Ultimate magazine theme for WordPress.

- Advertisement -

អាថ៌កំបាំង​ទាំង​១២​ដើម្បី​ក្លាយ​ជា​សេដ្ឋី

0 53

អាថ៌កំបាំង​ទី១​៖ មាន​ក្តី​ប្រាថ្នា​ខ្ពស់​

អាថ៌កំបាំង​ទី​១ដើម្បីក្លាយ​ជាមហា​សេដ្ឋី​គឺ ត្រូវ​មាន​ក្តី​ប្រាថ្នា​ខ្ពស់​។ ជន​មហិមា​ទាំង​ឡាយ​តែង​ចាប់​ផ្តើម​ដោយ​ការ​ស្រមៃ​ទៅ​ដល់​អ្វី​ដែល​អស្ចារ្យ​ ខុស​ប្លែក​ពី​អ្វី​ដែល​ខ្លួន​មាន​បច្ចុប្បន្ន​។ ចូរ​អនុវត្ត​ការ​គិត​ “​ត្រឡប់​ពី​អនាគត​មក​វិញ”​។ នេះ​ជា​វិធី​សាស្រ្ត​ដ៏​មាន​ប្រសិទ្ធ​ភាព​ដែល​ឥទ្ធិ​ពល​ក្រៃ​លែង​ដល់ទឹក​ ចិត្ត​និង​ទង្វើ​របស់​អ្នក។ ចូរ​ស្រមៃ​មើល​ពី​ជីវិត​របស់​អ្នក​នៅ​ប្រាំ​ឆ្នាំខាង​មុខដែល​ជា​ជីវិត​ដ៏​ ល្អ​ឥត​ខ្ជោះ​មួយ​ដែល​អ្នក​ប្រាថ្នា​។ តើ​ជិវិត​អ្នក​ហ៊ឺ​ហា​​យ៉ាង​ណា​? តើ​ពេល​នោះ​អ្នក​កំពុង​ធ្វើ​អ្វី? អ្នក​ធ្វើ​ការ​នៅ​កន្លែង​ណា? អ្នក​រក​ចំណូល​បាន​ប៉ុន្មាន? អ្នក​មាន​ប្រាក់​ប៉ុន្មាន​ក្នុង​ធនាគារ​? ចូរ​បង្កើត​ទស្សនវិស័យ​ដ៏​ច្បាស់​លាស់​​មួយ​ក្នុង​ជីវិត។ ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​អ្នក​មាន​ជំនឿ​ចិត្ត​ និង​ពេញ​ចិត្ត​ចំពោះ​ខ្លួន​ឯង​ខ្លាំង​ឡើង។

អាថ៌កំបាំង​ទី២​៖​ កំណត់​ទិស​ដៅ​ច្បាស់​លាស់

ដំណាក់​កាល​នេះ អ្នក​យក​ក្តីស្រមៃរបស់​អ្នក​មក​សរសេរ​ឲ្យ​ច្បាស់​លាស់។ ចូរ​សរសេរ​គោល​បំណង​ចំនួន​១០​ ដែល​អ្នក​ចង់​បាន​ក្នុង​រវាង​ ១២ ខែ​ ខាង​មុខ ហើយ​ជ្រើស​រើស​យក​ ១​ ក្នុង​ចំណោម​នោះ​ដែល​អ្នក​យល់​ថា​មាន​ឥទ្ធិ​ពល​បំផុត​លើ​ជីវិត​អ្នក​។ ចូរ​កំណត់​កាល​បរិច្ឆេទ​ច្បាស់លាស់​ថា​អ្នក​ចង់​សម្រេច​បាន​ពេល​ណា ចូរ​មាន​ផែន​ការ ហើយ​​ធ្វើ​សកម្មភាព​​រៀង​រាល់​ថ្ងៃ។

ពី​ពេល​នេះ​ត​ទៅ​ចូរ​គិត​និង​និយាយ​តែ​អំពី​គោល​បំណង​របស់​អ្នក​។ ចូរ​ចង​ចាំ​ថា “​អ្វី​ដែល​អ្នក​គិត​ញឹក​ញាប់​បំផុត​ នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​យ៉ាង​នោះ”​ ។

អាថ៌កំបាំង​ទី៣​៖ ធ្វើការ​ឲ្យ​ខ្លួន​ឯង

គិត​ថា​ខ្លួន​អ្នក​ធ្វើការ​ឲ្យ​ខ្លួន​ឯង ចូរ​ទទួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង​ ១០០% ។ ឈប់​រអ៊ូ​រទាំ ឈប់​ស្តី​បន្ទោស​អ្នក​ដទៃ ពេល​ជួប​រឿង​មិន​ពេញ​ចិត្ត។ រឿង​អ្វីដែល​អ្នក​ចង់​បាន​ឬ មិន​ចង់​បាន​ ត្រូវ​ធ្វើ​ដោយ​ខ្លួន​ឯង។
ការ​មាន​គំនិត​មើល​​ឃើញខ្លួន​ឯង​​ ធ្វើការ​ឲ្យ​ខ្លួន​ឯង​ ជួយ​កសាង​ផ្តត់​គំនិត​សហគ្រិន​ ដែល​ជា​ផ្នត់​គំនិត​ឯករាជ្យ ម្ចាស់​ការ និង​ចាប់​ផ្តើម​ដោយ​ខ្លួន​ឯង។ អ្នក​មើល​ឃើញខ្លួន​ឯង​ជា​ម្ចាស់​ជីវិត​ខ្លួន​ឯង​។ អ្នក​ឃើញ​ខ្លួន​ឯង​ជា​អ្នកទទួល​ខុស​ត្រូវ​ទាំង​ស្រុង​លើ សុខភាព​ ហិរញ្ញវត្ថុ ទំនាក់​ទំនង ផ្ទះ​សំបែង​ រថយន្ត​ និង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​អ្នក។

អាថ៌កំបាំង​ទី៤​៖ ធ្វើ​នូវ​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ធ្វើ

នេះ​គឺ​ជាអាថ៌កំបាំង​មួយ​នៃ​ជោគជ័យ​ហិរញ្ញវត្ថុ​។ ប្រការ​សំខាន់​បំផុត​ក្នុង​ជីវិត​ គឺ​ត្រូវ​ស្វែង​រក​កិច្ច​ការ​ដែល​អ្នក​រីករាយ​នឹង​ធ្វើ​បំផុតដែល​ត្រូវ​តាម​ ទេពកោសល្យ​របស់​ខ្លួន​ ហើយ​ដាក់​ចិត្ត​ដាក់​កាយ​ធ្វើ​កិច្ចការ​នោះ​ឲ្យ​ល្អ​បំផុត។  ជន​ដែល​សាង​ខ្លួន​ក្លាយ​ជា​សេដ្ឋី តែង​ធ្វើ​ការ​ត្រូវ​ទៅតាម​សមត្ថភាព​និង​ចំនុច​ខ្លាំង​ពី​កំណើត​របស់​ខ្លួន។ នៅ​ពេល​ធ្វើ​ការ​ដែល​ខ្លួន​ស្រឡាញ់ ហាក់​ដូច​ជាសប្បាយ​ មិន​ចេះ​នឿយ​ហត់​ ហើយ​ចេះតែ​មាន​គំនិត​ថ្មី​ៗ​ជាប់​ជានិច្ច។

អាថ៌កំបាំង​ទី​៥៖​ ប្រឹង​ប្រែង​ឲ្យ​ដល់​កម្រិត​ល្អ​ឥត​ខ្ចោះ

ចូរ​កែ​ប្រែ​ថ្ងៃ​នេះ​ឲ្យ​ក្លាយ​ជា​ថ្ងៃ​ដែល​អ្នក​ធ្វើ​កិច្ច​កា​រ​បាន​ ល្អ​បំផុត។ ចូរ​កំណត់​គោល​ដៅ​ឲ្យ​ខ្លួន​អ្នក​ក្លាយ​ជា​ជន​កំពូល​នៃ​ក្នុង​វិស័យ​ជំនាញ​ របស់​អ្នក។ ការ​សម្រេច​ចិត្ត​នេះ​ គឺ​ជា​ចំនុច​របត់​ដ៏​​ល្អ​បំផុត​មួយ​ក្នុង​ឆាក​ជីវិត​ ព្រោះ​ថា​ជន​ជោគជ័យ​តែង​តែ​ប៉ុន​ប្រសប់​ស្ទាត់​ជំនាញ​ក្នុង​កិច្ចការ​របស់​ ខ្លួន​ជានិច្ច។ នេះ​គឺ​ជា​គន្លឹះ​ឆ្ពោះទៅ​កាន់​ជោគ​ជ័យ​ដ៏​មហិមា​។ វា​ក៏​ជា​ការ​លើក​ទឹក​ចិត្ត​និង​មោទនភាព​ចំពោះ​ខ្លួន​ឯង​ដែរ។ នៅ​ពេល​ដែល​អ្នក​ពូកែ​ខាង​អ្វី​មួយ អ្នក​នឹង​មាន​អារម្មណ៍​ពេញ​ចិត្ត​ចំពោះ​ខ្លួន​ឯង ហើយ​អារម្មណ៍​នេះ​ ជះ​ឥទ្ធិពល​ដល់​ចរិត​និង​ទំនាក់​ទំនង​របស់​អ្នក​ជាមួយ​អ្នក​ ដទៃ។

ជាការពិត​ណាស់ អ្នក​មិន​អាច​ស្ទាត់​ជំនាញ​គ្រប់​រឿង​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ ​នោះ​ទេ ប៉ុន្តែ​អ្នក​អាច​ជ្រើស​រើស​យក​ជំនាញ​មួយ​ដែល​មាន​ប្រយោជន៍​បំផុត​ដល់​អ្នក​ ហើយ​ដាក់​ចិត្ត​ដាក់​កាយ​អភិវឌ្ឍន៍​ជំនាញ​នោះ។ រៀង​រាល់​ថ្ងៃ​សម្រួច​ជំនាញ​នេះ​ជាប្រចាំ។ អ្នក​នឹង​ឃើញ​ថា​ ការ​តាំង​ចិត្ត​ធ្វើ​ឲ្យ​ដល់​កម្រិត​ល្អ​ឥត​ខ្ចោះនេះ​ពិត​ជា​កែ​ប្រែ​ជីវិត​ របស់​អ្នក​ដ៏​សំម្បើម។

អាថ៌កំបាំង​ទី​៦៖​ ធ្វើការ​ច្រើន​ជាង​មុន​ និង​រយៈពេលយូរ​ជាង​មុន

ធ្វើការ​ច្រើន​ជាង​មុន​ និង​រយៈពេលយូរ​ជាង​មុនជន​ដែល​សាង​ខ្លួន​ក្លាយ​ជា​សេដ្ឋី ​ធ្វើ​ការ​ច្រើន​ណាស់។ ពួកគេធ្វើការ​យ៉ាង​សកម្ម​ ចូល​លឿន​ ចេញ​យឺត។ ចូរ​អនុវត្តន៍​នូវ​រូបមន្ត “​៤០” គឺ​ធ្វើ​ការ​ ៤០​ ម៉ោង​សម្រាប់​ចិញ្ចឹម​ជីវិត ហើយ​ធ្វើការ​​លើស​ពី​ ៤០ ម៉ោង​ដើម្បី​ជោគជ័យ។ ពេល​ធ្វើ​ការ​ គឺ​ធ្វើយ៉ាង​ពេញលេញ​ កុំ​ខ្ចោះ​ខ្ជាយ​ពេល​វេលា។ ចូរ​កែប្រែ​ថ្ងៃ​នេះ​ ឲ្យ​ខ្លួន​អ្នក​ក្លាយទៅ​ជា​ជន​ដែល​ប្រឹង​ប្រែង​ធ្វើការ​បំផុត។

- Advertisement -

អាថ៌កំបាំង​ទី​៧៖ ជ្រមុជ​ខ្លួន​រៀន​សូត្រ​ពេញ​មួយ​ជីវិត

ខួរ​ក្បាល​មនុស្ស​យើង​ដូច​គ្នា​នឹង​សាច់​ដុំ​ដែរ គឺ​ទាម​ទារ​ឲ្យ​ហ្វឹកហាត់​ទើប​ខ្លាំង​ក្លា​ឡើង។ ដើម្បី​ទទួល​ជោគជ័យ​ក្នុង​សតវត្ស​ទី​២១​នេះ ទាម​ទារ​ឲ្យ​អ្នក​រៀន​សូត្រ​ពេញ​មួយ​ជីវិត។ គន្លឹះទី១ គឺ​ចំណាយ​ពេល​ ៣០ ទៅ ៦០ នាទី​ អាន​អត្ថបទ​មុខ​ជំនាញ​របស់​អ្នក រៀង​រាល់ថ្ងៃ​។ ការ​អាន​គឺ​ជា​ការ​ហាត់កីឡា​សម្រាប់​ខួរ​ក្បាល​ ដូច​ជាការ​ហាត់​ប្រាណ​សម្រាប់​រាង​កាយ​ដែរ។ អាន​មួយ​ថ្ងៃ​​មួយ​ម៉ោង​ មានន័យ​ថា​សៀវភៅ​មួយ​ក្បាល​ក្នុង​មួយ​សប្តាហ៍។ អាន​សៀវភៅ​១​ក្បាល​ ក្នុង​មួយ​សប្តាហ៍មានន័យថា ៥០​ក្បាល​ក្នុង​មួយ​ឆ្នាំ។ ដូច្នេះ​ក្នុង​រយៈ​១០​ឆ្នាំ​ អ្នក​អាន​សៀវភៅជំនាញ ៥០០ ក្បាល។ អ្នក​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​មាន​ជំនាញ​បំផុត​ក្នុង​វិជ្ជា​ជីវៈ​របស់​ ខ្លួន​ដោយ​ការ​អាន​សៀវភៅ​១​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ គន្លឹះ​ទី​២ គឺ​ស្តាប់​កម្មវិធី​ចំណេះ​ដឹង​ក្នុង​រថយន្ត​របស់​អ្នក។ ចូរ​ប្រែ​ក្លាយ​រថ​យន្ត​ឲ្យ​ទៅ​ជា​មហា​វិទ្យាល័យ​មាន​កង់​ ចូរ​កុំ​បើក​បរ​ដោយ​គ្មាន​កម្មវិធី​អប់​រំ។ គន្លឹះ​ទី​៣ គឺ​ចូលរួម​វគ្គ​សិក្សា​និង​សិក្ខា​សាលា​ដែល​ជួយ​ឲ្យ​អ្នក​កាន់តែ​ស្ទាត់​ ជំនាញឡើង​។ អាន​ទាំង​សៀវភៅ ស្តាប់​ទាំង​កម្មវិធីអប់​រំ និង​ចូល​រួម​សិក្ខា​សាលា ជួយ​សន្សំពេល​រាប់​ម៉ោង និងប្រាក់​រាប់​ពាន់​ដុល្លារ​ ដើម្បីទទួល​ជោគជ័យ​ហិរញ្ញវត្ថុ​។

អាថ៌កំបាំង​ទី​៨​៖ សន្សំ​/វិនិយោគ​ប្រាក់​មុន​ទូរទាត់​ឲ្យ​អ្នក​ដទៃ

ដក​ប្រាក់​សម្រាប់​សន្សំ​/វិនិយោគមុន​ពេល​ទូរទាត់​ឲ្យ​អ្នក​ដទៃចូរ​ដក​ប្រាក់​១០%​នៃ​ចំណូលរបស់អ្នក​យក​ទៅ​សន្សំ​ឬ​វិនិយោគ។ ប្រសិន​បើ​អ្នក​ដក​ប្រាក់​ ១០០ ដុល្លារ​ ក្នុង​មួយ​ខែ​ជាប់​ជាប្រចាំ​ យក​ទៅ​វិនិយោគ​ដែល​​ផ្តល់​ផល​ចំណូល​កើន​ឡើង​ ១០% ប្រចាំឆ្នាំ​ នោះ​ពេល​ចូល​និវត្តន៍​អ្នក​នឹង​មាន​ប្រាក់ ១​១១៨០០០​ ដុល្លារ។ មានសុភាសិត​មួយ​ពោល​ថា “​ប្រសិន​បើ​អ្នក​មិន​អាច​សន្សំប្រាក់​បាន​ទេ នោះគ្រាប់ពូជ​មហិមា​ក៏​មិន​នៅ​ជាមួយ​អ្នក​ដែរ”។ ការ​បង្កើត​ទម្លាប់ស​ន្សំ និង​វិនិយោគ​​មិន​មែន​ជារឿង​ងាយ​ស្រួល​ទេ តែ​បើ​អ្នក​ធ្វើ​បាន​ អ្នក​ប្រាកដ​ជា​ទទួល​បាន​ជោគជ័យ​ខាង​ហិរញ្ញវត្ថុ។ ចូរ​ទម្លាប់​ចាយ​វាយ​រិះ​គិតគ្រប់​រឿង​។ មុន​នឹង​ចំណាយ​គិត​សិន។ ចូរ​ពន្យារពេល ឬ​បង្វែរ​ចិត្ត​ដែល​ចង់​ទិញ​របស់អ្វី​មួយ​ឲ្យ​បាន​មួយ​អាទិត្យ​សិន ឬ​បើ​មិន​ដូច្នោះ​ទេ​មួយខែ។ ពន្យារពេល​កាន់​តែ​យូរ​ ទិញ​បាន​កាន់​តែ​ថោក។ កុំ​ឲ្យ​ដូច​ពាក្យ​គេ​ថា ” រក​បាន​ច្រើន​ចាយ​ក៏ច្រើន” ឬ​ “ទូក​ធំ​ ក្តោង​ធំ”។ ប្រសិន​បើអ្នក​ពិបាក​សន្សំ ១០% ចូរ​ចាប់​ផ្តើម​ពី​ ១% រួច​កើន​ឡើង​រហូត​ ទៅ​ជា ៣%​ ៤% ។ល។ ក្នុង​រវាង​មួយ​ឆ្នាំ​ អ្នក​នឹង​អាច​សន្សំបាន ១០% ឬ​ ១៥% ដល់​ពេល​នោះ​​ចំណូល​និង​ចំណាយ​ក៏​នឹង​មាន​តុល្យភាព ក្នុងពេល​ជាមួយ​គ្នា​ប្រាក់​សន្សំ និង​ប្រាក់​វិនិយោគ​ក៏​ចេះ​តែរីក​ធំ​ឡើង។ អ្នក​នឹង​កាន់​តែ​ប្រយ័ត្នប្រយែង លើ​ការ​ចាយវាយ​ និង​ចាប់​ផ្តើម​ជម្រះ​​បំណុល​អស់​ពី​ខ្លួន។ ក្នុងរវាង​ពី​រ​ឆ្នាំ​ អ្នក​នឹង​គ្រប់គ្រង​បាន​ទាំង​ស្រុង​លើ​ហិរញ្ញវត្ថុ ហើយ​អ្នក​នឹង​ដើរ​ចូល​គន្លង​​សេដ្ឋី។ វិធីនេះ​មាន​ប្រសិទ្ធ​ភាព​ចំពោះ​អ្នក​ដែល​បាន​សាក។ ចូរ​សាក​មើល​ដោយ​ខ្លួន​អ្ន​ក​ផ្ទាល់។

អាថ៌កំបាំង​ទី៩៖ សិក្សា​គ្រប់​ជ្រុង​ជ្រោយ​​នៃ​អាជីវកម្ម​របស់​អ្នក

ទីផ្សារ​ផ្តល់​រង្វាន់​ដល់កិច្ចការ​ណាដែល​ល្អ​ឥត​ខ្ចោះ។ អ្នក​ត្រូវប្រែ​​ក្លាយ​ខ្លួនឲ្យ​ទៅ​ជា​អ្នក​ជំនាញ​ក្នុង​វិស័យ​ឯកទេស​ របស់​ខ្លួនតាម​រយៈ​ការ​​សិក្សា​លំអិត​គ្រប់​ជ្រុង​ជ្រោយ​ ធ្វើ​យ៉ាង​ម៉េច​កែ​លម្អ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ចូរ​អាន​ទស្សនាវដ្តី សៀវភៅ ចូលរួម​សិក្ខា​សាលារបស់​អ្នក​ជំនាញ​ ចូល​ជា​សមាជិក​សមាគម​ជំនួញ និ​ងជួប​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ក្នុង​វិស័យ​ឯក​ទេស​របស់​អ្នក។ ចូរ​កំណត់​គោល​ដៅ​ឲ្យ​អ្នក​ក្លាយ​ជា​ជន​ជំនាញ​ជាង​គេ​បំផុត​ក្នុង​របរ​រក​ ស៊ី​របស់​អ្នក។

អាថ៌កំបាំង​ទី១០៖ ពលិកម្ម​ខ្លួន​​ដើម្បី​ជួយ​ដល់​អ្នក​ដទៃ

ជន​ដែល​សាង​ខ្លួន​ក្លាយ​ជា​សេដ្ឋី​ តែង​ងប់​ងល់​នឹង​សេវាកម្ម​អតិថិជន។ ពួក​គេ​គិត​ពី​អតិថិជន​គ្រប់​ពេល​។ ពួក​គេ​រិះរក​វិធី​គ្រប់​បែប​យ៉ាង​គ្រប់​ពេលវេលា​​លៃ​ធ្វើ​យ៉ាង​ណា​ឲ្យ​ វាកាន់​តែ​ប្រសើរឡើង​។ ជា​រៀង​រាល់​ថ្ងៃ​ ចូរ​ស្វែង​រកវិធី​បន្ថែម​គុណ​តម្លៃ​សេវាកម្ម​ដល់​អតិថិជន​របស់​អ្នក​។ កំណែ​លំអ​​ចំនុច​តូច​មួយ​ អាច​នាំ​ដល់​ជោគជ័យ​ហរិញ្ញវត្ថុ​របស់​អ្នក។​ ជោគ​ជ័យ​ក្នុង​ឆាក​ជីវិតរបស់​អ្នក​ បាន​មក​ផ្ទាល់​ឬ​ប្រយោល​ពី​ការ​ជួយ​អ្នក​ដទៃ។

អាថ៌កំបាំង​ទី​១១​៖ ស្មោះ​ត្រង់​ដាច់​ខាត​ចំពោះ​ខ្លួន​ឯង​និង​អ្នក​ដទៃ

ចូរ​​ស្មោះ​ត្រង់​ដាច់​ខាត​ចំពោះ​ខ្លួន​ឯង​និង​អ្នកដទៃ​។ ចូរ​ស្មោះ​ត្រង់​ចំពោះ​គ្រប់​ទង្វើ​និង​ប្រតិបត្តិការ​ពាណិជ្ជកម្ម។ ដាច់​ខាត​កុំ​លះ​បង់​សេចក្តី​សុចរិត​​ចោល​ទោះជា​ដើម្បី​អ្វីក៏​ដោយ។ អាជីវកម្ម​ជោគជ័យ​ទៅ​បានគឺ​​ដោយ​ផ្អែក​លើ​ទំនុក​ចិត្ត។ ការ​ដែល​អ្នក​អាច​សាង​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​សេដ្ឋី​បាន​ គឺ​អាស្រ័យ​លើ​មាន​មនុស្ស​ទុក​ចិត្ត​ ​មាន​មនុស្ស​ដែល​មាន​​ឆន្ទៈ​ធ្វើ​ការ​ឲ្យ​អ្នក មាន​មនុស្ស​សុខ​ចិត្ត​ផ្តល់​ប្រាក់​ឲ្យ​អ្នក​ខ្ចី មាន​ម​នុស្ស​ទិញ​ផលិត​ផល​របស់​អ្នក​ និង​មាន​មនុស្ស​ជួយ​អ្នក​ក្នុង​គ្រា​លំបាក។ កុំ​ធ្វើ​ឬ​និយាយ​អ្វី​ដែល​អ្នក​គិត​ថា​ មិន​ត្រឹម​ត្រូវ​ មិន​ល្អ​ និង​មិន​ស្មោះ​ត្រង់​។

អាថ៌កំបាំង​ទី​១២​៖ កំណត់​អាទិភាព​ខ្ពស់​បំផុត​របស់​អ្នក ហើយ​ធ្វើ​ម្តង​មួយ

ការ​កំណត់​អាទិភាព ​និង​ ធ្វើការ​ទៅតាម​អាទិភាព ទាម​ទារ​នូវ​ការ​តាំង​ចិត្ត​ និង​ការ​ដាក់​វិន័យ​លើ​ខ្លួន​ឯង​។ វា​ជា​រឿង​ដែល​លំបាក​ធ្វើ​ តែ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​អ្នក​ដែល​ប្រាថ្នា​ចង់​បាន​ជោគជ័យ​ធំធេង​ ក្នុង​ឆាក​ ជីវិត។ ចូរ​សួរ​ខ្លួន​ឯង​បួន​សំណួរ។

១. តើ​កិច្ចការ​ណាមួយ​ដែល​ផ្តល់​តម្លៃ​ខ្ពស់​បំផុត​សម្រាប់​អ្នក​?
២. តើគេ​បង់​ប្រាក់​ខែ​ឲ្យ​អ្នក​រាល់​ខែ​នេះ​ ព្រោះ​ចង់​ឲ្យ​អ្នក​សម្រេច​លទ្ធផល​អ្វី​ឲ្យ​គេ?
៣. តើ​កិច្ចការ​អ្វី​ដែល​មាន​តែ​អ្នក​ម្នាក់​គត់​អាច​ធ្វើ​បាន​ ហើយ​ដែល​នាំ​ឲ្យ​ជីវិត​របស់​អ្នក​ ឬ​អា​ជីវកម្ម​របស់​អ្នក​ប្រែប្រួល​យ៉ាង​ខ្លាំង?
៤. តើ​អ្នក​បាន​ប្រើ​ប្រាស់​ពេលវេលា​ដ៏​មានតម្លៃ​បំផុត​រ​បស់​អ្នក​ ដល់​កម្រិត​ខ្ពស់​បំផុត​ហើយ​ឬ​នៅ? ចូរ​​ធ្វើ​កិច្ច​ការ​ដែល​ផ្តល់​ផលិតភាព​ខ្ពស់​បំផុត​ និង​នាំ​ទៅ​ដល់​ជោគជ័យ​ហិរញ្ញវត្ថុ។
ចុង​ក្រោយ​គឺ​ពុះពារ​ប្រឹង​ប្រែង ​ធ្វើ​កិច្ចការ​ដ៏​សំខាន់​ជាង​គេ​បំផុតម្តង​មួយ​រហូត​ដល់​ចប់​សព្វ​គ្រប់​ ១០០%។ នេះ​គឺ​ជា​ទម្លាប់​ដែល​នាំ​ឲ្យ​ក្លាយ​ជា​សេដ្ឋី។

(ស្រង់​ចេញ​ពី​សៀវភៅ The 21 Success Secrets of Self-Made Millionaires, by Brian Tracy )

Comments
Loading...