ជម្លោះរវាងម្ចាស់ហ៊ុន
ការចូលហ៊ុនគ្នាដើម្បីចាប់ផ្ដើមដំណើរការអាជីវកម្មមួយ ផ្តល់នូវលទ្ធភាពច្រើនក្នុងការទទួលជោគជ័យ ជាងការដំណើរការអាជីវកម្មតែម្នាក់ឯង ដោយយោងទៅហេតុផលជាច្រើន ។
បញ្ហា
តែជាញឹកញាប់ តែងមានជម្លោះកើតឡើងរវាងសហស្ថាបនិក ឬភាគហ៊ុនិក នៃក្រុមហ៊ុន។ ជម្លោះអាចកើតឡើងដោយសារហេតុផលច្រើនយ៉ាងដូចជា៖ ការយល់ថាភាគីម្ខាងមិនខិតខំ, ការកើតឡើងនូវការសង្ស័យ, ការមិនទុកចិត្តគ្នា, ការមិនឳ្យតម្លៃយោបល់អ្នកដទៃ, ការកើតឡើងនូវការកេងបន្លំ, ការមិនបែងចែកការងារច្បាស់លាស់, ការមិនឯកភាពគ្នាលើលក្ខខណ្ឌចូលហ៊ុនថ្មីជាដើម។
ជម្លោះទាំងនោះ អាចនាំទៅដល់ការបែកបាក់មិត្តភាព, ការបាត់បង់ឳកាសវិនិយោគ, ការខាតបង់ប្រាក់កាសឬការក្ស័យធន, ការក្ដាំក្ដីនៅតុលាការ ជាដើម។
ដំណោះស្រាយ
ភាគច្រើននៃមូលហេតុសុទ្ធតែអាចជៀសវាងឬដោះស្រាយបាន ដោយចាត់វិធានការ ឬគោរពគោលការណ៍មួយចំនួន ដូចខាងក្រោម៖
- កំណត់ឳ្យបាននូវក្តីសុបិន្ត(Aspiration)រួម ដែលនេះជាចំណុចចាប់ផ្ដើម នៃការ ” ជិះទូកជាមួយគ្នា”
- បែងចែកការងារច្បាស់លាស់ និងប្រជុំពិភាក្សាទៀងទាត់
- រៀបចំប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងសំខាន់ៗ (ការកំណត់គោលការណ៍និងនីតិវិធីនៃចំណាយ, ការសម្រេចលើគម្រោងថវិកានិងការតាមដាន, ការផ្ដាច់ចេញពីគ្នានូវគណនីប្រតិបត្តិការនិងគណនីដើមទុនជាដើម)
- រៀបចំកិច្ចព្រមព្រៀងម្ចាស់ហ៊ុនឳ្យបានត្រឹមត្រូវ ដោយកំណត់អំពីលក្ខខណ្ឌនៃការចូលហ៊ុន, នៃការលក់ហ៊ុនបន្ថែម, នៃការដកខ្លួន, នៃការដោះស្រាយទំនាស់ជាយថាហេតុ។
- ក្នុងករណីគ្មានការឯកភាពគ្នា ត្រូវស្វែងរកមតិភាគច្រើន ។ល។
ត្រូវចងចាំ
បន្ថែមលើអត្ថប្រយោជន៍ផ្សេងទៀត លោកអ្នកនឹងមានភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទាន ឬការចូលហ៊ុនពីអ្នកដទៃ (ជាពិសេស ពី Venture Capital) ប្រសិនបើលោកអ្នកមានសហស្ថាបនិក ចាប់ពីពីរនាក់ឡើងទៅ។ ដូច្នេះ យើងគ្រប់គ្នាត្រូវរៀនរកស៊ីរួមគ្នា ដើម្បីអនាគតរុងរឿង ទាំងអស់គ្នា។