Ultimate magazine theme for WordPress.

បើ Airbnb អាចរស់បាន! អ្នកក៏អាចធ្វើបានដូចគ្នា !

0 18

អ្នកប្រហែលជាបានដឹងហើយថាមួយរយៈមុននៅអំឡុងពេលដែលសហរដ្ឋអាមេរិចជួបប្រទះនូវវិបត្តិកូវីត ១៩ ធ្ងន់ធ្ងរបំផុតនោះមានក្រុមហ៊ុនធំៗជាច្រើនបានខាតទុនអស់ជាច្រើនលានដុល្លារហើយកាន់តែប៉ះពាល់ខ្លាំងទៅទៀតនោះគឺឈានដល់ការក្ស័យធុនថែមទៀតផង ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះក៏នៅមានក្រុមហ៊ុនធំៗមួយចំនួននូវតែអាចបន្តដង្ហើមនៃអាជីវកម្មតទៅមុខទៀតបានប្រកបដោយភាពជោគជ័យថែមទៀតផង

នៅក្នុងនោះផងដែរក៏ Airbnb ជាក្រុមហ៊ុនដែលបង្កើតជា Platform ដែលអាចឲ្យអ្នកប្រើប្រាស់ដែលជាភ្ញៀវទេសចរកក់បន្ទប់ជួលអនឡាញក៏បានទទួលរងនូវការគំរាមកំហែងយ៉ាងគំហុកពីវិបត្តិកូវីត ១៩ នេះផងដែរ ។ ត្រឹមតែរយៈពេលជិតមួយខែបន្ទាប់ពីការផ្ទុះនូវវិបតិ្តកូវីតនោះ Airbnb បានបាត់បង់នូវអត្រានៃការកក់បន្ទប់រហូតដល់ទៅជាង ៧០% ដែលខាតបង់ប្រាក់ចំណូលរហូតដល់ទៅ ៥០%​ នៃចំណូលសរុប ។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ Airbnb អាចងើបចេញពីស្ថានការណ៍នៃវិបត្តិបានយ៉ាងរហ័សក្នុងរយះពេលដ៏ខ្លី ។ តើ Airbnb ប្រើយុទ្ធសាស្រ្តបែបណាទើបអាចបន្តដង្ហើមអាជីវកម្មរបស់ខ្លួននៅអំឡុងពេលវិបត្តិដ៏កាចសាហាវនេះបាន ។

១ ស្វែងរកគុណតម្លៃនៃអាជីវកម្មរបស់អ្នក

លោក Brian Chesky ដែលជាអគ្គនាយក Airbnb បានលើកឡើងថា “ ពិតណាស់ក្នុងស្ថានភាពបែបនេះមនុស្សមិនអាចធ្វើដំណើរកម្សាន្តបានទេប៉ុន្តែមិនមែនមានន័យថាពួកគេមិនត្រូវការបន្ទប់ជួលនោះទេ”  ។

ជាក់ស្តែងក្នុងស្ថានភាពបែបនេះមានមនុស្សជាច្រើនបានចាកចេញពីកន្លែងដែលមានមនុស្សច្រើនដូចជាទីក្រុងឬទីប្រជុំជនទៅកន្លែងដែលស្ងប់ស្ងាត់ពុំសូវមានមនុស្សវិញដើម្បីបណ្តោះខ្លួនចេញពីទីតាំងដែលមានមនុស្សច្រើនដែលប្រឈមនឹងការឆ្លងខ្ពស់។ ស្របពេលគ្នានេះផងដែរក៏មានមនុស្សមួយចំនួនជួលបន្ទប់ឬផ្ទះជាខែដើម្បីរស់នៅជាបណ្តោះអាសន្នតែម្តង ។ ដូច្នេះពួកគេក៏៏ប្រើប្រាស់នូវយុទ្ធសាស្ត្រមួយនោះគឺជាការបត់ខ្លួនហើយងាកមកផ្តោតសំខាន់ទៅលើគុណតម្លៃស្នូលនៃអាជីវកម្មរបស់ពួកគេវិញនោះគឺជាជួលបន្ទប់ដែលមានតម្លៃសមរម្យក៏ដូចជាសណ្ឋាគារឬផ្ទះសំណាក់បែបប្រពៃណីដើម្បីតម្រូវទៅតាមស្ថានការណ៍និងតម្រូវការជាក់ស្តែងរបស់អតិថិជន ។ ជាលទ្ធផលពួកគេនៅតែបន្តរកចំណូលក៏ដូចជាអាចដោះស្រាយបញ្ហាជូនដល់អ្នកប្រើប្រាស់បានថែមទៀតផង ។

២ យកចិត្តទុកដាក់និងខ្វល់ខ្វាយពីអតិថិជន

ដោយសារតែ Airbnb ដឹងថានៅក្នុងស្ថានភាពបែបនេះអតិថិជនក៏ពិបាកដែរ អញ្ជឹងហើយពួកគេក៏បានអនុវត្តន៍នូវគោលការណ៍ សងប្រាក់ទៅកាន់អតិថិជនដែលបានលុបចោលការកក់វិញ ។ ក្រៅពីនេះ airbnb ក៏បានអនុញ្ញាតឲ្យម្ចាស់ផ្ទះធ្វើការខ្ជីនូវប្រាក់ដើម្បីជួលជុលផ្ទះក៏ដូចជាបង់ការប្រាក់ដល់ធនាគារផងដែរ ។ នៅក្នុងស្ថានភាពបែបនេះ Airbnb ព្យាយាមជួយអតិថិជនឲ្យបានច្រើនបំផុតតាមតែអាចធ្វើបាន ។

ចុះចំពោះលោកអ្នកវិញតើក្នុងពេលឥឡូវនេះអ្នកកំពុងតែរងចាំឲ្យស្ថានភាពប្រែទៅជាធម្មតាវិញឬក៏យ៉ាងណា ? តើអ្នកបានត្រៀមខ្លួនហើយឬនៅក្នុងការផ្លាស់ប្តូរ ? តើចំណុចអ្វីខ្លះដែលអ្នកគួរតែផ្លាស់ប្តូរហើយចំណុចអ្វីខ្លះដែលអ្នកគួរតែរក្សាបន្ត តើអ្នកត្រៀមខ្លួននៅក្នុងការឆក់យកនូវឱកាសដែលកំពុងតែហុចឲ្យហើយឬនៅ ? ហើយចំពោះអាជីវកម្មរបស់លោកអ្នកវិញតើអ្វីទៅជាគុណតម្លៃស្នូលដែលអាចបំពេញតម្រូវការដ៏ពិតប្រាកដរបស់អតិថិជនបាន ?  តើវាជាលក្ខណៈពិសេសដែលទាក់ទាញចិត្តអតិថិជនមែនឬក៏ ? តើ លោកអ្នកបានព្យាយាមពង្រឹងគុណតម្លៃនៃអាជីវកម្មទាំងនោះហើយឬនៅ ?

អ្វីដែលខ្ញុំចង់លើកទឹកចិត្តឲ្យលោកអ្នកធ្វើនៅខណៈពេលនេះគឺងាកមកមើលលើអាជីវកម្មរបស់លោកអ្នកវិញ ។ ជាក់ស្តែងប្រសិនបើលោកអ្នកជាម្ចាស់អាជីវកម្មអាហារដ្ឋានឬហាងកាហ្វេ នោះគុណតម្លៃនៃអាជីវកម្មរបស់លោកអ្នកប្រហែលជា សេវាកម្មល្អ អាហារឬភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ខុសប្លែកពីហាងដទៃ មានអនាម័យខ្ពស់ តម្លៃសមរម្យ ការវិចខ្ចប់បានត្រឹមត្រូវ ជាដើម ។ បន្ទាប់ពីស្វែងរកគុណតម្លៃនៃអាជីវកម្មរបស់លោកអ្នកឃើញហើយនោះ។ ជំហានបន្ទាប់លោកអ្នកត្រូវតែដឹង ថាតើលោកអ្នកអាចឲ្យអតិថិជនចងចាំពីអ្នកវិញដោយរបៀបណា ? ពីព្រោះថាមួយរយះពេលនេះពួកគេមិនបានមកហាងរបស់លោកអ្នកដូចមុនទេ ចឹងហើយពួកគេអាចនឹងភ្លេចពីហាងរបស់លោកអ្នក ដូច្នេះអ្វីដែលអ្នកត្រូវធ្វើគឺរំលឹកពួកគេវិញ ហើយសំណួរសួរថាតើរំលឹកដោយរបៀបណា ? ចម្លើយនោះគឺងាយស្រួលទេគឺកន្លែងណាដែលអតិថិជនរបស់អ្នកចំណាយពេលច្រើនជាងគេនោះគឺបណ្តាញសង្គម ។ អ្នកត្រូវព្យាយមរំលឹកពួកគេពីអ្វីដែលពួកគេចូលចិត្តពីហាងរបស់អ្នក តាមរយះការបង្ហោះមាតិកាជារូបភាពឬក៏វីដេអូដែលភ្ជាប់មកជាមួយនឹងសារទីផ្សារដែលបង្កប់ពីគុណតម្លៃនៃអាជីវកម្មរបស់អ្នក ។  អ្នកក៏អាចបង្ហាញប្រាប់ពួកគេបានថា បើទោះបីជាពួកគេមិនអាចមកហាងផ្ទាល់បានក៏ពិតមែនប៉ុន្តែពួកគេអាចកម្មង់ទៅញុំានៅផ្ទះបាន ។ លើសពីនេះអ្នកក៏ត្រូវបង្ហាញប្រាប់ពួកថាស្តង់ដា អនាម័យ រសជាតិគឺនៅតែដដែលហើយប្រកបដោយសុវត្ថិភាពទៀតផង។

ដូច្នេះជៀសជាងការមិនធ្វើអ្វីសោះដោយបណ្តាយតាម ស្ថានការណ៍និងបន្តរងចាំដោយគ្នានបានអ្វីសោះ លោកអ្នកគួរតែព្យាយាមសាកល្បងសិន យ៉ាងហោចណាស់ក៏អ្នកបានខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដែរ ។

 

The post បើ Airbnb អាចរស់បាន! អ្នកក៏អាចធ្វើបានដូចគ្នា ! appeared first on គំនិត.

Source: ប្រភព៖ https://kumnit.com/

Comments
Loading...