Ultimate magazine theme for WordPress.

- Advertisement -

សញ្ញាណ​ចំនួន ៨ បញ្ជាក់​ថា ​មុខជំនួញ​របស់​អ្នក​កំពុង​ដើរ​លើ​វិថី​មាស​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ

0 132

នៅ​ពេល​ដែល​ចាប់​ផ្តើម​មុខ​ជំនួញ​ថ្មីថ្មោង អ្នក​មិន​ទាន់​រំពឹង​ទុក​នោះ​ឡើយ​ថា វា​នឹង​ហុច​ផល​ចំណេញ​ឲ្យ​អ្នក​វិញ​នៅ​​ក្នុង​ពេល​ឆាប់ៗ​នោះ​ទេ។ អ្នក​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​លើ​ការ​​កសាង​ម៉ាក ពង្រីក​​កេរ្តិ៍ឈ្មោះ​នៅ​លើ​ទីផ្សារ ឬ​បង្កើត​យុទ្ធសាស្ត្រ​ជា​ច្រើន​​ធ្វើ​​យ៉ាងណា​ដើម្បី​អាច​ទាក់ទាញ​អតិថិជន​ឲ្យ​មក​គាំទ្រ​ជំនួញ​របស់​អ្នក។ 

​នៅ ក្នុង​មុខ​ជំនួញ​គ្មាន​អ្នកណា​អាច​ធានា​បាន​ភាព​ជោគជ័យ​នោះ​ទេ។ វា​ស្លាប់​ឬ​រស់​គឺ​អាស្រ័យ​លើ​យុទ្ធសាស្ត្រ​របស់​អ្នក។ ក៏ប៉ុន្តែ មាន​សញ្ញាណ​​ខ្លះ​ៗ​ដូច​ខាងក្រោម​នេះ​ដែល​​អាច​​​ជួយ​ចង្អុល​បង្ហាញ​ប្រាប់​អ្នក​ថា ​ជំនួញ​របស់​អ្នក​កំពុង​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ​​ដែល​អាច​​នាំ​មក​នូវ​​ភាព​ជោគជ័យ​មក​ឲ្យ​អ្នក។ ​

១.អ្នក​ដក់​ចិត្ត​ស្រលាញ់​ខ្លាំង​ទៅ​នឹង​​មុខ​ជំនួញ​របស់​អ្នក​
សម្រាប់​អ្នក​ដែល​ចាប់​ផ្តើម​ជំនួញ​ដើម្បី​តែ​លុយ ឬ​​ផ្គាប់ចិត្ត​គ្រួសារ និង​មិត្ត​ភក្តិ​នឹង​មិន​ទទួល​បាន​ជោគជ័យ​នោះ​ឡើយ។ មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​នៅ​ពីក្រោយ​ភាព​ជោគជ័យ​នៅ​ក្នុង​​អាជីវកម្ម​របស់​អ្នក​គឺ​ជា​មហិច្ឆតា ឬ​ចំណង់ចំណូលចិត្ត​របស់​អ្នក​​​ទៅ​លើ​អាជីវកម្ម​នោះ​​​តាំង​ពី​ចាប់​ផ្តើម​។ អ្នក​ត្រូវ​មាន​សំនួរ​ចោទសួរ​ខ្លួន​ឯង​ថា តើ​អ្វី ទៅ​ជា​គោលដៅ​​របស់​អ្នក​​​តាំង​ពី​ដំបូង​មក​នៅ​ពេល​បើក​ជំនួញ​របស់​អ្នក​​​? តើ​​ជំនួញ​របស់​អ្នក​​ទទួល​បាន​ជោគជ័យ​ហើយ​ឬ​នៅ​ពេល​កន្លង​មក?

២.មុខ​​ជំនួញ​របស់​អ្នក​កាន់តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ឡើង​
ប្រសិន​បើ​គំនិត​​របស់​អ្នក​​ជា​គំនិត​ល្អ​បំផុត​មួយ មនុស្ស​ជា​ច្រើន​នឹង​និយាយ​ពី​ជំនួញ​របស់​អ្នក​កាន់តែ​ច្រើន​ឡើង។ អ្នក​អាច​អង្កេត​មើល​ដោយ​ខ្លួន​ឯង​នៅ​តាម​បណ្តាញ​សង្គម​​ជា​ច្រើន​​ថា ប្រសិន​បើ​​សាធារណជន​មាន​មតិ (Comment) ចូលចិត្ត (Like) និង​ចែករំលែក (Like) កាន់តែ​ច្រើន នោះ​បញ្ជាក់​ថា អ្នក​កំពុង​ធ្វើ​វា​បាន​ល្អ​ហើយ។ ​ទន្ទឹម​នឹង​នេះ កេរ្តិ៍ឈ្មោះ​មុខ​ជំនួញ​របស់​អ្នក​​អាច​ត្រូវ​បាន​អតិថិជន មិត្ត​ភក្តិ ដៃគូ​ជំនួញ​ពិភាក្សា​យ៉ាង​ក្ដៅ​គគុក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​​។

៣.អ្នក​អាច​រក​ចំណូល​បាន​ឆាប់​រហ័ស​មុន​ការ​គ្រោង​ទុក​
ជាទូទៅ​នៅ​ពេល​អ្នក​ចាប់​ផ្តើម​ជំនួញ​ដំបូង អ្នក​ត្រូវ​ចំណាយ​​ប្រាក់​ច្រើន​ជាង​ចំណូល​​លើ​សម្ភារៈ​ការិយាល័យ​ ជួល​បុគ្គលិក​ថ្មីៗ បំណុល និង​ការ​ចំណាយ​ជា​ច្រើន​ទៀត។ ដូច្នេះ​ ​នៅ​ដំណាក់កាល​ពី ១២ ទៅ ៣៦ ខែ​ ការ​​រក​ប្រាក់​ចំណេញ​ត្រឡប់​​មក​វិញ​​គឺ​ជា​រឿង​មួយ​​លំបាក​បំផុត។ យ៉ាងណាមិញ ប្រសិន​បើ​អ្នក​មើល​ឃើញ​ថា អ្នក​អាច​រក​ប្រាក់​​ចំណេញ​បាន​នៅ​ចន្លោះ​ពេល​នេះ​ ​នោះ​មានន័យ​ថា ​ជំនួញ​របស់​អ្នក​កំពុង​បោះជំហាន​នៅ​ក្នុង​ទិសដៅ​វិជ្ជមាន។

៤.អ្នក​រីករាយ​ទទួល​យក​ការ​ផ្លាស់ប្ដូរ​ជានិច្ច
សហគ្រិន​​ដែល​ជោគជ័យ​យល់ថា​  អាជីវកម្ម​នៅ​លើ​ពិភពលោក​​អាច​មាន​ភាព​រឹងមាំ​ទៅ​បាន​​គឺ​ត្រូវ​​ពឹង​ផ្អែក​​ទៅ​នឹង​ការ​រួមបញ្ចូល​គ្នា​នៃ​​គំនិត​ច្នៃប្រឌិត​ថ្មីៗ ការ​ប្រើប្រាស់​បច្ចេកវិទ្យា និង​ធ្វើ​ការ​ផ្លាស់ប្ដូរ​ទៅ​តាម​​​ការ​វិវដ្ដ​ថ្មីៗ​ស្រប​តាម​សម័យកាល​​​។ គ្រប់​អាជីវកម្ម​ទាំងអស់​ដែល​មិន​រុញរា​ក្នុង​ការ​ទទួល​យក​ឱកាស​ថ្មីៗ ដើម្បី​ទាក់ទាញ​ចិត្ត​អតិថិជន នឹង​សម្រេច​បាន​ផ្លែផ្កា​យូរ​អង្វែង​ត​​ទៅ​មុខ​ទៀត។

- Advertisement -

៥.អ្នក​រីករាយ​ស្វាគមន៍​ទទួល​យក​ការ​រិះគន់​គ្រប់​មជ្ឈដ្ឋាន​
គ្មាន​សហគ្រិន​ណា​ម្នាក់​មាន​សមត្ថភាព​អាច​ធ្វើ​ឲ្យ​មុខ​ជំនួញ​របស់​ខ្លួន​​រីកចម្រើន​​ទៅ​មុខ​យ៉ាង​រលូន​បាន​ដោយ​មិន​ទទួល​យក​ការ​រិះគន់​នោះ​ឡើយ។ ជា​ទូទៅ ថ្វីត្បិត​តែ​​ការ​រិះគន់​​វា​ជា​​សញ្ញាណ​អវិជ្ជមាន​មួយ​របស់​អ្នក​ក៏​ពិតមែន ក៏ប៉ុន្តែ​​មតិយោបល់​ទាំង​នោះ​គឺ​ ជា​កូនសោ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ចង្អុលបង្ហាញ​ពី​ចំណុច​ខ្វះ​ចន្លោះ​​នៅ​ក្នុង​មុខ​ជំនួញ​របស់​អ្នក។ សូម​ចាំ​ថា ការ​រិះគន់​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ទទួល​យក​គ្រប់​ពេល​ដរាបណា​ជំនួញ របស់​អ្នក​នៅ​តែ​បន្ត​​​​មាន​វត្តមាន​នៅ​លើ​ទីផ្សារ។ ​​

​៦.អ្នក​រៀន​ពី​កំហុស​របស់​អ្នក
គ្មាន​បុគ្គល​ជោគជ័យ​ណា​​មួយ​ដែល​​មិន​ធ្លាប់​មាន​កំហុស​នោះ​ទេ ហើយ​​ក៏​គ្មាន​បុគ្គល​ជោគជ័យ​ណា​ដែល​មិន​ដែល​រៀន​ពី កំហុស​របស់​ខ្លួន​នោះ​ដែរ។ ការ​បរាជ័យ​ដែល​កើត​ចេញ​ពី​កំហុស​របស់​អ្នក ​វា​បង្ហាញ​ថា អ្នក​នៅ​មាន​ចំណុច​ខ្វះខាត​ដែល​ត្រូវ​កែប្រែ​វា​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន។ អ្នក​ត្រូវ​ចេះ​ប្រើ​ឱកាស​នេះ​ដើម្បី​រៀន​សូត្រ​យក​មក​ធ្វើ​ជា​បទពិសោធន៍​របស់​អ្នក។ យ៉ាងណាមិញ បើ​ទោះបី​ជា​អ្នក​មិន​បាន​បង្កើត​កំហុស​ច្រើន​នៅ​ក្នុង​ជីវិត​ ឬ​ក្នុង​ជំនួញ​យ៉ាងណា​ក្តី អ្នក​ក៏​អាច​រៀន​សូត្រ​ពី​កំហុស​របស់​អ្នកដទៃ​ដើម្បី​យក​​ទៅ​ឆ្លុះ​បញ្ចាំង​​នៅ​ក្នុង​ទិដ្ឋភាព​ជាក់ស្ដែង​របស់​អ្នក។

៧.អ្នក​រីករាយ​ទៅ​​សមិទ្ធផល​របស់​អ្នក​ខណៈ​ដែល​កំពុង​ប្រឹងប្រែង​បន្ត​ទៅ​​​មុខ​ទៀត
អ្នក​នឹង​មិន​អាច​លះបង់​​គ្រប់យ៉ាង​​ដើម្បី​​បេសកកម្ម​ក្នុង​មុខ​ជំនួញ​​របស់​អ្នក​បន្ត​ទៅ​មុខ​ទៀត​បាន​​នោះ ឡើយ ប្រសិន​បើ​អ្នក​មិន​​ពេញចិត្ត​ទៅ​នឹង​​សមិទ្ធផល​របស់​អ្នក​នៅ​ពេល​កន្លង​មក។  នៅ​​ពេល​ដែល​មុខ​ជំនួញ​របស់​អ្នក​កំពុង​រីកចម្រើន​ទៅ​មុខ អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​​ទទួល​បាន​បទពិសោធន៍​ល្អៗ​​ ដូច​ជា​បាន​​​បែងចែក​ធនធាន​ និង​ថាមពល​ជា​ច្រើន​បាន​យ៉ាង​ត្រឹមត្រូវ​​​ដើម្បី​គ្រប់គ្រាន់​ក្រុម​ការងារ​របស់​អ្នក​។ អ្នក​គួរ​អរគុណ​នូវ​អ្វីៗ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​នៅ​ថ្ងៃ​នេះ​​ ហើយ​បន្ត​​ប្រឹងប្រែង​​ធ្វើ​ដំណើរ​ទៅ មុខ​ទៀត​ឆ្ពោះ​ទៅ កាន់​គោលដៅ​របស់​អ្នក។

៨.អ្នក​មិន​បាន​សោកស្ដាយ​ចំពោះ​រឿង​​អតីតកាល
នៅ​ពេល​អ្នក​បាន​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​វិស័យ​ជំនួញ អ្នក​បាន​ត្រៀម​ខ្លួន​រួច​ទៅ​ហើយ​ថា ការ​បរាជ័យ និង​ជោគជ័យ​អាច​កើត​មាន​ឡើង​គ្រប់​ពេល។ ការ​​បាត់បង់​ពេលវេលា ការ​លះបង់ អារម្មណ៍​ខកចិត្ត មាន​សម្ពាធ ការ​មិន​ឲ្យ​តម្លៃ ការ​បដិសេធន៍​ពី​អ្នកដទៃ​ ។ល។ ទាំងអស់​នេះ​បាន​ផ្ដល់​មេរៀន​ដ៏ ល្អ​ឲ្យ​អ្នក។ ​វា​មិនមែន​ជា​រឿង​មួយ​គួរ​ឲ្យ​អាម៉ាស់​ ឬ​គួរឲ្យ​សោកស្ដាយ​នោះ​ទេ។ ប៉ុន្តែ​វា​ជា​មេរៀន​ជីវិត​ដែល​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​តែ​រឹងមាំ​ជាង​មុន និង​ធ្វើ​ឲ្យ​ល្អ​​​ជាង​នេះ៕

ប្រភព៖ BizKhmer

Comments
Loading...