតា និងពិធីហែបុណ្យកាទ័រស៊ូយេត (១៤កក្កដា) របស់បារាំងដូច្នោះឯង។
មនុស្សទោសគ្រប់ក្រុម ចំនួន១២០ ឬ១៥០នាក់ដែលមកពីក្រុមផ្សេងមកជួបគ្នាលើខ្នងភ្នំហាក់ដូជាបានណាត់គ្នា ហើយដើរពេនចុះពេនឡើងតាមរបត់ផ្លូវ មើលពីក្រោមទៅល្អមើលណាស់។
ក្នុងក្រុមនីមួយៗមានមនុស្សទោសនៅធ្វើការ ខ្លះ២០០នាក់ ខ្លះ៣០០នាក់ ឃើញតិចតែក្រុមខ្ញុំទេ ដែលមានមនុស្សតែ៤៣ ឬ៤៤នាក់ប៉ុណ្ណោះ។ ក្រុមអែទៀតៗសុទ្ធតែមានអ្នករាជការជានាយក្រុម២ ឬ៣នាក់ ជួយត្រួតត្រាលើកាប៉ូរ៉ាល់ទៅទៀត។ ចំ ណែកខាងក្រុមខ្ញុំដែលមានគ្នាតិចនោះ មានតែខ្ញុំម្នាក់ឯងជាកាប៉ូរ៉ាល់ឥតមានមេក្រុមអ្នករាជការទេ។ ប៉ុន្ដែមនុស្សដែល នាំអីវ៉ាន់ពីគ្រប់កន្លែងទៅមិនមែនទៅទាំងអស់គ្នាទេ។ គឺទៅតែល្មមនឹងចំនួនរបស់ដែលត្រូវលីសែង កាន់ទៅតែប៉ុណ្ណោះ ប៉ុន្ដែលុះទៅជួបគ្នាលើភ្នំទៅ ក៏ទៅជាក្បួនវែងមួយ។
ប្រហែលម៉ោង៥ភ្លឺ ក្បួនទាំងនោះចុះដល់ទីកន្លែងកាប៉ូរ៉ាល់ខាត់ ហើយឈប់សំរាកនៅទីនោះប្រហែលកន្លះម៉ោង។ ចំណែកខ្លួនខ្ញុំនៅរង់ចាំក្រុមខ្ញុំនៅផ្ទះបងខាត់ ក៏ទៅទទួលក្រុមខ្ញុំហើយនាំទាំងអស់គ្នាបន្ដដំណើរទៅទីក្រុងកោះត្រឡាច ដើម្បីប្រគល់ អីវ៉ាន់ទៅអោយមេក្រុមកណ្ដាលដែលមានឃ្លាំងគេចាំទទួលវត្ថុផ្សេងៗ ដែលនាំមកពីគ្រប់ក្រុមនៅម៉ោង៦កន្លះ។
នៅពេលជួបជុំគ្នានោះហើយដែលនាំអោយស្គាល់គ្នាស្និទ្ធស្នាលរវាងកាប៉ូរ៉ាលគ្រប់ក្រុមនៅជិតឆ្ងាយ ព្រមទាំងមនុស្សទោសគ្រប់ក្រុមផង បានសប្បាយរីករាយ សួរសុខទុក្ខគ្នាទៅវិញទៅមក លុះប្រគល់អីវ់ាន់ដែលគេត្រូវចែកអោយយកទៅវិញ។ ពេលខ្លះនៅរហូតដល់ម៉ោង១០ ឬ១១ ទំរាំបានត្រលប់ទៅវិញហើយដល់ម៉ោង២ ឬ៣រសៀលទើបបានទៅដល់ទីកន្លែងរៀងខ្លួន។
មួយវិញទៀតនៅកន្លែងខ្ញុំ ក្នុងអំលុងខែកញ្ញា នាយតំរួតតែងនាំមនុស្សទោសចំនួន១០០ ឬ១៥០នាក់ទៅកាប់អុសនៅទីនោះ។ ទៅដល់កន្លែងខ្ញុំនៅយប់នៅឡើយប្រហែលជាម៉ោង៣ ឬម៉ោង៤ជិតភ្លឺប៉ុណ្ណោះ។ ពេលគេទៅដល់ម្ដងៗ គេតែងលួចរបស់របរគ្រប់មុខតាំងពីអង្ករបន្លែជាដើម បើមិនប្រយ័ត្ន ពួកវាលួចអស់គ្មានសល់។
ក្នុងពេលដែលធ្វើដំណើរកាត់ចំការខ្ញុំនោះ ពេលនោះច្រើនតែនៅយប់នៅឡើយ។ ពួកទាំងនោះពុំអាចមើលឃើញផ្លែចេកនៅត្រង់ណាទេ ម៉្លោះហើយគេលើដៃទាំងពីរដាក់លើក្បាលហើយបំរះម្រាមដៃបញ្ឈរឡើងលើ ដើរមុខរះស្មានៗទៅតែម្ដង បើម្រាមដៃប៉ះទៅលើស្ទងចេកគេក៏ប្រញាប់ឈប់ភ្លាមកាច់ភ្លែត ទុំក៏ដោយខ្ចីក៍ដោយគេអាស្រ័យបានទាំងអស់។ នេះទំលាប់អ្នកទោសដែលគ្នាស្រេកឃ្លាន ត្រូវតែប្រព្រឹត្ដដូច្នោះ។ ពួកមនុស្សទោសដែលគ្នាអត់ឃ្លានណាស់ទៅ ចេកខ្ចីល្ពៅខ្ចី ត្រឡាច ប៉េងបោះអ្វីៗ ចេះតែអាស្រ័យបានទាំងអស់។
ហេតុដូច្នេះហើយ បានជានៅពេលនោះ ខ្ញុំត្រូវតែប្រយ័ត្នមែនទែន ដោយចាត់គ្នាពី១២ ទៅ១៥នាក់អោយរាយគ្នាយាមផ្លូវចំការនោះ។ បើឃើញមនុស្សទោសបេះបោចផ្លែឈើអ្វី ត្រូវស្ទុះទៅចាប់ភ្លាម វាយនឹងរំពាត់ផ្ដៅ២,៣រំពាត់ រួចនាំទៅអោយនាយតំរួតនៃមនុស្សទោសនោះនាយតំរួតនោះ វាយថែមទៀតមុខគួរអោយអាណិតអាសូរគ្នាណាស់ ប៉ុន្ដែមិនដឹងធ្វើម៉េចបើយើងមានភារៈត្រូវតែការពាររបស់របរទាំងនេះអោយគង់។ បើយើងបណ្ដែតបណ្ដោយទៅប្រាកដជាអស់ទាំងចំការមិនខាន ជាហេតុនាំអោយមានទុក្ខទោសដល់ខ្លួនយើង គេនឹងវាយឬធ្វើទោសយើងតាមចិត្ដគេ។
ចំពោះអ្នកទាសនៅក្នុងក្រុមខ្ញុំវិញ ខ្ញុំមានចត្ដិសន្ដោសណាស់ ក្នុងរយៈ១០ ទ១៥ថ្ងៃខ្ញុំបានអោយពួកខ្ញុំនេះបេះផ្លែឈើក្នុងចំការ ទទួលទានគ្រប់ៗគ្នា។ ខ្ញុំបានអប់រំមនុស្សទាំងនេះអោយមានចរិយាស្លូតសុភាព រួចខ្ញុំតែងប្រាប់ពួកនេះថា សូមអោយអ្នករាល់គ្នាទុកខ្ញុំដូចជាបងប្អូនទៅចុះ បើខ្ញុំធ្វើទាស់ខុសអ្វីសុំរំលឹកទៅចុះ ខ្ញុំពុំប្រកាន់រិកថាជាអ្នកត្រួតអ្វីទេ។ យ៉ាងនេះហើយទើបពួក ក្រុមខ្ញុំមានការរាប់អាន ហើយស្មោះត្រង់នឹងខ្ញុំជាងក្រុមឯទៀតៗទាំងអស់នៅកោះត្រឡាច។
កាលពីកាប៉ូរ៉ាល់យួនមុនៗមនុស្សទោសក្រោមបង្គាប់វាមិនខ្លាច វាសំលាប់កាប៉ូរ៉ាល់ក៏មាន វាប្រមាថមើលងាយក៏មាន ជាហេតុនាំអោយលំបាកធ្វើការណាស់។ តែនៅពេលដែលខ្ញុំមកកាន់ការវិញបានស្រួលរហូត។
១៤ -ពន្លឺសេរីភាព
ប្រិយមិត្ដទាំងឡាយ តាមការកត់សំគាល់របស់អស់លោកចំពោះវគ្គខាងក្រោយ នៃរឿងនេះអស់លោកយល់ថារូបខ្ញុំនេះគឺ ជាមនុស្សម្នាក់ ដូចជាមនុស្សមានសេរីភាពធម្មតា ឬឧបមាដូចជាបុគ្គលិករាជការដែលគេបញ្ជូនអោយទៅធ្វើការនៅកោះត្រឡាចដូច្នោះដែរ។ ចំពោះឋានៈជាកាប៉ូរ៉ាល់អ្នកទោសហើយដែលបានសេចក្ដីសុខ មានគេទទួលស្គាល់ដ៏ច្រើននេះកម្រគេធ្វើដូចណាស់នៅកោះត្រឡាច។ ចំពោះជីវភាពដ៏សុខស្រួលនេះនាំអោយអស់លោកអ្នកយល់ថា ខ្លួនខ្ញុំបានសប្បាយចិត្ដ លែងគិតអ្វីទាំងអស់ហើយ គឺគិតតែខំធ្វើការអោយបានល្អ អោយបារាំងនៅកោះត្រឡាចស្រលាញ់តែប៉ុណ្ណោះហើយ។
ប្រិយមិត្ដទាំងឡាយ ពុំមែនយ៉ាងនោះទេ! ដោយពិតឧត្ដមគតិចិត្ដគំនិតរបស់ខ្ញុំដែលកើតមានឡើងយ៉ាងណា វានៅតែមានយ៉ាងនោះដដែល។ បុព្វហេតុដែលនាំអោយខ្ញុំហែលឆ្លងសមុទ្រទុក្ខតាំងពីគុកភ្នំពេញ គុកព្រៃនគរ រហូតដល់មករស់នៅលើកោះត្រឡាច ដែលជាកោះមរណៈនេះ គឺមកតែពីឧត្ដមគតិចិត្ដគំនិតខ្ញុំដែលរួមធ្វើការបដិវត្ដន៍នោះឯង ពោលគឺមកពីខ្ញុំចង់ដោះមាតុភូមិយើង អោយផុតពីអនិស្សរភាពរបស់បារាំងនេះឯង។ បើដូច្នេះតើអោយខ្ញុំសប្បាយនឹងជីវភាពសុខស្រួលរបស់ខ្ញុំនេះម្ដេចនឹងកើត? បើខ្ញុំមិនទាន់បានឃើញស្រុកខ្មែរយើងមានដំណើរទៅដល់ណាផងនោះ។ ជាកាពិតហើយ ជាក់ច្បាស់យើងមានការតូចចិត្ដ ហើយចងកំហឹងដ៏ក្រៃលែងចំពោះការដែលពួកបារាំង វាយកយើងមកប្រោសចោលកណ្ដាលសមុទ្រ បំបរបង់អោយឆ្ងាយដាច់ស្រយាលពីមិត្ដភក្ដិ បំណងអោយយើងភ្លេចឧត្ដមគតិរបស់យើង ឬថាចង់អោយយើងរាងចាលស្បថ លែងចង់ធ្វើនយោបាយអស់មួយកំណើតតែម្ដងយ៉ាងនេះ។ ដូច្នេះយើងគ្មានគំនិតឯណាស្មោះចំពោះមេអាណានិគមនោះឡើយ!។
នៅក្នុងចិត្ដខ្ញុំតែងទន្ទឹងថា ចាំមើលតែលទ្ធផលនៃសង្គ្រាមលោកលើកទី២ ដែលកំពុងឆេះសន្ធោសន្ធៅស្ទើរពេញអាស៊ីនេះ។ ខ្ញុំយល់ថា បើជប៉ុនឈ្មោះបារាំងនោះ ប្រហែលជាខ្ញុំមានវាសនាខ្លះបានត្រលប់ទៅស្រុកវិញ មុនកាលកំណត់នៃសាលក្រមព្រៃនគរ ដែលសំរេចថា «គុក៥ឆ្នាំ ធ្វើការដោយបង្ខំ និងនិរទេស១៥ឆ្នាំមិនអោយចូលស្រុកខ្មែរ» នោះមិនខាន។ ផ្ទុយទៅវិញបើជប៉ុនចាញ់បារាំង បារាំងនៅតែជាអណាព្យាបាលលើសមាគមរដ្ឋឥណ្ឌូចិននោះ ខ្ញុំអស់បានត្រលប់ទៅស្រុកវិញមុនកាលកំណាត់របស់សាលក្រមនៃព្រៃនគរហើយ។ ខ្ញុំនឹងនៅតែជាអ្នកទោសជាងពីរឆ្នាំទៅមុខទៀត ហើយនឹងត្រូវនៅក្រៅស្រុកជាង១២ឆ្នាំតទៅមុខទៀតឯណោះ ដែលជាថិរវេលាមួយវែងឆ្ងាយណាស់(1)។ បើសំលឹងតាមវេលានេះឃើញថា ខ្ញុំដូចជាគ្មានសង្ឃឹមថា បានត្រលប់ទៅស្រុកវិញ បន្ដសកម្មភាពនយោបាយស្រុកទេសជាមួយនឹងវរជនខ្មែរឯទៀតបានឡើយ។
ប៉ុន្ដែធម្មជាតិយើងជាអ្នកនយោបាយ យើងមិនត្រូវអស់សង្ឃឹមទេ! ខ្ញុំចេះតែមានសង្ឃឹមថា ថ្ងៃណាមួយ ឆ្នាំណាមួយគង់តែខ្ញុំបានរួចខ្លួន បានទៅប្រាកដខ្លួនលើទឹកដីខ្មែរវិញពុំខានទេ ហើយខ្ញុំនឹងបានបន្ដសកម្មភាពខ្ញុំរួមជាមួយនឹងវរជនឯទៀតៗក្នុង ការទាមទារសិទ្ធិសេរីភាពខ្មែរមកអំពីជនបរទេសនោះ លុះត្រាតែបានសំរេចពុំខានសោះឡើយ។
ខ្ញុំបានរស់នៅនឹងតំបន់ដិកយុក នៃកោះត្រឡាចនោះដោយចេះតែទន្ទឹងចាំស្ដាប់ការវិវត្ដន៍នៃសង្គ្រាមខ្លះដែរ។ ស្រាប់តែមកដល់ចុងឆ្នាំ១៩៤៤ ការប្រែប្រួលប្ដូរផ្លាស់ក៏កើតមានឡើងមែន។ ជប៉ុនបានឈ្នះបារាំងនៅឥណ្ឌូចិន។ ហើយទីកោះត្រឡាច ទាំងមូលជនជាតិបារាំងត្រូវកងទ័ពជប៉ុនឡើងមកដកអាវុធចេញអស់។ បារាំងត្រូវអស់អំណាចត្រឹមណេះ។ ប៉ុន្ដែមិនជាយូរប៉ុន្មាន ដល់ខែកុម្ភៈ១៩៤៥ កងទ័ពសម្ពទ្ធមិត្ដ (អាមេរិកាំង) បានជួយបារាំងឡើងវិញ។ នៅថ្ងៃទី៨កុម្ភៈ១៩៤៥ ទីកោះត្រឡាចបានត្រូវរងគ្រាប់បែកពីសំណាក់ទ័ពសម្ព័នមិត្ដយ៉ាងកោលាហល(2)។ ក្រោយការទំលាក់គ្រាប់បែកនេះ ចំនួនប្រមានជាមួយអាទិត្យស្រាប់តែមានទាហាជប៉ុនមួយក្រុមបាននាំទូរលេខមួយច្បាប់មកពីភ្នំពេញ ឲ្យនាំអ្នកទោសនយោបាយបួនរូបគឺ លោកអាចារ្យហែម ចៀវ លោកនួន ឌួង លោកប៉ាច ឈឹន និងខ្លួនខ្ញុំប៊ុណ្ណចន្ទ ម៉ុល ត្រលប់ទៅភ្នំពេញវិញ។ ដោយលោកអាចារ្យហែម ចៀវបានទទួលមរណភាពបាត់ទៅហើយនោះ ទើបគេប្រមូលបានតែបីនាកគឺ លោកនួនឌួងលោកប៉ាច ឈឺន និងខ្លួនខ្ញុំប៉ុណ្ណោះ។
នៅពេលព្រលប់ម៉ោងប្រហែលជាង១៨ គេនាំពួកយើងខ្ញុំចុះទៅក្នុងនាវាមួយ។ នាវានោះវាជានាវាពិឃាតប្រដេញយ៉ាងលឿនរបស់ជប៉ុននៅសម័យសង្រ្គាមលោកលើកទី២។ អ្នកចុះកប៉ាល់នេះក្រោយខ្ញុំទៀត គឺកងទាហានខ្មែរកម្ពុជាក្រោមយើង ចំនួន១០០នាក់ ព្រមទាំងប្រពន្ធកូនរញ៉េចរញ៉ាចផង ដែលត្រូវជប៉ុនជួយនាំជញ្ជូនត្រលប់ទៅក្រុងព្រៃនគរវិញ។ ទាហានទាំងនោះគឺបារាំងយកមកប្រើការនៅលើកោះត្រឡាចនេះ។ លុះដាក់មនុស្សគ្រប់ហើយ ១០នាទីក្រោយមកនាវានេះក៏ស្រាវយុថ្កាថយចេញពីកោះត្រឡាចមួយរំពេច។
កោះត្រឡាច! កោះទារុណកម្ម! កោះឧក្រិដ្ឋ! កោះមរណៈតែជាកោះផ្ដល់អោយខ្ញុំនូវអនុស្សាវរីយ៍ក្សេមក្សាន្ដជាចុងក្រោយ! ខ្ញុំបានឃ្លាតឆ្ងាយហើយ! ខ្ញុំលើដៃឡើងគ្រវីលាកោះនោះ… ទាំងស្រណោះ…ហើយស្រណោះសោកស្ដាយចំពោះរូបលោកអាចារ្យហែម ចៀវ ដែលលោកចែកឋានទៅហើយ ផ្នូរលោកលេខ១១៣ នៅលើកោះនេះ…ស្ដាយណាស់យើងពុំបានទៅ លាលោក! ស្ដាយណាស់! លោកពុំបានមកជាមួយយើង!។
កោះត្រឡាច សូមអ្នកជួយថែរក្សាឆ្អឹងវីរជននេះអោយយើងផង ថ្ងៃណាយើងសំរេចជោគជ័យយើងនិងត្រលប់មកសុំឆ្អឹងនេះអំពីអ្នកហើយយើងនឹងអរគុណអ្នក!។
នេះជាមនោវាចាខ្ញុំ ដែលរសាត់តាមខ្យល់ឆ្ពោះទៅកាន់កោះត្រឡាច ដែលលិចបន្ដិចម្ដងៗទៅក្នុងផ្ទៃអន្ធការ។ ខ្ញុំមើលកោះត្រឡាចលែងយល់ព្រោះឆ្ងាយព្រោះយប់។ ពេលនោះគេនាំយើងខ្ញុំចូលទៅក្នុងបន្ទប់មួយ ដែលមានទាហានជប៉ុនពីរបីនាក់ នៅនោះផង។ គេរាប់រកយើងខ្ញុំដោយរាក់ទាក់ណាស់។ ក្រោយមកទើបគេមានរៀបអាហារអោយយើងខ្ញុំព្រមទាំងលោក សក្ដិ៥ ជាមេបញ្ជាការនៃនាវានេះ អាស្រ័យរួមនឹងទាហាជាន់ខ្ពស់ឯទៀត។
ក្រោយពេលបាយខ្ញុំបានចេញឡើងមកលើនាវា មើលទេសភាពសមុទ្រ ប៉ុន្ដែមើលគ្មានឃើញអ្វីទេ ងងឹតសូន្យសុងតែម្ដង ហើយហាមមិនអោយអុជភ្លើងបំភ្លឺសោះឡើយ ខ្លាចកប៉ាល់ហោះពួកសំព័ន្ធមិត្ដឃើញ។ នៅគ្រានោះ រលកសមុទ្រធំៗអស្ចារ្យ លើកគ្រលែងយោលយោកនាវាទៅឆ្វេង ទៅស្ដាំឡើងលើចុះក្រោមមួយៗ រង្វើលៗ ដូចគេគ្រលែងប្រមាត់ថ្លើមអ្នកជិះ អោយវក់វី! គួរអោយអាសូរពួកប្រពន្ធនិងកូនតូចៗរបស់ទាហានកម្ពុជាក្រោមណាស់ ដែលគេអោយអង្គុយនៅកន្សៃនាវា។ ពួកនេះត្រូវពុលរលកក្អួតចង្អោរច្របល់ ខ្យល់ចាប់វក់វី គ្មានដំបូលការពារត្រូវទឹករលកដែលប៉ះកប៉ាល់នោះសាចបាចចូលមកទៀត.. ក្មែងតូចៗក៏យំរង៉េករង៉ាកឡើងគួរអោយវេទនាក្រៃលែង។ ម្ដាយចេះតែខំទ្រាំក្រាបក្រុងកូនទៅទ្រាំទំរំតែដល់ស្រុកវិញ។ ខ្ញុំឃើញដូច្នេះនឹកអាណិតខ្លោចចិត្ដប៉ុន្ដែមិនដឹងជានឹងរំលែកជួយដូចម្ដេច។
ខ្ញុំបានចុះចូលទៅក្នុងនាវាវិញព្រោះទ្រាំឈរតទៅទៀតពុំបានដែរ។ ខ្ញុំបានចូលទៅក្នុងបន្ទប់ដែលគេរៀបចំទុកអោយស្រេច។ ខ្ញុំឃើញលោកនួន ឌួង និងលោកប៉ាច ឈឺន កំពុងពុលរលកក្រាបជ្រហិតជ្រហម ឃើញក្រុមនាវាអោយថ្នាំលេបការពារកុំអោយខ្លាំងពេក។ ឯខ្ញុំទៅដល់កន្លែង ហើយមួយម៉ោងក្រោយមកក៏តាំងរង៉ាប់រង៉ើវិលមុខបែកញើសពេញខ្លួនចង់ក្អួតបន្ដិច ចង់បត់ជើងបន្ដិចលំបាកក្នុងខ្លួនជាខ្លាំង ខំបិទភ្នែកទៅ តែនៅតែវិលដដែល រួចមិនយូរប៉ុន្មានខ្ញុំក៏តាំងក្អួតចង្អោរវ៉ក់ៗ មកដែរ ។ អស់កំអួតហើយ ទើបសំងំដេកទៅទាំងយោលខ្លួន។
ប្រហែលជាម៉ោង៥ភ្លឺ ខ្ញុំភ្ញាក់ពីពុលរលក ខ្ញុំខំក្រោកដើរចេញពីបន្ទប់ឡើងទៅលើនាវា។ ពេលភ្លឺនោះខ្ញុំទើបមើលទៅកន្សៃ នាវាដែលមានប្រពន្ធទាហាននៅនោះ ឃើញសុទ្ធតែកំអួត និងលាមកក្មេងពាសពេញទាំងអស់ ដែលកាលពីយប់នោះគ្នាពុលរលកច្រងាប់ច្រង៉ិលនោះឯង ពួកនេះគ្នាលំបាកវេទនាជាងខ្ញុំណាស់ទៅទៀត។
ក្រោយនោះកប៉ាល់ក៏បានទៅដល់កាប់សាំងហ្សក់(3) នៅកំពង់នោះ ខ្ញុំឃើញអ្វីនោះដូចជាសរសរធំៗ មូលៗ គេយកទៅបោះត្រៀបត្រាក្នុងទឹក… លុះចូលទៅជិតទើបដឹងថា អោជាបំពង់ភ្លើងកប៉ាល់ដែលលិចទៅទេតើ! កប៉ាល់ទាំងនោះត្រូវលិចដោយសារការទំលាក់គ្រប់បែករបស់ពួកសំព័ន្ធមិត្ត។ កប៉ាល់លិចនោះ មានចំនួន២០គ្រឿង។
យើងហួសពីនេះទៅទៀត ក៏ទៅដល់ព្រែកមួយដែលជាច្រកចូលទៅកាន់ក្រុងព្រៃនគរ។ កប៉ាល់នេះបានចតស្រួលហើយប្រហែលជិតកន្លះម៉ោង ទើបឃើញទាហានជប៉ុនម្នាក់ចុះមកអញ្ជើញពួកយើងទាំងបីនាក់។ គេនាំយើងចុះពីលើនាវាហើយនាំ យើងទៅជិះរថយន្ដតូចមួយឆ្ពោះទៅកាន់កន្លែងមួយនៅក្រុងព្រៃនគរ។ ទីនោះជាកន្លែងរាជការជប៉ុនរៀបចំអោយពួកមេនយោបាយធំៗរបស់យួនមានពួកកៅដាយ វ់ាហាវ ប៊ិនស្វៀងជាដើមនៅទីនោះ។
នៅក្នុងឱកាសនោះហើយ ដែលនាំអោយខ្ញុំបានស្គាល់ក្រុមកៅដាយវ៉ាហាវ ប៊ីនស្វៀង។ ចំណែកពួកយើង គេយកទៅផ្ញើអោយនៅ នឹងក្រុមកៅដាយដែលជាក្រុមធំជាងគេនៅទីនោះ។ ក្រុមកៅដាយបានរៀបចំទទួលក្រុមខ្ញុំដោយរាក់ទាក់។ តែពួកកៅដាយទទួលទានម្ហូបបួស(ម្ហូបគ្មានសាច់ខ្លាញ់ ) ទាំងអស់គ្នា (4)!។
ខ្ញុំលោកនួន ឌួង លាកប៉ាច ឈឺន នៅទីនោះបាន១៤ថ្ងៃ ទើបបានជប៉ុនគេមកអញ្ជើញឡើងរថយន្ដមួយដែលជារថយន្ដដឹកកងទ័ព។ ពេលម៉ោង៩ព្រឹកយើងទាំងបីនាក់ក៏បានធ្វើដំណើរតាមឡានទាហានចាកចេញពីទីក្រុងព្រៃនគរឆ្ពោះមកប្រទេសកម្ពុជា!
នៅលើឡានខ្ញុំដឹងថាទឹកមុខខ្ញុំឡើងថ្លាពព្រាយ– ថ្លាព្រោះនឹងបានមកប្រាកដស្រមោលលើមាតុប្រទេសជាទីស្នេហា ដែលខ្ញុំប្រាត់ប្រាស់ទៅជិត៤ឆ្នាំ ហើយដែលញាតិមិត្ដគ្រប់គ្នានឹកស្មានថា ខ្ញុំមិនអាចនឹងរស់មកវិញទេ! ថ្លាព្រោះខ្ញុំសង្ឃឹមជាថ្មីថា ខ្ញុំអាចបន្ដសកម្មភាពនយោបាយរបស់ខ្ញុំបានតទៅទៀតហើយ!
មកដល់កំពង់ចំលងអ្នកលឿង ក៏បានជួបនឹងលោកអាចារ្យប៉ាង ខាត់ ជុំ មួង ព្រមទាំងមិត្ដភក្ដិទៀត។ យើងទាំងអស់គ្នាអោបរិតគ្នាដោយសេចក្ដីត្រេកអរជាភិយោភាព! តើមានពាក្យអ្វីថ្លែងអោយចំបាន អំពីមនោសញ្ចេតនាសប្បាយរីករាយដោយសារបានជួបគ្នានេះ? គ្មានឡើយ! យើងសប្បាយណាស់រកពាក្យថ្លែងពុំបាន!
ក្រោយពេលដែលបានសាកសងសំណេះសំណាលគ្នាចប់សព្វគ្រប់ហើយនោះ មិត្ដយើងគេអោយយើងបន្ដដំណើរមកភ្នំពេញចុះ គេទាំងនោះបន្ដដំណើរទៅកាន់ខេត្ដព្រៃវែង និងស្វាយរៀងទៅទៀតជួយឃោសនាជាមួយទ័ពជប៉ុន ដើម្បីដឹកនាំប្រជាពលរដ្ឋនៅតំបន់នោះ។
យើងខ្ញុំទាំងបីនាក់ ក៏ធ្វើដំណើរឆ្ពោះទៅកាន់ក្រុងភ្នំពេញមកទៀត ដែលបានមកដល់នៅវេលាម៉ោង១២ ថ្ងៃត្រង់ ដោយសុវត្ដិភាព។
បិតាខ្ញុំ បងប្អូនខ្ញុំ (5) បានចោមរោមព្រោងព្រាត ញញឹមលាយនិងទឹកភ្នែក ដោយសប្បាយពេកចំពោះវត្ដមានរបស់ខ្ញុំដែលគេពិបាកនឹងសង្ឃឹម។
អស់លោកជាមិត្រមេត្រីទាំងឡាយ ជីវភាពខ្ញុំនៅគុកភ្នំពេញ នៅគុកព្រៃនគរ នៅកោះត្រឡាចបានចប់ហើយ។ ខ្ញុំមានសេរីភាពវិញហើយ! ប៉ុន្ដែគ្រាន់តែជាពន្លឺតូចមួយប៉ុណ្ណោះទេ ពុំមែនជាសេរីភាពមែនទែនទេ! ពីព្រោះប្រទេសយើងពេលនោះ ពុំទាន់បានឯករាជ្យនៅឡើយ។ សេរីភាពនៃប្រជាជន ដែលរស់នៅក្នុងប្រទេសដែលកញ្ជះគេ មានគេត្រួតត្រានោះ ពុំមែនជាសេរីភាពពិតប្រាកដទេ។ យើងត្រូវតែត្រេចរកសេរីភាព ប្រជាធិបតេយ្យនេះអោយបានពិតប្រាកដជាក់ស្ដែង។
នៅក្នុងឆ្នាំ១៩៤៦ ខ្ញុំក៏បានធ្វើជាក្រុមខ្មែរឥស្សរៈនៅតំបន់ខេត្ដបាត់ដំបងរហូតមក។ លុះឆ្នាំ ១៩៥១ ខ្ញុំក៏បានស្ម័គ្រធ្វើតំណាងរាស្រ្ដនៅរដ្នសភា ប៉ុន្ដែអកុសលណាស់ រដ្ឋសភានោះត្រូវសេ្ដចសីហនុ រំលាយទៅនៅថ្ងៃ១៣-០១-៥៣ ហើយខ្លួនខ្ញុំក៏ត្រូវគេចាប់ដាក់គុកអស់ពេល៨ខែ ២០ថ្ងៃថែមទៀតជាមួយពួកមិត្ដ។
គិតទៅឈ្មោះខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល នឹងគុកនយោបាយនោះ ដូចជាមិនចេះចប់សោះ។ ប៉ុន្ដែខ្ញុំសូមបញ្ជាប់រឿងគុកនយោបាយនេះត្រឹមរឿងខ្ញុំបានចូលមកស្រុកខ្មែរទៅចុះ ដើម្បីកុំអោយអស់លោកអ្នកជាមិត្ដធុញទ្រាន់ព្រោះវែងពេក។ ហើយបើមិត្ដចូលចិត្ដរឿងខ្ញុំចាប់ពីខ្ញុំធ្វើឥស្សរៈបដិវត្ដន៍ ដេញបាញ់បារាំងយ៉ាងណាៗទៅទៀតនោះ ចាំខ្ញុំឆ្លៀតពេលសរសេរជូននូវសៀវភៅមួយទៀត។
ទីបញ្ចប់នេះ ខ្ញុំសូមអរគុណអស់លោកប្រិយមិត្ដទាំងឡាយ ដែលបានអានរឿងគុកនយោបាយនេះ។ ហើយខ្ញុំសូមឧទ្ទិសជាអវសានថា សូមអោយចិត្ដគំនិតកូនខ្មែរមានការចំរើនលូតលាស់ភ្ញាក់រលឹក ស្រលាញ់ទឹកដីខ្មែរ ពូជពង្សខ្មែរ ប្រពៃណីខ្មែរហើយរីកចំរើនតអនាគតជានិច្ច!។
*** ចប់បរិបូណ៌ ***
=====កំណត់សម្គាល់=====
(1)នេះបើគិតពីជាប់ទោសពីឆ្នាំ១៩៤២ដល់១៩៤៥។
(2)ឯក្រុងភ្នំពេញនោះក៏ត្រូវរងគ្រប់បែកនៅថ្ងៃជាមួយគ្នានេះដែរ។
(3)Cap Saint Jaqueជាកំពែងធំមួយរបស់យួនព្រៃនគរ។
(4) (ក្រុមកៅដាយ, វ៉ាយហាវ. ប៊ិនស្វៀង ជាក្រុមសាសនានាំបំបះបំបោររំដោះពីនឹមបារាំង។ ពួកនេះគេរៃប្រាក់ពីពួកគ្នាគេដើរទិញអាវុធតស៊ូនឹងបារាំង។ ខ្ញុំបានឃើញក្រុមនេះយួរប្រាក់ទាំងថង់ៗទៅប្រគល់ជូនមេក្រុមគេរាល់វេលា។ គេមានគណៈកម្មការគេអង្គុយរាប់ប្រាក់ច្រើនគ្នា ពួកក្រុមគេប្រមូលបានប្រាក់ច្រើនលានរៀល បានច្រើនជាងគេ គឺពួកកៅដាយនេះតែម្ដង។
(5) សូមជំរាបថា ម្ដាយខ្ញុំទទួលអនិច្ចកម្មតាំងពីថ្ងៃ ១៤ កក្កដា ១៩៤០ ម៉្លេះ។
=====================================================