Ultimate magazine theme for WordPress.

ស្វែងយល់អំពីលក្ខន្តិកៈក្រុមហ៊ុន

0 3,433

លក្ខន្តិកៈពង្រឹងយន្តការថ្លឹងថ្លែងអំំណាច សំដៅកាត់បន្ថយ​ហានីភ័យ, បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងលើកទឹកចិត្តគំនិតច្នៃប្រឌិត ។

 

និយមន័យ

លក្ខន្តិកៈក្រុមហ៊ុន គឺបទប្បញ្ញត្តិដែលឋានានុក្រមខ្ពស់បំផុតនៅក្នុងក្រុមហ៊ុន។ លក្ខន្តិកៈនេះត្រូវ តាក់តែង និងចុះហត្ថលេខាដោយភាគហ៊ុនិក ហើយអាចកែប្រែបានដោយមហាសន្និបាតភាគហ៊ុនិក។

លក្ខន្តិកៈអាចប្រៀបប្រដូចនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេស ពីព្រោះ បទបញ្ជាផ្ទៃក្នុង គោលការណ៍ដឹកនាំ និងកិច្ចដំណើរការក្រុមហ៊ុនទាំងអស់ត្រូវអនុលោមតាម បញ្ញត្តិ ដែលមានកំណត់នៅក្នុងលក្ខន្តិកៈ។

ខ្លឹមសារ

ជារួម លក្ខន្តិកៈ កំណត់អំពីកម្មវត្ថុអាជីវកម្ម រចនាសម្ព័ន្ធដឹកនាំ និងយន្តការថ្លឹងថ្លែងអំណាច(check and balance) នៅក្នុងក្រុមហ៊ុន ដូចជា ការបែងចែករវាងអំណាចប្រតិបត្តិរបស់អគ្គនាយក និងអំណាចត្រួតពិនិត្យរបស់ក្រុមប្រឹក្សាភិបាល ឬរវាងអំណាចប្រតិបត្តិរបស់ក្រុមប្រឹក្សាភិបាល និងអំណាចត្រួតពិនិត្យរបស់មហាសន្និបាត ភាគហ៊ុនិកជាដើម។ លក្ខន្តិកៈដែលអាចវាយតម្លៃថាល្អ⁣ គឺជាលក្ខន្តិកៈដែលថ្លឹងថ្លែង អំណាចប្រតិបត្តិ និងអំណាចត្រួតពិនិត្យបានសមស្របដែលអនុញ្ញាតឳ្យក្រុមហ៊ុនដំណើរការរលូននិងលើកកម្ពស់គំនិតច្នៃប្រឌិត ដែលការចែករំលែកអំណាច នោះអាចប្រែប្រួលទៅតាមវិស័យនិងហានីភ័យអាជីវកម្ម។

សារៈសំខាន់

ដូច្នេះ⁣ លក្ខន្តិកៈដែលល្អ មិនត្រឹមតែកាត់បន្ថយបញ្ហារំលោភបំពានអំណាច និងហានីភ័យដែលពាក់ព័ន្ធប៉ុណ្ណោះទេ តែនឹងបង្កើនប្រសិទ្ធភាពនៃ កិច្ចដំណើរការក្រុមហ៊ុន ព្រមទាំងលើកទឹកចិត្តឳ្យមានគំនិតច្នៃប្រឌិត ផងដែរ។

ការអនុលោមតាមលក្ខន្ដិកៈក៏នឹងជួយកាត់បន្ថយការទទួលខុសត្រូវ​ផ្ទាល់ខ្លួនរបស់បុគ្គលដឹកនាំផងដែរ ពីព្រោះ ការណ៍មិនអនុវត្តត្រឹមត្រូវតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន នឹងបើកផ្លូវឳ្យភាគីខាងក្រៅដែលទទួលរងការខាតបង់ពីទំនាក់ទំនងជាមួយក្រុមហ៊ុន អាចប្ដឹងទាមទារសំណង​ ពីអ្នកដឹកនាំក្រុមហ៊ុនផងដែរ។

Comments
Loading...